« ថ្ងៃទី ៤–១០ ខែ តុលា ។ គោលលទ្ធិ និងសេចក្ដីសញ្ញា ១១១–១១៤ ៖ ‹ យើងនឹងរៀបចំគ្រប់អ្វីៗទាំងអស់សម្រាប់សេចក្ដីល្អដល់អ្នក › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ (ឆ្នាំ ២០២០ )
« ថ្ងៃទី ៤–១០ ខែ តុលា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១១១–១១៤ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០២១
ថ្ងៃទី ៤–១០ ខែ តុលា
គោលលទ្ធិ និង សេចក្តីសញ្ញា ១១១–១១៤
« យើងនឹងរៀបចំគ្រប់អ្វីៗទាំងអស់សម្រាប់សេចក្ដីល្អដល់អ្នក »
ស៊ិស្ទើរ ឆើរីល អេ អេសព្លីន អតីតទីប្រឹក្សានៅក្នុងគណៈប្រធានអង្គការបឋមសិក្សាទូទៅ បានបង្រៀនថា យើងគួរតែ « [ ជួយ ]កុមាររបស់យើងឲ្យនាំយកគោលលទ្ធិចូលទៅក្នុងដួងចិត្តរបស់ពួកគេតាមរបៀបដែលវាបាន … ឆ្លុះបញ្ចាំងនៅក្នុងឥរិយាបថ និងអាកប្បកិរិយារបស់ពួកគេពេញមួយជីវិតរបស់ពួកគេ » ( « Teaching Our Children to Understand » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ១០ ) ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
ដើម្បីលើកទឹកចិត្តកុមារឲ្យចែកចាយ សូមយកវត្ថុមួយចំនួនដែលទាក់ទងនឹងមេរៀនពីលើកមុន ។ ចូរឲ្យពួកគេនិយាយថាតើវត្ថុនីមួយៗធ្វើឲ្យពួកគេនឹកឃើញអ្វីខ្លះ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១១:២, ១០–១១
រឿងរបស់ព្រះអាចជាទ្រព្យសម្បត្តិមួយចំពោះខ្ញុំ ។
ពេលកុមារគិតពីពាក្យទ្រព្យសម្បត្តិ នោះពួកគេអាចនឹកស្រមៃឃើញរឿងដែលខុសគ្នាពីទ្រព្យសម្បត្តិដែលបានថ្លែងនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១១:២, ១០ ។ តើអ្នកអាចជួយពួកគេឲ្យរៀនរក្សាទុករឿងរបស់ព្រះដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារគូរអ្វីដែលមាននៅក្នុងគំនិតរបស់ពួកគេ ពេលពួកគេឮពាក្យថាទ្រព្យសម្បត្តិ ។ សូមប្រៀបធៀបកិច្ចការដែលលោកិយមើលឃើញថាជាទ្រព្យសម្បត្តិ និងកិច្ចការដែលព្រះអម្ចាស់រាប់ទុកជាទ្រព្យសម្បត្តិ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១១១:២,១០-១១ ) ដូចជារាស្ត្ររបស់ទ្រង់ ប្រាជ្ញា និងសេចក្ដីសុចរិត ព្រមទាំងការធ្វើការជ្រើសរើសល្អៗ ។
-
សូមជួយឲ្យកុមារបំពេញសកម្មភាពនៅលើទំព័រសកម្មភាពនាសប្ដាហ៍នេះ ។ តើយើងរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទចេញមកពីកិច្ចការដែលទ្រង់រាប់ទុកជាទ្រព្យសម្បត្តិ ? តើយើងអាចក្លាយកាន់តែដូចជាទ្រង់យ៉ាងដូចម្តេច ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១២:១០
ព្រះអម្ចាស់នឹងដឹកនាំខ្ញុំដោយព្រះហស្ដ ហើយឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១២:១០ អាចជួយកុមារដែលអ្នកបង្រៀនឲ្យស្ថាបនាសេចក្ដីជំនឿថា ព្រះយេស៊ូវគ្រីស្ទនឹងដឹកនាំ ហើយណែនាំពួកគេក្នុងជីវិតរបស់ពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារឲ្យគិតពីស្ថានភាពនានាដែលវាមានសារៈសំខាន់ចំពោះការកាន់ដៃសមាជិកគ្រួសារម្នាក់ ដូចជាពេលឆ្លងថ្នល់ ឬការផ្ដល់ការលួងលោមចិត្ត ។ ពួកគេអាចរីករាយដើម្បីសម្ដែងនូវឧទាហរណ៍មួយចំនួនដែលពួកគេចែកចាយ ។ សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១២:១០ ។ ហេតុអ្វីយើងចង់ឲ្យព្រះអម្ចាស់ « ដឹកដៃ[ យើង ] » ?
-
សូមបិទមុខកុមារម្នាក់ ហើយសុំឲ្យគាត់ដើរកាត់បន្ទប់ដោយមានកុមារម្នាក់ទៀតដឹកដៃគាត់ ។ សូមប្រាប់ពីបទពិសោធន៍មួយ នៅពេលអ្នកមានអារម្មណ៍ថា ព្រះអម្ចាស់កំពុងដឹកដៃអ្នក ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១២:១១
ព្រះយេស៊ូវសព្វព្រះទ័យឲ្យខ្ញុំស្រឡាញ់មនុស្សគ្រប់រូប ។
សូមជួយកុមារឲ្យដឹងថា ព្រះអង្គសង្គ្រោះសព្វព្រះទ័យឲ្យយើងស្រឡាញ់មនុស្សគ្រប់រូប សូម្បីតែអ្នកដែលប្រព្រឹត្តចំពោះយើងដោយអសប្បុរសធម៌ក្ដី ។
សកម្មភាពដែលអាចជ្រើសរើស
-
ពេលអ្នកចែកចាយ « ជំពូកទី ៤១ ៖ បញ្ហានៅក្រុងខឺតឡង់ » ( ដំណើររឿងគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញាទំព័រ ១៥៨–៦០ ) សុំឲ្យកុមារដាក់ដៃធ្វើរូបបេះដូង ពេលពួកគេស្ដាប់ឮពីមនុស្សម្នាក់ធ្វើអ្វីមួយត្រឹមត្រូវ ។ សូមជួយពួកគេឲ្យយល់ដឹងថា ព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងស្រឡាញ់មនុស្សគ្រប់រូប សូម្បីតែអ្នកដែលធ្វើការជ្រើសរើសខុសឆ្គងក្ដី ។
-
សូមគូររូបមុខសោកសៅនៅលើក្ដារខៀន ហើយសូមសួរកុមារពីរបៀបដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សដទៃដែលសោកសៅ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១១២:១១ ) ។ ពេលកុមារចែកចាយគំនិតនានា សូមគូរមុខសោកសៅនោះឲ្យក្លាយទៅជាមុខរីករាយវិញ ។ សូមចែកចាយទីបន្ទាល់របស់អ្នកអំពីអំណាចដែលកើតចេញពីការស្រឡាញ់មនុស្សដទៃ ។ សូមច្រៀងចម្រៀងរួមគ្នានូវបទមួយអំពីសេចក្ដីស្រឡាញ់ ដូចជាបទ « ព្រះយេស៊ូវមានបន្ទូលស្រឡាញ់មនុស្សគ្រប់គ្នា » ( សៀវភៅចម្រៀងកុមារ ទំព័រ ៣៩ ) ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១២:១០
ខ្ញុំអាចមានចិត្តរាបសា ហើយស្វែងរកការដឹកនាំរបស់ព្រះ ។
ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យយើងមានចិត្តរាបសា ដើម្បីទ្រង់អាចដឹកនាំយើង ។ សូមជួយកុមារឲ្យយល់ដឹងពីរបៀបដែលពួកគេអាចបង្ហាញសេចក្ដីរាបសានៅចំពោះព្រះ ដោយការធ្វើរឿងនានាដូចជាការអធិស្ឋានទៅទ្រង់ និងការទទួលយកការប្រឹក្សារបស់ទ្រង់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមសួរកុមារពីអន្ថន័យនៃការមានចិត្តរាបសា ។ ( ពួកគេអាចអាន « ភាពរាបសា » នៅក្នុងពិតចំពោះសេចក្តីជំនឿ [ ទំព័រ ៨៧ ]ប្រសិនបើចាំបាច់ ) ។ សូមជួយពួកគេឲ្យគិតពីពាក្យ ឬឃ្លាដែលទាក់ទងនឹងពាក្យ « រាបសា » ហើយឲ្យពួកគេអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១២:១០ ដោយជំនួសពាក្យ ឬឃ្លាមួយសម្រាប់ពាក្យ « រាបសា » នៅក្នុងខគម្ពីរនោះ ។ ហេតុអ្វីបានជាព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យយើងមានចិត្តរាបសា ? ដើម្បីរៀនបន្ថែមទៀត កុមារអាចអានបទគម្ពីរបន្ថែមទៀតដែលមាននៅក្រោមពាក្យថា « បន្ទាបខ្លួន, ចិត្តរាបសា » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ( នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
-
សូមសរសេរពាក្យចេញមកពី គោលលទ្ធិ និង សេចក្តីសញ្ញា ១១២:១០ នៅលើក្ដារខៀន ហើយសុំឲ្យកុមារអានវាឮៗ ។ សូមឲ្យកុមារម្នាក់ៗគូសបន្ទាត់ពីក្រោមពរជ័យសម្រាប់អ្នកដែលមានចិត្តរាបសាដែលបានលើកឡើងនៅក្នុងខគម្ពីរនេះ ។ សូមអញ្ជើញកុមារឲ្យចែកចាយពីគ្រាដែលពួកគេបានស្វែងរកជំនួយរបស់ព្រះអម្ចាស់ដោយចិត្តរាបសា ហើយត្រូវបានដឹកនាំដោយទ្រង់ ដូចជាពេលការអធិស្ឋានរបស់ពួកគេត្រូវបានឆ្លើយតប ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១២:១១
ព្រះយេស៊ូវសព្វព្រះទ័យឲ្យខ្ញុំស្រឡាញ់មនុស្សគ្រប់រូប ។
ព្រះយេស៊ូវគ្រីស្ទគឺជាគំរូដ៏ឥតខ្ចោះនៃការស្រឡាញ់មនុស្សគ្រប់គ្នា សូម្បីតែអ្នកធ្វើខុសចំពោះទ្រង់ក្ដី ។ យ៉ូសែប ស្ម៊ីធក៏ត្រូវស៊ូទ្រាំនឹងការបៀតបៀនពីអ្នកដែលជាមិត្តរបស់លោកផងដែរ ។ សូមជួយកុមារឲ្យរៀនថា យើងអាចស្រឡាញ់មនុស្សដទៃដូចជាព្រះអង្គសង្គ្រោះ និងយ៉ូសែប ស្ម៊ីធបានធ្វើដែរ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យប្ដូរវេនគ្នាអាននៅក្នុង« ជំពូកទី ៤១ ៖ ក្តីអំពល់នៅក្នុងទីក្រុងខឺតឡង់ »( ដំណើររឿងគម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញា ទំព័រ ១៥៨–១៦០ ) ។ នៅក្នុងដំណើររឿងនេះ តើនរណាធ្វើឲ្យបញ្ហានៅក្រុងខឺតឡង់កាន់តែមានស្ថានភាពអាក្រក់ ? តើនរណាដែលបានព្យាយាមធ្វើឲ្យវាបានប្រសើរឡើង ? សូមអញ្ជើញកុមារឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១២:១១ ហើយនិយាយពីហេតុផលដែលវាសំខាន់ដើម្បីស្រឡាញ់មនុស្សគ្រប់គ្នា ។
-
ហេតុអ្វីវាសំខាន់ដើម្បីស្រឡាញ់មនុស្សដែលខុសប្លែកពីយើង ? ហេតុអ្វីបានជាព្រះវរបិតាសួគ៌ធ្វើឲ្យយើងមានភាពខុសគ្នា ? តើយើងអាច « មានសេចក្ដីស្រឡាញ់ដ៏បរិបូរណ៍ដល់មនុស្សលោកទាំងអស់ » សូម្បីតែអ្នកដែលខុសពីយើងតាមរបៀបណា ? សូមច្រៀងចម្រៀងមួយបទជាមួយកុមារអំពីការស្រឡាញ់មនុស្សដទៃ ដូចជាបទ « ខ្ញុំដឹងដើរជាមួយអ្នក » ( សៀវភៅចម្រៀងកុមារ ទំព័រ ៧៨ ) ។
-
សូមជួយកុមារឲ្យគិតពីគំរូនានានៃគ្រាដែលព្រះអង្គសង្គ្រោះបានស្រឡាញ់អ្នកដែលបានធ្វើបាបទ្រង់ ( ឧទាហរណ៍ សូមមើល លូកា ២៣:៣៤ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១២:១២–១៥, ២៦
អ្នកដែលបានប្រែចិត្តជឿពិតបានស្គាល់ព្រះយេស៊ូវគ្រីស្ទ ។
ការប្រែចិត្តជឿលើព្រះយេស៊ូវគ្រីស្ទគឺជាការដំណើរការមួយពេញមួយជីវិត ហើយវាទាក់ទងលើសពីការគ្រាន់តែ « [ អះអាងថា ] ស្គាល់ព្រះនាម [ របស់ទ្រង់ ] ទៅទៀត »( គោលលទ្ធិ និង សេចក្ដីសញ្ញា ១១២:២៦ ) ។ សូមជួយកុមារឲ្យយល់ដឹងកាន់តែប្រសើរពីអត្ថន័យនៃការស្គាល់ព្រះអង្គសង្គ្រោះយ៉ាងពិតប្រាកដ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមចែកចាយជាមួយនឹងកុមារថា នៅឆ្នាំ១៨៣៧ មានពួកសាវកមួយចំនួនបានងាកទៅប្រឆាំងនឹងព្យាការីយ៉ូសែប ស្ម៊ីធ ។ ហេតុអ្វីវាសំខាន់ដើម្បីធ្វើតាមព្យាការី ?( សូមមើល ខទី ១៥ ) ។ សូមជួយកុមារឲ្យធ្វើបញ្ជីមួយអំពីកិច្ចការដែលព្រះអម្ចាស់បានមានបន្ទូលប្រាប់ដល់ថូម៉ាស ប៊ី ម៉ាស ជាប្រធានកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យធ្វើ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១១២:១២–១៥ ) ។ សូមប្រើបញ្ជីនោះដើម្បីពិភាក្សាពីរបៀបដែលយើងអាចប្រែចិត្តជឿកាន់តែខ្លាំងលើព្រះយេស៊ូវគ្រីស្ទ ។
-
សូមសួរកុមារ តើពួកគេគិតថាអត្ថន័យនៃការអះអាងថាស្គាល់ព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែតាមពិតទៅពុំបានស្គាល់ទ្រង់ទេ មានន័យយ៉ាងណា ( សូមមើល គោលលទ្ធិ និងសេចក្តី សញ្ញា ១១២:២៦ ) ។ តើ ខទី ១៤ បង្រៀនយើងថា យើងអាចធ្វើអ្វីខ្លះដើម្បីស្គាល់ទ្រង់កាន់តែប្រសើរ ? សូមជួយកុមារឲ្យយល់ដឹងពីអត្ថន័យនៃការ« លីឈើឆ្គាង [ របស់យើង ] » ( ការបកប្រែដោយយ៉ូសែប ស្ម៊ីធ ម៉ាថាយ ១៦:២៥–២៦ ) ឬឲ្យ « ចំណីដល់កូនចៀម [ របស់ទ្រង់ ] » ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យសង្ខេបអ្វីដែលពួកគេបានរៀននៅក្នុងថ្នាក់នាថ្ងៃនេះ ។ សូមជួយពួកគេឲ្យធ្វើការកត់ចំណាំមួយ ឬគូររូបភាពមួយដែលនឹងរំឭកពួកគេពីអ្វីដែលពួកគេបានរៀន ដើម្បីពួកគេអាចចែកចាយវាជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ ។