ការឈានទៅមុខ
តើអ្នកធ្លាប់គិត អំពីទីកន្លែងណាដែលអ្នកធ្វើដំណើរទៅ និង ទីកន្លែងណាអ្នកចង់ទៅដល់ដែរឬទេ ? បាវចនាម៉្ញូឆលឆ្នាំ ២០១៦ គឺ នីហ្វៃទី ២ ៣១:២០ ហើយខគម្ពីរមួយនេះ បានផ្ដល់នូវដំបូន្មានប្រាំពីរចំណុចអំពីទិសដៅនៅក្នុងជីវិតរបស់អ្នក ។ នៅក្នុងនោះ អ្នកនឹងរកឃើញនូវសេចក្ដីត្រាស់បង្គាប់អំពី ទិសដៅ សកម្មភាព អាកប្បកិរិយា ការរៀនសូត្រ ដែលមកពីព្រះ និង រង្វាន់ដែលបានសន្យាទុក ចំពោះកិច្ចខិតខំរបស់អ្នក ។ ចូរមើលពាក្យគន្លឹះមួយចំនួននៅក្នុងខគម្ពីរនេះ ។
ដើម្បី ឈានទៅមុខ បញ្ជាក់ប្រាប់ថា អ្នកត្រូវបានសុំឲ្យធ្វើការខិតខំដ៏ពិតមួយទប់ទល់នឹងកម្លាំងជំទាស់មួយចំនួន ។ យើងត្រូវដាក់អានុភាពដើម្បីរស់នៅតាមដំណឹងល្អ ដោយសារយើងត្រូវបានរុំព័ទ្ធដោយការទទឹងផ្ទុយរបស់ពិភពលោក ចំពោះបទបញ្ញតិ្ដរបស់ព្រះ ។
តើអ្នកខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទដែរឬទេ ? តើអ្នកស្ថិតនៅក្នុងភក្ដីភាពពុំងាករេចំពោះទ្រង់ដែរឬទេ ?
បើអ្នក « គោរពតាមទ្រង់ » ( សូមមើល យ៉ូហាន ១៥:៤ ) ហើយធ្វើតាមការបង្រៀនរបស់ទ្រង់ នោះអ្នកនៅខ្ជាប់ខ្ជួនដោយពិត ហើយពរជ័យទាំងឡាយនឹងកើតមានមកដល់អ្នកយ៉ាងពិត ។
សេចក្ដី សង្ឃឹម របស់អ្នក និង សេចក្ដីស្រឡាញ់នៃព្រះ និងមនុស្សកើនឡើង នៅពេលអ្នកយល់ ហើយស្គាល់សេចក្តីស្រឡាញ់របស់ព្រះដោយផ្ទាល់ ។ ការយល់ដឹងនេះ រីកចម្រើន នៅពេលអ្នក ទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ នៅពេលអ្នកអនុវត្តតាមព្រះបន្ទូលរបស់ព្រះគ្រីស្ទនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នកប្រកបដោយការដឹងគុណ និងគោលបំណង ។
ហើយទីបំផុត អ្នកត្រូវតែកាន់ខ្ជាប់ ! តើរឿងនោះស្ដាប់ទៅហាក់ដូចជាស្រពាប់ស្រពោន ហើយធុញទ្រាន់ឬ ? តាមពិត ដើម្បី កាន់ខ្ជាប់ អាចមានន័យថា បន្ដទៅមុខដោយសេចក្ដីល្អដែលអ្នកកំពុងធ្វើ — មានភាពខ្ជាប់ខ្ជួននៅក្នុងការខិតខំឈានទៅមុខរបស់អ្នក ។ នៅពេលអ្នកស្ថិតនៅដោយខ្ជាប់ខ្ជួននៅលើមាគ៌ានៃដំណឹងល្អ នោះអ្នកកំពុងកាន់ខ្ជាប់ហើយ ។
តើវាស័ក្តសមដែរឬទេ ? បាទ/ច៎ាស ! ព្រះវរបិតាសួគ៌ប្រកបដោយសេចក្ដីស្រឡាញ់របស់យើង សព្វព្រះទ័យឲ្យយើងត្រឡប់ទៅរកទ្រង់វិញ ដើម្បីមាន ជីវិតអស់កល្បជានិច្ច ជាមួយទ្រង់ ដោយសារតែទ្រង់ត្រាស់ដឹងថា នោះជាកន្លែងដែលយើងនឹងមានសុភមង្គលពិត យូរអង្វែង និងសេចក្ដីអំណរហួសពីអ្វីដែលយើងអាចនឹកដល់នាពេលនេះទៅទៀត ។ នោះជាមូលហេតុដែល នៅក្នុង នីហ្វៃទី ២ ៣១:២០ ទ្រង់បានបញ្ជាក់យ៉ាងច្បាស់លាស់អំពីអ្វីដែលត្រូវធ្វើ ដើម្បីត្រឡប់ទៅរកទ្រង់វិញ ។ យើងអាចធ្វើការនេះដោយមានជំនួយមកពីទ្រង់ ។ ទ្រង់នឹងរៀបចំផ្លូវជានិច្ច សម្រាប់យើងឲ្យធ្វើនូវអ្វីដែលទ្រង់បញ្ជា ។