« ថ្ងៃទី ២២–២៨ ខែ វិច្ឆិកា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥–១៣៦ ៖ « លោក ‹ បានបិទត្រាបេសកកម្មរបស់លោក និងកិច្ចការរបស់លោក ដោយលោហិតរបស់លោកផ្ទាល់ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២២–២៨ ខែ វិច្ឆិកា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥–១៣៦ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២១
ថ្ងៃទី ២២–២៨ ខែ វិច្ឆិកា
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៥–១៣៦
លោក « បានបិទត្រាបេសកកម្មរបស់លោក និងកិច្ចការរបស់លោក ដោយលោហិតរបស់លោកផ្ទាល់ »
នៅពេលអ្នកសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៥–៣៦ ព្រះអម្ចាស់អាចបំផុសគំនិតបងប្អូនជាមួយនឹងការយល់ដឹងដើម្បីជួយបងប្អូនឲ្យអនុវត្តអ្វីដែលបងប្អូនបានអាន ។ នៅពេលមានរឿងនោះកើតឡើង សូមសរសេរពីអ្វីដែលទ្រង់បង្រៀនបងប្អូន ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
នៅរសៀលថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ១៨៤៤ យ៉ូសែប និង ហៃរុម ស្ម៊ីធបានជាប់គុកម្តងទៀតជាមួយ យ៉ូហាន ថេលើរ និងវិលឡឺឌ រិចឺឌ្ស ។ ពួកលោកដឹងថា ពួកលោកគ្មានទោស មិនបានប្រព្រឹត្តបទឧក្រិដ្ឋ ប៉ុន្តែពួកលោកបានប្រគល់ខ្លួនឲ្យគេចាប់ ដោយសង្ឈឹមថានឹងការពារកុំឲ្យមានអំពើហិង្សាប្រឆាំងនឹងពួកបរិសុទ្ធនៅទីក្រុងណៅវូ ។ នេះមិនមែនជាលើកទីមួយទេដែលសត្រូវរបស់សាសនាចក្របានចាប់ព្យាការីយ៉ូសែបដាក់គុក ប៉ុន្តែលើកនេះ លោកហាក់ដូចជាដឹងថាលោកមិនអាចត្រឡប់មកវិញទាំងមានជីវិតទេ ។ លោក និងមិត្តលោកបានព្យាយាមលួងលោមគ្នាទៅវិញទៅមក ដោយការអានចេញពីព្រះគម្ពីរមរមន និងច្រៀងទំនុកតម្កើង ។ ស្នូរកាំភ្លើងបានបន្លឺឡើង ហើយតែប៉ុន្មាននាទីប៉ុណ្ណោះ ជីវិតរមែងស្លាប់របស់យ៉ូសែប ស្ម៊ីធ និងបងប្រុសរបស់លោកហៃរ៉ុមបានបញ្ចប់ ។
ប៉ុន្តែនោះពុំមែនជាទីបញ្ចប់នៃបុព្វហេតុដ៏ទេវភាព ដែលពួកលោកបានឱបក្រសោបនោះឡើយ ។ ហើយវាមិនមែនជាទីបញ្ចប់នៃដំណឹងល្អដែលបានស្តារឡើងវិញនៃព្រះយេស៊ូវគ្រីស្ទនោះទេ ។ នៅមានកិច្ចការជាច្រើនដែលត្រូវធ្វើ ហើយមានវិវរណៈបន្ថែមទៀតដែលនឹងដឹកនាំសាសនាចក្រឲ្យឆ្ពោះទៅមុខ ។ ការសម្លាប់ព្យាការីមិនមែនមានន័យថាសម្លាប់កិច្ចការរបស់ព្រះនោះទេ ។
សូមមើល Saints ១:៥២១–៥២ ។
យោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥; ១៣៦:៣៧–៣៩
យ៉ូសែប និង ហៃរុម ស្ម៊ីធ បានបិទត្រាទីបន្ទាល់របស់ពួកលោកជាមួយនឹងលោហិតរបស់ពួកលោក ។
សូមនឹកស្រមៃមើលថា តើបងប្អូនអាចមានអារម្មណ៍បែបណា ប្រសិនបើកបងប្អូនរស់នៅក្រុងណៅវូ នៅពេលដែលយ៉ូសែប និង ហៃរុម ស្ម៊ីធត្រូវបានគេធ្វើឃាតនោះ ( សូមមើល Saints ១:៥៥៤–៥៥ ) ។ តើអ្នកព្យាយាមយល់ពីព្រឹត្តិការណ៍សោកនាដកម្មនេះដោយរបៀបណា ?គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥ ដែលដើមឡើយត្រូវបានបោះពុម្ពតិចជាងបីខែ បន្ទាប់ពីទុក្ករកម្មប្រហែលជាបានជួយ ។ អ្នកអាចគូសចំណាំពាក្យ និងឃ្លាទាំងឡាយដែលនាំឲ្យអ្នកមានការយល់ដឹង និងមាននូវការអះអាង ។ តើយើងនឹងនិយាយអ្វីខ្លះទៅកាន់មនុស្សម្នាក់ដែលសួរថា « ហេតុផលអ្វីដែលព្រះបណ្តោយឲ្យគេសម្លាប់ព្យាការីរបស់ទ្រង់ ? »
សូមមើលផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ៥:២១–២២ ; ៦:២៩–៣០; « Remembering the Martyrdom » Revelations in Context ទំព័រ ២៩៩–៣០៦; Teachings of Presidents of the Church: Joseph Smith ទំព័រ ៥២២–២៣, ៥២៩–៤០ M. Russell Ballard, « Shall We Not Go On in So Great a Cause? » ។ Ensignឬ Liahonaខែឧសភា ឆ្នាំ២០២០ ទំព័រ៨–១១ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥:៣
យ៉ូសែប ស៊្មីធ បានសម្រេចកិច្ចការជាច្រើនសម្រាប់សេចក្ដីសង្គ្រោះរបស់យើងច្រើនជាងនរណាៗទាំងអស់ លើកលែងតែព្រះយេស៊ូវប៉ុណ្ណោះ ។
សូមគិតអំពីពរជ័យដែលអ្នកទទួលបាន ក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។ តើពរជ័យប៉ុន្មាន ដែលទទួលបានផលពីការសម្រេចបេសកកម្មរបស់ព្យាការី យ៉ូសែប ស្ម៊ីធ ?គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥:៣ រៀបរាប់ពីការណ៍ដ៏អស្ចារ្យដែលយ៉ូសែប ស្ម៊ីធបានសម្រេចបានក្នុងរយៈពេល ២៤ ឆ្នាំចាប់តាំងពី ការនិមិត្តដំបូង ។ តើការណ៍ទាំងនេះមានឥទ្ធិពលលើអ្នក និងទំនាក់ទំនងរបស់អ្នកជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ? សូមពិចារណាកត់ត្រាទីបន្ទាល់របស់អ្នកអំពីព្យាការី យ៉ូសែប ស្ម៊ីធ ។ តើនរណាខ្លះអាចនឹងត្រូវការស្ដាប់ឮទីបន្ទាល់របស់អ្នក ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៦
ព្រះអម្ចាស់បានប្រទានដំបូន្មានសម្រាប់ « ការធ្វើដំណើរ » នៅក្នុងជីវិតរបស់ខ្ញុំ ។
បន្ទាប់ពីបានចាកចេញពីក្រុងណៅវូ ពួកបរិសុទ្ធត្រូវធ្វើដំណើរវែងឆ្ងាយទៅកាន់ជ្រលងភ្នំសលត៍ លេក ហើយការធ្វើដំណើរពីរបីរយគីឡូម៉ែត្រដំបូង គឺយឺត ហើយវេទនាយ៉ាងខ្លាំង ។ ព្រិកហាំ យ៉ង់ ជាអ្នកដែលបានដឹកនាំសាសនាចក្រក្នុងនាមជាប្រធានកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានព្រួយបារម្មណ៍ថា តើពួកបរិសុទ្ធ នៃក្រុមរទេះរុញទាំងមូលអាចរស់រានមានជីវិតបានរបៀបណា ។ លោកបានបង្កើតជាការតាំងលំនៅបណ្តោះអាសន្នមួយ ដែលហៅថា វិនទើរ ខួរទើរ្ស ហើយលោកបានទូលអង្វរសុំសេចក្តីណែនាំ ។ ជាការឆ្លើយតបព្រះអម្ចាស់បានប្រទានវិវរណៈមួយដែលបច្ចុប្បន្ននៅក្នុងកណ្ឌទី ១៣៦ ។ ក្នុងចំណោមរឿងផ្សេងទៀត វិវរណៈនេះបានរំឭកពួកបរិសុទ្ធ « ថាការប្រតិបត្តិក្នុងការធ្វើដំណើរគឺសំខាន់ដូចជាការសម្រេចគោលដៅរបស់ពួកគេដែរ » ហើយ « ជួយផ្លាស់ប្រែដំណើរការធ្វើចំណាកស្រុកឆ្ពោះទៅទិសខាងលិចភាពអកុសលទៅជាបទពិសោធន៍ដ៏សំខាន់ខាងវិញ្ញាណ » ( « This Shall Be Our Covenant » Revelations in Context ទំព័រ ៣០៨ ) ។
សូមចងចាំអត្ថបទនេះក្នុងចិត្ត នៅពេលអ្នកសិក្សា កណ្ឌទី ១៣៦ ។ តើអ្នករកឃើញការប្រឹក្សាអ្វីខ្លះ ដែលអាចជួយអ្នកឲ្យផ្លាស់ប្រែការសាកល្បងដ៏ពិបាកក្នុងជីវិតរបស់អ្នកក្លាយទៅជា « រឿងសំខាន់…ដែលជាបទពិសោធន៍ខាងវិញ្ញាណ » វិញ ? អ្នកក៏អាចសញ្ជឹងគិតពីរបៀបដែលដំបូន្មាននេះអាចជួយអ្នកឲ្យសម្រេចព្រះទ័យរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់អ្នកផ្ទាល់ដូចដែលវាបានជួយពួកបរិសុទ្ធជំនាន់បុរាណក្នុងការធ្វើដំណើរដ៏ពិបាកឆ្ពោះទៅទិសខាងលិចផងដែរ ។
សូមមើលផងដែរ « This Shall Be Our Covenant » Revelations in Context ទំព័រ ៣០៧–១៤; Church History Topics « Succession of Church Leadership » នៅលើគេហទំព័រ ChurchofJesusChrist.org/study/history/topics ។
យោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥:១, ៣ ។ដើម្បីជួយសមាជិកគ្រួសារឲ្យយល់អំពីអត្ថន័យនៃការដែលយ៉ូសែប ស្ម៊ីធ « បានបិទត្រាបេសកកម្មរបស់លោក និងកិច្ចការរបស់លោក ដោយលោហិតរបស់លោកផ្ទាល់ » នោះក្រុមគ្រួសាររបស់អ្នកអាចមើលវីដេអូ « Testimony of the Book of Mormon » ( នៅលើគេហទំព័រ ChurchofJesusChrist.org; សូមមើលផងដែរ ជែហ្វ្រី អ័រ ហូឡិន « Safety for the Soul » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៨៨–៩០ ) ។ តើយើងមានចំណាប់អារម្មណ៍អ្វីខ្លះអំពីខគម្ពីរទាំងនេះ ? តើយើងអាចកាន់តែមានសេចក្តីស្មោះត្រង់ចំពោះទីបន្ទាល់ផ្ទាល់ខ្លួនរបស់យើង ទោះបីជាយើង ត្រូវបានស្នើសុំឲ្យលះបង់ជីវិតរបស់យើងតាមរបៀណា ?
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥:៣ ។ដើម្បីពិភាក្សាអំពីអត្ថន័យនៃសេចក្តីថ្លែងដែលថា យ៉ូសែប ស្ម៊ីធ បានធ្វើ « បានសម្រេចច្រើនជាងគេ លើកលែងតែព្រះយេស៊ូវប៉ុណ្ណោះ សម្រាប់សេចក្ដីសង្គ្រោះដល់មនុស្សក្នុងលោកនេះជាងមនុស្សផ្សេងៗទៀត ដែលធ្លាប់រស់នៅក្នុងលោកនេះ » សូមពិចារណារំឭកឡើងវិញពីអ្វីដែលក្រុមគ្រួសាររបស់បងប្អូនបានរៀនអំពីព្យាការីយ៉ូសែប ស្ម៊ីធ ក្នុងឆ្នាំនេះ ។ អ្នកអាចប្រើរូបភាពចេញពីធនធាននេះ ដើម្បីជួយពួកគេឲ្យចងចាំអ្វីដែលពួកគេបានរៀន និងអញ្ជើញពួកគេឲ្យចែកចាយដំណើររឿង ឬការបង្រៀនដែលពួកគេពេញចិត្ត ។ ហេតុអ្វីយើងមានអំណរគុណចំពោះព្យាការី យ៉ូសែប ស៊្មីធ និងអ្វីដែលព្រះអម្ចាស់សម្រេចបានតាមរយៈរូបលោក ? អ្នកក៏អាចមើលវីដេអូ « Joseph Smith: The Prophet of the Restoration » ផងដែរ ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៦ ។នៅពេលព្រះអម្ចាស់បានបើកសម្តែង កណ្ឌទី ១៣៦ ពួកបរិសុទ្ធបានមានដំណើរវែងឆ្ងាយ ដ៏ពិបាកនៅខាងមុខពួកគេ ក្រោមការដឹកនាំរបស់ព្រិកហាំ យ៉ង់ ( សូមមើល ជំពូកទី ៥៨, ៦០ និង ៦២ នៅក្នុង ដំណើររឿងគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញា ទំព័រ ២០៦–៨, ២១១–១៦, ២២២–២៤ ) ។ នៅពេលអ្នកអាន កណ្ឌទី ១៣៦ ជាមួយគ្នាសូមគិតអំពីការលំបាកដែលអ្នក និងគ្រួសារអ្នកអាចត្រូវប្រឈមមុខ ។ តើការប្រឹក្សាអ្វីខ្លះដែលយើងរកឃើញនៅក្នុង វិវរណៈនេះ ដែលអាចជួយយើងឲ្យមានលទ្ធភាពទទួលបានជំនួយ និងព្រះចេស្តាររបស់ព្រះអម្ចាស់ ?
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៦:៤ ។តើការ « ដើរតាមរបៀបទាំងអស់នៃព្រះអម្ចាស់ » មានន័យដូចម្ដេច ? តើពិធីបរិសុទ្ធទាំងឡាយដែលយើងបានទទួល មានឥទ្ធិពលយ៉ាងណាក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង ?
សម្រាប់គំនិតបន្ថែមពីការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនប្រចាំសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ចម្រៀងដែលបានផ្តល់យោបល់ ៖ « សរសើរដល់លោក » ទំនុកតម្កើងល.រ ១៦ ។