គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ១៨–២៤ ខែ តុលា ។ គោលលទ្ធិ និង​ សេចក្ដីសញ្ញា ១២១–១២៣ ៖ « ឱ​ព្រះអង្គ​អើយ តើ​ព្រះអង្គ​គង់​នៅ​ទីណា ? »


« ថ្ងៃទី ១៨–២៤ ខែ តុលា ។ គោលលទ្ធិ និង​ សេចក្ដីសញ្ញា ១២១–១២៣ ៖ ‹ ឱ​ព្រះអង្គ​អើយ តើ​ព្រះអង្គ​គង់​នៅ​ទីណា ? › »ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១​ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១៨–២៤ ខែ តុលា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១២១–១២៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ឆ្នាំ ២០២១

គុក​លិបើធី

រដូវ​ផ្ការីក​​នៅ​គុក​លិបើធី ដោយ អាល រ៉ោនស៍

ថ្ងៃទី ១៨–២៤ ខែ តុលា

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១–១២៣

« ឱ​ព្រះអង្គ​អើយ តើ​ព្រះអង្គ​គង់​នៅ​ទីណា ? »

នៅពេល​អ្នក​សិក្សា គោលលទ្ធិ និង សេចក្តី​សញ្ញា ១២១–២៣ សូម​ពិចារណា​ពី​អ្វី​ដែល​កុមារ​នៅ​ក្នុង​ថ្នាក់​របស់​អ្នក​ដឹង​​រួច​ហើយ ។ សូម​អធិស្ឋាន​ដើម្បី​ដឹង​ពី​របៀប​បង្រៀន​បន្ថែម​ទៀត​ពី​លើ​អ្វី​ដែល​ពួកគេ​ដឹង​ហើយ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

ប្រសិន​បើ​អ្នក​លើក​ទឹក​ចិត្ត​កុមារ​ឲ្យ​ចែកចាយ​អ្វី​មួយ​ដែល​ពួកគេ​បាន​រៀន​នៅ​ក្នុង​ថ្នាក់​កាល​ពី​សប្ដាហ៍​មុន​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​ពួកគេ សូម​ទុក​ពេល​ឲ្យ​ពួកគេ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:៧–៨; ១២២:៧

ពេលលំបាក​ក៏​អាច​ផ្តល់​ជាការណ៍​ល្អ​ដល់​យើង​ដែរ ។

ព្រះបន្ទូល​របស់​ព្រះ​ទៅកាន់​យ៉ូសែប ស្ម៊ីធ នៅ​ក្នុង​គុកលិបើធី ធ្វើ​ឲ្យ​កុមារ​ដឹងថា ពេលខ្លះ​ជីវិត​គឺ​មានការ​លំបាក ប៉ុន្តែ​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​អាច​ជួយ​យើង​បាន ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ស្តាប់​រកពាក្យ « សេចក្តី​សុខសាន្ត » នៅពេល​អ្នក​ចែកចាយ​ជាមួយ​ពួកគេ​ក្នុង « ជំពូក​ទី ៤៦ ៖ យ៉ូសែប ស្ម៊ីធ នៅក្នុង​គុកលិបើធី » ( ដំណើររឿង​​គម្ពីរ​គោលលទ្ធិ និង សេចក្តីសញ្ញា ទំព័រ ១៧២–៧៤ ) ឬ គោលលទ្ធិ និង​ សេចក្ដីសញ្ញា ១២១:៧–៨ ) ។ សូម​ជួយ​កុមារឲ្យ​​គិត​ពី​វិធី​ទាំងឡាយ​ដែល​យើង​អាច​ទុកចិត្ត​លើ​ព្រះអម្ចាស់ ដូចដែល​យ៉ូសែប បាន​ធ្វើ ដើម្បី​យើង​អាច​មាន​អារម្មណ៍​សុខសាន្ត ។ សូមពន្យល់ថា ទោះបីជា​យ៉ូសែប​បាន​ជួបប្រទះ​នឹង​រឿងលំបាកៗ​ក្តី ក៏​ព្រះអម្ចាស់​បានគង់​នៅ​ជាមួយ​លោក​ដែរ ។

  • ដើម្បី​ជួយ​កុមារ​ឲ្យស្គាល់​ថា ឧបសគ្គ​របស់​យើង​អាច « ទៅ​ជា​ការ​ល្អ​ដល់ [ យើង ]​ ទៅ​វិញ » ( គោលលទ្ធិ និង​ សេចក្តី​សញ្ញា ១២២:៧ ) សូម​និយាយ​ទៅកាន់​ពួកគេ​អំពី​របៀប​ដែល​សាច់ដុំ​របស់​យើង​ឡើងធំ នៅពេល​យើង​លីរបស់​ធ្ងន់ៗ ។ សូម​ឲ្យ​ពួកគេ​សម្តែង​ជាលើក​វត្ថុ​ធ្ងន់ ឬ​ធ្វើការ​ធ្ងន់ៗ ។ សូមពន្យល់ថា ការឆ្លងកាត់​ពេល​លំបាក​អាច​ជួយ​ឲ្យ​វិញ្ញាណ​របស់​យើង​រីកចម្រើន—ប្រសិនបើ​យើង​ងាក​ទៅរក​ជំនួយ​ពី​ព្រះអម្ចាស់ ។ សូមចែកចាយ​ឧទាហរណ៍​ដែល​កុមារ​ដែល​អ្នក​បង្រៀន​អាច​យល់​បាន ។ សូម​ឲ្យ​ពួកគេ​អាន​ជាមួយ​អ្នក​សារឡើងវិញ​នូវ ឃ្លា « គ្រប់​ការណ៍​ទាំង​នេះ​នឹង … ទៅ​ជា​ការ​ល្អ​ដល់ [ យើង ] ទៅ​វិញ » ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២២:៨

ព្រះយេស៊ូវគ្រីស្ទ​ជ្រាប​ដឹង​ថាតើ​ខ្ញុំ​មានអារម្មណ៍​បែបណា ។

នៅក្នុង​គុក​​លិបើធី ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​បន្ទូល​ទៅ​យ៉ូសែប​ថា ទ្រង់​បានយាង​ចុះ​ក្រោម​ទាប​ជាង​ការណ៍​ទាំងអស់ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១២២:៨ ) ។ នេះ​មានន័យថា ទ្រង់​ជ្រាបដឹង​អ្វី​ដែល​យើង​ជួប​ប្រទះ ហើយ​យើងអាច​បែរទៅរក​ទ្រង់​បាន ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • ដើម្បី​ជួយ​កុមារ​ឲ្យ​រៀន​ទៅរក​ជំនួយ​ពី​ព្រះ​គ្រីស្ទ នៅពេល​យើង​ជួបប្រទះ​រឿង​លំបាកៗ សូម​ឲ្យ​ពួកគេ​បង្ហាញ​អ្នក​ជាមួយ​ទឹកមុខ​របស់ពួកគេ​ដូចជា​នៅពេល​ពួកគេ​សោកសៅ ឬ​ឈឺ ឬ​ខ្លាច ។ តើ​នរណា​អាច​ជួយ​យើង​នៅពេល​យើង​មាន​អារម្មណ៍​បែបនេះ ? សូមអាន គោលលទ្ធិ និង​ សេចក្ដីសញ្ញា ១២២:៨ ហើយ​សូម​ពន្យល់ថា នេះ​មានន័យថា ព្រះយេស៊ូវ​គ្រីស្ទ​ជ្រាបដឹង​ពី​អារម្មណ៍​របស់​យើង ហើយទ្រង់​អាច​ជួយ​យើងបាន ។

  • សូមច្រៀង​ជាមួយគ្នា « គ្រា​មួយ​កាល​ព្រះយេស៊ូវ​នៅតូច » ( សៀវភៅចម្រៀង​កុមារ​ទំព័រ ៣៤ ) ហើយ​សូមថ្លែងថា ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​យើង​បាន ពីព្រោះ​ទ្រង់​ជ្រាបដឹង​ពី​អារម្មណ៍​របស់​យើង ។

    ព្រះយេស៊ូវ​នៅលើ​ដី​នៅឯ​សួនគែតសេម៉ានី

    ព្រះយេស៊ូវ​យល់​ការឈឺចាប់​របស់​យើង ។ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ ដោយ​ វលធើរ រេន ។

គោលលទ្ធិ និង​ សេចក្ដីសញ្ញា ១២៣:១៧

ព្រះ​សព្វ​ព្រះទ័យ​​​ឲ្យ​ខ្ញុំរីករាយ​ធ្វើ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ។

ទោះបីជា​យ៉ូសែប ស្ម៊ីធ បាន​នៅក្នុង​គុក​ក្តី ហើយ​ពួកបរិសុទ្ធ​ត្រូវបាន​បណ្តេញ​ចេញ​ពី​ផ្ទះសម្បែង​ពួកគេ​ក៏ដោយ ក៏​លោក​បាន​លើកទឹកចិត្ត​ពួកបរិសុទ្ធ​ឲ្យ « ​នៅ​ក្នុង​អំណាច​យើង​ដោយ​មាន​ចិត្ត​រីករាយ​ចុះ » ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូមអាន​ឲ្យ​កុមារស្តាប់ គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២៣:១៧ ហើយ​សូម​អញ្ជើញ​ពួកគេ​ឲ្យ​ក្រោកឈរ ហើយ​ស្រែក​ហ៊ោរ នៅពេល​ពួកគេ​ឮពាក្យ « រីករាយ » ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សម្តែង​ធ្វើ​សកម្មភាព​បម្រើ​ខុសៗគ្នា​តាមរបៀប​ដ៏រីករាយ ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​ពីការបម្រើ​ដ៏រីករាយ ដូចជា​បទ « ពេល​យើង​ជួយ​ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១០៨ ) ។ សូម​ជួយ​កុមារ​ឲ្យ​គិត​ពី​របៀប​ដែល​ពួកគេ​អាច​បម្រើ​ដោយរីករាយ​ដល់​ក្រុមគ្រួសារ និង​មិត្តភក្តិ​របស់ពួកគេ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:៧–៩; ១២២:៧–៩

ឧបសគ្គ​របស់​ខ្ញុំ​អាច​ទៅ​ជា​ការល្អ​ដល់​​ខ្ញុំ​វិញ ។

របៀប​មួយ​ដែល​ព្រះអង្គ​សង្រ្គោះ​បាន​លួងលោម​ចិត្ត​ដល់​យ៉ូសែប ស្ម៊ីធ ខណៈ​ដែល​លោក​រង​ការឈឺចាប់​នៅក្នុង​គុក​លិបើធី គឺ​តាមរយៈ​ការបង្រៀន​លោកថា « គ្រប់​ការណ៍​ទាំង​នេះ​នឹង​ផ្ដល់​ការ​ពិសោធន៍​ដល់​អ្នក ហើយ​នឹង​ទៅ​ជា​ការ​ល្អ​ដល់​អ្នក​ទៅ​វិញ » គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២២:៧ ) ។ សេចក្តីពិត​នេះ​អាច​ប្រទានពរជ័យ​ដល់​កុមារ នៅពេល​ពួកគេ​ប្រឈមមុខ​ជាមួយនឹង​ឧបសគ្គ​របស់ពួកគេ​ផ្ទាល់ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​អំពី​អ្វី​ដែល​ពួកគេ​បាន​ដឹង​អំពី​បទពិសោធន៍​នៅក្នុង​គុក​របស់​យ៉ូសែប ស្ម៊ីធ និង​ពួកបរិសុទ្ធ​ដែល​ត្រូវបាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​រដ្ឋមិសសួរី ( សូមមើល ជំពូកទី ៤៥–៤៧​ នៃ​​ដំណើររឿង​គម្ពីរ​គោលលទ្ធិ និង សេចក្តីសញ្ញា ទំព័រ ១៦៧–១៧៥ ) ។ សូម​សួរ​កុមារ​ថាតើ​ពួកគេ​មាន​អារម្មណ៍​យ៉ាងណា ប្រសិនបើ​ពួកគេ​ជា​យ៉ូសែប ស្ម៊ីធ ឬ​ជា​ពួក​បរិសុទ្ធ​ម្នាក់​នៅ​ពេលនេះ ។ សូម​អាន​ជាមួយកុមារ​ក្នុង ​គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២១:៧–៩; ១២២:៧–៩ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​អ្វីមួយ​ដែល​ព្រះអម្ចាស់​បាន​មានបន្ទូលថា នឹង​នាំ​សេចក្តីសុខសាន្ត​ឲ្យ​ពួកគេ ។ តើ​បទពិសោធន៍​លំបាកៗ​របស់​យើង « ទៅជា​ការ​ល្អ​ដល់ [ យើង ] » យ៉ាងដូចម្តេច ?

  • សុំ​ឲ្យ​កុមារ​ពីរ​នាក់​កាន់​ចុង​ខ្សែ​ម្នាក់​ម្ខាង​ដែល​វា​វែង​ល្មម​គ្រប់​គ្រាន់​អាច​ប្រឡាយ​កាត់​បន្ទប់​បាន ។ សូម​ឲ្យ​កុមារ​ម្នាក់​ដៅ​ចំណុច​មួយ​នៅ​លើ​ខ្សែ​នោះ ។ សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៧–៨ ហើយ​ពន្យល់​ថា ខ្សែ​នោះ​តំណាង​ឲ្យ​ឆ្នាំ​នៃ​ភាព​អស់​កល្ប​ជានិច្ច ហើយ​ថា​ចំណុច​តូច​ដែល​បាន​ដៅ​នោះ​ប្រៀប​បាន​នឹង​ឆ្នាំ​នៅ​លើ​ផែនដី​របស់​យើង ។ តើ​ការ​សាកល្បង​របស់​យើង​នៅ​លើ​ផែនដី « គ្រាន់​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​ទេ » មាន​ន័យ​ដូចម្តេច ?

  • សូម​ជួយ​កុមារ​ឲ្យ​ស្រមៃ​ពី​ទិដ្ឋភាព​នៃ​ការ​ចំណាយ​ពេល​បួន​ខែ​នៅ​ក្នុង​កន្លែង​មួយ​ដូចជា​គុក​លិបើធី ។ តើ​យើង​នឹង​ខកខាន​អ្វី​ច្រើន​បំផុត ? តើ​យើង​នឹង​ចំណាយ​ពេល​របស់​យើង​យ៉ាង​ដូចម្ដេច ? តើ​យ៉ូសែប ស្ម៊ីធ​រៀន​អ្វីខ្លះ​ទៀត​នៅ​ក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ១២១:៧–៩, ១២២:៧–៩ ដែល​បាន​ជួយ​លោក​ឲ្យ​ស៊ូទ្រាំ​នឹង​បទពិសោធន៍​នេះ ? សូម​លើក​ទឹក​ចិត្ត​កុមារ​ឲ្យ​សរសេរ​សំបុត្រ​មួយ​ទៅ​មនុស្ស​ម្នាក់​ដែល​កំពុង​ជួប​ការ​លំបាក ហើយ​ណែនាំ​ពួកគេ​ឲ្យ​ប្រើ​អ្វី​មួយ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ១២១:៧–៩, ១២២:៧–៩​ នៅ​ក្នុង​សំបុត្រ​របស់​ពួកគេ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៤–៤៦

យើង​ត្រូវ​តែ​ជា​មនុស្ស​សុចរិត​ដើម្បី​មាន « អំណាច​នៃ​ស្ថានសួគ៌ » ។

សូម​ជួយ​កុមារ​ដែល​អ្នក​បង្រៀន​ឲ្យ​ស្គាល់​ថា យើង​អាច​មាន​អំណាច​របស់​ព្រះ​នៅ​ក្នុង​ជីវិត​របស់​យើង ​ដរាប​ណា​យើង​គឺជា​មនុស្ស​សុចរិត​ប៉ុណ្ណោះ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​គូរ​បន្ទាត់​មួយ​ជាមួយ​នឹង​ពាក្យថាមពល​ខ្ពស់​នៅ​ចុង​ម្ខាង ហើយ​ពាក្យ​ថាមពល​ទាប​នៅ​ចុង​ម្ខាង​ទៀត ។ សូម​គូរ​រូប​ព្រួញ​ចង្អុល​ទៅ​ផ្នែក​កណ្ដាល​នៃ​បន្ទាត់ ។ សូម​ជ្រើស​រើស​ពាក្យ ឬ​ឃ្លា​នៅ​ក្នុង​ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:៣៤–៤៦​ ដែល​បង្រៀន​ពី​របៀប​ដែល​យើង​បន្ថយ ឬ​បង្កើន​អំណាច​សួគ៌ា​នៅ​ក្នុង​ជីវិត​របស់​យើង ​( ដូចជា « លាក់​អំពើ​បាប​របស់​យើង » « ភាព​ឆ្មើង​ឆ្មៃ » « ភាព​ស្លូត​បូត » និង ​« សេចក្ដី​ស្រឡាញ់ » ) ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ប្តូរវេនគ្នា​រើស​យក​ពាក្យ​មួយ ហើយ​សម្រេច​ចិត្ត​ថាតើ​ពាក្យ​នោះ​នឹង​​ដឹកនាំ​ទៅ​រក​ការ​បន្ថយ ឬ​ការ​បង្កើត​អំណាច ហើយ​រំកិល​ព្រួញ​ទៅ​តាម​នោះ ។ សូម​និយាយ​ជាមួយ​នឹង​កុមារ​អំពី​មនុស្ស​ដែល​ពួកគេ​ស្គាល់​ដែល​មាន​ឥទ្ធិពល​ល្អ​មួយ​លើ​​មនុស្ស​ដទៃ ដោយសារ​ពួកគេ​ធ្វើ​តាម​ការ​ប្រឹក្សា​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ ។

  • សូម​អាន គោលលទ្ធិ និង ​សេចក្ដីសញ្ញា ១២១:៤១–៤២, ៤៥ ហើយ​សុំ​ឲ្យ​កុមារ​​សរសេរ​ពី​គុណសម្បត្តិ​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​យើង​មាន ។ សូម​ជួយ​ពួកគេ​ឲ្យ​ផ្ដល់​​និយមន័យ​ពាក្យ​នានា​ដែល​ពួកគេ​ពុំ​យល់ ។ សូម​ចាត់​កុមារ​ម្នាក់ៗ​នូវ​គុណសម្បត្តិ​មួយ ហើយ​ជួយ​ពួកគេ​ឲ្យ​គិត​ពី​វិធី​មួយ​ដែល​ពួកគេ​អាច​បង្ហាញ​វា ។ ពេល​ពួកគេ​គ្រប់​គ្នា​បាន​ចែកចាយ​រួច​ហើយ សូម​ឲ្យ​ពួកគេ​អាន​ខទី ៤៥–៤៦ ហើយ​សរសេរ​ពរជ័យ​ដែល​ពួកគេ​នឹង​ទទួល ប្រសិនបើ​ពួកគេ​អភិវឌ្ឍ​គុណ​សម្បត្តិ​ទាំង​នេះ ។

  • សូម​អានរួម​គ្នា​នូវ​បន្ទាត់​ទីមួយ​ចេញ​ពី គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៤៦ ។ តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ក្លាយ​ជា ​« គូកន [ យើង ] ​ជានិច្ច » ​យ៉ាង​ដូច​ម្ដេច ? សូម​​ច្រៀង​បទ « ព្រះវិញ្ញាណ​បរិសុទ្ធ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥៦ )​ រួមគ្នា ​ឬ​ចម្រៀង​មួយ​ទៀត​អំពី​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ តើ​ចម្រៀង​នេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ហេតុផល​ដែល​យើង​ចង់​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ​​ឲ្យ​ក្លាយ​ជា​គូកន​យើង​ជានិច្ច ?

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​ឲ្យកុមារ​គិត​អំពី​នរណា​ម្នាក់​ដែល​កំពុង​ឆ្លង​កាត់​គ្រា​លំបាក ។ សូម​ជួយ​ពួកគេ​ឲ្យ​ស្គាល់​ពី​អ្វី​មួយ​ដែល​យ៉ូសែប ស្ម៊ីធ បាន​រៀន​នៅ​ក្នុង​គុក​លិបើធី ដែល​ពួកគេ​អាច​ចែកចាយ​ជាមួយ​នឹង​បុគ្គល​នោះ​បាន ។

ការ​អភិវឌ្ឍន៍​ការ​បង្រៀន​របស់​យើង

សូម​គាំទ្រ​ការរៀនសូត្រ​នៅឯ​គេហដ្ឋាន ។ « ឪពុក​ម្ដាយ​គឺជា​គ្រូបង្រៀន​ដំណឹងល្អ​ដ៏​សំខាន់​បំផុត​សម្រាប់​កូនចៅ​របស់​ពួកគេ—ពួកគេ​មាន​ទាំង​ការទទួល​ខុសត្រូវ​ជា​ចម្បង និង​អំណាច​ដ៏​អស្ចារ្យ​ក្នុង​ការមាន​ឥទ្ធិពល​ទៅលើ​កូនចៅ​របស់​ពួកគេ ( សូម​មើល ចោទិយកថា ៦:៦–៧ ) ។ កាល​អ្នក​បង្រៀន​កុមារ​នៅ​ឯ​ព្រះវិហារ សូម​អធិស្ឋាន​ស្វែងរក​របៀប​គាំទ្រ​ដល់​ឪពុក​ម្ដាយ​របស់​ពួកគេ​នៅក្នុង​តួនាទី​ដ៏​ចាំបាច់​ហើយ​សំខាន់​​របស់​ពួកគេ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ​ ទំព័រ ២៥ ) ។