គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃ​ទី ១–៧ ខែ វិច្ឆិកា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៥–១២៨ ៖ « ជា​សំឡេង​នៃ​សេចក្ដី​រីករាយ​សម្រាប់​ពួក​អ្នក​រស់ និង​ពួក​អ្នក​ស្លាប់ »


« ថ្ងៃ​ទី ១–៧ ខែ វិច្ឆិកា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៥–១២៨ ៖ ‹ ជា​សម្លេង​នៃ​សេចក្ដី​រីករាយ​សម្រាប់​ពួក​អ្នក​រស់ និង​ពួក​អ្នក​ស្លាប់ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃ​ទី ១–៧ ខែ វិច្ឆិកា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៥–១២៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២១

ក្រុម​គ្រួសារ​ជាមួយ​នឹងបុព្វការីជន​នៅ​ក្នុង​ពិភព​វិញ្ញាណ

យើង​ជាមួយ​ពួកគេ​ ហើយ​ពួកគេ​ជាមួយ​យើង ដោយ ខេតលីន ឃូណូលី

ថ្ងៃ​ទី ១–៧ ខែ វិច្ឆិកា

គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៥–១២៨

« ជា​សម្លេង​នៃ​សេចក្ដី​រីករាយ​សម្រាប់​ពួក​អ្នក​រស់ និង​ពួក​អ្នក​ស្លាប់ »

សូមចងចាំ​កត់ត្រា​អារម្មណ៍​របស់អ្នក​នៅពេល​អ្នកសិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៥–១២៨ ដូច្នេះ​អ្នក​អាច​សញ្ជឹងគិត​ដល់​​ខគម្ពីរ​ ហើយ​ចែកចាយ​វាជាមួយ​អ្នកដទៃ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

នៅក្នុង​ខែ សីហា ឆ្នាំ ១៨៤០ ជេន នីមែន​ដែល​ពេញ​ដោយ​ទុក្ខ​ព្រួយ បាន​ស្ដាប់​​ព្យាការី យ៉ូសែប ថ្លែង​នៅ​ក្នុង​ការបញ្ចុះ​សព​មិត្ត​របស់​គាត់ ស៊ីមួរ ប្រាន់សិន ។ កូន​ប្រុស​ជំទង់​របស់​ជេន ឈ្មោះ ស៊ីរូស ក៏ទើប​តែបាន​ស្លាប់​ក្នុង​ពេល​ថ្មីៗនេះដែរ ។ ដោយ​សារ​ស៊ីរូស​មិនធ្លាប់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ វាធ្វើ​ឲ្យជេនកាន់តែ​មាន​ភាព​សោក​សៅ​ ហើយ​នាង​​បាន​ព្រួយបារម្មណ៍ថា ​តើ​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​ព្រលឹង​ដ៏អស់​កល្ប​​របស់គាត់ ។ យ៉ូសែប​បាន​ដឹងពីអារម្មណ៍​របស់នាង ហើយ​គាត់​ក៏មាន​ការព្រួយ​បារម្មណ៍​ដូចគ្នា​អំពី​បងប្រុស​របស់គាត់ អាល់វិន ដែល​បាន​ស្លាប់​មុនពេល​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក ។ ដូច្នេះ​ព្យាការី​បាន​សម្រេច​ចិត្ត​ចែក​ចាយ​ជាមួយ​ជេន និង​មនុស្ស​គ្រប់គ្នា​ដែល​បាន​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព អំពី​អ្វីដែល​ព្រះអម្ចាស់​បាន​បើក​សម្តែង​ដល់​គាត់ អំពី​អស់​អ្នក​ដែល​បាន​ស្លាប់ ដោយ​មិនបាន​ទទួល​ពិធី​បរិសុទ្ធ​នៃ​ដំណឹងល្អ​—​និង​អ្វីដែល​យើង​អាចធ្វើ​ដើម្បី​ជួយ​ដល់​ពួកគេ ។

គោលលទ្ធិ​នៃពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន​បាន​ធ្វើឲ្យ​ពួកបរិសុទ្ធ​មានចិត្ត​រំភើប ធ្វើ​ឲ្យ​ពួកគេ​គិត​ភ្លាម​ដល់​ឪពុក​ម្ដាយ ​ជីដូន​ជីតា និង​សមាជិក​គ្រួសារ​ដទៃ​ទៀត ដែល​បានទទួល​មរណភាព ។ ឥឡូវ​នេះ​ មាន​សង្ឈឹម​ហើយ​សម្រាប់​ពួកគេ ! យ៉ូសែប​បាន​ចែកចាយ​ក្តីអំណរ​របស់ពួកគេ ហើយ​លោក​បានប្រើ​ភាសា​​ដែល​ពោរពេញ​ដោយក្តី​រីករាយ និង​ក្តី​រំភើប ដើម្បី​បង្ហាញ​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​គាត់​អំពី​សេចក្តី​សង្គ្រោះ​មរណជន ៖ « ចូរ​ឲ្យភ្នំ​បន្លឺឡើង​ដោយ​អំណរ ហើយ​ឲ្យច្រកភ្នំ​ទាំងអស់​បន្លឺ​ឡើង​ជាខ្លាំង ហើយ​ឲ្យ​សមុទ្រ​នឹង​ដីគោក​ទាំងអស់​ប្រាប់​ពីការ​អស្ចារ្យ​នៃ​សេ្តច​ដ៏នៅ​អស់កល្ប​ជានិច្ច​របស់អ្នក ! »( គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:២៣ ) ។

សូមមើល ពួកបរិសុទ្ធ ១:៤១៥–២៧; « Letters on Baptism for the Dead » Revelations in Context ទំព័រ ២៧២–៧៦ ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់ផ្សេងៗ​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៦

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​មើលថែ​គ្រួសារ​របស់​ខ្ញុំ ។

បន្ទាប់​ពីត្រឡប់​មក​ផ្ទះវិញ​ពី​បេសកកម្ម​ចុង​ក្រោយ​គេ ក្នុង​ចំណោម​បេសសកម្ម​បីបួន​ទៅ​កាន់​ប្រទេស​អង់គ្លេស​មក ព្រិកហាំ យ៉ង់​បាន​ទទួល​ការហៅ​មួយ​ទៀត​ដ៏សំខាន់​មកពី​ព្រះអម្ចាស់​—​ឲ្យ « ថែទាំ​គ្រួសារ​របស់ [ គាត់ ] » ( ខ​ទី ៣ ) ដែល​បាន​រងទុក្ខ ពេល​លោក​មិននៅ ។ កាល​អ្នក​សញ្ជឹងគិត​ដល់​ខគម្ពីរ​នេះ និង​ដំបូន្មាន​ផ្សេង​ទៀត​នៅក្នុង កណ្ឌ​ទី ១២៦ ដែល​វាអនុវត្ត​ចំពោះ​អ្នក សូមពិចារណា ពាក្យ​ពេចន៍​របស់​ប្រធាន បន្នី អិល អូស្ការសុន អតីត​ប្រធាន​យុវនារី​ទូទៅ ៖

« សូម​ចងចាំ​ថា តម្រូវការ​ធំបំផុត​មួយ​ចំនួន​អាច​ជា​អ្នក​ដែល​នៅ​ចំពោះមុខ​អ្នក ។ សូម​ចាប់​ផ្ដើម​ការ​បម្រើ​របស់​អ្នក​នៅក្នុង​គេហដ្ឋាន​អ្នក​ផ្ទាល់ និង​ក្នុងគ្រួសារ​អ្នក​ផ្ទាល់ ។ ទាំង​នេះ​គឺ​ជា​ទំនាក់ទំនង​ដែល​អាច​នៅ​អស់កល្បជានិច្ច ។ ទោះ​ជា—ហើយ​ជា​ពិសេស​ប្រហែល​ជា—ស្ថានភាព​គ្រួសារ​អ្នក​មិន​សូវ​ល្អ​ឥតខ្ចោះ​ក្ដី ក៏​អ្នក​អាច​ស្វែងរក​វិធី​បម្រើ លើក​តម្កើង ហើយ​ពង្រឹង​គ្នា​ផងដែរ ។ សូម​ចាប់​ផ្ដើម​នៅ​ត្រង់​កន្លែង​អ្នក​នៅ ស្រឡាញ់​ពួកគេ​តាម​លក្ខណៈសណ្ឋាន​របស់​គេ​ ហើយ​រៀបចំ​សម្រាប់​គ្រួសារ​ដែល​អ្នក​ចង់​មាន​នៅ​ពេល​អនាគត » ( « សេចក្ដី​ត្រូវការ​នៅ​ចំពោះ​យើង » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ២៧ ) ។

សូមមើល​ផងដែរ « Take Special Care of Your Family » Revelations in Context ទំព័រ ២៤២–៤៩ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៧:២–៤

ព្រះអម្ចាស់​ជ្រាប​ពី​ក្តីអំណរ និង​ទុក្ខ​សោករបស់ខ្ញុំ ។​

ការ​ចោទ​ប្រកាន់​ខុស និង​ការ​​​គម្រាម​គំហែង​ចាប់​ខ្លួន​បាន​ចាប់ផ្តើម​មាន​ម្តង​ទៀត ហើយ​បាន​បង្ខំចិត្ត យ៉ូសែប ស្ម៊ីធ ឲ្យ​លាក់ខ្លួន​នៅក្នុង ខែ សីហា ឆ្នាំ ១៨៤២ ។ ហើយ​​ពាក្យ​ពេចន៍​​​ដែល​លោក​​បាន​សរសេរ​ទៅកាន់​ពួក​បរិសុទ្ធ​អំឡុង​ពេល​នោះ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៧ ) គឺ​ពោរពេញ​ទៅដោយ​សុទិដ្ឋនិយម និង​អំណរ ។ តើ ខទី ២–៤ បង្រៀន​យើង​អ្វីខ្លះ​អំពី​ព្រះ ? អំពី​របៀប​ដែល​អ្នក​អាច​ប្រឈម​មុខ​នឹង​ការសាកល្បង ?​

ចូរ​ពិចារណា​កត់ត្រា​អំពី​របៀប​ដែល​ព្រះអម្ចាស់​គាំទ្រ​អ្នក​នៅក្នុង « ទឹក​ជ្រៅ »​ នៃ​ជីវិត​របស់​អ្នក ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៧:៥–៨; ១២៨:១–៨

« អ្វីក៏ដោយ​ដែល​អ្នក​ចង​នៅលើ​ផែនដី នោះ​អាច​បាន​ចង​នៅ​ស្ថាន​សួគ៌​ដែរ » ។

នៅពេល​អ្នក​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧:៥–៨; ១២៨:១–៨ សូម​រកមើល​មូល​ហេតុ​​​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យ៉ូសែប ស្ម៊ីធ ដូចជា​ការណែ​នាំ​ជាក់លាក់​អំពី​ការកត់ត្រា​ពិធី​បុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន ។​ តើ​បេសកកម្ម​នេះ​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​ព្រះអម្ចាស់ និង​កិច្ចការ​របស់​ទ្រង់ ?

យុវជន​ជាមួយ​នឹង​កាត​ឈ្មោះ​គ្រួសារ

ការ​ធ្វើការ​បម្រើក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​បុព្វការីជន​របស់​យើង បាន​ចង​ដួង​ចិត្ត​របស់​យើង​ជាមួយ​ពួកគេ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៨:៥–២៥

សេចក្ដី​សង្គ្រោះ​នៃ​បុព្វការីជន​របស់​ខ្ញុំ គឺ​សំខាន់​ចំពោះ​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ ។

វាបាន​ពន្យល់​យ៉ាងច្បាស់​អំពី​អ្វី ដែល​ព្រះ​បាន​បើក​សម្តែង​តាម​រយៈ​យ៉ូសែប ស្ម៊ីធ​ថា ហេតុ​អ្វី​បុព្វការីជន​របស់យើង​ដែល​មិន​បាន​ជ្រមុជ​ទឹក​នៅក្នុង​ជីវិតនេះ ត្រូវ​ការ​ជំនួយ​ពីយើង​សម្រាប់​សេចក្តី​សង្រ្គោះ​របស់ពួកគេ ។ ប៉ុន្តែ ហេតុអ្វី​អ្នកគិតថា សេចក្តី​សង្គ្រោះនៃ​បុព្វការី​ជន​របស់យើងគឺ « ជាការ​ចាំបាច់​នឹង​សំខាន់​បំផុត​ចំពោះ​សេចក្តី​សង្រ្គោះ​របស់​យើង » ? ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៨:១៥–១៨; បាន​បន្ថែម​អក្សរ​ទ្រេត ) ។

ខ​ទី ៥  បង្រៀន​ថា ពិធីបរិសុទ្ធ​នៃ ពិធីបុណ្យជ្រមុជទឹក​សម្រាម់​មរណជន​ត្រូវ​បាន « រៀបចំ​ឡើង​មុន​កំណើត​លោកិយ​មក​ម្លេះ » ។ តើ​សេចក្តីពិតនេះ​បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​ព្រះ និង​ផែនការ​របស់​ទ្រង់ ? តើ​សារលិខិត​របស់​ប្រធាន ហិនរី ប៊ី អាវរិង « ការប្រមូល​ផ្ដុំ​គ្រួសារ​របស់​ព្រះ » បន្ថែម​ដល់​ការយល់​ដឹង​របស់​អ្នក​យ៉ាង​ដូចម្តេច ?( EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១៩–២២ ) ។

យ៉ូសែប ស៊្មីធ បាន​ប្រើឃ្លា​ដូចជា « អំណាច​នៃការ​ភ្ជាប់ » « ចំណង​ភ្ជាប់ » និង « ការរួបរួម​ល្អ​ឥតខ្ចោះ »​ នៅពេល​ដែល​បង្រៀន​អំពី ពិធីបរិសុទ្ធ​នៃបព្វជិតភាព និង​ពិធីបុណ្យ​ជ្រមុជ​ទឹក​សម្រាប់​មរណជន ។ សូម​រក​មើល​ពិធីការ​នោះ និង​ឃ្លា​ដែល​ស្រដៀង​គ្នា នៅពេល​អ្នកអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:៥–២៥ ។ តាម​រយៈ​ព្រះយេស៊ូវ គ្រីស្ទ តើ​រឿង​មួយ​ចំនួន​អ្វីខ្លះ​ដែល​​អាច​ចង​ភ្ជាប់គ្នា​ដោយព្រោះ​ពិធីបរិសុទ្ធ​បព្វជិតភាព​សម្រាប់​មរណជន ? ហេតុ​អ្វី​ពាក្យ « ក្លាហាន » គឺជា​ពាក្យ​ល្អ​សម្រាប់​ពិពណ៌នា​អំពី​គោលលទ្ធិ​នៃ​សេចក្តី​សង្គ្រោះ​សម្រាប់​មរណជន ? ( សូមមើល ខ​ទី ៩–១១ ) ។

តើ​​អ្នក​ចាប់​អារម្មណ៍​អ្វីខ្លះ​​លើ​​ពាក្យ​សម្ដី​របស់​យ៉ូសែប ស្ម៊ីធ​នៅក្នុង ខទី ១៩–២៥ ? តើ​ខគម្ពីរទាំង​នេះ​ជះឥទ្ធិពល​លើ​របៀប​ដែល​យើង​ទទួល​អារម្មណ៍​អំពីការបម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​បុព្វការីជន​របស់អ្នក​យ៉ាង​ដូចម្ដេច ? អំពី​ព្រះយេស៊ូវ​គ្រីស្ទ យ៉ាង​ដូច​ម្ដេច ? តើ​អ្នក​មានអារម្មណ៍​បំផុសគំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ ? ( សូម​មើល FamilySearch.org/discovery សម្រាប់​ជាគំនិត ) ។

សូមមើល​ផងដែរ កូរិនថូស ទី១ ១៥:២៩; ឌែល ជី រេនឡាន់ « កិច្ចការ​ពង្សប្រវត្តិ និង​ព្រះវិហារ​បរិសុទ្ធ ៖ ការផ្សារភ្ជាប់ និង​ការព្យាបាល » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៤៦–៤៩; « Sacrifice of Time » និង « Their Hearts Are Bound to You » វីដេអូ​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

2:54
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៦ ។សូម​អាន​ដំបូន្មាន​​នេះទៅកាន់ ព្រិកហាំ យ៉ង់ ដែល​អាច​បំផុសគំនិត​ដល់​គ្រួសារ​របស់អ្នក​ឲ្យ​និយាយ​អំពី​របៀប​ដែល​យើង​អាច​ចំណាយ​ពេលវេលា​កាន់តែច្រើន​ដើម្បី « ថែទាំ » ( ខទី ៣ ) គ្នា​ទៅវិញ​ទៅមក ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១៥–១៨ ។តើ​កិច្ចការ​នៃ​សេក្តី​សង្គ្រោះ និង​ពរជ័យ​ដ៏ឥតខ្ចោះ​នៃ​កិច្ចការ​ពង្សប្រវត្តិ​មាន​អ្វី​ខ្លះ ? អ្នក​អាច​ស្វែងរក​គំនិត​មួយចំនួន​នៅក្នុង​វីដេអូ​នេះ « The Promised Blessings of Family History » ( នៅលើ​គេហទំព័រChurchofJesusChrist.org ) ឬ​នៅក្នុង​សៀវភៅ​ចម្រៀង​អំពី​ពង្ស​ប្រវត្តិ ដូចជា​បទ « ខ្ញុំ​កំពុង​ធ្វើ—ពង្ស​ប្រវត្តិ​ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១០០ ) ។

3:23

គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៨:១៨ ។សូមពិចារណា​ធ្វើ​ច្រវ៉ាក់​ក្រដាស​ជាមួយ​សមាជិក​គ្រួសារ​អ្នក និង​សរសេរ​​ឈ្មោះ​បុព្វការី​ជន​របស់អ្នក​នៅលើ​តំណរ​នីមួយៗ ដើម្បី​បង្ហាញ​ពីរបៀប​ដែល​កិច្ចការ​ពង្ស​ប្រវត្តិ និង​​​ព្រះវិហារ​បរិសុទ្ធ​អាច​បង្កើត « ចំណង​ភ្ជាប់ » ដែល​ភ្ជាប់​រវាង​យើង និង​បុព្វការី​ជន​របស់យើង ។ ប្រហែល​អ្នក​អាច​ធ្វើការ​ស្រាវជ្រាវ​ខ្លះៗ​​តាម​គេហទំព័រ FamilySearch.org ដើម្បី​ស្វែង​រកសមាជិក​គ្រួសារ​បន្ថែម ហើយ​មើល​តើច្រវ៉ាក់​អ្នក​អាច​វែង​ដល់​ណា ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១៩–២៣ ។ប្រហែល​សមាជិក​គ្រួសារ​អាច​ស្រាវជ្រាវ​ខគម្ពីរ​ទាំងនេះ រក​មើល​ពាក្យ​ដែល​បង្ហាញពី​ក្តីរំភើប​របស់​យ៉ូសែប​អំពី​ដំណឹល្អនៃ​ព្រះយេស៊ូវគ្រីស្ទ និង​សេចក្តី​សង្គ្រោះ​សម្រាប់​មរណជន ។ សមាជិក​គ្រួសារ​អាចចែក​ចាយ​បទពិសោធន៍ ដែល​ពួកគេ​បាន​រំភើប​ចិត្ត​​នឹង​កិច្ច​ការ​នេះ​ដែរ​—ឬមួយ​អ្នក​អាច​ស្វែង​រក​បទពិសោធន៍​បែប​នេះរួមគ្នា​នៅលើ​គេហទំព័រ FamilySearch.org/discovery ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការបង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​ស្នើ ៖ « ខ្ញុំ​កំពុង​ធ្វើ—ពង្ស​ប្រវត្តិ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១០០ ។

រូប​តំណាង​សំឡេង​នៃ​ការស្ដារ​ឡើងវិញ

សំឡេង​នៃ​ការស្ដារ​ឡើងវិញ

ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន « ប្រធានបទ​ដ៏​ថ្មី និង​រុងរឿង​មួយ »

គម្រោង​សាងសង់​អាង​ជ្រមុជទឹក​ព្រះវិហារ​បរិសុទ្ធ​​ណៅវូ

គម្រោងនេះ​បាន​បង្ហាញ​អាង​ជ្រមុជទឹក​ព្រះវិហារ​បរិសុទ្ធ​ណៅវូ ដាក់ពីលើ​គោ​ឈ្មោលទាំង​ដប់ពីរ ។

ហ្វែប និង វិលហ្វូឌ វូឌដ្រុព្វ

ហ្វែប វូឌដ្រុព្វ បានរស់នៅ​ជិត​ក្រុង​ណៅវូ នៅ​ពេល​ដែល​យ៉ូសែប ស្ម៊ីធ បាន​ចាប់​ផ្តើម​បង្រៀន​អំពី​ពិធីបុណ្យ​ជ្រមុជ​ទឹក​សម្រាប់​មរណជន ។ នាង​​បាន​សរសេរ​ពីរឿង​នោះ​ទៅកាន់​ស្វាមី របស់នាង វូឌដ្រុព្វ​ ដែល​កំពុង​បម្រើ​បេសកកម្ម​នៅប្រទេស​អង់គ្លេស​ ៖ 

« បងប្រុស​យ៉ូសែប … បានរៀន​តាមរយៈ​វិវរណៈ​ថា អស់​អ្នក​ដែល​នៅក្នុង​សាសនាចក្រ​នេះ​អាច​ធ្វើ​ពិធីបុណ្យ​ជ្រមុជ​ទឹក​សម្រាប់​សាច់ញាតិ​ដែល​បាន​ទទួល​មរណភាព​ ហើយ​មិន​ដែល​មាន​ឱកាស​ស្តាប់​ឭដំណឹងល្អ​នេះ សូម្បី​តែសម្រាប់​កូនចៅ​ ឳពុក​ម្តាយ បងប្អូន​ប្រុស​ស្រី ជីដូន​ជីតា និង​ពូមីង​របស់ពួកគេ ។ … ដរាបណា​ពួកគេ​បាន​ធ្វើពិធីបុណ្យ​ជ្រមុជ​ទឹក​សម្រាប់​មិត្តភក្តិ​របស់​ពួកគេ​ភ្លាម នោះពួកគេ​នឹង​ត្រូវ​បាន​ដោះលែង ពីស្ថាន​ឃុំព្រលឹង ហើយ វាអះអាង​ថា​ ពួកគេ​អាច​នឹង​បាន​រស់ឡើងវិញ ហើយ​នឹងនាំ​ពួកគេ​ទៅកាន់​នគរ​សេឡេស្ទាល​—គោលលទ្ធិ​នេះ​បានទទួល​ដោយ​សាសនាចក្រ ហើយពួកគេ​នឹង​បញ្ជូន​ទៅកាន់​បណ្តា​​ជន ហើយ​មនុស្ស​មួយ​ចំនួន​បានជ្រមុជ​ទឹក​បាន​ច្រើន​បំផុត​តាម​ដែលអាច​ធ្វើបាន​រហូត​ដល់ ​១៦ ដង … ក្នុង​មួយថ្ងៃ » ។

ក្រោយមក​វិលហ្វូឌ វូឌដ្រុព្វ បាន​មានប្រសាសន៍​អំពីគោល​ការណ៏នេះថា ៖ « គ្រាន់​តែខ្ញុំ​បាន​ស្ដាប់​ឮ​ពីវា ​ព្រលឹង​ខ្ញុំ​បាន​ញាប់​ញ័រ​ដោយ​ក្តី​អំណរ ។ … ខ្ញុំ​បាន​ចេញទៅ ហើយ​ធ្វើ​ពិធីបុណ្យ​ជ្រមុជ​ទឹក​សម្រាប់​សាច់​ញាតិ​​របស់​ខ្ញុំ​ដែល​បាន​ទទួល​មរណភាព ដែល​ខ្ញុំ​អាច​នៅចាំ​បាន ។ … ខ្ញុំ​មាន​អារម្មណ៍​ថា​ចង់​ពោល​ពាក្យ ហាលេលូយ៉ា នៅ​ពេល​វិវរណៈ​នោះ​បាន​បើក​សម្ដែង​ដល់​យើង​អំពី​ពិធី​បុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន ។ ខ្ញុំ​មាន​អារម្មណ៍ថា​ យើង​មានសិទ្ធិ​ដើម្បី​រីករាយ​នឹង​ពរ​ជ័យ​នៃស្ថាន​សួគ៌ » ។

វីលេត ឃឹមបឹល

ដូច ស៊ិស្ទើរ វូឌដ្រុព្វ ផងដែរ បងស្រី វីលេត ឃឹមបឹល បាន​ឮ​អំពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក​សម្រាប់​មនុស្ស​មរណជន អំឡុង​ពេល​ស្វាមី​របស់គាត់ ហ៊ីប៊ឺ កំពុង​ផ្សព្វផ្សាយ​ដំណឹងល្អ​នៅឆ្ងាយ ។ គាត់​បាន​សរសេរ​សំបុត្រ​ទៅកាន់​ស្វាមី​ថា ៖

« ប្រធាន ស្ម៊ីធ បាន​បើក​ប្រធានបទ​ដ៏​ថ្មី និង​រុងរឿង​មួយ … ដែល​ធ្វើ​ឲ្យសាសនា​ចក្រ​មាន​ភាព​រស់​រវើក​ឡើង​វិញ ។ នោះ​គឺ​​ការ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​អ្នក​ស្លាប់ ។ ប៉ុល​បាន​លើក​ឡើង​ពី​រឿង​នេះ​ក្នុង កូរិនថូសទី​មួយ ជំពូក​ទី ១៥ ខ​ទី ២៩ ។ យ៉ូសែប​បាន​ទទួល​ការ​ពន្យល់​ដ៏​ពេញ​លេញ​ពី​រឿង​នេះ​តាមរយៈ​វិវរណៈ ។ … វា​គឺជា​ឯកសិទ្ធិ​នៃ​សាសនាចក្រ​នេះ​ដើម្បី​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស​ទាំងអស់ ដែល​បាន​ស្លាប់​ពីមុន​ដំណឹងល្អ​នេះ​បាន​លេច​ចេញ​មក​រហូត​ដល់​ជីដូន​ជីតា​លួត​របស់​ពួកគេ ។ … តាមរយៈ​ការធ្វើ​ដូច្នោះ យើង​ធ្វើ​ជា​ភ្នាក់ងារ​សម្រាប់​ពួកគេ ហើយ​ផ្ដល់​ឯកសិទ្ធិ​ដល់​ពួកគេ​ឲ្យ​​ចេញ​មក​ក្នុង​ការរស់​ឡើង​វិញ​លើក​ទីមួយ ។ លោក​ពោល​ថា ពួកគេ​នឹង​មាន​ដំណឹងល្អ​ផ្សាយ​ដល់​ពួកគេ … ប៉ុន្តែ​វិញ្ញាណ​មិនអាច​ធ្វើពិធី​ជ្រមុជ​ទឹក​បាន​ទេ … ។ ដោយសារ​ការបញ្ជា​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ទីនេះ នោះ​ទឹក​តែង​រវល់​ឥត​ដាច់ ។ អំឡុង​សន្និសីទ ​ពេល​ខ្លះ​មាន​អែលឌើរ​ពី​ប្រាំបី​ទៅ​ដប់​នាក់​នៅក្នុង​ទឹក​ជ្រមុជ​ទឹក​ក្នុង​ពេល​តែមួយ ។ … ខ្ញុំ​ចង់​ជ្រមុជ​ទឹក​ឲ្យ​ម្តាយ​របស់ខ្ញុំ ។ ខ្ញុំ​បាន​គណនា​រង់ចាំ​ថ្ងៃ​បង​ត្រឡប់មក​វិញ ប៉ុន្តែ​លើក​ចុងក្រោយ​យ៉ូសែប​បាន​មានប្រសាសន៍​អំពីប្រធាន​បទ​នោះ ​គាត់​​បាន​ផ្ដល់​​ដំបូន្មាន​ឲ្យ​ប្រញាប់​ធ្វើការណ៍​នេះ ហើយ​រំដោះ​មិត្តភក្តិ​របស់ពួក​គេ​ចេញ​ពីសេវ​កភាព​ឲ្យ​បាន​ឆាប់​បំផុត ។ ដូច្នេះ​អូន​គិត​ថានឹងធ្វើ​នៅ​សប្តាហ៍​នេះ ក៏មាន​អ្នក​ជិត​ខាង​មួយ​ចំនួន​​នឹង​ធ្វើដែរ ។ ហើយ​អ្នក​ខ្លះ​បានជ្រមុជ​ទឹក​ច្រើន​ដងហើយ … ។ ដូច​បងឃើញ​ស្រាប់​ហើយ​ នេះ​ជា​ឱកាស​សម្រាប់​យើង​ទាំងអស់គ្នា ។ តើ​នេះ​ពុំ​មែន​គោលលទ្ធិ​ដ៏​រុងរឿង​ទេ​ឬអី ? »

ហ្វែប ឆេស​

នៅពេល​អាង​ជ្រមុជ​ទឹក​ព្រះវិហារ​បរិសុទ្ធ​ណៅវូ​បាន​សាង​សង់​រួច នោះ​​​ពិធី​បុណ្យ​ជ្រមុជ​ទឹក​សម្រាប់​មរណជន​បាន​ធ្វើ​ឡើង​​នៅទីនោះ​ជំនួស​ឲ្យ​ធ្វើ​នៅ​ឯទន្លេ ។ ហ្វែប ឆេស ជាអ្នក​ស្រុក​រស់នៅ​ណៅវូ បាន​សរសេរ​សំបុត្រ​ទៅកាន់​ម្តាយ​របស់គាត់​អំពីព្រះវិហារ​បរិសុទ្ធ គាត់​បាន​ពិពណ៌នា​អំពីអាង​បុណ្យ​ជ្រមុជ​ទឹក​ថាជាកន្លែង​ដែល « យើង​អាច​ជ្រមុជ​ទឹក​សម្រាប់​មរណជន​របស់យើង និង​ដើម្បី​អាច​ប្រែក្លាយ​ដូច​ព្រះអង្គសង្រ្គោះ​នៅលើ​ភ្នំ​ស៊ីយ៉ូន » ។ នាងបាន​បន្ត​ពន្យល់​ទៀត​ថា​នៅក្នុង​អាង​នេះ « ខ្ញុំ​បាន​ជ្រមុជ​ទឹក​​សម្រាប់​លោកឳពុក​ជាទី​ស្រឡាញ់​របស់ខ្ញុំ និង​មិត្តភក្តិ​ទាំងឡាយ​ដែល​បាន​ទទួល​មរណភាព ។ … ឥឡូវ​នេះ​ កូន​ចង់​ដឹង​អំពី​ឈ្មោះ​លោក​យាយ​លោក​តា ដើម្បី​កូន​អាច​រំដោះ​ពួកគាត់ កូន​មាន​បំណង​ប្រាថ្នា​ចង់​សង្គ្រោះ​មរណជន ។​… ព្រះអម្ចាស់​បាន​មាន​បន្ទូល​ម្តងទៀត ហើយ​ទ្រង់​បាន​ស្តារ​គំរូ​ពីបុរាណ » ។

សាលលី រែនដល

ក្នុង​សំបុត្រ​សរសេរ​ទៅកាន់​​មិត្តភក្ដិ ​និង​គ្រួសារ​របស់គាត់​អំពី​ពិធីបុណ្យ​ជ្រមុជ​ទឹក​សម្រាប់​​មរណជន សាលលី រែនដល​បាន​រំឭក​អំពី​កូន​ប្រុស​ដែល​បាន​ស្លាប់​របស់គាត់ ឈ្មោះ ចច​ ៖

« ឱ​វាជា​ការពិបាក​សម្រាប់​ខ្ញុំ ហើយ​ចំពោះ​ខ្ញុំ​វាហាក់បី​ដូច​ជាមិន​ទាន់ផ្សះផ្សា​បានទេ ប៉ុន្តែ​…​ឪពុក​​របស់​គាត់​បាន​ធ្វើពិធីបុណ្យ​ជ្រមុជ​ទឹក​សម្រាប់​គាត់ ​វារុង​រឿង​ខ្លាំងណាស់ ដែល​យើង​ជឿ​ការណ៍​ទាំងនេះ ហើយ​បាន​ទទួល​ភាព​ពេញ​លេញ​នៃដំណឹងល្អ​ដែល​បាន​ប្រកាស​ក្នុង​ពេល​នេះ ហើយ​ថាយើង​អាច​ធ្វើពិធី​បុណ្យ​ជ្រមុជ​ទឹក​សម្រាប់​មិត្តភក្តិ​ដែល​បាន​ស្លាប់ ហើយ​បាន​សង្គ្រោះ​ពួកគេ បាន​ឆ្ងាយ​បំផុត​ទៅ​តាម​អ្វីដែល​យើង​បាន​ដឹង​ពីពួកគេ ។

« ខ្ញុំ​ចង់​ឲ្យ​អ្នក​សរសេរ​ប្រាប់ខ្ញុំ​នូវ​ឈ្មោះ​ទាំងអស់ ​ដែល​យើង​មាន​ទំនាក់​ទំនង​ជាមួយ​​ដែល​បាន​ទទួល​មរណ​ភាព​ហើយ រហូត​ដល់​ជីដូន​ជីតា​គ្រប់​ជំនាន់​តាមដែល​អាច​ ។ ខ្ញុំ​មាន​បំណង​ចង់​ធ្វើ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើបាន ដើម្បី​សង្គ្រោះ​មិត្ត​របស់ខ្ញុំ​ ហើយខ្ញុំ​នឹង​រីក​រាយ​យ៉ាងខ្លាំង ប្រសិន​បើអ្នក​ទាំងអស់​គ្នាណា​ម្នាក់​អាច​ជួយ​ខ្ញុំ​សម្រាប់​បុព្វហេតុ​ដ៏អស្ចារ្យ​សម្រាប់​មនុស្ស​ណាម្នាក់ ។ …  ខ្ញុំ​រំពឹង​ថា​ អ្នកប្រាកដ​ជាគិត​ថា ​វាគឺ​ជាគោលលទ្ធិ​ចម្លែក ប៉ុន្តែ​អ្នក​នឹង​ឃើញថា វាគឺជាការពិត » ។

កំណត់​ចំណាំ

  1. សំបុត្ររបស់ ហ្វែប វូឌដ្រុព្វ ទៅកាន់ វិលហ្វូឌ វូឌដ្រុព្វ ថ្ងៃទី ៦ ខែ តុលា ឆ្នាំ ១៨៤០ បណ្ណា​ល័យ​ប្រវត្តិ​សាសនា​ចក្រ​ទីក្រុង​សលត៍ លេក រដ្ឋ​យូថាហ៍; ការប្រកប និង​វណ្ណយុត្តិ​ត្រូវបាន​ធ្វើ​បច្ចុប្បន្នកម្ម ។

  2. វិលហ្វូឌ វូឌដ្រុព្វ « Remarks » Deseret News ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ១៨៥៧ ទំព័រ ៩១; វណ្ណយុត្តិ​ត្រូវបាន​ធ្វើ​បច្ចុប្បន្នកម្ម។

  3. សំបុត្រ​របស់​វីលេត ឃឹមបឹល ទៅកាន់ ហ៊ីបឺ ស៊ី ឃឹមបឹល ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ១៨៤០ បណ្ណាល័យ​ប្រវត្តិ​សាសនាចក្រ ទីក្រុង​សលត៍ លេក; ការប្រកប និង​វណ្ណយុត្តិ​ត្រូវបាន​ធ្វើ​បច្ចុប្បន្នកម្ម ។

  4. សំបុត្រ​របស់​ហ្វែប ឆេស ពុំមាន​កាល​បរិច្ឆេទ បណ្ណាល័យ​ប្រវត្តិ​​សាសនាចក្រ ទីក្រុង​សលត៍ លេក; ការប្រកប និង​វណ្ណយុត្តិ​ត្រូវបាន​ធ្វើ​បច្ចុប្បន្នកម្ម ។ នៅពេល​ដែល​ពួកបរិសុទ្ធ​ចាប់ផ្តើម​ធ្វើ​ពិធីបុណ្យ​ជ្រមុជ​ទឹក​សម្រាប់​មរណជន នៅពេល​ខ្លះ​បុគ្គល​ម្នាក់ៗ​អាច​ធ្វើ​ជំនួស​ឲ្យ​បុព្វការីជន​ទាំងពីរ​ភេទ ។ ក្រោយមក វា​ត្រូវ​​បាន​បើក​សម្តែង​ថា បុរស​គួរ​ជ្រមុជ​ទឹក​ឲ្យ​បុរស ហើយ​ស្រ្តី​គួរ​ជ្រមុជ​ទឹក​ឲ្យ​ស្រ្តី ។

  5. សំបុត្រ​របស់​សាលលី រែនដល ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ១៨៤៤ បណ្ណាល័យ​ប្រវត្តិ​​សាសនាចក្រ ទីក្រុង​សលត៍ លេក; ការ​ប្រកប និង​វណ្ណយុត្តិ​ត្រូវបាន​ធ្វើ​បច្ចុប្បន្នកម្ម ។

អាងជ្រមុជទឹក​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ អូហ្គឌិន ​យូថាហ៍

អាងជ្រមុជទឹក​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ អូហ្គឌិន ​យូថាហ៍ ដាក់នៅពីលើ​ខ្នង​គោ​ឈ្មោល​ទាំង​ដប់ពីរ ។