ឆ្នាំ​២០១៦
តើ​ការសិក្សា​របស់ខ្ញុំ​បានគ្រប់គ្រាន់​ឬទេ ?
January 2016


តើ​ការសិក្សា​របស់ខ្ញុំ​បាន​គ្រប់គ្រាន់​ឬទេ ?

អ៊ែនជី នីកូឡាស រដ្ឋ តិចសាស ស.រ.អា

ខ្ញុំបាន​អាន​ព្រះគម្ពីរ​មរមន​ប្រចាំថ្ងៃ​ដោយ​សេចក្ដីជំនឿ ចាប់តាំងពី​ខ្ញុំនៅជា​យុវវ័យ​មក​ម្ល៉េះ ។ ទោះជា​នៅយប់​ដែលខ្ញុំ​ដេកលក់​ទាំង​អស់កម្លាំង ហើយ​បាន​ដឹង​ថា ខ្ញុំ​ពុំ​បាន​អាន​ព្រះគម្ពីរ​នៅថ្ងៃនោះ នោះខ្ញុំ​នឹង​លើក​គម្ពីរ​ឡើងអាន​ឲ្យ​បាន​យ៉ាងហោចណាស់​ពីរបី​ខ​ដែរ ។

ពីរឆ្នាំ​កន្លងទៅ ខ្ញុំ​ត្រូវបាន​សុំ​ឲ្យ​បង្រៀន​គម្ពីរ​សញ្ញាចាស់ នៅ​ក្នុង​ថ្នាក់សិក្ខាសាលា​ពេល​ព្រឹកព្រលឹម ។ ខ្ញុំ​ពុំសូវស្គាល់គម្ពីរសញ្ញាចាស់​ដូច​គម្ពីរ​ផ្សេងៗ​ទេ ដូច្នេះ​ថ្ងៃខ្លះ ខ្ញុំ​បាន​ចំណាយពេល​បី​ទៅ​បួន​ម៉ោង​ដើម្បី​សិក្សា និង​រៀបចំ​មេរៀន​របស់​ខ្ញុំ ។ ដោយសារ​តែ​ខ្ញុំ​បានចំណាយពេល​ច្រើន​សិក្សា​ព្រះគម្ពីរ​ប៊ីប និង​វិវរណៈ​ថ្ងៃចុង​ក្រោយ នោះខ្ញុំបាន​ឈប់អាន​ព្រះគម្ពីរមរមន​ប្រចាំថ្ងៃ ។ យើង​​បានអាន​វា​ជាគ្រួសារ​នៅពេលយប់ ហើយ​ខ្ញុំ​នឹង​ប្រើ​វា​សម្រាប់​សេចក្ដីយោង​ខគម្ពីរ​ម្ដងម្កាល ដូច្នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​បាន​សិក្សា​ដំណឹងល្អ​ប្រចាំ​ថ្ងៃ​គ្រប់គ្រាន់​ហើយ ។

នៅ​ពាក់កណ្ដាល​ឆ្នាំ​សិក្សា​នៅខែ​មករា ប្រធាន​ស្ដេក​របស់ខ្ញុំ បាន​សំណូមពរ​ដល់ស្ដេក​ទាំងមូល​ឲ្យ​អាន​គម្ពីរមរមន​មួយ​ជំពូក​ជា​រៀងរាល់​ថ្ងៃ ។ ទោះជា​ខ្ញុំ​បាន​ងឿង​ឆ្ងល់ថា តើ​ខ្ញុំនឹង​រក​ពេល​យ៉ាងណា​ដើម្បី​សិក្សា​សម្រាប់​ថ្នាក់​សិក្ខាសាលា​ដ៏​ច្រើន​របស់​ខ្ញុំ​ក្ដី ក៏​ខ្ញុំបាន​សម្រេចចិត្ត​ថា​ខ្ញុំគប្បី​ទទួលយក​សំណូមពរ​នោះ​ដែរ ។ ខ្ញុំ​ចាំបាច់​ត្រូវ​ធ្វើវា ពុំគ្រាន់តែ​ដើម្បីពង្រឹង​ខ្លួន​ខ្ញុំ​នោះទេ ប៉ុន្តែ​ក៏​ដើម្បី​ធ្វើជា​គំរូ​ដល់កូនៗ និង​សិស្ស​របស់ខ្ញុំ​ផងដែរ ។

ចាប់តាំងពីគ្រា​នោះមក ខ្ញុំបាន​អាន​ព្រះគម្ពីរមរមន​មួយជំពូក​ជារៀង​រាល់ថ្ងៃ នៅពេល​ខ្ញុំ​ចាប់​ផ្ដើម​រៀបចំ​មេរៀន​ថ្នាក់សិក្ខាសាលា​របស់ខ្ញុំ ឬ​នៅពេល​ខ្ញុំ​ហៀប​នឹង​ចូល​ដេក ។ អារម្មណ៍ និង​អំណាចមួយ ដែល​ខ្ញុំ​ពុំ​ដឹង​ថា​វា​បានបាត់បង់ បានត្រឡប់​មក​ក្នុង​ជីវិត​របស់​ខ្ញុំ​វិញ ។ មេរៀន​ថ្នាក់សិក្ខាសាលា​របស់​ខ្ញុំ ដែល​ខ្ញុំ​បានធ្វើ​យ៉ាង​ល្អ នោះ​បាន​ប្រែក្លាយ​ទៅ​ជា​កាន់តែ​ល្អ​ប្រសើរ​ឡើង ។ ចំណុច​ជា​ច្រើន​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ដែល​ពិបាក​យល់ បានក្លាយ​ទៅជា​កាន់តែ​ច្បាស់​ឡើង​វិញ ។ ខ្ញុំ​ក៏បាន​ដឹង​ផងដែរ​ថា ខ្ញុំបានយល់​ព្រះគម្ពីរមរមន​ល្អ​ប្រសើរ ជា​លទ្ធផល​មក​ពី​ការ​សិក្សា​ដ៏មុតមាំ​ដែល​ខ្ញុំ​បានសិក្សា​អំពី​ពួកព្យាការី​ទាំងឡាយ និង​ក្រឹត្យ​វិន័យ​របស់​ម៉ូសេ ។

អារម្ភកថា​អំពី​ព្រះគម្ពីរមរមន មាន​រួម​បញ្ចូលទាំង​ពាក្យដកស្រង់​នេះ ចេញ​មក​ពី​ព្យាការី យ៉ូសែប ស៊្មីធ ៖ « ខ្ញុំ​បាន​ប្រាប់​បងប្អូន​ទាំងឡាយ ថា​ព្រះគម្ពីរមរមន គឺ​ជា​គម្ពីរ​ដ៏​ត្រឹមត្រូវ​បំផុត​ជាង​គម្ពីរ​នានា​ទាំងអស់​នៅ​លើ​ផែនដី​នេះ ហើយ​ជា​មូលដ្ឋាន​នៃ​សាសនាចក្រ​របស់​យើង ហើយ​បុគ្គល​ម្នាក់ៗ​អាច​ចូល​ទៅ​ជិត​ព្រះ​បាន ដោយសារ​ធ្វើ​តាម​សិក្ខាបទ​ទាំងឡាយ​នៃ​គម្ពីរ​នេះ ជាជាង​គម្ពីរ​ដទៃ​ទាំងអស់ » ។

ព្រះគម្ពីរមរមន មាន​នូវ​ផ្នែក​ទាំងអស់​នៃ​ដំណឹងល្អ ហើយ​មាន​នូវ​ទីបន្ទាល់​ដ៏​មាន​អានុភាព​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ ។ វា​ជួយ​ធ្វើ​ឲ្យ​អ្វីៗ​ផ្សេង​ទៀត​នៅ​ក្នុង​ជីវិត​របស់ខ្ញុំ មាន​ន័យ ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ព្រះគម្ពីរ​មរមន ជា​ចំណែក​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ ។