ថ្ងៃទី ២៧ ខែ កញ្ញា–ថ្ងៃទី ៣ ខែ តុលា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩–១១០ ៖ ‹ ដំណាក់នេះជាដំណាក់របស់ទ្រង់ គឺជាទីនៃបរិសុទ្ធភាពរបស់ទ្រង់ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៧ ខែ កញ្ញា–ថ្ងៃទី ៣ ខែ តុលា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩–១១០ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០២១
ព្រះវិហារបរិសុទ្ធខឺតឡង់ ដោយ ចូន ម៉ាក់ណាត់តុន
ថ្ងៃទី ២៧ ខែ កញ្ញា–ថ្ងៃទី ៣ ខែ តុលា
គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩–១១០
« ដំណាក់នេះជាដំណាក់របស់ទ្រង់ គឺជាទីនៃបរិសុទ្ធភាពរបស់ទ្រង់ »
ដើម្បីមានបទពិសោធន៍ខាងវិញ្ញាណក្នុងការសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩–១០ ជាមួយកុមារនៅក្នុងថ្នាក់របស់អ្នក ដំបូងសូមស្វែងរកបទពិសោធន៍ខាងវិញ្ញាណក្នុងការសិក្សាបទគម្ពីរទាំងនេះដោយខ្លួនអ្នកផ្ទាល់ជាមុនសិន ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមបង្ហាញរូបភាពដែលអាចជួយកុមារឲ្យចងចាំ ហើយចែកចាយអ្វីមួយដែលពួកគេបានរៀនពីគោលការណ៍ ឬព្រឹត្តិការណ៍នានានៅក្នុងគោលលទ្ធិ និង សេចក្តីសញ្ញា ១០៩–១០ ។ ឧទាហរណ៍ អ្នកអាចបង្ហាញរូបភាពមួយនៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និងក្រុមគ្រួសារ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:១២–១៣; ១១០:១–៧
ព្រះវិហារបរិសុទ្ធគឺជាដំណាក់របស់ព្រះអម្ចាស់ ។
សូមសញ្ជឹងគិតពីរបៀបដែលអ្នកនឹងជួយកុមារឲ្យមានគារវភាពចំពោះដំណាក់របស់ព្រះអម្ចាស់ ហើយទន្ទឹងរង់ចាំដល់ថ្ងៃដែលពួកគេអាចចូល« ទីនៃបរិសុទ្ធភាព [ របស់ទ្រង់ ] » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:១៣ ) ។
សកម្មភាពដែលអាចជ្រើសរើស
-
ចូរសុំឲ្យកុមារប្រាប់អ្នកនូវអ្វីមួយដែលពួកគេស្រឡាញ់អំពីគេហដ្ឋានរបស់ពួកគេ ។ សូមបង្ហាញកុមារនូវរូបភាពមួយពីព្រះវិហារបរិសុទ្ធខឺតឡង់ ហើយប្រើ គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:១២–១៣; ១១០:១–៧ដើម្បីប្រាប់ពួកគេពីថ្ងៃដែលព្រះវិហារបរិសុទ្ធនោះត្រូវបានឧទ្ទិសឆ្លង ហើយក្លាយជាដំណាក់របស់ព្រះអម្ចាស់ ( សូមមើលផងដែរ « ជំពូកទី ៣៩ ៖ ព្រះវិហារបរិសុទ្ធខឺតឡង់ត្រូវបានឧទ្ទិសឆ្លង » ដំណើររឿងគម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញា ទំព័រ ១៥៤ ) ។ ដើម្បីបង្ហាញថា ព្រះវិហារបរិសុទ្ធគឺជាដំណាក់របស់ព្រះអម្ចាស់ សូមអាននៅក្នុងការអធិស្ឋានសម្រាប់ការឧទ្ទិសឆ្លងដែលយ៉ូសែប ស្ម៊ីធ បានធ្វើឡើង ៖ « ដំណាក់នេះជាដំណាក់របស់ទ្រង់ គឺជាទីនៃបរិសុទ្ធភាពរបស់ទ្រង់ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:១៣ ) ។ សូមឲ្យកុមារចែកចាយនូវអ្វីមួយដែលពួកគេស្រឡាញ់អំពីព្រះវិហារបរិសុទ្ធ ។
-
សូមឲ្យរូបភាពព្រះវិហារបរិសុទ្ធមួយដល់កុមារម្នាក់ៗ ឬឲ្យពួកគេគូរវា ។ សូមច្រៀងចម្រៀងមួយបទរួមគ្នាអំពីព្រះវិហារបរិសុទ្ធ ដូចជាបទ « ខ្ញុំចូលចិត្តមើលព្រះវិហារបរិសុទ្ធ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៩៩ ) ។ សូមឲ្យកុមារលើករូបភាពរបស់ពួកគេឡើងរាល់ពេលដែលពួកគេច្រៀងពាក្យថា « ព្រះវិហារបរិសុទ្ធ » ។ សូមចង្អុលបង្ហាញពួកគេនូវពាក្យផ្សេងទៀតក្នុងចម្រៀងនោះដែលបង្រៀនយើងពីអ្វីមួយដែលសំខាន់អំពីព្រះវិហារបរិសុទ្ធ ។ សូមប្រាប់កុមារពីអារម្មណ៍របស់អ្នកអំពីព្រះវិហារបរិសុទ្ធ និងរបៀបដែលអ្នកដឹងថាវាគឺជាដំណាក់របស់ព្រះអម្ចាស់ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០
កូនសោបព្វជិតភាពត្រូវមានដើម្បីសម្រេចបានកិច្ចការរបស់ព្រះនៅក្នុងសាសនាចក្រសព្វថ្ងៃនេះ ។
ព្រះវិហារបរិសុទ្ធខឺតឡង់មានសារៈសំខាន់នៅក្នុងប្រវត្តិសាសនាចក្រ ។ ព្រះយេស៊ូវគ្រីស្ទបានបង្ហាញព្រះកាយនៅទីនោះ រួមជាមួយនឹងពួកព្យាការីពីបុរាណផងដែរ ។ ពួកព្យាការីទាំងនេះបានផ្ដល់កូនសោបព្វជិតភាពដល់យ៉ូសែប ស្ម៊ីធដែលចាំបាច់ដើម្បីធ្វើកិច្ចការរបស់ព្រះនៅថ្ងៃចុងក្រោយនេះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រើទំព័រសកម្មភាពសម្រាប់សប្ដាហ៍នេះ ឬ« ជំពូកទី ៤០ ៖ ការនិមិត្តនៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ » ( ដំណើររឿងគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញាទំព័រ ១៥៥–៥៧ ) ដើម្បីប្រាប់កុមារពីតួអង្គសួគ៌ាដែលបានយាងមកព្រះវិហារបរិសុទ្ធនោះ ។ សូមសរសេរឃ្លាចេញមកពី គោលលទ្ធិ និង សេចក្តីសញ្ញា ១១០ ដែលជួយអ្នក និងកុមារឲ្យយល់ដឹងពីភាពពិសិដ្ឋនៃព្រឹត្តិការណ៍ទាំងនេះ ។
-
សូមបង្ហាញកុមារនូវកូនសោមួយចំនួន ហើយពិភាក្សាពីមុខងាររបស់កូនសោ ។ សូមអនុញ្ញាតឲ្យកុមារប្ដូរវេនគ្នាកាន់កូនសោ ហើយធ្វើដូចជាកំពុងចាក់សោទ្វារដែលជាប់សោ ។ ពេលពួកគេធ្វើដូច្នេះ សូមពន្យល់ថា យ៉ូសែប ស្ម៊ីធបានទទួលកូនសោបព្វជិតភាពនៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ។ កូនសោទាំងនេះបើកនូវអំណាច និងពរជ័យ ដើម្បីយើងអាចធ្វើកិច្ចការរបស់ព្រះនៅក្នុងសាសនាចក្ររបស់ទ្រង់ ដូចជាការចែកចាយដំណឹងល្អ និងការធ្វើកិច្ចការព្រះវិហារបរិសុទ្ធ ។
-
ដើម្បីជួយកុមារឲ្យយល់ដឹងពីកូនសោដែលអេលីយ៉ាបានផ្ដល់ឲ្យយ៉ូសែប ស្ម៊ីធ សូមច្រៀងចម្រៀងមួយបទរួមគ្នាអំពីអេលីយ៉ា ឬពង្សប្រវត្តិ ដូចជា « Truth from Elijah » ( សៀវភៅចម្រៀងកុមារ ទំព័រ ៩០–៩១ ) ។ សូមប្រាប់ពីបទពិសោធន៍មួយដែលបានជួយបង្វែរដួងចិត្តអ្នកទៅកាន់បុព្វការីជនរបស់អ្នក ។ សូមឲ្យកុមារចែកចាយពីអ្វីមួយដែលពួកគេដឹងអំពីជីដូនជីតាម្នាក់ ឬបុព្វការីជនផ្សេងទៀត ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩;ស ១១០:១–១០
ព្រះវិហារបរិសុទ្ធគឺជាដំណាក់របស់ព្រះអម្ចាស់ ។
តើអ្នកនឹងចែកចាយជាមួយនឹងកុមារនូវសេចក្ដីស្រឡាញ់របស់អ្នកចំពោះដំណាក់របស់ព្រះអម្ចាស់តាមរបៀបណា ? សូមពិចារណាពីរបៀបដែលអ្នកនឹងបំផុសគំនិតពួកគេឲ្យទទួលយកសំណូមពរដែលអែលឌើរ ឃ្វីនថិន អិល ឃុក « សុំឲ្យយើងម្នាក់ៗ មិនថាយើងរស់នៅទីណាទេ ដើម្បីមើលឃើញខ្លួនឯងនៅក្នុងព្រះវិហារបរិសុទ្ធ » ( « ចូរស្រមៃថា អ្នកនៅក្នុងព្រះវិហារបរិសុទ្ធ » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៩៨ ) ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមជ្រើសរើសខគម្ពីរនៅក្នុង កណ្ឌទី ១០៩ ឬ ១១០ ដែលអ្នកមានអារម្មណ៍ថាបានគូសបញ្ជាក់ពីពរជ័យនៃព្រះវិហារបរិសុទ្ធ ( ខគម្ពីរមួយចំនួនត្រូវបានណែនាំនៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ) ។ សូមសរសេរពរជ័យទាំងនេះនៅលើក្ដារខៀន ហើយឲ្យកុមារស្រាវជ្រាវខគម្ពីរដែលអ្នកជ្រើសរើសដើម្បីស្វែងរកពរជ័យទាំងនេះ ។ តើយើងអាចបង្ហាញដល់មនុស្សម្នាក់ពីមូលហេតុដែលព្រះវិហារបរិសុទ្ធសំខាន់ចំពោះយើងតាមរបៀបណា ?
-
សូមឲ្យកុមារអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:១–១០ ដោយស្ងៀមស្ងាត់ ហើយឲ្យពួកគេចែកចាយអ្វីមួយដែលពួកគេរៀនពីព្រះយេស៊ូវគ្រីស្ទ ឬព្រះវិហារបរិសុទ្ធមកពីខគម្ពីរទាំងនេះ ។ សូមឲ្យកុមារគូររូបខ្លួនពួកគេ និងព្រះអង្គសង្គ្រោះនៅក្នុងព្រះវិហារបរិសុទ្ធ ។
-
សូមឲ្យកុមារស្រមៃថា មិត្តភក្ដិម្នាក់កំពុងព្យាយាមស្វែងរកគេហដ្ឋានរបស់ពួកគេ ។ តើយើងអាចជួយមិត្តភក្តិរបស់យើងឲ្យស្គាល់ថា តើគេហដ្ឋានរបស់យើងគឺមួយណាដោយរបៀបណា ? តើយើងដឹងថា ព្រះវិហារបរិសុទ្ធគឺជាដំណាក់របស់ព្រះអម្ចាស់តាមរបៀបណា ? សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:១២–១៣ ជាមួយកុមារ ហើយសូមប្រាប់ពួកគេពីរបៀបដែលអ្នកដឹងថា ព្រះវិហារបរិសុទ្ធគឺជាព្រះដំណាក់របស់ព្រះអម្ចាស់ ។ សូមបង្ហាញរូបព្រះវិហារបរិសុទ្ធ ហើយឲ្យកុមារចែកចាយអារម្មណ៍របស់ពួកគេអំពីដំណាក់របស់ព្រះអម្ចាស់ ។
-
សូមច្រៀងជាមួយកុមារនូវបទ« ព្រះវិញ្ញាណនៃព្រះ » ( ទំនុកតម្កើង ល.រ. ២ ) ហើយប្រាប់ពួកគេថា បទនេះត្រូវបានច្រៀងនៅឯការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធខឺតឡង់—និងនៅក្នុងការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធសព្វថ្ងៃនេះ ។ ហេតុអ្វីចម្រៀងនេះគឺជាចម្រៀងដ៏ល្អមួយសម្រាប់ការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធខឺតឡង់ ?
នៅជ្រុងនីមួយៗនៃព្រះវិហារបរិសុទ្ធខឺតឡង់មាននូវវេទិកាសម្រាប់ថ្នាក់ដឹកនាំបព្វជិតភាព ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:១១–១៦
កូនសោបព្វជិតភាពត្រូវមានដើម្បីសម្រេចបានកិច្ចការរបស់ព្រះនៅក្នុងសាសនាចក្រសព្វថ្ងៃនេះ ។
អែលឌើរ ហ្គារី អ៊ី ស្ទីវ៉ែនសុន បានមានប្រសាសន៍ថា « បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌គ្រប់រូប [ ធ្លាប់ ] ត្រូវបានបង្ខាំងទុកពីពិធីបរិសុទ្ធនៃការសង្គ្រោះនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ—រហូតដល់ការស្ដារឡើងវិញដ៏ទេវភាពមួយត្រូវបានធ្វើឡើងដោយ [ ម៉ូសេ អេលីយ៉ា និងអេលីយ៉ាស ] »( « តើកូនសោ និងសិទ្ធិអំណាចនៃបព្វជិតភាពនៅឯណា ? » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៣០ ) ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារស្រាវជ្រាវ គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:១១–១៦ រកឈ្មោះព្យាការីពីបុរាណចំនួន បីរូប ដែលបានបង្ហាញខ្លួននៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ។ បន្ទាប់មក សូមជួយពួកគេឲ្យស្វែងរកពាក្យនៅក្នុងខគម្ពីរទាំងនេះដែលរៀបរាប់ពីអ្វីដែលព្យាការីម្នាក់ « បានផ្ដល់ » ឬប្រគល់ដល់យ៉ូសែប ស្ម៊ីធ និងអូលីវើរ ខៅឌើរី ។ អ្នកអាចស្វែងរកការរៀបរាប់ដ៏មានប្រយោជន៍មួយនៅក្នុង « ជំពូកទី ៤០ ៖ ការនិមិត្តនៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ » ( ដំណើររឿងគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ទំព័រ ១៥៦–១៥៧ ) ។
-
សូមចែកចាយការរៀបរាប់ពីកូនសោបព្វជិតភាពដោយប្រធាន រ័សុល អិម ណិលសុនថា « នៅក្នុងហោប៉ៅរបស់បងប្អូន ប្រហែលជាមានកូនសោមួយដើម្បីចាក់សោទ្វារផ្ទះ ឬឡាន ។ ផ្ទុយទៅវិញ កូនសោបព្វជិតភាពឥតរូបរាង ហើយមើលមិនឃើញឡើយ ។ វាបើកសិទ្ធិអំណាចនៃបព្វជិតភាព » ( « Personal Priesthood Responsibility » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៤៥–៤៦ ) ។ ដើម្បីបង្ហាញពីសារៈសំខាន់នៃកូនសោបព្វជិតភាព សូមពិភាក្សាជាមួយនឹងកុមារពីបញ្ហានៃការបាត់កូនសោចូលផ្ទះ ឬសោឡាន ។ តើការណ៍នេះស្រដៀងគ្នាទៅនឹងការបាត់កូនសោបព្វជិតភាពយ៉ាងដូចម្ដេច ? សូមជួយកុមារឲ្យយល់ដឹងថា តើនរណាដែលកាន់កូនសោបព្វជិតភាពសព្វថ្ងៃនេះ និងរបៀបដែលកូនសោទាំងនេះត្រូវបានប្រើប្រាស់ដើម្បីបើកពរជ័យសម្រាប់បុត្រាបុត្រីរបស់ព្រះគ្រប់រូប ( សូមមើល « កូនសោបព្វជិតភាព » ពិតចំពោះសេចក្តីជំនឿ ទំព័រ ១២៦–២៧ ) ។
-
ដើម្បីពន្យល់បន្ថែមទៀតពីកូនសោដែលបានស្ដារឡើងវិញនៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ សូមបង្ហាញវីដេអូ « By the Hand of Elijah the Prophet » (នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សូមពិភាក្សាពីអ្វីដែលយើងអាចធ្វើដើម្បីចូលរួមនៅក្នុងកិច្ចការដែលកូនសោរបស់អេលីយ៉ាសធ្វើឲ្យកើតឡើងបាន ។ ឬបង្ហាញវីដេអូ « Gatherers in the Kingdom » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ហើយនិយាយពីរបៀបដែលយើងអាចជួយប្រមូលផ្ដុំបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ឲ្យមករកទ្រង់វិញ ។
2:3
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមឲ្យកុមារប្រើទំព័រសកម្មភាពសប្ដាហ៍នេះ ឬរូបភាពមួយដែលពួកគេបានគូរនៅក្នុងថ្នាក់ ដើម្បីបង្រៀនគ្រួសាររបស់ពួកគេពីអ្វីមួយដែលពួកគេបានរៀននៅថ្ងៃនេះពីព្រះវិហារបរិសុទ្ធ ឬកូនសោបព្វជិតភាព ។
ការអភិវឌ្ឍន៍ការបង្រៀនរបស់យើង
សូមបង្កើតបរិយាកាសមួយប្រកបដោយសេចក្ដីស្រឡាញ់ និងមានគារវភាព ។ « គំរូរបស់អ្នកមានឥទ្ធិពលដ៏អស្ចារ្យមួយទៅលើឥរិយាបថរបស់ [ កុមារ ] ។ … ជាមួយនឹងពាក្យសម្ដី និងទង្វើរបស់អ្នក សូមបង្ហាញដល់ពួកគេថា អ្នកស្រឡាញ់ដំណឹងល្អ ហើយថា អ្នកខ្វល់ខ្វាយពីការរីកចម្រើនខាងវិញ្ញាណរបស់ពួកគេ » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទំព័រ ១៥ ) ។