សារលិខិតគណៈប្រធានទីមួយ
សុភមង្គល សម្រាប់មនុស្សដែលយើងស្រឡាញ់
យើងទាំងអស់គ្នាចង់បានសុភមង្គលសម្រាប់អស់អ្នកដែលយើងស្រឡាញ់ ហើយយើងចង់ឲ្យពួកគេមានការឈឺចាប់តិចបំផុត បើអាចធ្វើទៅបាន ។ នៅពេលយើងអានអំពីដំណើរឿងទាំងឡាយនៃសុភមង្គល — និងអំពីការឈឺចាប់ — នៅក្នុងព្រះគម្ពីរមរមន នោះដួងចិត្តរបស់យើងត្រូវបានពុះកញ្ជ្រោល នៅពេលយើងគិតអំពីមនុស្សជាទីស្រឡាញ់របស់យើង ។ នេះគឺជាដំណើររឿងពិតមួយអំពីគ្រានៃសុភមង្គល ៖
« ហើយហេតុការណ៍បានកើតឡើងថា គ្មានការទាស់ទែងគ្នានៅក្នុងដែនដីឡើយ ដោយព្រោះមកពីសេចក្ដីស្រឡាញ់នៃព្រះ ដែលបានស្ថិតនៅក្នុងចិត្តរបស់មនុស្ស ។
« ហើយពុំមានការឈ្នានីស ការទាស់ទែងគ្នា ការច្របូកច្របល់ ការសហាយស្មន់ ការភូតកុហក ការកាប់សម្លាប់ ឬក៏អំពើអាសអាភាសណាមួយឡើយ ហើយពិតជាគ្មានប្រជាជនណា ដែលរីករាយសប្បាយជាងប្រជាជនដែលបានត្រូវបង្កើតដោយព្រះហស្ដនៃព្រះឡើយ » ។
រួចហើយយើងអាន ៖
« ហើយពួកគេបានទទួលពរដ៏ម៉្លេះហ្ន៎ ! ព្រោះព្រះអម្ចាស់ទ្រង់បានប្រទានពរដល់ពួកគេ ចំពោះគ្រប់កិច្ចការរបស់គេ មែនហើយពួកគេបានទទួលពរ ហើយចម្រើនឡើង រហូតដល់ឆ្នាំទីមួយរយដប់បានកន្លងផុតទៅ ហើយតំណរទីមួយ ចាប់ពីព្រះគ្រីស្ទទ្រង់យាងមក ក៏បានស្លាប់ទៅ ហើយនៅលើដែនដីទាំងមូល ពុំមានការទាស់ទែងអ្វីឡើយ » ( នីហ្វៃទី ៤ ១:១៥–១៦, ១៨ ) ។
ពួកសិស្សជាទីស្រឡាញ់របស់ព្រះគ្រីស្ទ បានអធិស្ឋាន ហើយខិតខំធ្វើការដើម្បីឲ្យពរជ័យបែបនោះកើតមានចំពោះមនុស្សដទៃ និងខ្លួនពួកគេផ្ទាល់ ។ ចេញមកពីដំណើររឿងនៅក្នុងគម្ពីរមរមន ចេញមកពីបទពិសោធន៍ផ្ទាល់ខ្លួន ចំពោះមនុស្សយើងភាគច្រើន យើងបានដឹងថា យើងអាចទទួលបានអំណោយទាននៃសុភមង្គល ។ យើងដឹងថា មាគ៌ាទៅកាន់សុភមង្គលគឺត្រូវបានគូសចំណាំយ៉ាងច្បាស់ ។ យើងក៏ដឹងផងដែរថា ការរក្សាឲ្យមានសុភមង្គល គឺពុំងាយស្រួលទេ លុះត្រាតែដូចជាពួកសាសន៍នីហ្វៃ បន្ទាប់ពីការយាងទៅជួបរបស់ព្រះអង្គសង្គ្រោះ ដែលមាន « សេចក្ដីស្រឡាញ់របស់ព្រះ » ស្ថិតនៅក្នុងដួងចិត្តរបស់ពួកគេប៉ុណ្ណោះ ។
សេចក្ដីស្រឡាញ់នោះ គឺស្ថិតនៅក្នុងដួងចិត្តរបស់ពួកសាសន៍នីហ្វៃ ដោយសារតែពួកគេរក្សាក្រឹត្យវិន័យដែលធ្វើឲ្យពរជ័យអាចកើតមានឡើងបាន ។ សេចក្ដីសង្ខេបអំពីក្រឹត្យវិន័យនោះ គឺត្រូវអាចរកឃើញនៅក្នុងការអធិស្ឋានពិធីសាក្រាម៉ង់ ដែលចាប់ផ្ដើមដោយការទូលអង្វរចេញពីដួងចិត្តទៅកាន់ព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់យើង ។ យើងអធិស្ឋានជាមួយដួងចិត្តដែលពោរពេញដោយសេចក្ដីជំនឿ និងដោយសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅ ទៅកាន់ព្រះអង្គសង្គ្រោះរបស់យើងផ្ទាល់ ។ យើងតាំងចិត្តដោយបំណងពិត ដើម្បីលើកដាក់មកលើខ្លួនយើងនូវព្រះនាមរបស់ទ្រង់ ដើម្បីចងចាំទ្រង់ ហើយរក្សាបទបញ្ញត្តិទាំងអស់របស់ទ្រង់ ។ ទីបំផុត យើងអនុវត្តសេចក្ដីជំនឿដែលជឿថា ព្រះវិញ្ញាណបរិសុទ្ធ គឺជាសមាជិកទីបីនៃក្រុមព្រះ តែងតែគង់នៅជាមួយយើង ថ្លែងទីបន្ទាល់ដល់ដួងចិត្តរបស់យើងអំពីព្រះវរបិតាសួគ៌ និងព្រះរាជបុត្រាសំណព្វរបស់ទ្រង់ ។ ( សូមមើល គ. និង ស. ២០:៧៧, ៧៩ ) ។
ដោយមានភាពជាដៃគូពីព្រះវិញ្ញាណបរិសុទ្ធ នោះដួងចិត្តរបស់យើងអាចផ្លាស់ប្ដូរ ដើម្បីឲ្យយើងចង់បាន និងស្វាគមន៍ចំពោះសេចក្ដីស្រឡាញ់នៃព្រះវរបិតាសួគ៌របស់យើង និងនៃព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ របៀបទទួលបានសេចក្ដីស្រឡាញ់នៃព្រះដាក់នៅក្នុងដួងចិត្តរបស់យើង គឺសាមញ្ញទេ ក៏ដូចគ្នានឹងរបៀបដើម្បីបាត់បង់អារម្មណ៍នៃសេចក្ដីស្រឡាញ់នោះនៅក្នុងដួងចិត្តយើងដូច្នោះដែរ ។ ឧទាហរណ៍ មនុស្សម្នាក់អាចនឹងជ្រើសរើសធ្វើការអធិស្ឋានមិនសូវញឹកញាប់ទៅកាន់ព្រះវរបិតាសួគ៌ ឬមិនថ្វាយដង្វាយមួយភាគក្នុងដប់ ឬឈប់ទទួលទានព្រះបន្ទូលនៃព្រះ ឬបដិសេធជនក្រីក្រ និងជនទុគត៌ជាដើម ។
រាល់ជម្រើសដែលពុំរក្សានូវព្រះបញ្ញត្តិទាំងឡាយរបស់ព្រះអម្ចាស់ អាចបណ្ដាលឲ្យព្រះវិញ្ញាណឃ្លាតឆ្ងាយពីដួងចិត្តរបស់យើង ។ ជាមួយនឹងការបាត់បង់នោះ សុភមង្គលក៏នឹងរលាយបាត់ទៅដែរ ។
សុភមង្គលដែលយើងចង់បានសម្រាប់មនុស្សជាទីស្រឡាញ់របស់យើង គឺអាស្រ័យទៅលើជម្រើសរបស់ពួកគេ ។ ទោះជាយើងស្រឡាញ់កូនយើង អ្នករៀនថ្មី ឬមិត្តរបស់យើងច្រើនយ៉ាងណាក្ដី ក៏យើងពុំអាចបង្ខំពួកគេឲ្យកាន់តាមបទបញ្ញត្តិទាំងឡាយ ដើម្បីឲ្យពួកគេបានសក្ដិសមនឹងមានព្រះវិញ្ញាណបរិសុទ្ធ មករំជួលចិត្តពួកគេ ឬផ្លាស់ប្ដូរដួងចិត្តរបស់ពួកគេបានឡើយ ។
ដូច្នេះជំនួយល្អបំផុតដែលយើងអាចផ្ដល់ឲ្យ គឺជាអ្វីៗក៏ដោយដែលដឹកនាំមនុស្សដែលយើងស្រឡាញ់ ឲ្យចេះពិចារណាអំពីជម្រើសផ្ទាល់ខ្លួនរបស់ពួកគេ ។ អាលម៉ា បានធ្វើវាដោយការអញ្ជើញមួយ ដែលអ្នកអាចផ្ដល់ឲ្យ ៖
« សូមឲ្យអ្នករាល់គ្នាបន្ទាបខ្លួនចំពោះព្រះអម្ចាស់ ហើយអំពាវនាវដល់ព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ ហើយចាំយាម និង អធិស្ឋានជានិច្ច ដើម្បីកុំឲ្យអ្នកត្រូវល្បួងលើសជាងអ្វីដែលអ្នករាល់គ្នាអាចអត់ទ្រាំបានឡើយ ម្ល៉ោះហើយ សូមឲ្យបាននាំដោយព្រះវិញ្ញាណបរិសុទ្ធ សូមឲ្យបានក្លាយទៅជារាបទាប ស្លូតបូត ចុះចូល ទ្រាំទ្រ ពោរពេញទៅដោយសេចក្ដីស្រឡាញ់ និងគ្រប់ទាំងសេចក្ដីអត់ធ្មត់
« សូមឲ្យមានសេចក្ដីជំនឿជឿដល់ព្រះអម្ចាស់ សូមឲ្យមានសេចក្ដីសង្ឃឹមមួយថា អ្នករាល់គ្នានឹងទទួលជីវិតដ៏នៅអស់កល្បជានិច្ច សូមឲ្យមានសេចក្ដីស្រឡាញ់នៃព្រះនៅក្នុងចិត្តអ្នកជានិច្ច ដើម្បីឲ្យអ្នករាល់គ្នាបានលើកឡើងនៅថ្ងៃចុងក្រោយបង្អស់ ហើយចូលទៅក្នុងសេចក្ដីសម្រាករបស់ទ្រង់ » ( អាលម៉ា ១៣:២៨–២៩ ) ។
ខ្ញុំអធិស្ឋានសុំឲ្យអ្នកទាំងឡាយដែលអ្នកស្រឡាញ់ អាចទទួលយកការអញ្ជើញដ៏បំផុសគំនិតមួយ ដើម្បីជ្រើសរើសយកផ្លូវទៅកាន់សុភមង្គលដ៏គង់វង្សជានិច្ច ។