គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ១១–១៧ ខែ តុលា ។ គោលលទ្ធិ និង​ សេចក្ដីសញ្ញា ១១៥–១២០ ៖ « ការ​បូជា​របស់​គាត់​នឹង​បាន​រាប់​ថា​ពិសិដ្ឋ​ដល់​យើង ជាង​ការ​ដំឡើង​របស់​គាត់​ទៅ​ទៀត »


« ថ្ងៃទី ១១–១៧ ខែ តុលា ។ គោលលទ្ធិ និង​ សេចក្ដីសញ្ញា ១១៥–១២០ ៖ ‹ ការ​បូជា​របស់​គាត់​នឹង​បាន​រាប់​ថា​ពិសិដ្ឋ​ដល់​យើង ជាង​ការ​ដំឡើង​របស់​គាត់​ទៅ​ទៀត › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១១–១៧ ខែ តុលា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១១៥–១២០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ឆ្នាំ ២០២១

ហ្វារវែស្ទ

ហ្វារវែស ដោយ អល រ៉ោនស៍

ថ្ងៃទី ១១–១៧ ខែ តុលា

គោលលទ្ធិ និង សេចក្តី​សញ្ញា ១១៥–១២០

« ការ​បូជា​របស់​គាត់​នឹង​បាន​រាប់​ថា​ពិសិដ្ឋ​ដល់​យើង ជាង​ការ​ដំឡើង​របស់​គាត់​ទៅ​ទៀត »

សូម​ឲ្យ​ព្រះវិញ្ញាណ​ដឹក​នាំ​អ្នក​ទៅ​កាន់​គោលការណ៍​ដែល​កុមារ​ត្រូវការ​បំផុត ។ អ្នក​អាច​ស្វែង​រក​គំនិត​ល្អៗ​នៅ​ក្នុង​សកម្មភាព​សម្រាប់​កុមារ​តូចៗ ឬ​កុមារ​ធំៗ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

ម្ដង​ម្កាល វា​អាច​ជា​ការ​ល្អ​ដើម្បី​និយាយ​នឹង​ឪពុក​ម្ដាយ​របស់​កុមារ​ម្នាក់​ទុក​ជា​មុន ហើយ​ណែនាំ​ឲ្យ​កុមារ​នោះ​ឲ្យ​មក​ថ្នាក់​ដើម្បី​រៀប​ចំ​ខ្លួន​ចែកចាយ​អ្វី​មួយ​ដែល​គាត់ ឬ​នាង​បាន​រៀន​នៅ​ឯ​គេហដ្ឋាន ។ កុមារ​នោះ​អាច​រីករាយ​នឹង​ការ​ដឹកនាំ​សកម្មភាព​មួយ​ដែល​គាត់ ឬ​នាង​បាន​ធ្វើ​ជាមួយ​នឹង​សមាជិក​គ្រួសារ​នៅ​ក្នុង​ថ្នាក់ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥:៤–៥

ខ្ញុំ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

តើ​អ្នក​អាច​ជួយ​កុមារ​ឲ្យ​ស្គាល់​ពរជ័យ​នៃ​ការ​ធ្វើ​ជា​ផ្នែក​មួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​តាម​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សួរ​កុមារ ប្រសិន​បើ​ពួកគេ​ណា​ម្នាក់​អាច​និយាយ​ឈ្មោះ​ពេញ​របស់​សាសនាចក្រ​បាន ។ សូម​បង្ហាញស្លាក​​សញ្ញា​របស់​សាសនាចក្រ​ ( នៅ​លើ​ទស្សនាវដ្ដី​របស់​សាសនាចក្រ ឬ​នៅ​លើ​ស្លាក​ឈ្មោះ​របស់​អ្នក​ផ្សព្វផ្សយ​សាសនា ) សូម​សរសេរ​ឈ្មោះ​នោះ​នៅ​លើ​ក្ដារ​ខៀន ឬ​អាន​វា​ឲ្យ​ពួកគេ​ស្ដាប់​នៅ​ក្នុង ​គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥:៤ ។ សូម​ឲ្យ​កុមារ​អាន​​ឈ្មោះ​នោះ​ជាមួយ​នឹង​អ្នក ពេល​អ្នក​ចង្អុល​ពាក្យ​នីមួយៗ ។ សូម​ចង្អុល​បង្ហាញ​ពាក្យ​សំខាន់ៗ​នៅ​ក្នុង​ឈ្មោះ​នោះ ហើយ​ជួយ​កុមារ​ឲ្យ​យល់ដឹង​ពី​ហេតុផល​ដែល​ពាក្យ​ទាំង​នេះ​មាន​សារៈ​សំខាន់ ​( សូមមើល​« ជំពូក​ទី ៤៣ ៖ ព្រះយេស៊ូវគ្រីស្ទ​ដាក់​ឈ្មោះ​ឲ្យ​សាសនាចក្រ​របស់​ទ្រង់ »​ ដំណើរ​រឿង​​គម្ពីរ​​គោលលទ្ធិ និង សេចក្តី​សញ្ញា​ទំព័រ ១៦៤ ) ។

  • សូម​ច្រៀង​រួមគ្នា​បទ « សាសនាចក្រ​ព្រះយេស៊ូវ​គ្រីស្ទ » ​( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤៨ ) ហើយ​ចែកចាយ​នឹង​កុមារ​ពី​អារម្មណ៍​របស់​អ្នក​ចំពោះ​ការ​ក្លាយ​ជា​សមាជិក​ម្នាក់​ក្នុង​សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ចូរ​ឲ្យ​ពួកគេ​ចែកចាយ​អារម្មណ៍​របស់​ពួកគេ​ពី​សាសនាចក្រ ។

  • ចូរ​សុំ​ឲ្យ​កុមារ​ឈរ​ ពេល​អ្នក​អាន​ពាក្យ​ថា « ក្រោក​ឡើង »​ នៅ​ក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥:៥ ។ សូម​ឲ្យ​ពួកគេ​ដាក់​ម្រាម​ដៃ​ដូចជា​ពន្លឺ​ព្រះអាទិត្យ​ពេល​អ្នក​អាន​ពាក្យ​ « បញ្ចាំង​ពន្លឺ​ចេញ​ទៅ » ។ សូម​ច្រៀង​ចម្រៀង​មួយ​បទ​ជាមួយគ្នា​ពី​ការ​ធ្វើ​ជា​ពន្លឺ​ដល់​មនុស្ស​ដទៃ ដូចជា​បទ « ខ្ញុំ​ជា​ដួង​តារា » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៨៤ ) ។ សូម​រំឭក​កុមារ​ថា ពន្លឺ​របស់​យើង​មក​ពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ជួយ​ពួកគេ​ឲ្យ​គិត​ពី​វិធី​ដែល​ពួកគេ​អាច ​« បញ្ចាំង​ពន្លឺ​ចេញ​ទៅ » ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៧:៦

ព្រះយេស៊ូវគ្រីស្ទ​បាន​បង្កើត​ពិភពលោក​នេះ ព្រមទាំង​គ្រប់​របស់​ទាំងអស់​ដែល​នៅលើ​នោះ​ផង ។

ដើម្បី​លើក​ទឹក​ចិត្ត​ដល់​វិលលាម ម៉ាក្ស និង​នូវេល ខេ វិតនី ឲ្យ លះបង់​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ ហើយ​ផ្លាស់​ទៅ​រដ្ឋ​មិសសួរី នោះ​ព្រះអម្ចាស់​បាន​រំឭក​ពួកគេ​ថា ទ្រង់​បាន​បង្កើត​អ្វីៗ​គ្រប់​យ៉ាង​នៅ​លើ​ផែនដី ។ តើ​កុមារ​អាច​នឹង​មាន​ពរ​ដោយ​ការ​ដឹង​ពី​សេចក្ដី​ពិត​នេះ​តាម​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​យក ឬ​គូរ​រូបភាព​នៃ​ការ​បង្ក​បង្កើត​នៅក្នុង​ គោលលទ្ធិ និង សេចក្តីសញ្ញា ១១៧:៦ ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ទ្រង់​បាន​បង្កើត​( ឬ​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូបភាព​របស់​ពួកគេ​ផ្ទាល់ ) ។ សូម​ឲ្យ​កុមារ​លើក ឬ​ចង្អុល​រូបភាព​នោះ ពេល​អ្នក​អាន​ខគម្ពីរ​ទាំង​នេះ ។ សូម​ប្រាប់​កុមារ​ថា​ហេតុអ្វី​វា​​សំខាន់​ចំពោះ​អ្នក​ដើម្បី​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​បង្កើត​របស់​អស់​ទាំង​នេះ ?

  • សូមច្រៀង​ចម្រៀង​មួយ​បទ​ជាមួយ​កុមារ​អំពី​ការបង្កបង្កើត​របស់​ព្រះ​អម្ចាស់ ដូចជា​បទ « ព្រះវរបិតា​ស្រឡាញ់​ខ្ញុំ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៦–១៧ ) ។ សូម​ឲ្យ​កុមារ​និយាយ​ពី​រឿង​មួយ​ចំនួន​ដែល​ព្រះ​បានបង្កើត ដែល​ជួយ​ពួកគេ​ឲ្យ​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១១៩–២០

ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ជួយ​សាសនាចក្រ​ឲ្យ​​ធ្វើ​កិច្ចការ​របស់​ព្រះ ។

កុមារ​ជាច្រើន​ដែល​អ្នក​បង្រៀន​ប្រហែល​ជា​ក្មេង​ពេក​ដើម្បី​រក​ប្រាក់ ហើយ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ប៉ុន្ដែ​វា​គឺជា​ការ​ល្អ​សម្រាប់​ពួកគេ​ដើម្បី​យល់​ដឹង​ពី​របៀប​ដែល​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ចូល​រួម​ចំណែក​ក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​ដែល​សាសនាចក្រ​ធ្វើ​នៅ​ទូទាំង​ពិភពលោក ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ពន្យល់​ពី​របៀប​ដែល​យើង​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ការ​ប្រើ​ប្រាស់​មូលនិធិ​នេះ​( សូមមើល « ជំពូកទី ៤៤ ៖ ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ » ដំណើររឿង​​គម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ទំព័រ ១៦៥–៦៦ ឬវីដេអូ​ដែល​មាន​ដំណើររឿង​នោះ​នៅ​ក្នុង​គេហទំព័រ ChurchofJesusChrist.org ) ។ សូម​គូររូប​កាក់​ចំនួន ​១០ ​នៅលើ​ក្តារខៀន ហើយ​សុំ​ឲ្យ​កុមារ​ជួយ​អ្នក​រាប់​កាក់​ទាំង​នោះ ។ សូម​កំណត់​ពី​ចំនួន​ដែល​ត្រូវ​ថ្វាយ​ព្រះអម្ចាស់​សម្រាប់ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​ជាមួយ​គ្នា​អំពី​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ដូចជា​បទ « I Want to Give the Lord My Tenth » ( Children’s Songbook ទំព័រ ១៥០ ) ហើយ​ប្រាប់​កុមារ​ពី​ហេតុផល​ដែល​អ្នក​ជ្រើស​រើស​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន សូម​ចែកចាយ​រឿង​ផ្ទាល់ខ្លួន​មួយ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

គោលលទ្ធិ និង សេចក្តី​សញ្ញា ១១៥:៤–៦

គំរូ​របស់​ខ្ញុំ​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​មក​រក​ព្រះគ្រីស្ទ ហើយ​រក​ឃើញ​សុវត្ថិភាព ។

កុមារ​ដែល​អ្នក​បង្រៀន​ទំនង​ជា​ស្គាល់​ពី​មនុស្ស​ដែល​រង​គ្រោះ​ដោយ​ព្យុះ​ភ្លៀង​នៃ​ជីវិត ហើយ​ត្រូវការ​ « ទីជម្រក »​ ( ខទី ៦ )​ ដែល​​សាសនាចក្រ​បាន​ផ្ដល់​ឲ្យ ។ សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​នឹង​បំផុស​គំនិត​កុមារ​ឲ្យ ​« ក្រោក​ឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ » ​( ខ​ទី ៥ ) ហើយ​ចែកចាយ​ពន្លឺ​របស់​ពួកគេ​ជាមួយ​នឹង​មនុស្ស​ទាំង​នេះ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ហុច​ត​គ្នា​នូវ​ពិល រូប​ព្រះអាទិត្យ ឬ​អ្វី​មួយ​ផ្សេង​ទៀត​ដែល​តំណាង​ឲ្យ​ពន្លឺ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ពេល​ដល់​វេណ​របស់​ពួកគេ​ដើម្បី​កាន់​ពន្លឺ​នោះ សូម​ឲ្យ​កុមារ​អាន ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៥:៤–៥ ហើយ​ប្រាប់​ឈ្មោះ​ពី​អ្វី​មួយ​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី ​« បញ្ចាំង »​ ដូច​ជា​ពន្លឺ​ចេញ​ទៅ​សម្រាប់​មនុស្ស​ដទៃ ​( សូមមើល​នីហ្វៃ​ទី ៣ ១៨:២៤ ) ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូប​ដែល​រៀបរាប់​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៥:៦។ ឧទាហរណ៍ ពួកគេ​អាច​គូរ​ព្យុះ​មួយ​ដែល​មាន​មនុស្ស​កំពុង​ស្វែង​រក​ទី​ជម្រក​នៅ​ក្នុង​អគារ​សាសនាចក្រ ។ តើ​ព្យុះ​ភ្លៀង​អាច​តំណាង​ឲ្យ​អ្វី​ខ្លះ ? តើ​សាសនាចក្រ​ផ្ដល់​ទីជម្រក​ឲ្យ​ចៀស​ផុត​ពី​អ្វីៗ​ទាំង​នេះ​ដោយ​របៀប​ណា ?

គោលលទ្ធិ និង សេចក្តីសញ្ញា ១១៧

ការ​លះបង់​របស់​ខ្ញុំ​មាន​ភាព​ពិសិដ្ឋ​ចំពោះ​ព្រះអម្ចាស់ ។

នៅ​ក្នុងកណ្ឌ​ទី ១១៧​ ព្រះអម្ចាស់​បាន​ប្រឹក្សា​ដល់​វិលលាម ម៉ាក្ស និង​នូវេល ខេ វិតនី ឲ្យ​លះបង់​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​នៅ​ក្រុង​ខឺតឡង់​សម្រាប់​ពរជ័យ​ដ៏​កាន់តែ​​អស្ចារ្យ​​ជាង​នេះនៅ​រដ្ឋ​មិសសួរី ។ ទ្រង់​បាន​កោត​សរសើរ​ចំពោះ​អូលីវើរ គ្រែនជើរ ​ផង​ដែរ​សម្រាប់​ការ​លះបង់​ដែល​គាត់​បាន​ធ្វើ ។ តើ​អ្នក​ចាប់អារម្មណ៍​ថា​ កុមារ​អាច​រៀន​អ្វី​ខ្លះ​មក​ពី​គំរូ​របស់​ពួកគាត់ ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ស្រមៃថា ពួកគេ​គឺជា​ម្ចាស់​ហាង​ម្នាក់​ដ៏​មាន​ជោគ​ជ័យ​នៅ​ក្រុង​ខឺតឡង់​ដូចជា នូវេល ខេ វិតនី​ដែរ ។ តើ​ពួកគេ​នឹង​មាន​អារម្មណ៍​បែប​ណា ប្រសិន​បើ​ព្រះអម្ចាស់​សុំ​ឲ្យ​ពួកគេ​ទុក​ហាង​ពួកគេ​ចោល ហើយ​ផ្លាស់​ទៅ​កន្លែង​មួយ​ថ្មី​នោះ ? សូម​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៧:១–១១ ឲ្យ​កុមារ​ស្ដាប់ ហើយ​សុំ​ឲ្យ​កុមារ​បញ្ឈប់​អ្នក ពេល​ពួកគេ​ឮ​អ្វី​មួយ​ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​មាន​សេចក្ដី​ជំនឿ​ដើម្បី​ធ្វើ​ការ​លះបង់ ហើយ​គោរព​តាម​ព្រះអម្ចាស់ ។ តើ​យើង​លះបង់​អ្វីខ្លះ​នៅ​សព្វ​ថ្ងៃ​នេះ​ដើម្បី​គោរព​តាម​ព្រះអម្ចាស់ ?

  • សូម​ប្រាប់​កុមារ​ដោយ​សង្ខេប​ពី​ហេតុផល​ដែល​ពួក​បរិសុទ្ធ​បាន​ចាក​ចោល​ក្រុង​ខឺតឡង់ ឬ​ឲ្យ​កុមារ​ម្នាក់​សម្ដែង​រឿង​នេះ ​( សូមមើល​« ជំពូក​ទី ៤១ ៖ ក្តី​អំពល់​នៅក្នុង​ទីក្រុង​ខឺតឡង់ »​ដំណើររឿង​គម្ពីរ​គោលលទ្ធិ និង សេចក្តី​សញ្ញា ទំព័រ ១៥៨–១៦០ ) ។ សូម​ពន្យល់​ថា ព្រះអម្ចាស់​បាន​សុំ​ឲ្យ​អូលីវើរ គ្រែនជើរ​ នៅ​​ទីក្រុង​ខឺតឡង់ ហើយ​បង់​សង​បំណុល​របស់​សាសនាចក្រ ។ ហេតុអ្វី​ការណ៍​នោះ​គឺជា​កិច្ចការ​ដ៏​លំបាក​មួយ ? តើ​ព្រះអម្ចាស់​មាន​បន្ទូល​អ្វីខ្លះ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ១១៧:១៣ ដែល​អាច​ជួយ​អូលីវើរ—ឬ​ពួក​យើង​ណា​ម្នាក់—ឲ្យ​លះបង់​ដើម្បី​គោរព​តាម​ព្រះអម្ចាស់ ?

គោលលទ្ធិ និង សេចក្តី​សញ្ញា ១១៩–២០

ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ជួយ​សាសនាចក្រ​ឲ្យ​​ធ្វើ​កិច្ចការ​របស់​ព្រះ ។

សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​នឹង​ជួយ​កុមារ​ឲ្យ​យល់​ដឹង​ពី​របៀប​ដែល​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​—សូម្បី​តែ​ពួកគេ​បង់​នូវ​ចំនួន​តិច​តួច​ក្ដី—​ចូល​រួម​ចំណែក​ក្នុង​ការ​ស្ថាបនា​នគរ​របស់​ព្រះអម្ចាស់​( សូមមើល ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១៨២ ) ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​ស្រមៃ​ថា មិត្តភក្តិ​ម្នាក់​មើល​ឃើញ​អគារ​សាសនាចក្រ ហើយ​សួរ​ថា « តើ​សាសនាចក្រ​បង់​ថ្លៃ​សម្រាប់​អគារ​នោះ​តាម​របៀប​ណា ? តើ​យើង​នឹង​ពន្យល់​ពី​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ទៅកាន់​មិត្ត​នេះ​យ៉ាង​ដូច​ម្ដេច ? សូម​ណែនាំ​ឲ្យ​កុមារ​មើល​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៩:៤, ១២០:១ ពេល​ពួកគេ​ពិចារណា​ពី​សំណួរ​នេះ ។

  • សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​រឿង​ដែល​សាសនាចក្រ​មាន​លទ្ធភាព​ធ្វើ ដោយសារ​តែ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ តើ​រឿង​ទាំង​នេះ​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​យើង​យ៉ាងដូចម្តេច ? សូម​ចែកចាយ​អារម្មណ៍​របស់​អ្នក​ពី​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ​និង​​របៀប​ដែល​ក្រឹត្យ​វិន័យ​នេះ​​បាន​ផ្ដល់​ពរជ័យ​ដល់​អ្នក ។

    ក្មេង​ប្រុស​កំពុង​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

    តាមរយៈ​ការ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ ហើយ​ជួយ​នៅ​ក្នុង​កិច្ចការ​របស់​ទ្រង់ ។

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​ឲ្យ​កុមារ​កត់​ចំណាំ​ពី​អារម្មណ៍​នៅ​ក្នុង​ដួង​ចិត្ត ឬ​គំនិត​របស់​ពួកគេ​ដែល​បាន​កើត​ឡើង​អំឡុង​ថ្នាក់​កុមារ​នៅ​ថ្ងៃ​នេះ ។ សូម​លើក​ទឹកចិត្ត​ពួក​គេ​ឲ្យ​ចែកចាយ​អារម្មណ៍ និង​គំនិត​ទាំង​នោះ​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​ពួកគេ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

គាំទ្រ​ដល់​ឪពុកម្តាយ ។ សូម​ស្វែងរក​របៀប​ដើម្បី​ចែកចាយ​ជាមួយ​នឹង​ឪពុក​ម្ដាយ​នូវ​អ្វី​ដែល​កូនៗ​របស់​ពួកគេ​កំពុង​រៀន​នៅ​ក្នុង​ថ្នាក់​កុមារ ហើយ​សួរ​ពួកគេ​ពី​របៀប​ដែល​អ្នក​អាច​គាំទ្រ​ដល់​ការ​ខិតខំ​របស់​ពួកគេ​ក្នុង​នាម​ជា​ឪពុក​ម្ដាយ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ​ ទំព័រ ២៥ ) ។