គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃ​ទី ១៥–២១ ខែ វិច្ឆិកា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៣–១៣៤ ៖ « ចូរ​រៀបចំ​សម្រាប់​ការ​យាង​មក​នៃ​ប្ដី​ថ្មោង​ថ្មី​ចុះ »


« ថ្ងៃ​ទី ១៥–២១ ខែ វិច្ឆិកា ។ គោលលទ្ធិ និង ​សេចក្ដីសញ្ញា ១៣៣–១៣៤ ៖ ‹ ចូរ​រៀបចំ​សម្រាប់​ការ​យាង​មក​នៃ​ប្ដី​ថ្មោង​ថ្មី​ចុះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃ​ទី ១៥–២១ ខែ វិច្ឆិកា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៣–១៣៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ឆ្នាំ ២០២១

ស្រ្តី​ព្រហ្មចារីយ៍​ឈ្លាសវៃ​ទាំងប្រាំ​នាក់

ការយាងមក​នៃ​ប្តី​ថ្មោងថ្មី​ ដោយ​អេលីស្សាប៊ែត ហ្គីបប៊ុន

ថ្ងៃ​ទី ១៥–២១ ខែ វិច្ឆិកា

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៣–១៣៤

« ចូរ​រៀបចំ​សម្រាប់​ការ​យាង​មក​នៃ​ប្ដី​ថ្មោង​ថ្មី​ចុះ »

សូម​ពិចារណា​សេចក្តី​ត្រូវការ​របស់​កុមារ​ដែល​អ្នកបង្រៀន—ទាំងអ្នក​ដែល​កំពុងសិក្សា​នៅក្នុង​ថ្នាក់ និង​កំពុងរៀន​នៅ​ឯផ្ទះ ហើយនឹង​អ្នក​ដែល​ប្រហែល​មិនធ្វើ​ទាំងពីរ ។ តើ​អ្នក​អាច​ជួយ​ពួកគេ​បង្រៀន​គ្នា​ទៅវិញ​ទៅមក​​អំពី​អ្វី​ដែល​ពួកគេ​កំពុងរៀន​យ៉ាង​ដូចម្តេច ?

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូមបង្ហាញ​រូបភាព​មួយ​ដែល​អ្នកបានប្រើ​នៅក្នុង​មេរៀន​ថ្នាក់​បឋមសិក្សា​នា​ពេល​​ថ្មីៗនេះ ហើយ​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​អ្វី​ដែល ពួកគេ​ចងចាំ​ពីមេរៀន​នេះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣:១៩–២១, ២៥

ព្រះយេស៊ូវគ្រីស្ទ​នឹង​យា ង​មក​ម្ដងទៀត ។

នៅក្នុង កណ្ឌ​ទី ១៣៣ ព្រះអម្ចាស់​បាន​ពិពណ៌នា​ពីការយាងមក​ជាលើកទីពីរ និង​អញ្ជើញ​​រាស្រ្ត​របស់ទ្រង់​ឲ្យ​រៀបចំខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ដ៏រុងរឿងនោះ ។ តើ​អ្នក​អាច​ជួយ​កុមារឲ្យ​​ទន្ទឹងរង់ចាំ​ការយាង​មកវិញ​របស់​ព្រះអង្គសង្រ្គោះ​យ៉ាងដូចម្តេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​លាក់រូបភាព​នៃការយាងមក​ជាលើកទីពីរ​របស់​ព្រះអង្គ​សង្រ្គោះ​នៅពីក្រោយ​ផ្ទាំងក្រណាត់ សូម​ធ្វើ​ដូចជា​ផ្ទាំងក្រណាត់​នោះ​គឺជា​វាំងនន ( អ្នកអាច​ប្រើប្រាស់​រូបភាព​នៅក្នុង គម្រោង​មេរៀន​ប្រចាំ​សប្តាហ៍នេះ នៅក្នង ចូរ​មកតាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារសៀវភៅ​រូបភាព​សិល្បៈដំណឹងល្អ ល.រ ៦៦ ) ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ប្តូរវេន​គ្នា​បើក « វាំងនន » ទៅមួយចំហៀង ហើយ​សម្តែង​ថាពួកគេ​កំពុង​មើល​តាមបង្អួច​ទៅខាងក្រៅ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​ថាតើ​ពួកគេ​នឹង​មាន​អារម្មណ៍​យ៉ាងណា ប្រសិនបើ​ពួកគេ​មើល​តាម​បង្អួច​ទៅខាងក្រៅ ហើយ​បាន​ឃើញ​ព្រះយេស៊ូវ កំពុង​យាងចុះ​ពី​ស្ថានសួគ៌​នោះ ។ សូម​អាន​ឃ្លា​នេះ « ចូរ​ចេញ​ទៅ​ទទួល​លោក​ចុះ » ( ខទី ១៩ ) ហើយ​ជួយ​កុមារ​ឲ្យ​អានឃ្លានេះ​ឡើងវិញ ។

  • នៅខាងក្រោម​កៅអ៊ី​របស់​កុមារ​ម្នាក់ សូម​លាក់​រូបភាព​ដែល​ពិពណ៌នា​ពីអ្វីមួយ​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​រៀបចំ​សម្រាប់​ការយាងមក​ជា​លើកទីពីរ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ( ដូចជា ការអាន​​ព្រះគម្ពីរ ចែកចាយ​ដំណឹងល្អ ឬ​បម្រើ​ក្រុមគ្រួសារ​របស់​យើង ) ។ សូម​ឲ្យ​កុមារ​ស្វែងរក​រូបភាព ហើយ​និយាយ​អំពី​របៀប​ដែល​ការ​ធ្វើ​រឿងទាំងនេះ​ជួយយើង​ឲ្យ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ជួប​ព្រះអង្គសង្រ្គោះ នៅពេល​ទ្រង់​​យាង​ត្រឡប់​មក​វិញ ។

  • សូម​ច្រៀង​អំពី​ការយាង​មក​ជា​លើកទីពីរ ដូចជា​បទ « ពេលទ្រង់​យាង​មក​ម្តង​ទៀត » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤៦–៤៧ ) ។ សូមចែកចាយ​សេចក្តី​ស្រឡាញ់​របស់អ្នក​ចំពោះ​ព្រះអង្គ​សង្រ្គោះ និង​អារម្មណ៍​របស់​អ្នក​អំពី​ការយាងមកវិញ​របស់​ទ្រង់​នៅលើ​ផែនដី​នេះ ។ សូម​អញ្ជើញ​កុមារ​ឲ្យចែកចាយ​អារម្មណ៍​របស់​ពួកគេ​ផងដែរ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៣:៥២–៥៣

ព្រះយេស៊ូវ​គ្រីស្ទមាន​សេចក្តីស្រឡាញ់ និង​មាន​សេចក្តីសណ្ដោស ។

ខគម្ពីរ​ទាំងនេះ​ពិពណ៌នា​នូវ​វិធី​មួយចំនួន​ដែល​ព្រះអម្ចាស់​បាន​បង្ហាញ « សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ និង​ដោយ​សេចក្ដី​មេត្តាករុណា » របស់ទ្រង់​ចំពោះ​ប្រជារាស្រ្ត​របស់ទ្រង់ ។ តើ​អ្នកអាចធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​កុមារ​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះអង្គសង្រ្គោះ​សម្រាប់​ពួកគេ ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព​ដែល​បង្ហាញ​ថា​ព្រះយេស៊ូវ មាន​សេចក្តីស្រឡាញ់ និង​មាន​សេចក្តីសណ្ដោស ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ ៤២,៤៧ ) ។ សូម​ឲ្យ​កុមារចែកចាយ​រឿងផ្សេង​ទៀត ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​ដើម្បី​បង្ហាញ​សេចក្តីស្រឡាញ់​របស់ទ្រង់ និង​សេចក្តី​សណ្ដោស​របស់ទ្រង់ ។ សូមអាន​ឃ្លា « ពួក​គេ​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី​សប្បុរស​របស់​ព្រះ​អម្ចាស់​របស់​គេ » ( ខទី ៥២ ) ហើយ​ជួយ​កុមារ​ឲ្យ​គិត​ពី​របៀប​ដែល​ពួកគេ​អាច​ប្រាប់​អ្នកដទៃ​អំពី​សេចក្តីស្រឡាញ់​របស់​ព្រះអង្គសង្រ្គោះ ។

  • សូម​ច្រៀង​ចម្រៀង​អំពី​សេចក្តីស្រឡាញ់​របស់​ព្រះអង្គសង្រ្គោះ ដូចជា​បទ « ព្រះយេស៊ូវ​ជា​សម្លាញ់​យើង » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៣៧ ) ។ សូម​ចែកចាយ​ទីបន្ទាល់​របស់អ្នក​ពី​របៀប​ដែល​ព្រះអង្គសង្រ្គោះ​បានបង្ហាញ​សេចក្តីស្រឡាញ់​របស់​ទ្រង់​ចំពោះ​អ្នក ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤:៥

ព្រះអម្ចាស់​មានព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​គោរពតាម​ក្រិត្យវិន័យ ។

កុមារតូចៗ​ជាញឹកញាប់​មាន​វិន័យ​ដើម្បីធ្វើតាម​នៅឯផ្ទះ ឯសាលារៀន និង​កន្លែងផ្សេងទៀត ។ អ្នក​អាច​ជួយ​ពួកគេ​ឲ្យ​យល់​ថា ព្រះអម្ចាស់​រំពឹងឲ្យ​យើង​ធ្វើតាម​វិន័យ និង​ក្រិត្យវិន័យ​ទាំងឡាយ​នៅក្នុង​សហគមន៍ និង​ប្រទេសជាតិ​របស់​យើង ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ឲ្យ​លេង​ល្បែង​សាមញ្ញ​មួយ​ដោយ​ពុំចាំបាច់​ធ្វើតាម​វិន័យ​ណាមួយឡើយ ហើយ​បន្ទាប់មក សូម​ឲ្យ​ពួកគេ​លេង​ដោយ​មាន​ការដាក់វិន័យ ។ តើ​វិន័យ​ជួយយើង​យ៉ាងដូចម្តេច​ខ្លះ ? សូម​បង្ហាញ​អំណរគុណ​របស់​អ្នក​ចំពោះ​ច្បាប់​ក្នុង​​ប្រទេស ។

  • សូម​ជួយ​កុមារ​ឲ្យ​សូត្រ​​មាត្រា​នៃ​សេចក្តីជំនឿ ។ សូម​បញ្ជាក់​ពាក្យ​គន្លឹះ ដូចជា « ការគោរព ការប្រតិបត្តិ និង​ការគាំទ្រ » ហើយ​ជជែក​ជាមួយ​កុមារ​អំពី​អត្ថន័យ​នៃ​ពាក្យ​ទាំងនោះ ។ សូមចែកចាយ​ជាមួយពួកគេ​ពីមូលហេតុ​ដែលវា​មានសារៈសំខាន់​ដើម្បី​គោរពតាម​ច្បាប់ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣:៤–៥, ១៤–១៥

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​មានភាព​ស្អាត​បាត ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៣ អាច ជួយ​កុមារ​ឲ្យយល់​ពី​របៀប​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ពួកគេ​ស្អាត​ពី​ឥទ្ធិពល​ខាងលោកិយ​ដែល​នៅជុំវិញ​ខ្លួនពួកគេ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូមអញ្ជើញ​កុមារ​ឲ្យ​អាន « បាបិល, បាប៊ីឡូន » នៅក្នុង​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ( scriptures.ChurchofJesusChrist.org ) ដើម្បី​ស្វែងរក​ថាតើ​អ្វីទៅ​ជា​បាប៊ីឡូន ហើយ​វាតំណាង​ឲ្យ​អ្វី ។ បន្ទាប់​មក សូមអាន​ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣:៤–៥, ១៤–១៥ ជាមួយគ្នា ។ តើ​វាមានន័យ​យ៉ាងណា « ចូរ​ចេញ​ពី​ក្រុង​បាប៊ីឡូន » ? ( ខទី ៥ ) ។ តើ​កន្លែងណា និង​ស្ថានភាព​ណា​ខ្លះ​ដែល​ព្រះអម្ចាស់​មានព្រះទ័យ​ចង់​ឲ្យ​យើង​នៅ​ឲ្យ​ឆ្ងាយ​ពី​វា ? តើ​យើងអាច​ធ្វើអ្វី​ដើម្បី​ជៀសវាង​ពីវា ?

  • សូម​បិទ​សញ្ញា​មួយ​នៅ​មួយចំហៀង​បន្ទប់​ដែល​និយាយថា « ស៊ីយ៉ូន » ហើយ​​មួយ ចំហៀង​បន្ទប់ទៀត​បិទ​សញ្ញា​ដែល​និយាយថា « បាប៊ីឡូន » ។ សូម​សរសេរ​ពាក្យ​ផ្សេងៗ​នៅ​លើ​ស្លាក​ក្រដាស​ចេញពី ​គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣:៤–៥, ១៤–១៥​ ដែល​ពិពណ៌នា​​អំពី​​ស៊ីយ៉ូន ឬ​បាប៊ីឡូន ( ដូចជា « អំពើ​ទុច្ចរិត » , « ជ្រះស្អាត » ឬ « សេចក្តី​បំផ្លិចបំផ្លាញ » ) ហើយ​សូម​អញ្ជើញ​កុមារ​ឲ្យ​ដាក់​ក្រដាស​នីមួយៗ​​នៅ​តាម​សញ្ញា​ដែលត្រឹមត្រូវ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣:១៩–២៥, ៤៦–៥២

ព្រះយេស៊ូវគ្រីស្ទ​នឹង​សោយរាជ្យ​នៅ​លើ​ផែនដី​នេះ ។

អែលឌើរ ឌី ថត គ្រីស្ទូហ្វឺសុន បាន​មាន​ប្រសាសន៍ថា ៖ « វាសំខាន់​ខ្លាំងណាស់​​ដើម្បី​រៀបចំ​ពិភពលោក​នេះ​សម្រាប់​ការយាងមក​ជាលើកទីពីរ​របស់​ព្រះអម្ចាស់​​យេស៊ូវ​គ្រីស្ទ » ( « ការត្រៀម​ខ្លួន​សម្រាប់​ការយាង​ត្រឡប់​មកវិញ​របស់​ព្រះអម្ចាស់ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨១ ) ។ តើ​អ្នក​នឹង​ជួយ​កុមារ​ឲ្យ​យល់​ពីរបៀប​ដែល​ពួកគេ​អាច​ចូលរួម​នៅក្នុងកិច្ចការ​ដ៏សំខាន់​នេះ​យ៉ាងដូចម្តេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព​ចេញពី គម្រោង​មេរៀន​សប្ដាហ៍​នេះនៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ហើយ​សូម​អញ្ជើញ​កុមារ​ឲ្យ​ធ្វើ​បញ្ជី​នៃ​អ្វីៗ​ដែល​ពួកគេ​ដឹង​អំពី​ការយាងមក​ជាលើកទីពីរ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ បន្ទាប់មក សូមប្រើ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣:១៩–២៥, ៤៦–៥២​ សូម​អញ្ជើញ​ពួកគេ​ឲ្យ​បន្ថែម​រឿង​ទាំងនេះ​ទៅនឹង​បញ្ជី​របស់​ពួកគេ ។ សូមចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា​ការយាង​មក​ជាលើកទីពីរ​នឹង​​ជា​ថ្ងៃ​ដ៏​រីករាយ​​មួយ​សម្រាប់​ពួកសុចរិត ។

  • ដើម្បី​ជួយ​កុមារឲ្យ​យល់​ខទី ១៩​ សូម​និយាយ​ជាមួយ​ពួកគេ​អំពី​របៀប​កូនក្រមុំ​អាចរៀបចំ​ខ្លួន​សម្រាប់​ថ្ងៃអាពាហ៍​ពិពាហ៍​របស់​ពួកគេ ( ប្រហែល​នរណា​ម្នាក់​ដែល​ទើប​រៀបការថ្មីៗ​នេះ​អាច​ជួយ​នៅក្នុង​ការសន្ទនា​នេះ ) ។ តើ​យើង​ដូចជា​កូនក្រមុំ​ដែល​រៀបចំ​ខ្លួន « សម្រាប់​ការ​យាង​មក​នៃ​ប្ដី​ថ្មោង​ថ្មី » ដែល​ជា​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាងដូចម្តេច ? ប្រសិនបើ​អ្នក​គិត​ថា​វាអាច​មានប្រយោជន៍ សូម​រម្លឹក​ជាមួយ​កុមារ​នូវ​រឿង​ប្រៀបប្រដូច​នៃ​ក្រមុំ​ព្រហ្មចារីយ​ទាំង​ដប់​នាក់ ( សូមមើល ម៉ាថាយ ២៥:១–១៣ ) ។ ហេតុអ្វី​វា​សំខាន់​ដែល​យើង​ត្រូវ​ត្រៀមខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គសង្គ្រោះ ? តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​រៀបចំ​ខ្លួន ?

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៤:១–២

ព្រះអម្ចាស់​មានព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​គោរពតាម​ក្រិត្យវិន័យ ។

ទោះបីជា​រដ្ឋាភិបាល​មានទម្រង់​ខុសៗគ្នា​នៅ​ជុំវិញ​ពិភពលោក​ក្តី ក៏​ព្រះអម្ចាស់​មានព្រះទ័យ​ចង់​ឲ្យ​យើង « ទ្រ​ទ្រង់​រដ្ឋាភិបាល ដែល ​[ យើង ]​ អាស្រ័យ​នៅ » ដែរ ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៤:៥ ) ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ឲ្យ​សរសេរ​វិន័យ ឬ​ច្បាប់​​ដែល​ពួកគេ​គោរពតាម ។ តើ​ជីវិតនេះ​នឹងទៅ​ជាបែបណា ប្រសិនបើ​គ្មាន​នរណា​ម្នាក់​គោរពតាម​ច្បាប់​ទាំងនេះ ? សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៤:១–២ ជាមួយ​កុមារ ដោយ​ជួយពួកគេ​ឲ្យ​យល់​រាល់ពាក្យ ឬ​​ឃ្លាណា​ដែល​ពួកគេ​អាច​មិន​យល់ ។ ហេតុអ្វី​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​មាន​រដ្ឋាភិបាល និង​ច្បាប់ទាំងឡាយ ?

  • សូម​សរសេរ​ពាក្យ ឬ ឃ្លា​ចេញពី មាត្រា​នៃ​សេចក្តីជំនឿ​ទីដប់មួយ និង ទីដប់ពីរ នៅលើ​ក្រដាស​មួយសន្លឹក ។ សូម​ច្របល់​ក្រដាស​ចូលគ្នា ហើយ​សូម​ឲ្យ​កុមារ​ធ្វើការ​ជាមួយគ្នា​ដើម្បី​រៀបក្រដាស​នោះ​ឲ្យ​ត្រូវ​តាម​លំដាប់លំដោយ ។ តើ​យើងអាច​បង្ហាញ​ថា ​យើង​ជឿ​លើ​អ្វី​ដែល​មាត្រា​នៃ​សេចក្តីជំនឿ​ទាំងនេះ​បង្រៀន​តាម​របៀប​ណា ?

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​ឲ្យ​សំណួរ​មួយ​ទៅកុមារ​ម្នាក់ៗ​ទៅសួរ​សមាជិក​គ្រួសារ​​ម្នាក់​នៅ​ឯ​ផ្ទះ ។ ឧទាហរណ៍ ប្រសិនបើ​អ្នករៀន​អំពី​ការយាងមក​ជាលើកទីពីរ​របស់​ព្រះអង្គសង្រ្គោះ កុមារ​អាច​សួរថា « តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​រៀបចំ​សម្រាប់​ការយាងមក​ម្តងទៀត​របស់​ព្រះយេស៊ូវ ? »

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ព្យាយាម​យល់​ពី​កុមារ​ដែល​អ្នក​បង្រៀន ។ អ្នក​ស្គាល់​កុមារ​ដែល​អ្នក​បង្រៀន ។ គំនិត​នៅក្នុង​គម្រោង​មេរៀន​ទាំងនេះ​អាច​ត្រូវ​កែសម្រួល​​ដើម្បីឲ្យ​​ត្រូវតាម​តម្រូវការ​របស់​ពួកគេ ។ ដើម្បី​ជួយ​អ្នក សូម​យោងទៅ​សកម្មភាព​ទាំងអស់​ដែល​បាន​ដាក់​នៅក្នុង​គម្រោង​មេរៀន​នេះ មិនត្រឹមតែ​សកម្មភាព​ដែល​​បាន​លើកឡើង​តាម​អាយុ​កុមារ​ដែល​អ្នកបង្រៀន​នោះទេ ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ទំព័រ ៧ ) ។