សូមទុកឲ្យព្រះធ្វើជាស្ថាបត្យកររបស់អ្នក
ជីវិតរបស់អ្នកអាចប្រែក្លាយកាន់តែល្អប្រសើរជាងអ្វីដែលអ្នកអាចនឹកស្រមៃដល់ទៅទៀត ។
អ្នកអាចឆ្លងកាត់ការសាកល្បងជាច្រើននៅក្នុងជីវិតដោយស្វែងរកដំណោះស្រាយនានា នៅពេលអ្នកជួបនៅតាមផ្លូវជីវិតនោះ ។ ទោះជាមានន័យថា ជាការមិនយកចិត្តទុកដាក់ដោយល្អិតល្អន់ចំពោះការណែនាំដែលសរសេរអំពីរបៀបផ្គុំគ្រឿងសង្ហារឹម ដែលមានរាប់លានបំណែក ឬការបង្រៀនខ្លួនអ្នកឲ្យចេះលេងឧបករណ៍តន្ត្រីដោយការគោះចុចខ្ទង់ណាក៏បានឲ្យតែឮសំឡេងពិរោះក្ដី ក៏សមត្ថភាពរបស់ អ្នកដើម្បីរៀននៅក្នុងការសាកល្បង និងកំហុសឆ្គង គឺពិតជាគ្មានដែនកំណត់ទេ ។
មានតែរឿងមួយគត់គឺថា ជាធម្មតា វាពុំងាយស្រួលតាមរបៀបនោះទេ ។
សូមស្រមៃអំពីអ្វីមួយដែលពិតជាស្មុគស្មាញ ។ ចុះបើអ្នកមានភារកិច្ចដឹកនាំក្នុងការសង់ផ្ទះផ្ទាល់ខ្លួនរបស់អ្នក ហើយមានសម្ភារទាំងអស់ដាក់នៅខាងមុខអ្នក ។ តើអ្នកអាចមើលស្រមៃឃើញគំនរសម្ភារដ៏ធំឬទេ ? មានក្ដារ ដែកគោល ទុយោទឹក ខ្សែភ្លើង ឧបករណ៍នានា និងអ្វីៗផ្សេងទៀតដែលអ្នកត្រូវការដើម្បីសង់ផ្ទះដ៏ប្រណីតមួយសម្រាប់អ្នកផ្ទាល់ និងគ្រួសាររបស់អ្នក ។
តើអ្នកនឹងនៅតែចង់សង់វាដោយមិនបានគ្រោងទុកជាមុនឬ ? ឬតើអ្នកនឹងចង់បានជំនួយពីនរណាម្នាក់ ដែលពិតជាដឹងអំពីរបៀបប្រើសម្ភារទាំងអស់នោះដែរឬទេ ?
ផ្លូវជីវិតរបស់យើង គឺដូចគ្នា ។ យើងទាំងអស់គ្នាត្រូវការជំនួយដើម្បីស្ថាបនាជីវិតរស់នៅរបស់យើង ។ ហើយគ្មានជាងសំណង់ណាប្រសព្វជាងព្រះនោះទេ ។
ដូចបានពន្យល់នៅក្នុងកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ៖ « ព្រះអម្ចាស់នឹងសម្រេចបានកាន់តែច្រើនថែមទៀត ចេញពីជីវិតរបស់អ្នក ជាជាងអ្នកអាចធ្វើបានដោយខ្លួនអ្នកផ្ទាល់ ។ ទ្រង់នឹងពង្រីកឱកាសរបស់អ្នក បន្ថែមទៅលើទស្សនវិស័យរបស់អ្នក និង ចម្រើនកម្លាំងដល់អ្នក ។ ទ្រង់នឹងប្រទានដល់អ្នកនូវជំនួយ ដែលអ្នកត្រូវការស្របទៅតាមការសាកល្បង និង ឧបសគ្គទាំងឡាយរបស់អ្នក ។ អ្នកនឹងទទួលបានទីបន្ទាល់កាន់តែរឹងមាំ និងរកឃើញនូវសេចក្តីអំណរដ៏ពិត នៅពេលដែលអ្នកចាប់ផ្តើមស្គាល់ព្រះវរបិតា ដែលគង់នៅឯស្ថានសួគ៌របស់អ្នក និងព្រះរាជបុត្ររបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ហើយទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះអ្នក » ( [ ឆ្នាំ ២០១១ ] ទំព័រ ៤៣ ) ។
នៅពេលយើងគោរពតាមបទបញ្ញត្តិរបស់ព្រះ ហើយធ្វើឲ្យទ្រង់មានចំណែកនៅក្នុងផែនការរបស់យើង នោះយើងក្លាយទៅជាមនុស្សដែលយើងចាំបាច់ត្រូវតែប្រែក្លាយ — ពុំមែនជាមនុស្សដែលយើងបានគិតចង់ប្រែក្លាយនោះទេ ។
នេះជាមនុស្សមួយចំនួនដែលបានរកឃើញផ្លូវល្អប្រសើរជាងផ្លូវមួយ ដែលពួកគេបានរើសដោយខ្លួនឯង ដោយមានជំនួយមកពីព្រះ ។
ការបំភ្លេចចោលនូវកំហឹង
នៅក្នុងវីដេអូមួយក្នុង mormonchannel.org មានយុវជនម្នាក់ ឈ្មោះ ប័បបា បានចែកចាយរឿងរបស់គាត់អំពីរបៀបដែលជីវិតរបស់គាត់បានធ្លាក់ទៅក្នុងភាពអន្ដរាយ ។១ គាត់បានធំឡើងនៅក្នុងផ្ទះដែលប្រើអំពើហិង្សា ដែលឪពុកគាត់ត្រូវបានគេសម្លាប់ នៅពេលប័បបាមានអាយុត្រឹមបីឆ្នាំ ។
ប័បបា បានធំឡើងដោយជ្រើសរើសយកជីវិតដដែល ដែលគាត់តែងតែមើលឃើញ ។ គាត់បានចូលរួមក្នុងក្រុមមនុស្សខូច ហើយចាប់ផ្ដើមវាយមនុស្សដែលខ្វែងគំនិតនឹងគាត់ ។ មកដល់វិទ្យាល័យ គាត់បានគិតថា គាត់នឹងត្រូវជាប់គុក ។ ហើយគាត់មិនខ្វល់ទេ ។
ព្រះបានជួយអន្ដរាគម ។ មកដល់ផ្លូវខ្វែងដ៏គ្រោះថ្នាក់នៅក្នុងជីវិតរបស់គាត់ ប័បបា បានជួបនឹងគ្រួសារពួកបរិសុទ្ធថ្ងៃចុងក្រោយមួយ ដែលបង្ហាញសណ្ដានចិត្តល្អ និងសេចក្ដីល្អជាទីស្រឡាញ់ដល់គាត់ ។ គាត់ពុំធ្លាប់នៅក្នុងចំណោមមនុស្សដូចនេះពីមុនមកទេ — គឺក្រុមមនុស្សដែលបង្ហាញក្ដីមេត្តា និង ក្ដីស្រឡាញ់ ។ គាត់បានចាប់ផ្ដើមចំណាយពេលនៅជាមួយពួកគេឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។ នៅពេលគាត់សួរដល់គ្រួសារនោះ ថាហេតុអ្វីក៏ពួកគេបានធ្វើទង្វើបែបនោះ នោះពួកគេបាននិយាយថា វាមកពីសេចក្ដីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ ។
គាត់ចង់ស្វែងយល់អំពីអ្វីដែលពួកគេបានដឹង ។ គាត់បានចាប់ផ្ដើមអធិស្ឋាន ហើយសិក្សាព្រះគម្ពីរ ។ ហើយមិនយូរប៉ុន្មានគាត់បានទទួលអារម្មណ៍អ្វីមួយ ដែលគាត់ពុំធ្លាប់មានពីមុនមក ។ « ប្រាកដណាស់ នោះគឺជាព្រះមួយអង្គ ហើយទ្រង់ស្រឡាញ់ខ្ញុំ ! » ប័បបាបាននិយាយដូច្នោះ ។ ដោយមានជំនួយរបស់ព្រះ ប័បបា បានចាប់ផ្ដើមស្ថាបនាជីវិតរបស់គាត់សារជាថ្មី ដោយមានព្រះយេស៊ូវគ្រីស្ទគឺជាគ្រឹះ ដោយចាកចេញពីជីវិតចាស់របស់គាត់ ។
គាត់បានពោលថា « ចរិតលក្ខណៈរបស់ខ្ញុំបានផ្លាស់ប្ដូរ ។ រូបខ្ញុំឥឡូវនេះ គឺខុសគ្នាពីរូបខ្ញុំកាលពីមុន ។ ឥឡូវខ្ញុំមានគោលបំណងមួយ ។ ខ្ញុំមានជោគវាសនាមួយ » ។ « ខ្ញុំមានកន្លែងមួយដែលខ្ញុំនឹងទៅ » ។
មកដល់ពេលនេះ ប័បបា បានមើលឃើញអនាគតរបស់គាត់ ដោយភាពភ្លឺចិញ្ចែង សេចក្ដីជំនឿ និងសេចក្ដីសង្ឃឹម ។ គាត់បាននិយាយថា « ខ្ញុំដឹងថា គឺមានតែតាមរយៈព្រះយេស៊ូវគ្រីស្ទ និងជំនឿរបស់ខ្ញុំទៅលើទ្រង់ប៉ុណ្ណោះ ដែលនឹងជួយខ្ញុំឲ្យទៅដល់កន្លែងដែលខ្ញុំចង់ទៅ » ។២
ការផ្លាស់ប្តូរទិសដៅ
ប្រធាន ហ៊ូ ប៊ី ប្រោន ( ឆ្នាំ ១៨៨៣–១៩៧៥ ) ជាសមាជិកម្នាក់ក្នុង កូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងនៃគណៈប្រធានទីមួយ បានចែកចាយបទពិសោធន៍មួយដែលព្រះបានជួយគាត់ឲ្យសម្រេចបានកាន់តែច្រើន ចេញពីជីវិតរបស់លោក ជាជាងលោកអាចធ្វើបានដោយខ្លួនលោកផ្ទាល់ ។
លោក ហ៊ូ បានបម្រើនៅក្នុងកងទ័ពកាណាដា ហើយរំពឹងថានឹងត្រូវបានដំឡើងសក្ដិទៅជាឧត្តមសេនីយ ។ គាត់បានធ្វើការ មានក្ដីសង្ឃឹម និងអធិស្ឋានសុំឲ្យមានការដំឡើងស័ក្ដិនោះអស់រយៈពេល១០ ឆ្នាំ ។
នៅពេលឱកាសដំឡើងសក្ដិនោះមកដល់ ទោះជាយ៉ាងណាក៏ដោយ លោកពុំត្រូវបានគេជ្រើសរើសទេ ដោយសារលោក គឺជាសមាជិកនៃសាសនាចក្រ ។ នោះគឺជាមូលហេតុតែមួយគត់ ហើយពួកគេបានប្រាប់លោកដូច្នោះ ។
លោក ហ៊ូ បានខឹងយ៉ាងខ្លាំង ។ លោកបានមានប្រសាសន៍ ៖ « ខ្ញុំបានឡើងជិះរត់ភ្លើងត្រឡប់មកវិញ… ដោយខូចចិត្ត ដោយមានកំហឹងគុំគួននៅក្នុងព្រលឹងខ្ញុំ ។ … នៅពេលខ្ញុំចូលដល់ត្រសាលរបស់ខ្ញុំ … ខ្ញុំបានបោះមួករបស់ខ្ញុំទៅលើគ្រែ ។ ខ្ញុំបានក្ដាប់ដៃ ហើយខ្ញុំបានលើកដៃគ្រវីទៅលើដោយកំហឹងឆេះឆួល ។ ខ្ញុំបាននិយាយថា ‹ ព្រះអើយ យ៉ាងម៉េចបានជាទ្រង់ធ្វើដូច្នេះដាក់ខ្ញុំ ? ខ្ញុំបានខំធ្វើអ្វីៗគ្រប់យ៉ាងតាមដែលខ្ញុំអាចធ្វើដើម្បីឲ្យមានលក្ខណៈ សម្បត្តិនឹងតំណែងនោះ ។ គ្មានអ្វីទៀត ដែលខ្ញុំអាចធ្វើ — ដែលខ្ញុំគួរតែបានធ្វើ — ដែលខ្ញុំមិនបានធ្វើទេ ។ តើទ្រង់ធ្វើដូច្នេះដាក់ទូលបង្គំបានយ៉ាងដូចម្ដេច ? › ខ្ញុំមានភាពល្វីងជូរចត់ដូចទឹកប្រម៉ាត់អញ្ចឹង » ។៣
បន្ទាប់មក ហ៊ូ បានចាំបទពិសោធន៍មួយកាលពីច្រើនឆ្នាំមុន ។ គាត់ត្រូវបាននាំទៅចម្ការដែលគ្មានគេឆ្ការកាប់គាស់ ដែលមានដើមឈើមួយបែបដុះស៊ុបទ្រុប ។ បើពុំកាត់តម្រឹមវាទេ នោះដើមឈើនោះនឹងពុំផ្ដល់ផ្លែឡើយ ។ ព្រោះអ្វីដែលដើមឈើនោះចង់ធ្វើ គឺដុះឲ្យបានកាន់តែខ្ពស់ ។
ដូច្នេះ ហ៊ូ បានកាត់តម្រឹមវាយ៉ាងច្រើន ។ បន្ទាប់មក លោកបានមើលឃើញជ័រដំណក់ៗស្រក់ចេញមកតាមមែកដែលកាត់ចេញនីមួយៗទាំងនោះ ។ វាហាក់ដូចជាស្រក់ទឹកភ្នែកអញ្ចឹង ។ លោកបានប្រាប់ដល់ដើមឈើនោះថា « ខ្ញុំជាអ្នកមើលថែសួននៅទីនេះ » ។ ហ៊ូ បានដឹងថាលោកចង់ឲ្យដើមឈើនោះប្រែទៅជាយ៉ាងណា ហើយវាពុំមែនជាដើមឈើយកម្លប់នោះទេ ។
បទពិសោធន៍នោះ បានជ្រៀតចូលក្នុងគំនិតរបស់លោក នៅពេលលោកតទល់នឹងកំហឹងចំពោះការមិនត្រូវបានគេតំឡើងសក្ដិ ។ « ខ្ញុំស្ដាប់ឮសំឡេងមួយ ហើយខ្ញុំស្គាល់សំឡេងនេះ ។ គឺជាសំឡេងរបស់ខ្ញុំ ហើយសំឡេងនេះបាននិយាយថា ‹ ខ្ញុំជាអ្នកមើលថែសួននៅទីនេះ ។ ខ្ញុំដឹងថាខ្ញុំចង់ឲ្យអ្នកធ្វើអ្វី › ។ ភាពល្វីងជូរចត់បានរសាយបាត់ទៅពីព្រលឹងរបស់ខ្ញុំ ហើយបានលុតជង្គង់ចុះនៅជិតគ្រែ ទូលសូមការអភ័យទោសចំពោះការមិនចេះដឹងគុណរបស់ខ្ញុំ ។ …
« … ហើយឥឡូវ ជិតរយៈពេល ៥០ ឆ្នាំក្រោយមក ខ្ញុំបានសម្លឹងមើលទៅ [ ព្រះ ] ហើយនិយាយថា ‹ សូមអរគុណ លោកអ្នកថែសួន ដែលបានកាត់តម្រឹមធ្វើឲ្យខ្ញុំឈឺចាប់ តែដោយសារតែស្រឡាញ់ខ្ញុំ › » ។៤
លោកហ៊ូ ពុំបានក្លាយជាឧត្តមសេនីយទេ ។ ប៉ុន្ដែ ព្រះអម្ចាស់បានមានផែនការផ្សេងសម្រាប់ ប្រធានប្រោន ។ ដោយមានព្រះអម្ចាស់ធ្វើជាស្ថាបត្យកររបស់លោក នោះជីវិតប្រធាន ប្រោន បានក្លាយទៅជាអគារដ៏ប្រណិត ។
ការសាងសង់ពីសូន្យ
កាលដែលត្រូវបានហៅថាជា « កូននៃស្ថាននរក » ដោយព្យាការីនៃព្រះ ប្រហែលជាពុំស្ដាប់ទៅដូចជាជីវិតរបស់អ្នកឆ្ពោះទៅរកគោលដៅល្អទេ ។ ប៉ុន្តែនោះជាអ្វីបានកើតឡើងយ៉ាងជាក់ចំពោះ ស៊ីអែសរ៉ុម ដែលជាមេធាវីម្នាក់នៅក្នុងព្រះគម្ពីរមរមន ។ ( សូមមើល អាលម៉ា ១១:២៣ ) ។
អាលម៉ា និង អាម៉ូលេក កំពុងផ្សព្វផ្សាយនៅក្នុងទឹកដី ដែលស៊ីអែសរ៉ុម កំពុងព្យាយាមដើម្បីប្រមូលប្រាក់កាស ក្នុងនាមជាមេធាវី ដោយញ៉ុះញ៉ង់ដល់ប្រជាជនឲ្យទាស់នឹងអាលម៉ា និង អាមូលេក ។ ស៊ីអែសរ៉ុម បានព្យាយាមប្រើកលល្បិចដាក់អាលម៉ា និងអាមូលេកដោយការសួរសំណួរជាច្រើនរបស់គាត់ ប៉ុន្តែពួកគេបានឆ្លើយ និងស្ដីបន្ទោសដល់គាត់ ។ គំនិតរបស់ស៊ីអែសរ៉ុម ត្រូវបានបើកបង្ហាញដោយព្រះវិញ្ញាណបរិសុទ្ធឲ្យពួកគាត់ដឹង ។ ( សូមមើល អាលម៉ា ១១–១២ ) ។
នៅពេលការសន្ទនាបានបន្ដ នោះស៊ីអែសរ៉ុម បានតក់ស្លុតរហូតដល់នៅស្ងៀម ។ គាត់បានចាប់ផ្ដើមទទួលស្គាល់កំហុសរបស់គាត់ ហើយមានអារម្មណ៍ខុសធ្ងន់ធ្ងរក្នុងអំពើបាបរបស់គាត់ និងអ្វីដែលគាត់បានធ្វើ ដែលដឹកនាំមនុស្សឲ្យវង្វេង ។ មិនយូរប៉ុន្មាន គាត់បានព្យាយាមកែជួសជុលភាពខូចខាតដែលគាត់បានធ្វើខ្លះៗដោយនិយាយថា « មើលចុះខ្ញុំមានទោស រីឯអ្នកទាំងពីរនេះគ្មានទោសនៅចំពោះព្រះទេ » ( អាលម៉ា ១៤:៧ ) ។
ប៉ុន្តែនោះទៅមិនរួចឡើយ ។ ប្រជាជនបានបណ្ដេញស៊ីអែសរ៉ុមចេញពីទីក្រុងរបស់ពួកគេ ។ កំហុស និងក្ដីអស់សង្ឃឹមរបស់គាត់បានគ្របដណ្ដប់លើគាត់ចំពោះអ្វីដែលគាត់បានធ្វើ — រួមទាំងការភ័យខ្លាចចំពោះកំហុស ដែលគាត់បានផ្សាយទាស់នឹងអាលម៉ា និងអាមូលេក ដើម្បីនាំពួកគេទៅសម្លាប់នោះ — បានបណ្ដាលឲ្យស៊ីអែសរ៉ុម ធ្លាក់ខ្លួនឈឺគ្រុនក្ដៅ « ដែលកំពុងដុតរោល » ( អាលម៉ា ១៥:៣ ) ។
សំណង់ដែលគាត់បានសង់ឡើងសម្រាប់ជីវិតរបស់គាត់ ត្រូវបានរលំដួលចុះ ។ ប៉ុន្តែនោះពុំមែនជាទីបញ្ចប់នៃរឿងរបស់ស៊ីអែសរ៉ុមនោះទេ ។
នៅពេលគាត់បានដឹងថា អាលម៉ា និង អាមូលេក នៅរស់នៅឡើយ នោះស៊ីអែសរ៉ុម បានតាំងចិត្តក្លាហាន ហើយបានសុំឲ្យពួកគេមករកគាត់ ។ នៅពេលពួកគេមកដល់ ស៊ីអែសរ៉ុម បានសុំការព្យាបាល ។ ដោយសារសេចក្ដីជំនឿរបស់គាត់ នោះស៊ីអែសរ៉ុមត្រូវបានជាសះស្បើយទាំងស្រុង ។ រួចហើយ គាត់បានជ្រមុជទឹក ហើយបានចាប់ផ្ដើមផ្សាយចាប់តាំងពីពេលនោះមក ( សូមមើលអាលម៉ា ១៥:១១–១២ ) ។
ជីវិតថ្មីរបស់ស៊ីអែសរ៉ុម នៅពេលនេះដែលមានព្រះជាស្ថាបត្យកររបស់គាត់ ទើបតែបានចាប់ផ្ដើម ។
លើសពីញញួរ និងដែកគោល
ដំណឹងល្អនោះ គឺថាយើងពុំចង់ឆ្លងកាត់ជីវិតនេះតែឯកឯងនោះទេ ។ ព្រះសព្វព្រះហឫទ័យជួយយើងគ្រប់ជំហាននៅតាមផ្លូវ ។ ហើយនៅពេលយើងអនុញ្ញាតឲ្យទ្រង់ជួយយើង នោះសក្តានុភាពរបស់យើង នឹងគ្មានកម្រិតនោះទេ ។