« ថ្ងៃទី ២៥–៣១ ខែ តុលា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤–១២៥ ៖ ‹ គេហដ្ឋានមួយថ្វាយដល់ព្រះនាមរបស់យើង › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៥–៣១ ខែ តុលា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤–១២៥ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០២១
ថ្ងៃទី ២៥–៣១ ខែ តុលា
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤–១២៥
« គេហដ្ឋានមួយថ្វាយដល់ព្រះនាមរបស់យើង »
តើមេរៀនអ្វីខ្លះនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤–១២៥ ដែលកុមារត្រូវរៀនសូត្រនោះ ? សូមពិចារណាអំពីសំណួរនេះ នៅពេលអ្នកសិក្សានៅសប្ដាហ៍នេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមដាក់តាំងរូបភាពព្រះវិហារបរិសុទ្ធមួយដែលនៅក្បែរអ្នកបំផុត ។ សូមសួរកុមារថា តើពួកគេដឹងអ្វីខ្លះអំពីព្រះវិហារបរិសុទ្ធ ។ សូមឲ្យកុមារចែកចាយអារម្មណ៍របស់ពួកគេអំពីការទៅព្រះវិហារបរិសុទ្ធនៅថ្ងៃមួយ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:១៥, ២០
ព្រះយេស៊ូវមានព្រះទ័យរីករាយពេលខ្ញុំព្យាយាមធ្វើល្អ ។
នៅក្នុងវិវរណៈដែលបានកត់ត្រានៅក្នុងកណ្ឌទី ១២៤ ព្រះអម្ចាស់បានបង្ហាញការអនុម័តរបស់ទ្រង់ចំពោះ ហៃរ៉ុម ស្ម៊ីធ និង ជួច មិលលើ ដោយសារតែពួកលោកបានខិតខំធ្វើតាមទ្រង់ ។ តើអ្នកនឹងជួយកុមារឲ្យស្គាល់ថា ព្រះអម្ចាស់មានព្រះទ័យរីករាយពេលពួកគេព្យាយាមធ្វើល្អដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារឲ្យគិតអំពីរឿងល្អៗដែលពួកគេអាចធ្វើបាន ។ សូមបង្ហាញរូបភាពនានាដើម្បីផ្ដល់ជាគំនិតដល់ពួកគេ ( អ្នកអាចស្វែងរករូបភាពមួយចំនួននៅក្នុង សៀវភៅសិល្បៈដំណឹងល្អ ឬទស្សនាវដ្ដីសាសនាចក្រនានា ) ។ សូមឲ្យកុមារចង្អុលបង្ហាញកិច្ចការល្អៗទាំងនេះ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:១៥ ជាមួយកុមារ ហើយសូមឲ្យពួកគេស្ដាប់រកពីព្រះទ័យរបស់ព្រះអម្ចាស់ពេលហៃរ៉ុម ស្ម៊ីធបានជ្រើសរើសធ្វើល្អ ។ តើព្រះយេស៊ូវមានព្រះទ័យបែបណា នៅពេលយើងព្យាយាមធ្វើរឿងល្អៗ ?
-
សូមឲ្យក្រដាសរូបបេះដូងដល់កុមារ ហើយសុំឲ្យពួកគេគូររូបខ្លួនឯងកំពុងធ្វើរឿងល្អៗ ។ សូមឲ្យពួកគេចែកចាយអ្វីដែលពួកគេបានគូរជាមួយកុមារផ្សេងទៀត ។ តើយើងមានអារម្មណ៍យ៉ាងណា នៅពេលយើងធ្វើរឿងល្អមួយ ? សូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវមានព្រះទ័យរីករាយពេលយើងព្យាយាមធ្វើរឿងត្រឹមត្រូវ ។
-
សូមច្រៀងចម្រៀងមួយអំពីកិច្ចការដែលព្រះយេស៊ូវសព្វព្រះទ័យឲ្យយើងធ្វើ ដូចជាបទ « Jesus Wants Me for a Sunbeam » ( សៀវភៅចម្រៀងកុមារ ទំព័រ ៦០–៦១ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:២៨ –២៩, ៣៩
ព្រះយេស៊ូវបង្គាប់រាស្ត្ររបស់ទ្រង់ឲ្យសង់ព្រះវិហារបរិសុទ្ធ ។
ព្រះវិហារបរិសុទ្ធតែងតែជាផ្នែកមួយនៃផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់បុត្រាបុត្រីរបស់ទ្រង់ ។ ការយល់ដឹងពីការណ៍នេះនឹងជួយកុមារដែលអ្នកបង្រៀនឲ្យមានគារវភាពកាន់តែខ្លាំងចំពោះព្រះវិហារបរិសុទ្ធ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារឲ្យយល់ដឹងថា ពេលពួកបរិសុទ្ធបានរកឃើញទីលំនៅថ្មីមួយនៅក្រុងណៅវូ នោះព្រះអម្ចាស់បានមានបន្ទូលប្រាប់ឲ្យពួកគេសង់ព្រះវិហារបរិសុទ្ធមួយ ( សូមមើល « ជំពូក ៥០ ៖ ពួកបរិសុទ្ធទីក្រុងណៅវូ »ដំណើររឿងពីគោលលទ្ធិ និងសេចក្តីសញ្ញាទំព័រ ១៨៣–៨៤ ឬវីដេអូដូចគ្នានេះនៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សូមឲ្យកុមារធ្វើជាកំពុងសាងសង់ព្រះវិហារបរិសុទ្ធ ។
-
សូមអានជាមួយកុមារនូវឃ្លាថា « ដំណាក់ដ៏បរិសុទ្ធរបស់យើង ដែលរាស្ត្រយើងត្រូវបានបញ្ជារហូតឲ្យស្ថាបនាដល់ព្រះនាមដ៏បរិសុទ្ធរបស់យើង » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:៣៩ ) ។ ចូរឲ្យកុមារកាន់រូបភាពមួយនៃព្រះវិហារបរិសុទ្ធពីបុរាណ ( សូមមើល សៀវភៅសិល្បៈដំណឹងល្អ ល.រ. ៥២ ឬទំព័រសកម្មភាពសម្រាប់សប្ដាហ៍នេះ ) និងរូបភាពមួយនៃព្រះវិហារបរិសុទ្ធក្នុងតំបន់របស់អ្នក ។ សូមពន្យល់ថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទតែងតែបង្គាប់រាស្ត្ររបស់ទ្រង់ឲ្យសង់ព្រះវិហារបរិសុទ្ធ—នៅសម័យបុរាណ និងក្នុងជំនាន់របស់យើង ។ សូមអានពាក្យ និងឃ្លាចេញពី គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:២៨ –២៩ ដើម្បីជួយកុមារឲ្យយល់ថា ហេតុអ្វីព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងសង់ព្រះវិហារបរិសុទ្ធ ។
-
សូមឲ្យកុមារបំពេញទំព័រសកម្មភាពសប្ដាហ៍នេះដើម្បីជួយពួកគេឲ្យយល់ដឹងថា យើងគឺជារាស្ត្ររបស់ព្រះ ហើយថារាស្ត្ររបស់ព្រះតែងតែត្រូវបានបង្គាប់ឲ្យសង់ព្រះវិហារបរិសុទ្ធ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:១២–២១
ព្រះអម្ចាស់មានព្រះទ័យរីករាយពេលខ្ញុំមានចិត្តស្មោះត្រង់ ។
នៅក្នុង កណ្ឌទី ១២៤ ព្រះអម្ចាស់បានសរសើរពួកបរិសុទ្ធមួយចំនួនចំពោះសេចក្ដីស្មោះត្រង់របស់ពួកគេ ។ ព្រះបន្ទូលរបស់ទ្រង់អាចជួយកុមារឲ្យស្គាល់ពីគុណសម្បត្តិដែលពួកគេគួរអភិវឌ្ឍ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមជ្រើសរើសគុណសម្បត្តិល្អៗមួយចំនួនដែលបានលើកឡើងនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:១២–២១ ហើយសូមសរសេរវានៅលើក្ដារខៀនជុំវិញរូបរបស់ព្រះអង្គសង្គ្រោះ ។ សូមឲ្យកុមារស្រាវជ្រាវ ខទី ១២–២១ ដោយរកមើលពាក្យទាំងនេះ ។ សូមជួយពួកគេឲ្យយល់ពីពាក្យដែលពួកគេប្រហែលជាមិនស្គាល់ ។ ស្របតាមខគម្ពីរទាំងនេះ តើព្រះអម្ចាស់មានព្រះទ័យបែបណាចំពោះមនុស្សដែលអភិវឌ្ឍគុណសម្បត្តិទាំងនេះ ?
-
សូមសរសេរពាក្យ សេចក្ដីទៀងត្រង់នៅលើក្ដារខៀន ។ សូមអញ្ជើញកុមារឲ្យរៀនពីអ្វីដែលព្រះអម្ចាស់បានមានបន្ទូលអំពីសេចក្ដីទៀងត្រង់នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:១៥, ២០ ។ ដើម្បីជួយកុមារឲ្យយល់ដឹងពីអត្ថន័យនៃសេចក្ដីទៀងត្រង់ សូមអានសេចក្ដីថ្លែងការណ៍នេះ ៖ « សេចក្ដីទៀងត្រង់មានន័យថា ការគិត និងការធ្វើអ្វីដែលត្រឹមត្រូវគ្រប់ពេលវេលា មិនថាមានលទ្ធផលយ៉ាងណានោះទេ » ( ដើម្បីកម្លាំងនៃយុវជន ទំព័រ ១៩ ) ។ អ្នកក៏អាចចែកចាយឧទាហរណ៍អំពីកុមារម្នាក់ដែលបង្ហាញសេចក្ដីទៀងត្រង់ ចេញពីបទពិសោធន៍របស់អ្នកផ្ទាល់ ឬមកពីទស្សនាវដ្ដីFriend ឬ លីអាហូណា ។ សូមសំណូមពរឲ្យកុមារដាក់គោលដៅមួយដើម្បីធ្វើសកម្មភាពដោយមានសេចក្ដីទៀងត្រង់កាន់តែខ្លាំងនៅសប្ដាហ៍នេះ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:២៨–៣០, ៣៨–៤១
ព្រះយេស៊ូវបង្គាប់រាស្ត្ររបស់ទ្រង់ឲ្យសង់ព្រះវិហារបរិសុទ្ធ ។
មិនយូរប៉ុន្មាន កុមារដែលអ្នកបង្រៀននឹងមានវ័យធំល្មមគ្រប់គ្រាន់ដើម្បីទៅកាន់ព្រះវិហារបរិសុទ្ធ ហើយចូលរួមនៅក្នុងពិធីបរិសុទ្ធទាំងឡាយនៃព្រះវិហារបរិសុទ្ធ ។ តើអ្នកអាចធ្វើអ្វីដើម្បីជួយពួកគេឲ្យរៀបចំខ្លួន ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមគ្របរូបភាព ឬគំនូរមួយអំពីព្រះវិហារបរិសុទ្ធ ។ សូមអញ្ជើញកុមារឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:៣៨–៤១ រកតម្រុយអំពីអ្វីដែលមាននៅក្នុងរូបភាពនោះ ។ ចូរឲ្យកុមារបើករូបភាពនោះ ហើយពិភាក្សាពីអ្វីដែលខគម្ពីរទាំងនេះបង្រៀនអំពីហេតុផលដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងសង់ព្រះវិហារបរិសុទ្ធ ។ ។
-
សូមអញ្ជើញកុមារឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:២៨–៣០ ហើយរកមើលហេតុផលដែលព្រះអម្ចាស់បានប្រទានដល់យ៉ូសែប ស្ម៊ីធចំពោះការសង់ព្រះវិហារបរិសុទ្ធណៅវូ ។ សូមចែកចាយអារម្មណ៍របស់អ្នកអំពីព្រះវិហារបរិសុទ្ធ និងបទពិសោធន៍នានាដែលអ្នកមាន ក្នុងការធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន ។ សូមជួយកុមារឲ្យកំណត់ថា តើរយៈពេលប៉ុន្មានទៀតដែលពួកគេនឹងមានវ័យធំល្មមគ្រប់គ្រាន់ដើម្បីធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជននៅក្នុងព្រះវិហារបរិសុទ្ធ ។
-
ប្រសិនបើអ្នកមានប័ណ្ណចូលព្រះវិហារបរិសុទ្ធមួយ សូមបង្ហាញវាដល់កុមារ ឬអញ្ជើញយុវវ័យម្នាក់នៅក្នុងវួដឲ្យបង្ហាញប័ណ្ណរបស់គាត់ដល់កុមារ ។ សូមប្រាប់កុមារពីហេតុផលដែលប័ណ្ណចូលព្រះវិហារបរិសុទ្ធមួយមានសារៈសំខាន់ និងអ្វីដែលយើងត្រូវធ្វើដើម្បីទទួលបានប័ណ្ណនេះ ។ សូមលើកទឹកចិត្តពួកគេឲ្យចាប់ផ្ដើមរៀបចំខ្លួននៅពេលនេះ ដើម្បីទទួលបានប័ណ្ណរបស់ពួកគេ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:៩១–៩២
ពរលោកអយ្យកោមួយអាចផ្ដល់ការដឹកនាំដ៏បំផុសគំនិតដល់ខ្ញុំ ។
ប្រសិនបើអ្នកបានទទួលពររបស់លោកអយ្យកោ សូមមើលវាឡើងវិញពីមុនបង្រៀនកុមារអំពីពរជ័យទាំងនេះ ។ ហេតុអ្វីអ្នកមានអំណរគុណចំពោះពរលោកអយ្យកោរបស់អ្នក ? តើអ្នកនឹងបំផុសគំនិតឲ្យកុមាររៀបចំខ្លួនដើម្បីទទួលបានពរជ័យរបស់ពួកគេដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:៩១–៩២ ហើយអញ្ជើញសិស្សផ្សេងទៀតឲ្យស្ដាប់រកអ្វីដែលព្រះអម្ចាស់បានហៅហៃរ៉ុម ស្ម៊ីធ ឲ្យធ្វើ ។ តើកុមារដឹងអ្វីខ្លះអំពីពររបស់លោកអយ្យកោ ? ប្រសិនបើអ្នកបានទទួលពររបស់លោកអយ្យកោ សូមបង្ហាញវាដល់កុមារដើម្បីឲ្យពួកគេដឹងថាតើវាមានភិនភាគបែបណា ។ ( សូមចងចាំថា មាតិកាជាក់លាក់នៃពររបស់លោកអយ្យកោរបស់អ្នកមានភាពពិសិដ្ឋ ) ។ សូមពន្យល់ថា ពររបស់លោកអយ្យកោគឺជាពរជ័យពិសេសដែលយើងទទួលបានមកពីលោកអយ្យកោ ។ ពរជ័យទាំងនេះអាចជួយយើងឲ្យរៀនបន្ថែមទៀតពីខ្លួនឯង និងអ្វីដែលព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យយើងធ្វើ ។
-
សូមពិចារណាអញ្ជើញឪពុក ឬម្ដាយម្នាក់ ឬសាច់ញាតិរបស់កុមារម្នាក់ដែលអ្នកបង្រៀនឲ្យមកចែកចាយដល់កុមារពីហេតុផល ដែលពួកគេមានអំណរគុណចំពោះពរលោកអយ្យកោរបស់ពួកគេ ។ ចូរសុំឲ្យពួកគេចែកចាយអំពីរបៀបដែលពួកគេបានសម្រេចចិត្តថា ពួកគេចង់ទទួលបានពរជ័យរបស់ពួកគេ ។ សូមថ្លែងទីបន្ទាល់របស់អ្នកអំពីពររបស់លោកអយ្យកោ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមឲ្យកុមារចែកចាយជាមួយនឹងសមាជិកគ្រួសារម្នាក់ពីរឿងមួយដែលពួកគេបានរៀនអំពីព្រះវិហារបរិសុទ្ធ និងហេតុផលដែលពួកគេចង់ទៅព្រះវិហារបរិសុទ្ធនៅថ្ងៃមួយ ។