គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ១៣–១៩ ខែ ធ្នូ ។ ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក ៖ « គ្រួសារ​ជា​ផ្នែក​ដ៏សំខាន់​មួយ​នៅក្នុង​ផែនការ​របស់ព្រះ »


« ថ្ងៃទី ១៣–១៩ ខែ ធ្នូ ។ ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក ៖ ‹ គ្រួសារ​ជាផ្នែក​ដ៏សំខាន់​មួយ​នៅក្នុង​ផែនការ​របស់ព្រះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១៣–១៩ ខែ ធ្នូ ។ ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ឆ្នាំ ២១២១

ក្រុមគ្រួសារ

ថ្ងៃ​ទី ១៣–១៩ ខែ ធ្នូ

ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក

« គ្រួសារ​ជាផ្នែក​ដ៏សំខាន់​មួយ​នៅក្នុង​ផែនការ​របស់ព្រះ »

តើ​គោលការណ៍​អ្វី ដែល​អ្នក​រកឃើញ​នៅក្នុង « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ដែល​អ្នក​មានអារម្មណ៍​បាន​ទទួល​ការបំផុសគំនិត​ដើម្បី​ចែកចាយ​ជាមួយ​កុមារ ? នៅពេល​អ្នករៀបចំ​បង្រៀន សូម​កត់ត្រា​នូវ​ការបំផុស​​គំនិត​នានា​ដែល​អ្នក​បាន​ទទួល​ពី​ព្រះវិញ្ញាណ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​អញ្ជើញ​កុមារ​ឲ្យ​យក ឬ​គូរ​រូបភាព​​ក្រុមគ្រួសារ​របស់ពួកគេ​ដើម្បីចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។ សូម​ឲ្យ​កុមារ​ចែកចាយ​អ្វី​មួយ​ដែល​ពួកគេ​ស្រឡាញ់​អំពី​ក្រុមគ្រួសារ​របស់ពួកគេ ឬ​អ្វី​ដែល​ពួកគេ​បានរៀន​អំពី​ក្រុមគ្រួសារ​នៅ​សប្តាហ៍​នេះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

ក្រុម​គ្រួសារ​មាន​សារៈសំខាន់​នៅក្នុង​ផែនការ​នៃ​ព្រះវរបិតាសួគ៌ ។

តើ​អ្នកអាច​ប្រើ​សេចក្តី​ប្រកាស​ពី​ក្រុមគ្រួសារ​ដើម្បី​ជួយ​កុមារ​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ក្រុម​គ្រួសារ​​នៅក្នុង​ផែនការ​របស់ព្រះ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ជួយ​កុមារ​ឲ្យ​គិត​ពី​អ្វីៗ​ដែល​មានសារៈ​សំខាន់​បំផុត​ ដែល​ពួកគេ​ចង់​ប្រាប់​មនុស្ស​គ្រប់គ្នា​ឲ្យ​ដឹង​ពី​វា ។ សូម​បង្ហាញ​កុមារ​នូវ​ច្បាប់​ថតចម្លង​នៃ « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់ពិភព​លោក » ហើយ​សូម​ពន្យល់ថា ពួក​ព្យាការី និង​ពួកសាវក​បាន​សរសេរ​ដើម្បី​ប្រាប់​មនុស្ស​គ្រប់គ្នា​ថាតើ​ក្រុមគ្រួសារ​មាន​សារៈសំខាន់​យ៉ាង​ណា​​ចំពោះ​ព្រះវរបិតា​សួគ៌ ។ សូម​សួរ​កុមារ​ពីមូលហេតុ​ដែល​ពួកគេ​គិត​ថា​ ក្រុមគ្រួសារ​គឺ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​​ចំពោះ​ព្រះវបិតា​សួគ៌ ។ សូមចែកចាយ​អ្វីមួយ​ចេញ​ពី​សេចក្តីប្រកាស​ដែល​អ្នក​មានអារម្មណ៍​ថា មនុស្ស​គ្រប់គ្នា​ត្រូវដឹង​អំពី​រឿង​នេះ ។

  • សូម​បង្ហាញ​កុមារ​នូវ​រូបភាព​នៃ​ព្រះវិហារ​បរិសុទ្ធ និង​រូបភាព​ក្រុមគ្រួសារ ។ សូម​ឲ្យ​កុមារ​កាន់​រូបភាព​នោះ ខណៈពេល​ដែល​អ្នក​កំពុង​អាន​នូវ​ប្រយោគ​ចុងក្រោយ​នៃ​កថាខណ្ឌ​ទីបី​ក្នុង​សេចក្តី​ប្រកាស​ពី​ក្រុមគ្រួសារ ។ សូម​ឲ្យ​ពួកគេ​ចង្អុល​បង្ហាញ​រូបភាព​ដែល​ត្រឹមត្រូវ នៅពេល​ពួកគេ​អាន​ពាក្យ « ព្រះវិហារ​បរិសុទ្ធ » និង « ក្រុមគ្រួសារ » ។ សូម​ថ្លែងទីបន្ទាល់​ថា ពីព្រោះ​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ នោះ​ក្រុមគ្រួសារ​របស់យើង​អាច​រស់នៅជាមួយ​គ្នា​ជានិរន្តរ៍ ។ សូម​ច្រៀង​ចម្រៀង​មួយ​បទ​ជាមួយ​គ្នា ដូចជា​បទ « ខ្ញុំ​មើល​ព្រះវិហារ​បរិសុទ្ធ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩៩ ) ហើយ​ជួយ​កុមារ​គិត​ពីពាក្យ​ដូចជា « ព្រះវិហារ​បរិសុទ្ធ » និង « ក្រុមគ្រួសារ » ។

  • សូម​សួរ​កុមារ​ពី​អ្វី ដែល​យើង​អាចធ្វើ​ដើម្បី​ធ្វើ​ឲ្យ​រឿង​ផ្សេងៗ​រឹងមាំ—ដូចជា ធ្មេញ​របស់​យើង រូបកាយ​របស់យើង ឬ​អគារ​មួយ ។ តើ​យើង​អាចធ្វើ​អ្វី​ដើម្បី​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​យើងរឹងមាំ ? សូម​ជួយ​កុមារ​ឲ្យ​យល់​ពី​គោលការណ៍​ដែល​ដឹកនាំ​ទៅរក​សុភមង្គល​នៅក្នុង​ជីវិត ដែល​មាន​នៅក្នុង​កថាខណ្ឌទី​ប្រាំពីរ​នៃ​សេចក្តី​ប្រកាស​ពី​ក្រុមគ្រួសារ ( សូម​មើលផងដែរ​ទំព័រ​សកម្មភាព​ប្រចាំ​សប្តាហ៍​នេះ ) ។ សូម​ជួយ​កុមារ​ឲ្យ​ដាក់​ផែនការ​ពី​វិធី​ដែល​ពួកគេ​នឹង​ពង្រឹង​ក្រុមគ្រួសារ​របស់ពួកគេ ។

    ក្រុមគ្រួសារ​កំពុង​ចម្អិន​អាហារ

    ឪពុកម្តាយ​គួរ​តែ​ចិញ្ចឹម​បីបាច់​កូនចៅ​របស់​ពួកគេ​ដោយ​ក្តីស្រឡាញ់ និង​សុចរិតភាព ។

ខ្ញុំជា « បុត្រា និង​បុត្រី​ខាងវិញ្ញាណ​របស់​ព្រះមាតាបិតាសួគ៌ » ។

សេចក្តី​ប្រកាស​ពី​ក្រុមគ្រួសារ​បង្រៀន​ថា យើង​​ទាំងអស់​គ្នា​គឺជា​បុត្រា​បុត្រីនៃ​ព្រះមាតាបិតា​សួគ៌ ហើយ​យើង​នៅលើ​ផែនដីនេះ​ដើម្បី​បាន​ប្រែក្លាយ​កាន់តែ​ដូចពួកទ្រង់ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ច្រៀង​រួមគ្នា​បទ « ខ្ញុំ​ជាកូន​របស់ព្រះ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ២ ។ បន្ទាប់មក សូម​បោះបាល់ ឬ​វត្ថុ​ទន់ៗ​ដល់​កុមារ​នៅពេល​អ្នក​និយាយថា « ខ្ញុំ​ស្គាល់​បុត្រ​របស់​ព្រះម្នាក់​ឈ្មោះថា [ ឈ្មោះ​របស់​កុមារ ] » ។ សូម​ឲ្យ​កុមារ​បោះ​វត្ថុ​នេះ​ទៅ​កុមារ​ផ្សេងទៀត ដោយនិយាយ​ដូចគ្នា ហើយ​បញ្ចូល​ឈ្មោះ​របស់​កុមារ​នោះ​ចូល ។ សូម​ធ្វើ​សកម្មភាព​នេះ​ដដែលៗ​រហូត​ដល់​កុមារ​គ្រប់គ្នា​បាន​ធ្វើ ។ សូម​ថ្លែងទីបន្ទាល់ថា កុមារ​ម្នាក់ៗ​គឺជា « បុត្រា និង​បុត្រី​ខាងវិញ្ញាណ​របស់​ព្រះមាតាបិតាសួគ៌ » ។

  • សូម​ពិចារណា​ពី​វិធី​ទាំងឡាយ​ដែល​អ្នក​អាច​បង្ហាញ​ថា ពីព្រោះ​យើង​ជា​កូនចៅ​នៃ​ព្រះវរបិតាមាតា​សួគ៌ នោះ​យើង​អាច​ប្រែក្លាយ​ដូចជា​ពួកទ្រង់​បាន ។ ឧទាហរណ៍ បង្ហាញ​រូបភាព​សត្វ​ពាហនៈ និង​កូនៗ​របស់វា ឬ​ខ្លួន​របស់​អ្នក និង​ឪពុកម្តាយ​របស់​អ្នក ឬ​កូនៗ​របស់​អ្នក ហើយ​សូម​ជួយ​កុមារ​ឲ្យ​មើលឃើញ​ពី​ភាព​ស្រដៀងគ្នា ។ សូម​ថ្លែងទីបន្ទាល់ថា ដូចជា​ទារក​ធំឡើង​ដូចជា​ឪពុកម្តាយ​របស់ពួកគេ នោះ​នៅថ្ងៃណា​មួយ​យើង​អាច​ប្រែក្លាយ​ដូចជា​ព្រះវរបិតា​មាតា​សួគ៌​របស់​យើង​ដែរ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

គ្រួសារ​ជាផ្នែក​ដ៏សំខាន់​មួយ​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។

សេចក្តី​ប្រកាស​ពី​ក្រុមគ្រួសារ​ត្រូវបាន​ចេញ​ផ្សាយ​​ដើម្បី​អះអាង​ជាថ្មី​ពី​សេចក្តីពិត​ដ៏នៅ​អស់កល្បជានិច្ច​អំពី​ក្រុមគ្រួសារ ។ សូម​ពិចារណា​ពីរបៀប​ដែល​អ្នក​នឹង​ជួយ​កុមារ​ឲ្យ​ពង្រឹង​​ទីបន្ទាល់​​របស់​ពួកគេ​ពី​សេចក្តីពិត​ទាំងនេះ​កាន់តែរឹងមាំ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សួរ​កុមារ​ប្រសិនបើ​ពួកគេ​ដឹង​ថាតើ​នរណា​ជា​អ្នក​សរសេរ​សេចក្តី​ប្រកាស​ពី​ក្រុមគ្រួសារ ។ ( នៅក្នុង​សារលិខិត​របស់​លោក « ផែនការ និង​សេចក្តីប្រកាស » [ Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ២៨–៣១ ] ប្រធាន ដាល្លិន អេក អូក បាន​ពិពណ៌នា​ពី​របៀប​ដែល​វា​បាន​សរសេរ​ឡើង ) ។ សូម​ជួយ​កុមារ​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ពាក្យ « ប្រកាស​ដោយ​ឧឡារិក » នៅក្នុង​កថាខណ្ឌ​បើក ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​គំនិត​របស់ពួកគេ​អំពី​មូលហេតុ​ដែល​ពួកព្យាការី និង​ពួកសាវក​ចង់ « ប្រកាស​ជា​ឧឡារិក » ​នូវ​សេចក្តីពិត​អំពី​ក្រុមគ្រួសារ​នៅក្នុង​សម័យ​របស់​យើង ។

  • សូមចែកចាយ​សេចក្តី​ថ្លែងការណ៍​ពីរបី​ចេញពី សេចក្តី​ប្រកាស​ពី​ក្រុមគ្រួសារ​ដែល​មាន​អត្ថន័យ​​ពិសេស​ចំពោះ​អ្នក ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​អារម្មណ៍​របស់​ពួកគេ​អំពី​សេចក្តីពិត​ទាំងនោះ ។ តើ​ជីវិត​របស់​យើង​នឹង​ខុសគ្នា​យ៉ាងណា ប្រសិន​បើ​យើង​មិន​ស្គាល់​រឿង​ទាំងនេះ​ទេ​នោះ ? សូម​ច្រៀង​ចម្រៀង​ដែល​ទាក់ទង​នឹង​សេចក្តីពិត​ដែល​​មាន​នៅក្នុង​សេចក្តីប្រកាស ដូចជា​បទ « ខ្ញុំ​នឹង​ធ្វើតាម​ផែនការ​ព្រះ » ឬ « ក្រុមគ្រួសារ​អាច​នៅ​ជាមួយ​គ្នា​ជានិរន្តរ » ​( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៨៦, ១៨៧ ) ។

  • សូម​បង្ហាញ​រូបភាព​ដល់​កុមារ ( ឬ​អញ្ជើញ​ពួកគេ​ឲ្យ​គូរ​រូបភាព​មួយចំនួន ) ដែល​បង្ហាញ​សេចក្ដីពិត​ដែល​មាន​នៅក្នុង​សេចក្តី​ប្រកាស​ពី​ក្រុមគ្រួសារ ។ រូបភាព​ទាំងនេះ​អាច​ជារូប​ព្រះវិហារ​បរិសុទ្ធ ក្រុមគ្រួសារ​កំពុង​អធិស្ឋាន ឬ​កំពុងលេង​ជាមួយគ្នា ឬ​ប្តីប្រពន្ធ​រៀបការ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ស្វែងរក​ប្រយោគ​នៅក្នុង សេចក្តី​ប្រកាស​ពី​ក្រុមគ្រួសារ ដែលទាក់ទង​នឹង​រូបភាព​នេះ ។ តើ​ប្រយោគ​ទាំងនេះ​បង្រៀន​យើង​អ្វីខ្លះ ?

  • សូម​រៀបចំ​សំណួរ​មួយចំនួន​ដែល​អាច​​មាន​ចម្លើយ​នៅក្នុង​សេចក្តីប្រកាស​ពី​ក្រុមគ្រួសារ ដូចជា « តើព្រះ​មាន​ព្រះទ័យ​យ៉ាងណា​អំពី​អាពាហ៍ពិពាហ៍ ? » និង « តើ​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​គ្រួសារ​រីករាយ ? » សូម​ឲ្យ​កុមារ​ម្នាក់ៗ​ជ្រើសរើស​សំណួរ​មួយ ហើយ​ជួយ​ពួកគេឲ្យ​​ស្វែងរក​ចម្លើយ​នៅក្នុង​សេចក្តី​ប្រកាស​នោះ ។

  • សូម​អញ្ជើញ​ម្តាយ និង​ឪពុក​របស់​កុមារ​ម្នាក់​ឲ្យ​ចែកចាយ​នៅក្នុង​ថ្នាក់​ពី​របៀប​ដែល​ពួកគាត់ « ជួយគ្នា​ទៅវិញ​ទៅមក​ជាដៃគូ​ស្មើគ្នា » នៅក្នុង « ការទទួលខុស​ត្រូវដ៏ពិសិដ្ឋ » របស់​ពួកគាត់​​នៅក្នុង​ក្រុមគ្រួសារ​របស់ពួកគាត់ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ពិភាក្សា​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ឥឡូវនេះ​ដើម្បី​រៀបចំខ្លួន​ធ្វើ​ជា​ភរិយា និង​ស្វាមី ជា​ម្តាយ និង​ឪពុក​សុចរិត ។

ក្រុមគ្រួសារ​មាន​សុភមង្គល​បំផុត នៅពេល​ពួកគេ​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ ។

ព្រះវរបិតាសួគ៌​ស្រឡាញ់​បុត្រា​បុត្រី​របស់​ទ្រង់​ម្នាក់ៗ ហើយ​មាន​ព្រះទ័យ​ចង់​ឲ្យ​ពួកគេ​សប្បាយរីករាយ ។ តើ​អ្នក​អាច​ជួយ​កុមារ​ដែល​អ្នក​បង្រៀន​ឲ្យ​យល់​ថា ​សុភមង្គល​ពិតប្រាកដ​បានទទួល​ពី​ការ​ធ្វើ​តាម​ការបង្រៀន និង​គំរូ​របស់​ព្រះអង្គ​សង្រ្គោះ​​យេស៊ូវ​គ្រីស្ទ​យ៉ាងដូចម្តេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូមគូរ​គ្រោង​រូបបេះដូង​ដ៏ធំ​មួយ​នៅលើ​ក្តារខៀន ហើយ​អញ្ជើញ​កុមារ​ឲ្យ​អាន​កថាខណ្ឌ​ទីប្រាំពីរ​ពី​សេចក្តីប្រកាស ។ សូម​ឲ្យ​ពួកគេ​រកមើល​អ្វីមួយ​ដែល​ពួកគេ​អាច​ធ្វើ​បាន ​ដើម្បី​ជួយ​ក្រុមគ្រួសារ​របស់ពួកគេ​ឲ្យ​មាន​ភាពសប្បាយ ហើយ​សរសេរ​ចម្លើយ​ដាក់​នៅក្នុង​រូបបេះដូង​នោះ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ជ្រើសរើស​អ្វីមួយ​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ធ្វើ​ឲ្យ​ផ្ទះ​របស់ពួកគេ​កាន់តែ​សប្បាយរីករាយ ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​បទពិសោធន៍​នានា នៅពេល​ពួកគេ​ទទួលបាន​សេចក្តីស្រឡាញ់​ពី​សមាជិក​គ្រួសារ​របស់ពួកគេ ។ សូម​ជួយ​កុមារ​ឲ្យ​យល់​ពី​គោលលទ្ធិ​ចេញពី​កថាខណ្ឌ​ទីប្រាំពីរ​នៃ​សេចក្តីប្រកាស​ដែល​អាច​ជួយ​សមាជិក​គ្រួសារ​ឲ្យ​ទទួលបាន​សេចក្តី​ស្រឡាញ់ ។ តើ​ចំណេះដឹង​របស់​យើងអំ​ពី​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​គួរតែ​ជះឥទ្ធិពល​លើ​របៀបដែល​យើង​ប្រព្រឹត្ត​ចំពោះ​ក្រុម​គ្រួសារ​របស់យើង​យ៉ាងដូចម្តេច ?

  • សូម​សួរ​កុមារ​ពី​អ្វី​ដែល​ពួកគេនឹង​និយាយ ប្រសិនបើ​មាន​មិត្តភក្តិ​ម្នាក់​សួរពួកគេ​ពី​មូលហេតុ​ដែល​ការរៀបការ ឬ​ការ​មានកូនចៅ​​​មាន​សារៈសំខាន់ ។ តើ​យើង​អាច​ជួយ​មិត្តភក្តិ​រូបនេះ​ឲ្យ​យល់​ថា ក្រុមគ្រួសារ​មានសារៈសំខាន់​ខ្លាំង​ចំពោះ​ព្រះវរបិតាសួគ៌​ដោយ​របៀប​ណា ? សូម​ជួយ​កុមារ​ឲ្យ​ស្វែងរក​សេចក្តី​ថ្លែងការណ៍​នៅក្នុង​សេចក្តីប្រកាស​ពីក្រុមគ្រួសារ​ដែល​អាចជួយ​បាន សូមមើល​ផងដែរ​វីដេអូ « What Is the Purpose of Family ? »( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​ដាក់​ផែនការ​ធ្វើ​អ្វី​មួយ​ដើម្បី​ពង្រឹង​ក្រុមគ្រួសារ​របស់ពួកគេ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​ផែនការ​របស់ពួកគេ​ជាមួយ​សមាជិក​ក្រុមគ្រួសារ​នៅឯ​ផ្ទះ ។

ការ​អភិវឌ្ឍន៍​ការ​បង្រៀន​របស់​យើង

សូម​ប្រយ័ត្នប្រយែង ។ នៅពេល​អ្នកបង្រៀន​សេចក្តីពិត​ដែលបាន​បង្រៀន​នៅក្នុង​សេចក្តីប្រកាស​ពី​ក្រុមគ្រួសារ សូម​ចាំ​ថា កុមារ​ជាច្រើន​ត្រូវ​បាន​ចិញ្ចឹមបីបាច់​នៅក្នុង​ក្រុមគ្រួសារ​ដែល​មិន​ត្រូវ​នឹង​គំនិត​ដែលបាន​ពិពណ៌នា​នៅក្នុង​សេចក្តី​ប្រកាស​នេះ ។ សូម​ប្រយ័ត្ន​ប្រយែង​កុំ​និយាយ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ពួកគេ​មានអារម្មណ៌​បាក់ទឹកចិត្ត ឬ​អន់ចិត្ត ។