គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃ​ទី ៨–១៤ ខែ វិច្ឆិកា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៩–១៣២ ៖ « កាលណា​យើង​បាន​ព្រះ​ពរ​ណា​មួយ​ពី​ព្រះ នោះ​គឺ​ដោយ​សារ​ការគោរព »


« ថ្ងៃ​ទី ៨–១៤ ខែ វិច្ឆិកា ។ គោលលទ្ធិ និង​ សេចក្ដីសញ្ញា ១២៩–១៣២ ៖ ‹ កាលណា​យើង​បាន​ព្រះ​ពរ​ណា​មួយ​ពី​ព្រះ នោះ​គឺ​ដោយ​សារ​ការគោរព › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃ​ទី ៨–១៤ ខែ វិច្ឆិកា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៩–១៣២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ឆ្នាំ ២០២១

យ៉ូសែប ស៊្មីធ​កំពុង​បង្រៀន​នៅ​ណៅវូ

យ៉ូសែប ស្ម៊ីធ នៅ​ទីក្រុង​ណៅវូ ឆ្នាំ ១៨៤០ ដោយ សៀឌ័រ ហ្គ័កា

ថ្ងៃ​ទី ៨–១៤ ខែ វិច្ឆិកា

គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៩–១៣២

« កាលណា​យើង​បាន​ព្រះ​ពរ​ណា​មួយ​ពី​ព្រះ នោះ​គឺ​ដោយ​សារ​ការគោរព »

អែលឌើរ ដេវីឌ អេ បែដណា បាន​ពន្យល់​ថា « ការនិយាយ និង​ការប្រាប់​តែមួយមុខ​គឺ មិនមែន​ជាការបង្រៀនទេ ។ ការផ្សព្វផ្សាយ​ដំណឹងល្អ​តាមរបៀប​របស់​ព្រះអម្ចាស់​បួករួម​ទាំង​ការសង្កេតមើល និង​ការស្តាប់ និង​ការគិត​ពិចារណា » ( « Becoming a Preach My Gospel Missionary » New Era ខែ តុលា ឆ្នាំ ២០១៣ ទំព័រ ៦ ) ។ តើ​ព្រះវិញ្ញាណ​បង្រៀន​អ្នក​​អ្វីខ្លះ កាល​អ្នក​​បាន​សង្កេតមើល និង​ស្តាប់​ដល់​កុមារ​ដែល​អ្នក​បង្រៀន​​នោះ ?

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​ជ្រើសរើស​ប្រធានបទ​ចេញពី​កណ្ឌទី ១២៩–១៣២​ ហើយ​ចូរ​ឲ្យ​កុមារ​ប្រាប់​អ្នក​ពី​អ្វី​ដែល​ពួកគេ​បានរៀន​រួច​ហើយ​អំពី​ប្រធានបទ​នោះ ។ ឧទាហរណ៍ តើ​ពួកគេ​ដឹងអ្វី​ខ្លះ​ពី​ព្រះវរបិតាសួគ៌ ឬ​ក្រុមព្រះ ? អំពី​អាពាហ៍ពិពាហ៍​ដ៏នៅ​អស់កល្ប​ជានិច្ច ? អំពី​នរគរ​សេឡេស្ទាល ?

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣០:២០–២១; ១៣២:៥

ពរជ័យ​​កើត​មាន​មកពីការ​គោរពតាម​ព្រះ ។

យ៉ូសែប ស្ម៊ីធ បានបង្រៀន​ថា​រាល់ពរជ័យ​ដែល​មកពីព្រះ​គឺ​អាស្រ័យ​លើ​ការ​គោរពប្រតិបត្តិ​របស់​យើង​តាម​ក្រិត្យវិន័យ​របស់ទ្រង់ ។ តើ​អ្នក​​អាច​បង្រៀន​គោលការណ៍​នេះ​តាមរបៀប​មួយ​ដែល​កុមារ​នឹង​យល់បាន​ដោយរបៀបណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូមចែកចាយ​ការប្រៀបធៀប​ដ៏​សាមញ្ញ​មួយ​ជាមួយ​កុមារ​ដែល​បង្ហាញ​ថា តើ​វា​សំខាន់​ប៉ុណ្ណា​ដើម្បីធ្វើតាម​សេចក្តីណែនាំ​ទាំងឡាយ ឧទាហរណ៍ និយាយ​ជាមួយពួកគេ​អំពី​ជំហាន​ទាំងឡាយ​ដែល​យើង​ត្រូវតែ​ធ្វើតាម​ដើម្បី រៀបចំ​អាហារ ឬ​លេងល្បែង​កំសាន្ត ឬ​កសាង​អ្វីមួយ ។ តើ​មាន​អ្វីកើតឡើង​នៅពេល​យើង​មិន​ធ្វើតាម​សេចក្តីណែនាំ​ទាំងឡាយ ? ( ប្រហែល​ជា​អ្នក​មាន​បទពិសោធន៍​ផ្ទាល់ខ្លួន​ដែល​អ្នក​អាច​ចែកចាយ​បាន ) ។ សូមអាន ​គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:២១ ហើយ​សូម​ប្រៀបធៀប​សេចក្តីណែនាំ​ទាំងនេះ​ទៅនឹង​បទបញ្ញត្តិ​ដែល​យើងត្រូវ​តែ​ធ្វើតាម​ដើម្បី​ទទួល​បានពរជ័យ​ពី​ព្រះវរបិតាសួគ៌ ។

  • សូមសួរ​កុមារ​ប្រសិនបើ​ពួកគេ​អាច​គិត​ពី​គ្រា​ដែល​​​ពួកគេ​បាន​គោរព​ព្រះបញ្ញត្តិ​​មួយ​របស់ព្រះ ។ តើ​ពួកគេ​បាន​មាន​អារម្មណ៍​យ៉ាងណា ? សូម​ច្រៀង​ចម្រៀង​មួយបទ​អំពី​ការគោរព​ប្រតិបត្តិ ដូចជា​បទ «រក្សា​បទបញ្ញត្តិ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៩០ ) ហើយ​សូម​គូសបញ្ជាក់​ពីពរជ័យ​​​មកពី​ការគោរពប្រតិបត្តិ​ដែល​បានរៀបរាប់​នៅក្នុង​បទចម្រៀង​នេះ ។ សូម​ពិភាក្សា​ពី​អ្វីមួយ​ដែល​ព្រះ​បាន​ដាក់បញ្ញត្តិ​ឲ្យ​យើង​​ធ្វើ ។ តើ​ព្រះ​ប្រទានពរជ័យ​ដល់​យើង នៅពេល​យើង​គោរព​តាមបទ​បញ្ញត្តិ​ទាំងនោះ​យ៉ាងដូចម្តេច​ខ្លះ ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:២២

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូ​គ្រីស្ទ​មាន​ព្រះកាយ​អមតៈ ។

នៅពេល​យើង​យល់ថា ព្រះ​ជា​ព្រះវរបិតា និង​ព្រះយេស៊ូវគ្រីស្ទ​មានរូបកាយ​ដូចជា​យើង នោះ​យើង​មាន​អារម្មណ៍​ជិតស្និទ្ធ​ជាមួយ​ទ្រង់ ហើយ​ទំនាក់ទំនង​របស់​យើង​ជាមួយទ្រង់​ក៏​ត្រូវបាន​ពង្រឹង ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​កុមារ​នូវ​រូបភាព​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ចង្អុល​ទៅ​ព្រះនេត្រ​របស់ទ្រង់ ព្រះឱស និង​ផ្នែកផ្សេងទៀត​នៃ​ព្រះកាយ​របស់ទ្រង់ ។ បន្ទាប់មក អញ្ជើញ​ពួកគេ​ឲ្យ​ឈរ ហើយ​ចង្អុល​ទៅកាន់​ផ្នែក​ដូចគ្នា​នៃ​រូបកាយ​របស់​ពួកគេ​ផ្ទាល់ ។ សូមអាន​ចេញពី ​គោលលទ្ធិ និង ​សេចក្តី​សញ្ញា ១៣០:២២ ៖ « ព្រះវរបិតា​ទ្រង់​មាន​ព្រះកាយ​ជាសាច់ និង​ឆ្អឹង … ព្រះរាជបុត្រា​ក៏​ដូច្នោះ​ដែរ » ។ សូមថ្លែងទីបន្ទាល់ថា រូបកាយ​របស់​យើង​គឺ​ដូចជា​ព្រះកាយ​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​ដែរ ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​​​អំពី​រូបកាយ​របស់យើង ដូចជា​បទ « ក្បាល ស្មា ជង្គង់ និង​ជើង » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១២៩ ) ហើយ​អញ្ជើញ​កុមារ​ឲ្យ​ធ្វើ​កាយវិការ​ដែល​ត្រូវនឹង​ពាក្យ​ពេចន៍​ទាំងនោះ ។ សូម​ឲ្យ​កុមារ​ប្រាប់​​អ្នក​នូវ​​អ្វីមួយ​ដែល​ពួកគេ​អាច​ធ្វើ​ជាមួយ​រូបកាយ​របស់ពួកគេ ។ សូម​បង្ហាញ​អំណរគុណ​របស់​អ្នក​សម្រាប់​រូបកាយ​ដែល​ព្រះ​បានប្រទាន​ដល់​អ្នក ។ តើ​យើង​អាច​បង្ហាញ​អំណរគុណ​ចំពោះ​អំណោយទាន​ដ៏​ពិសេស​នេះ​យ៉ាងដូចម្តេច ?

  • សូម​អញ្ជើញ​កុមារ​ឲ្យ​គូររូបភាព​របស់​ព្រះវរបិតា​សួគ៌ ព្រះយេស៊ូវ​គ្រីស្ទ និង​ខ្លួន​របស់​ពួកគេ ។ សូម​ជួយ​ពួកគេឲ្យ​​មើលឃើញ​ពីរបៀប​ដែល​រូបកាយ​របស់​យើង​គឺដូចជាព្រះកាយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:១៩

ព្រះវរបិតាសួគ៌​បានធ្វើ​ឲ្យ​​​ក្រុមគ្រួសារ​​អាច​រស់នៅជាមួយ​គ្នា​ជារៀងរហូត ។

តាមរយៈ​ព្រះចេស្តារ​ផ្សារភ្ជាប់​របស់​ព្រះអម្ចាស់ និង​ពិធីបរិសុទ្ធ​នៅក្នុងព្រះវិហារ​បរិសុទ្ធ នោះ​ទំនាក់ទំនង​ក្រុម​គ្រួសារ​របស់យើង​អាច​នៅ​ដ៏អស់កល្បជានិច្ច ប្រសិនបើ​យើង​រក្សា​សេចក្តី​សញ្ញា​របស់​យើង ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ជួយ​កុមារ​គិត​ពី​ឧទាហរណ៍​នៃ​អ្វីៗ​ដែល​មិន​អាច​នៅ​ជារៀងរហូត—អាហារ​ដែលខូច ផ្កា​ដែល​ស្វិត ។ ល ។ សូម​បង្ហាញ​រូបភាព​ក្រុមគ្រួសារ​អ្នក ហើយ​ចែកចាយ​​ពី​អារម្មណ៍​របស់​អ្នក​​អំពី​ពួកគេ ។ សូមថ្លែង​ទីបន្ទាល់ថា​ ព្រះអម្ចាស់​បានធ្វើ​ឲ្យវា​អាច​សម្រេចបាន តាមរយៈ​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារបរិសុទ្ធ ដើម្បី​ឲ្យ​​ក្រុមគ្រួសារ​រស់នៅ​ជាមួយគ្នា​ជារៀងរហូត ។

  • សូមបើក​គោលលទ្ធិ និង សេចក្តី​សញ្ញា​​ទៅ កណ្ឌទី ១៣២ ហើយ​ប្រាប់​កុមារ​ថា នេះ​គឺជា​វិវរណៈ​​មួយ​ទៅកាន់​យ៉ូសែប ស្ម៊ីធ អំពី​អាពាហ៍ពិពាហ៍ និង​ក្រុមគ្រួសារ ។ សូម​បង្ហាញពួកគេ​នូវ ​ខទី ១៩​ ហើយ​សូមចង្អុល​ទៅពាក្យ « ​រហូត​ដល់​អស់​ទាំង​ភាព​អស់​កល្ប​ជានិច្ច » នៅពេល​អ្នក​អាន​វា ។ សូម​អញ្ជើញ​កុមារ​ឲ្យ​អាន​ពាក្យ​ទាំងនេះ​ជាមួយ​អ្នក ។

  • សូម​ជួយ​កុមារ​ឲ្យ​ធ្វើ​តុក្កតា​ពី​ក្រដាស​ដែល​តំណាង​ឲ្យ​សមាជិក​ក្នុង​ក្រុមគ្រួសារ​របស់​ពួកគេ ( សូមមើល​ទំព័រ​សកម្មភាព​ប្រចាំ​សប្តាហ៍​នេះ ) ។ សូម​កាត់​តុក្កតា​ទាំងនេះ​ចេញ ហើយ​ដាក់​វា​នៅក្នុង​ស្រោម​សំបុត្រ​មួយ ឬ​ភ្ជាប់វា​ជាមួយ​នឹង​ដង្កៀប​ក្រដាស​មួយ ដើម្បី​តំណាង​ឲ្យ​អំណាច​ផ្សារភ្ជាប់​ដែល​អាច​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​រស់​នៅ​​អស់កល្ប​ជានិច្ច​បាន​ ។

    ស្រ្តី និង​យុវនារី​នៅលើ​ទីធ្លា​ព្រះវិហារបិរសុទ្ធ

    ពិធីបរិសុទ្ធ​ព្រះវិហារ​បរិសុទ្ធ​អនុញ្ញាត​ឲ្យ​ក្រុមគ្រួសារ​រស់នៅ​ជាមួយ​គ្នា​ជារៀងរហូត ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:១៨–១៩

ព្រះវរបិតា​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ទទួលបាន​ចំណេះវិជ្ជា និង​ភាពឆ្លាតវៃ ។

អ្វីៗជាច្រើន​ជា​វត្ថុ​ដែល​យើង​ទទួលបាន​នៅក្នុង​ជីវិត​នេះ​នឹង​មិន​ទៅជាមួយ​យើង​នៅជីវិត​ក្រោយ​ឡើយ ។ ប៉ុន្តែ « ចំណេះវិជ្ជា និង​ភាព​ឆ្លាតវៃ » របស់យើង​នឹង​ទៅជាមួយ​យើង ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣០:១៩ ) ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​ចែកចាយ​ជាមួយអ្នក​នូវ​អ្វី​ដែល​ពួកគេ​កំពុងរៀន​​​នៅឯ​សាលារៀន ឬ​ពី​ឪពុកម្តាយ​របស់ពួកគេ ។ សូមឲ្យ​ពួកគេ​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:១៨–១៩ ដើម្បី​ស្វែងរក​អ្វី​ដែល​នឹង​កើតឡើង​ចំពោះ​ចំណេះវិជ្ជា និង​ភាព​ឆ្លាតវៃ​របស់​យើង​នៅក្នុង​ជីវិតក្រោយ ។

  • តើ ខ​ទី ១៩ បង្រៀន​យើង​អ្វី​ខ្លះ​ពី​របៀប​ដែល​យើង​ទទួល​ចំណេះវិជ្ជា និង​ភាពឆ្លាតវៃ​របស់​យើង ? តើ​យើង​អាច​ឧស្សាហ៍​ព្យាយាម ហើយ​គោរព​ប្រតិបត្តិ​ នៅពេល​យើង​ខិតខំ​រៀនសូត្រ​យ៉ាងដូចម្តេច ? ( ដើម្បី​ទទួលបាន​បន្ថែម​ទៀត​ពី​ប្រធានបទនេះ សូមមើល « ការអប់រំ » នៅក្នុង​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន [ ទំព័រ ៩–១០ ] ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣០:២០–២១; ១៣២:៥, ២១–២៣

ពរជ័យ​​កើត​មាន​មកពីការ​គោរពតាម​ព្រះ ។

សូម​សញ្ជឹងគិត​ពីរបៀប​ដែល​ព្រះអម្ចាស់​ប្រទានពរ​ដល់​យើង នៅពេល​យើង​គោរព​តាម​ក្រិត្យវិន័យ​របស់ទ្រង់ ។ តើ​បទពិសោធន៍​អ្វី​ខ្លះ ដែល​អ្នក​អាចចែកចាយ​ជាមួយ​កុមារ​ដើម្បី​បំផុសគំនិត​ដល់​ពួកគេ ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ច្រៀង​ចម្រៀង​មួយបទ​អំពី​ការគោរព​ប្រតិបត្តិ ដូចជា​បទ «រក្សា​បទបញ្ញត្តិ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៩០ ) ហើយ​សូម​អញ្ជើញ​កុមារ​ឲ្យអាន ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣០:២០–២១ និង ១៣២:៥ ។ សូម​ជួយ​កុមារ​ឲ្យ​ស្វែងរក​ពាក្យ និង​គំនិត ទាំងឡាយ​នៅក្នុង​ព្រះគម្ពីរ​ដែល​ស្រដៀងគ្នា​ទៅនឹង​ពាក្យពេចន៍​នៅក្នុង​បទចម្រៀង​នេះ ។ តើ​យើង​ទទួល​ពរជ័យ​ពី​ព្រះ​យ៉ាងដូចម្តេច ? សូម​ឲ្យ​កុមារ​ចែកចាយ​ពីរបៀប​ដែល​ពួកគេ​ទទួល​បាន​ពរជ័យ ដោយសារ​ការ​គោរពតាម​ក្រិត្យវិន័យ​របស់​ព្រះ ។

  • សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:២១–២៣ ជាមួយគ្នា ហើយ​អញ្ជើញ​កុមារ​ឲ្យ​គូររូបភាព​ដែល​តំណាង​ឲ្យ​អ្វី​ដែល​ពួកគេ​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ ។ សូមលើក​ទឹកចិត្ត​ពួកគេ​ឲ្យ​មានភាព​ច្នៃប្រឌិត ហើយ​ស្នើឲ្យ​ពួកគេ​ដាក់ចូលក្នុង​គំនូរ​របស់​ពួកគេ​នូវ​ក្រិត្យវិន័យ ឬ​បទបញ្ញត្តិ​ដែល​ជួយយើងឲ្យ​​នៅ​លើ​ផ្លូវ​តូច​ចង្អៀត​ទៅកាន់​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣១:១–៤; ១៣២:១៥, ១៩

ព្រះវរបិតាសួគ៌​បានធ្វើ​ឲ្យ​​​ក្រុមគ្រួសារ​​អាច​រស់នៅជាមួយ​គ្នា​ជារៀងរហូត ។

មិនថា​ស្ថានភាព​គ្រួសារ​បច្ចុប្បន្ន​របស់​យើង​យ៉ាងណា​នោះទេ យើង​អាច​ធ្វើការ​ជ្រើសរើស​ឥឡូវនេះ​ដែល​នឹង​រៀបចំ​យើង​ឲ្យ​ទទួល​ពរជ័យ​នៃ​គ្រួសារ​ដ៏នៅអស់កល្ប​ជានិច្ច​នៅពេល​អនាគត ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​​កុមារ​មួយ​ចំនួន​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១:១–៤ ហើយ​កុមារ​ផ្សេងទៀត​អាន ១៣២:១៥ ។ សូម​ជួយ​ពួកគេ​ឲ្យ​ស្វែងរក​អ្វី​ដែល​ខគម្ពីរ​ទាំងនេះ​បង្រៀន​អំពី​អាពាហ៍ពិពាហ៍ ។ សូមជ្រើសរើស​ឃ្លា​សំខាន់ៗ​ចេញពី ​១៣២:១៩​( ដូចជា « បើ​សិន​ជា​បុរស​ណា​មួយ​រៀបការ​ប្រពន្ធ » , « សេចក្ដី​សញ្ញា​ថ្មី និង​ដ៏​នៅ​អស់​កល្ប​អស់​កាល​ជានិច្ច » , « បាន​ភ្ជាប់ » , « នៅ​ជាប់​ក្នុង​សេចក្ដី​សញ្ញា​របស់​យើង » , « រហូត​ដល់​អស់​ទាំង​ភាព​អស់​កល្ប​ជានិច្ច » ,« បន្តបន្ទាប់​ជា​រៀង​ដរាប​ត​ទៅ » ) ហើយ​សូម​ឲ្យ​កុមារ​ស្វែងរក​ឃ្លា​ទាំងនេះ​នៅក្នុង​ខគម្ពីរនេះ ។ តើ​ឃ្លា​ទាំងនេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​អាពាហ៍ពិពាហ៍ ?

  • សូមច្រៀងបទ ​« ក្រុមគ្រួសារ​អាច​នៅ​ជាមួយគ្នា​ជានិរន្តរ៍ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៨៧ ) ឬ​មើល « ជំពូក​ទី ៥៥ ៖ វិវរណៈ​អំពី​អាពាហ៍ពិពាហ៍ » ( ដំណើររឿង​នៃ​គោលលទ្ធិ និង​សេចក្តីសញ្ញា ទំព័រ ១៩៨ ) ។ សូម​ឲ្យ​កុមារ​ត្រងត្រាប់​ស្តាប់ ហើយ​រៀបចំខ្លួន​ដើម្បី​ចែកចាយ​អ្វី​ដែល​យើង​ត្រូវតែធ្វើ​ ដើម្បី​ឲ្យ​ក្រុមគ្រួសារ​យើង​អាច​រស់នៅជាមួយ​គ្នា​រហូត​អស់កល្ប ។ សូមថ្លែង​ទីបន្ទាល់ថា មិនថា​ស្ថានភាព​ក្រុមគ្រួសារ​បច្ចុប្បន្ន​របស់​យើង​យ៉ាងណា​នោះទេ យើង​អាច​រៀបចំខ្លួន​របស់យើង​​ដើម្បី​មាន​​ក្រុមគ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច​បាន ។

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យប្រាប់​ក្រុមគ្រួសារ​របស់​ពួកគេ​ថា តើ​ពួកគេ​ស្រឡាញ់​ក្រុមគ្រួសារ​របស់​ពួកគេ​ប៉ុណ្ណា ហើយ​ចង់​នៅជាមួយគ្នា​ជា​ក្រុមគ្រួសារ​ដ៏នៅអស់កល្ប​ជានិច្ច​ខ្លាំង​ប៉ុណ្ណា ។

ការ​អភិវឌ្ឍន៍​ការ​បង្រៀន​របស់​យើង

សូម​យកចិត្ត​ទុកដាក់​នឹង​ស្ថានភាព​ក្រុមគ្រួសារ ។ « កុមារ​នៅសព្វថ្ងៃនេះ​ឃើញថា​ ខ្លួនឯង​ស្ថិត​នៅក្នុង​បណ្តុំ​នៃការរៀបចំ​គ្រួសារ​ខុសៗគ្នា និង​ស្មុគស្មាញ ។… [ យើង ] ត្រូវ​ឈោង​ទៅជួយ​ដល់​[ ជន​ទាំងឡាយ​ណា ] ដែល​មានអារម្មណ៍​ឯកោ ត្រូវបាន​គេបំភ្លេចចោល ឬ​ខ្វះជម្រក » ( នែល ​អិល អាន់ឌើរសិន « Whoso Receiveth Them, Receiveth Me » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៤៩, ៥២ ) ។