« ថ្ងៃទី ៣០ ខែ សីហា–ថ្ងៃទី ៥ ខែ កញ្ញា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៩៤–៩៧ ៖ ‹ សម្រាប់សេចក្តីសង្គ្រោះនៃស៊ីយ៉ូន › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៣០ ខែ សីហា–ថ្ងៃទី ៥ ខែ កញ្ញា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៩៤–៩៧ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២១
ថ្ងៃទី ៣០ ខែ សីហា–ថ្ងៃទី ៥ ខែ កញ្ញា
គោលលទ្ធិ និង សេចក្តីសញ្ញា ៩៤–៩៧
« សម្រាប់សេចក្តីសង្គ្រោះនៃស៊ីយ៉ូន »
តើគោលការណ៍ និងគោលទ្ធិអ្វីខ្លះដែលលេចធ្លោចំពោះអ្នកនៅពេលដែលអ្នកសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៤–៩៧ ? សូមប្រាកដថា អ្នកកត់ត្រាចំណាប់អារម្មណ៍របស់អ្នក ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
នៅពេលដែលព្រះអម្ចាស់បង្គាប់ឲ្យម៉ូសេសាងសង់ឧបោសថ ទ្រង់ប្រាប់ឲ្យម៉ូសេ « ចូរប្រយ័ត្ននិងធ្វើគ្រប់ទាំងអស់ តាមគំរូដែល [ ទ្រង់ ] បានបង្ហាញ ឯនៅលើភ្នំ » ( ហេព្រើរ ៨:៥ សូមមើលផងដែរ និក្ខមនំ ២៥:៨–៩ ) ។ រោងឧបោសថជាចំណុចសំខាន់នៃជំរំក្នុងទីរហោស្ថានរបស់សាសន៏អ៊ីស្រាអែល ( សូមមើល ជនគណនា ២:១–២ ) ។ ក្រោយមកព្រះអម្ចាស់បានបង្គាប់ឲ្យសាឡូម៉ូន និងប្រជារាស្រ្តរបស់ទ្រង់សាងសង់ព្រះវិហារបរិសុទ្ធមួយ ស្របទៅតាមគំរូដែលទ្រង់បានបើកសម្តែង ( សូមមើល របាក្សត្រទី ១ ២៨:១២,១៩ ) ។
គឺដូចជាពេលដែលព្រះម្ចាស់បានស្តារភាពពេញលេញនៃដំណឹងល្អដែរ ទ្រង់បានបង្គាប់ឲ្យយ៉ូសែប ស្ម៊ីធ សាងសង់ព្រះវិហារបរិសុទ្ធស្របតាមគំរូដែលបានបើកសម្តែង ។ ព្រះអម្ចាស់បានប្រកាសថា « ចូរកសាងគេហដ្ឋានមួយចុះ ពុំមែនតាមរបៀបពិភពលោកទេ ។ ហេតុដូច្នេះហើយ ចូរកសាងគេហដ្ឋានតាមរបៀប ដែលយើងនឹងបង្ហាញ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៥:១៣–១៤ សូមមើលផងដែរ ៩៧:១០ ) ។ ដូចរោងឧបោសថនៅក្នុងព្រៃរហោស្ថានដែរ ព្រះវិហារបរិសុទ្ធគឺជាកន្លែងពិសេសនៅក្នុងទីក្រុងខឺតឡង់ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៤:១ ) ។
បច្ចុប្បន្ននេះ ដំណាក់របស់ព្រះអម្ចាស់អាចរកបាននៅជុំវិញពិភពលោក ។ ទោះបីដំណាក់ទាំងនោះមិនបានស្ថិតនៅកណ្តាលទីក្រុងរបស់យើងក្តី ប៉ុន្តែវាស្ថិតនៅកណ្តាលជីវិតរបស់យើង ។ ទោះបីជាព្រះវិហារបរិសុទ្ធមានរូបរាងខុសៗគ្នាក្ដី ប៉ុន្តែនៅក្នុងនោះយើងរៀនអំពីលំនាំដ៏ទេវភាពដូចគ្នា — អំពីផែនការនៃស្ថានសួគ៌ ដែលនាំឲ្យយើងអាចត្រឡប់ទៅកាន់វត្តមានរបស់ព្រះវិញបាន ។ ពិធីបរិសុទ្ធដ៏អស់កល្ប និងពិសិដ្ឋទាំងឡាយជួយយើងឲ្យស្ថាបនាជីវិតរបស់យើង និងពង្រឹងក្រុមគ្រួសាររបស់យើង « ពុំមែនតាមរបៀបនៃពិភពលោកនេះទេ » ប៉ុន្តែគឺតាមរយៈគំរូដែលព្រះបានបង្ហាញយើង ។
សូមមើល ពួកបរិសុទ្ធ ១:១៦៩–១៧០; « A House for Our God » Revelations in Context ទំព័រ ១៦៥–១៧៣ ។
គំនិតយោបល់ផ្សេងៗសម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៤; ៩៧:១៥–១៧
ព្រះអម្ចាស់អាចគង់ជាមួយនឹងខ្ញុំក្នុងជីវិតប្រចាំថ្ងៃរបស់ខ្ញុំ ។
សេចក្តីណែនាំនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៤ និង ៩៧ ត្រូវបានផ្ដល់ឲ្យក្នុងថ្ងៃតែមួយ— ថ្ងៃទី ២ ខែ សីហា ឆ្នាំ ១៨៣៣ ។ កណ្ឌទី ៩៧ ជាប់ទាក់ទងខ្លះនឹងផែនការព្រះវិហារបរិសុទ្ធមួយសម្រាប់ស្រុកចាកសុន រដ្ឋមិសសួរី ខណៈដែល កណ្ឌទី ៩៤ ជាក់ទាក់ទងជាមួយការគ្រប់គ្រងអគារនៅក្នុងទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ។ អ្នកអាចកត់សម្គាល់ឃើញភាពស្រដៀងគ្នា អំពីអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូលអំពីភាពខុសគ្នានៃប្រភេទអគារ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៤:២–១២; ៩៧:១០–១៧ ) ។ នៅពេលអ្នកពិចារណាអំពីសេចក្តីណែនាំទាំងនេះ សូមគិតអំពីអ្វីដែលអ្នកអាចធ្វើ ដើម្បីទទួលបានបទពិសោធន៍ពីសិរីល្អរបស់ព្រះ និងវត្តមានរបស់ទ្រង់ជាញឹកញាប់ ទាំងនៅក្នុងអគារសាសនាចក្រ និងនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក ។
ព្រះអម្ចាស់ទ្រង់វាយផ្ចាលអ្នកទាំងឡាយដែលទ្រង់ស្រឡាញ់ ។
ប្រហែលជារយៈពេលប្រាំខែបានកន្លងទៅចាប់តាំងពីខែ មករា ឆ្នាំ ១៨៣៣ នៅពេលដែលព្រះអម្ចាស់បានបង្គាប់ពួកបរិសុទ្ធនៅទីក្រុងខឺតឡង់ឲ្យសាងសង់ដំណាក់របស់ព្រះ និងប្រារព្ធការប្រជុំដ៏ឧឡារិកមួយ ( សូមមើល គោលទ្ធិ និង សេចក្តីសញ្ញា ៨៨:១១៧–១១៩ ) ។ នៅពេលដែលវិវរណៈកត់ត្រានៅក្នុង កណ្ឌទី ៩៥ ដែលបានទទួលនៅក្នុងខែ មិថុនា ឆ្នាំ ១៨៣៣ ពួកគេមិនទាន់បានធ្វើតាមបង្គាប់ទាំងនោះនៅឡើយទេ ។ តើអ្នកបានរៀនអ្វីខ្លះអំពីរបៀបដែលព្រះអម្ចាស់បានវាយផ្ចាលពួកបរិសុទ្ធនៅក្នុងវិវរណៈនេះ ? តើមានបទបញ្ញាតិ្ត ឬពាក្យដំបូន្មានដែលអ្នកមិនទាន់បានប្រព្រឹត្តតាមនៅឡើយដែរឬទេ ? តើអ្នកមានអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះ ?
សូមមើលផងដែរ ឌី ថត គ្រីស្តូហ្វឺសិន « As Many as I Love, I Rebuke and Chasten » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩៧–១០០ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៥:៨, ១១–១៧; ៩៧:១០–១៧
នៅក្នុងព្រះវិហារបរិសុទ្ធ ព្រះប្រទានពរដល់រាស្រ្តរបស់ទ្រង់ ។
បន្ទាប់ពីត្រូវបានវាយផ្ចាលដោយសារការមិនបានសាងសង់ដំណាក់នៃព្រះអម្ចាស់នៅក្នុងទីក្រុងខឺតឡង់រួចមក ថ្នាក់ដឹកនាំទាំងឡាយរបស់សាសនាចក្របានជ្រើសរើសដីស្រែក្នុងទីវាលស្រូវសាឡីមួយកន្លែង ដែលពួកគេនឹងសាងសង់ ។ ហៃរុម ស៊្មីធ ជាបងប្រុសរបស់ព្យាការីបានរត់ទៅយកកណ្តៀវភ្លាម ហើយចាប់ផ្តើមសម្អាតវាលស្រែ ។ លោកបានមានប្រសាសន៍ថា « យើងរៀបចំដើម្បីសាងសង់ដំណាក់ព្រះអម្ចាស់ ហើយខ្ញុំប្តេជ្ញាថា នឹងធ្វើជាមនុស្សទីមួយដែលមកធ្វើការ » ( នៅក្នុង Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២៧១, ២៧៣ ) ។ សូមសញ្ជឹងគិតអំពីភាពក្លៀវក្លារបស់ហៃរុម នៅពេលអ្នកអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧:៨, ១១–១៧; ៩៧:១០–១៧. ។ តើអ្នករកឃើញអ្វីខ្លះដែលបំផុសគំនិតអ្នកឲ្យមានការតាំងចិត្តស្រដៀងគ្នានេះ ដើម្បីទទួលបានពរជ័យនៃព្រះវិហារបរិសុទ្ធ ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:១៨–២៨
ស៊ីយ៉ូន « ជាអ្នកដែលមានចិត្តល្អសុទ្ធសាធ » ។
ព្យាការី យ៉ូសែប ស៊្មីធ បានបង្រៀនថា « យើងគួរតែដាក់ការសាងសង់ក្រុងស៊ីយ៉ូន ជាគោលដៅដ៏ធំបំផុតរបស់យើង » ( Teachings: Joseph Smith ទំព័រ ១៨៦ ) ។ ចំពោះពួកបរិសុទ្ធនៅក្នុងឆ្នាំ ១៨៣០ ស៊ីយ៉ូនគឺជាទីកន្លែងមួយ ដែលជា « ទីក្រុងនៃព្រះរបស់យើង » ពិតៗ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:១៩ ) ។ ប៉ុន្តែវិវរណៈដែលបានកត់ត្រានៅក្នុង កណ្ឌទី ៩៧ ព្រះអម្ចាស់បានពង្រីកទស្សនៈវិស័យនោះ ។ ស៊ីយ៉ូនក៏សំដៅទៅលើមនុស្សដែល — « មានចិត្តល្អសុទ្ធសាធ » ផងដែរ ( ខទី ២១ ) ។ នៅពេលអ្នកអាន ខទី ១៨–២៨ ចូរគិតអំពីនិយមន័យពាក្យនេះ ពេលដែលអ្នកអានចំពាក្យ « ស៊ីយ៉ូន » ។ តើចិត្តល្អសុទ្ធសាធមានន័យបែបណាចំពោះអ្នក ? តើព្រះវិហារបរិសុទ្ធជួយបំពេញ « សេចក្តីសង្រ្គោះនៃស៊ីយ៉ូន » យ៉ាងដូចម្តេច ?( ខទី ១២ ) ។
សូមមើលផងដែរ ម៉ូសេ ៧:១៨; Gospel Topics « Zion » នៅលើគេហទំព័រ topics.ChurchofJesusChrist.org ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៥:៨ ។តើការធ្វើ និងការរក្សាសេចក្ដីសញ្ញាព្រះវិហារបរិសុទ្ធនាំយក « ព្រះចេស្តាពីស្ថានលើ » មកក្នុងជីវិតរបស់យើងយ៉ាងដូចម្ដេច ? ប្រហែលសមាជិកគ្រួសារអាចចែកចាយពីអារម្មណ៍របស់ពួកគេអំពីព្រះវិហារបរិសុទ្ធ ឬចែកចាយបទពិសោធន៍នានា នៅពេលពួកគេមានអារម្មណ៍ថាបានទទួលពរជ័យជាមួយ « ព្រះចេស្តាពីស្ថានលើ » តាមរយៈការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ ។
ដើម្បីជួយដល់អស់អ្នកដែលរៀបចំខ្លួនចូលព្រះវិហារបរិសុទ្ធ អ្នកអាចមើលវីដេអូ រូបថត និងសេចក្តីណែនាំឡើងវិញ នៅគេហទំព័រ temples.ChurchofJesusChrist.org ។ ដើម្បីជួយកុមារឲ្យរៀនអំពីព្រះវិហារបរិសុទ្ធ អ្នកអាចប្រើ « Your Path to the Temple » (នៅក្នុង Temples of The Church of Jesus Christ of Latter-day Saints [ ការចេញផ្សាយពិសេសពីទស្សនាវដ្ដី Ensign ឬ លីអាហូណា ខែ តុលា ឆ្នាំ ២០១០ ] ទំព័រ ៧២–៧៥ ) ។
-
គោលលទ្ធិ និង សេចក្តីសញ្ញា ៩៥:១–១១ ។តើយើងរៀនអ្វីខ្លះអំពីការវាយផ្ចាលចេញពីខគម្ពីរទាំងនេះ ? តើយើងអាចរៀនអ្វីខ្លះអំពីព្រះអម្ចាស់ ? តើការយល់ដឹងទាំងនេះអាចមានឥទ្ធិពលលើរបៀបដែលយើងទទួលការវាយផ្ចាល ឬរបៀបយើងវាយផ្ចាលមនុស្សដទៃទៀតដោយរបៀបណា ?
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:៨ ។ស្របតាមខគម្ពីរនេះ តើយើង « ត្រូវបានទទួល » ដោយព្រះអម្ចាស់យ៉ាងដូចម្ដេច ? តើការព្រមទទួលនេះខុសពីការទទួលយករបស់ពិភពលោករបៀបណា ? តើវាមានន័យយ៉ាងដូចម្ដេច ដើម្បី « អង្កេតរាល់សេចក្ដីសញ្ញា [ របស់យើង ] ដោយការពលិកម្មនោះ » ? តើយើងអាចធ្វើយ៉ាងនេះបានដោយរបៀបណា ?
-
គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧:១០–២១ ។ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនថា « កន្លែងណាក៏ដោយដែលពួកបរិសុទ្ធជួបជុំគ្នាគឺជាក្រុងស៊ីយ៉ូន ដែលបុរស [ និង ស្ដ្រី ] សុចរិតគ្រប់រូបនឹងកសាងកន្លែងដែលមានសុវត្ថិភាពមួយសម្រាប់កូនចៅ [ របស់ពួកគេ ] ( Teachings: Joseph Smith ទំព័រ ១៨៦ ) ។ តើយើងអាចកសាងស៊ីយ៉ូននៅក្នុងគេហដ្ឋានរបស់យើងយ៉ាងដូចម្តេច ? តើយើងរកឃើញគោលការណ៍អ្វីខ្លះនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧:១០–២១ ? ជាក្រុមគ្រួសារ សូមជ្រើសរើសផ្តោតលើគោលការណ៍មួយនៅសប្ដាហ៍នេះ ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនប្រចាំសប្ដាហ៍នេះនៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងស្នើ ៖ «ខ្ញុំចូលចិត្តមើលព្រះវិហារបរិសុទ្ធ » សៀវភៅចម្រៀងកុមារ ទំព័រ ៩៩ ។