« ថ្ងៃទី ១–៧ ខែ វិច្ឆិកា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៥–១២៨ ៖ ‹ ជាសំឡេងនៃសេចក្ដីរីករាយសម្រាប់ពួកអ្នករស់ និងពួកអ្នកស្លាប់ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១–៧ ខែ វិច្ឆិកា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១២៥–១២៨–៨៣ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០២១
ថ្ងៃទី ១–៧ ខែ វិច្ឆិកា
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៥–១២៨
« ជាសំឡេងនៃសេចក្ដីរីករាយសម្រាប់ពួកអ្នករស់ និងពួកអ្នកស្លាប់ »
ប្រសិនបើអ្នកបង្រៀនកុមារតូចៗ ហើយត្រូវការជំនួយបន្ថែម សូមមើល « ការបំពេញតាមតម្រូវការរបស់កុមារតូចៗ » នៅដើមសៀវភៅនេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមជួយកុមារឲ្យគិតពីអ្វីមួយដែលពួកគេបានរៀននៅសប្តាហ៍នេះនៅឯផ្ទះ ឬក្នុងថ្នាក់បឋមសិក្សា ។ សូមឲ្យពួកគេមានពេលពីរបីនាទីដើម្បីគូររូបភាពពីអ្វីដែលពួកគេបានគិត ហើយចែកចាយវាដល់សិស្សក្នុងថ្នាក់ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៦:៣
ខ្ញុំស្រឡាញ់ក្រុមគ្រួសាររបស់ខ្ញុំ ។
បន្ទាប់ពីព្រិកហាំ យ៉ង់ បានត្រឡប់មកផ្ទះវិញ ក្រោយពីការផ្សព្វផ្សាយដំណឹងល្អ នោះព្រះអម្ចាស់បានប្រាប់លោកឲ្យយកចិត្តទុកដាក់លើការថែទាំក្រុមគ្រួសាររបស់លោក ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមចែកចាយជាមួយកុមារនូវព័ត៌មានអំពី ព្រិកហាំ យ៉ង់ នៅក្នុង « ជំពូកទី ៥០ ៖ ពួកបរិសុទ្ធទីក្រុងណៅវូ » ( ដំណើររឿងគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញា ទំព័រ ១៨៤ ) ឬ សូមសង្ខេប គោលលទ្ធិ និង សេចក្តីសញ្ញា ១២៦ តាមពាក្យសម្ដីរបស់អ្នកផ្ទាល់ ។ បន្ទាប់មកសូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៦:៣ ទៅកាន់កុមារ ដោយសង្កត់ធ្ងន់ទៅលើឃ្លា « ហើយថែទាំគ្រួសាររបស់អ្នកឲ្យបានស្រួលបួល » ។ តើវាមានន័យយ៉ាងណាចំពោះការថែទាំគ្រួសាររបស់យើង ? សូមជួយកុមារឲ្យគិតអំពីរបៀបដែលពួកគេអាចបង្ហាញសេចក្តីស្រឡាញ់ចំពោះសមាជិកគ្រួសាររបស់ពួកគេ ។
-
មុនចាប់ផ្ដើមបង្រៀន សូមអញ្ជើញកុមារឲ្យយករូបភាពក្រុមគ្រួសាររបស់ពួកគេមក ( ឬសុំឲ្យពួកគេគូររូបមួយសន្លឹក ) ។ បន្ទាប់មក សូមឲ្យពួកគេចែកចាយអ្វីមួយដែលពួកគេស្រឡាញ់អំពីក្រុមគ្រួសាររបស់ពួកគេ ។ សូមចែកចាយរូបភាពក្រុមគ្រួសាររបស់អ្នក ហើយសូមធ្វើដូចគ្នា ។ សូមពន្យល់ពីមូលហេតុដែលព្រះវរបិតាសួគ៌មានព្រះទ័យចង់ឲ្យយើងថែទាំក្រុមគ្រួសាររបស់យើង ។ សូមច្រៀងចម្រៀងមួយបទដែលបង្រៀនសេចក្តីពិតនេះ ដូចជាបទ « ពេលយើងជួយ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១០៨ ) ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:៥, ១២
បុត្រាបុត្រីរបស់ព្រះទាំងអស់ត្រូវការឱកាសដើម្បីទទួលបុណ្យជ្រមុជទឹក ។
ជាការបន្ថែមលើការជួយកុមារឲ្យរៀបចំដើម្បីចុះសេចក្តីសញ្ញានៃបុណ្យជ្រមុជទឹករបស់ពួកគេផ្ទាល់ នោះសូមបង្រៀនពួកគេថា យើងអាចជួយដល់ជនទាំងឡាយណាដែលបានស្លាប់ដោយពុំទាន់បានទទួលបុណ្យជ្រមុជទឹកឲ្យទទួលបានពរជ័យដូចគ្នានេះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពព្រះយេស៊ូវគ្រីស្ទទទួលបុណ្យជ្រមុជទឹក ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ ៣៥ ) ឬបង្ហាញវីដេអូ « ពិធីបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវ » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សូមសួរកុមារថា តើពួកគេធ្លាប់បានឃើញនរណាម្នាក់ទទួលបុណ្យជ្រមុជទឹកពីមុនឬអត់ ។ តើពួកគេចងចាំអ្វីខ្លះអំពីពីធីនោះ ? សូមប្រើរូបភាព ឬវីដេអូដើម្បីបង្ហាញកុមារថា នៅពេលពួកគេបានទទួលបុណ្យជ្រមុជទឹក គឺយើងចុះទៅក្នុងទឹក ហើយបន្ទាប់មកងើបមកវិញ គឺដូចជាព្រះយេស៊ូវបានធ្វើដូច្នេះដែរ ។ សូមបើកទៅ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១២ ហើយពន្យល់ថា យ៉ូសែប ស្ម៊ីធ បានបង្រៀនថា ការទទួលបុណ្យជ្រមុជទឹករំឭកយើងពីការរស់ឡើងវិញ ។
-
សូមប្រាប់កុមារអំពីនរណាម្នាក់ដែលអ្នកស្គាល់ ( ដូចជាជីដូនជីតា ) ដែលបានស្លាប់ដោយពុំបានទទួលបុណ្យជ្រមុជទឹក ។ សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:៥ ហើយទុកឲ្យពួកគេផ្លាស់ប្តូរវេនគ្នាកាន់រូបភាពអាងជ្រមុជទឹកក្នុងព្រះវិហារបរិសុទ្ធ ( សូមមើល គម្រោងប្រចាំសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ) ។ សូមថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌អនុញ្ញាតឲ្យយើងធ្វើបុណ្យជ្រមុជទឹកនៅលើផែនដីសម្រាប់ជនទាំងឡាយណាដែលបានទទួលមរណភាព ។ តាមរបៀបនេះ បុត្រាបុត្រីរបស់ព្រះទាំងអស់អាចបានទទួលបុណ្យជ្រមុជទឹក ហើយចុះសេចក្តីសញ្ញាជាមួយទ្រង់បាន ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១៨
ព្រះវរបិតាសួគ៌មានព្រះទ័យចង់ឲ្យខ្ញុំរៀនអំពីពង្សប្រវត្តិក្រុមគ្រួសាររបស់ខ្ញុំ ។
មានវិធីដ៏ងាយៗដែលកុមារតូចៗអាចចូលរួមនៅក្នុងកិច្ចការពង្សប្រវត្តិ ។ សូមជួយពួកគេឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់សម្រាប់មនុស្សនៅក្នុងមែកធាងគ្រួសាររបស់ពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្កើតច្រវ៉ាក់ធ្វើពីក្រដាសដែលមានឈ្មោះ មនុស្សនៅក្នុងក្រុមគ្រួសាររបស់អ្នក ( សូមមើលទំព័រសកម្មភាពប្រចាំសប្តាហ៍នេះ ) ហើយយកវាមកបង្ហាញដល់ថ្នាក់រៀន ។ សូមប្រាប់ពីរបីចំណុចអំពីបុគ្គលដែលនៅក្នុងច្រវ៉ាក់របស់អ្នក ។ សូមអានជា មួយកុមារចេញពី គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១៨ ហើយសូមពន្យល់ថា យ៉ូសែប ស្ម៊ីធ បានបង្រៀនថា « មានចំណងភ្ជាប់ … រវាងពួកឪពុកនឹងកូនៗ » ។ សូមជួយកុមារឲ្យធ្វើច្រវ៉ាក់ក្រុមគ្រួសាររបស់ពួកគេផ្ទាល់ ហើយអញ្ជើញពួកគេឲ្យយកច្រវ៉ាក់ទៅផ្ទះ ហើយឲ្យឪពុកម្តាយរបស់ពួកគេជួយពួកគេបន្ថែមឈ្មោះជីដូនជីតារបស់ពួកគេ ។
-
សូមឲ្យកុមារចែកចាយអ្វីមួយអំពីជីដូនជីតារបស់ពួកគេម្នាក់ ។ សូមប្រាប់ដំណើររឿងដែលអ្នកចូលចិត្តបំផុតអំពីឪពុកម្តាយ ឬជីដូនជីតារបស់អ្នក ។ សូមបង្ហាញរូបភាពប្រសិនបើអាច ។ សូមលើកទឹកចិត្តកុមារឲ្យរៀនបន្ថែមអំពីជីដូនជីតា និងបុព្វការីជនរបស់ពួកគេ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ខ្ញុំអាចជួយថែទាំក្រុមគ្រួសាររបស់ខ្ញុំ ។
តើអ្នកអាចជួយកុមារដែលអ្នកបង្រៀនឲ្យបម្រើសមាជិកក្រុមគ្រួសាររបស់ពួកគេតាមរបៀបដ៏មានអត្ថន័យយ៉ាងដូចម្តេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអានជាមួយគ្នា គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៦:៣ ។ ហេតុអ្វីព្រះវរបិតាសួគ៌អាចបានសុំព្រិកហាំ យ៉ង់ឲ្យ « ថែទាំគ្រួសាររបស់ [ គាត់ ] ឲ្យបានស្រួលបួល » ? តើយើងអាចធ្វើដូចគ្នាសម្រាប់ក្រុមគ្រួសារយើងយ៉ាងដូចម្តេច ? សូមធ្វើបញ្ជីមួយពីរឿងដែលអ្នកអាចធ្វើឥឡូវនេះដើម្បីបម្រើក្រុមគ្រួសាររបស់យើង ។ តើការធ្វើរឿងទាំងអស់នេះជួយយើងឲ្យក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌យ៉ាងដូចម្តេច ?
-
សូមចែកចាយជាមួយកុមារអំពីដំណើររឿងរបស់ស៊ីស្ទើរ ខារ៉ូល អិម ស្ទីហ្វីន អំពីចៅប្រុស ផតធើររបស់គាត់ ( សូមមើល « We Have Great Reason to Rejoice » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១១៥ ) ។ តើផតធើរ បានធ្វើអ្វីដើម្បីថែទាំក្រុមគ្រួសាររបស់គាត់ ? តើយើងអាចធ្វើតាមគំរូរបស់គាត់យ៉ាងដូចម្ដេច ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១, ១៥–១៨
ពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជនបង្កើត « ចំណងភ្ជាប់ » រវាងខ្ញុំ និងបុព្វការីជនរបស់ខ្ញុំ ។
យ៉ូសែប ស្ម៊ីធ បានបង្រៀនថា ពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន ភ្ជាប់យើងទៅនឹងបុព្វការីជនរបស់យើងដូចជាច្រវ៉ាក់ជាប់គ្នាដែរ ។ តើអ្នកអាចជួយកុមារឲ្យមានអារម្មណ៍រីករាយចេញពីការរៀនអំពីបុព្វការីជនរបស់យើង ហើយប្រាកដថាបានធ្វើកិច្ចការព្រះវិហារបរិសុទ្ធជូនពួកគាត់យ៉ាងដូចម្តេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមបំបែកកុមារជាពីរក្រុម ហើយសូមឲ្យក្រុមទីមួយអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:១ ដើម្បីស្វែងរកថា តើយ៉ូសែបបានគិតដល់អ្វីក្នុងចិត្តលោក ។ សូមឲ្យក្រុមផ្សេងទៀតអាន ខទី ១៧ ហើយស្វែងរកថា តើអ្វីទៅដែលលោកគិតថាជា « ដ៏រុងរឿងបំផុត » ។ សូមឲ្យពួកគេចែកចាយអ្វីដែលពួកគេស្វែងរក ហើយនិយាយអំពីមូលហេតុដែលប្រធានបទនេះគឺជារឿងដ៏រុងរឿងខ្លាំងបំផុត ។ ប្រសិនបើអាច សូមអញ្ជើញយុវវ័យម្នាក់ដែលបានធ្វើពិធីបុណ្យជ្រមុជទឹកជូនមរណជនឲ្យចែកចាយបទពិសោធន៍របស់ពួកគេ ហើយពន្យល់ពីមូលហេតុដែលយើងធ្វើកិច្ចការនេះ ។
-
សូមពិចារណាការប្រើប្រាស់មេរៀនដែលប្រើវត្ថុដើម្បីបង្ហាញថា យើងត្រូវជួយបុព្វការីជនរបស់យើងដែលមិនទាន់បានទទួលបុណ្យជ្រមុជទឹក ។ ឧទាហណ៍ សូមបង្ហាញអំណោយមួយ ឬរបស់ហូបមួយ ប៉ុន្តែដាក់វាឲ្យឆ្ងាយពីដៃរបស់កុមារម្នាក់ ។ សូមប្រាប់ថា ពួកគេអាចយកវត្ថុនោះបាន ប៉ុន្តែមិនអាចងើបចេញពីកៅអីរបស់ខ្លួនបានឡើយ ។ សូមសួរកុមារដទៃទៀតពីអ្វីដែលពួកគេអាចធ្វើដើម្បីជួយកុមារនេះឲ្យទទួលវត្ថុនោះបាន ។ សូមអានជាមួយគ្នា គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១៥ ហើយនិយាយអំពីរបៀបដែលវាទាក់ទងនឹងមេរៀនដែលប្រើវត្ថុនេះ ។
-
សូមអញ្ជើញកុមារឲ្យធ្វើច្រវ៉ាក់ក្រដាសដែលមានឈ្មោះឪពុកម្តាយរបស់ពួកគេ ជីដូនជីតា ជីដូនជីតាទួត ជាដើម ( សូមមើលទំព័រសកម្មភាពសម្រាប់មេរៀននេះ ) ។ ប្រសិនបើកុមារមិនស្គាល់ឈ្មោះបុព្វការីជនរបស់ពួកគេទេ សូមលើកទឹកចិត្តពួកគេឲ្យស្វែងរកឈ្មោះ ហើយសរសេរឈ្មោះទាំងនោះនៅលើច្រវ៉ាក់នៅឯផ្ទះ ។ សូមអានជាមួយគ្នា គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១៨ ដើម្បីស្វែងរកថាតើអ្វីទៅជា « ចំណងភ្ជាប់ » ដែលធ្វើឲ្យពង្សប្រវត្តិគ្រួសាររបស់យើង « ភ្ជាប់គ្នាទាំងមូល និងពេញលេញ » ។ សូមប្រាប់រឿងអំពីបុព្វការីជនមួយដែលជួយអ្នកឲ្យមានអារម្មណ៍ស្និទ្ធស្នាលជាមួយពួកគាត់ ។ ឬ សូមបង្ហាញវីដេអូ « សេចក្តីក្លាហាន ៖ ខ្ញុំគិតថា ខ្ញុំបានពីទ្រង់ » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
-
សូមបង្ហាញកុមារនូវបណ្ណ័ចូលព្រះវិហារបរិសុទ្ធ ហើយប្រាប់ពួកគេពីរបៀបដែលអ្នកបានទទួលវា ។ សូមឲ្យពួកគេទន្ទឹងរង់ចាំទទួលបណ្ណចូលព្រះវិហារបរិសុទ្ធរបស់ពួកគេ ដើម្បីពួកគេអាចចូលទៅក្នុងព្រះវិហារបរិសុទ្ធ ហើយធ្វើបុណ្យជ្រមុជទឹកឲ្យបុព្វការីជនរបស់ពួកគេដោយផ្ទាល់ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យសួរនរណាម្នាក់នៅឯផ្ទះដើម្បីជួយពួកគេឲ្យរៀនបន្ថែមទៀតអំពីពង្សប្រវត្តិគ្រួសាររបស់ពួកគេ ។ ពួកគេអាចសួរដើម្បីបានស្តាប់រឿងអំពីបុព្វការីជនរបស់ពួកគេ ឬ ប្រើគេហទំព័រ FamilySearch.org ដើម្បីស្វែងរកឈ្មោះបុព្វការីជនដែលមិនទាន់បានទទួលបុណ្យជ្រមុជទឹកនៅឡើយ ។