« ថ្ងៃទី ១៦–២២ ខែ សីហា ។ គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៩-៩២ ៖ ‹ គោលការណ៍ដោយសេចក្ដីសន្យា ›» ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៦–២២ ខែ សីហា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩-៩២ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០២១
ថ្ងៃទី ១៦–២២ ខែ សីហា
គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩-៩២
«គោលការណ៍ដោយសេចក្ដីសន្យា »
នៅពេលអ្នកសិក្សាសេចក្តីពិតនៅក្នុងគោលលទ្ធិ និង សេចក្តីសញ្ញា ៨៩-៩២សូមសញ្ជឹងគិតពីវិធីថ្មីៗ និងគំនិតច្នៃប្រឌិតដែលអ្នកអាចជួយកុមារយល់ពីសេចក្តីពិតទាំងនេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមអញ្ជើញកុមារឲ្យគូររូប និងនិយាយអំពីរឿងល្អៗដែលពួកគេបានធ្វើនៅក្នុងសប្តាហ៍នេះ ដើម្បីថែរក្សារូបកាយ និងវិញ្ញាណរបស់ពួកគេ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ខ្ញុំនឹងទទួលបានពរជ័យ នៅពេលខ្ញុំគោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ។
សូមបង្រៀនកុមារថា រូបកាយរបស់យើងគឺជាអំណោយមកពីព្រះវរបិតាសួគ៌ ហើយទ្រង់ចង់ឲ្យយើងថែរក្សារូបកាយរបស់យើង ។
សកម្មភាពដែលអាចជ្រើសរើស
-
ដើម្បីជួយកុមារយល់ពីព្រះបញ្ញត្តិរបស់ព្រះអម្ចាស់នៅក្នុងគោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:១០-១៧សូមគូររូប ឬបង្ហាញរូបភាពនៃអ្វីៗដែលល្អដែលយើងអាចបរិភោគបាន ឬធ្វើអ្វីៗដែលល្អយើងអាចធ្វើដើម្បីរក្សារូបកាយរបស់យើងឲ្យមានសុខភាពល្អ ( សូមមើលទំព័រសកម្មភាពប្រចាំសប្តាហ៍នេះ ) ។ សូមជួយកុមារយល់ដែរថា សុរា បារី តែ កាហ្វេ និងឱសថមិនល្អផ្សេងៗទៀតធ្វើឲ្យប៉ះពាល់ដល់រូបកាយយើង ហើយព្រះអម្ចាស់បានព្រមានយើងមិនឲ្យប្រើវាផងដែរ ។ សូមអញ្ជើញកុមារឲ្យជ្រើសរើសអ្វីមួយដែលពួកគេអាចធ្វើនៅសប្តាហ៍នេះ ដើម្បីរក្សារូបកាយពួកគេឲ្យមានសុខភាពល្អ ។
-
សូមអញ្ជើញកុមារប្តូរវេនគ្នាគូររូបភាពនៅលើក្តារខៀនដែលតំណាងឲ្យអ្វីមួយដែលបានបង្រៀននៅក្នុងពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ។ សូមអញ្ជើញកុមារផ្សេងៗទៀតទស្សទាយពីអ្វីដែលកុមារម្នាក់ៗកំពុងគូរ ។ សូមនិយាយអំពីព្រះបញ្ញត្តិរបស់ព្រះអម្ចាស់នៅក្នុងកណ្ឌទី ៨៩ដែលទាក់ទងនឹងគំនូរនេះ ។
-
សូមប្រើឧទាហរណ៍ខាងក្រោមនេះ ឬឧទាហរណ៍ផ្សេងទៀតដែរអ្នកគិត ដើម្បីបង្ហាញថា តើយើងត្រូវបានប្រទានពរយ៉ាងណាតាមរយៈការគោរពពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ( សូមមើលគោលលទ្ធិ និងសេចក្តីសញ្ញា ៨៩:១៨–២១) ។ សូមធ្វើលំហាត់ងាយៗមួយជាមួយគ្នា ដូចជា ដើរ ឬរត់នៅមួយកន្លែង ហើយបន្ទាប់មក សូមសម្តែងថា « ហត់ » ឬ « ល្វើយ » ( ខទី ២០ ) ។ សូមថ្លែងទីបន្ទាល់ពីសេចក្តីសន្យារបស់ព្រះអម្ចាស់ ។
-
សូមបង្ហាញរូបភាពនៃព្រះវិហារបរិសុទ្ធ ហើយសូមឲ្យកុមារពិពណ៌នាពីអ្វីដែលពួកគេមើលឃើញ ។ សូមប្រើចម្រៀងអំពីសុខភាពខាងរូបកាយ ដូចជា « ព្រះបានប្រទានវិហារឲ្យខ្ញុំ » ( សៀវភៅចម្រៀងកុមារទំព័រ ៧៣ ) ដើម្បីបង្រៀនកុមារថា រូបកាយរបស់យើងគឺដូចជាព្រះវិហារបរិសុទ្ធសម្រាប់វិញ្ញាណរបស់យើង ហើយព្រះចង់ឲ្យយើងរក្សារូបកាយរបស់យើងមានសុខភាពល្អ ។ សូមជួយកុមារគិតអំពីរបៀបទាំងឡាយដែលយើងអាចរក្សារូបកាយយើង ហើយសូមឲ្យកុមារសម្តែងជាកាយវិការ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩០:៥
ព្រះបានប្រទានព្យាការីដល់យើងដើម្បីដឹកនាំ និងការពារយើង ។
សូមជួយកុមារយល់ពីរបៀបដែលព្យាការីរបស់ព្រះអម្ចាស់អាចជួយយើងមានសុវត្ថិភាពពីព្យុះនៃជីវិត ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពព្យាការីពីបុរាណដល់កុមារ ហើយសូមប្រាប់ពួកគេពីរបៀបដែលពួកព្យាការីបានព្រមានដល់មនុស្សនៅក្នុងសម័យរបស់ពួកលោក ។ ( សម្រាប់គំនិត សូមមើល« ធ្វើតាមព្យាការី » សៀវភៅចម្រៀងកុមារ ទំព័រ ៥៨ ) ។
-
ហេតុអ្វីយើងគួរតែស្តាប់តាមព្យាការីរបស់ព្រះ ? សូមបង្ហាញរូបភាពរបស់ព្យាការីបច្ចុប្បន្ន ហើយសូមចែកចាយអ្វីមួយដែលលោកបានបង្រៀន ឬព្រមានយើងថ្មីៗនេះ ។ សូមអញ្ជើញកុមារឲ្យគិតពីវិធីទាំងឡាយដែលយើងអាចធ្វើតាមព្យាការី ។ សូមចែកចាយទីបន្ទាល់របស់អ្នកពីសេចក្តីពិតដែលបានបង្រៀននៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៩០:៥ ។ ( សូមសម្គាល់ថា « ព្រះបន្ទូល » មានន័យថា វិវរណៈ ឬព្យាការីបានទទួលវា ) ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ពាក្យសម្ដីនៃប្រាជ្ញាវាងវៃជួយខ្ញុំមានរូបកាយ និងវិញ្ញាណដែលមានសុខភាពល្អ ។
អែលឌើរ ហ្គារី អ៉ី. ស្ទីវីនសិន បានទូន្មានដល់ពួកយុវវ័យឲ្យដាក់ផែនការជាមុននូវអ្វីដែលពួកគេនឹងធ្វើ នៅពេលដែលមានការល្បួងឲ្យប្រើសុរា ឬ គ្រឿងញៀន ។ បន្ទាប់មកគាត់បានបង្រៀនថា « អ្នកនឹងឃើញថា ការល្បួងនឹងមានការគ្រប់គ្រងតិចតួចលើអ្នក ។ អ្នកនឹងធ្វើការសម្រេចចិត្តជាស្រេចថា ត្រូវប្រតិកម្មបែបណា ហើយអ្នកត្រូវធ្វើអ្វីខ្លះ ។ អ្នកនឹងមិនចាំបាច់ត្រូវសម្រេចចិត្តគ្រប់ពេលដែលអ្នកប្រឈមនឹងការល្បួងនោះទេ » ( «Your Priesthood Playbook » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៤៨ ) ។ សូមលើកទឹកចិត្តដល់កុមារដែលអ្នកបង្រៀនឲ្យសម្រេចចិត្តឥឡូវនេះ — សម្រាប់អស់មួយជីវិតរបស់ពួកគេ — ដើម្បីរស់នៅតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបំបែកកុមារជាពីរក្រុម ហើយសូមឲ្យក្រុមមួយអានគោលលទ្ធិ និងសេចក្តីសញ្ញា ៨៩:១–៤ហើយក្រុមមួយទៀតត្រូវអានខទី ១៨–២១។ សូមឲ្យកុមារគិតពីសំណួរដូចខាងក្រោម ៖ ហេតុអ្វីព្រះអម្ចាស់ប្រទានពាក្យសម្ដីនៃប្រាជ្ញាវាងវៃដល់យើង ? តើការរស់នៅតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃប្រទានពរជ័យដល់យើងខាងរូបកាយ និងខាងវិញ្ញាណយ៉ាងដូចម្តេចខ្លះ ?
-
សូមបង្កើតការបំពេញឃ្លានៅក្នុងចន្លោះ ដោយប្រើឃ្លាចេញពីគោលលទ្ធិ និងសេចក្តីសញ្ញា ៨៩ដូចជា « ត្រូវបានតែងតាំងសម្រាប់ការប្រើប្រាស់របស់មនុស្ស និងសត្វ » ឬ « ទៅឥតដែលហត់ » ( ខទី ១៤, ២០ ) ។ សូមអញ្ជើញកុមារឲ្យធ្វើការជាដៃគូដើម្បីស្វែងរកចម្លើយនៅក្នុងកណ្ឌទី ៨៩ ។ កុមារអាចបំបែកសេចក្តីថ្លែងការណ៍ដូចខាងក្រោមទៅជាផ្នែក ៖ អ្វីដែលល្អសម្រាប់រូបកាយយើង អ្វីដែលអាក្រក់សម្រាប់រូបកាយយើង និងពរជ័យ ។
-
សូមអញ្ជើញកុមារម្នាក់ឲ្យអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៩:៤ ហើយឲ្យកុមារម្នាក់ទៀតអាន សេចក្តីដកស្រង់មកពីអែលឌើរ ស្វីវិនសិន ខាងលើ ។ ហេតុអ្វីយើងត្រូវសម្រេចចិត្តឥឡូវនេះដើម្បីគោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ជាជាងរង់ចាំរហូតដល់គ្រាដែលមានការល្បួង ? សូមជួយកុមារសម្តែងពីរបៀបដែលពួកគេអាចឆ្លើយតបនឹងនរណាម្នាក់ ទោះបីជាមិត្តភក្តិ ឲ្យអ្វីមួយទៅពួកគេដែលអាចប្រឆាំងនឹងពាក្យសម្ដីនៃប្រាជ្ញាវាងវៃក្តី ។ តើការគោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃការពារយើងយ៉ាងដូចម្តចខ្លះ ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩០:២, ៥, ១៤–១៦
គណៈប្រធានទីមួយកាន់ « កូនសោរនៃនគរ » ។
សេចក្តីណែនាំរបស់ព្រះអម្ចាស់អំពីគណៈប្រធានទីមួយ នៅក្នុងឆ្នាំ ១៨៣៣ ( យ៉ូសែប ស្ម៉ីធ ស៉ីឌនី រិកដុន និងហ្វ្រែឌើរិក ជី វិលលាម្ស ) អាចជួយកុមារពង្រឹងទីបន្ទាល់របស់ពួកគេពីគណៈប្រធានទីមួយនៅសព្វថ្ងៃនេះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យស្វែងរក គោលលទ្ធិ និង សេចក្តីសញ្ញា ៩០:១៤-១៦ ហើយសូមសរសេរពីអ្វីដែលព្រះអម្ចាស់សូមឲ្យគណៈប្រធានទីមួយធ្វើ ។ សូមបង្ហាញដល់កុមារនូវរូបភាពរបស់គណៈប្រធានទីមួយបច្ចុប្បន្ននេះ ហើយសូមចែកចាយអ្វីមួយអំពីពួកលោក ។ ( អ្នកអាចអានពីជីវៈប្រវត្តិរបស់ពួកលោកនៅក្រោម «Living Prophets and Church Leaders» នៅឯChurchofJesusChrist.org ) ។ សូមចែកចាយទីបន្ទាល់របស់អ្នកពីការហៅបម្រើដ៏ទេវភាព ហើយនិងពរជ័យដែលអ្នកបានទទួលមកពីការប្រឹក្សារបស់ពួកលោក ។
-
សូមរំលឹកដល់កុមារពីអ្វីមួយដែលសមាជិកគណៈប្រធានទីមួយមួយរូបបានបង្រៀន ។ សូមអានជាមួយគ្នា គោលលទ្ធិ និងសេចក្ដីសញ្ញា ៩០:៥ ។ សូមលើកឡើងថា « ព្រះបន្ទូល » គឺជាវិវរណៈ ឬព្យាការីបានទទួលវា ។ តើវាមានន័យយ៉ាងណាដើម្បី « ទទួលព្រះបន្ទូល…រាប់ថាជាការឥតការ » ? តើយើងអាចបង្ហាញថា ព្យាការី និងអ្វីៗដែលលោកបង្រៀន គឺសំខាន់ចំពោះយើង យ៉ាងដូចម្តេច ?
ព្រះវិញ្ញាណអាចជួយខ្ញុំដឹងពីអ្វីដែលជាការពិត ។
នៅពេលដែលអ្នកអានអ្វីដែលព្រះអម្ចាស់បានប្រាប់ដល់យ៉ូសែប ស្ម៉ីធ អំពីអ័ប៉ូគ្រីផា សូមគិតពីរបៀបដែលការប្រឹក្សានេះអាចជួយកុមារស្វែងយល់អំពីរវាង សេចក្តីពិត និងកំហុស ដែលពួកគេជួបប្រទះនៅក្នុងជីវិតរបស់ពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអានជាមួយគ្នាក្បាលកណ្ឌសម្រាប់គោលលទ្ធិ និងសេចក្តីសញ្ញា ៩១ដើម្បីជួយកុមារយល់ពីអ្វីជា អ័ប៉ូគ្រីផា ( សូមមើលសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ « អ័ប៉ូគ្រីផា » scriptures.ChurchofJesusChrist.org ) ។ សូមជួយកុមារគិតពីកន្លែងផ្សេងៗ ដូចជា នៅក្នុងសារព័ត៌មាន ដែលយើងអាចរក « មានរឿង…ដែលពិតជាច្រើន » និង « មានរឿងជាច្រើន…ដែលមិនពិត » ( ខទី ១-២ ) ។ បន្ទាប់មក សូមសញ្ជើញកុមារឲ្យស្វែងរកកណ្ឌទី ៩១ដើម្បីរៀនអំពីអ្វីដែលព្រះអម្ចាស់បានមានបន្ទូលដែលយើងអាចធ្វើ ដើម្បីស្វែងយល់រវាងសេចក្តីពិត និងកំហុស ។
-
សូមអានជាមួយគ្នា គោលលទ្ធិ និង សេចក្ដីសញ្ញា ៩១:៤-៦ ហើយសូមសួរកុមារពីអ្វីដែលខគម្ពីរទាំងនេះបង្រៀនអំពីព្រះវិញ្ញាណបរិសុទ្ធ ។ សូមអញ្ជើញកុមារឲ្យចែកចាយបទពិសោធន៍ផ្ទាល់ខ្លួននៅពេលដែល « ព្រះវិញ្ញាណ [ បានបង្ហាញ ] សេចក្តីពិត » ដល់ពួកគេ ។ ក៏សូមចែកចាយបទពិសោធន៍របស់អ្នកផ្ទាល់ដែរ ។ តើព្រះវិញ្ញាណអាចជួយយើងតាមរបៀបណាខ្លះ ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យចែកចាយជាមួយគ្រួសាររបស់ពួកគេនូវអ្វីដែលពួកគេបានរៀននៅថ្ងៃនេះ អំពីការថែរក្សារូបកាយ និងវិញ្ញាណរបស់ពួកគេ ឬ គោលដៅរបស់ពួកគេដើម្បីគោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ។