« ថ្ងៃទី ២៩ ខែ វិច្ឆិកា–ថ្ងៃទី ៥ ខែ ធ្នូ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៧–១៣៨ ៖ ‹ គ្មានគ្រឿងសាស្ត្រាវុធណាមួយ ដែលបានធ្វើឡើង នឹងអាចទាស់នឹងអ្នកបានឡើយ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៩ ខែ វិច្ឆិកា–ថ្ងៃទី ៥ ខែ ធ្នូ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧–១៣៨ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០២១
ថ្ងៃទី ២៩ ខែ វិច្ឆិកា–ថ្ងៃទី ៥ ខែ ធ្នូ
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧–១៣៨
« គ្មានគ្រឿងសាស្ត្រាវុធណាមួយ ដែលបានធ្វើឡើង នឹងអាចទាស់នឹងអ្នកបានឡើយ »
សូមរកមើលគោលការណ៍ទាំងឡាយនៅក្នុងវិវរណៈទាំងនេះដែលហាក់សំខាន់ចំពោះកុមារដែលអ្នកបង្រៀន ។ តើអ្នកជួយពួកគេឲ្យយល់ពីគោលការណ៍ទាំងនេះយ៉ាងដូចម្តេច ?
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមបង្ហាញរូបភាពរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងពិភពវិញ្ញាណ ដូចជារូបភាពមួយមាននៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។ សូមអញ្ជើញកុមារឲ្យចែកចាយអ្វីមួយដែលពួកគេដឹងអំពីពិភពវិញ្ញាណ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៧:១–៥
ព្រះបានផ្ដល់ឲ្យខ្ញុំនូវមធ្យោបាយដើម្បីរស់នៅជាមួយក្រុមគ្រួសារខ្ញុំជានិរន្តរ៍ ។
នៅក្នុងការនិមិត្តមួយ យ៉ូសែប ស្ម៊ីធ បានឃើញសមាជិកគ្រួសាររបស់គាត់នៅជាមួយគ្នាក្នុងនគរសេឡេស្ទាល ។ តើអ្នកអាចប្រើការនិមិត្តនេះដើម្បីបង្រៀនកុមារថា ក្រុមគ្រួសារអាចរស់នៅជាមួយគ្នាជានិរន្តរ៍យ៉ាងដូចម្តេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពនរណាម្នាក់ក្នុងគ្រួសាររបស់អ្នក ហើយនិយាយប្រាប់ថាតើអ្នកចង់រស់នៅជាមួយពួកគេនៅក្នុងនគរសេឡេស្ទាលប៉ុណ្ណា ។ សូមពន្យល់ថា អាលវិន ជាបងប្រុសរបស់យ៉ូសែប ស្ម៊ីធ បានទទួលមរណភាពតាំងពីក្មេង ហើយយ៉ូសែប បាននឹកបងគាត់ខ្លាំងណាស់ ។ សូមអានគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៧:១, ៥ ហើយសូមសួរកុមារថាតើយ៉ូសែប ស្ម៊ីធ បានឃើញនរណានៅក្នុងការនិមិត្តរបស់លោកពីនគរសេឡេស្ទាល ( សូមមើលផងដែរ ដំណើររឿងគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញាទំព័រ ១៥២–១៥៣ ) ។ សូមអញ្ជើញកុមារឲ្យលាតសន្ធឹងដៃរបស់ពួកគេឲ្យធំដើម្បីបង្ហាញថា តើពួកគេស្រឡាញ់ក្រុមគ្រួសារខ្លួនប៉ុណ្ណា ហើយសូមឲ្យពួកគេចែកចាយពីមូលហេតុដែលពួកគេចង់រស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេនៅនគរសេឡេស្ទាល ។
-
សូមប្រើគោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧:១–៥ និងទំព័រសកម្មភាពប្រចាំសប្តាហ៍នេះដើម្បីជួយកុមារឲ្យស្វែងរកព័ត៌មានលម្អិតអំពីការនិមិត្តរបស់យ៉ូសែប ស្ម៊ីធពីនគរសេឡេស្ទាល ។ សូមអញ្ជើញពួកគេឲ្យគូររូបខ្លួនរបស់ពួកគេ និងក្រុមគ្រួសាររបស់ពួកគេនៅលើទំព័រសកម្មភាពខណៈដែលអ្នកលេង ឬច្រៀងចម្រៀងអំពីក្រុមគ្រួសារ ដូចជាបទ « ក្រុមគ្រួសារអាចនៅជាមួយគ្នាជានិរន្តរ៍ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១៨៧ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:៦–១១
ព្រះវិញ្ញាណបរិសុទ្ធអាចជួយខ្ញុំឲ្យយល់បទគម្ពីរទាំងឡាយ ។
ពេលខ្លះបទគម្ពីរពិបាកដើម្បីយល់ ជាពិសេសេសម្រាប់កុមារ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:១១ បង្រៀនថា ព្រះវិញ្ញាណបរិសុទ្ធអាចបើក « ភ្នែកនៃយោបល់ [ យើង ] » ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពមួយពីប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ. ១២៧ ) ។ សូមពន្យល់ថា លោកគឺជាប្រធានទីប្រាំមួយនៃសាសនាចក្រ ហើយនៅថ្ងៃមួយ លោកបានកំពុងអានព្រះគម្ពីរ ហើយកំពុងសញ្ជឹងគិតពីវា ( ដោយគិតអំពីអត្ថន័យរបស់វា ) ។ នៅពេលអ្នកអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:៦, ១១ សូមអញ្ជើញកុមារឲ្យសម្តែងថាពួកគេជាប្រធាន ស្ម៊ីធ ហើយសម្តែងតាមពាក្យពេចន៍ដែលបានអាន ។
-
សូមប្រាប់កុមារពីគ្រាមួយ ពេលអ្នកបានសញ្ជឹងគិតអ្វីមួយនៅក្នុងព្រះគម្ពីរ ហើយព្រះវិញ្ញាណបរិសុទ្ធបានជួយអ្នកឲ្យយល់អំពីវា ។ សូមច្រៀងចម្រៀងមួយបទជាមួយគ្នាអំពីការសិក្សាព្រះគម្ពីរ ដូចជាបទ « ស្វែងរក គិត អធិស្ឋាន » ( សៀវភៅចម្រៀងកុមារ ទំព័រ ៦៦ ) ។ តើចម្រៀងនេះនិយាយថាយើងគួរធ្វើអ្វីខ្លះ ដើម្បីយល់ពីព្រះគម្ពីរ ?
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:១៨–៣៥
បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ទាំងអស់នឹងមានឱកាសដើម្បីស្តាប់ពីដំណឹងល្អ ។
បន្ទាប់ពីព្រះយេស៊ូវគ្រីស្ទត្រូវបានគេឆ្កាង នោះទ្រង់បានទៅជួបពួកបរិសុទ្ធដែលស្មោះត្រង់នៅពិភពវិញ្ញាណ ។ ទ្រង់បានណែនាំពួកគេឲ្យបង្រៀនដំណឹងល្អដល់អស់អ្នកដែលពុំដែលបានទទួលដំណឹងល្អនៅឡើយ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពផ្នូរ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ ៥៨, ៥៩ ឬរូបភាពព្រះគម្ពីរប៊ីប ល.រ ១៤ ) ឬ គូររូបភាពផ្នូរមួយនៅលើក្តារខៀន ។ សូមបង្ហាញរូបភាពរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងពិភពវិញ្ញាណ ខណៈដែលរូបកាយរបស់ទ្រង់នៅក្នុងផ្នូរ ( ដូចជារូបដែលមាននៅក្នុង គម្រោងមេរៀនប្រចាំសប្ដាហ៍នេះនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ) ។ នៅពេលដែលអ្នកធ្វើដូច្នេះ សូមសួរសំណួរដើម្បីជួយកុមារឲ្យសម្គាល់ពាក្យគន្លឹះពិស្តារនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:១៨–១៩, ២៣–២៤, ២៧–៣០ ដូចជា អ្នកដែលព្រះយេស៊ូវបានយាងទៅជួប អារម្មណ៍របស់ពួកគេ និងអ្វីដែលទ្រង់បានមានបន្ទូលឲ្យពួកគេធ្វើ ។
-
សូមបង្ហាញរូបភាពពួកអ្នកផ្សព្វផ្សាយសាសនា ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ ១០៩, ១១០ ) ហើយសូមឲ្យកុមារចែកចាយអ្វីដែលពួកអ្នកផ្សព្វផ្សាយសាសនាធ្វើ ។ អ្នកក៏អាចអញ្ជើញពួកគេឲ្យសម្តែងអ្វីមួយដែលពួកអ្នកផ្សព្វផ្សាយសាសនាធ្វើផងដែរ ។ សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:៣១–៣៤ ដល់កុមារ ។ សូមពន្យល់ថា នៅពិភពវិញ្ញាណក៏មានពួកអ្នកផ្សព្វផ្សាយសាសនាដូចនៅលើផែនដីដែរ ដែលបង្រៀនវិញ្ញាណនៅទីនោះ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៧:១–៥
ព្រះបានផ្ដល់ឲ្យខ្ញុំនូវមធ្យោបាយដើម្បីរស់នៅជាមួយក្រុមគ្រួសារខ្ញុំជានិរន្តរ៍ ។
យ៉ូសែប ស្ម៊ីធ មានការនិមិត្តមួយពីនគរសេឡេស្ទាល ហើយបានឃើញឪពុកម្តាយ និងបងប្រុសអាលវិនរបស់លោកនៅទីនោះ ។ ការនិមិត្តនេះបង្រៀនថា ប្រសិនបើយើងសុចរិត នោះទំនាក់ទំនងក្រុមគ្រួសាររបស់យើងអាចបន្តដល់ជីវិតបន្ទាប់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧:១–៥ ហើយគូររូបភាពពីអ្វីដែលពួកគេបានអាន ( សូមមើលផងដែរនៅក្នុងទំព័រសកម្មភាពប្រចាំសប្តាហ៍នេះ ) ។ តើយ៉ូសែប ស្ម៊ីធ អាចមានអារម្មណ៍បែបណា នៅពេលលោកបានឃើញសមាជិកនៃគ្រួសារលោកនៅក្នុងនគរសេឡេស្ទាល ?
-
សូមបង្ហាញវីដេអូ « ក្រុមគ្រួសារអាចនៅជាមួយគ្នាជានិរន្តរ៍ » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ឬ ច្រៀងចម្រៀងអំពីក្រុមគ្រួសារ ដូចជាបទ « ក្រុមគ្រួសារអាចនៅជាមួយគ្នាជានិរន្តរ៍ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១៨៧ ) ។ តើវីដេអូ ឬ ចម្រៀងនេះបង្រៀនយើងអ្វីខ្លះ អំពីអ្វីដែលយើងអាចធ្វើដើម្បីឲ្យក្រុមគ្រួសាររបស់យើងអាចរស់នៅអស់កល្បជានិច្ច ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:១–១១
នៅពេលខ្ញុំសញ្ជឹងគិតពីព្រះគម្ពីរ នោះព្រះវិញ្ញាណបរិសុទ្ធជួយខ្ញុំឲ្យយល់ពីបទគម្ពីរ ។
តើកុមារអាចរៀនអ្វីខ្លះចេញពីគំរូរបស់ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ ដែលអាចអភិវឌ្ឍរបៀបដែលពួកគេសិក្សាព្រះគម្ពីរ ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:១–១១ ហើយជួយពួកគេឲ្យសរសេរសង្ខេបជាប្រយោគមួយពីបទពិសោធន៍របស់ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ ។ តើលោកបានធ្វើអ្វីដែលបានដឹកនាំទៅរកការនិមិត្តដ៏អស្ចារ្យរបស់លោក ? តើវាមានអត្ថន័យយ៉ាងណាដើម្បីសញ្ជឹង ឬគិតពីព្រះគម្ពីរ ?
-
សូមសួរកុមារពីអ្វីដែលពួកគេធ្វើ នៅពេលពួកគេមានសំណួរអំពីដំណឹងល្អ ។ សូមចែកចាយឧទាហរណ៍មួយចំនួនចេញពីព្រះគម្ពីរ ឬចេញពីជីវិតរបស់អ្នកផ្ទាល់ ពីគ្រាដែលការសញ្ជឹងគិតពីបទគម្ពីរនាំមកនូវការយល់ដឹងមកពីព្រះវិញ្ញាណ ( សូមមើលឧទាហរណ៍ នីហ្វៃទី ១ ១១:១–៦; គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:១៩–២៤; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១១–១២ ) ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:១២–៣៥
បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ទាំងអស់នឹងមានឱកាសដើម្បីស្តាប់ពីដំណឹងល្អ ។
ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ បានរៀនថា កិច្ចការនៃការផ្សព្វផ្សាយដំណឹងល្អនឹងបន្តនៅក្នុងពិភពវិញ្ញាណ ។ កិច្ចការនេះបញ្ជាក់ថា មនុស្សគ្រប់គ្នានឹងមានឱកាសដើម្បីទទួលយកដំណឹងល្អ ។
សកម្មភាពដែលអាចជ្រើសរើស
-
នៅលើក្ដារខៀន សូមសរសេរខគម្ពីរចេញពី កណ្ឌទី ១៣៨ ។ បន្ទាប់មក សូមធ្វើបញ្ជីមួយតាមលំដាប់លំដោយខុសៗគ្នាពីសេចក្តីថ្លែងការណ៍ដែលសង្ខេបពីបណ្ដុំខគម្ពីរនីមួយៗ ។ សូមអញ្ជើញកុមារឲ្យផ្គូផ្គងសេចក្តីថ្លែងការណ៍នេះជាមួយនឹងខគម្ពីរដែលត្រឹមត្រូវ ។ ខគម្ពីរអាចរួមបញ្ចូល ១២–១៦ ( វិញ្ញាណសុចរិតប្រមូលផ្តុំដើម្បីរង់ចាំព្រះយេស៊ូវបង្ហាញព្រះកាយ ), ១៨–១៩ ( ព្រះអង្គសង្រ្គោះបង្ហាញព្រះកាយដល់វិញ្ញាណដែលសុចរិត ), ២៩–៣០ ( ព្រះយេស៊ូវបានតែងតាំងពួកសារទូតដើម្បីបង្រៀនដំណឹងល្អ ), ៣១–៣៥ ( វិញ្ញាណសុចរិតផ្សព្វផ្សាយដំណឹងល្អ ) ជាដើម ។ បន្ទាប់ពីកុមារធ្វើការផ្គូផ្គងរួច សូមឲ្យពួកគេចែកចាយអ្វីដែលពួកគេរៀនចេញពីខគម្ពីរទាំងនេះ ។
-
សូមឲ្យកុមារអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:៣៣ ដើម្បីស្វែងរកថា តើគោលការណ៍ដំណឹងល្អអ្វីដែលបានបង្រៀនដល់វិញ្ញាណនៃមនុស្សស្លាប់ ។ សូមឲ្យកុមារផ្សេងទៀតអានគោលការណ៍ដែលបានបង្រៀននៅក្នុង មាត្រានៃសេចក្តីជំនឿ ១:៤ ។ តើមានអ្វីដែលស្រដៀងគ្នានៅក្នុងខគម្ពីរទាំងនេះ ហើយមានអ្វីដែលខុសគ្នា ? តើវាបង្រៀនយើងអ្វីអំពីព្រះវរបិតាសួគ៌ និងផែនការរបស់ទ្រង់ ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យដាក់ផែនការពេលវេលានៅសប្តាហ៍នេះ ដែលពួកគេនឹងសញ្ជឹងគិតពីព្រះគម្ពីរទាំងឡាយដែលពួកគេកំពុងអាន ។