« ថ្ងៃទី ១៨–២៤ ខែ តុលា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១–១២៣ ៖ ‹ ឱព្រះអង្គអើយ តើព្រះអង្គគង់នៅទីណា ? ›« ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៨–២៤ ខែ តុលា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១–១២៣ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២១
ថ្ងៃទី ១៨–២៤ ខែ តុលា
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១–១២៣
« ឱព្រះអង្គអើយ តើព្រះអង្គគង់នៅទីណា ? »
បទពិសោធន៍សិក្សាព្រះគម្ពីររបស់អ្នកនឹងកាន់តែសំបូរបែប ប្រសិនបើគោលដៅរបស់អ្នកគឺដើម្បីស្វែងរកសេចក្តីពិត ។ សូមចាប់ផ្តើមជាមួយការអធិស្ឋាន ស្តាប់តាមព្រះវិញ្ញាណ ហើយកត់ត្រាចំណាប់អារម្មណ៍របស់អ្នក ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
នៅជាន់ក្រោមក្នុងគុកលិបើធីរដ្ឋមិសសួរី ត្រូវបានគេស្គាល់ថាជាគុកងងឹត ។ មានជញ្ជាំងក្រាស់ ហើយថ្មកំរាលឥដ្ឋត្រជាក់ណាស់ អាហារគ្មានអនាម័យ—ហើយមានតែបន្តិចបន្តួចប៉ុណ្ណោះ—ហើយជូរផ្អូម និងមានតែពន្លឺចាំងចេញមកតាមចន្លោះតូចៗនៃបង្អួចចន្លោះដែក ដែលនៅជិតពិដានប៉ុណ្ណោះ ។ គុកងងឹតនោះគឺជាកន្លែងដែលយ៉ូសែប ស្ម៊ីធ និងបងប្អូនប្រុសពីរបីនាក់ទៀត បានចំណាយពេលនៅទីនោះភាគច្រើនអំឡុងពេលជាប់គុក—រយៈពេលបួនខែដ៏សែនត្រជាក់អំឡុងរដូវរងារនាឆ្នាំ ១៨៣៨–៣៩—ដោយរង់ចាំការកាត់ទោសដោយសារការចោទប្រកាន់ពីការក្បត់ជាតិរដ្ឋប្រឆាំង មិសសួរី ។ អំឡុងពេលនេះ យ៉ូសែបនៅតែបន្តទទួលព៌ត័មានអំពីការរងទុក្ខវេទនារបស់ពួកបរិសុទ្ធ ។ ភាពសុខសាន្ត និងសុទិដ្ឋិនិយមនៃហ្វារវែស្ទបានត្រឹមតែរយៈពេលពីរបីខែប៉ុណ្ណោះ ហើយឥឡូវនេះពួកបរិសុទ្ធបានបាត់បង់ផ្ទះសម្បែងម្តងទៀត ត្រូវរត់ចូលទៅក្នុងទីរហោស្ថានស្វែងរកកន្លែងថ្មីដើម្បីចាប់ផ្តើមជាថ្មី—ហើយលើកនេះ ព្យាការីរបស់ពួកគេកំពុងជាប់ឃុំឃាំង ។
វាមិនចំឡែកទេដែលយ៉ូសែប ស្ម៊ីធស្រែកយំ ៖ « ឱព្រះអង្គអើយ តើព្រះអង្គគង់នៅទីណា ? » ចម្លើយដែលលោកទទួលបានគឺ « តម្រិះពីស្ថានសួគ៌ » ដែលបាន « ចាក់មកលើ » នៅក្នុងគុកដ៏វេទនានោះ បានបំភ្លឺឲ្យដឹងថាទោះបីលំបាកយ៉ាងណា ក៏ព្រះមិនដែលនៅឆ្ងាយឡើយ ។ ព្យាការីបានរៀនថា គ្មានអំណាចណាអាច « បញ្ឈប់សួគ៌ាបាន » ឡើយ ។ « ព្រះនឹងគង់នៅជាមួយ [ ពួកបរិសុទ្ធរបស់ទ្រង់ ] ជារៀងដរាបតទៅ » ។( គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:១, ៣៣; ១២២:៩ ) ។
សូមមើល ពួកបរិសុទ្ធ ១:៣២៣–៣៩៦ « Within the Walls of Liberty Jail » Revelations in Context ទំព័រ ២៥៦–២៦៣ ។
គំនិតយោបល់ផ្សេងៗសម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:១–១០, ២៣–៣៣; ១២២
ការណ៍អាក្រក់អាចទៅ « ជាការល្អ [ ដល់ខ្ញុំ ] » ទៅវិញ ។
នៅពេលយើង ឬនរណាម្នាក់ដែលយើងស្រឡាញ់ កំពុងស្ថិតនៅក្នុងសេចក្តីទុក្ខវេទនា វាជារឿងធម្មតាដែលយើងងឿងឆ្ងល់ថា តើព្រះឆ្លើយតបយើងឬទេ ។ នៅពេលបងប្អូនអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:១–៦ សូមគិតពីពេលមួយ ដែលអ្នកមានសំណួរ ឬមានអារម្មណ៍ស្រដៀងអារម្មណ៍របស់យ៉ូសែប ស្ម៊ីធ ។ តើអ្នករកឃើញការឆ្លើយតបពីព្រះអម្ចាស់អ្វីខ្លះដែលអាចជួយអ្នកនៅពេលអ្នកមានសំណួរ ឬមានអារម្មណ៍បែបនោះ ? ឧទាហរណ៍នៅក្នុង ខទី ៧–១០ , ២៦–៣៣ សូមកត់សម្គាល់ពរជ័យដែលទ្រង់បានសន្យាដល់អស់អ្នកដែល « ស៊ូទ្រាំ [ ទុក្ខវេទនា ] នោះដោយហ្មត់ចត់ » ។ កាលអ្នកអាន កណ្ឌទី ១២២ សូមពិចារណាពីរបៀបដែលព្រះអម្ចាស់ចង់ឲ្យអ្នកពិនិត្យមើលសេចក្តីទុក្ខវេទនារបស់អ្នក ។
សូមមើលផងដែរ ហិនរី ប៊ី អាវរិង « Where Is the Pavilion? » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៧២–៧៥ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៣៤–៤៦
យើងអាចទទួលបាន « ព្រះចេស្តាពីស្ថានសួគ៌ » ។
នៅពេលដែលវាហាក់ស្ថិតក្នុងស្ថានភាពគ្មានអំណាចនៅក្នុងគុកលិបើធី នោះយ៉ូសែបបានទទួលវិវរណៈអំពីអំណាច—វាមិនមែនជាអំណាចខាងនយោបាយ ឬកងទព័ដែលប្រគល់ឲ្យពួកបរិសុទ្ធនោះទេ ប៉ុន្តែវាជា « ព្រះចេស្តាពីស្ថានសួគ៌ » ។ នៅពេលអ្នកអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៣៤–៤៦ តើអ្នកបានរៀនអ្វីខ្លះអំពីព្រះចេស្តារបស់ព្រះ ? តើវាខុសគ្នាពីអំណាចខាងលោកិយដូចម្ដេច ? ឧទាហរណ៍ សូមរកមើលព្រះបន្ទូលដែលព្រអម្ចាស់បានប្រើនៅក្នុង ខទី ៤១–៤៣ ដើម្បីពិពណ៌នាអំពី « អំណាច ឬឥទ្ធិពល » ។ តើខគម្ពីរនេះបង្រៀនអ្វីខ្លះអំពីរបៀបដែលព្រះ ថែរក្សា « អំណាច ឬឥទ្ធិពល » របស់ទ្រង់ ? ប្រហែលជាខគម្ពីរទាំងនេះអាចបំផុសគំនិតអ្នកឲ្យពិចារណាអំពីជីវិតរបស់អ្នក និងអ្វីដែលអ្នកអាចធ្វើ ដើម្បីអាចជាឥទ្ធិពលសម្រាប់សេចក្តីល្អនៅក្នុងទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃ ។
ព្រះយេស៊ូវគ្រីស្ទបានយាងចុះមកក្រោមអ្វីៗទាំងអស់ ។
យ៉ូសែប ស្ម៊ីធត្រូវបានគេចាប់ដាក់ពន្ធធនាគារទាំងអយុត្តិធម៌រយៈពេលជាងបួនខែ ខណៈពេលដែលមិត្តភក្ដិ និងគ្រួសាររបស់លោកត្រូវចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ។ កិច្ចការដែលលោកបានលះបង់ទាំងជីវិតប្រែជារលាយអស់ ។ តើអ្នកបានរៀនអ្វីខ្លះ អំពីព្រះយេស៊ូវគ្រីស្ទចេញពីព្រះបន្ទូលរបស់ទ្រង់នៅក្នុង កណ្ឌទី ១២២ ? តើអ្នកបានរៀនអ្វីខ្លះអំពីយ៉ូសែប ? តើអ្នកបានរៀនអ្វីខ្លះអំពីខ្លួនរបស់អ្នក ?
សូមមើលផងដែរ អាលម៉ា ៧:១១–១៣; ៣៦:៣; គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦ ។
« ចូរយើងប្រព្រឹត្តការណ៍ទាំងនេះដែលនៅក្នុងអំណាចយើង ដោយមានចិត្តរីករាយចុះ » ។
នៅខែ មីនា ឆ្នាំ ១៨៣៩ វាហាក់បីដូចជាគ្មានអ្វីដែលពួកបរិសុទ្ធអាចធ្វើបាន ដើម្បីផ្លាស់ប្តូរស្ថានភាពឈឺចាប់របស់ពួកគេឡើយ ។ ប៉ុន្តែនៅក្នុងសំបុត្ររបស់លោកមកពីគុកលីប៊ើធី យ៉ូសែបបានប្រាប់អំពីអ្វីដែលពួកគេអាចធ្វើបាន ៖ « [ ប្រមូលទុក ] ជាសំគាល់អំពីការពិត » និង « ឈរនៅស្ងៀម ដោយជឿជាក់ថានឹងបានឃើញសេចក្តីសង្គ្រោះពីព្រះ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣:១, ១៧ ) ។ នៅពេលអ្នកពិចារណាអំពីការបោកបញ្ឆោត និង « ឧបាយកលដ៏ប្រសប់នៃមនុស្ស » នៅក្នុងលោកិយបច្ចប្បន្ននេះ សូមគិតអំពីការណ៏អ្វីដែល « នៅក្នុងអំណាច [ របស់អ្នក ] » ដើម្បីធ្វើបាន ( ខទី ១២, ១៧ ) ។ ហេតុអ្វីបានជាវាសំខាន់ដែលត្រូវធ្វើការណ៍ទាំងនេះដោយ « រីករាយ » ? ( ខទី ១៧ ) ។ តើអ្នកដឹងថានរណាជាអ្នកដែល « លាក់ពីសេចក្តីពិត » ( ខទី ១៧ ) ហើយតើអ្នកអាចជួយមនុស្សទាំងនោះឲ្យស្វែងរកវាឃើញដោយរបៀបណា ?
ដំណើររឿងជាច្រើនដែល យ៉ូសែប ស្ម៊ីធ បានដាក់ស្នើសុំនៅក្នុងសំបុត្រនេះដែលបានដាក់ជូនទៅរដ្ឋាភិបាល ហើយបានបោះពុម្ភចំនួន ១១ ផ្នែកតគ្នានៅក្នុងកាសែត ណៅវ៉ូ Times and Seasons ( សូមមើល « A History, of the Persecution, of the Church of Jesus Christ, of Latter Day Saints in Missouri, December 1839–October 1840 » [ នៅលើគេហទំព័រ josephsmithpapers.org ] ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:១–១០ ។« គុកងងឹត » ក្នុងគុកលិបើធីមានទំហំតែ ៤.២ គុណនឹង ៤.៤ ម៉ែត្រប៉ុណ្ណោះ ។ តើអ្នកអាចជួយគ្រួសាររបស់អ្នកឲ្យស្រមៃមើលថា តើវានឹងមានសភាពដូចម្តេច ក្នុងការជាប់ឃុំឃាំងនៅកន្លែងដែលមានទំហំប៉ុណ្ណឹង ក្នុងពេលដ៏ត្រជាក់រយៈពេលបួនខែ ? អ្នកអាចស្វែងរកព័ត៌មានលម្អិតផ្សេងទៀតអំពីស្ថានភាពនៅក្នុង គុកលិបើធី ក្នុង « Chapter 46: Joseph Smith in Liberty Jail » ( Doctrine and Covenants Stories ទំព័រ ១៧២–១៧៤ ) ។ អ្នកក៏អាចអាន « សំឡេងនៃការស្ដារឡើងវិញ ៖ គុកលិបើធី » នៅចុងបញ្ចប់គម្រោងមេរៀននេះ ឬមើលវីដេអូ ការពិពណ៌នាអំពីគ្រាដែលយ៉ូសែបនៅក្នុងគុកលិបើធី ក្នុងវីដេអូ Joseph Smith: Prophet of the Restoration ( នៅលើគេហទំព័រ ChurchofJesusChrist.org ដែលចាប់ផ្ដើមត្រង់នាទី ៤៣:០០ ) ។ តើព័ត៌មាននេះប៉ះពាល់លើអារម្មណ៍របស់យើងអំពីគោលការណ៍ទាំងឡាយនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:១–១០ យ៉ាងដូចម្ដេច ?
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៣៤–៣៦, ៤១–៤៥ ។ប្រហែលការប្រៀបប្រដូចមួយអាចជួយគ្រួសាររបស់អ្នកឲ្យយល់អំពី « អំណាចទាំងឡាយនៃស្ថានសួគ៌ » ។ ឧទាហរណ៍ អ្នកអាចប្រៀបធៀបអំណាចរបស់ព្រះ ដូចជាថាមពលអគ្គីសនី តើអ្វីដែលអាចរារាំងឧបករណ៍អេឡិចត្រូនិចមួយមិនឲ្យទទួលថាមពល ? តើការប្រៀបប្រដូចនេះ អមជាមួយនឹង ខទី ៣៤–៣៦, ៤១–៤៥ បង្រៀនយើងអ្វីខ្លះអំពីរបៀបបង្កើនអំណាចខាងវិញ្ញាណរបស់យើង ? ប្រហែលជាសមាជិកគ្រួសារអាចចែកចាយដំណើររឿងដកស្រង់ចេញពីព្រះជន្មរបស់ព្រះអង្គសង្គ្រោះ ដែលជាគំរូនៃគុណលក្ខណៈទាំងនេះ ។
-
គោលលទ្ធិ និង សេចក្តីសញ្ញា ១២២:៧–៩ ។ប្រហែលសមាជិកគ្រួសារអាចនឹងរីករាយធ្វើកាយវិការ តាមសញ្ញាសម្គាល់តូចៗ ដែលបង្ហាញពីអត្ថន័យមកពីខគម្ពីរទាំងនេះដែលបំផុសគំនិតដល់ពួកគេ ។ សញ្ញាសម្គាល់ទាំងនេះអាចដាក់តាំងនៅក្នុងផ្ទះរបស់អ្នកបាន ។ ហេតុអ្វីវាគឺជារឿងដ៏សំខាន់ដើម្បីដឹងថា « កូនមនុស្សបានចុះទាបជាងការណ៍ » ទាំងនេះទៅទៀត ?
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៣:១២ ។តើយើងអាចជួយមនុស្សឲ្យ « ដឹង … កន្លែងណាដើម្បីស្វែងរក » សេចក្តីពិតដោយរបៀបណា ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនប្រចាំសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងស្នើ ៖ « ខ្ញុំរកក្តីសុខឯណា ? » ទំនុកតម្កើង ល.រ ៦៩ ។
សំឡេងនៃការស្ដារឡើងវិញ
គុកលិបើធី
អំឡុងពេលជាប់ឃុំឃាំងនៅលីបើធី រដ្ឋមិសសួរី នោះយ៉ូសែប ស្ម៊ីធ បានទទួលសំបុត្រមួយ ដែលបានប្រាប់លោកអំពីស្ថានភាពគ្រោះថ្នាក់នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលត្រូវបានបណ្តេញចេញពីរដ្ឋតាមបញ្ជារបស់រដ្ឋាភិបាល ។ សំបុត្រដ៏សោកសៅនោះបានសរសេរដោយភរិយារបស់លោក អិមម៉ា ។ ពាក្យពេចន៍របស់នាង និងសំបុត្រឆ្លើយតបរបស់យ៉ូសែប ទាំងពីរនេះបង្ហាញពីទុក្ខវេទនារបស់ពួកគេ និងសេចក្តីជំនឿរបស់ពួកគេក្នុងអំឡុងគ្រាដ៏ពិបាកនៅក្នុងប្រវត្តិសាសនាចក្រ ។
សំបុត្រពីអិមម៉ា ស្ម៊ីធ ជូនចំពោះ យ៉ូសែប ស្ម៊ីធ ថ្ងៃទី ៧ ខែ មីនា ឆ្នាំ ១៨៣៩
« ជូនចំពោះលោកប្តីជាទីស្រឡាញ់
« ដោយមានឱកាសអាចផ្ញើសំបុត្រនេះតាមរយៈមិត្តម្នាក់ អូនបានព្យាយាមសរសេរសំបុត្រនេះ ប៉ុន្តែមិនចង់សរសេររៀបរាប់ពីអារម្មណ៍របស់អូនទាំងក្តុកក្តួលព្រមជាមួយនឹងស្ថានភាពដែលបងកំពុងជួបនេះទេ ជញ្ជាំង បង្អួច ច្រវ៉ាក់ ទន្លេ បឹងបួរ ភ្នំ បានរារាំងយើងទាំងពីរ ហើយការចោទប្រកាន់ទាំងអយុត្តិធម៌ដ៏ឃោឃៅ ដែលបណ្តាលឲ្យបងជាប់គុកតាំងពីដំបូង ហើយបងនៅតែមិនទាន់អាចដោះស្រាយ ព្រមជាមួយនឹងការពិនិត្យពិចៃផ្សេងៗទៀត ធ្វើឲ្យទ្រូងអូន ស្ទើរធ្លាយមិនអាចពិពណ៌នា ។
« ប្រសិនបើអូនមិនបានដឹងថាបងគ្មានទោស និងបើគ្មានក្តីមេត្តាពីព្រះ អូនប្រាដកថាអូនមិនអាចស៊ូទ្រាំនឹងទុក្ខវេទនាដែលអូនឆ្លងកាត់នេះទេ … តែអូននៅតែមានជីវិត ហើយអូនមានឆន្ទៈស៊ូទ្រាំបន្តទៀត ប្រសិនបើនេះជាឆន្ទៈរបស់ព្រះវរបិតាសួគ៌ ដែលអូនគួរតែធ្វើដើម្បីបង ។
« បច្ចុប្បន្ននេះយើងគ្រប់គ្នាសុខសប្បាយទេលើកលែងតែ ហ្រ្វែឌើរិក ដែលកំពុងឈឺជាទម្ងន់ ។
« កូនតូចរបស់យើង អាឡិចសាន់ឌើរ ដែលអូនកំពុងបីគឺជាក្មេងឆ្លាតបំផុត ដែលបងធ្លាប់បានជួបក្នុងជីវិតបង ។ គាត់រឹងមាំ ហើយដោយមានជំនួយពីកៅអីគាត់អាចរត់ជុំវិញបន្ទប់ … ។
« គ្មាននរណា ក្រៅពីព្រះទេ ដែលអាចដឹងចិត្តអូន និងអារម្មណ៍ពីក្នុងដួងចិត្តអូន នៅពេលដែលអូនចាកចេញពីផ្ទះសម្បែងរបស់យើង ហើយត្រូវលះបង់ចោលទ្រព្យសម្បត្តិស្ទើរតែទាំងអស់ លើកលែងតែកូនតូចៗរបស់យើង ហើយត្រូវធ្វើដំណើរចេញពីរដ្ឋមិសសួរី ទាំងទុកបងចោលក្នុងគុកតែឯង ។ ប៉ុន្ដែការជួបសារជាថ្មីគឺអ្វីដែលមនុស្សធម្មតាត្រូវស៊ូអត់ទ្រាំទម្រាំបានជួបវិញ … ។
« … អូនសង្ឃឹមថា ពួកយើងនឹងមានថ្ងៃល្អទន្ទឹងចាំយើង ។ … [ ពីអូន ] មនុស្សជាទីស្រឡាញ់របស់បង ។
« អិមម៉ា ស្ម៊ីធ » ១
សំបុត្រពីយ៉ូសែប ស្ម៊ីធជូនចំពោះ អិមម៉ា ស្ម៊ីធ ថ្ងៃទី ៤ ខែ មេសាឆ្នាំ ១៨៣៩
« ជូនចំពោះប្រពន្ធសម្លាញ់ចិត្ត ។
« កាលពីយប់ថ្ងៃព្រហស្បតិ៍ បងបានអង្គុយចុះនាពេលព្រះអាទិត្យលិច សម្លឹងមើលតាមរបងក្នុងគុកតែឯងដើម្បីសរសេររៀបរាប់ប្រាប់អូនពីស្ថានភាពរបស់បង ។ បងជឿថា អស់រយៈពេលប្រមាណជាប្រាំខែប្រាំមួយថ្ងៃ២ ចាប់តាំងពី ពេលដែលបងត្រូវគេចាប់ខ្លួនទាំងយប់ពីសំណាក់ពួកអ្នកយាមដោយកំរោល មកបង្ខាំងក្នុងរបងជាប់សោដែកតែឯង ក្នុងកន្លែងងងឹត ក្នុងគុកយ៉ាងកខ្វក់ ។ មានតែព្រះប៉ុណ្ណោះដែលអាចជួយទប់អារម្មណ៍បងឲ្យសរសេរសំបុត្រនេះបាន ។ ស្ថិតនៅក្រោមស្ថានភាពបែបនេះ បងមិនអាចរកពាក្យអ្វីមករៀបរាប់ ឬសរសេរ ឬមានទេវតាណាអាចមកពិពណ៌នា ឬមនុស្សជាតិណាអាចយល់ពីការឈឺចាប់នេះ បើមិនធ្លាប់ឆ្លងកាត់បទពិសោធន៍ដូចយើងទេ … ។ យើងនៅក្នុងព្រះហស្តព្រះយេហូវ៉ា បើទ្រង់មិនដោះលែងទេ គ្មាននរណាម្នាក់អាចរំដោះយើងបានឡើយ កិច្ចការនេះមិនអាចធ្វើបានទេ អូនប្រហែលជាដឹងហើយថាមានមនុស្សជាច្រើននៅក្នុងរដ្ឋនេះដែលចង់សម្លាប់យើង មិនមែនដោយព្រោះយើងខុសទេ ។ … អិមម៉ា ជាទីស្រឡាញ់បងអើយ បងគិតដល់អូន និងកូនជានិច្ច … ។ បងចង់ឃើញមុខកូនតូចៗរបស់យើង ហ្រ្វែឌើរិក, យ៉ូសែប, ជូលៀ, អាឡិចសាន់ឌើរ, ចូអាណា និងមនុស្សចាស់ៗទាំងឡាយ [ ក្នុងគ្រួសារ ] ។ … បងរីករាយនឹងដើរទៅទាំងជើងទទេ ក្បាលទទេ និងគ្មានកន្សែងរំកចេញពីទីនេះ ដើម្បីជួបអូន ទាំងក្តីរីករាយអស្ចារ្យដោយគ្មានការពិបាក … ។ បងថ្លែងអស់ពីកម្លាំងកាយចិត្តអ្វីដែលបងធ្វើគឺចេញពីចិត្ត ហើយគ្មានយើងណាម្នាក់នឹងត្រូវបោះបង់ចោលឡើយ ។ សូមអូន [ កុំ ] ឲ្យ [ កូនៗរបស់យើង ] បំភ្លេចបង ។ សូមប្រាប់ពួកគេថា ឱពុកគេស្រឡាញ់ពួកគេដោយក្តីស្រឡាញ់យ៉ាងឥតខ្ចោះ ហើយគាត់បានព្យាយាមធ្វើអ្វី ដែលអាចធ្វើបានដើម្បីគេចពីមនុស្សអាក្រក់ទៅជួបនឹងពួកគេវិញ ។ … សូមប្រាប់កូនថា ឱពុកពួកគេចង់ឲ្យគេក្លាយជាកូនល្អ និងគោរពម្តាយរបស់ពួកគេ ។ …
« ដោយក្តីស្រឡាញ់ពីបង
« យ៉ូសែប ស្ម៊ីធ ជុញ្ជ័រ » 3