« ថ្ងៃទី ៦–១២ ខែ ធ្នូ ។ មាត្រានៃសេចក្ដីជំនឿ និងសេចក្តីប្រកាសជាផ្លូវការទី ១ និងទី ២ ៖ ‹ យើងខ្ញុំជឿ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៦–១២ ខែ ធ្នូ ។ មាត្រានៃសេចក្ដីជំនឿ និងសេចក្តីប្រកាសជាផ្លូវការទី ១ និងទី ២ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០២១
ថ្ងៃទី ៦–១២ ខែ ធ្នូ
មាត្រានៃសេចក្ដីជំនឿ និងសេចក្តីប្រកាសជាផ្លូវការទី ១ និងទី ២
« យើងខ្ញុំជឿ »
នៅពេលអ្នកសិក្សានៅសប្តាហ៍នេះ ហើយរៀបគម្រោងបង្រៀន សូមពិចារណាពីរបៀបដែលអ្នកអាចជួយកុមារនៅក្នុងថ្នាក់របស់អ្នកឲ្យពង្រឹងទីបន្ទាល់របស់ពួកគេលើសេចក្តីពិតគោលនៃដំណឹងល្អ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមបោះបាល់ទៅឲ្យកុមារម្នាក់ ហើយសូមឲ្យកុមារម្នាក់ៗចែកចាយអ្វីមួយដែលពួកគេជឿអំពីព្រះយេស៊ូវគ្រីស្ទ ឬព្រះវរបិតាសួគ៌ ។ សូមធ្វើសារឡើងវិញរហូតដល់កុមារម្នាក់ៗមានឱកាសចែកចាយ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ខ្ញុំជឿលើដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
អ្នកអាចប្រើមាត្រានៃសេចក្ដីជំនឿដើម្បី រំឭកជាមួយកុមារនូវជំនឿគោលៗមួយចំនួននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។ ហេតុអ្វីវាមានសារៈសំខាន់ដែលកុមារដែលអ្នកបង្រៀនជឿលើសេចក្តីពិតដ៏សាមញ្ញទាំងនេះ ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមជ្រើសរើសមាត្រានៃសេចក្តីជំនឿពីរបីដែលអ្នកមានអារម្មណ៍ថាមានសារៈសំខាន់ ជាពិសេសចំពោះកុមារដែលអ្នកបង្រៀន ។ ចំពោះមាត្រានៃសេចក្តីជំនឿនីមួយៗ សូមចែកចាយរូបភាព ( សូមមើលទំព័រសកម្មភាពប្រចាំសប្តាហ៍នេះ ) ឬដំណើររឿង ( ចេញពីព្រះគម្ពីរ ឬ ជីវិតរបស់អ្នក ) ដែលបង្ហាញ ឬបញ្ជាក់ពីសេចក្តីពិតដែលបានបង្រៀននៅក្នុងមាត្រានៃសេចក្តីជំនឿនោះ ។ សូមប្រាប់កុមារពីមូលហេតុដែលសេចក្តីពិតនេះគឺសំខាន់ចំពោះអ្នក ហើយទុកឲ្យពួកគេចែកចាយពីមូលហេតុដែលវាមានសារៈសំខាន់ចំពោះពួកគេ ។
-
សូមរកទំនុកតម្កើង ឬចម្រៀងកុមារដែលអាចជួយកុមារឲ្យយល់ពីមាត្រានៃសេចក្តីជំនឿមួយ ឬ ច្រើនទៀត ។ ប្រហែលកុមារអាចជួយជ្រើសរើសអ្នកបាន ។ សូមច្រៀងចម្រៀងជាមួយគ្នា ហើយជួយកុមារឲ្យមើលឃើញពីរបៀបដែលចម្រៀងនោះទាក់ទងនឹងមាត្រានៃសេចក្តីជំនឿ ។
មាត្រានៃសេចក្ដីជំនឿ ១:៩ និង សេចក្តីប្រកាសជាផ្លូវការទី ១ និងទី ២
ព្រះអម្ចាស់ដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈព្យាការីរបស់ទ្រង់ ។
កាលសមាជិកនៃសាសនាចក្របានប្រឈមមុខនឹងឧបសគ្គជាច្រើន យើងអាចស្វែងរកសន្តិភាពនៅក្នុងការដឹងថា ព្រះវរបិតាសួគ៌ស្ម័គ្រព្រះទ័យផ្តល់វិវរណៈដើម្បី ដឹកនាំយើង ។ សូមជួយកុមារដែលអ្នកបង្រៀនឲ្យពង្រឹងទីបន្ទាល់របស់ពួកគេថាព្រះដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈព្យាការីដែលនៅរស់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញបណ្តុំព្រះគម្ពីរមួយ ហើយនឹងរូបភាពព្យាការីដែលនៅរស់មួយ ( ឬទស្សនាវដ្តីពីសន្និសីទទូទៅថ្មីៗនៃ Ensign ឬ លីអាហូណា ) ។ សូមជួយកុមារឲ្យកំណត់ថាតើចំណុចណាមួយដែលទាក់ទងនឹងឃ្លា « ចំពោះការណ៍ទាំងអស់ដែលទ្រង់បានបើកសម្តែងមក » និងចំណុចណាមួយដែលទាក់ទងនឹងឃ្លា « ការណ៍ទាំងអស់ ដែលទ្រង់បើកសម្ដែងនៅពេលឥឡូវនេះ » ( មាត្រានៃសេចក្តីជំនឿ ១:៩ ) ។
-
សូមបិទភ្លើង ហើយដាក់រូបភាពរបស់ព្រះយេស៊ូវ គ្រីស្ទនៅលើក្តារខៀន ។ សូមបញ្ជាំងពិលនៅលើរូបភាពដើម្បីបង្ហាញពីរបៀបដែលព្យាការី គឺដូចជាពន្លឺភ្លើងពិល ដែលជួយយើងឲ្យមើលឃើញព្រះអង្គសង្រ្កោះកាន់តែច្បាស់ ។
-
សូមស្វែងរកការណែនាំដើម្បីធ្វើអ្វីមួយ ដូចជា អាហារ ឬប្រដាប់លេង ។ សូមធ្វើតាមសេចក្តីណែនាំជាមួយកុមារ ហើយសូមពន្យល់ថា តាមរយៈព្យាការី ព្រះវរបិតាសួគ៌បានប្រទានសេចក្តីណែនាំជាច្រើនដើម្បីជួយយើងឲ្យត្រឡប់ទៅរស់នៅជាមួយទ្រង់វិញ ។ តើអ្វីខ្លះដែលព្យាការីបានបង្រៀនយើងដើម្បីយើងអាចត្រឡប់ទៅរស់នៅជាមួយព្រះវិញ ?
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
មាត្រានៃសេចក្ដីជំនឿបង្រៀនសេចក្តីពិតនៃដំណឹងល្អដ៏សាមញ្ញ ។
នៅពេលខ្លះដំណឹងល្អអាចមើលទៅហាក់ដូចជាធំ ហើយពិបាក ជាពិសេសចំពោះកុមារៗ ។ មាត្រានៃសេចក្ដីជំនឿអាចជួយកុមារឲ្យយល់តាមរបៀបងាយៗនូវសេចក្តីពិតគ្រឹះមួយចំនួនដែលយើងជឿក្នុងនាមជាពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យជ្រើសរើសពាក្យ ឬឃ្លាគន្លឹះចេញពីមាត្រានៃសេចក្ដីជំនឿមួយ ហើយចែកចាយជាមួយសិស្សក្នុងថ្នាក់ ។ បន្ទាប់មក សូមឲ្យកុមារផ្សេងទៀតធ្វើការទស្សទាយ ( ឬ ស្វែងរក ) ថាតើពាក្យ ឬឃ្លានោះចេញមកពីមាត្រានៃសេចក្តីជំនឿណាមួយ ។ សូមឲ្យកុមារចែកចាយពីមូលហេតុដែលពាក្យ ឬ ឃ្លាដែលពួកគេបានរើសមានសារៈសំខាន់ ។
-
នៅពីរបីថ្ងៃមុន សូមឲ្យកុមារពីរបីនាក់រៀបចំចែកចាយនៅក្នុងថ្នាក់ពីសារលិខិតខ្លីៗអំពីមាត្រានៃសេចក្តីជំនឿខ្លីៗដែលពួកគេចូលចិត្តបំផុត ។ សាររបស់ពួកគេអាចរួមទាំងរូបភាព ចម្រៀង ដំណើររឿង ឬបទពិសោធន៍ ឬបទគម្ពីរផ្សេងៗទៀត ។ សូមអញ្ជើញកុមារទាំងនេះឲ្យចែកចាយពីមូលហេតុដែលពួកគេចូលចិត្តមាត្រានៃសេចក្តីជំនឿដែលពួកគេបានជ្រើសរើសនោះ ។
-
សូមសរសេរនៅលើក្តារខៀននូវសំណួរមួយចំនួនដែលមនុស្សអាចមានអំពីជំនឿរបស់យើង ដែលអាចឆ្លើយតាមរយៈមាត្រានៃសេចក្តីជំនឿមួយ ។ សូមឲ្យកុមាររើសសំណួរមួយ ហើយស្វែងរកមាត្រានៃសេចក្តីជំនឿដែលឆ្លើយនឹងសំណួរនោះ ។ សូមឲ្យពួកគេហាត់ឆ្លើយសំណួរដោយប្រើមាត្រានៃសេចក្តីជំនឿ ។
សេចក្តីប្រកាសជាផ្លូវការទី ១ និងទី ២
ពួកព្យាការីជួយយើងឲ្យដឹងពីព្រះទ័យរបស់ព្រះវរបិតាសួគ៌ ។
សេចក្តីប្រកាសជាផ្លូវការទី ១និងទី ២ គឺជាឧទាហរណ៍ដ៏ល្អបំផុតពីរបៀបដែលពួកព្យាការីទទួល និងធ្វើតាមវិវរណៈមកពីព្រះ ។ តើអ្នកអាចជួយកុមារឲ្យបង្កើនសេចក្តីជំនឿរបស់ពួកគេថា ព្រះដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈវិវរណៈយ៉ាងដូចម្តេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារស្វែងរកមាត្រានៃសេចក្តីជំនឿមួយដែលបង្រៀនអំពីពួកព្យាការី ឬវិវរណៈ ។ សូមអញ្ជើញពួកគេឲ្យចែកចាយពីមូលហេតុដែលពួកគេមានអំណរគុណ ដែលយើងមានព្យាការីដែលនៅរស់ ។ សូមចែកចាយឧទាហរណ៍ខ្លះៗនៃរបៀបដែលព្រះបានដឹកនាំ សាសនាចក្រតាមរយៈវិវរណៈ ដោយបូករួមទាំងគំរូដែលបានពិពណ៌នានៅក្នុងសេចក្តីប្រកាសជាផ្លូវការទី ១ និងទី ២ ហើយសូមឲ្យកុមារចែកចាយឧទាហរណ៍នានាដែលពួកគេដឹង ( ការផ្លាស់ប្តូរថ្មីៗនៅក្នុងកម្មវិធី ឬគោលនយោបាយរបស់សាសនាចក្រ ) ។
-
សូមឲ្យសេចក្តីយោងបទគម្ពីរដូចខាងក្រោមទៅ កុមារ ៖ នីហ្វៃទី ២៦:៣៣; យ៉ាកុប ២:២៧ ។ សូមអញ្ជើញពួកគេឲ្យកំណត់ពីបទគម្ពីរដែលទាក់ទងនឹងសេចក្តីប្រកាសជាផ្លូវការទី ១ ( ដែលបានដឹកនាំឲ្យបញ្ចប់ការរៀបការខាងមានប្រពន្ធច្រើន ) និងដែលទាក់ទងនឹងសេចក្តីប្រកាសជាផ្លូវការទី ២ ( ដែលធ្វើឲ្យពរជ័យនៃបព្វជិតភាព និងព្រះវិហារបរិសុទ្ធមានដល់មនុស្សគ្រប់ពូជសាសន៍ទាំងអស់ ) ។ សូមថ្លែងទីបន្ទាល់របស់អ្នកថា ព្រះអម្ចាស់បើកសម្តែងព្រះទ័យរបស់ទ្រង់ដល់ពួកព្យាការីពីបុរាណ និងសម័យ ។
-
សូមសរសេរនៅខាងក្រោមចេញពី សេចក្តីប្រកាសជាផ្លូវការទី ១ នៅលើក្តារខៀន ៖ « អ្នកត្រូវវិនិច្ឆ័យដោយខ្លួនឯងផ្ទាល់ » ។ តើវាមានន័យយ៉ាងណា ដើម្បីវិនិច្ឆ័យដោយខ្លួនឯងផ្ទាល់ នៅពេលព្យាការីទទួលវិវរណៈ ? ដើម្បីជួយកុមារឲ្យឆ្លើយសំណួរនេះ អ្នកអាចចែកចាយសេចក្តីថ្លែងការណ៍ទាំងនេះមកពីប្រធាន រ័សុល អិម ណិលសុន ៖ « អ្នកអាចដឹងសម្រាប់ខ្លួនអ្នកនូវអ្វីដែលពិត និងអ្វីដែលមិនពិត តាមរយៈការរៀនដើម្បីស្វែងយល់នៃការខ្សឹបប្រាប់ពីព្រះវិញ្ញាណ » ( « The Love and Laws of God » [ Brigham Young University devotional ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩ ] ទំព័រ ៤ នៅលើគេហទំព័រ speeches.byu.edu ) ។
-
សូមគូរ ឬដាក់តាំងរូបភាពផែនដីនៅលើក្តារខៀន ។ សូមអញ្ជើញកុមារឲ្យអានកថាខណ្ឌចុងក្រោយនៃលិខិតរបស់គណៈប្រធានទីមួយចុះថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ១៩៧៨ ដែលបានដកស្រង់នៅក្នុងសេចក្តីប្រកាសជាផ្លូវការទី ២ ( ចាប់ផ្តើមជាមួយ « ទ្រង់បានឮពាក្យអធិស្ឋានទាំងឡាយរបស់យើង …» ) ។ សូមឲ្យកុមាររាប់ថាតើពាក្យ « ពរជ័យ » និយាយចំនួនប៉ុន្មានដង ហើយ « ពរជ័យជាច្រើន » មានប៉ុន្មានដង ។ តើពរជ័យអ្វីបានមកពីដំណឹងល្អ ? សូមអញ្ជើញកុមារឲ្យសរសេរវានៅលើក្តារខៀននៅជុំវិញរូបភាពផែនដី ។ សូមថ្លែងទីបន្ទាល់របស់អ្នកថា ព្រះស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ទាំងអស់នៅទូទាំងពិភពលោក ហើយមានព្រះទ័យចង់ប្រទានពរជ័យដល់ពួកគេជាមួយដំណឹងល្អរបស់ទ្រង់ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមជួយកុមារឲ្យជ្រើសរើសមាត្រានៃសេចក្តីជំនឿមួយដែលពួកគេចូលចិត្តទន្ទេញ ហើយជួយពួកគេឲ្យធ្វើផែនការតាមនោះ ។