« ថ្ងៃទី ២៣–២៩ ខែ សីហា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣ ៖ « បានទទួលនូវភាពពោរពេញរបស់ទ្រង់ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៣–២៩ ខែ សីហា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២១
ថ្ងៃទី ២៣–២៩ ខែ សីហា
គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣
« បានទទួលនូវភាពពោរពេញរបស់ទ្រង់ »
គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣ បង្រៀនយើងថា « សេចក្ដីពិតគឺជាការចេះដឹងអំពីការណ៍ទាំងឡាយដែលមាននៅពេលនេះ និង ការណ៍ទាំងឡាយដែលមានមកហើយ ហើយនឹងការណ៍ទាំងឡាយដែលនឹងមានខាងមុខ » ( ខទី ២៤ ) ។ នៅពេលអ្នកសិក្សាកណ្ឌនេះ សូមរកមើលសេចក្តីពិត និងកត់ត្រាអ្វីដែលអ្នកបានរៀន ។ តើអ្នកនឹងធ្វើអ្វីខ្លះដើម្បីទទួលបានសេចក្តីពិត ? ( សូមមើល ខ ទី ២៧–២៨ ) ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
យូសែប ស្ម៊ីធ បានបង្រៀនថា « នៅពេលអ្នកឡើងជណ្ដើរ អ្នកត្រូវតែចាប់ផ្ដើមពីកាំក្រោមគេមុន ហើយឡើងមួយកាំម្ដងៗ រហូតដល់អ្នកមកដល់កំពូល គឺដូចគ្នានឹងគោលការណ៍នានានៃដំណឹងល្អ—អ្នកត្រូវចាប់ផ្ដើមពីចំណុចដំបូង ហើយបន្តទៅរហូតទាល់តែអ្នករៀននូវគ្រប់គោលការណ៍នៃការលើកតម្កើង » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២៦៨ ) ។
ពេលខ្លះជណ្តើរនៃការលើកតម្កើងហាក់បីដូចជាខ្ពស់ពេកមិនអាចទៅរួច ប៉ុន្តែយើងកើតមកដើម្បីឡើងទៅដល់កំពូល ។ មិនថាយើងមើលឃើញខ្លួនយើងមានដែនកំណត់យ៉ាងណាទេ ព្រះវរបិតាសួគ៌ និងព្រះរាជបុត្រាទ្រង់ទតឃើញអ្វីមួយដែលរុងរឿង នៅក្នុងយើង គឺជាអ្វីមួយដែលដូចជាព្រះ ។ គឺដូចជាព្រះយេស៊ូវគ្រីស្ទដែរ « កាលដើមដំបូង យើងបានគង់នៅជាមួយព្រះវរបិតា » ហើយ « អ្នកក៏ដូច្នេះដែរ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:២១, ២៣ ) ។ គឺដូចជាទ្រង់ « ព្រះគុណថែមលើព្រះគុណជាបន្តបន្ទាប់មក រហូតដល់ទ្រង់បានទទួលនូវភាពពោរពេញ » ក៏ដូចរូបអ្នក « អ្នកនឹងបានទទួលព្រះគុណថែមលើព្រះគុណ » ( ខ ១៣, ២០ ) ។ ដំណឹងល្អដែលបានស្តារឡើងវិញបង្រៀនយើងអំពីនិស្ស័យពិតនៃព្រះ ដូច្នេះហើយវាក៏បង្រៀនយើងអំពីខ្លួនយើង និងអ្វីដែលយើងអាចប្រែក្លាយផងដែរ ។ ទោះជាមានការខិតខំពីសំណាក់ « អាកំណាចនេះ » ( ខទី ៣៩ ) — ទោះជាអ្នកមានអារម្មណ៍ថា អ្នកខ្វះខាតបែបណាក្តី — ក៏អ្នកនៅតែជាកូនរបស់ព្រះយ៉ាងពិតប្រាកដ ជាមួយនឹងសក្តានុពល « នៅវេលាកំណត់ឲ្យបានទទួលនូវភាពពោពេញរបស់ទ្រង់ » ( ខទី ១៩ ) ។
គំនិតយោបល់ផ្សេងៗសម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
យើងថ្វាយបង្គំព្រះជាព្រះវរបិតា និងព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ។
ដោយមានបន្ទូលអំពីវិវរណៈនៅក្នុង គោលលទ្ធិ និង សេចក្តី សញ្ញា ៩៣ ព្រះអម្ចាស់បានពន្យល់ថា « យើងប្រទានដល់អ្នកនូវពាក្យទាំងនេះ ដើម្បីឲ្យអ្នកអាចយល់ ហើយចេះថ្វាយបង្គំ ហើយស្គាល់នូវអ្វីដែលខ្លួនថ្វាយបង្គំ ប្រយោជន៍ឲ្យអ្នកអាចចូលមកឯព្រះវរបិតាដោយនូវព្រះនាមរបស់យើង ហើយនៅវេលាកំណត់ ឲ្យបានទទួលនូវភាពពោរពេញរបស់ទ្រង់ » ( ខទី ១៩ ) ។ នៅពេលអ្នកសិក្សាពីវិវរណៈនេះ ចូរគូសសេចក្តីពិតដែលអ្នកបានរកឃើញអំពីព្រះដែលយើងថ្វាយបង្គំ ៖ ព្រះជាព្រះវរបិតាសួគ៌ និងព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ។ តើអ្នកបានរៀនអ្វីខ្លះអំពី « របៀបថ្វាយបង្គំ » ពួកទ្រង់ ? និងរបៀបដែលយើង « ចូលទៅរកព្រះវរបិតា ? » ?
ព្យាការី យ៉ូសែប ស៊្មីធ បានបង្រៀនថា « ប្រសិនបើមនុស្សមិនយល់ពីលក្ខណៈរបស់ព្រះ នោះពួកគេក៏មិនយល់ពីខ្លួនគេដែរ » ( Teachings: Joseph Smith ទំព័រ ៤០ ) ។ នៅពេលអ្នករៀនអំពីព្រះអង្គសង្រ្គោះ ដោយការសិក្សាក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣ សូមរកមើលអ្វីដែលអ្នកបានរៀនអំពីខ្លួនអ្នក ។ ឧទាហរណ៍ តើអ្នកបានរៀនអ្វីខ្លះអំពីទ្រង់ចេញពី ខទី ៣, ១២, ២១ និង ២៦ ? តើសេចក្តីពិតស្រដៀងគ្នាអ្វីខ្លះដែលអ្នករកឃើញសម្រាប់ខ្លួនអ្នកនៅក្នុង ខទី ២០, ២៣ និង ២៨–២៩ ? ( សូមមើលផងដែរ យ៉ូហាន ទី១ ៣:២ ; នីហ្វៃទី ៣ ២៧:២៧; Dean M. Davies « The Blessings of Worship » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៩៣–៩៥ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:១–៣៩
សិរីល្អនៃព្រះគឺជាពន្លឺ និងសេចក្ដីពិត ។
អ្នកអាចសម្គាល់ឃើញថាសិរីល្អ ពន្លឺ និង សេចក្ដីពិតកើតមានឡើងជាញឹកញាប់នៅក្នុងវិវរណៈនេះ ។ នៅពេលអ្នកសិក្សានៅក្នុង ខទី ២១–៣៩ ជាពិសេស សូមធ្វើបញ្ជីមួយអំពីសេចក្តីពិត ដែលអ្នករៀនអំពីសិរីល្អ ពន្លឺ និងសេចក្ដីពិត ។ តើសេចក្តីពិតនេះបំផុសគំនិតអ្នកឲ្យស្វែងរកពន្លឺ និងសេចក្ដីពិតកាន់តែខ្លាំងឡើងដោយរបៀបណា ? តើសេចក្តីពិតទាំងនេះជះឥទ្ធិពលមកលើរបៀបដែលអ្នករស់នៅក្នុងជីវិតរបស់អ្នកជារៀងរាល់ថ្ងៃដោយរបៀបណា ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:៤០–៥០
« ត្រូវរៀបចំគ្រួសារឲ្យមានរបៀបរៀបរយ » ។
ដល់ត្រឹម ខទី ៤០ គោលលទ្ធិ និង សេចក្តី សញ្ញា ៩៣ ហាក់បីដូចជាមានការផ្លាស់ប្តូរពីការបង្រៀនអំពីសិរីល្អរបស់ព្រះ និងសក្តានុពលដ៏ទេវភាពរបស់យើង ទៅជាការរៀបចំ និងចាត់ចែងគេហដ្ឋានរបស់យើងឲ្យមានរបៀបរៀបរយទៅវិញ ។ តើការបង្រៀនរបស់ព្រះអម្ចាស់អំពីពន្លឺ សេចក្តីពិត និងសិរីល្អនៅក្នុង ខទី ១–៣៩ ជួយអ្នកឲ្យយល់ និងធ្វើតាមដំបូន្មាននៅក្នុង ខទី ៤០–៥០ ដោយរបៀបណា ?
សូមមើលផងដែរ ដេវីឌ អេ បែដណា « More Diligent and Concerned at Home » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ១៧–២០ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:២ ។តើព្រះយេស៊ូវគ្រីស្ទ « ជាពន្លឺពិត » នៅក្នុងជីវិតរបស់យើងរបៀបណា ? តើយើងបានមើលឃើញពន្លឺរបស់ទ្រង់នៅក្នុងមនុស្សជុំវិញយើងដោយរបៀបណា ?
-
គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣:៣–២៩ ។ដើម្បីជួយដល់គ្រួសារអ្នកឲ្យពិភាក្សាអំពីអ្វីដែលពួកគេបានរៀននៅក្នុង កណ្ឌទី ៩៣ អំពីព្រះអង្គសង្គ្រោះ និងខ្លួនពួកគេ អ្នកអាចលេងល្បែងផ្គូផ្គងមួយ ។ ឧទាហរណ៍ អ្នកអាចរៀបចំកាតមួយឈុតដែលមានខគម្ពីរដកស្រង់ចេញពី កណ្ឌទី ៩៣ ដែលបង្រៀនសេចក្តីពិតអំពីព្រះអង្គសង្គ្រោះ ( សូមមើល ខទី ៣, ១២, ២១, ២៦ ) និងមួយឈុតទៀតដែលបង្រៀនអ្វីមួយដែលស្រដៀងគ្នាអំពីខ្លួនរបស់អ្នក ( សូមមើល ខទី ២០, ២៣ ២៨–២៩ ) ។ សមាជិកគ្រួសារអាចដាក់វេណគ្នាជ្រើសរើសកាតពីឈុតនីមួយៗ ដោយអានខទាំងនេះ ហើយព្យាយាមស្វែងរកសេចក្តីពិតដែលត្រូវគ្នា ។ តើសេចក្តីពិតនេះមានឥទ្ធិពលយ៉ាងណាលើអារម្មណ៍យើងអំពីព្រះអង្គសង្គ្រោះ និងអំពីខ្លួនរបស់យើង ?
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:១២–១៣, ២០ ។តើវាមានន័យយ៉ាងណាដើម្បីទទួល « ព្រះគុណថែមលើព្រះគុណ » ហើយនិងបន្ត « ព្រះគុណថែមលើព្រះគុណ » ? ( ខទី ១២–១៣ ) ។ តើខគម្ពីរទាំងនេះផ្ដល់យោបល់អ្វីខ្លះអំពីរបៀបដែលយើងរីកចម្រើន និង រៀនសូត្រ ? តើការដឹងអំពីការណ៍នេះជះឥទ្ធិពលលើរបៀបដែលយើងប្រព្រឹត្តដាក់មនុស្សដទៃ–និងខ្លួនយើងយ៉ាងដូចម្ដេច ?
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:២៤ ។សូមអាននិយមន័យនៃពាក្យសេចក្តីពិតដែលបានរកឃើញនៅក្នុងខគម្ពីរនេះ ហើយអញ្ជើញសមាជិកគ្រួសារឲ្យចែករំលែកការណ៍មួយចំនួនដកស្រង់ចេញពី កណ្ឌទី ៩៣ ដែលពួកគេគិតថា វាមានតម្លៃដែលមិនអាចកាត់ថ្លៃបាន ។ តើយើងរកឃើញនិយមន័យផ្សេងទៀតណាខ្លះអំពីសេចក្ដីពិតដែលមាននៅក្នុង យ៉ូហាន ១៤:៦; យ៉ាកុប ៤:១៣ ឬទំនុកតម្កើងអំពីសេចក្តីពិត ដូចជាបទ ការពិតនោះជាអ្វី ? »( ទំនុកតម្កើង លេខ ១២០ ) ។
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:៤០ ។ប្រហែលនៅពេលអ្នកអានខគម្ពីរនេះ ក្រុមគ្រួសាររបស់អ្នកអាចច្រៀងចម្រៀងអំពីអ្វីដែលយើងរៀននៅផ្ទះ ដូចជា ប្រាប់ខ្ញុំឲ្យដើរក្នុងពន្លឺ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៧០ ) ។ កុមារតូចៗអាចរីករាយនឹងការធ្វើកាយវិការតាមពាក្យពេចន៍ទាំងនោះ ។ តើអ្នកទទួលអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះដើម្បីកាន់តែអាចអញ្ជើញ « ពន្លឺ និង សេចក្ដីពិត » ចូលមកក្នុងគេហដ្ឋានរបស់អ្នក ?
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:៤១–៥០ ។ប្រឹក្សាជាមួយគ្នាជាក្រុមគ្រួសារ អំពីអ្វីដែលប្រហែលជាមិន « ត្រឹមត្រូវនៅក្នុងគេហដ្ឋានរបស់អ្នក » ។ តើយើងអាចធ្វើអ្វីខ្លះដើម្បី « តាំងគេហដ្ឋាន [ របស់យើង ] ឲ្យមានរបៀបរៀបរយ » ? ( ខទី ៤៣–៤៤ ) ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើលគម្រោងមេរៀនប្រចាំសប្ដាហ៍នេះនៅក្នុងសៀវភៅចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងស្នើ ៖ « ខ្ញុំជាកូនរបស់ព្រះ » សៀវភៅចម្រៀងកុមារ ទំព័រ ២–៣ ។