ទីកន្លែងរបស់យើង
ការទទួលមេដាយយុវនារីរបស់ខ្ញុំ
ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដែលបានទទួលការទទួលស្គាល់ភាពជាយុវនារីរបស់ខ្ញុំ ។ ខ្ញុំមានមោទនភាពដើម្បីនិយាយថា ខ្ញុំរក្សាខ្លួនខ្ញុំឲ្យបរិសុទ្ធ ហើយស្អាតស្អំ ហើយថាខ្ញុំអាចពាក់មេដាយរបស់ខ្ញុំដោយមានមោទនភាព ។ « ឯស្ត្រីគ្រប់លក្ខណ៍ តើអ្នកណានឹងរកបាន ដ្បិតស្ត្រីយ៉ាងនោះមានតម្លៃជាជាងពួកត្បូងទទឹមទៅទៀត » ( សុភាសិត ៣១:១០ ) ។
អង្គការយុវនារី គឺអស្ចារ្យណាស់ ។ វាជួយយុវនារីឲ្យរីកចម្រើន ហើយត្រៀមខ្លួនសម្រាប់អាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធដ៏បរិសុទ្ធ ។ ខ្ញុំមានអំណរគុណដល់ព្រះវរបិតាសួគ៌របស់ខ្ញុំចំពោះអង្គការនេះ ។ តាមរយៈការទទួលបានមេដាយរបស់ខ្ញុំ ខ្ញុំបានបញ្ចប់គោលដៅមួយដែលខ្ញុំបានដាក់នៅក្នុងជីវិតរបស់ខ្ញុំ ហើយខ្ញុំដឹងថា ខ្ញុំអាចបន្ដធ្វើកិច្ចការល្អរបស់ព្រះអម្ចាស់បានយ៉ាងច្រើន ។
ខាធើរិន ម៉ូរីណូ ប្រទេស វ៉េណេស្ស៊ូអេឡា
ទេពកោសល្យរបស់យើង អាចធ្វើឲ្យពិភពលោកក្លាយជាកន្លែងដ៏ល្អប្រសើរមួយ
ដោយមានជំនួយពីម្ដាយ និងបងស្រីខ្ញុំ នោះខ្ញុំបានគូរគំនូរនៅលើបដានេះសម្រាប់កម្មវិធីកីឡាសមាគមសង្គ្រោះដែលធ្វើឡើងនៅក្នុងស្ដេករបស់យើង ។ ម្ដាយរបស់ខ្ញុំបានណែនាំខ្ញុំទៅដល់ប្រធានសមាគមសង្គ្រោះ ដែលគាត់បានសុំឲ្យខ្ញុំធ្វើបដាសម្រាប់ពួកគាត់ ។ ខ្ញុំបានទទួលយកសេចក្ដីស្នើរបស់ពួកគាត់ ហើយបានចាប់ផ្ដើមធ្វើការគូសព្រាង ។ តាមរយៈការខិតខំរួមគ្នារបស់គ្រួសារខ្ញុំ និងខ្ញុំ នោះយើងអាចបង្កើតនូវការរចនាសិល្បៈដ៏ស្រស់ស្អាតមួយ ដែលតំណាងឲ្យបាវចនា « ស្វែងរកភាពថ្លៃថ្នូរនៅក្នុងភាពជាម្ដាយ និងក្ដីអំណរនៅក្នុងភាពជាស្ត្រី » ។
ខ្ញុំដឹងថា បើយើងប្រើទេពកោសល្យរបស់យើងដើម្បីបម្រើដល់មនុស្សដទៃ នោះយើងពុំគ្រាន់តែនាំសុភមង្គលដល់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែយើងក៏អភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនរបស់យើងផងដែរ ។ ព្រះអម្ចាស់ប្រទានពរដល់អ្នកទាំងឡាយណា ដែលប្រើអំណោយទានរបស់ពួកគេមកពីទ្រង់ដើម្បីស្ថាបនានគររបស់ទ្រង់ ។ ដូចជារឿងប្រៀបធៀបអំពីប្រាក់ បង្រៀនថា បើយើងពុំចែកចាយអំណោយទានរបស់យើងជាមួយអ្នកដទៃ នោះយើងនឹងបាត់បង់អំណោយទានទាំងឡាយនោះ ( សូមមើល ម៉ាថាយ ២៥:២៤–២៩ ) ។ ប៉ុន្តែបើយើងប្រើទេពកោសល្យរបស់យើងសម្រាប់ការណ៍ល្អ នោះយើងអាចធ្វើឲ្យពិភពលោកក្លាយទៅជាកន្លែងដ៏ល្អប្រសើរមួយ ។
វានេសា ផាមីតាន ប្រទេសហ្វីលីពីន
អ្វីដែលអ្នកអាចរៀនមកពីកាតព្វកិច្ចចំពោះព្រះ
ដោយចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពនានានៅក្នុងកូនសៀវភៅ ការបំពេញកាតព្វកិច្ចរបស់ខ្ញុំចំពោះព្រះ នោះវាតម្រូវឲ្យមាននូវដួងចិត្តទាំងមូលរបស់អ្នក ការលះបង់ កម្លាំង និងលើសអ្វីៗទាំងអស់ គឺសេចក្ដីជំនឿរបស់អ្នក ។ កាតព្វកិច្ចចំពោះព្រះគឺពិតជាបំផុសគំនិតណាស់ ។
ក្នុងនាមជាយុវជនមួយរូប អ្នកអាចរៀនអំពីការណ៍យ៉ាងអស្ចារ្យ ដែលអ្នកអាចអនុវត្តនៅពេញមួយជីវិតរបស់អ្នក ដោយការបំពេញតាមគោលដៅនៅក្នុងកូនសៀវភៅកាតព្វកិច្ចចំពោះព្រះ ៖ ខាងវិញ្ញាណ ខាងសាច់ឈាម ខាងរូបកាយ និងអ្វីផ្សេងជាច្រើនទៀត ។
ខ្ញុំអាចនិយាយថា វាមានតម្លៃក្នុងការខិតខំលះបង់ខ្លួនអ្នកដើម្បីសម្រេចនូវគោលដៅទាំងនេះ ។ ខ្ញុំបានរៀនធ្វើជាមនុស្សកាន់តែប្រសើរជាងមុន ខ្ញុំបានរីកចម្រើននៅក្នុងទីបន្ទាល់អំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ហើយខ្ញុំបានត្រៀមខ្លួនកាន់តែល្អប្រសើរដើម្បីទទួលបព្វជិតភាពមិលគីស្សាដែក ។ វាស្កប់ស្កល់ដល់ចិត្ត ពេលដែលដឹងថា ខ្ញុំនឹងអាចធ្វើជាគំរូល្អសម្រាប់កូនចៅនាពេលអនាគតរបស់ខ្ញុំនៅថ្ងៃមួយ ដោយសារខ្ញុំបានសម្រេចនូវគោលដៅដ៏អស្ចារ្យ និងសំខាន់នេះ ។
ចូណាថាន អាហ្គូឡូ ប្រទេស វ៉េណេស្ស៊ូអេឡា
បេសកកម្ម គឺល្អប្រសើរជាងអ្វីដែលបានរំពឹងទុក
ក្នុងនាមជាយុវនារីម្នាក់ ខ្ញុំទន្ទឹងរង់ចាំថ្ងៃដែលខ្ញុំនឹងបម្រើបេសកកម្មពេញម៉ោង ។ ទីបំផុត នៅពេលខ្ញុំបានចូលក្នុងតំបន់បេសកកម្ម ខ្ញុំបានឃើញថា ការបម្រើបេសកកម្មគឺពុំមែនជាអ្វី ដែលខ្ញុំបានរំពឹងទុកនោះទេ — វាល្អប្រសើរជាង ។ វាពិតជាពិបាកជាងអ្វី ដែលខ្ញុំបានគិតទុក ប៉ុន្តែភាពស្កប់ស្កល់ក្នុងចិត្ត ដែលបានមកពីការធ្វើនូវអ្វីដែលព្រះអម្ចាស់បានសុំពីខ្ញុំ គឺពុំអាចថ្លែងបាននោះទេ ។
ខ្ញុំពុំធ្លាប់មានបទពិសោធន៍នូវក្ដីអំណរក្នុងការជួយដល់មនុស្សម្នាក់ឲ្យចូលរួមក្នុងព្រះវិហារពីមុនមកទេ ។ ខ្ញុំពុំធ្លាប់មានអារម្មណ៍ត្រេកអរដើម្បីស្ដាប់ឮនរណាម្នាក់និយាយថា « ប្រាកដណាស់ សូមចូលមក » ដើម្បីពួកគេអាចស្ដាប់ឮដំណឹងល្អដែលបានស្ដារឡើងវិញពីមុនមកទេ ។ ខ្ញុំពុំធ្លាប់បានដឹងពីភាពពិតនៃព្រះចេស្ដាដែលកើតមកពេលយើងប្រកាសអំពីការប្រែចិត្តពីមុនមកទេ ។ ខ្ញុំពុំធ្លាប់អធិស្ឋានដោយបំណងពិតពីមុនមកនោះទេ ។ ខ្ញុំពុំធ្លាប់បានសិក្សាព្រះគម្ពីររយៈពេលមួយម៉ោង ដែលពេលវេលាមួយម៉ោងនោះ បានកន្លងផុតទៅយ៉ាងលឿនដូច្នោះពីមុនមកនោះទេ ។ ខ្ញុំពុំដែលធ្លាប់ស្រក់ទឹកភ្នែកដោយសារតែបានដឹងពីភាពមិនល្អឥតខ្ចោះរបស់ខ្ញុំពីមុនមកទេ ។ ខ្ញុំពុំធ្លាប់មានបទពិសោធន៍ស្រងាកចិត្ត នឹងពាក្យថា « អែលឌើរ សូមកុំមកផ្ទះខ្ញុំម្ដងទៀត » ពីមុនមកនោះទេ ។ ខ្ញុំពុំធ្លាប់ដើរដល់ពងជើងដែលមានទំហំធំប៉ុនមេដៃរបស់ខ្ញុំពីមុនមកទេ ។ ខ្ញុំពុំធ្លាប់ទទួលអារម្មណ៍ថាត្រូវបានការពារយ៉ាងខ្លាំងពីមុនមកទេ ។ ខ្ញុំពុំធ្លាប់មានអារម្មណ៍ថាមានការទទួលខុសត្រូវយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ខ្ញុំ ដោយសារតែខ្ញុំពាក់ស្លាកឈ្មោះ « ព្រះយេស៊ូវគ្រីស្ទ » នៅលើទ្រូងរបស់ខ្ញុំពីមុនមកទេ ។
ខ្ញុំពុំធ្លាប់បានទៅជិតនឹងព្រះវរបិតាសួគ៌របស់ខ្ញុំ ដូចពេលខ្ញុំមាននៅក្នុងបេសកកម្មពេញម៉ោងរបស់ខ្ញុំពីមុនមកទេ ។
ណាហូល កាប្រាណេស ប្រទេសពេរ៉ូ