ឆ្នាំ​២០១៦
ការ​ការការពារ​ដ៏ល្អបំផុត​នៅទីបំផុតរបស់​យើង ទាស់​នឹង​​របស់​យើងទាស់នឹង​រូប​អាសគ្រាម
January 2016


គេហដ្ឋាន គឺ​ជាក្រុម​គ្រួសារ​របស់​យើង

ការ​ការការពារ​ដ៏ល្អបំផុត​នៅទីបំផុតរបស់​យើង ទាស់​នឹង​​របស់​យើងទាស់នឹង​រូប​អាសគ្រាម

អ្នកនិពន្ធ​​រស់​នៅ​រដ្ឋ វ៉ាស៊ីងតោន ស.រ.អា. ។

នៅក្នុង​ខគម្ពីរមួយ ខ្ញុំ​បាន​ឃើញគន្លឹះ​របស់​គ្រួសារ​ខ្ញុំ​ដើម្បី​ចៀសវាង​ពី​រូបភាព​​ជាក់ស្ដែង ដែលហាក់​ដូចជា​មាន​នៅ​គ្រប់ទីកន្លែង ។

ខ្ញុំ​បាន​ដើរ​ផ្សារ​រក​ទិញ​សម្លៀក​បំពាក់​ទៅរៀន​ជាមួយ​នឹង​កូនប្រុស​អាយុ​ប្រាំ​បួន​ឆ្នាំ​របស់​ខ្ញុំ នៅពេល​ដែល​ការសន្ទនា​របស់​យើង បាន​ផ្លាស់ប្ដូរពី​ការនិយាយ​ដោយរីករាយ​ទៅជា​ចម្ងល់​កាន់​តែ​ហ្មត់ចត់​មួយ​វិញ ។ « ម៉ាក់ ហេតុ​អ្វី​ក៏​ពួកគេ​ដាក់​អ្វីៗ​ទាំង​នោះ​នៅគ្រប់​បង្អួច​ហាង​ដូច្នេះ ?

« អ្វីៗទាំងនោះ » គឺ​គាត់​ចង់សំដៅ​ទៅលើ​រូបភាព​អសីលធម៌ ដែល​ដាក់​តាំង​នៅ​ស្ទើរតែ​គ្រប់​ហាង​ដែល​យើង​បាន​ដើរ​ឆ្លងកាត់ ។ ទោះជា​រូបភាព​នានា​ហាក់ដូចជា​មាននៅទី​នោះ​ជានិច្ចក្ដី តែខ្ញុំ​ពុំ​បាន​យកចិត្ត​ទុកដាក់​នឹង​វា​ទេ​ពីមុន​មកនោះ ។ ប៉ុន្តែ​ធាតុពិត​ដែល​កូនប្រុស​ច្បង​របស់ខ្ញុំ​បាន​ចាប់​ផ្ដើម​កត់​សម្គាល់ បានបណ្ដាល​ឲ្យ​ខ្ញុំ​បាន​ចាប់​អារម្មណ៍​ជាថ្មី ។ នៅ​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក ខ្ញុំ​បាន​ចាប់ផ្ដើម​ឃើញ​រូបភាព​ទាំងនេះ​នៅគ្រប់ទីកន្លែង ៖ នៅ​តាម​ទូរទស្សន៍ នៅ​តាមហាង​លក់​ម្ហូបអាហារ នៅ​តាម​ភោជនីយដ្ឋាន នៅ​ក្នុង​ការផ្សាយ​ពាណិជ្ជកម្ម ដែល​ផ្ញើ​មក​តាម​អ៊ីម៉ែល ។ ខ្ញុំ​ពុំ​អាច​គេចចេញ​ពី​វា​ឡើយ ។ រូបភាព​មួយចំនួន បាន​បង្ហាញស្ដែងខ្លាំង​ពេក ដែល​ខ្ញុំ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ច្របូកច្របល់ ហើយចាប់​ផ្ដើម​មាន​អារម្មណ៍​ភ័យខ្លាច នៅក្នុង​ដួងចិត្ត​ខ្ញុំ ។ តើ​ខ្ញុំ​ត្រូវ​ការពារ​គ្រួសារ​ខ្ញុំ​ពី​អន្ទាក់​នៃ​រូបអាសគ្រាម​យ៉ាង​ដូចម្ដេច ?

នៅគ្រប់​សន្និសីទ​ទូទៅ យើង​បាន​ស្ដាប់​ឮ​ការ​ព្រមាន​អំពី​ឥទ្ធិពល​ដ៏​បំផ្លិច​បំផ្លាញ​របស់វា ហើយ​យើង​បាន​ស្គាល់​ជនរងគ្រោះ​របស់​វា ។ យើង​បានប្រុងប្រយ័ត្ន​យ៉ាង​ខ្លាំង​ចំពោះ​កុំព្យូទ័រ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​មាន​នៅក្នុង​ផ្ទះរបស់​យើង​ប៉ុន្តែ​ច្បាស់ណាស់ លុះត្រា​តែ​កូនៗ​របស់​យើង​ត្រូវបាន​ដាក់ឃុំឃាំង​នៅ​ឲ្យ​ឆ្ងាយ​ដាច់​តែ​ឯង បើ​មិនដូច្នោះ​ទេ វា​ហាក់ដូចជា​គ្មាន​ផ្លូវណា​ដែល​អាច​ចៀស​ផុត​ពីការ​មើល​ឃើញ​នូវ​រូបភាព​ដែល​យើង​ពុំចង់​មើលឃើញ ដែល​នឹងនាំ​ឲ្យ​ចង់ដឹង​ចង់ឃើញ​បន្ថែម​នោះទេ ។ តើការ​មើល​ឃើញ​ដោយ​គ្មាន​កំហុស​របស់​កូនប្រុស​ខ្ញុំ​នៅ​ឯ​ហាង​លក់​ម្ហូបអាហារ អាច​ក្លាយទៅជា​បញ្ហា​ខាង​រូបអាសគ្រាម​ពេញ​មួយជីវិត​របស់គាត់​ដែរ​ឬ​ទេ ? ការ​បារម្ភ​របស់​ខ្ញុំ​ចំពោះរឿង​នេះ​បាន​មាន​កាន់តែ​ខ្លាំងឡើងៗ ហើយ​ខ្ញុំ​បាន​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​គ្មានប្រយោជន៍ និង​ធ្វើ​មិន​បាន​ល្អ​នៅក្នុង​ការការពារ​កូន​របស់​ខ្ញុំ ។

Oil on plaster on board depiction of Lehi's vision. Tree of life is the subject done in light pastel colors with white fruit in clusters against a dark background.

រូបភាព​លម្អិត​មកពី ដើមឈើ​នៃ ជីវិត, ដោយ កាស្សូតុ អ៊ុតា

បន្ទាប់​មក​នៅថ្ងៃមួយ ពេល​ខ្ញុំ​កំពុង​អាន​ព្រះគម្ពីរ​មរមន ខ្ញុំ​បាន​រកឃើញ​នូវការ​អះអាងមួយ​ដោយ​ពុំរំពឹងទុកជាមុននៅក្នុង នីហ្វៃទី ១ ១៥ ។ នីហ្វៃ កំពុង​ពន្យល់​អំពីការ​និមិត្ត​របស់​លីហៃអំពី​ដើមឈើ​នៃជីវិត​ទៅដល់​លេមិន និង​លេមយួល នៅពេល​ពួកគេ​សួរអំពី​អត្ថន័យ​នៃ​ទឹក​ទន្លេ ។ នីហ្វៃ​បាន​ឆ្លើយ​នៅក្នុងខទី ២៧ ៖ « ហើយ​ខ្ញុំ​បាន​និយាយ​ទៅពួកគេ​ថា ទឹក​ដែល​ឪពុក​ខ្ញុំ​ឃើញ​នោះ គឺ​ជាភាព​ស្មោក​គ្រោក ហើយ​ដោយ​ចិត្ត​លោក​រវល់​តែ​គិត​ដល់​រឿង​ផ្សេងៗ​ទៀត បានជា​លោក​មិន​បានឃើញ​ភាព​ស្មោក​គ្រោក​​នៃ​ទឹក​នោះ » ( សេចក្ដី​បញ្ជាក់​ត្រូវបាន​បន្ថែម ) ។ គំនិត​របស់​លីហៃ​បាន​ផ្ដោត​ទៅលើ​ដើម​ឈើ​នៃ​ជីវិត ហើយ​បាន​នាំ​គ្រួសារ​លោក​ឲ្យ​ផ្ដោតលើ​វា ដើម្បី​ទទួល​ទាន​ផ្លែឈើនោះ ! លោក​ពុំ​បាន​មើល​ឃើញ​នូវភាព​ស្មោគគ្រោក​របស់​វា​ទេ ដោយសារ​តែ​ការ​ផ្ដោត​ចិត្ត​នេះ ។

នោះ​គឺជា​ចម្លើយ ! ការ​រារាំង​កុំ​ឲ្យ​មាន​ប្រព័ន្ធផ្សព្វផ្សាយ​មិន​ល្អ​នៅក្នុង​ផ្ទះ​របស់​យើង គឺជា​ការចាប់​ផ្ដើម ប៉ុន្តែ​កិច្ចខិតខំ​ដែលកាន់តែ​ដោយ​ផ្ទាល់ និង​ដោយ​យកចិត្ត​ទុក​ដាក់​ក្នុង​ការបង្រៀន​កូនៗ​របស់​យើង​អំពី​ដំណឹងល្អ គឺជា​អ្វី​ដែល​នឹង​ជា​ការការពារ​ដ៏ល្អបំផុត​នៅទីបំផុត ទាស់​នឹង​រឿង​គ្រប់​យ៉ាង​ដែល​អាច​នាំ​ពួកគេ​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​នោះ ។

ដោយ​សារ​តែ​បទពិសោធន៍ជាមួយ​នឹង​ព្រះគម្ពីរ​នេះ ស្វាមី​ខ្ញុំ និង​ខ្ញុំ​បាន​សម្រេច​ចិត្ត​ខិតខំ​បន្ថែម​ទៀត​ក្នុងការ​បង្រៀន​ដល់កូនៗ​របស់​យើង ហើយ​រក្សា​កែវភ្នែក​របស់​យើង​ផ្ដោត​ទៅលើ​សេចក្ដីស្រឡាញ់​នៃ​ព្រះ ជំនួស​ឲ្យ​ភាព​ស្មោកគ្រោក​ខាង​លោកិយ ។​ យើង​មានអារម្មណ៍​ដ៏អស្ចារ្យ​ដើម្បី​ផ្ដោត​ទៅលើ​ចំណុច​បី​ផ្សេងៗគ្នា* ៖

១. បង្កើន​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​យើង ហើយបន្ថយ « សំឡេង » ដែល​នៅជុំវិញ​យើង ។ ដូចជា លីហៃ ដែរ គំនិត​របស់​យើង ត្រូវ​តែ​ពោរពេញ​ទៅដោយ​រឿង​វិជ្ជមាន​ដើម្បី​ស្ដាប់​ឮ​ការ​បំផុសគំនិត​ពីព្រះវិញ្ញាណ ហើយ​រក្សា​យើង​ឲ្យ​ផ្តោត​ការយកចិត្ត​ទុកដាក់​ទៅលើ​ការ​បោះយុថ្កា​គ្រួសារ​របស់​យើងនៅ​ក្នុងដំណឹងល្អ ។ ស្វាមី​របស់ខ្ញុំ និង​ខ្ញុំ ព្យាយាម​ចំណាយពេល​ពិភាក្សា​អំពី​តម្រូវការ​ខាង​វិញ្ញាណ​របស់​សមាជិក​ម្នាក់ៗ​ក្នុង​គ្រួសារ និង​របៀប​ដែល​យើងអាច​បំពេញ​តម្រូវ​ការ​ទាំងនោះ ហើយធ្វើឲ្យ​គេហដ្ឋាន​ក្លាយ​ជាកន្លែង​ដែល​ព្រះវិញ្ញាណ​អាច​រីក​ចម្រើន​ឡើង​ជាទៀងទាត់ ។

២. ការ​ធ្វើ​ឲ្យ​ការ​សិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ​កាន់តែ​មានអត្ថន័យ ។ ថ្វីបើ​វាតម្រូវ​ឲ្យ​មាន​ការខិតខំ​យ៉ាង​ច្រើន​ដើម្បីប្រមូល​សមាជិក​គ្រួសារ​ជុំគ្នា​ជារៀង​រាល់ថ្ងៃ​ដើម្បីអាន​ព្រះគម្ពីរ​ក្ដី ក៏​យើង​កំពុង​ព្យាយាម​ដើម្បី​មានការ​ពិភាក្សា​កាន់តែ​ច្រើន នៅ​ពេល​យើងអាន​ព្រះគម្ពីរ​ដែរ ។ យើង​មាន​កូនៗ​ដែល​មានអាយុ​ឃ្លាតៗគ្នា​ខ្លាំង ដូច្នេះ​យើង​អាន​ព្រះគម្ពីរ​ជាមួយ​នឹង​កូន​តូចៗ​ពេល​ថ្ងៃ ហើយ​អាន​ជាមួយនឹង​កូនធំៗ​នៅពេល​ព្រឹកព្រលឹម ជាពេល​ដែល​កូនតូចៗ​កំពុង​តែ​នៅគេង​នៅឡើយ ដូច្នេះ​មានការ​រំខានតិច ហើយ​មាន​ឱកាស​កាន់តែច្រើន​សម្រាប់​ការពិភាក្សា​គ្នា ។ យើង​បាន​ឃើញ​ថា យើង​បានពិភាក្សា​ស្ទើរ​តែរាល់ថ្ងៃ​អំពី​ព្រឹត្តិការណ៍​បច្ចុប្បន្ន​ដែលទាក់ទង​ទៅនឹង​បទគម្ពីរ​ដែល​យើង​អាន ។

ពេលព្រឹក​ភាគច្រើន​គឺ​ពុំ​សូវ​ល្អ​ទេ ប៉ុន្ដែ​ដោយសារ​ការស៊ូទ្រាំ នោះ​យើងអាច​ឃើញថា កូនៗ​គឺពិត​ជា​ស្ដាប់ ហើយចូលរួម ទោះជា​ពេលខ្លះ​វា​ត្រូវ​ចំណាយ​ការខិតខំ​ច្រើន​ដើម្បី​ឲ្យ​គ្រប់គ្នា​មក​ចូលរួម​ក្ដី ។

៣. ការ​ធ្វើ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។ នៅពេល​យើង​ថ្លែង​ទីបន្ទាល់​នោះ​ព្រះវិញ្ញាណ​បាន​ថ្លែង​ទីបន្ទាល់​ថា អ្វីៗ​ដែល​យើង​និយាយ​គឺពិត ហើយទីបន្ទាល់​របស់​យើង​រីកចម្រើន ។ យើង​ព្យាយាម​ធ្វើ​ឲ្យកិច្ចការ​ផ្សព្វផ្សាយ​សាសនា​ជា​កិច្ចការ​របស់គ្រួសារ ។ យើង​និយាយ​អំពីការ​ចែកចាយ​ដំណឹងល្អ ហើយ​យើង​ក៏បាន​អញ្ជើញ​មិត្តភក្ដិ​មក​ផ្ទះ​របស់​យើង​យ៉ាង​​ទៀងទាត់ ។ យើង​ក៏​អាច​ឆ្លៀត​គ្រប់ឱកាស​ដើម្បី​អញ្ជើញ​អ្នក​ផ្សព្វផ្សាយសាសនា និង​អ្នក​រៀន​ថ្មី​មក​ចូលរួម នៅ​ពេល​មាន​ការពិភាក្សា​អំពី​ដំណឹងល្អ​ផងដែរ ។ យើង​មាន​បទពិសោធន៍​ដ៏អស្ចារ្យ​ជា​ច្រើន​ក្នុង​ការអញ្ជើញ​​សមាជិក​ថ្មី​នៃ​សាសនាចក្រ និង​អ្នក​រៀន​ថ្មី​មក​រៀន​ក្នុង​ផ្ទះរបស់​យើង ហើយ​វាបាន​ធ្វើ​ឲ្យ​កូនៗ​របស់​យើង​ចាប់​អារម្មណ៍ នៅពេល​ពួកគេ​នឹកគិត​អំពី​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​ពួកគេ និង​បានស្ដាប់​ឮ​មកពី​អ្នកផ្សព្វផ្សាយ​សាសនា​ទាំងនោះ ។

ខ្ញុំ​មានអំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ព្រះគម្ពីរមរមន ហើយ​របៀប​ដ៏​ប្រកប​ដោយ​អព្ភូតហេតុនោះ គឺ​ខគម្ពីរ​មួយ បាន​ផ្ដល់​នូវការ​អះអាង​ដល់​ខ្ញុំ និងការ​ដឹកនាំ​ដ៏​ច្បាស់​មួយ​សម្រាប់គ្រួសារ​របស់​យើង ។ បទគម្ពីរ​ពិតជា​អាច​យកមកដាក់​ជំនួស​ភាពភ័យខ្លាច និង​ភាព​គ្មានជំនួយ​ដោយ​ព្រះចេស្ដា និងភាព​សុខសាន្ដ​យ៉ាង​ពិតប្រាកដ​មែន ។

  • ក្រុម​គ្រួសារ​ផ្សេង​អាច​នឹង​ចាំបាច់​ត្រូវ​ផ្ដោត​ទៅលើ​ផ្នែក​ផ្សេង​ទៀត ដូចជា​មេរៀន​ដើម្បី​បង្រៀន​កូនៗ​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ អំពី​រូបកាយ​របស់យើង និង​ភាព​សមរម្យ​ខាង​ផ្លូវភេទ ។