មួយបន្ទាត់ម្តងៗ
នីហ្វៃទី ២ ៣១:២០
បាវចនាម៉្ញូឆលឆ្នាំនេះ ជួយយើងមើលឃើញរបៀបដែលយើងអាចឈានទៅមុខខណៈពេលដែលកំពុងឈរដោយរឹងមាំ ។
កាន់ខ្ជាប់ដរាបដល់ចុងបំផុត
« ការសាកល្បងដែលព្រះប្រកបដោយសេចក្ដីស្រឡាញ់បានដាក់នៅពីមុខយើង គឺពុំមែនដើម្បីមើលថាយើងអាចស៊ូទ្រាំនឹងការលំបាកនោះទេ ។ វាគឺដើម្បីមើលថា តើយើងអាចស៊ូទ្រាំបានល្អដែរឬអត់ ។ យើងនឹងប្រឡងជាប់ការសាកល្បងតាមរយៈការបង្ហាញថា យើងបានចងចាំទ្រង់ និងចងចាំបទបញ្ញត្តិដែលទ្រង់បានប្រទានដល់យើង » ។
ប្រធាន ហិនរី ប៊ី អាវរិង ជាទីប្រឹក្សាទីមួយក្នុងគណៈប្រធានទីមួយ « In the Strength of the Lord » Liahona, ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ១៧ ។
អ្នករាល់គ្នានឹងមានជីវិតដ៏នៅអស់កល្បជានិច្ច
តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ព្រះវរបិតាបានសន្យានឹងយើងនូវជីវិតអស់កល្បជានិច្ច — ដើម្បីប្រែក្លាយដូចជាទ្រង់ — បើយើងធ្វើនូវរឿងជាក់លាក់ ។ នេះគឺជាបទគម្ពីរខ្លះៗដែលប្រាប់នូវរឿងមួយចំនួនទាំងនោះ ៖
ទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ
« ដើម្បីទទួលទានមានន័យច្រើនជាងការភ្លក់ ។ ទទួលទាន មានន័យថា ក្រេបយកឱជារស ។ យើងក្រេបឱជារសនៃព្រះគម្ពីរ តាមរយៈការសិក្សាព្រះគម្ពីរ នោះក្នុងស្មារតីនៃការរកមើលដោយអំណរអរ និង ការគោរពប្រតិបត្តិដ៏ស្មោះត្រង់ ។ នៅពេលយើងទទួលទានព្រះបន្ទូលនៃព្រះគ្រីស្ទ នោះព្រះបន្ទូល … ប្រែក្លាយទៅជាចំណែកដ៏សំខាន់នៃនិស្ស័យរបស់យើង » ។
ប្រធាន រ័សុល អិម ណិលសុន ប្រធាន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ «Living by Scriptural Guidance» Ensign, ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ១៧ ។
ដោយមានចិត្តស្រឡាញ់ព្រះ និង មនុស្សគ្រប់រូប
« ដោយមានចិត្តស្រឡាញ់ព្រះ និង មនុស្សគ្រប់រូប » គ្របដណ្ដប់នូវបទបញ្ញត្តិធំពីរ ( សូមមើល ម៉ាថាយ ២២:៣៧–៤០ ) ។ ជាពាក្យម្យ៉ាងទៀតសម្រាប់សេចក្ដីស្រឡាញ់ប្រភេទនេះ អាចជា សេចក្ដីសប្បុរស ឬសេចក្ដីស្រឡាញ់សុទ្ធសាធរបស់ព្រះគ្រីស្ទ ( សូមមើល មរ៉ូណៃ ៧:៤៧ ) ។
ការភ្លឺថ្លានៃសេចក្ដីសង្ឃឹមដ៏ឥតខ្ចោះ
« ខណៈដែលសេចក្ដីសង្ឃឹមទន់ខ្សោយបន្សល់ទុកឲ្យយើងស្ថិតនៅក្រោមអារម្មណ៍ និងព្រឹត្តការណ៍ នោះ ‹ ការភ្លឺថ្លានៃសេចក្ដីសង្ឃឹមដ៏ឥតខ្ចោះ › នាំឲ្យបុគ្គលម្នាក់ៗបានពេញដោយពន្លឺ ។ នោះសេចក្ដីសង្ឃឹមរបស់ពួកគេនឹងត្រូវបានបង្ហាញឡើង ហើយអ្វីៗជាច្រើនក៏ត្រូវបានមើលឃើញដែរ ! … ពេលខ្លះនៅក្នុងភាពងងឹតដ៏ខ្លាំងបំផុត នោះគ្មានពន្លឺពីខាងក្រៅទេ — មានតែពន្លឺពីខាងក្នុងមួយ ដើម្បីដឹកនាំ និងធានាអះអាងប៉ុណ្ណោះ » ។
អែលឌើរ នែល អេ ម៉ាក់ស្វែល ( ឆ្នាំ ១៩២៦–២០០៤ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ « Brightness of Hope » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ។
ឈានទៅមុខ
តើអ្នកចាំបាច់ត្រូវធ្វើអ្វីខ្លះ ខណៈដែលអ្នកឈានទៅមុខនៅលើផ្លូវទៅកាន់ជីវិតដ៏អស់កល្បជានិច្ច ? សូមអាននូវអ្វីដែលមនុស្សនៅក្នុងការនិមិត្តរបស់លីហៃ អំពីដើមឈើជីវិតបានធ្វើ ( សូមមើលនីហ្វៃទី ១ ៨:៣០ ) ។ តើអ្នកអាចគិតអំពីគំរូផ្សេងទៀតមកពីបទគម្ពីរឬទេ ?
ភាពខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ
ភាពខ្ជាប់ខ្ជួនមានន័យថា ឈររឹងមាំ ពុំផ្លាស់ប្ដូរ ។ ភាពខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ មានន័យថាមានសេចក្ដីជំនឿទៅលើទ្រង់ពុំងាករេ ហើយគោរពតាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ រួមមានទាំងការទទួល និងការធ្វើពិធីបរិសុទ្ធ ព្រមទាំងការរក្សាសេចក្ដីសញ្ញានានា ។