ភាពពិតដែលបានបើកសម្ដែងអំពីជីវិតរមែងស្លាប់
ចេញមកពីសុន្ទរកថាការប្រជុំធម្មនិដ្ឋានមួយ « ភាពពិតអំពីជីវិតរមែងស្លាប់ » បានថ្លែងនៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់-អៃដាហូ នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៣ ។ ដើម្បីទទួលបានសុន្ទរកថាពេញលេញ ជាភាសាអង់គ្លេស សូមចូលទៅគេហទំព័រ web.byui.edu/devotionalsandspeeches ។
ចូរយើងចៀសវាងពីគំនិតខុសឆ្គងនៃការបង្រៀនរបស់មនុស្ស ហើយតោងជាប់ភាពពិតដែលបើកសម្ដែង ដែលបានប្រទានឲ្យដោយព្រះ ដើម្បីឲ្យដំណើរជីវិតក្នុងជីវិតរមែងស្លាប់របស់យើង មានភាពបរិបូរណ៍ ពេញលេញ និង ពិត ។
មនុស្សម្នាក់ៗត្រូវបានដាក់នៅលើផែនដីក្នុងស្ថានភាពជាក់លាក់ ។ មិនថាភាពជាក់លាក់របស់យើងដូចម្ដេចទេ ព្រះអម្ចាស់បានបើកសម្ដែងសេចក្ដីពិតអំពីគោលបំណងនៃជីវិតរមែងស្លាប់ដែលអនុវត្តចំពោះយើងទាំងអស់គ្នា ។ ទ្រង់បានបង្រៀនសេចក្ដីពិតទាំងនេះដល់ឪពុកម្ដាយដំបូងរបស់យើង គឺ អ័ដាម និង នាងអេវ៉ា ហើយបានបញ្ជាក់សារជាថ្មីនៅក្នុងជំនាន់របស់យើង ។
ខ្ញុំយោងសេចក្ដីពិតទាំងនេះថាជា « ភាពពិតអំពីជីវិតរមែងស្លាប់ » ។ បើយើងចង់ទទួលពរជ័យពេញលេញបំផុត និងដ៏មានប្រយោជន៍បំផុតមកពីបទពិសោធន៍ជីវិតរមែងស្លាប់របស់យើង នោះយើងត្រូវតែយល់ ហើយឱបក្រសោបភាពពិតដែលបានបើកសម្ដែងទាំងនេះ ។ ការមិនយល់ ឬអ្វីដែលអាក្រក់ជាងនោះ ការបដិសេធភាពពិតទាំងឡាយដោយចេតនានឹងនាំមកនូវការប្រើពេលវេលាមិនត្រឹមត្រូវ ប្រើឥតមានប្រសិទ្ធភាព ហើយប្រហែលជាត្រូវវិនាសទាំងស្រុង ។
វាពុំគ្រប់គ្រាន់ទេ បើគ្រាន់តែមកផែនដីនេះ ទទួលយករូបកាយរមែងស្លាប់ ហើយរស់នៅទីនេះអស់មួយជីវិតនោះ ។ ដើម្បីធ្វើឲ្យពេលវេលាដែលយើងនៅទីនេះមានអត្ថន័យ យើងត្រូវតែរស់នៅ ហើយទទួលពិសោធន៍នូវគោលបំណងនៃជីវិតរមែងស្លាប់ដែលបានតែងតាំងដោយព្រះ — ដោយពេញលេញ ទាំងមូល និងដោយអស់ពីដួងចិត្ត — ជាជាងត្រូវរំខានដោយរឿងជាច្រើនដែលគួរឲ្យចាប់អារម្មណ៍ សុខស្រួល និងងាយស្រួលនោះ ។
នៅពេល អ័ដាម និង នាងអេវ៉ា ត្រូវបានបណ្ដេញចេញពីសួនអេដែន នោះពួកគេបានចូលទៅក្នុងពិភពរមែងស្លាប់មួយ ។ ព្រះអម្ចាស់បានរៀបចំពួកគេដើម្បីទទួលបទពិសោធន៍ជីវិតរមែងស្លាប់របស់ពួកគេ ដោយបង្រៀនពួកគេអំពីភាពពិតទាំងឡាយ ដែលពួកគេនឹងទទួលពិសោធន៍ ។ ខ្ញុំចង់រំឭកអំពីភាពពិតទាំងបីនេះ ។
នៅពេលខ្ញុំចាប់ផ្ដើម ចូរចងចាំថា វិញ្ញាណនៃជីវិតមុនជីវិតរមែងស្លាប់ជាច្រើន ពុំបានទទួលរូបកាយរមែងស្លាប់ទេ ដោយសារពួកគេពុំរក្សានូវសណ្ឋានទីមួយរបស់ពួកគេ ។១ ពួកគេមានបំណងរារាំងយើងពីការទទួលពិសោធន៍នូវភាពពេញលេញនៃជីវិតរមែងស្លាប់នោះ ។ ពួកគេព្យាយាមរារាំងយើងមិនឲ្យទទួលបទពិសោធន៍ទាំងឡាយ ដែលដឹកនាំយើងទៅកាន់សុភមង្គលដ៏នៅអស់កល្បជានិច្ចរបស់យើង ។
ភាពពិតទី១ ៖ ការងារជួយយើងឲ្យអភិវឌ្ឍគុណសម្បត្តិ និងអាកប្បកិរិយាសំខាន់សម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ច ។
ព្រះមានបន្ទូលទៅអ័ដាមថា « ឯងនឹងបានអាហារស៊ីដោយការបែកញើស ដរាបដល់ឯងត្រឡប់ទៅជាដីវិញ ពីព្រោះយើងបានយកឯងពីដីមក » ( ម៉ូសេ ៤:២៥ សូមមើលផងដែរ លោកុប្បត្តិ ៣:១៩ ) ។ មនុស្សមួយចំនួនបានចាត់ទុកព្រះបន្ទូលរបស់ព្រះអម្ចាស់ថាជាបណ្ដាសារចំពោះអ័ដាម និងកូនចៅរបស់លោកដោយសារតែការទទួលទានផ្លែឈើដែលបានហាមឃាត់នោះ ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំបានស្ដាប់ឮព្រះបន្ទូលទាំងនេះថាជាការថ្លែងចេញមកពីព្រះវរបិតាជាទីស្រឡាញ់ ពន្យល់ដល់យុវជនម្នាក់ និងជាកូនដែលពុំមានបទពិសោធន៍ក្នុងស្ថានភាពធ្លាក់ ជាពិភពរមែងស្លាប់ ដែលកូនប្រុសនោះ នឹងមករស់នៅក្នុងពេលឆាប់ៗនេះ ។
ក៏ដូចជាឪពុកលើផែនដីម្នាក់ ដែលរៀបចំកូនប្រុសដែលនឹងចេញឆ្ងាយពីផ្ទះដែរ ព្រះវរបិតាកំពុងជួយបុរសដំបូងគេរូបនេះ ឲ្យរៀបចំខ្លួនដើម្បីរស់នៅដោយខ្លួនឯងនៅពេលនៅឆ្ងាយពីផ្ទះ ។ ទ្រង់បានពន្យល់ថា ការងារគឺជាភាពពិតថ្មីមួយ — ជាភាពពិតអំពីជីវិតរមែងស្លាប់ ។
ព្រះវរបិតាសួគ៌ បានដឹងថា អ័ដាម និង អេវ៉ា នឹងត្រូវពុះពារនឹងធាតុទាំងឡាយនៅលើផែនដីក្នុងពេលឆាប់ៗ ។ វាផ្ទុយគ្នាទៅនឹងបទពិសោធន៍របស់ពួកគេនៅក្នុងសួនច្បារអេដែន ដែលអ្វីៗគ្រប់យ៉ាងត្រូវបានប្រទានឲ្យដល់ពួកគេ នោះជីវិតរមែងស្លាប់នឹងតម្រូវឲ្យមានការខិតខំទាំងខាងរាងកាយ និងខាងសតិអារម្មណ៍ បែកញើស អត់ធ្មត់ ហើយស៊ូទ្រាំដើម្បីរស់នៅ ។
ការរៀនធ្វើការ — ដែលជាការបំពាក់បំប៉ន និងការលត់ដំគំនិតរបស់យើង រូបកាយ និងវិញ្ញាណដើម្បីអនុវត្ត ផលិត សម្រេច និងរីកចម្រើន — គឺជាគ្រឹះមួយនៃភាពពិតនៃជីវិតរមែងស្លាប់គ្រប់រូប ។ វាគឺជាវិធីមួយដែលយើងប្រែក្លាយដូចជាព្រះ ហើយសម្រេចនូវព្រះរាជបំណងរបស់ទ្រង់នៅលើផែនដី ។ ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និង ព្រះវិញ្ញាណបរិសុទ្ធ ធ្វើការទាំងអស់គ្នា ។ កិច្ចការរបស់ទ្រង់ និងសិរីល្អរបស់ទ្រង់ គឺ « ដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ ភាពពិតគឺថា ពុំអាចមានសិរីល្អដោយគ្មានការធ្វើការនោះទេ ។
មូលហេតុដ៏ចម្បងមួយដែលបុរសចាំបាច់ត្រូវធ្វើការ គឺត្រូវផ្គត់ផ្គង់ដល់ក្រុមគ្រួសាររបស់ពួកគេ ។ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » សរសេរពាក្យ « ផ្គត់ផ្គង់ » ថាជាតួនាទីមួយនៃតួនាទីទាំងបី ដែលបានផ្ដល់ឲ្យបុរសជាពិសេស ។២ បុរសម្នាក់ដែលចេះធ្វើការ ហើយផ្គត់ផ្គង់ដល់ខ្លួនឯង មានទំនុកចិត្តថា គាត់អាចរៀបការ ហើយផ្គត់ផ្គង់ភរិយា និងកូនៗ ។
ប៊ីស្សព អេក ដេវីឌ ប៊ើតុន ជាអតីតប៊ីស្សពជាអធិបតីនៃសាសនាចក្រ បានមានប្រសាសន៍ ៖ « ការធ្វើការ — ដោយស្មោះត្រង់ និងដោយផលិតភាព — នាំមកនូវភាពសុខដុម និងមានអារម្មណ៍ពីតម្លៃខ្លួន ។ ការខិតខំដោយអស់ពីសមត្ថភាពដែលយើងអាចធ្វើបានដើម្បីមានភាពខ្លួនទីពឹងខ្លួន ដើម្បីផ្គត់ផ្គង់សម្រាប់តម្រូវការផ្ទាល់ខ្លួនរបស់យើងផ្ទាល់ និងអ្នកទាំងឡាយដែលជាគ្រួសាររបស់យើង នោះយើងអាចត្រឡប់ទៅព្រះអម្ចាស់ដោយទំនុកចិត្ត ដើម្បីទូលសួរពីអ្វីដែលយើងនៅខ្វះខាតនៅឡើយ » ។៣
សាតាំងត្រៀមខ្លួនជានិច្ចដើម្បីបំផ្លាញព្រះរាជបំណងរបស់ព្រះ ហើយចង់ធ្វើឲ្យបទពិសោធន៍ជីវិតរមែងស្លាប់របស់យើងមិនល្អ ។ ដើម្បីជំទាស់នឹងការសង្កត់ធ្ងន់របស់ព្រះវរបិតាអំពីការធ្វើការ នោះមារសត្រូវបានបញ្ចុះបញ្ចូលមនុស្សជាច្រើននៅជំនាន់របស់យើងថា គោលដៅសំខាន់មួយនៅក្នុងជីវិតនេះគឺកុំធ្វើការ ។ នៅក្នុងសង្គមសព្វថ្ងៃ មនុស្សជាច្រើនបានសញ្ជឹងគិតថា ចង់ស្វែងរកការងារដែលឲ្យកម្រៃខ្ពស់ល្អ តែធ្វើការតិច ការវិនិយោគ ឬយុទ្ធសាស្ត្រហិរញ្ញវត្ថុជាច្រើន ដែលឲ្យកម្រៃខ្ពស់ដោយគ្មានការខិតខំ និងកម្មវិធីនានាដែលឲ្យកម្រៃដែលពួកគេចង់បាន ដោយពួកគេមិនចំណាយអ្វីសោះ ។ មនុស្សមួយចំនួនបានព្យាយាមមិនធ្វើការងារដោយការខ្ចីប្រាក់ និងរស់នៅដោយប្រាក់ដែលពួកគេមិនមានបំណងបង់សងវិញនោះ ។ ពួកគេពុំចង់ធ្វើការ ពុំធ្វើគម្រោងថវិការ ហើយពុំសន្សំសម្រាប់អ្វីដែលពួកគេចំណាយនោះទេ ។ ថ្នាក់ដឹកនាំសាសនាចក្រ បានប្រឹក្សាថា យើងគប្បីធ្វើការចំពោះអ្វីដែលយើងបានទទួល ហើយ « ចៀសវាងពីបំណុល លើកលែងតែសម្រាប់សេចក្ដីត្រូវការជាមូលដ្ឋានគ្រឹះបំផុតតែប៉ុណ្ណោះ » ។៤
ល្បិចមួយទៀត ដែលមារសត្រូវប្រើនៅក្នុងជំនាន់នេះគឺដើម្បីផ្ដោតមហិច្ឆិតាពីធម្មជាតិរបស់មនុស្សឲ្យធ្វើការ ហើយសម្រេចបាននៅក្នុងសកម្មភាពដែលគ្មានន័យ ។ ព្រះបានដាក់នៅក្នុងយុវជននូវបំណងប្រាថ្នាដើម្បីបំពេញ និងសម្រេចកិច្ចការ ដោយបំណងដែលពួកគេប្រើមហិច្ឆិតានេះ ដើម្បីក្លាយទៅជាអ្នកផ្គត់ផ្គង់ស្មោះត្រង់សម្រាប់គ្រួសារ ។ នៅក្នុងយុវវ័យរបស់យើង មហិច្ឆិតានេះ អាចត្រូវបានផ្ដោតទៅលើ កន្លែងអប់រំ អត្តពលកម្ម និងការខិតខំដទៃទៀត ដែលជួយបង្រៀនឲ្យមានភាពខ្ជាប់ខ្ជួន ការលត់ដំ និងការងារ ។ ទោះជាយ៉ាងណា សាតាំង នឹងមានបំណងប្រាថ្នាយ៉ាងប្រសព្វដើម្បីគ្រប់គ្រងមហិច្ឆិតា និងការផ្ដោតនោះទៅលើពិភពល្បែងវីដេអូ ដែលស៊ីពេលយ៉ាងច្រើន និងបំផ្លាញមហិច្ឆិតា និងនាំទៅរកការញៀន ។
មិនថាអ្នកលេងល្បែងវីដេអូខ្លាំងប៉ុណ្ណាទេ កិច្ចការដែលស្រមើលស្រមៃ ពុំអាចនាំអ្នកឲ្យមានភាពស្កប់ស្កល់ដែលទាក់ទងនឹងកិច្ចការងារពិតនោះទេ ។ កិច្ចការងារពិត គឺជាការខិតខំ ភាពខ្ជាប់ខ្ជួន ការអត់ធ្មត់ និងការលត់ដំ ដើម្បីសម្រេចបាននូវចំណេះដឹងដែលមានតម្លៃ ធ្វើកិច្ចការដែលត្រូវការធ្វើការដ៏ចាំបាច់ ឬសម្រេចគោលដៅដែលបានដាក់ឲ្យ ។
បើយើងពុំរៀនធ្វើការពេលនៅក្នុងជីវិតរមែងស្លាប់នេះទេ នោះយើងនឹងពុំសម្រេចនូវសក្ដានុពលពេញលេញរបស់យើង និងសុភមង្គលនៅក្នុងជីវិតនេះទេ ហើយយើងនឹងពុំអភិវឌ្ឍគុណសម្បត្តិ និងអាកប្បកិរិយាដែលសំខាន់ចំពោះជីវិតអស់កល្បជានិច្ចឡើយ ។
ភាពពិត ទី២ ៖ តាមរយៈអាពាហ៍ពិពាហ៍ដ៏អស់កល្បជានិច្ច យើងអាចទទួលរាល់ពរជ័យដែលព្រះវរបិតាសួគ៌សព្វព្រះទ័យប្រទានដល់យើង ។
ព្រះអម្ចាស់បានសន្យានៅក្នុងសម្បថ និង សេចក្តីសញ្ញានៃបព្វជិតភាព ៖
« ដ្បិតអស់អ្នកណាដែលស្មោះត្រង់ ក្នុងកាលបានបព្វជិតភាពទាំងពីរនេះ ដែលយើងបានពោលដល់ … ត្រឡប់ជា … ពូជនៃលោកអ័ប្រាហាំ និងជាសាសនាចក្រ និងនគរ និងជាពួករើសតាំងនៃព្រះ ។
« ហើយអស់អ្នកណាដែលទទួលបព្វជិតភាពនេះ ឈ្មោះថា ទទួលយើងដែរ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ
« … ហើយអ្នកណាដែលទទួលយើង ឈ្មោះថាទទួលព្រះវរបិតាយើងដែរ
« ហើយអ្នកណាដែលទទួលព្រះវរបិតាយើង ឈ្មោះថាទទួលនគររបស់ព្រះវរបិតាយើងដែរ ហេតុដូច្នោះហើយ គ្រប់អ្វីៗទាំងអស់ដែលព្រះវរបិតាយើងមាន នោះនឹងត្រូវបានប្រទានដល់អ្នកនោះដែរ ។
« ហើយការណ៍នេះ គឺស្របតាមសម្បថ និងសេចក្ដីសញ្ញា ដែលជារបស់ផងបព្វជិតភាព » ( គ និង ស ៨៤:៣៣–៣៥, ៣៧–៣៩ ) ។
ព្រះវរបិតាជាទីស្រឡាញ់របស់យើង សព្វព្រះទ័យឲ្យកូនចៅទ្រង់ម្នាក់ៗទទួលបានអ្វីៗទាំងអស់ — ភាពពេញលេញ ជាភាពពេញលេញរបស់ទ្រង់ ។ ដើម្បីទទួលបាននូវភាពពេញលេញនេះ « មនុស្សត្រូវចូលក្នុងរបៀបនៃបព្វជិតភាពនេះ [ មានន័យដល់សេចក្ដីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ចខាងអាពាហ៍ពិពាហ៍ ] » ( គ. និង ស. ១៣១:២ ) ។
អាពាហ៍ពិពាហ៍អស់កល្បជានិច្ច និងអ្វីៗទាំងអស់ដែលត្រូវបានគ្រោងឡើងដើម្បីជួយយើងឲ្យរៀន និងទទួលបទពិសោធន៍ គឺជាគន្លឹះដើម្បីទទួលរាល់ពរជ័យដែលព្រះវរបិតាសួគ៌សព្វព្រះទ័យប្រទានដល់កូនចៅរបស់ទ្រង់ ។ មានតែគ្រួសារមួយ — ដែលមានបុរសម្នាក់ និងស្ត្រីម្នាក់ ដែលរស់នៅដោយសក្ដិសមដើម្បីចូលក្នុងដំណាក់នៃព្រះអម្ចាស់ ហើយត្រូវបានផ្សាភ្ជាប់នឹងគ្នាប៉ុណ្ណោះ — ទើបអាចក្លាយទៅជាសក្ដិសមបាន ។ ពរជ័យពេញលេញនៃបព្វជិតភាព គឺត្រូវបានទទួលរួមគ្នាក្នុងនាមជាស្វាមី និងភរិយា ឬមិនទទួលបានទាំងអស់គ្នា ។
វាគួរឲ្យចាប់អារម្មណ៍ដែលនៅក្នុងសម្បថ និង សេចក្ដីសញ្ញានៃបព្វជិតភាព ព្រះអម្ចាស់ប្រើកិរិយាសព្ទ ទទួលបាន និង ទទួល ។ ទ្រង់ពុំប្រើកិរិយាសព្ទតែងតាំង ទេ ។ គឺនៅក្នុងព្រះវិហារបរិសុទ្ធ ដែលបុរស និងស្ត្រី — ទាំងពីរនាក់ — ទទួលបាន និងទទួលពរជ័យទាំងឡាយ និងអំណាចទាំងបព្វជិតភាពអើរ៉ុន និងបព្វជិតភាពមិលគីស្សាដែក ។ បន្ទាប់ពីគូស្វាមីភរិយាមួយគូបានទទួលពរជ័យទាំងនេះ នៅក្នុងដំណាក់នៃព្រះអម្ចាស់ហើយ វាគឺជាសំខាន់នៅក្នុងជីវិតគេហដ្ឋានរបស់ពួកគេ ដែលពួកគេត្រូវអភិវឌ្ឍចរិតលក្ខណៈ និងអាកប្បកិរិយាបរិសុទ្ធ — ពលិកម្ម និងបម្រើគ្នាទៅវិញទៅមក ស្រឡាញ់គ្នាទៅវិញទៅមកដោយភក្ដីភាពទាំងស្រុង ហើយមានសាមគ្គីភាពនៅក្នុងក្ដីស្រឡាញ់របស់ពួកគេចំពោះគ្នាទៅវិញទៅមក និងចំពោះព្រះ ។
ភាពពេញលេញ បព្វជិតភាព គ្រួសារ — ពាក្យទាក់ទងគ្នាទាំងបីនេះគឺជាចំណែកទាំងអស់នៅក្នុងភាពពិតនៃអាពាហ៍ពិពាហ៍អស់កល្បជានិច្ច ។ ការធ្វើអ្វីៗទាំងអស់នៅក្នុងអំណាចរបស់យើងដើម្បីធ្វើឲ្យអាពាហ៍ពិពាហ៍អស់កល្បជានិច្ច មានពិតនៅក្នុងជីវិតរមែងស្លាប់របស់យើង នឹងអះអាងថា យើងនឹងមិនចំណាយពេលរបស់យើងនៅលើផែនដីដោយឥតប្រយោជន៍នោះទេ ។
សាតាំង ជាមេបញ្ឆោត កំពុងធ្វើការនៅក្នុងជំនាន់របស់យើង មួលបង្កាច់ និងបំផ្លាញភាពពិតនៃជីវិតរមែងស្លាប់ ។ វាកំពុងធ្វើការបន្ថែមម៉ោងដើម្បីបំផ្លាញអត្ថន័យ និងសារៈសំខាន់នៃអាពាហ៍ពិពាហ៍នៅក្នុងគំនិតរបស់បុរស និងស្ត្រីទាំងឡាយ ។ ចំពោះមនុស្សខ្លះ វាបញ្ចុះបញ្ចូលថា អាពាហ៍ពិពាហ៍ គឺមិនចាំបាច់ទេ ថាក្ដីស្រឡាញ់គឺល្មមគ្រប់គ្រាន់ហើយ ។ ចំពោះមនុស្សខ្លះទៀត វាប៉ុនប៉ងប្រើនិយមន័យច្បាប់ថ្មីអំពី អាពាហ៍ពិពាហ៍ ដើម្បីឲ្យទទួលស្គាល់ថាទំនាក់ទំនងអសីលធម៌គឺជារឿងត្រឹមត្រូវ ។ ចំពោះអ្នកទាំងឡាយដែលជឿទៅលើអាពាហ៍ពិពាហ៍ នៅពេលដែលព្រះបានកំណត់ឡើង នោះវានឹងបន្ទាបអាទិភាពរបស់វាទាក់ទងទៅនឹងការអប់រំ និងសន្ដិសុខខាងហិរញ្ញវត្ថុ ។ វាធ្វើឲ្យមនុស្សមានការភ័យខ្លាច អំពីការលះបង់ និងការពិបាក ដែលមាននៅក្នុងអាពាហ៍ពិពាហ៍ ។ ដោយជាប់ស្ទះនឹងភាពភ័យខ្លាច នោះមនុស្សជាច្រើនបានអង្គុយស្ងៀមដូចជាវត្ថុដែលចាំទទួលសកម្មភាព ជាជាងផ្លាស់ទីទៅមុខ ហើយធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។
មនុស្សមួយចំនួន ដែលបានមានអារម្មណ៍លើសលុបដោយសារតម្រូវការនៃការស្ថាបនាទំនាក់ទំនងពិត ប៉ុន្តែមានអារម្មណ៍បំណងប្រាថ្នាមួយចង់បានដៃគូ និងភាពស្និទ្ធស្នាលនោះ គឺត្រូវបានបញ្ឆោតដោយក្ដីសង្ឃឹមក្លែងក្លាយនៅក្នុងពិភពពុំពិតប្រាកដ ។ ការប៉ុនប៉ងចង់បានភាពស្និទ្ធស្នាលពុំពិតប្រាកដ ពុំនាំមកនូវអ្វី ក្រៅពីភាពទទេស្អាត ការចង់បាន និងការខ្មាស់អៀននោះទេ ។ មានមនុស្សជាច្រើនបានខំស្រាវជ្រាវម្ដងហើយម្ដងទៀតដោយគ្មានប្រយោជន៍ រហូតដល់ផ្លូវរបស់ពួកគេបានក្លាយទៅជាការញៀនមួយ ដែលពុំអាចស្កប់ស្កល់បាន ។៥ ពួកគេត្រូវបានចាប់ជាប់នៅក្នុងវដ្តមួយ ដែលបំផ្លាញឆន្ទៈរបស់ពួកគេដើម្បីឈរទប់ទល់បន្ដិចម្ដង ។ ពួកគេនៅតែមានសិទ្ធិជ្រើសរើសរបស់ពួកគេ ប៉ុន្តែពុំមានសេចក្ដីសង្ឃឹមគ្រប់គ្រាន់ទៅលើសមត្ថភាពដើម្បីតស៊ូនឹងវាឡើយ ។ ដោយត្រូវបានចាប់ជាប់ក្នុងសំណាញ់នេះ នោះពួកគេប្រថុយខ្លួនក្នុងការបាត់បង់ភាពពេញលេញ និងក្ដីអំណរដែលជាភាពពិតដ៏ទេវភាពបំផុតមួយនៃជីវិតរមែងស្លាប់ — ជាអាពាហ៍ពិពាហ៍ដ៏អស់កល្បជានិច្ច ។
បើអ្នកត្រូវជាប់នៅក្នុងសំណាញ់នេះ សូមរកជំនួយ ។ ចូរកុំរង់ចាំឡើយ ។ បើអ្នកចាំ អ្នកនឹងពន្យារពេលការរីកចម្រើន និងការលូតលាស់របស់អ្នកនៅក្នុងជីវិតរមែងស្លាប់នេះហើយ ។
ពិនិត្យលើជីវិតរបស់អ្នក ។ ចូរប្រាកដថា គំនិតរបស់អ្នកនឹងពុំត្រូវគ្របដណ្ដប់ដោយគំនិតខុសឆ្គងដែលទាក់ទងនឹងអាពាហ៍ពិពាហ៍ ។ ចូរចងចាំថា អាពាហ៍ពិពាហ៍ដ៏ជោគជ័យទាំងឡាយ គឺត្រូវស្ថាបនាឡើងនៅលើ « សេចក្តីជំនឿ ការអធិស្ឋាន ការប្រែចិត្ត ការអភ័យទោស ការគោរពគ្នា សេចក្តីស្រឡាញ់ សេចក្តីមេត្តាករុណា ការងារ និង កម្មវិធីកម្សាន្តល្អៗទាំងឡាយ » ។៦
សូមចាប់ផ្ដើមថ្ងៃនេះដើម្បីស្ថាបនាលក្ខណៈទាំងឡាយនោះនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នក ។ នៅពេលអ្នកធ្វើដូច្នោះ នោះព្រះអម្ចាស់នឹងបើកផ្លូវឲ្យអ្នកទទួលបានភាពពេញលេញនៃពរជ័យ ដែលទ្រង់បានរៀបចំទុកសម្រាប់កូនចៅរបស់ទ្រង់ — ជាសេចក្ដីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ចខាងអាពាហ៍ពិពាហ៍ ។ ចូរកុំឲ្យជីវិតរមែងស្លាប់របស់អ្នក « ត្រូវកំទេចចោលសូន្យឈឹង » ឡើយ ( យ៉ូសែប ស្ម៊ីធ — ប្រវត្តិ ១:៣៩ ) ។
ភាពពិត ទី៣ ៖ ការបង្កើត និងការចិញ្ចឹមបីបាច់កូនចៅ ជួយយើងឲ្យអភិវឌ្ឍសមត្ថភាពរបស់យើងដើម្បីប្រែក្លាយដូចជាព្រះ ។
នៅពេលនោះ ទ្រង់ « បានប្រទានពរ » ឬផ្សារភ្ជាប់ អ័ដាម និង នាងអេវ៉ា ឲ្យបង្កើតគ្រួសារដំបូងនៅលើផែនដី៧ ព្រះបានប្រទានពរដល់ពួកគេនូវបទបញ្ញត្តិមួយ ៖ ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ ( សូមមើលលោកុប្បត្តិ ១:២៨, ម៉ូសេ ២:២៨ ) ។ អាពាហ៍ពិពាហ៍និង កូនចៅទៅជាមួយគ្នា ។ អំណាចនៃការបង្កបង្កើតដែលធ្វើឲ្យមានកំណើតជីវិតរមែងស្លាប់ ត្រូវបានប្រើតែរវាងបុរសម្នាក់ និងស្ត្រីម្នាក់ ដែលបានរៀបការស្របច្បាប់ និងពេញច្បាប់ប៉ុណ្ណោះ ។៨
អ័ដាម និង នាងអេវ៉ា យល់ថា ការបង្កើតកូនចៅ គឺជាភាពពិតដ៏សំខាន់នៃជីវិតរមែងស្លាប់ ។ ពួកគេបានគោរពតាមបទបញ្ញត្តិរបស់ព្រះ « ហើយអ័ដាមក៏ស្គាល់ប្រពន្ធគាត់ ហើយនាងបង្កើតបានកូនប្រុសកូនស្រីទាំងឡាយ ហើយពួកគេបានចាប់ផ្ដើមបង្កើតកូនជាច្រើនឡើង ហើយមានពាសពេញលើផែនដី » ( ម៉ូសេ ៥:២ ) ។ ពួកព្យាការីនៅក្នុងជំនាន់របស់យើង បានប្រកាសថា « ព្រះបញ្ញាត្តិរបស់ព្រះសម្រាប់ឲ្យកូនចៅរបស់ទ្រង់បង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញលើផែនដីនេះនៅតែឲ្យប្រតិបត្តិនៅឡើយ » ។៩
ទោះជាយ៉ាងណាក៏ដោយ ពិភពលោកសព្វថ្ងៃ មានមនុស្សជាច្រើនឈប់ជឿថា « កូនចៅជាមរតកមកពីព្រះយេហូវ៉ា » ( ទំនុកដំកើង ១២៧:៣ ) ។
ជាច្រើនឆ្នាំកន្លងទៅ គូស្វាមីភរិយាមួយគូដែលជិតរៀបការនឹងគ្នាបានមកជួបនឹងខ្ញុំ ។ ពួកគេបានសុំដំបូន្មានរបស់ខ្ញុំទាក់ទងនឹងកូនចៅ ។ ខ្ញុំបានរំឭកពួកគេអំពីបទបញ្ញត្តិដែលពួកគេនឹងទទួល នៅពេលពួកគេត្រូវបានផ្សារភ្ជាប់ ហើយខ្ញុំបានទូន្មានពួកគេថា ពួកគេអាចរក្សាបទបញ្ញត្តិនេះក្នុងការប្រឹក្សាជាមួយព្រះអម្ចាស់ ។ ខ្ញុំបានរំឭកពួកគេថា វាជាបទបញ្ញត្តិមួយដូចជា ដង្វាយមួយភាគក្នុងដប់ ការរក្សាថ្ងៃឈប់សម្រាក និងបទបញ្ញត្តិដទៃទៀត ។ នៅពេលដែលសេចក្ដីសញ្ញាមួយត្រូវបានធ្វើឡើង នោះសំណួរគឺពុំមែនសួរថាតើត្រូវរក្សាវាឬក៏អត់នោះទេ តែត្រូវសួរថាតើត្រូវរក្សាវាតាមរបៀបមួយណា ដែលព្រះអម្ចាស់សព្វព្រះទ័យ និងអនុមតិឲ្យវិញ ។
ខ្ញុំបានមើល ពេលពួកគេបានចាប់ផ្ដើមអាពាហ៍ពិពាហ៍ពួកគេ ។ គាត់នៅរៀនមួយឆ្នាំទៀតដើម្បីបញ្ចប់មហាវិទ្យាល័យថ្នាក់បរិញ្ញាប័ត្រ ហើយនាងនៅសល់មួយឆ្នាំទៀតដើម្បីបញ្ចប់កម្មវិធីថ្នាក់អនុបណ្ឌិត ។ ពួកគេបានទទួលអារម្មណ៍ដឹកនាំថា ឲ្យមានកូនឆាប់ៗ — ទោះជាកំពុងនៅរៀន ហើយពុំមានការងារច្បាស់លាស់ក្ដី ។ វាពុំងាយស្រួល ឬសុខស្រួលទេ ដើម្បីមានកូនឆាប់ៗនោះ ។ គាត់ត្រូវស្វែងរកការងារមួយ ពួកគេត្រូវផ្លាស់លំនៅ ហើយនាងត្រូវបញ្ចប់ការសិក្សារបស់នាង ។ ពួកគេបានប្រឈមនឹងការស្មុគស្មាញ និងការលះបង់ ។ គាត់ត្រូវប្រញាប់មកផ្ទះវិញរាល់ថ្ងៃ ហើយមើលកូនតូចពេលនាងបានបញ្ចប់និក្ខេបបទ និងការបំពាក់បំប៉នផ្ទាល់របស់នាង ។ នាងបានសិក្សា ហើយបានសរសេរនិក្ខេបបទនៅចន្លោះពេលនៃការថែបីបាច់ និងការប្ដូរកន្ទបកូនក្មេង ។
ព្រះអម្ចាស់បានប្រទានពរ ហើយធ្វើឲ្យពួកគេចម្រើនឡើង ។ ខណៈដែលមនុស្សជាច្រើនទៀតបានបាត់បង់ការងារនៅក្នុងពេលសេដ្ឋកិច្ចធ្លាក់ចុះក្នុងឆ្នាំ ២០០៨ គាត់ត្រូវបានគេរក្សាទុក ហើយបានដំឡើងតួនាទី ។ ដោយសារពួកគេរស់នៅដោយសន្សំសំចៃ នោះពួកគេអាចរួចផុតពីបំណុល លើកលែងតែការបញ្ចាំទ្រព្យមួយ ហើយចាប់តាំងពីពេលនោះមក ពួកគេអាចបង់ថ្លៃកម្មវិធីថ្នាក់អនុបណ្ឌិតបានទាំងអស់ដោយគ្មានជំពាក់បំណុលអ្វីទេ ។ តាមបទពិសោធន៍នេះ ពួកគេបានបន្ដរៀនមេរៀនដ៏មានតម្លៃ ដែលកើតចេញមកពីភាពជាឪពុកម្ដាយតែប៉ុណ្ណោះ ។ ការបង្កើតកូនចៅពុំងាយស្រួល ឬសុខស្រួលទេ ប៉ុន្តែវាជាបទបញ្ញត្តិមួយ ដែលជួយយើងបានដឹងអំពីពរជ័យពិតនៃជីវិតរមែងស្លាប់ ។
អំណោយទានដ៏មហិមាមួយ
ជីវិតរមែងស្លាប់គឺជាអំណោយទានដ៏មហិមាបំផុតមួយដែលព្រះវរបិតាសួគ៌បានប្រទានដល់យើង ។ ទ្រង់ស្រឡាញ់យើង ហើយចង់មានព្រះទ័យឲ្យយើងប្រើអំណោយនេះដោយពេញលេញ និង ទាំងស្រុង ។ មានតែដោយការឱបក្រសោប និងការផ្ដោតទៅលើភាពពិតទាំងឡាយ ដែលព្រះបានបើកសម្ដែងប៉ុណ្ណោះ ទើបយើងអាចបំពេញនូវគោលបំណងទាំងឡាយដែលយើងមកកាន់ផែនដីនេះ ។ សាតាំង ដឹងថាវាពុំអាចធ្វើអ្វីដើម្បីបញ្ឈប់យើងមិនឲ្យទទួលរូបកាយបានទេ ដូច្នេះវាព្យាយាមដើម្បីបង្វែរយើងចេញពីគោលបំណងទាំងឡាយ ដែលត្រូវបានបង្កើតឡើង — ដើម្បីធ្វើការ រៀបការ និងបង្កើតកូនចៅ ។
ចូរយើងកុំរស់នៅដោយគ្មានបំណងប្រាថ្នា ហើយដោយគ្មានគោលបំណងឡើយ នៅទីបំផុតយើងនឹងឃើញថា យើងបានចំណាយពេលរបស់យើងនៅលើផែនដី ផ្ដាច់ចេញពីសេចក្ដីពិតដែលបានបើកសម្ដែងអំពីជីវិតរមែងស្លាប់ ដែលសំខាន់ដើម្បីសម្រេចគោលបំណងរបស់យើងនៅទីនេះនោះឡើយ ។ ចូរយើងចៀសវាងពីគំនិតខុសឆ្គងនៃការបង្រៀនរបស់មនុស្ស ហើយតោងជាប់ភាពពិតដែលបើកសម្ដែង ដែលបានប្រទានឲ្យពីព្រះ ដើម្បីឲ្យដំណើរជីវិតក្នុងជីវិតរមែងស្លាប់របស់យើង មានភាពបរិបូរណ៍ ពេញលេញ និង ពិត ។