គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃ​ទី ៨–១៤ ខែ វិច្ឆិកា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៩–១៣២ ៖ « កាលណា​យើង​បាន​ព្រះ​ពរ​ណា​មួយ​ពី​ព្រះ នោះ​គឺ​ដោយ​សារ​ការគោរព »


« ថ្ងៃ​ទី ៨–១៤ ខែ វិច្ឆិកា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៩–១៣២ ៖ ‹ កាលណា​យើង​បាន​ព្រះ​ពរ​ណា​មួយ​ពី​ព្រះ នោះ​គឺ​ដោយ​សារ​ការ​គោរព › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃ​ទី ៨–១៤ ខែ វិច្ឆិកា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៩–១៣២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២១

យ៉ូសែប ស៊្មីធ​កំពុង​បង្រៀន​នៅ​ទីក្រុង​ណៅវូ

យ៉ូសែប ស្ម៊ីធ នៅ​ទីក្រុង​ណៅវូ ឆ្នាំ ១៨៤០ ដោយ សៀឌ័រ ហ្គ័កា

ថ្ងៃ​ទី ៨–១៤ ខែ វិច្ឆិកា

គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៩–១៣២

« កាលណា​យើង​បាន​ព្រះ​ពរ​ណា​មួយ​ពី​ព្រះ នោះ​គឺ​ដោយ​សារ​ការ​គោរព »

កណ្ឌ​ទី ១២៩–៣២​បង្រៀន​គោលការណ៍​ដ៏​​មានតម្លៃ​ជាច្រើន ប៉ុន្តែ​មាន​តែ​គោលការណ៍​ពីរបី​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​បង្ហាញ​នៅក្នុង​គម្រោង​នេះ ។ តើ​អ្នក​រកឃើញ​សេចក្ដីពិត​អ្វី​ផ្សេងទៀត ?

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

មាន​គ្រាមួយ​ព្រិកហាំ យ៉ង់ បាន​មាន​ប្រសាសន៍​អំពី យ៉ូសែប ស៊្មីធ​ថា « លោក​អាច​ធ្វើឲ្យ​ការណ៍​នៃស្ថាន​សួគ៌​ងាយ​យល់បាន » ( នៅក្នុង Teachings of Presidents of the Church: Joseph Smith ទំព័រ ៤៩៩–៥០០ ) ។ ការ​បង្រៀន​របស់​ព្យាការី​នៅទីក្រុង​ណៅវូ​​ហាក់​ជា​សេចក្តី​ពិត​ជាពិសេស​នៅ​ក្នុង​ឆ្នាំ ១៨៤០ ដែល​ការណ៍​នេះ​មួយចំនួន​ត្រូវ​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង ​សេចក្ដីសញ្ញា ១២៩–៣២ ។ តើ​ព្រះអង្គ​សង្គ្រោះ​មាន​លក្ខណៈ​បែប​ណា ? « ទ្រង់​មាន​រូបរាង​ជា​មនុស្ស​ដូចយើង​ដែរ » ។ តើ​ស្ថានសួគ៌​មាន​លក្ខណៈ​ដូចម្ដេច ? « ពួកយើង​នៅទីនេះ​យ៉ាងណា នោះ​ក៏​នឹងមាន នៅក្នុង​ចំណោម​យើង​នៅទីនោះ​យ៉ាងនោះ​ដែរ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣០:១–២ ) ហើយ​​ទំនាក់ទំនង​ក្រុម​គ្រួសារ​​ជា​ទីស្រឡាញ់​ជាងគេ​បំផុត​​របស់​យើង​ក្នុង​ពិភព​លោកនេះ ប្រសិន​បើបាន​ផ្សារភ្ជាប់​ដោយ​សិទ្ធិអំណាច​ត្រឹមត្រូវ « នឹង​មាន​ប្រសិទ្ធ​ភាព​ពេញ​លេញ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:១៩ ) ។ សេចក្តី​ពិត​ដូច្នេះ​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា ស្ថានសួគ៌​នៅ​ជិត — ជាសិរី​រុងរឿង​ ដែល​​អាច​ឈោង​ដល់ ។

ប៉ុន្តែ​នៅពេលខ្លះ​ព្រះអាច​សុំ​យើង​ឲ្យធ្វើ​ការណ៍ ដែល​មិន​សូវ​ស្រណុក​ក្នុង​ចិត្ត ដែលវា​ហាក់​បី​ដូច​ជា​មិន​អាច​ធ្វើបាន ។ សម្រាប់​ពួក​បរិសុទ្ធ​ជាច្រើន​នៅជំនាន់​មុន អាពាហ៍​ពិពាហ៍​ពហុ​ពន្ធ​ភាព​គឺជា​បញ្ញត្តិមួយ​ដែល​ពិបាក ។ បទ​បញ្ញតិ្ត​ឲ្យ​រៀប​ការ​ជាមួយ​ភរិយា​បន្ថែម​គឺជា​ការ​សាកល្បង​នៃ​សេចក្តី​ជំនឿ​របស់​យ៉ូសែប ស្ម៊ីធ និង​ភរិយា​របស់​លោក អិមម៉ា និង​សម្រាប់​មនុស្ស​ភាគច្រើន​ដែល​បាន​ទទួល​វា ។ ដើម្បី​ឆ្លងកាត់​ការសាកល្បង​នេះ ពួកគេ​ត្រូវ​ការ​លើស​ពី​អារម្មណ៍​​គាំទ្រ​អំពី​ដំណឹងល្អ​ដែល​បាន​ស្តារឡើង​វិញ ពួកគេ​ត្រូវ​ការសេចក្តី​ជំនឿ​លើព្រះ ដែល​រឹងមាំ​ជាង​បំណង​ប្រាថ្នា ឬ​ការជាប់​​ចិត្ត​ផ្ទាល់ខ្លួន ។ បច្ចុប្បន្ន​បទ​បញ្ញតិ​នេះ​មិនត្រូវ​បាន​អនុវត្ត​ទេ ប៉ុន្ដែ​គំរូ​ដ៏​ស្មោះ​ត្រង់​របស់​មនុស្ស​ដែល​រស់នៅតាម​នោះ​នៅតែ​បន្ត ។ ហើយ​គំរូនោះ​បាន​បំផុស​គំនិត​ដល់​យើង នៅពេល​ដែល​យើង​ត្រូវ​បាន​ស្នើសុំ​ឲ្យ ​« បូជា​​ចំពោះ​ការគោរព​តាម » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:៥០ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

យោបល់ផ្សេងៗ​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣០–៣១

យ៉ូសែប ស្ម៊ីធ​បាន​បើក​សម្តែង​សេចក្តី​ពិត​អំពី​​ក្រុមព្រះ​ និង « ពិភព​ខាងមុខ » ។

បងប្អូន​អាច​កត់សម្គាល់​ឃើញថា កណ្ឌ​ទី ១៣០–៣១មានការ​ខុស​ប្លែក​បន្តិច​ពី​កណ្ឌ​ដទៃ​ទៀត​ក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ។ ដោយសារ កណ្ឌ​ទី ១៣០–៣១ ផ្អែក​ទៅ​លើ​កំណត់​ចំណាំ​ដែល វីល្លាម ក្លេតុន ជា លេខាម្នាក់​របស់​យ៉ូសែប ស្ម៊ីធ​​បាន​រក្សា​អ្វីៗ​ដែល​គាត់​បាន​ឮ​ព្យាការី​បង្រៀន ។ ជាលទ្ធិផល​ កណ្ឌ​ទាំងនេះ​ប្រៀប​បាន​នឹង​ការ​ប្រមូល​ផ្តុំ​សេចក្តី​ពិត​ជា​ជាង​វិវរណៈ​ដែល​ពាក់ព័ន្ធ​គ្នា​ និង​បាន​ចង្អុល​បង្ហាញ​មក ។ ទោះ​ជាយ៉ាងណា ក៏​មាន​គំនិត​រួម​មួយ​ចំនួន​នៅក្នុង​ចំណោម​សេចក្តី​ពិត​ទាំងនេះ​ផងដែរ ។ ឧទាហរណ៍ បងប្អូន​អាច​អាន កណ្ឌ​ទី ១៣០–១៣១ ជាមួយ​នឹង​សំណួរ​ទាំងនេះ​នៅក្នុង​ចិត្ត ៖ តើ​ខ្ញុំ​បានរៀន​អ្វី​ខ្លះ​អំពី​ព្រះ ? តើ​ខ្ញុំ​បាន​រៀន​អ្វីខ្លះ​អំពី​ជីវិត​បន្ទាប់​ពី​ជីវិត​រមែង​ស្លាប់នេះ ? តើ​ចំណេះ​ដឹង​នេះ​មាន​ឥទ្ធិពល​លើ​ជីវិត​ខ្ញុំ​ដោយ​របៀបណា ?

សូមមើល​ផងដែរ « Our Hearts Rejoiced to Hear Him Speak » Revelations in Context ទំព័រ ២៧៧–៨០ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣១:១–៤; ១៣២:៧, ១៣–២៥

ព្រះវរ​បិតាសួគ៌​អាច​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​អាច​រួម​រស់​នឹង​គ្នា​ជា​និរន្តរ៍ ។

សេចក្តី​ពិត​ដែល​មាន​ការលួង​លោម​ចិត្ត​ច្រើន​ជាងគេ​បំផុត​មួយ ដែល​បាន​ស្តារ​ឡើងវិញ​តាមរយៈ​ព្យាការី​យ៉ូសែប ស្ម៊ីធ​នោះ​គឺ​ថា ទំនាក់​ទំនង​អាពាហ៍ពិពាហ៍ និង​ក្រុមគ្រួសារ​អាច​មាន​ជា​ដរាប​តទៅ ។ តាម​រយៈ​យ៉ូសែប ស្ម៊ីធ​ ព្រះអម្ចាស់​បាន​ស្តារ​ពិធីបរិសុទ្ធ ​និង​សិទ្ធអំណាច​ដែល​ចាំបាច់​ឡើង​វិញ ដើម្បី​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ទាំងនេះ​អស់កល្ប​ជានិច្ច ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:៧, ១៨–១៩ ) ។ សូម​គិត​អំពី​ទំនាក់​ទំនង​គ្រួសារ​ ឬ​សេច​ក្តី​សង្ឃឹម​នាពេល​អនាគត​ដែលបងប្អូន​មាន​ កាល​បងប្អូន​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១:១–៤១៣២:៧, ១៣–១៥ ។ តើ​ខគម្ពីរ​ទាំងនេះ​ជះ​ឥទ្ធិពល​មក​លើ​របៀប​ដែល​បងប្អូន​គិត​អំពី​ទំនាក់​ទំនង​ទាំង​នេះ​ដោយ​របៀបណា ?

ទោះ​យ៉ាង​ណាក្តី ​នៅពេល​ខ្លះ​គោលការណ៍​នៃ​ក្រុម​គ្រួសារ​ដ៏អស់កល្ប​មិន​សូវ​មាន​ការ​លួង​លោម​ចិត្ត​ប៉ុន្មាន​ទេ — វាអាច​ធ្វើ​ឲ្យ​ថប់បារម្ភ​ ហើយ​ថែម​ទាំង​ជាការ​ក្រៀមក្រំ​នៅពេល​ស្ថានភាព​គ្រួសារ​បច្ចុប្បន្ន​របស់យើង​មិន​ស័ក្តិសម​នឹង​គំរូ​នៃ​នគរ​សេឡេស្ទាល ។ នៅពេល​ប្រធាន ហិនរី ប៊ី អាវរិង​មានការ​ព្រួយ​បារម្មណ៍​អំពីស្ថាន​ភាព​បែបនេះ ​នៅក្នុង​ក្រុម​គ្រួសារ​របស់​លោក​ផ្ទាល់ លោក​ទទួល​បាន​ដំបូន្មាន​ដ៏ឈ្លាស​វៃ​នេះ​ពីសមាជិក​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​ថា ៖ « អ្នកគ្រាន់​តែរស់​នៅ​ឲ្យមាន​ភាព​ស័ក្តិសម​សម្រាប់​នគរ សេឡេ​ស្ទាល​ប៉ុណ្ណោះ ហើយ​ការរៀបចំ​​សម្រាប់​ក្រុមគ្រួសារ​របស់​អ្នក​នឹង​អស្ចារ្យ​ជាង​អ្វី​ដែល​អ្នក​អាច​គិតដល់ » ( នៅក្នុង « A Home Where the Spirit of the Lord Dwells » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ២៥ ) ។ តើ​ការ​ធ្វើតាម​ដំបូន្មាន​នេះ​អាច​ផ្ដល់​​ពរជ័យ​ដល់​បងប្អូន​នៅក្នុង​ស្ថាន​ភាព​គ្រួសារ​បច្ចុប្បន្ន​របស់​​បងប្អូន​ដោយ​របៀបណា ?

សូមមើល​ផងដែរ គ្រីស្ទិន អិម អូកស៍ « To the Singles of the Church » ( ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវមជ្ឈិមវ័យ​នៃ​ប្រព័ន្ធ​អប់រំ​សាសនាចក្រ នៅ​ថ្ងៃ​ទី ១១ ខែ កញ្ញា ឆ្នាំ ២០១១ ) នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org ។

បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​នៅ​ខាង​ក្រៅ​ព្រះវិហារ​បរិសុទ្ធ អាក្រា ហ្គាណា

ទំនាក់​ទំនង​គ្រួសារ​អាច​ក្លាយ​ជា​អស់​កល្ប​ជានិច្ច​តាមរយៈ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:១–២, ២៩–៤០

អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ត្រូវបាន​ព្រះ​ទទួល​យក​តែ​នៅពេល​ដែល​ទ្រង់​បង្គាប់​ប៉ុណ្ណោះ ។

អស់​អ្នក​ដែលបាន​អាន​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ប្រហែល​ជាងឿង​ឆ្ងល់អំពី​អ័ប្រាហាំ យ៉ាកុប​ ម៉ូសេ និង​អ្នកផ្សេងៗ​ដែល​បាន​រៀប​ការ​ជាមួយ​ប្រពន្ធ​ច្រើន​នាក់ ។ តើបុរស​ទាំងនេះ​បាន​ប្រព្រឹត្ត​អំពើ​កំផិត​ដែរ​ទេ ? តើ​ព្រះ​បាន​អនុម័ត​ចំពោះ​ទង្វើ​របស់​ពួកគេ​ឬទេ ? សូមរក​មើល​ចម្លើយ​នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:១–២, ២៩–៤០ ។

អាពាហ៍ពិពាហ៍​រវាង​បុរសម្នាក់ និង​ស្ត្រី​ម្នាក់​គឺជា​បទដ្ឋានអាពាហ៍​ពិពាហ៍​របស់​ព្រះ ( សូមមើល ក្បាល​កណ្ឌ សេចក្តី​ប្រកាស​ជា​ផ្លូវការ​ទី ១សូមមើល​ផងដែរ យ៉ាកុប ២:២៧–៣០  ) ។ ទោះ​ជាយ៉ាងណា ក៏មាន​ពេល​ខ្លះ​នៅក្នុង​ប្រវត្តិ​សាស្រ្ត ​នៅពេល​ដែល​ព្រះ​បាន​តា្រស់​បង្គាប់​បុត្រា​បុត្រី​​របស់​ទ្រង់​ឲ្យ​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ។

នៅ​អំឡុងពេល​ដំបូង​នៃ​ការ​ស្ដារ​សាសនាចក្រ​ឡើង​វិញ អំឡុង​ពេល​នោះគឺជា​ករណី​លើកលែង ។ បន្ទាប់ពី​បាន​ទទួល​ការបង្គាប់​យ៉ូសែប ស្ម៊ីធ និង​ពួកបរិសុទ្ធ​ផេ្សង​ទៀត​បាន​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព​នេះ ។ ប្រសិន​បើអ្នក​ចង់​រៀន​បន្ថែម​អំពី​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជំនាន់​មុន សូមមើល « Mercy Thompson and the Revelation on Marriage » ( Revelations in Context, ទំព័រ ២៨១–៩៣ ); Saints ១:២៩០–៩២, ៤៣២–៣៥, ៤៨២–៩២, ៥០២–៤; « Plural Marriage in The Church of Jesus Christ of Latter-day Saints » ( Gospel Topics នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ) « ហេតុ​អ្វី​បាន​ជាវា​ចាំបាច់​សម្រាប់ យ៉ូសែប ស្ម៊ីធ និង​អ្នក​ផ្សេង​ទៀត​ត្រូវ​អនុវត្ត​ពហុពន្ធភាព ? » ( វីដេអូ​នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

គោលលទ្ធិ និង​ សេចក្ដី​សញ្ញា ១៣០:២, ១៨–១៩; ១៣២:១៣, ១៩ ។តើ​អ្នក​អាច​ប្រើ​ខគម្ពីរ​ទាំងនេះ​ដើម្បី​ជួយ​ក្រុមគ្រួសារ​របស់​អ្នក​ឲ្យដាក់​អាទិភាព​ទៅលើ​អ្វី​ដែល​នៅ​អស់កល្ប​ជានិច្ច​ដោយ​របៀប​ណា ? ប្រហែល​ជា​អ្នក​អាច​រៀប​ឥវ៉ាន់​ដាក់​វ៉ាលី ឬ​កាបូប​ស្ពាយ​ជាមួយ​របស់​របប​ផ្សេងៗ​យោង​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:២, ១៨–១៩; ១៣២:១៩ ដែល​យើង​អាច​យក​ទៅ​ជាមួយ​នៅជីវិត​ក្រោយ​ដូចជា​រូបថត​ក្រុមគ្រួសារ​ ឬ​ព្រះគម្ពីរ ។ តើ គោលលទ្ធិ និង ​សេចក្ដី​សញ្ញា ១៣២:១៣ បង្រៀន​យើង​អ្វី​ខ្លះ​អំពី​លោកិយ​នេះ ? ការណ៍​នេះ​អាច​ដឹកនាំ​ឲ្យ​មាន​ការ​ពិភាក្សា​មួយ​អំពី​ការផ្តោត​ទៅលើអ្វី ដែល​មានន័យ​បំផុត​សម្រាប់​ភាព​អស់កល្ប​ជានិច្ច ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣០:២០–២១ ។អ្នក​អាច​ច្រៀង​ចម្រៀង​អំពី​គារវភាព ដូចជា​បទ « ចូរ​រាប់​ព្រះពរ » ( ទំនុក​តម្កើង ល.រ ១៦៤ ) ហើយ​ធ្វើបញ្ជីមួយ អំពី​ពរជ័យ​ដែល​គ្រួសារ​របស់​អ្នក​បានទទួល តាមរយៈ​ការគោរព​តាម​ក្រឹត្យវិន័យ​របស់ព្រះ ។ តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​យើង​សង្ឈឹម​ថានឹង​ទទួល​បាន ? តើ​យើង​អាច​ទទួល​បាន​ពរជ័យ​ទាំងនោះ​ដោយ​របៀប​ណា ?

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣១:១–៤; ១៣២:១៥–១៩ ។វីដេអូ « Marriage Is Sacred » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) អាច​ជួយ​ក្រុមគ្រួសារ​អ្នកឲ្យ​​ពិភាក្សា​អំពី​សេចក្តី​ពិត​នៅក្នុង​​ខគម្ពីរ​ទាំងនេះ​បាន ។ តើ​ព្រះអម្ចាស់​មាន​ព្រះទ័យ​យ៉ាង​ណា​ចំពោះ​អាពាហ៍​ពិពាហ៍ ? តើយើង​—​មិន​ថា​បាន​រៀបការ​ហើយ ឬ នៅលីវ​នោះ​ទេ—​ត្រូវ​​រៀបចំខ្លួន​សម្រាប់​អាពាហ៍ពិពាហ៍​អស់កល្បជានិច្ច​ដោយ​របៀប​ណា ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍​នេះនៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​ដែល​បាន​ផ្តល់​យោបល់ ៖ « ក្រុម​គ្រួសារ​អាច​នៅ​ជាមួយ​គ្នា​ជា​និរន្តរ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩៨ ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

ស្វែង​រក​សេចក្ដីពិត​នៃ​ដំណឹងល្អ ។ ពេល​ខ្លះ​សេចក្ដីពិត​នៃ​ដំណឹង​ល្អ​ត្រូវ​បាន​ថ្លែង​ចំៗ ហើយពេល​ខ្លះ​ទៀត វា​ត្រូវ​បាន​បរិយាយ​តាម​រយៈ​ឧទាហរណ៍ ឬ​រឿង​មួយ ។ នៅ​ពេល​អ្នក​អាន សូម​សួរ​ខ្លួន​ឯង​ថា « តើ​សេចក្តី​ពិត​ដ៏អស់កល្ប​ជានិច្ច​អ្វីខ្លះ​ដែល​បាន​បង្រៀន​នៅក្នុង​បទគម្ពីរ​ទាំង​នេះ ? »

បន្ទប់​ផ្សារភ្ជាប់នៅក្នុង​​ព្រះវិហារ​បរិសុទ្ធ​ប៉ារីស ​បារាំង

បន្ទប់​ផ្សារភ្ជាប់​មួយ​នៅក្នុង ព្រះវិហារ​បរិសុទ្ធ​ប៉ារីស ​បារាំង ។