« ថ្ងៃទី ២៦ ខែ កក្កដា–ថ្ងៃទី ១ ខែ សីហា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤ ៖ ‹ អំណាចនៃព្រះ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៦ ខែ កក្កដា–ថ្ងៃទី ១ ខែ សីហា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២១
ថ្ងៃទី ២៦ ខែ កក្កដា–ថ្ងៃទី ១ ខែ សីហា
គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤
« អំណាចនៃព្រះ »
នៅពេលបងប្អូនអាន គោលលទ្ធិ និង សេចក្ដី សញ្ញា ៨៤ សូមសញ្ជឹងគិតពីការប្រឹក្សាឲ្យ « រស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋព្រះមក » ( ខទី ៤៤ ) ។ តើបងប្អូននឹងរស់នៅតាមព្រះបន្ទូលនៅក្នុងវិវរណៈនេះដោយរបៀបណា ?
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ចាប់តាំងពីបព្វជិតភាពត្រូវបានស្ដារឡើងវិញនៅក្នុងឆ្នាំ ១៨២៩ មក ពួកបរិសុទ្ធថ្ងៃចុងក្រោយមានពរតាមរយៈអំណាចដ៏ពិសិដ្ឋនោះ ។ ពួកគេបានជ្រមុជទឹក ទទួលពិធីបញ្ជាក់ និងបានហៅឲ្យបម្រើដោយសិទ្ធិអំណាចបព្វជិតភាព គឺដូចគ្នានឹងយើងសព្វថ្ងៃនេះដែរ ។ ប៉ុន្ដែការមានអំណាចបព្វជិតភាពមិនមែនជារឿងដូចគ្នានឹងការយល់ពីវាទាំងស្រុងនោះទេ ហើយព្រះមានអ្វីបន្ថែមទៀត ដែលទ្រង់សព្វព្រះទ័យឲ្យពួកបរិសុទ្ធរបស់ទ្រង់យល់—ជាពិសេសអំពីការស្ដារពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធឡើងវិញដែលនឹងកើតឡើង ។ វិវរណៈឆ្នាំ ១៨៣២ ស្ដីពីបព្វជិតភាព ឥឡូវនេះគឺ គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៤ បានពង្រីកចក្ខុវិស័យរបស់ពួកបរិសុទ្ធអំពីអ្វីដែលពិតជាបព្វជិតភាព ។ ហើយវាអាចធ្វើបានដូចគ្នាចំពោះយើងនាសព្វថ្ងៃដែរ ។ ចុងបញ្ចប់ មានអ្វីជាច្រើនដែលត្រូវរៀនអំពីអំណាចដ៏ទេវភាពដែលកាន់ « កូនសោនៃចំណេះវិជ្ជាពីព្រះ » ដែលបើកបង្ហាញពី « អំណាចនៃព្រះ » ហើយដែលរៀបចំយើងឲ្យ « មើលឃើញព្រះភក្ត្រនៃព្រះ គឺព្រះវរបិតា ហើយរស់នៅ » ( ខទី ១៩–២២ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:១–៥, ១៧–២៨
ខ្ញុំមានអំណាចបព្វជិតភាពរបស់ព្រះ និងពរជ័យ ។
ពេលបងប្អូនគិតអំពីពាក្យ បព្វជិតភាព តើអ្វីកើតមានក្នុងគំនិតបងប្អូន ? តើបងប្អូនគិតអំពីបព្វជិតភាព និងឥទ្ធិពលរបស់វាញឹកញាប់ប៉ុណ្ណានៅក្នុងជីវិតប្រចាំថ្ងៃរបស់បងប្អូន ? ក្រោយពីសញ្ជឹងគិតពីសំណួរទាំងនេះហើយ សូមសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:១–៥, ១៧–២៨ ហើយពិចារណាពីអ្វីដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យបងប្អូនដឹងអំពីអំណាចបព្វជិតភាពរបស់ទ្រង់ ។ តើបងប្អូនអាចប្រើខគម្ពីរទាំងនេះដើម្បីពិពណ៌នាពីបព្វជិតភាពទៅនរណាម្នាក់ ហើយពន្យល់ពីគោលបំណងរបស់វាដោយរបៀបណា ?
បងប្អូនក៏អាចគិតផងដែរអំពីពិធីបរិសុទ្ធបព្វជិតភាព ដែលបងប្អូនបានចូលរួម ។ តើបងប្អូនបានឃើញ « អំណាចនៃព្រះ » ( ខទី ២០ ) បើកសម្ដែងក្នុងពិធីទាំងនោះដោយរបៀបណា ? សូមពិចារណាពីអ្វីដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យបងប្អូនធ្វើ ដើម្បីទទួលបានអំណាចរបស់ទ្រង់បន្ថែមទៀតនៅក្នុងជីវិតរបស់បងប្អូន ។
សូមមើលផងដែរ អិម. រ័សុល បាឡឺត « Men and Women and Priesthood Power » Ensign ខែ កញ្ញា ឆ្នាំ ២០១៤ ទំព័រ ២៨–៣៣; Gospel Topics « Priesthood » នៅលើគេហទំព័រ topics.ChurchofJesusChrist.org ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៣១–៤២
ប្រសិនបើខ្ញុំទទួលយកព្រះអម្ចាស់ និងអ្នកបម្រើរបស់ទ្រង់ នោះខ្ញុំនឹងទទួលយកអ្វីទាំងអស់ដែលព្រះវរបិតាមាន ។
អែលឌើរ ផល ប៊ី ភីភើរ បានបង្រៀនថា ៖ « វាគួរឲ្យចាប់អារម្មណ៍ថា នៅក្នុងសម្បថ និងសេចក្ដីសញ្ញានៃបព្វជិតភាព [ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៣១–៤២ ] ព្រះអម្ចាស់ប្រើកិរិយាសព្ទ ទទួល ។ ទ្រង់ពុំប្រើកិរិយាសព្ទ តែងតាំង ឡើយ ។ វាគឺនៅក្នុងព្រះវិហារបរិសុទ្ធដែលបុរស និងស្ដ្រី—រួមគ្នា—ទទួលពរជ័យ និងអំណាចទាំងបព្វជិតភាពអើរ៉ុន និងមិលគីស្សាដែក » ( « Revealed Realities of Mortality » Ensign ខែ មករា ឆ្នាំ ២០១៦ ទំព័រ ២១ ) ។
នៅពេលបងប្អូនសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៣១–៤២ សូមរកមើលពាក្យ « ទទួល » ។ សូមសញ្ជឹងគិតពីអត្ថន័យវានៅក្នុងបរិបទនេះ ។ តើបងប្អូន « ទទួល » ព្រះអម្ចាស់ និងអ្នកបម្រើរបស់ទ្រង់ដោយរបៀបណា ?
បងប្អូនក៏អាចកត់ត្រាសេចក្ដីសន្យានៅក្នុងខគម្ពីរទាំងនេះ ដែលទាក់ទងនឹងសម្បថ និងសេចក្ដីសញ្ញានៃបព្វជិតភាព ដែលព្រះ « ពុំអាចបណ្ដាច់ » បានដែរ ( ខទី ៤០ ) ។ តើបងប្អូនរកឃើញអ្វីខ្លះដែលបំផុសគំនិតបងប្អូនឲ្យកាន់តែស្មោះត្រង់ នៅក្នុងការទទួលព្រះវរបិតា អ្នកបម្រើរបស់ទ្រង់ និងអំណាចបព្វជិតភាពរបស់ទ្រង់ ?
សូមមើលផងដែរ សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ « សេចក្ដីសញ្ញា » « សម្បថ » នៅគេហទំព័រ scriptures.ChurchofJesusChrist.org ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៤៣–៥៨
ខ្ញុំមករកព្រះគ្រីស្ទ ដោយសារខ្ញុំគោរពតាមបន្ទូលរបស់ទ្រង់ ហើយស្ដាប់តាមព្រះវិញ្ញាណរបស់ទ្រង់ ។
ការអានព្រះគម្ពីរ និងប្រសាសន៍របស់ពួកព្យាការីជាទៀងទាត់មានអត្ថន័យច្រើនជាង កិច្ចការដែលគូសថាបានធ្វើនៅលើបញ្ជីត្រូវធ្វើខាងវិញ្ញាណ ។ តើបងប្អូនរកឃើញសេចក្ដីពិតអ្វីខ្លះនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៤៣–៥៨ ដែលជួយបងប្អូនឲ្យយល់ពីមូលហេតុដែលបងប្អូនត្រូវសិក្សាបន្ទូលរបស់ព្រះឲ្យខ្ជាប់ខ្ជួន ? សូមកត់ត្រាភាពខុសគ្នារវាងពន្លឺ និងភាពងងឹតនៅក្នុងខគម្ពីរទាំងនេះ ហើយតើការ « ព្យាយាមស្ដាប់តាមព្រះបន្ទូលទាំងឡាយអំពីជីវិតដ៏នៅអស់កល្បជានិច្ច » នាំមកនូវពន្លឺ សេចក្ដីពិត និង « ព្រះវិញ្ញាណនៃព្រះយេស៊ូវគ្រីស្ទ » មកក្នុងជីវិតរបស់បងប្អូនដោយរបៀបណា ? ( ខទី ៤៣, ៤៥ ) ។
សូមមើលផងដែរ នីហ្វៃទី២ ៣២:៣; « The Book of Mormon—Keystone of Our Religion » Teachings of Presidents of the Church: Ezra Taft Benson ( ឆ្នាំ ២០១៤ ) ទំព័រ ១២៥–៣៥ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៦២–៩១
ព្រះអម្ចាស់នឹងគង់ជាមួយខ្ញុំ នៅពេលខ្ញុំនៅក្នុងការបម្រើដល់ទ្រង់ ។
កាលបងប្អូនអានខគម្ពីរទាំងនេះ បងប្អូនអាចរកឃើញរបៀបដែលព្រះអម្ចាស់បានមានបន្ទូលថា ទ្រង់នឹងគាំទ្រពួកសាវក និងអ្នកផ្សព្វផ្សាយសាសនារបស់ទ្រង់ ។ តើការសន្យាទាំងនេះអនុវត្តចំពោះកិច្ចការ ដែលទ្រង់បានសុំបងប្អូនឲ្យធ្វើដោយរបៀបណា ? ឧទាហរណ៍ តើការសន្យានៅក្នុង ខទី ៨៨ បានបំពេញក្នុងជីវិតរបស់បងប្អូនដោយរបៀបណា ?
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៦–១៨ ។ក្រោយពីអានអំពីរបៀបដែលម៉ូសេបានទទួលសិទ្ធិអំណាចបព្វជិតភាពរបស់លោក អ្នកកាន់បព្វជិតភាពម្នាក់ក្នុងគ្រួសាររបស់បងប្អូន ឬបងប្អូនប្រុសផ្ដល់ការងារបម្រើអាចចែកចាយបទពិសោធន៍របស់គាត់ក្នុងការបានតែងតាំងក្នុងតំណែងបព្វជិតភាព ។ បើអាច គាត់អាចចែកចាយ និងពិភាក្សាពីខ្សែសិទ្ធិអំណាចបព្វជិតភាពរបស់គាត់ ។ ហេតុអ្វីវាសំខាន់ដែលយើងអាចតាមដានសិទ្ធិអំណាចបព្វជិតភាពក្នុងសាសនាចក្រនាសព្វថ្ងៃ ត្រឡប់ទៅសិទ្ធិអំណាចរបស់ព្រះយេស៊ូវគ្រីស្ទ ? ដើម្បីស្នើសូមខ្សែសិទ្ធិអំណាចបព្វជិតភាព សូមផ្ញើអ៊ីម៉ែលទៅកាន់ lineofauthority@ChurchofJesusChrist.org ។
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:២០–២១ ។តើគ្រួសារបងប្អូនបានដកពិសោធន៍ « អំណាចនៃព្រះ » ដែលបានបើកសម្ដែងតាមរយៈពិធីបរិសុទ្ធដូចជា ពិធីបុណ្យជ្រមុជទឹក ឬពិធីសាក្រាម៉ង់នៅពេលណា ? ប្រហែលបងប្អូនអាចជជែកអំពីរបៀបដែលពិធីបរិសុទ្ធទាំងនេះនាំមកនូវអំណាចរបស់ព្រះក្នុងជីវិតរបស់យើង ។ បងប្អូនក៏អាចបង្ហាញរូបភាពព្រះវិហារបរិសុទ្ធមួយ ហើយពិភាក្សាពីរបៀបដែលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធផ្ដល់អំណាចបន្ថែមទៀតដល់យើងឲ្យក្លាយដូចជាព្រះអង្គសង្គ្រោះ ។ បងប្អូនគួរតែច្រៀងបទចម្រៀងអំពីបព្វជិតភាព ដូចជាបទ « បព្វជិតភាពបានស្ដារឡើងវិញ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៦០ ) ហើយពិភាក្សាពីអ្វីដែលចម្រៀងនេះបង្រៀនអំពីបព្វជិតភាព ។
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៤៣–៤៤ ។បងប្អូនអាចរៀបចំម្ហូប ឬអាហារសម្រន់រួមគ្នា ហើយសរសេរគ្រឿងផ្សំនីមួយៗជាពាក្យ ឬឃ្លាមកពី ខទី ៤៤ ។ ហេតុអ្វីវាសំខាន់ដែលយើងបញ្ចូលគ្រឿងផ្សំទាំងអស់ ? ហេតុអ្វីវាសំខាន់ដើម្បីរស់នៅតាមគ្រប់ទាំងបន្ទូលរបស់ព្រះ ?
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៩៨–១០២ ។តើយើងរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទចេញមកពី « ចម្រៀងថ្មី » ( ខទី ៩៨ ) នៅក្នុងខគម្ពីរទាំងនេះ ? តើយើងអាចធ្វើអ្វីខ្លះនៅក្នុងជំនាន់របស់យើង ដើម្បីជួយនាំឲ្យមានស្ថានភាពដែលបានរៀបរាប់នៅក្នុងចម្រៀងនេះ ?
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:១០៦–១១០ ។តើគ្រួសាររបស់យើង « បានស្អាងឡើងទាំងអស់គ្នា ! តាមរយៈអំណោយទាន និងកិច្ចខិតខំរបស់ « អវយវៈទាំងអស់ » តាមរបៀបណា ? ( ខទី ១១០ ) ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនប្រចាំសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងស្នើ ៖ « បព្វជិតភាពបានស្ដារឡើងវិញ » សៀវភៅចម្រៀងកុមារ ល.រ ៦០, សូមមើល « យោបល់ដើម្បីកែលម្អការសិក្សាព្រះគម្ពីរជាគ្រួសាររបស់អ្នក » ។