ឆ្នាំ​២០១៦
ហាវើដ ដបុលយូ ហឹនធើរ ៖ ឪពុក​ខ្ញុំ ជា​ព្យាការី
January 2016


ហាវើដ ដបុលយូ ហឹនធើរ ៖ ឪពុក​ខ្ញុំ ជា​ព្យាការី

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា ។

ជាញឹកញាប់ មិត្តភក្ដិ​បានសួរ​សំណួរ​ចំនួន​ពីរ​មក​កាន់​ខ្ញុំ ៖ « តើ​ការធ្វើជា​កូនប្រុស​របស់ព្យាការី ហើយ​ធំឡើង​ជាមួយ​នឹង​បុរស​ដ៏អស្ចារ្យ​រូបនេះ​យ៉ាងម៉េច​ដែរ ? » ហើយ « តើ​អ្នក​ពិតជា​គិត​ថា​ឪពុក​របស់អ្នកជា​ព្យាការី​នៃព្រះ​មែនទេ ? »

Portrait of Richard A. Hunter sitting in a chair.  There are pictures of his parents in the background.

ខ្ញុំ​បាន​ជឿ​ថា បុរស និងស្ត្រី គឺត្រូវ​បាន​វាស់វែង​តាម​អ្វី​ដែលពួកគេ​ឲ្យ​តម្លៃ និង​តាម​អ្វី​ដែលពួកគេ​មានឆន្ទៈ​ដើម្បីធ្វើ​តាម​គុណតម្លៃ​ទាំងនោះ ។ មនុស្សអស្ចារ្យ ហាក់ដូចជា​ធ្វើ​អ្វីដែលត្រូវ​បាន​សុំ​ឲ្យ​ធ្វើ​ដោយខ្ជាប់ខ្ជួន​ក្នុងជីវិត​ដោយសារ​តម្លៃ​របស់ពួកគេ ទោះជា​ត្រូវលះបង់​ច្រើន​ក្ដី ។ ឪពុក​ខ្ញុំ​គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​អស្ចារ្យ​ទាំងនេះ ។ ខ្ញុំ​មាន​ឯកសិទ្ធិ​រៀន​នូវរឿង​អស្ចារ្យ​មកពីគាត់ អំពី​អត្ថន័យពិត​នៃ​ភាព​អស្ចារ្យ ។ មេរៀន​ពុំ​កើតចេញ​មកពីអ្វី​ដែលគាត់បាន​ប្រាប់​ខ្ញុំទេ ប៉ុន្តែ​ចេញមកពី​អ្វី​ដែលគាត់ធ្វើ និងមកពី​ខ្លួនគាត់ ។

រឿង​ដូច​ខាង​ក្រោម​បង្ហាញ​នូវអ្វី​ដែល​ខ្ញុំធំឡើង​ជាមួយ​នឹង​ឪពុក​របស់ខ្ញុំ ៖ ជាមេធាវី ជាតន្ត្រីករ ជាអ្នក​មើលថែ ជាព្យាការី — ​លើសពីនោះ ជាបុរស​ម្នាក់ដែល​មានចិត្តល្អ ហើយមាន​ឆន្ទៈ​ផ្ដល់​នូវ​អ្វីៗ​ដល់ព្រះ និង គ្រួសារ​គាត់ ។

ពលិកម្ម​ដើម្បី​សេចក្ដីល្អ​នៃ​គ្រួសារ​របស់​គាត់

ពេលខ្ញុំនៅ​ជា​យុវវ័យ ខ្ញុំ​បានស្វែងរក​នៅ​លើ​ឡៅតឿ​របស់​ខ្ញុំ​ថ្ងៃមួយ ហើយបាន​ជួប​នឹង​ប្រអប់​ប្រឡាក់ដី​មួយគំនរ ។ ខ្ញុំ​បាន​រកឃើញ​ខ្លុយ​មួយ ស្រឡៃ​មួយ វីយូឡុងមួយ និង ស្គរ​មួយ ។ បន្ទាប់ពី​សួរ​ប៉ា​របស់ខ្ញុំអំពី​របស់​របរ​ទាំងនោះ ខ្ញុំបានដឹង​ថា នេះគឺជា​ឧបករណ៍​មួយចំនួន​ដែល​គាត់​ចេះលេង ។ គាត់​មានក្រុម​ភ្លេង​មួយ ពេល​គាត់​នៅ​រៀន​វិទ្យាល័យ​នៅ ប័យស៊ី រដ្ឋ អៃដាហូ ស.រ.អា ។ គាត់​គឺជា​តន្ត្រីករ​ដ៏ជំនាញ​មួយរូប ដែល​ស្រឡាញ់​តន្ត្រី និង​ការនិពន្ធភ្លេង​យ៉ាង​ខ្លាំង ។ ក្រុមភ្លេង​របស់គាត់ បាន​លេង​ឲ្យ​ព្រឹត្តិការណ៍សង្គម​សំខាន់ៗ នៅទីក្រុង ប័យស៊ី ហើយ​បានចេញទៅលេង​នៅតាមកប៉ាល់​កំសាន្ដ​ទៅ​ប៉ែក​អាស៊ី​ផងដែរ ។ បន្ទាប់ពី​គាត់​បាន​ផ្លាស់មក​ប៉ែក​ខាង​ត្បូង​រដ្ឋ កាលីហ្វូញ៉ា ស.រ.អា នៅ​ឆ្នាំ ១៩២៨ ក្រុម​ភ្លេង​ត្រូវ​បាន​គេ​ទទួលស្គាល់ ហើយ​បាន​មានភាព​ល្បីល្បាញ​យ៉ាង​ខ្លាំង ។

President Howard W. Hunter's band ""Hunter's Croonaders"""

រូបថត​ជាប្រវត្តិសាស្ត្រ ទទួលបាន​សិទ្ធិអនុញ្ញាត​មកពី​គ្រួសារ​ហឹនធើរ បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ និង សារៈមន្ទីរ​ប្រវត្តិសាស្ត្រ​សាសនាចក្រ រូបថត​ដោយ © iStock/Thinkstock

នៅក្នុង​ឆ្នាំ ១៩៣១ គាត់បាន​រៀបការ​នឹង​ម្ដាយ​ខ្ញុំ ក្លារ៉ា ជែហ្វស៍ ។ ពួកគាត់​ចង់បាន​កូន ។ គាត់​បានមាន​អារម្មណ៍​ថា ចំពោះ​គាត់​តម្រូវការ​នៃការកំសាន្ដ​នៅក្នុងពិភពលោក គឺ​ពុំ​ស៊ីសង្វាក់គ្នា​នឹង​គ្រួសារ​ដ៏មាន​អត្ថន័យ​ដែលគាត់​ចង់បាន​នោះទេ ។ ដូច្នេះ​នៅថ្ងៃ​មួយ គាត់បាន​ដាក់​ឧបករណ៍​ទាំងអស់​នេះ​នៅក្នុង​កេស​របស់​វា ហើយ​យកទៅ​ដាក់ទុក​នៅ​ឡៅតឿ ។ ក្រៅពី​កម្មវិធី​គ្រួសារ​ដ៏​កម្រ​កើតឡើង នោះគាត់ពុំ​ដែលលេង​ឧបករណ៍​ទាំងនោះ​ម្ដងទៀត​ទេ ។

ខ្ញុំ​ពុំ​បាន​ដឹង​ថា​គាត់​បានធ្វើការ​លះបង់​ដូច្នោះទេ រហូត​ដល់​ពេល​ក្រោយមក ។ នៅ​ឆ្នាំ ១៩៩៣ គាត់បាន​ផ្លាស់​ចេញ​ពីផ្ទះ​នៅទីក្រុង​សលត៍ លេក​រដ្ឋ​យូថាហ៍ ស.រ.អា របស់គាត់ ទៅនៅ​ផ្ទះ​តូច​មួយ​ក្នុងកណ្ដាល​ទីក្រុង សលត៍ លេក នៅជិត​នឹងការិយាល័យ​របស់គាត់ ។ អំឡុង​ពេល​នៃ​ការ​ផ្លាស់​ផ្ទះនេះ គាត់បាន​ឃើញ​ឧបករណ៍​ម្ដងទៀត ។ ខ្ញុំ​សួរ​គាត់​បើសិនជា​គាត់​ចង់​ឲ្យឧបករណ៍​ទាំងនោះ​ទៅ​ដល់​សាសនាចក្រ ដោយ​សារ​វា​មានចំណែក​យ៉ាង​សំខាន់​នៅក្នុងជីវិត​វ័យ​ក្មេង​របស់គាត់ ។ គាត់​បាន​ឆ្លើយ​ដែលធ្វើ​ឲ្យ​ខ្ញុំភ្ញាក់ផ្អើល ៖ « នៅ​ទេ ។ ប៉ា​ពុំអាច​ឃ្លាត​ពី​វា​បាន​ទេ​ឥឡូវ​នេះ » ។ ទោះ​បីជា​ប៉ា​បាន​ដឹង​ថា គាត់​នឹង​ពុំលេង​ឧបករណ៍​ទាំងនោះ​ម្ដងទៀត​ក្ដី ក៏​គាត់​នៅ​តែ​ពុំគិត​ថា​នឹង​លះបង់​វា​ដែរ ។ នៅពេលនោះ ដែល​ខ្ញុំ​បានដឹង​ថា វាគឺជា​ការ​លះបង់​ដ៏​ធំ​ដែលគាត់​បានធ្វើ ។

ការបង្កើន​ការតាំងចិត្ត​ចំពោះ​ពង្សប្រវត្តិ

បន្ទាប់ពី​ឪពុក​ម្ដាយ​ខ្ញុំ​រៀបការ ការហៅបម្រើ​ដំបូង​របស់​ប៉ា​ខ្ញុំមួយ គឺ​បង្រៀន​ថ្នាក់​ពង្សប្រវត្តិ ។ អំឡុងពេលនេះ គាត់​បាន​តាំងចិត្ត​យ៉ាង​ខ្លាំង​ចំពោះការ​ធ្វើកិច្ចការ​ពង្សប្រវត្តិ​ផ្ទាល់ខ្លួន ។ កាលវិភាគ​នៅ​ការិយាល័យ​ច្បាប់​របស់គាត់ មាន​នូវ​ការណាត់​ជួប​ពេល​ល្ងាច​ជាច្រើន​ដើម្បី​​ទៅ​បណ្ណាល័យ​សាធារណៈ​នៅ ឡូស អាន់ជើរឡេស ដើម្បីធ្វើ​ការស្រាវជ្រាវ​ពង្សប្រវត្តិ ។ គាត់បាន​ចាប់​ផ្ដើម​រៀបចំ​ក្រដាស​ក្រុមគ្រួសារ​ប្រវែង ប្រាំមួយ​ហ្វីត ( ១.៨ ម. ) ដែល​គាត់បាន​ចង​ក្រង​នៅក្នុង​បញ្ជី​ដ៏​មាំ​ជាច្រើន ។

ប៉ា​ក៏បាន​ប្រមូល​ទិន្នន័យ ហើយ​ទាក់ទង​ទៅ​កាន់​​​សាច់ញាតិ​របស់​យើងផងដែរ ។ គាត់បាន​ផ្ញើ​សំបុត្រ​រាប់រយ​ទៅកាន់​សាច់ញាតិ នៅពេល​គាត់បាន​រកឃើញ​ថា​ពួកគេ​ជានរណា​នោះ ។ អំឡុង​ពេល​វិស្សមកាល​គ្រួសារ​របស់​យើង ជាញឹកញាប់​យើង​ទៅសួរសុខទុក្ខ​បងប្អូនជីដូនមួយ ម្ដាយមីង និងឪពុក​មា​ជាច្រើន ។ ចេញមកពីការណ៍​នេះ ខ្ញុំ​បាន​រៀន​អំពី​សេចក្ដីល្អ ដែលអាច​ត្រូវ​បាន​ធ្វើ នៅពេល​អ្នក​លះបង់​ថ្ងៃ​វិស្សមកាល​កំសាន្ដ ។

ការ​បង្ហាញ​នូវការ​តាំងចិត្ត​ខ្ពស់​នៅក្នុង​សាលា​ច្បាប់

Howard W. Hunter with his wife, Claire, and their sons Richard and John.

នៅពេល​ខ្ញុំកើតមក ឪពុក​របស់​ខ្ញុំ​បាន​អាន​សៀវភៅ​អំពី​ឆន្ទៈ និង​ភស្ដុតាង​នានា​នៅក្នុង​បន្ទប់​រង់ចាំ​នៅមន្ទីរពេទ្យ ។ គាត់បាន​សម្រេច​ចិត្ត​ចង់​ក្លាយជា​សិស្ស​សាលាច្បាប់ នៅពេល​គាត់​បានធ្វើការ​ជាមួយ​នឹងមេធាវី​នៅ​មជ្ឈមណ្ឌល​គ្រប់គ្រង​ទឹកជំនន់​នៅ​ឡូស អាន់ជើរឡេស នៅ​ប៉ែក​ខាង​ត្បូង​រដ្ឋ កាលីហ្វូញ៉ា ។ គាត់​តែងតែ​ជាបុរស​គិតពី​គ្រួសារ​ជាខ្លាំង ដូច្នេះ​ប៉ា​របស់ខ្ញុំ​បាន​មានអារម្មណ៍ថា គាត់អាច​ផ្គត់ផ្គង់​គ្រួសារ​បានល្អ​ប្រសើរ​ជាង បើគាត់​ធ្វើជា​មេធាវី​ខ្លួនឯង ។ ទោះបីជា​មាន​ប្រពន្ធ មាន​កូនពីរនាក់ ហើយនិង​មានការ​ងារពេញ​ម៉ោង​ក្ដី ក៏​គាត់​បាន​ដឹង​ថា សាលារៀន និង​ការសិក្សា​ត្រូវ​ធ្វើឡើង​នៅពេល​យប់ ។

ក្រោយមក នៅពេល​ខ្ញុំ​ទៅរៀន​នៅ​សាលា​ច្បាប់​ខ្លួនឯង ខ្ញុំ​បាន​ងឿង​ឆ្ងល់​ថា តើ​ប៉ា​របស់ខ្ញុំអាច​បែងចែក​យ៉ាង​ដូចម្ដេច ។ ខ្ញុំបានសួរ​គាត់ថា « តើពេល​ណា​ប៉ា​ចូល​សំរាន្ដ ? » គាត់បាន​មានប្រសាសន៍ថា គាត់​សិក្សា​ឲ្យច្រើនតាម​ដែល​គាត់​អាចធ្វើទៅបាន ហើយ​នៅពេល​គាត់​ហត់​ខ្លាំង​ពេក គាត់ពុំអាច​សិក្សា​តទៅ​ទៀត នោះ​គាត់នឹង​សំរាន្ដ​រយៈពេលបី​ទៅបួន​ម៉ោង ។ ការធ្វើ​ដូច្នោះ​បាន​បន្ដ​អស់រយៈពេល​ប្រាំ​ឆ្នាំ ។ ខ្ញុំ​ស្ងើច​សរសើរ​ចំពោះ​ការតាំងចិត្ត​ដ៏ខ្ពស់​របស់គាត់ ។

ការ​ចំណាយពេល​ជាមួយ​កូនប្រុសៗ​របស់គាត់

ប៉ា​មានជីវិត​ដ៏រវល់​មួយ ប៉ុន្តែ​គាត់​នៅតែ​មានពេល​សម្រាប់គ្រួសារ​របស់គាត់ ។ នៅពេល​ខ្ញុំ​ជា​កាយឬទ្ធិ​ម្នាក់ ក្រុមរបស់​យើង​បាន​រៀបចំ​ចុះទៅ​ទន្លេ រ៉ូហ្គ នៅ​ទីក្រុង អ័រហ្គិន ស.រ.អា ដោយ​ជិះទូក​ដែល​យើងធ្វើ​ដោយ​ខ្លួន​ឯង ។ ប៉ា​បាន​ស្ម័គ្រចិត្ត​ទៅជាមួយពួក​យើង ទោះជា​គាត់ពុំ​មែនជា​អ្នក​ចូលចិត្ត​បោះជំរុំ ដេក​នៅលើ​ដី​ក្ដី ។ យើង​បាន​ចំណាយពេល​ជាច្រើន​ម៉ោង​នៅក្នុង​បន្ទប់​ដាក់​រថយន្ត​ធ្វើការ​ជាមួយគ្នា​បង្កើត​ទូក​កៃយ៉ាក់របស់​យើង ។

មុនពេល​យើង​បាន​ដាក់​ទូក​ចុះ​លើទឹក ។ ខ្ញុំ​បាន​អង្គុយនៅខាង​មុខ​កាន់​កន្សៃទូក ហើយ​ប៉ា​ជិះនៅខាង​ក្រោយ ។ នៅពេល​យើង​ជិះ​តាម​ទន្លេ​នោះ មិន​យូរប៉ុន្មាន យើង​បាន​ឆ្ពោះទៅ​កន្លែង​ទឹកធ្លាក់​ដ៏គ្រោះថ្នាក់ ។

នៅពេល​ក្បាលទូក​របស់យើង ជ្រមុជចុះ​ក្នុងទឹក​នៅ​ត្រង់​ទឹកធ្លាក់ នោះទូក​ក៏ក្រឡាប់ ហើយ​បោក​យើងទាំងពីរ​នាក់​ទៅក្នុង​ទឹកទន្លេ ។ ខ្ញុំ​បាន​ងើបឡើងវិញ ហើយរក​មើល​ប៉ា តែ​ពុំឃើញ​គាត់ទេ ។ ទីបំផុត គាត់បាន​ផុសឡើង ហើយយើង​បានបង្វែរ​ទូក​ឲ្យ​ទៅគោលដៅ​ត្រឹមត្រូវវិញ ហើយ​ឡើងជិះ​ម្ដងទៀត ។ មុនពេល​យើង​អាច​ជិះទៅ​ដល់ច្រាំង​ដើម្បី​គិត​ពីអ្វី​ដែលបាន​កើតឡើង នោះ​ទឹកទន្លេ​ក៏បាន​បោក​យើង​ចូល​ទៅ​ក្នុងទឹកធ្លាក់​បន្ទាប់​ទៀត ។ យើង​ពុំ​មានពេល​ដើម្បី​បង្វែទូក​ឲ្យ​ត្រូវ​ទិស​ម្ដងទៀត​ទេ នៅពេលទឹកគួច​វា​គួ​ច​យើង​វិល​ជុំវិញ ហើយ​យើង​បាន​ធ្លាក់ទៅតាម​ចរន្ដទឹក​ថយក្រោយ​ដ៏​ឆ្ងាយ​មួយ ហើយ​ពុំអាច​គ្រប់គ្រង​ស្ថានការណ៍​បានទេ ។

ទីបំផុត​យើង​បាន​ត្រឡប់ទៅ​កាន់ជំរុំ​វិញនា​ល្ងាច​នោះ ជាមួយនឹង​ពួក​កាយឬទ្ធិ​ដទៃទៀត ។ ប៉ា​បាន​ប្រាប់​ខ្ញុំពី​រឿង​របស់​យ៉ូប​នូវ​រឿង​លម្អិត​ខ្លះៗ ។ ចាប់តាំងពី​ព្រឹត្តិការណ៍​ថ្ងៃនោះ និង​ដំណើរ​រឿង​របស់​យ៉ូប យើង​បាន​រៀន​ថា ជីវិត​គឺពុំ​ងាយ​ស្រួល​ជានិច្ច​នោះទេ ។ នៅព្រឹកស្អែក​ឡើង ជាជាង​ត្រឡប់ទៅផ្ទះវិញ ប៉ា​បាន​ដើរ​ឡើង​ត្រឡប់ទៅ​កន្លែង​ទូក​តូច​របស់យើង ហើយបាន​បន្ដ​ការ​ធ្វើដំណើរតាម​ទន្លេ​របស់​យើងទៀត ។ បទពិសោធន៍​ដែល​បានបង្រៀន​ខ្ញុំ​ពី​បុរស​ដ៏អស្ចារ្យ​មួយ​រូប​នេះ​បានធ្វើ នៅពេល​គាត់ឲ្យ​តម្លៃ​គ្រួសារ​របស់គាត់ ។

ការយកចិត្ត​ទុកដាក់ចំពោះ​ភរិយា​របស់គាត់

Howard W. Hunter and his wife, Clare standing outside.

នៅ​ឆ្នាំ ១៩៧០ ម្ដាយ​របស់ខ្ញុំ​ត្រូវ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា មាន​ជំងឺ​រ៉ាំរ៉ៃ​មួយ ដែល​សរសៃឈាម​ក្រហម​ឈប់​ហូរ​ទៅចិញ្ចឹម​ខួរ​ក្បាល​របស់គាត់ ។ គាត់​គឺជា​ស្ត្រី​ដែល​វាងវៃ ស្រស់​ស្រាយ និងមាន​កែវភ្នែក​ភ្លឺ​ថ្លា​គួរឲ្យ​ស្រឡាញ់ ។ ប៉ុន្តែ​អស់រយៈពេល ១៣ ឆ្នាំ​ក្រោយមក​នេះ ស្ថានភាព​សុខភាព​របស់​គាត់​ធ្លាក់ចុះ ។ វា​ហាក់​ដូចជា​បាត់បង់​មិត្តល្អ​ម្នាក់​បន្ដិចម្ដងៗ ។

ប៉ា​បានធ្វើជា​អ្នកមើល​ថែ​គាត់​ជា​ចម្បង ។ នៅទីដំបូងឡើយ ប៉ា​បាន​ធ្វើ​ការលះបង់​តិចតួច​ដើម្បី​ធ្វើ​ឲ្យ​គាត់បាន​សុខស្រួល និង​រីករាយ ។ ប៉ា​បាន​រៀបចំ​អាហារ ច្រៀង​ចម្រៀង និង​កាន់ដៃ​ម្ដាយខ្ញុំ ។ ទោះជាយ៉ាងណាក៏ដោយ យូរៗទៅ ការ​មើល​ថែ​ម្ដាយ​របស់​ខ្ញុំ​មានការ​លំបាក​កាន់តែ​ខ្លាំង និង​ត្រូវ​ថែទាំ​រាងកាយ​គាត់​កាន់តែ​ខ្លាំងឡើង ។ វា​ជា​ការ​លំបាកសម្រាប់​ប៉ា​ខ្ញុំ ។

នៅពេល​ស្ថានភាព​ម្ដាយ​ខ្ញុំ​កាន់តែធ្ងន់​ធ្ងរ​ទៅៗ នោះ​សុខភាព​ផ្ទាល់​ខ្លួន​របស់ឪពុក​ខ្ញុំ​ក៏​ចាប់​ផ្ដើម​មានការបារម្ភ​ផងដែរ ។ ខ្ញុំបាន​នៅទីនោះ ពេល​វេជ្ជបណ្ឌិត​របស់គាត់ ប្រាប់​គាត់ថា ម្ដាយ​ខ្ញុំ​ត្រូវការ​នូវការ​មើល​ថែ​ពេញម៉ោង​នៅក្នុង​កន្លែង​មើលថែ​ដែលមាន​ជំនាញមួយ ។ ប៉ា​នឹង​អាច​ស្លាប់ជាមិនខាន បើ​គាត់បន្ដ​មើល​ថែ​ដល់​ម្ដាយ​ខ្ញុំ​ដោយ​ខ្លួនឯង តាម​កម្រិត​​ជំងឺ​ម្ដាយ​ខ្ញុំដែល​ត្រូវការ​ការថែទាំ​នោះ រួច​ហើយ​ម្ដាយខ្ញុំនឹង​គ្មាន​នរណា​មើល​ថែ​គាត់​ទៀត​ទេ ។

ក្នុងរយៈពេល ១៣ ខែ​ចុង​ក្រោយ​នៃជីវិត​ម្ដាយ​របស់​ខ្ញុំ ប៉ា​បាន​ទៅជួប​នឹង​គាត់​នៅកន្លែង​មើលថែ​នោះ​ជារៀងរាល់ថ្ងៃ ដើម្បី​កុំ​ឲ្យ​គាត់​ឃ្លាត​ពី​កិច្ចការ​សាសនាចក្រ ។ ម្ដាយខ្ញុំ​ពុំ​ស្គាល់ប៉ាទេ ប៉ុន្តែ​នោះ​ពុំ​ខុសប្លែក​អីចំពោះ​គាត់ទេ ។ គាត់​បាននិយាយ​ជាមួយ​ម្ដាយខ្ញុំ ហាក់ដូចជា​អ្វីៗ​គ្រប់យ៉ាង​ល្អ​អញ្ចឹង ។ ខ្ញុំ​ឃើញ​គាត់​ត្រឡប់មកពី​ទៅ​សន្និសីទស្ដេក​មួយ នៅ​តំបន់​ឆ្ងាយ​ខ្លះៗ ។ គាត់​នឿយហត់ ។ ប៉ុន្តែ​រឿង​ដំបូង​ដែល​គាត់នឹង​ធ្វើ នៅពេល​គាត់មក​ដល់ គឺទៅមើល​ម្ដាយ​របស់ខ្ញុំ ដើម្បី​នាំមកនូវ​ក្ដីរីករាយ​តាមដែល​គាត់អាច​ធ្វើបាន ។

ប៉ា​របស់ខ្ញុំ ពុំ​អាច​មើល​ថែ​ម្ដាយ​របស់ខ្ញុំ​ប្រសើរ​ជាង​នេះ​ទៀតទេ ។ ខ្ញុំ​រៀង​ច្រើន​ពីការលះបង់​របស់គាត់ មកពីការ​មើល​គាត់ មើលថែ​ដល់ម្ដាយខ្ញុំ ។

ការ​លះបង់​សម្រាប់ការ​ហៅ​បម្រើ​របស់គាត់

President Howard W. Hunter on stand in the tabernacle with Boyd K. Packer

រូបថត​ជាប្រវត្តិសាស្ត្រ ទទួលបាន​សិទ្ធិអនុញ្ញាត​មកពី​គ្រួសារ​ហឹនធើរ បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ និង សារៈមន្ទីរ​ប្រវត្តិសាស្ត្រ​សាសនាចក្រ រូបថត​ដោយ © iStock/Thinkstock

ប៉ា​មានអារម្មណ៍​ថា ការហៅបម្រើ​របស់គាត់​ក្នុងនាមជា​សាវក​ម្នាក់ គឺជា​អាទិភាព​ទាំងស្រុង​មួយ — ហើយ​សម្រាប់​មូលហេតុ​ល្អ ។ មាន​តែ​បុរស​មួយក្រុមតូច​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ហៅ​ឲ្យធ្វើជាសាក្សី​ពិសេស​ដើម្បីដឹកនាំ​កិច្ចការ​របស់ព្រះ​នៅលើ​ផែនដី ហើយពួកគាត់​ពុំអាច​សុំ​ឈប់សម្រាក​មួយថ្ងៃ​ណាមួយ​ក្នុង​មួយឆ្នាំៗ​ទេ ។

ការបំពេញ​នូវកិច្ចចាត់តាំង​របស់គាត់ គឺ​សំខាន់ចំពោះ​ប៉ា​របស់ខ្ញុំ ជាង​ចំពោះសុខភាព​របស់គាត់ ។ ប៉ា​បានទុក​ឲ្យព្រះអម្ចាស់​ដើម្បី​ធ្វើ​ឲ្យ​រូបកាយ​របស់​គាត់បាន​ថ្មី ( សូមមើលគ. និង ស. ៨៤:៣៣ ) ។ មាន​ម្ដង​នោះ គាត់បាន​សុំ​ខ្ញុំ​ឲ្យទៅជាមួយគាត់​ទៅកាន់​សន្និសីទ​ក្នុង​តំបន់មួយ នៅទីក្រុង ប៉ារីស ប្រទេស​បារាំង ។ វេជ្ជបណ្ឌិត​របស់​គាត់​បានគិត​ថា គាត់គប្បី​ធ្វើដំណើរ​ទៅជា​ដំណាក់ៗ ដោយត្រូវ​ចំណាយពេល​បួនប្រាំ​ថ្ងៃទៅ ដោយសារ​រូបកាយ​របស់​ប៉ា​ខ្ញុំ​នឹង​អស់ថាមពលច្រើន ប៉ុន្តែយើង​បាន​ធ្វើ​ដំណើរ​តម្រង់ឆ្ពោះ​ទៅ​ទីក្រុង​ប៉ារីស​ផ្ទាល់​តែ​ម្ដង ។ ខ្ញុំ​ស្ទើរតែ​ពុំអាច​បើកភ្នែក​រួច តែប៉ា​របស់ខ្ញុំ​បាន​ទៅដឹកនាំ​ការប្រជុំ ធ្វើការ​សម្ភាស និង​លើក​ស្ទួយ​ដល់​អ្នកដទៃទៀត​ប្រកប​ដោយថាមពល ។

ឈានចូល​ទៅដល់ចុង​បំផុត​នៃជីវិត​គាត់ ជាញឹកញាប់​គាត់​មានការឈឺចាប់​ដ៏ខ្លាំង ។ ខ្ញុំ​មិន​ដឹង​ថា​រូបកាយ​របស់មនុស្ស​អាច​ស៊ូទ្រាំ​នឹងការឈឺចាប់​ដូច្នេះ​បាន​ដោយរបៀប​ណា​ទេ ។ ខ្ញុំបាន​សួរ​ថា « ប៉ា តើ​ប៉ា​គិត​ថា​យើង​ពិតជា​ស្រែក​ដោយអំណរ​ដើម្បី​រូប​រាង​កាយ​ដូច្នេះ​ឬ ? » គាត់បាន​ឆ្លើយ​ដោយ​ការជឿជាក់​ថា « ពិត​ហើយ » ។ បន្ទាប់​មក​គាត់បាន​បន្ថែម​នូវការ​និយាយ​លេង​សើច​ថា « ប៉ា​ដឹង​មិន​ច្បាស់ថា​យើង​បានដឹង​រឿង​ទាំងមូលទេ » ។

ការ​បង្ហាញ​នូវសណ្ដានចិត្តល្អ

ប៉ា​ឲ្យតម្លៃ​លើ​ការ​មានសណ្ដាន​ចិត្តល្អ គាត់​បាន​ថ្លែង​ដោយសិទ្ធិអំណាច​ដ៏​មាន​សីលធម៌​នៃ​មនុស្ស​ល្អ ។ គាត់​ត្រូវបាន​អ្នកជិត​ខាង គ្រួសារ មិត្តភក្ដិ អតិថិជន សហការី និង​សមាជិក​សាសនាចក្រ​ស្គាល់ និង គោរពរាប់អាន​ថាជា​បុរស​មាន​សណ្ដាន​ចិត្តល្អ ។

ពេល​ខ្ញុំ​ធំឡើង ខ្ញុំពុំចាំ​ពីគ្រា​ដែល​គាត់​បាន​ប្រព្រឹត្ត​នឹង​ខ្ញុំ​ដោយ​ធ្ងន់ធ្ងរ ឬ​មិនដោយ​ចិត្តល្អឡើយ ។ ទោះជា​ពេល​ដែលខ្ញុំសម​នឹង​ទទួល​នូវ​ការ​ឆ្លើយតប​ខ្លាំងៗ​ក្ដី ក៏​គាត់​គ្រប់គ្រង​ស្ថានភាព​និមួយៗ​ដោយការ​បង្រៀន​ជាជាង​ការ​ដាក់ទណ្ឌកម្ម​ដែរ ។ យើង​នឹង​ពិភាក្សា​គា្ន​អំពីមូលហេតុ​ដែល​ខ្ញុំ​បានធ្វើ គឺជាការ​ខុសឆ្គង និង​អ្វី​ដែលខ្ញុំ​គប្បីធ្វើ​​វិញ ។ ចំពោះ​ខ្ញុំ ការណ៍នោះ​ដំណើរការ​បានល្អ — ​ឬ​យ៉ាង​ហោចណាស់​បាន​ល្អ តាមដែល​អាច​រំពឹងទុក ។

ឪពុក​របស់ខ្ញុំ​បាន​បម្រើជា​ប៊ីស្សព​នៅវួដ អែល សឺរីណូ នៅពេល​ដែល​សាសនាចក្រ​ទើបតែ​ចាប់​ផ្ដើម​មាន​នៅ ឡូស អាន់ជើឡែស រដ្ឋ​កាលីហ្វូញ៉ា ។ សមាជិកវួដ​នៅតែ​និយាយ​អំពី​សណ្ដានចិត្តល្អ​របស់គាត់​ចំពោះពួកគេ និង​ក្រុមគ្រួសារ​របស់ពួកគេ ។ នៅថ្ងៃអាទិត្យ​មួយ ប៉ា​ពុំនៅក្នុងការ​ប្រជុំ​បព្វជិតភាព​ទេ ។ មនុស្ស​គ្រប់គ្នា​ងឿង​ឆ្ងល់​ថា​តើមានរឿង​អ្វីកើតឡើង​ចំពោះគាត់ ។ ក្រោយមក ពួកគេ​បាន​ដឹង​ថា សង្ឃ​ម្នាក់​មានបញ្ហា​ក្នុងការ​ក្រោក​ពី​គេង​ទាន់ម៉ោង​ដើម្បីទៅ​កាន់ការ​ប្រជុំ ។ ដូច្នេះ​ដោយ​សណ្ដានចិត្តល្អ គាត់បាន​ធ្វើការ​ប្រជុំ​កូរ៉ុម​នៅក្នុង​បន្ទប់​គេង​របស់​សង្ឃ​នោះ ។

មិត្ត​នៅ​វិទ្យាល័យ​របស់ខ្ញុំ​ម្នាក់ គឺ​ជា​មនុស្ស​អស្ចារ្យ​ដែល​មាន​សក្ដានុពល​ដ៏មហិមា ប៉ុន្តែ​នាង​បារម្ភ​អំពី​ការត្រឡប់ទៅ​មហាវិទ្យាល័យ បន្ទាប់ពី​ឆ្នាំ​សិក្សា​ដំបូង​របស់នាង ដោយសារ​តែ​ចំណាយ​លើ​ថ្លៃ​សាលា ។ ប៉ា​បាន​ដឹង​អំពីកង្វល់​របស់នាង ហើយបាន​អញ្ជើញ​នាង​ឲ្យមក​ការិយាល័យ​របស់គាត់ ។ នៅចុង​បញ្ចប់នៃ​ការជួបនេះ គាត់បាន​ឲ្យ​មូលប្បទានបត្រ​មួយ​ដល់នាង ដែលគាត់បាន​ត្រៀម​ជាស្រេច ដើម្បី​ជួយនាង​ត្រឡប់ទៅ​សាលា​រៀនវិញ ។

ខ្ញុំមាន​មិត្ត​នៅវិទ្យាល័យ​ម្នាក់ទៀត ក្នុង​ស្ដេក ប៉ាសាដេណា ខណៈ​ដែល​ប៉ា​ខ្ញុំជា​ប្រធានស្ដេក ។ នាង​បាន​ទៅ​សាកល​វិទ្យាល័យ​ព្រិកហាំ យ៉ង់ ។ ក្នុងពេល​ការ​ធ្វើដំណើរ​មួយ​ដែល​តំណាង​ឲ្យសាលា នាង​បានជួប​នឹង​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ដ​ដ៏អាក្រក់​មួយ ហើយ​ត្រូវ​ស្នាក់​នៅ​មន្ទីរពេទ្យ​មួយ នៅ​ទីក្រុង​ឡាស វ៉េហ្គាស រដ្ឋ ណេវ៉ាដា ស.រ.អា ។ ពេល​ប៉ា​បានដឹង​អំពីស្ថានភាព​របស់​នាង នោះគាត់​បាន​បើក​ឡាន​ចម្ងាយ ២៧០ ម៉ែល ( ៤៣៥ គ.ម ) ពីទីក្រុងឡូស អាន់ជើរឡេស ទៅ​ទីក្រុង​ឡាស វ៉េហ្គាស ដើម្បី​មើល​នាង ហើយ​នាំ​ក្ដីស្រឡាញ់ និង​ការ​លើកទឹកចិត្ត​ទៅដល់​នាង ។

ខ្ញុំ​មិនដឹង​ថា ទង្វើ​សណ្ដានចិត្ត​ល្អ​ច្រើន​ប៉ុណ្ណា​ទៀត ដែលប៉ា​ខ្ញុំបានធ្វើ​ដូច​នេះ​ទេ ។ គាត់​ពុំ​ដែល​និយាយ​អំពី​រឿង​នោះមក​ប្រាប់​យើង ឬ​ប្រាប់នរណា​ម្នាក់ទេ ។ មនុស្ស​ចិត្ត​ល្អ ជាធម្មតា​ពុំ​ប្រាប់​គេទេ ។

ខ្ញុំបាន​ដឹងអំពី​ទង្វើ​សណ្ដានចិត្តល្អ​មួយចំនួន​ទាំងនេះ តាមរយៈ​សំបុត្រ​ដែល​គាត់បាន​រក្សា​ទុក​ដែល​គាត់ទទួល​មកពី​មនុស្ស​ដែលបាន​សរសេរ​មក​អរគុណ​ដល់គាត់ ។ សំបុត្រ​នេះ គឺ​ជាប្រភេទ​សំបុត្រ​ដែលគាត់​បានទទួល ៖ « ដោយ​ក្ដីអស់សង្ឃឹម ខ្ញុំបានសរសេរ​សំបុត្រ​អំពី​កូន​ស្រី​ច្បង​របស់​យើង ។ … លោកបាន​ចំណាយពេល ​និង​យកចិត្តទុកដាក់​ទូរសព្ទ​ទៅនាង​ដើម្បី​សួរសុខទុក្ខ​ដោយទន់ភ្លន់ ហើយ​ឲ្យ​លេខទូរសព្ទ​ផ្ទាល់ខ្លួន​របស់​លោក​ទៅ​ដល់​នាង ។ នាង​មាន​ការភ្ញាក់ផ្អើល និង​អស្ចារ្យក្នុងចិត្ត​ដែល​លោក​បាន​ឃើញ​ថា​នាង​មានតម្លៃ ។ ការ​ទូរសព្ទ និង​ការ​ទៅជួប​ដោយផ្ទាល់នោះ គឺជា​ការប្រព្រឹត្ត​ដ៏​សប្បុរស​នៅក្នុង​ជីវិត​របស់​នាង ។ សំបុត្រ​នោះក្រោយមក​បាន​ប្រាប់អំពីការ​ត្រឡប់​មកសាសនាចក្រ​វិញ​របស់​នាង និងការ​ផ្សាភ្ជាប់​របស់នាង​នៅក្នុង​ព្រះវិហារបរិសុទ្ធ និង​ជីវិត​រីករាយ និង​ផល​ដ៏បរិបូរណ៍ ។ « បន្ទាប់ពី​អាន​សេចក្ដីថ្លែង​ការណ៍​របស់​លោក [ អំពី​សណ្ដានចិត្តល្អ​នៅក្នុង​សន្និសីទទូទៅ​ខែ​តុលា ឆ្នាំ ១៩៩៤ ] វា​បាន​ធ្វើ​ឲ្យខ្ញុំ​ស្រក់ទឹកភ្នែក ដែលដឹង​ថា លោក​បាន​អនុវត្ត​វា​អស់ជាច្រើនឆ្នាំ​នូវអ្វី​ដែលអ្នកកំពុង​លើក​ទឹកចិត្ត​ដល់​យើង​ទាំងអស់គ្នា​ឲ្យធ្វើ​ឥឡូវនេះ » ។

ឪពុក​របស់​ខ្ញុំ គឺជា​ព្យាការី​មួយរូបនៃព្រះ

Portrait of President Howard W. Hunter

រូបថត​ជាប្រវត្តិសាស្ត្រ ទទួលបាន​សិទ្ធិអនុញ្ញាត​មកពី​គ្រួសារ​ហឹនធើរ បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ និង សារៈមន្ទីរ​ប្រវត្តិសាស្ត្រ​សាសនាចក្រ រូបថត​ដោយ © iStock/Thinkstock

ប៉ា​ជឿទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ គាត់បានធ្វើ​ឲ្យ​វា​មាន​ភាពងាយស្រួល​សម្រាប់​ខ្ញុំ​ក្នុង​ការជឿ​ទៅលើ​ព្រះគ្រីស្ទ​ផងដែរ ។ ខ្ញុំបាន​ឃើញ​នូវអ្វី​ដែល​មនុស្សម្នាក់​បានធ្វើ ដែលជឿ​លើ​ព្រះគ្រីស្ទ ហើយ​ឲ្យដូចជា​ទ្រង់នោះ ។ ខ្ញុំ​មានអារម្មណ៍​សុខសាន្ដ ក្ដីសង្ឃឹម និង អំណរ​ដែល​លេចចេញមកពី​ការរស់នៅ​ប្រភេទ​នោះ ។

ឥឡូវ សម្រាប់​សំណួរ​ចុង​ក្រោយ ៖ « តើអ្នកគិត​ថា ឪពុក​របស់អ្នក​គឺ​ពិតជា​ព្យាការី​របស់ព្រះ​ឬទេ ? » សំណួរ​នេះ តែងតែ​ងាយស្រួល​សម្រាប់​ខ្ញុំ​ដើម្បី​ឆ្លើយ ។ ខ្ញុំ​ពុំ​ធ្លាប់​ចាំថា​មានគ្រា​មួយ​ក្នុង​រឿង​ផ្ទាល់ខ្លួន គ្រួសារ អាជីព ឬ​ជីវិត​សាសនាចក្រ​របស់ឪពុក​ខ្ញុំ ដែល​នាំ​ឲ្យ​ខ្ញុំ​គិត​ថា គាត់​ពុំ​សក្ដិសម​នោះទេ ។ ប៉ុន្តែ​រឿង​នោះគឺ​ខុស​ប្លែក​ពី​ការជឿ​ថា គាត់​គឺ​ពិតជា​ត្រូវ​បាន​ហៅ​ឲ្យធ្វើជា​អ្នកតំណាង​របស់ព្រះ​ចំពោះ​កូនចៅ​ទាំងអស់​របស់ទ្រង់​នៅលើ​ផែនដី ។ ខ្ញុំ​បានដឹង​ថា គាត់​គឺជា​ព្យាការី​មួយរូប​នៃ​ព្រះ​ ប៉ុន្តែ​ចំណេះដឹង​នោះ​ពុំ​កើតមានមកពី​ការ​ស្គាល់គាត់​ការ​មើលគំរូ​គាត់ ឬ​ការ​ត្រូវ​បាន​ប៉ះ​ដល់ដួងចិត្ត​ចំពោះអ្វី​ដែល​ខ្ញុំបាន​ឃើញគាត់​ធ្វើ ឬ​និយាយ​នោះទេ ។ រឿងទាំងនោះ​អាច​ជា​ជំនួយ ។ ប៉ុន្តែ​ចំណេះដឹង​នោះ ត្រូវ​បាន​ផ្ដល់​មក​ឲ្យ​ខ្ញុំ ជា​អំណោយទាន​ដ៏​ប្រកប​ដោយព្រះគុណ មកពី​ព្រះ​ដូចគ្នា​ដែល​បាន​ហៅ​គាត់ ។

កំណត់​ចំណាំ

  1. ការ​បង្រៀន​របស់​ប្រធានសាសនា​ចក្រ ៖ ហាវើដ ដបុលយូ ហឹនធើរ ( ឆ្នាំ ២០១៥ ) ទំព័រ ២២១ ។

  2. ការ​បង្រៀន ៖ ហាវើដ ដបុលយូ ហឹនធើរ ទំព័រ ២៤៣ ។

  3. ការ​បង្រៀន ៖ ហាវើដ ដបុលយូ ហឹនធើរ ទំព័រ ១ ។