ចម្លើយមកពីថ្នាក់ដឹកនាំនៃសាសនាចក្រ
របៀបដើម្បីឈានទៅមុខ
ដកស្រង់ចេញមកពីសុន្ទរកថាមួយដែលត្រូវបានផ្ដល់នៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ — រដ្ឋហាវ៉ៃ កាលពីថ្ងៃទី ១៤ ខែ ធ្នូឆ្នាំ ២០១៣ ។
ឈានទៅមុខ មានន័យលើសពីការណ៍គ្រាន់តែឆ្ពោះទៅមុខដោយសាមញ្ញទៅទៀត ។ ឈាន មានន័យថា មានអ្វីមួយដែលរារាំងការបោះជំហានទៅមុខរបស់អ្នក ហើយអ្នកត្រូវតែរុញឲ្យឆ្លងកាត់វា ។ ដើម្បីឆ្ពោះទៅមុខនៅក្នុងជីវិតនេះ អ្នកត្រូវតែ រុញការល្បួងចេញឈានទៅមុខឆ្លងកាត់ឧបសគ្គ ជាន់ភាពសង្ស័យ និងភាពភ័យខ្លាចឲ្យនៅក្រោមជើងអ្នក និង ឱបក្រសោបយកគុណធម៌ដ៏ទេវភាព នៃសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់ ។
តើអ្នកអាចឈានទៅមុខដោយរបៀបណា ? នីហ្វៃបានឆ្លើយថា « ហេតុដូច្នេះហើយ អ្នករាល់គ្នាត្រូវតែឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ ដោយមានការភ្លឺថ្លានៃសេចក្ដីសង្ឃឹមដ៏ឥតខ្ចោះ ហើយដោយមានចិត្តស្រឡាញ់ព្រះ និងមនុស្សគ្រប់រូប » ( នីហ្វៃទី ២ ៣១:២០ ) ។
ឈានទៅមុខដោយភាពខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ មានន័យថា ការមានសេចក្ដីជំនឿទៅលើទ្រង់ ។ វាមានន័យថា ការធ្វើឲ្យទ្រង់សំខាន់បំផុតនៅក្នុងការផ្ដោតគំនិត និងសកម្មភាពទាំងឡាយរបស់អ្នក ។ នៅពេលអ្នកធ្វើតាមទ្រង់ នោះការឈានទៅមុខគឺជាដំណើរដ៏ធំបំផុត ។
ការឈានទៅមុខមានន័យថា ការរុញចេញ នូវ « ការល្បួង និងការបារម្ភទាំងឡាយ » នៃលោកិយ ហើយ កាន់តាមបទបញ្ញត្តិទាំងឡាយ ដោយត្រឹមត្រូវបំផុត ។ ព្រះយេស៊ូវមានព្រះបន្ទូលថា « បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តិរបស់ខ្ញុំចុះ » ( យ៉ូហាន ១៤:១៥ ) ។
នីហ្វៃបានបន្ថែមថា ដោយការខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទរបស់យើង នោះនាំឲ្យមានការភ្លឺថ្លានៃសេចក្ដីសង្ឃឹមដ៏ឥតខ្ចោះ ហើយមានចិត្តស្រឡាញ់ព្រះ និងមនុស្សគ្រប់រូប ។ សេចក្ដីសង្ឃឹមញញឹមយ៉ាងស្រស់នៅចំពោះមុខយើង ។ យើងរកឃើញសេចក្ដីសុខសាន្ដ ទោះជានៅក្នុងគ្រាលំបាកក្ដី ។ ភាពជាសិស្សអនុញ្ញាតឲ្យយើងមើលឃើញគោលបំណងពិតរបស់យើងនៅលើផែនដីនេះ ។ គោលបំណងទាំងនេះ ផ្ដោតសំខាន់បំផុតនៅក្នុង ការជួយក្រុមគ្រួសាររបស់យើង មនុស្សដែលយើងស្រឡាញ់ និងអ្នកទាំងឡាយដែលនៅជុំវិញយើង ។ វារួមមានទាំង ការស្ថាបនានគររបស់ព្រះ ហើយនៅពេលយើងធ្វើដូច្នោះ នោះយើងនឹងប្រែក្លាយទៅជាមនុស្សដែលយើងគប្បីប្រែក្លាយ ។
នីហ្វៃប្រាប់យើងថា យើងត្រូវឈានទៅមុខ ដោយទទួលទាននូវព្រះបន្ទូលនៃព្រះគ្រីស្ទ ។ ទ្រង់មានព្រះបន្ទូលប្រាប់យើងថា ដោយអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចនិយាយ ( និងយល់ ) ភាសានៃពួកទេវតា ( សូមមើល នីហ្វៃទី ២ ៣២:២–៥ ) ។ ខ្ញុំស្គាល់សំឡេងនេះ ។ វាគឺជាសំឡេងមួយដែលយើងត្រូវតែត្រៀមខ្លួនជាបន្ដបន្ទាប់ យ៉ាងស្រេចបាច់ដើម្បីស្ដាប់ ។
នៅពេលអ្នកឈានទៅមុខដោយសេចក្ដីសុចរិត នោះព្រះយេស៊ូវគ្រីស្ទ « នឹងដឹកនាំអ្នករាល់គ្នា » ( គ. និង ស. ៧៨:១៨ ) ហើយអ្នកនឹងដឹងកាន់តែជាក់ច្បាស់ជាងមុនអំពីភាពពិតរបស់ទ្រង់ និងសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះអ្នក ។ នៅពេលអ្នកឈានទៅមុខនៅក្នុងសេចក្ដីជំនឿ នោះព្រះវិញ្ញាណបរិសុទ្ធនឹងប្រាប់អ្នក ហើយបង្ហាញដល់អ្នកនូវរឿងទាំងឡាយដែលអ្នកគួរធ្វើ ( សូមមើល នីហ្វៃទី ២ ៣២:៥ ) ។