យុវវ័យ
សកម្មភាពដែលដឹកនាំទៅរកសុភមង្គល
ប្រធាន អាវរិង បង្រៀនថា « សុភមង្គលដែលយើងចង់បានសម្រាប់មនុស្សជាទីស្រឡាញ់របស់យើង គឺអាស្រ័យទៅលើជម្រើសរបស់ពួកគេ » ។
អ្នកអាចអានអំពីលទ្ធផលដែលការជ្រើសរើសទាំងឡាយ អាចកើតមានចេញមកពីគំរូរបស់ នីហ្វៃ លេមិន និង លេមយួល ។ លេមិន និង លេមយួល បានរអ៊ូរទាំ ហើយពុំចង់កាន់តាមបទបញ្ញត្តិទាំងឡាយទេ ( សូមមើល នីហ្វៃទី ១ ២:១២ ) ។ ជាលទ្ធផល ពួកគេ និងកូនចៅរបស់ពួកគេ ត្រូវទទួលបណ្ដាសារ ហើយកាត់ចេញពីវត្តមានរបស់ព្រះអម្ចាស់ ( សូមមើលនីហ្វៃទី ២ ៥:២០–២៤ ) ។ នីហ្វៃ បានជ្រើសរើសគោរពតាមបទបញ្ញត្តិទាំងឡាយ ( សូមមើល នីហ្វៃទី ១ ៣:៧ ) ហើយដោយសារជម្រើសនោះ គាត់ និងប្រជាជនរបស់គាត់ « បានរស់នៅតាមរបៀបនៃសុភមង្គល » ( នីហ្វៃទី ២ ៥:២៧ ) ។
អ្នកអាចជ្រើសរើសដើម្បីមានសុចរិតភាព និងសប្បាយរីករាយ ។ ប៉ុន្តែមនុស្សនៅជុំវិញអ្នក នឹងប្រហែលជានៅតែធ្វើការជ្រើសរើសមិនត្រឹមត្រូវ ដែលនាំទៅរកសេចក្ដីវេទនា ឬគ្មានភាពសុខសាន្ដ ។ ខណៈដែលការសម្រេចចិត្តទាំងនោះ គឺជារបស់ផងពួកគេ នោះគំរូរបស់អ្នក អាចមានឥទ្ធិពលលើការជ្រើសរើសរបស់ពួកគេសម្រាប់សេចក្ដីល្អ ។ តើការជ្រើសរើសរបស់អ្នកអាចនាំមកនូវសុភមង្គលដល់អ្នកដទៃដោយរបៀបណា ? ចូរពិភាក្សាជាមួយនឹងគ្រួសាររបស់អ្នកអំពីរបៀបផ្សេងៗ ដែលអ្នកអាចជះឥទ្ធិពលវិជ្ជមានដល់មនុស្សដែលនៅជុំវិញអ្នក ហើយជួយពួកគេឲ្យមានអារម្មណ៍នៃសុភមង្គល ។