ឆ្នាំ​២០១៦
ខ្ញុំ​បាន​ទទួលស្គាល់​ព្រះបន្ទូល​នៃ​ព្រះ
January 2016


ខ្ញុំ​បាន​ទទួលស្គាល់​ព្រះបន្ទូល​នៃ​ព្រះ

ហូសេ អ៊ីវ៉ានីលដូ ម៉ាទីអាស ហ្វើណានដេស ទីក្រុងសៅ ផាឡូ ប្រទេស​ប្រេស៊ីល

Illustration of a man standing at a counter and reading a copy of the Book of Mormon..

រូបភាព​លម្អ​ដោយ អេលែន ហ្គានស៍

ខណៈដែល​នៅក្នុង​អាកាស​យាន្ដ​ដ្ឋាន​ជាច្រើនឆ្នាំមុន នៅ​ទីក្រុងសៅ ផាឡូ ប្រទេស​ប្រេស៊ីល ខ្ញុំ​បាន​ឃើញសៀវភៅ​មួយក្បាល​នៅក្នុង​កន្លែង​ដាក់​សៀវភៅតាំង​ក្នុងហាង​សៀវភៅមួយ មាន​ចំណងជើង « ព្រះគម្ពីរ​មរមន ៖ សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ » ។ ខ្ញុំបាន​ឆ្ងល់​ថា​នៅក្នុងពិភពលោក​ដែល​ពោរពេញ​ដោយ​ភាពអសីលធម៌ និង​គ្មាន​ការដឹកនាំ​នេះ នឹង​ទទួលយក​សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ឬទេ ហើយខ្ញុំបាន​ចំណាយពេល​ចុង​សប្ដាហ៍​គិត​អំពី​សៀវភៅ​នេះ ។

ទីបំផុត ខ្ញុំ​ពុំអាច​ស៊ូទ្រាំ​សង្ស័យ​ទៀតបាន ខ្ញុំបាន​ត្រឡប់ទៅ​ហាង​សៀវភៅ​នោះ​ទិញ​វា ។ ទោះជា​យ៉ាងណា​ក៏ដោយ ពេល​ខ្ញុំ​មកដល់ ខ្ញុំ​រកវា​ពុំ​ឃើញទេ ។ ខ្ញុំបាន​ពិពណ៌នា​អំពី​សៀវភៅ​នោះទៅ​អ្នក​លក់​ក្នុងហាង ប៉ុន្តែ​គាត់បាន​និយាយ​ថា គាត់​ពុំដែល​មើលឃើញ​វាទេ ។ គាត់​ពុំអាច​រក​ឃើញ​នៅក្នុង​កំណត់ត្រា​ណាមួយ​សោះ ទោះជា​សៀវភៅ​ទាំងអស់​ដែល​ដាក់តាំង​នៅ​ហាង​ក្នុងតាឡុក​ក្ដី ។

ពេល​ក្រោយមក នៅក្នុង​ឱសថស្ថាន​មួយ​កន្លែង ខ្ញុំ​បាន​កត់សម្គាល់ឃើញ​សៀវភៅ​មួយក្បាល​បើក​ចំហរ​នៅ​លើ​តុ​មួយ ។ នៅពេល​ខ្ញុំ​ចាប់​ផ្ដើមអាន​វា ខ្ញុំ​បានដឹង​អំពីបុរស​ម្នាក់​ដែល​ឈ្មោះ​កូរីហូរ ដែល​នៅតែ​និយាយថា គាត់​សង្ស័យ​អំពីព្រះចេស្ដា​របស់ព្រះ ហើយ​ទីបំផុត​ត្រូវ​បាន​ក្លាយជា​គ ។ នៅពេល​ខ្ញុំ​បាន​នឹកគិត​អំពី​ពាក្យ​ទាំងឡាយ​ដែល​ខ្ញុំអាន ខ្ញុំបាន​ដឹង​ថា​គឺ​មកពី​ព្រះ ។

អំឡុង​ពេលនេះ ខ្ញុំ​កំពុង​តែ​ស្វែងរក​ការដឹកនាំ​មកពីព្រះ ។ នៅ​ថ្ងៃមួយ ខ្ញុំ​បានលុត​ជង្គង់ ហើយ​បាន​អធិស្ឋាន​យ៉ាង​ក្លៀវក្លា​ទូល​សូម​ដល់ព្រះ​ឲ្យបង្ហាញ​ខ្ញុំ​នូវផ្លូវ​ត្រូវ​ដែលនឹង​នាំ​ខ្ញុំ​ទៅរក​ទ្រង់ ។ ប៉ុន្មានថ្ងៃ​ក្រោយមក កូនប្រុស​របស់ខ្ញុំបាន​ធ្លាក់ខ្លួនឈឺ ដូច្នេះ​ខ្ញុំ​បាន​ត្រឡប់ទៅ​ហាង​ឱសថ​នោះវិញ ។ ពេលខ្ញុំ​ហៀប​នឹង​ចេញពីហាង នោះមាន​យុវជន​ជនជាតិ​អាមេរិកកាំង​បីនាក់ ពាក់​ស្លាក​ឈ្មោះ​ដើរ​ចូល​មក ។ រំពេច​នោះ​ខ្ញុំ​មានអារម្មណ៍​កក់ក្ដៅ​នៅក្នុង​ទ្រូង ដែល​បាន​បំផុសគំនិត​ខ្ញុំ​ឲ្យ​និយាយ​ទៅពួកគេ ។

ពួកគេ​បាន​ប្រាប់ខ្ញុំ​ថា ពួកគេ​នៅក្នុងប្រទេស​ប្រេស៊ីល ផ្សាយដំណឹង​ល្អ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំបាន​សួរថា តើពួកគេ​អាច​បង្រៀន​ខ្ញុំបាន​ឬទេ ហើយ​យើងបាន​ដាក់​កាលវិភាគ​ណាត់​ជួប​គ្នាមួយ ។

នៅពេលខ្ញុំ​ស្ដាប់ឮ​អំពី​ព្យាការី យ៉ូសែប ស៊្មីធ ជាលើក​ដំបូង ខ្ញុំបានដឹង​ថា​ការអធិស្ឋាន​របស់ខ្ញុំ​ត្រូវ​បាន​ឆ្លើយតប​ហើយ ។ បន្ទាប់​មក​អ្នកផ្សព្វផ្សាយសាសនា​បានឲ្យ​សៀវភៅ​មួយក្បាល​មក​ខ្ញុំ ។ ជាការភ្ញាក់​ផ្អើល វាគឺជា​ព្រះគម្ពីរ​មរមន — ដូចជា​សៀវភៅ​មួយក្បាល​ដែល​ខ្ញុំបានឃើញ​នៅ​កន្លែង​ដាក់តាំង​សៀវភៅ​នោះ ។ ជាថ្មីម្ដង​ទៀត​ខ្ញុំបាន​មានអារម្មណ៍​កក់ក្ដៅ​ដ៏​ផ្អែមល្ហែម ហើយ​បាន​រីករាយ​ជាខ្លាំង ដែលខ្ញុំ​ពុំអាច​ថ្លែង​បាន ។

អ្នកផ្សព្វផ្សាយសាសនា បានពន្យល់​អំពី​ធាតុដើម​នៃ​ព្រះគម្ពីរ ហើយ​បាន​សុំ​ឲ្យ​ខ្ញុំអធិស្ឋាន រួច​សួរ​ដល់ព្រះ ថាតើ​វា​ជា​ព្រះគម្ពីរ​ពិត​ដែរ​ឬ​ទេ ។ ខ្ញុំ​ក៏បាន​ដឹង​យ៉ាង​ពិតប្រាកដ​អំពីទេវភាព​នៃគម្ពីរនេះ​រួច​ទៅហើយ ដ្បិត​ព្រះអម្ចាស់​បាន​បង្ហាញ​វា​ដល់ខ្ញុំ — ពីរដង​រួច​មកហើយ ។ ទោះជា​យ៉ាងណា​ក៏ដោយ ខ្ញុំបាន​អាន​វា​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត ។ ពេល​អាន ជំពូក ១៧ នៅក្នុង​នីហ្វៃទី ៣ ខ្ញុំបាន​ដឹង​ថា​វា​មាន​រឿង​ដ៏ទេវភាព​មួយ ដោយសារ​វា​មាននូវ​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

មូលដ្ឋានគ្រឹះ​នៃ​ទីបន្ទាល់​របស់ខ្ញុំ​គឺនៅត្រង់​ការ​​ដឹង​ថា ព្រះគម្ពីរ​មរមន​មាននូវ​ព្រះបន្ទូល​របស់ព្រះ ។ វា​បាន​ផ្លាស់ប្ដូរ​ខ្ញុំ ហើយ​បន្ដ​ផ្លាស់ប្ដូរ​ខ្ញុំ ។