អ្នកដឹងហើយថាវាជាការពិត !
ហែនរី ( ហែង ) ប្រោណ រដ្ឋយូថាហ៍ ស.រ.អា
នៅថ្ងៃមួយពេលខ្ញុំកំពុងធ្វើការនៅក្នុងផ្សារទំនើបធំមួយ នៅទីក្រុង អូកលែន្ត រដ្ឋកាលីហ្វូញ៉ា ស.រ.អា នោះមានមិត្តម្នាក់បានមកលេង ហើយអញ្ជើញខ្ញុំឲ្យទៅបរិភោគអាហារពេលល្ងាច ។ នាងបាននិយាយថា នាងនឹងមានអ្នកផ្សព្វផ្សាយសាសនាមរមនពីរនាក់មកចូលរួមនឹងយើងផងដែរ ។
បន្ទាប់ពីអាហារពេលល្ងាច អ្នកផ្សព្វផ្សាយសាសនាបានរៀបចំបន្ទះក្តារស្តើងមួយ ហើយបានចាប់ផ្ដើមសួរសំណួរខ្ញុំ ។ ខ្ញុំបានមានអារម្មណ៍ខឹងបន្ដិច ។ ខ្ញុំគ្រាន់តែចង់ស្ដាប់ពួកគេ រួចហើយចាកចេញទៅ ។
ទោះជាយ៉ាងណាក៏ដោយ នៅចុងបញ្ចប់នៃការពិភាក្សា អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងម្នាក់ មកពីរដ្ឋ យូថាហ៍ បានទាញកៅអីរបស់គាត់មកជិត ហើយមើលចំភ្នែកខ្ញុំ រួចហុចព្រះគម្ពីរមរមនមួយក្បាលឲ្យខ្ញុំ ហើយថ្លែងទីបន្ទាល់របស់គាត់ ។ គាត់បាននិយាយថា គាត់ដឹងថាសាសនាចក្រនេះពិត ហើយថាខ្ញុំក៏អាចដឹងផងដែរ តាមរយៈការអានសៀវភៅនេះ ។ បន្ទាប់មកគាត់បានដកស្រង់ពាក្យ មរ៉ូណៃ ១០:៤ ហើយនិយាយថា បើខ្ញុំនឹងសូមសួរដល់ព្រះដោយអស់ពីដួងចិត្ត និងដោយបំណងពិត នោះទ្រង់នឹងបើកសម្ដែងសេចក្ដីពិតនៃសៀវភៅនេះមកដល់ខ្ញុំ ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។
អំឡុងសប្ដាហ៍បន្ទាប់មក ខ្ញុំអានបានចំនួនពីរបីជំពូក ហើយយើងបានជួបគ្នាម្ដងទៀតនៅផ្ទះមិត្តរបស់ខ្ញុំ ។ បន្ទាប់ពីការពិភាក្សាទីបីរបស់យើង អ្នកផ្សព្វផ្សាយសាសនា មកពីរដ្ឋ យូថាហ៍ បានបញ្ចប់បេសកកម្មរបស់គាត់ ហើយបានត្រឡប់ទៅផ្ទះវិញ ។
ខ្ញុំបានបន្ដអាន និងអធិស្ឋានរាល់យប់ ដោយសួរថាតើសៀវភៅនេះពិតឬទេ ។ បន្ទាប់ពីការអធិស្ឋាននៅយប់មួយ ខ្ញុំបានឡើងដេកលើគ្រែ ហើយអានពីរបីជំពូកបន្ថែមទៀត ។ រំពេចនោះ ខ្ញុំបានស្ដាប់ឮសំឡេងមួយថ្លែងនូវពាក្យបួនម៉ាត់ដ៏សាមញ្ញថា ៖ « អ្នកដឹងហើយថាវាជាការពិត ! »
ខ្ញុំពុំដែលឮព្រះវិញ្ញាណថ្លែងមកកាន់ខ្ញុំពីមុនមកនោះទេ ។ ប៉ុន្តែពេលនោះខ្ញុំដឹងថា ព្រះស្គាល់ខ្ញុំ និងស្រឡាញ់ខ្ញុំ ។ ខ្ញុំក៏បានគ្រប់ដណ្ដប់ដោយរឿងនោះ ដែលខ្ញុំពុំអាចទប់ទឹកភ្នែកបានឡើយ ។ ខ្ញុំដឹងថា ខ្ញុំចាំបាច់ត្រូវចូលរួមនឹងសាសនាចក្រពិតនៃព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំក៏យល់ផងដែរ ដែលអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងមកពីរដ្ឋ យូថាហ៍ អាចនិយាយថា គាត់ដឹងថាសាសនាចក្រនេះពិតជាយ៉ាងណានោះ ។
ខ្ញុំបានចូលរួមក្នុងសាសនាចក្រ ហើយក្រោយមកបានរៀបការនឹងយុវនារីដ៏ស្រស់ស្អាតម្នាក់នៅក្នុងព្រះវិហារបរិសុទ្ធអូកលែន្ត កាលីហ្វូញ៉ា ។ យើងមានកូនប្រាំបីនាក់ ហើយបានរស់នៅក្នុងរដ្ឋ កាលីហ្វូញ៉ា អស់រយៈពេល ៣៣ ឆ្នាំមុនពេលផ្លាស់មករដ្ឋ យូថាហ៍ ។
ប៉ុន្មានឆ្នាំមុន នៅពេលកូនស្រីពៅរបស់យើង រៀបចំដើម្បីចេញបេសកកម្មរបស់នាង នាងបានសួរខ្ញុំបើខ្ញុំធ្លាប់ព្យាយាមទាក់ទងនឹងអ្នកផ្សព្វផ្សាយសាសនាវ័យក្មេង ដែលបានបង្រៀនខ្ញុំដែរឬទេ ។
ខ្ញុំបានតបថា « ខ្ញុំធ្លាប់គិតអំពីគាត់អស់រយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែខ្ញុំពុំដឹងថាត្រូវទាក់ទងគាត់តាមរបៀបណាទេ » ។
ក្នុងរយៈពេល ១០ នាទី នាងបានត្រឡប់មកវិញ ហើយនិយាយថា « នេះជាលេខទូរសព្ទរបស់គាត់ » ។
នៅពេលខ្ញុំបានទាក់ទងទៅគាត់ យើងបានមានការសន្ទនាមួយដ៏យូរ ។ គាត់បានសុំអាសយដ្ឋានអ៊ីម៉ែលរបស់ខ្ញុំ ដើម្បីគាត់អាច « ប្រាប់អំពីជីវិតបច្ចុប្បន្នរបស់គាត់ » ។ ស្អែកឡើង នៅក្នុងអ៊ីម៉ែលរបស់គាត់គាត់បានប្រាប់ខ្ញុំថា គាត់ពុំបានធ្វើជាសមាជិកសាសនាចក្រជាង ៤០ ឆ្នាំមកហើយ ហើយសង្ឃឹមថា ខ្ញុំពុំខកចិត្តនោះទេ ។
« តើខ្ញុំអាចនឹងខកចិត្តដោយរបៀបណា ? » ខ្ញុំបានតបអ៊ីម៉ែលរបស់គាត់ភ្លាម ។ « អ្នកបានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំ ! »
យើងបានឆ្លើយឆ្លងអ៊ីមែលគ្នាជាច្រើនអ៊ីម៉ែល ហើយក៏យល់ព្រមដើម្បីជួបគ្នា ។ ខ្ញុំបានបើកឡានទៅដល់ផ្ទះរបស់គាត់ភ្លាម ជាកន្លែងដែលគាត់អញ្ជើញខ្ញុំឲ្យចូលលេង ហើយណែនាំខ្ញុំឲ្យស្គាល់ភរិយារបស់គាត់ ។ នៅពេលយើងនិយាយអំពីអតីតកាលរបស់យើង ខ្ញុំបានសួរគាត់ ថាតើគាត់នៅមានព្រះគម្ពីរមរមនឬទេ ។ គាត់បានឡើងទៅបន្ទប់ខាងលើ ហើយបាននាំយកគម្ពីរមួយក្បាលមក ។ ខ្ញុំបានយកសៀវភៅ មើលចំភ្នែករបស់គាត់ ហើយបានហុចគម្ពីរត្រឡប់ទៅគាត់វិញ ហើយនិយាយថា ៖ « ខ្ញុំដឹងថា គម្ពីរនេះពិត ។ បើអ្នកអាន មរ៉ូណៃ ១០:៤ ហើយអធិស្ឋានអំពីវា អ្នកក៏អាចក៏ទទួលបានទីបន្ទាល់មួយអំពីសេចក្ដីពិតរបស់វាផងដែរ » ។
ជាច្រើនឆ្នាំក្រោយមក គាត់បានអាន បានអធិស្ឋាន ហើយបានប្រែចិត្ត ។ មិនយូរប៉ុន្មាន កូនប្រុសអាយុ ១៨ ឆ្នាំរបស់គាត់ បានជ្រមុជទឹកម្តងទៀត ហើយខ្ញុំមានពរដើម្បីធ្វើពិធីបញ្ជាក់ដល់គាត់ ។
ខ្ញុំដឹងថា កូនស្រីរបស់ខ្ញុំត្រូវបានបំផុសគំនិតឲ្យសួរសំណួរ ហើយខ្ញុំដឹងថា ព្រះវរបិតាសួគ៌ បានរៀបចំយើងទាំងពីរនាក់ឲ្យជួបគ្នាឡើងវិញក្នុងរយៈពេល ៤៥ ឆ្នាំ ។ ខ្ញុំបានរៀនអំពីព្រះចេស្ដានៃព្រះគម្ពីរមរមន ។ ខ្ញុំក៏បានរៀនផងដែរថា កុំឲ្យបោះបង់ចោលនរណាម្នាក់ដែលបានដើរវង្វេងពីសាសនាចក្រផងដែរ ។