« ថ្ងៃទី ២៥–៣១ ខែ តុលា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤ ៖ ‹ ដំណាក់មួយឡើងដល់ព្រះនាមរបស់យើង › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ (ឆ្នាំ ២០២០ )
« ថ្ងៃទី ២៥–៣១ ខែ តុលា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២១
ថ្ងៃទី ២៥–៣១ ខែ តុលា
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤
« ដំណាក់មួយឡើងដល់ព្រះនាមរបស់យើង »
នៅពេលបងប្អូនអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤សូមពិចារណាអំពីពរជ័យដែលព្រះអម្ចាស់ អញ្ជើញពួកបរិសុទ្ធនៅក្នុងក្រុងណៅវូ ឲ្យទទួលពរជ័យដែលទ្រង់ប្រទានដល់ពួកគេ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ក្រោយពួកបរិសុទ្ធជួបការលំបាកអស់រយៈពេលប្រាំមួយឆ្នាំចុងក្រោយ អ្វីៗចាប់ផ្តើមប្រសើរឡើងវិញនានិទាឃរដូវឆ្នាំ ១៨៣៩ ៖ ជនភាសខ្លួនពួកបរិសុទ្ធបានទទួលក្តីមេត្តាពីប្រជាពលរដ្ឋក្រុងឃ្វីនស៊ី រដ្ឋអិលលីណោយ ។ ពួកឆ្មាំបានអនុញ្ញាតឲ្យព្យាការី យ៉ូសែប ស្ម៉ីធ និងថ្នាក់ដឹកនាំសាសនាចក្រដទៃទៀតរត់គេចពីការចាប់ជាឈ្លើយក្នុង រដ្ឋមិសសួរី ។ ហើយសាសនាចក្រទើបតែបានទិញដី នៅរដ្ឋអិលលីណោយ ជាកន្លែងដែលពួកបរិសុទ្ធអាចប្រមូលផ្តុំគ្នាជាថ្មី ។ មែនហើយវាជាដីល្បាប់មានមូសច្រើន ប៉ុន្តែបើប្រៀបធៀបទៅនឹងអ្វីដែលពួកបរិសុទ្ធបានជួបកន្លងមក គឺវាមិនមែនជាបញ្ហានោះទេ ។ ដូច្នេះពួកគេបានបង្ហូរទឹកភក់ល្បាប់ចេញ ភ្ជួររាស់បង្កើតជាទីក្រុងថ្មីមួយ ដែលពួកគេហៅថាទីក្រុងណៅវូ ។ នៅក្នុងភាសាហេព្រើរ មានន័យថា « ស្រស់ស្អាត » ប៉ុន្ដែពីដំបូងវាគឺជាការបង្ហាញនូវអារម្មណ៍នៃសេចក្តីជំនឿ ជាជាងការពិពណ៌នាមួយដ៏ត្រឹមត្រូវ ។ ក្នុងគ្រានោះដែរ ព្រះអម្ចាស់បានប្រទានពរខាងវិញ្ញាណនៃភាពបន្ទាន់ដល់ព្យាការីរបស់ទ្រង់ ។ ទ្រង់មានសេចក្តីពិត និងពិធីបរិសុទ្ធបន្ថែមទៀតដែលត្រូវស្តារឡើងវិញ ហើយទ្រង់ត្រូវការព្រះវិហារបរិសុទ្ធមួយដើម្បីធ្វើជាកន្លែងដែលពួកបរិសុទ្ធអាចទទួលវាបាន ។ តាមរបៀបជាច្រើន អារម្មណ៍ដដែលអំពីសេចក្តីជំនឿ និងភាពបន្ទាន់គឺសំខាន់ខ្លាំងណាស់ក្នុងកិច្ចការរបស់ព្រះអម្ចាស់នាពេលបច្ចុប្បន្ននេះ ។
ខណៈពេលដែលទីក្រុងណៅវូក្លាយជាទីក្រុងដ៏ស្រស់ស្អាតមួយ ជាមួយនិងព្រះវិហារបរិសុទ្ធដ៏ស្រស់ស្អាត ប៉ុន្តែនៅទីបំផុតវាត្រូវបានបោះបង់ចោលទាំងពីរ ។ ប៉ុន្តែកិច្ចការដ៏ស្រស់ស្អាតរបស់ព្រះអម្ចាស់ និងអ្វីៗទាំងអស់នេះ គឺដើម្បី « បំពាក់កិត្តិយស អមតភាព និង ជីវិតដ៏នៅអស់កល្បជានិច្ច » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:៥៥ ) ហើយកិច្ចការនោះគឺគ្មានទីបញ្ចប់ឡើយ ។
សូមមើល Saints ១:៣៩៩–៤២៧; « Organizing the Church in Nauvoo » Revelations in Context ទំព័រ ២៦៤–២៧១ ។
យោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:១២–២១
ខ្ញុំអាចធ្វើជាសិស្សម្នាក់ដែលព្រះអម្ចាស់ទុកព្រះទ័យបាន ។
ទោះជាមានថ្នាក់ដឹកនាំលេចធ្លោមួយចំនួនបានចាកចេញពីសាសនាចក្រនៅចុងទសវត្សរ៍ឆ្នាំ ១៨៣០ ប៉ុន្តែក៏នៅតែមានសមាជិកភាគច្រើន នៅបន្តស្មោះត្រង់ ។ ពួកបរិសុទ្ធស្មោះត្រង់ទាំងនោះរួមមាន អស់អ្នកដែលបានស៊ូទ្រាំនឹងការសាកល្បងនៅរដ្ឋមីសសួរី ក៏ដូចជាអ្នកដែលទើបតែចូលរួមក្នុងសាសនាចក្រថ្មីៗ ។ នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:១២–២១ ព្រះអម្ចាស់បានមានបន្ទូលសរសើរពួកគេពីរបីនាក់ ។ តើបងប្អូនរកឃើញគំនិតយោបល់អ្វីខ្លះអំពីភាពជាសិស្សនៅក្នុងព្រះបន្ទូលរបស់ទ្រង់ ? តើការណ៍ណាខ្លះអំពីពួកបរិសុទ្ធទាំងនេះដែលបំផុសគំនិតបងប្អូនឲ្យកាន់តែចង់ប្រែក្លាយដូចជាពួកគេ ? អ្នកក៏អាចសញ្ជឹងគិតពីរបៀប ដែលព្រះអម្ចាស់បង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះបងប្អូន ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:២២–២៤, ៦០–៦១
ព្រះអម្ចាស់សព្វព្រះទ័យឲ្យខ្ញុំស្វាគមន៍ និងទទួលយកមនុស្សដទៃ ។
សូមពិចារណាអំពីអ្វីដែលពួកបរិសុទ្ធទើបតែរងទុក្ខនៅរដ្ឋមិសសួរី ពួកគេប្រហែលជាត្រូវល្បួងឲ្យនៅតែឯង ហើយមិនទទួលអ្នកទេសចរណ៍មកពីក្រុងណៅវូ ។ សូមសញ្ជឹងគិតពីការណ៍នេះ កាលបងប្អូនអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:២២–២៤, ៦០–៦១ ។ តើបងប្អូនមានចំណាប់អារម្មណ៍អ្វីខ្លះ អំពីការណែនាំរបស់ព្រះអម្ចាស់ឲ្យសាងសង់ « គេហដ្ឋានដែលពួកអ្នកមកពីចម្ងាយអាចមកស្នាក់នៅ » ? ( ខទី ២៣ ) ។ តើព្រះបន្ទូលរបស់ទ្រង់បានបង្រៀនបងប្អូនអំពីបេសកម្មនៃសាសនាចក្ររបស់ទ្រង់អ្វីខ្លះ ? សូមពិចារណាពីរបៀបដែលការណែនាំនេះអាចអនុវត្តចំពោះបងប្អូន និងគេហដ្ឋានរបស់បងប្អូន។
សូមមើលផងដែរ វីដេអូ « A Friend to All » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:២៥–៤៥, ៥៥
ព្រះអម្ចាស់ត្រាស់បង្គាប់យើងឲ្យសាងសង់ព្រះវិហារបរិសុទ្ធ ដើម្បីយើងអាចទទួលពិធីបរិសុទ្ធដ៏ពិសិដ្ឋ ។
វាពិតជាមកដោយគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេចំពោះពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅពេលពួកគេបានតាំងលំនៅនៅក្រុងណៅវូ នោះព្រះអម្ចាស់ណែនាំពួកគេអំពីការសាងសង់ព្រះវិហារបរិសុទ្ធ—គឺដូចជាអ្វីដែលទ្រង់បានធ្វើនៅរដ្ឋអូហៃអូ និងមិសសួរីផងដែរ ។ តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:២៥–៤៥, ៥៥ ដែលជួយបងប្អូនឲ្យយល់ពីមូលហេតុដែលព្រះអម្ចាស់មានបន្ទូលថា « រាស្រ្តយើងត្រូវបានបញ្ជារហូត ឲ្យស្ថាបនា [ ព្រះវិហារបរិសុទ្ធ ] ដល់ព្រះនាមដ៏បរិសុទ្ធរបស់យើង » ? ( ខទី ៣៩ ) ។
ចាប់តាំងពីព្រះវិហារបរិសុទ្ធណៅវូបានសាងសង់មក មានព្រះវិហារបរិសុទ្ធជាង ២០០ កន្លែងទៀតក៏ត្រូវបានសាងសង់ ឬបានប្រកាសសាងសង់ ។ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « យើងដឹងថាពេលវេលារបស់យើងនៅក្នុងព្រះវិហារបរិសុទ្ធគឺសំខាន់ណាស់ចំពោះសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងរបស់យើង និងក្រុមគ្រួសាររបស់យើង ។… ការវាយប្រហាររបស់មារសត្រូវកំពុងតែមានភាពខ្លាំងឡើងៗយ៉ាងក្លៀវក្លា និងមានគ្រប់មធ្យោបាយ ។ តម្រូវការរបស់យើងដើម្បីនៅក្នុងព្រះវិហារបរិសុទ្ធជាប្រចាំ គឺចាំបាច់នៅក្នុងពេលនេះជាងពេលណាៗទាំងអស់ » ( « ការក្លាយជាពួកបរិសុទ្ធថ្ងៃចុងក្រោយគំរូ» Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១១៤ ) ។ តើព្រះវិហារបរិសុទ្ធជួយបងប្អូនឲ្យទប់ទល់នឹង « ការវាយលុកពីសត្រូវ » យ៉ាងដូចម្ដេច ? តើអ្នកទទួលអារម្មណ៍អ្វីខ្លះ ដើម្បីធ្វើតាមដំបូន្មានប្រធានណិលសុន ?
សូមមើលផងដែរ Church History Topics « Nauvoo Temple » នៅលើគេហទំព័រ ChurchofJesusChrist.org/study/church-history ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:៨៤–១១៨
ព្រះអម្ចាស់មានព្រះរាជបំណងប្រទានដំបូន្មានជាក់លាក់សម្រាប់ជីវិតរបស់ខ្ញុំ ។
ខទី ៨៤–១១៨ ពោរពេញដោយដំបូន្មានជាក់លាក់សម្រាប់បុគ្គលម្នាក់ៗ ហើយដំបូន្មានមួយចំនួនមើលទៅប្រហែលជាមិនទាក់ទងនឹងជីវិតរបស់បងប្អូនទេ ។ ប៉ុន្តែបងប្អូនក៏អាចរកឃើញអ្វីមួយដែលបងប្អូនត្រូវការឮផងដែរ ។ សូមពិចារណាទូលសួរព្រះអម្ចាស់អំពីសារអ្វីដែលទ្រង់មានសម្រាប់បងប្អូននៅក្នុងខគម្ពីរទាំងនេះ ហើយស្វែងរកការណែនាំពីព្រះវិញ្ញាណ ដើម្បីស្វែងរកវា ។ បន្ទាប់មក សូមសម្រេចអំពីអ្វីដែលអ្នកនឹងធ្វើតាម ។ ឧទាហរណ៍ តើការកាន់តែរាបសាជួយបងប្អូនឲ្យទទួលព្រះវិញ្ញាណរដោយបៀបណា ? ( សូមមើល ខទី ៩៧ ) ។
បងប្អូនក៏អាចពិចារណាដំបូន្មានផ្សេងទៀត ដែលព្រះអម្ចាស់ប្រទានដល់បងប្អូនផងដែរ ។ តើបងប្អូនធ្វើសកម្មភាពតាមដំបូន្មាននោះដោយរបៀបណា ?
យោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:២–១១ ។ប្រសិនបើព្រះអម្ចាស់ប្រាប់គ្រួសារបងប្អូនឲ្យ « ប្រកាសដ៏ម៉ឺងម៉ាត់ ប្រាប់អំពីដំណឹងល្អ » ទៅកាន់ « មហាក្សត្រនៃពិភពលោក » ( ខទី ២–៣ ) តើការប្រកាសរបស់បងប្អូននឹងនិយាយអំពីអ្វី ? សូមពិចារណាបង្កើតការប្រកាសមួយជាមួយគ្នា ហើយអញ្ជើញសមាជិកគ្រួសារបងប្អូនឲ្យពិភាក្សាអំពីសេចក្តីពិតនៃដំណឹងល្អ ដែលពួកគេចង់ដាក់បញ្ចូល ។
-
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:១៥ ។តើការមានសេចក្តីទៀងត្រង់មានន័យដូចម្តេច ? ហេតុអ្វីព្រះអម្ចាស់ឲ្យតម្លៃលើសេចក្តីទៀងត្រង់ ? តើគំរូនៃសេចក្តីទៀងត្រង់ណាខ្លះ ដែលក្រុមគ្រួសារបងប្អូនធ្លាប់ឃើញ ? ( សូមមើលផងដែរ ដើម្បីកម្លាំងនៃយុវជនទំព័រ១៩ ) ។
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:២៨–២៩, ៤០–៤១, ៥៥ ។តើយើងអាចរៀនអ្វីខ្លះមកពីខគម្ពីរទាំងនេះ អំពីមូលហេតុដែលព្រះអម្ចាស់បញ្ជាឲ្យយើងសាងសង់ព្រះវិហារបរិសុទ្ធ ? ក្រុមគ្រួសាររបស់បងប្អូនអាចចូលចិត្តគូររូបភាពព្រះវិហារបរិសុទ្ធ ឬតម្រៀបដុំឈើ ឬវត្ថុផ្សេងៗទៀតធ្វើជាព្រះវិហារបរិសុទ្ធមួយ ។ នៅពេលបងប្អូនធ្វើបងប្អូនអាចពិភាក្សាពីមូលហេតុដែលយើងមានអំណរគុណ ដែលយើងមានព្រះវិហារបរិសុទ្ធនាសព្វថ្ងៃនេះ និងមូលហេតុដែលយើងត្រូវថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធជាទៀងទាត់ ។
-
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:៩១–៩២ ។តើគ្រួសាររបស់បងប្អូននឹងទទួលបានប្រយោជន៍អ្វីខ្លះពីការពិភាក្សាអំពីពររបស់លោកអយ្យកោ ? សមាជិកគ្រួសារដែលបានទទួលពររបស់លោកអយ្យកោអាចចែកចាយពីអត្ថន័យនៃការទទួលបានពរលោកអយ្យកោមួយ និងរបៀបដែលវាបានប្រទានពរដល់ពួកគេ ។ អ្នកក៏អាចមើល « Patriarchal Blessings » ( ប្រធានបទដំណឹងល្អ នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។
សម្រាប់គំនិតបន្ថែមពីការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនប្រចាំសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ចម្រៀងដែលបានផ្តល់យោបល់ ៖ « ខ្ញុំចូលចិត្តមើលព្រះវិហារបរិសុទ្ធ » សៀវភៅចម្រៀងកុមារ ទំព័រ ៩៩ ។
សំឡេងនៃការស្ដារឡើងវិញ
សមាគមសង្រ្គោះ
នៅក្នុងឆ្នាំ ១៨៤២ បន្ទាប់ពីសមាគមសង្គ្រោះត្រូវបានបង្កើតឡើងនៅក្នុងទីក្រុងណៅវូ រដ្ឋអិលលីណោយ នោះព្យាការី យ៉ូសែប ស៊្មីធ បានមានប្រសាសន៍ថា « សាសនាចក្រនឹងមិនបានរៀបចំយ៉ាងល្អឥតខ្ចោះឡើយ រហូតដល់ក្រុមស្ដ្រីត្រូវបានរៀបចំឡើង » ។១ ស្រដៀងគ្នានេះដែរ ការសិក្សាអំពីការស្តារឡើងវិញនៃសាសនាចក្ររបស់ព្រះអម្ចាស់ និងបព្វជិតភាពរបស់ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧ ) គឺមិនទាន់បានពេញលេញទេ រហូតដល់រួមបញ្ចូលទាំងការសិក្សាអំពីសមាគមសង្រ្គោះ ដែលវាផ្ទាល់គឺជា « ការស្តារឡើងវិញនៃគំរូពីបុរាណ » នៃអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ជាស្រ្តីផងដែរ ។២
អេលីហ្សា អ័រ ស្នូ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការស្តារឡើងវិញនោះ ។ នាងមានវត្តមាននៅពេលដែលសមាគមសង្រ្គោះទើបបានបង្កើតលើកដំបូង ហើយក្នុងនាមជាលេខា នាងបាន់កត់ត្រាអំឡុងពេលប្រជុំ ។ នាងបានធ្វើជាសាក្សីតាំងពីដំបូងថា សមាគមសង្រ្គោះត្រូវបានបង្កើតឡើង « តាមគន្លងនៃបព្វជិតភាព » ។៣ ខាងក្រោមនេះគឺជាពាក្យពេចន៍របស់នាងដែលបានកត់ត្រាក្នុងអំឡុងពេលនាងកំពុងបម្រើជាប្រធានសមាគមសង្គ្រោះទូទៅ ដើម្បីជួយបងប្អូនស្រីឲ្យយល់ដឹងអំពីកិច្ចការដ៏ទេវភាពដែលបានប្រគល់ឲ្យបុត្រីនៃសេចក្តីសញ្ញារបស់ព្រះ ។
ដើម្បីរៀនបន្ថែមទៀតអំពីរបៀបដែលសមាគមសង្រ្គោះត្រូវបានបង្កើតឡើង សូមមើល Daughters in My Kingdom: The History and Work of Relief Society ( ឆ្នាំ ២០១៧ ) ទំព័រ ១–២៥; The First Fifty Years of Relief Society ( ឆ្នាំ ២០១៦ ) ទំព័រ ៣–១៧៥ ។
អេលីស្សា អ័រ ស្នូ
« ទោះបីជាឈ្មោះនេះ [ សមាគមសង្រ្គោះ ] ជាឈ្មោះសម័យថ្មី តែស្ថាប័ននោះគឺមកពីជំនាន់ដើម ។ យើងត្រូវបានប្រាប់ដោយ [ យ៉ូសែប ស្ម៊ីធ ] ថាអង្គការនេះមាននៅក្នុងព្រះវិហារតាំងពីបុរាណ ដូចជាការរៀបរាប់នៅក្នុងសំបុត្រដែលបានកត់ត្រានៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដោយផ្ដល់ងារមួយថា ‹ ស្រ្តីរើសតាំង › [ សូមមើល យ៉ូហានទី ២ ១:១ ;គោលលទ្ធិ និង សេចក្ដីសញ្ញា ២៥:៣ ] ។
« នេះជាអង្គការមួយដែលមិនអាចបង្កើតឡើងដោយគ្មានអំណាចបព្វជិតភាពបានឡើយ ដោយហេតុថាវាវិវឌ្ឍន៍មកពីសិទ្ធអំណាចទាំងអស់ និងឥទ្ធិពលមកពីប្រភពនោះ ។ នៅពេលដែលបព្វជិតភាពត្រូវបានដកយកចេញពីផែនដី ស្ថាប័ននេះក៏ដូចជាស្ថាប័នតូចៗទាំងឡាយនៃសេចក្តីពិតនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៅលើផែនដីនេះដែរ វាត្រូវបានសាបសូន្យ … ។
« ការបានធ្វើជាតំណាងអង្គការ ‹ សមាគមសង្គ្រោះស្រ្តីនៅណៅវូ ›… និងឱកាសទទួលបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាននៅក្នុងសមាគមនោះ ប្រហែលខ្ញុំអាចចែកចាយប្រាប់តម្រុយមួយចំនួន ដែលអាចជួយដល់បុត្រីនៃស៊ីយ៉ូនក្នុងការឈានទៅមុខក្នុងតំណែងដ៏សំខាន់នេះ ដែលពោរពេញដោយអ្វីដែលថ្មី និងទំនួលខុសត្រូវយ៉ាងច្រើន ។ ប្រសិនបើបុត្រធិតា និងមាតាទាំងឡាយក្នុងវង្សអ៊ីស្រាអែលកំពុងតែមានអារម្មណ៍ថាស្ថិតនៅក្នុងភាពមានកំណត់នៅក្នុងសកម្មភាពរបស់ពួកគេ នោះពួកគេនឹងរកឃើញសមត្ថភាពដ៏លើសលប់សម្រាប់គ្រប់ទាំងអំណាច និងព្រះចេស្ដាដើម្បីធ្វើកិច្ចការល្អ ដែលពួកគេមានយ៉ាងបរិបូរណ៍ ។ …
« តើមានសំណួរក្នុងគំនិតដែរទេថា តើអ្វី ជាគោលបំណងរបស់សមាគមសង្គ្រោះស្រ្តី ? ខ្ញុំនឹងឆ្លើយតបថា—ដើម្បីធ្វើល្អ—ដើម្បីប្រើប្រាស់លទ្ធភាពទាំងអស់ដែលយើងមានសម្រាប់សេចក្តីល្អ មិនមែនគ្រាន់តែដើម្បីជួយមនុស្សទ័លក្រប៉ុណ្ណោះទេ តែដើម្បីសង្គ្រោះព្រលឹង ។ កិច្ចខិតខំរួមគ្នានឹងនាំឲ្យសម្រេចជោគជ័យច្រើនឥតគណនា មានប្រសិទ្ធភាពបំផុតដោយបុគ្គលដែលប្រកបដោយថាមពលម្នាក់ៗ … ។
« ក្នុងការមើលថែមនុស្សទ័លក្រ សមាគមសង្គ្រោះស្រ្តីមានកតាព្វកិច្ចផ្សេងៗដែលត្រូវធ្វើច្រើនជាងការគ្រាន់តែជួយឲ្យធូរស្រាលតែខាងសាច់ឈាម ។ ភាពក្រខ្សត់ខាងគំនិត និងបេះដូងឈឺចាប់ក៏ត្រូវការការយកចិត្តទុកដាក់ ហើយគ្រប់ពេលគឺជាការសម្តែងនូវក្តីមេត្តា—ដោយផ្តល់ដំបូន្មានពីរបីម៉ាត់ ឬក៏គ្រាន់តែការចាប់ដៃដែលពេញដោយក្តីស្រឡាញ់ នោះនឹងត្រេកអរ ប្រសើរជាងបានកាបូបមាសទៅទៀត … ។
« នៅពេលដែលពួកបរិសុទ្ធប្រមូលផ្តុំគ្នាពីរដ្ឋនានា ជាមនុស្សចម្លែកចំពោះមនុស្សគ្រប់គ្នា ហើយអាចប្រឈមនឹងការដឹកនាំឲ្យវង្វេងពីសំណាក់មនុស្សកុហកបោកបញ្ឆោត ពេលនោះហើយដែល [សមាគម ] សង្គ្រោះគួរតែជួយ [ ពួកគេ ] ជាបន្ទាន់ រួចហើយណែនាំពួកគេចូលក្នុងសមាគមន៍ ដែលនឹងជួយកែលម្អ និងតម្កើងឡើង ហើយលើសពីនោះទៀតគឺពង្រឹងសេចក្តីជំនឿនៃដំណឹងល្អ ហើយការធ្វើដូច្នេះយើងបានក្លាយជាឧបករណ៍ក្នុងការសង្គ្រោះមនុស្សជាច្រើន ។
« វាត្រូវការសៀវភៅជាច្រើន ដើម្បីឲ្យនិយមន័យ លើកាតព្វកិច្ច ឯកសិទ្ធិ និងទំនួលខុសត្រូវក្នុងកិច្ចការសមាគម … ។ ចូរធ្វើកិច្ចការ ( ក្រោមការដឹកនាំពីប៊ីស្សពរបស់បងប្អូន ) អត់ធ្មត់ ហ្មត់ចត់ ស្វាហាប់ដោយសាមគ្គីភាព និងពោរពេញដោយការអធិស្ឋាន នោះព្រះនឹងប្រទានពរដល់កិច្ចខិតខំរបស់បងប្អូនជាមួយនឹងភាពជោគជ័យ » ។៤