« ថ្ងៃទី ២២–២៨ ខែ វិច្ឆិកា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥–១៣៦ ៖ « លោក ‹ បានបិទត្រាបេសកកម្មរបស់លោក និងកិច្ចការរបស់លោកដោយលោហិតរបស់លោកផ្ទាល់ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២២–២៨ ខែ វិច្ឆិកា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៥–១៣៦ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០២១
ថ្ងៃទី ២២–២៨ ខែ វិច្ឆិកា
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៥–១៣៦
« លោក ‹ បានបិទត្រាបេសកកម្មរបស់លោក និងកិច្ចការរបស់លោកដោយលោហិតរបស់លោកផ្ទាល់ › »
នៅពេលអ្នករៀបចំខ្លួនដើម្បីបង្រៀន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៥–១៣៦ សូមរកមើលគោលការណ៍ទាំងឡាយដែលមានឥទ្ធិពលលើជីវិតរបស់អ្នក ។ សូមពិចារណាអំពីរបៀបដែលគំនិតនៅក្នុងគម្រោងមេរៀននេះអាចជួយកុមារឲ្យរៀន ហើយអនុវត្តតាមគោលការណ៍ទាំងនេះបាន ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមអញ្ជើញកុមារឲ្យចែកចាយអ្វីមួយដែលពួកគេចាំថាបានរៀននៅក្នុងឆ្នាំនេះអំពីយ៉ូសែប ស្ម៊ីធ និងអ្វីដែលលោកបានសម្រេច ។ សូមបង្ហាញរូបភាពចេញពីសៀវភៅចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារក្នុងឆ្នាំនេះ ឬចេញពីទំព័រសកម្មភាពមុនៗដើម្បីជួយពួកគេ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥:១–២
យ៉ូសែប ស្ម៊ីធ និងហៃរុម ស្ម៊ីធ បានពលីជីវិតរបស់ពួកលោកសម្រាប់ដំណឹងល្អរបស់ព្រះយេស៊ូវ គ្រីស្ទ ។
ដំណើររឿងនៃការប្តូរស្លាប់ដើម្បីជំនឿរបស់យ៉ូសែប និង ហៃរុម ស្ម៊ីធ អាចជួយកុមារឲ្យមានអារម្មណ៍ថាមានអំណរគុណសម្រាប់ទីបន្ទាល់ និងពលិកម្មរបស់បុរសដ៏អស្ចារ្យទាំងនេះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រើ « ជំពូកទី ៥៧ ៖ ព្យាការីត្រូវបានគេសម្លាប់ » ( ដំណើររឿងគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ទំព័រ ២០១–២០៥ ) ដើម្បីប្រាប់កុមារអំពីរបៀបដែលព្យាការី យ៉ូសែប ស្ម៊ីធ និងបងប្រុសរបស់លោក ហៃរុម ស្ម៊ីធ បានទទួលមរណភាព ។ ឬសូមឲ្យកុមារម្នាក់ប្រាប់ពីដំណើររឿងនេះ ។ សូមថ្លែងទីបន្ទាល់របស់អ្នកថា យ៉ូសែប ស្ម៊ីធ គឺជាព្យាការីពិតប្រាកដ ហើយថា លោកបានពលីជីវិតរបស់លោកសម្រាប់ព្រះអម្ចាស់ និងដំណឹងល្អរបស់ទ្រង់ ។
-
សូមចែកចាយឃ្លាពីរបីមកពីខគម្ពីរព្រះគម្ពីរមរមនជាមួយកុមារដែលហៃរុម ស្ម៊ីធ បានអានពីមុនលោកបានទៅគុកកាតធេច ដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥:៥ ។ សូមនិយាយពីរបៀបដែលខគម្ពីរនេះអាចបានលួងលោមចិត្តហៃរុម ។ សូមចែកចាយខគម្ពីរដែលនាំមកឲ្យអ្នកនូវការលួងលោម នៅពេលអ្នកមានការព្រួយបារម្ភ ឬសោកសៅ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥:៣
យ៉ូសែប ស៊្មីធ គឺជាព្យាការីរបស់ព្រះ ។
នៅពេញមួយឆ្នាំនេះ កុមារបានរៀនពីអ្វីដែលព្រះអម្ចាស់បានបើកសម្តែងតាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ។ អ្នកអាចជួយពួកគេឲ្យចងចាំ ហើយមានអំណរគុណដល់របៀបដែលកិច្ចការរបស់យ៉ូសែប បានផ្តល់ពរជ័យដល់ជីវិតរបស់ពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមដាក់តាំងវត្ថុដែលតំណាងឲ្យកិច្ចការរបស់ព្យាការីយ៉ូសែប ស្ម៊ីធ ដូចជា ព្រះគម្ពីរមរមន គម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញា ឬ រូបភាពពួកអ្នកផ្សព្វផ្សាយសាសនា ឬព្រះវិហារបរិសុទ្ធមួយ ។ ដោយប្រើប្រាស់ឃ្លាចេញពី គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥:៣ សូមចែកចាយជាមួយកុមារនូវរឿងមួយចំនួនដែលព្រះអម្ចាស់បានធ្វើតាមរយៈយ៉ូសែប ស្ម៊ីធ សម្រាប់សេចក្តីសង្រ្គោះរបស់យើង ។ សូមអញ្ជើញកុមារឲ្យជ្រើសរើសរឿងមួយនៃរឿងទាំងនេះ ហើយចែកចាយពីមូលហេតុដែលពួកគេមានអំណរគុណចំពោះវា ។
-
នៅពេលកុមារផាត់ពណ៌នៅទំព័រសកម្មភាពប្រចាំសប្តាហ៍នេះ សូមច្រៀង ឬចាក់ចម្រៀងអំពីយ៉ូសែប ស្ម៊ីធ ដូចជាបទ « សរសើរដល់លោក » ( ទំនុកតម្កើង ល.រ. ១៦ ) ។ សូមចែកចាយអារម្មណ៍របស់អ្នកអំពីព្យាការី ។
ព្រះបានប្រទានព្រះបញ្ញត្តិទាំងឡាយដើម្បីជួយយើង ។
ពួកបរិសុទ្ធថ្ងៃចុងក្រោយឆ្លងកាត់ឧបសគ្គជាច្រើននៅប៉ុន្មានឆ្នាំនោះបន្ទាប់ពីមរណភាពរបស់យ៉ូសែប ស្ម៊ីធ ។ តើការប្រឹក្សារបស់ព្រះអម្ចាស់ ដែលបានប្រទានដល់ពួកបរិសុទ្ធជួយដល់កុមារដែលអ្នកបង្រៀនយ៉ាងដូចម្តេចខ្លះ ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមចែកចាយជាមួយកុមារនូវឧបសគ្គមួយចំនួនដែលពួកបរិសុទ្ធបានប្រឈមមុខ នៅពេលដែលពួកគេបានចាកចេញពីក្រុងណៅវូ ហើយបានប្រមូលផ្តុំគ្នានៅក្រុងវិនធើរ ខ្វលធើរ ( សូមមើល ជំពូកទី ៦០ និង ទី ៦២ក្នុង ដំណើររឿងគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញា ទំព័រ ២១១–២១៦, ២២២–២២៤ ) ។ សូមដាក់តាំងរូបភាពព្រះវិហារបរិសុទ្ធណៅវូនៅម្ខាងបន្ទប់ ហើយបង្កើតជាជម្រកសាមញ្ញមួយនៅម្ខាងទៀតនៃបន្ទប់—ប្រហែលប្រើភួយ ឬកៅអី ឬតុមួយចំនួន ។ សូមអញ្ជើញកុមារឲ្យប្រមូលផ្តុំគ្នានៅជិតរូបភាពនេះ ហើយប្រាប់ពួកគេថា រយៈពេលមួយឆ្នាំកន្លះបន្ទាប់ពីយ៉ូសែប ស្ម៊ីធបានទទួលមរណភាព នោះពួកបរិសុទ្ធត្រូវបានបង្ខំឲ្យចេញពីក្រុងណៅវូ ។ សូមអញ្ជើញកុមារឲ្យដើរចេញពីព្រះវិហារបរិសុទ្ធ ហើយជួបជុំគ្នានៅក្នុងជម្រកនោះ ជាតំណាងឲ្យការធ្វើដំណើរទៅកាន់ក្រុងវិនធើរ ខ្វលធើរ ។
-
សូមពន្យល់ថា ព្រះអម្ចាស់បានប្រទានវិវរណៈមួយទៅកាន់ព្រិកហាំ យ៉ង់ ដែលមាននៅក្នុងគោលលទ្ធិ និង សេចក្តីសញ្ញា ១៣៦ ដើម្បីជួយពួកបរិសុទ្ធនៅពេលដែលពួកគេធ្វើដំណើរទៅកាន់ជ្រលងភ្នំសតល៏ លេក ។ សូមអានឃ្លាពីរបីចេញពីជំពូកទី ១៣៦ ដែលមានទាក់ទងនឹងការប្រឹក្សាដែលកុមារតូចៗអាចយល់បាន ហើយសូមអញ្ជើញពួកគេឲ្យសម្តែង ឬគូរអ្វីដែលព្រះអម្ចាស់បានប្រាប់ឲ្យពួកបរិសុទ្ធធ្វើ នៅពេលដែលពួកគេបានធ្វើដំណើរ ។ ឧទាហរណ៍ កុមារអាចគូររូបខ្លួនរបស់ពួកគេប្រគល់របស់អ្វីមួយដែលពួកគេបានខ្ចីពីមិត្តភក្តិ ឬពួកគេអាចច្រៀងចម្រៀងថ្នាក់កុមារ នៅពេលដែលពួកគេរាំជុំវិញជំរំសប្បនិមិត្តនោះ ( សូមមើល ខទី ២៥, ២៨ ) ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
យ៉ូសែប ស្ម៊ីធ និងហៃរុម ស្ម៊ីធ បានពលីជីវិតរបស់ពួកលោកសម្រាប់ដំណឹងល្អរបស់ព្រះយេស៊ូវ គ្រីស្ទ ។
ការស្តាប់ពីពលិកម្មរបស់យ៉ូសែប និងហៃរុម ស្ម៊ីធ អាចពង្រឹងសេចក្តីជំនឿរបស់កុមារ និងបំណងប្រាថ្នារបស់ពួកគេឲ្យនៅស្មោះពិតចំពោះទីបន្ទាល់របស់ពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារចែកចាយអ្វីដែលពួកគេដឹងអំពីរបៀបដែលយ៉ូសែប និងហៃរុម ស្ម៊ីធ ត្រូវបានគេសម្លាប់ ។ ប្រសិនបើពួកគេត្រូវការជំនួយ សូមឲ្យពួកគេបើកទៅ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥:១ ឬ « ជំពូកទី ៥៧ ៖ ព្យាការីត្រូវបានគេសម្លាប់ » ( ដំណើររឿងគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ទំព័រ ២០១–២០៥ ) ។ សូមអញ្ជើញកុមារឲ្យស្រមៃថា ពួកគេបានកំពុងរស់នៅក្រុងណៅវូ នៅពេលព្យាការីបានទទួលមរណភាព ។ សូមឲ្យពួកគេចែកចាយអារម្មណ៍ដែលពួកគេអាចមាន ។ សូមថ្លែងទីបន្ទាល់របស់អ្នកពីយ៉ូសែប ស្ម៊ីធ ហើយអញ្ជើញកុមារឲ្យធ្វើដូចគ្នា ។
-
សូមដាក់តាំងរូបព្យាការី ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ ១៤, ១៨, ៦៧ ) ។ តើមានអ្វីដែលព្រះបានបង្គាប់ឲ្យព្យាការីធ្វើ ? សូមពន្យល់ថា ព្រះអម្ចាស់សន្យាថានឹងប្រទាន ពរជ័យដល់ព្យាការីរបស់ទ្រង់ចំពោះពលិកម្មដែលពួកគេបានធ្វើក្នុងការបម្រើដល់ទ្រង់ ( សូមមើល ម៉ាថាយ ១០:៣៩ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥:៣
យ៉ូសែប ស៊្មីធ គឺជាព្យាការីរបស់ព្រះ ។
ដូចជាព្យាការីទាំងអស់ដែរ យ៉ូសែប ស្ម៊ីធបានថ្លែងទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ និងបានបង្រៀនយើងពីរបៀបដើម្បីមករកទ្រង់ ។ សូមជួយកុមារឲ្យមើលឃើញពីរបៀបដែលព្យាការី យ៉ូសែប ស្ម៊ីធ បានសម្រេចបេសកកម្មរបស់លោក ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអានជាមួយគ្នា គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥:៣ ហើយសុំឲ្យកុមារគូសបញ្ជាក់អ្វីដែលយ៉ូសែប ស្ម៊ីធ បានសម្រេច ។ សូមសរសេរលើក្តារខៀននូវអ្វីដែលពួកគេបានរក ។ សូមអញ្ជើញកុមារឲ្យជ្រើសរើសរឿងមួយនៃរឿងទាំងនេះ ហើយចែកចាយពីមូលហេតុដែលពួកគេមានអំណរគុណចំពោះវា ។
-
សូមលើកទឹកចិត្តកុមារម្នាក់ៗឲ្យគិតពីមិត្តភក្តិម្នាក់ ឬមនុស្សជាទីស្រឡាញ់ដែលពុំបានដឹងច្រើនពីយ៉ូសែប ស្ម៊ីធ ។ តើពួកគេនឹងនិយាយអ្វី ប្រសិនបើបុគ្គលនោះសួរសំណួរមកកាន់ពួកគេថា « ហេតុអ្វីយ៉ូសែប ស្ម៊ីធ សំខាន់ម្ល៉េះចំពោះអ្នក ? » សូមអញ្ជើញកុមារឲ្យអនុវត្តអ្វីដែលពួកគេនឹងនិយាយទៅកាន់បុគ្គលនេះ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៦:៤, ១០–១១, ១៨–៣០
ព្រះអម្ចាស់អាចប្រទានពរជ័យដល់ខ្ញុំ នៅពេលខ្ញុំមានការពិបាក ។
បន្ទាប់ពីយ៉ូសែប ស្ម៊ីធ បានត្រូវសម្លាប់ នោះពួកបរិសុទ្ធត្រូវបានបណ្តេញចេញពីក្រុងណៅវូ ។ ព្រិកហាំ យ៉ង់ បានដឹកនាំពួកគេទៅកាន់ក្រុងវិនធើរ ខ្វលធើរ ជាកន្លែងដែលពួកគេបានរៀបចំខ្លួនសម្រាប់ការធ្វើដំណើរដ៏វែងឆ្ងាយ ទៅកាន់ជ្រលងភ្នំសតល៍ លេក ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមចែកចាយបទពិសោធន៍ដែលពួកបរិសុទ្ធមានបន្ទាប់ពីព្យាការី យ៉ូសែប ស្ម៊ីធត្រូវបានគេសម្លាប់ ( សូមមើល ជំពូក ៥៨, ៦០ និង ៦២ នៅក្នុង ដំណើររឿងគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញា ទំព័រ ២០៦–២០៨, ២១១–២១៦, ២២២–២២៤ ) ។ សូមអញ្ជើញកុមារឲ្យស្រមៃថាតើពួកគេនឹងមានអារម្មណ៍យ៉ាងណា ប្រសិនបើពួកគេត្រូវចាកចេញពីផ្ទះ ហើយស្វែងរកទីកន្លែងថ្មីដើម្បីរស់នៅក្នុងព្រៃរហោស្ថាននោះ ។ សូមពន្យល់ថានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៦ ព្រះអម្ចាស់បានប្រទានការប្រឹក្សាដើម្បីជួយដល់ពួកបរិសុទ្ធក្នុងការធ្វើដំណើររបស់ពួកគេ ។ សូមចាត់តាំងកុមារម្នាក់ៗមាននូវខគម្ពីរពីរបីចេញពីវិវរណៈនេះ ដូចជា ខទី ៤, ១០–១១, ១៨–៣០ ហើយសូមកុមារម្នាក់ៗឲ្យស្វែងរកអ្វីមួយដែលអាចជួយពួកគេ ពេលពួកគេមានការព្រួយបារម្ភ និងការភ័យខ្លាច ។
-
សូមជួយកុមារឲ្យគិតពីឧបសគ្គទាំងឡាយដែលមនុស្សប្រឈមមុខនៅសព្វថ្ងៃនេះ ។ សូមអញ្ជើញពួកគេឲ្យស្វែងរកអ្វីមួយនៅក្នុង ជំពូកទី ១៣៦ ដែលពួកគេអាចចែកចាយដើម្បីលើកទឹកចិត្តនរណាម្នាក់ដែលជួបនឹងឧបសគ្គបែបនោះ ។ កុមារក៏អាចស្វែងរកការលើកទឹកចិត្តចេញពីសារលិខិតនៅក្នុងបទ « មក មកពួកបរិសុទ្ធ » ( ទំនុកតម្កើង ល.រ. ១៨ ) ជាទំនុកតម្កើងដែលពួកបរិសុទ្ធបានច្រៀងក្នុងពេលធ្វើដំណើររបស់ពួកគេ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យចែកចាយជាមួយក្រុមគ្រួសាររបស់ពួកគេ ឬមិត្តភក្តិម្នាក់ពីមូលហេតុដែលពួកគេមានអំណរគុណចំពោះព្យាការី យ៉ូសែប ស្ម៊ីធ ។