មរ៉ូណៃ ម្ដាយខ្ញុំ និង មេរៀនមួយសម្រាប់ជីវិតរបស់ខ្ញុំ
អ្នកនិពន្ធរស់នៅក្នុង ប្រទេសសិង្ហបុរី ។
មេរៀននេះចេញមកពីព្រះគម្ពីរមរមន បានជួយខ្ញុំឲ្យដឹងថា ខ្ញុំពុំនៅតែម្នាក់ឯងខាងវិញ្ញាណនោះទេ ។
មានរឿងជាច្រើនបានផ្លាស់ប្ដូរសម្រាប់ខ្ញុំ ក្នុងឆ្នាំដែលខ្ញុំឈានចូលដល់វ័យ ១៧ ឆ្នាំ ។ ខ្ញុំបានចូលទៅសាលាថ្មីមួយ ហើយបានបន្ដទៅឆ្នាំទីបីនៃថ្នាក់សិក្ខាសាលារបស់ខ្ញុំ ។ មិនគ្រាន់តែប៉ុណ្ណោះ ប៉ុន្ដែខ្ញុំក៏មានគ្រូថ្នាក់សិក្ខាសាលាថ្មី ៖ ម្ដាយរបស់ខ្ញុំ ។
តើខ្ញុំបានប្រាប់ថា ខ្ញុំគឺជាសិស្សតែម្នាក់គត់នៅក្នុងថ្នាក់របស់គាត់ដែរឬទេ ? ដោយសារតែសាលារៀនដែលខ្ញុំទៅរៀននោះ ត្រូវជិះរថភ្លើងរយៈពេលមួយម៉ោង ពីកន្លែងដែលខ្ញុំរស់នៅ នោះម្ដាយរបស់ខ្ញុំបានសម្រេចចិត្តដើម្បីបង្រៀនថ្នាក់សិក្ខាសាលាពេលព្រលឹមដល់ខ្ញុំនៅផ្ទះ ដូច្នេះខ្ញុំនឹងអាចទៅរៀនទាន់ម៉ោង ។ ខ្ញុំមានសំណាងល្អដើម្បីមានគាត់បង្រៀនខ្ញុំរាល់ថ្ងៃ ប៉ុន្តែវាក៏រសាប់រសល់ខ្លះៗដែរ ។ ខ្ញុំបានយកចិត្តទុកដាក់ទាំងស្រុងទៅលើគាត់ ហើយជាពិសេសវាលំបាកនៅម៉ោង ៥:៣០ ព្រឹក ។
នៅពេលយើងសិក្សាព្រះគម្ពីរមរមន យើងបានរៀនដល់មរ៉ូណៃ ជាព្យាការីម្នាក់ដែលខ្ញុំពិតជាគោរពសរសើរ ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំតែងតែងឿងឆ្ងល់ ៖ ហេតុអ្វីក៏មរ៉ូណៃនៅតែម្នាក់ឯង ? ហេតុអ្វីក៏ព្រះវរបិតាសួគ៌មិនបញ្ជូននរណាម្នាក់ឲ្យនៅជាមួយនឹងលោក ? ហេតុអ្វីក៏លោកពុំរអ៊ូរទាំនៅពេលព្រះអម្ចាស់ទុកឲ្យលោកនៅតែឯងដើម្បីបញ្ចប់ព្រះគម្ពីរមរមន ?
ម្ដាយរបស់ខ្ញុំបានពន្យល់ថា ដោយសារតែសេចក្ដីសុចរិត និងសេចក្ដីជំនឿរបស់លោកទៅលើព្រះវរបិតាសួគ៌ ទើបមរ៉ូណៃបានដឹងថា លោកពុំនៅតែម្នាក់ឯងនោះទេ ។ លោកមានព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ដើម្បីជួយលោកឲ្យបញ្ចប់ព្រះគម្ពីរមរមន ។ ពេលនោះខ្ញុំដឹងថា មរ៉ូណៃ ពុំត្រូវការនរណាម្នាក់ខាងរូបកាយនៅទីនោះជាមួយលោកទេ ដោយសារលោកបានដឹងថា មានតួអង្គខាងវិញ្ញាណគង់នៅទីនោះ មើលថែដល់លោក ។ លោកបានដឹងថា ព្រះវរបិតាសួគ៌នឹងពុំទុកលោកចោលឡើយ ។
រឿងនោះមានឥទ្ធិពលដ៏ធំចំពោះខ្ញុំ ។ ឥឡូវខ្ញុំដឹងថា នៅពេលណាដែលខ្ញុំគិតថា ខ្ញុំនៅតែម្នាក់ឯង នោះខ្ញុំមិននៅតែម្នាក់ឯងខាងវិញ្ញាណទេ ពីព្រោះខ្ញុំមានដៃគូព្រះវិញ្ញាណបរិសុទ្ធ ដែលជួយខ្ញុំមានអារម្មណ៍កាន់តែជិតនឹងព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទរបស់ខ្ញុំ ។ ខ្ញុំដឹងថា ដរាបណាខ្ញុំមានសេចក្ដីជំនឿ ហើយទុកចិត្តទៅលើព្រះអម្ចាស់ នោះខ្ញុំនឹងពុំដើរតែឯកឯង ទេ ។
មេរៀនដ៏សំខាន់មួយនេះ បានមានអានុភាពលើសេចក្ដីជំនឿ និងទីបន្ទាល់របស់ខ្ញុំអំពីព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។ ទោះជាខ្ញុំព្រួយបារម្ភអំពីការមានថ្នាក់សិក្ខាសាលានៅផ្ទះក្ដី ក៏ខ្ញុំឥឡូវមានអំណរគុណ ដោយសារវាបានផ្ដល់នូវបទពិសោធន៍រៀនសូត្រជាពិសេសដល់ខ្ញុំជាមួយនឹងម្ដាយខ្ញុំ ។