គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ៤–១០ ខែ តុលា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១១–១១៤ ៖ «យើង​នឹង​រៀបចំ​គ្រប់អ្វីៗ​ទាំងអស់​សម្រាប់​សេចក្តីល្អ​ដល់អ្នក »


« ថ្ងៃទី ៤–១០ ខែ តុលា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១១–១១៤ ៖ ‹ យើង​នឹង​រៀបចំ​គ្រប់អ្វីៗ​ទាំងអស់​សម្រាប់​សេចក្តីល្អ​ដល់អ្នក › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ​គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ៤–១០ ខែ តុលា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១១–១១៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២១

យ៉ូសែប ស្ម៊ីធ កំពុង​ផ្សព្វផ្សាយ

ថ្ងៃ​ទី ៤–១០ ខែ តុលា

គោលលទ្ធិ និង សេចក្តី​សញ្ញា ១១១–១១៤

«យើង​នឹង​រៀបចំ​គ្រប់អ្វីៗ​ទាំងអស់​សម្រាប់​សេចក្តីល្អ​ដល់អ្នក »

សូម​អធិស្ឋាន​សុំការ​ណែនាំ​ពីព្រះវិញ្ញាណ នៅពេល​អ្នកអាន គោលលទ្ធិ និង ​សេចក្តី​សញ្ញា ១១១–១១៤ ហើយ​កត់ត្រា​ចំណាប់​អារម្មណ៍​របស់អ្នក ។ បន្ទាប់​មក​សូម​ពិចារណា​អំពី​របៀប ដែល​អ្នក​អាច​អនុវត្ត​​តាម​ចំណាប់​អារម្មណ៍​ទាំងនោះ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

តើ​អ្នក​ធ្លាប់​មាន​បទពិសោធន៏​ខាងវិញ្ញាណ ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍ថា​មាន​ទំនុកចិត្ត និង មាន​សុវត្ថិភាព​នៅក្នុងសេចក្ដី​​ជំនឿ​របស់អ្នក​—​ប៉ុន្តែ​ក្រោយមក​សេចក្តី​វេទនា​ក្នុង​ជីវិត​បាន​សាកល្បង​សេចក្តី​ជំនឿ​របស់អ្នក ហើយ​អ្នក​ឃើញថា​ខ្លួន​របស់អ្នកពិបាក​​នឹង​ទទួល​បាន​សន្តិភាព​ដែល​អ្នក​ធ្លាប់​មាន​​ពីមុន​មក​ដែរ​ឬ​ទេ ? រឿង​ស្រដៀងគ្នា​នេះបាន​កើត​ឡើង​ចំពោះ​ពួកបរិសុទ្ធ​នៅក្នុង​ខឺតឡង់ ។ មិនដល់​មួយឆ្នាំផង​បន្ទាប់ពី​ព្រះវិញ្ញាណ​បាន​ចាក់ស្រោច​នៅក្នុង​ពិធី​ឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ស្រាប់តែមាន​បញ្ហា​ជាច្រើន​បានកើត​ឡើង ។ វិបត្តិ​ហិរញ្ញវត្ថុ​បាន​ធ្វើឲ្យ​កូរ៉ុម​នៃពួក​ដប់ពីរនាក់​បែក​បាក់គ្នា និង​ការសាកល្បង​ផ្សេងៗទៀត​បាន​ធ្វើ​ឲ្យ​សេចក្តី​ជំនឿ​របស់​មនុស្ស​មួយចំនួន​ងាករេ ។

យើង​មិនអាច​ចៀសផុត​ពីការសាក​ល្បង​បានទេ ដូច្នេះ​តើ​យើង​អាច​ការពារ​វាមិនឲ្យ​រង​ការគំរាម​កំហែង​​ដល់​សេចក្តី​ជំនឿ និង​ទីបន្ទាល់​របស់​យើង​​ដោយ​​របៀបណា ? ប្រហែល​ផ្នែក​មួយ​នៃចម្លើយ​អាច​រក​បាននៅក្នុង​ការប្រឹក្សា​របស់​ព្រះអម្ចាស់ ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១២ ទ្រង់​បានប្រទានឲ្យ​អំឡុងពេល​រឿង​អាក្រក់​នៅ​ក្នុង​ទីក្រុង​ខឺតឡង់​កំពុងតែរីក​ធំឡើង ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « ចូរជំរះ​ចិត្ត​របស់​អ្នក​ឲ្យ​បាន​បរិសុទ្ធ​នៅចំពោះ​យើង​ចុះ » ( ខទី ២៨ ) « ចូរ​កុំបះបោរ » ( ខ​ទី ១៥ ) « ចូរ​ក្រវាត់​ចង្កេះ​សម្រាប់​កិច្ច​ការ​ចុះ » ខ​ទី ៧ ) និង « ចូរ​មានចិត្ត​រាបសា » ( ខ​ទី ១០ ) ។ ពេល​យើង​ធ្វើតាម​ដំបូន្មាននេះ នោះ​ព្រះអម្ចាស់​នឹង « ដឹក​ដៃ [ យើង ] » ឲ្យ​ឆ្លងកាត់​ការលំបាក​ និង​ដឹកនាំ​ទៅរក​ការព្យាបាល និង​ភាពសុខសាន្ត ( សូមមើល ខ​ទី ១០, ១៣ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់ផ្សេងៗ​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

គោលលទ្ធិ និង សេចក្តីសញ្ញា ១១១

ព្រះអម្ចាស់​អាច « រៀបចំ​គ្រប់អ្វីៗ​ទាំងអស់​សម្រាប់​សេចក្តីល្អ ​[ ដល់​ខ្ញុំ ] » ។

រហូត​ដល់ឆ្នាំ ១៨៣៦ សាសនាចក្រ​បាន​ធ្លាក់​ក្នុង​បំណុល​ការប្រាក់យ៉ាងធ្ងន់​ធ្ងរ ក្នុង​ការ​ធ្វើកិច្ច​ការ​របស់​ព្រះអម្ចាស់ ។ កាល​​យ៉ូសែប ស្ម៊ីធ​ និង​មនុស្ស​ផ្សេងៗ​ទៀត​​បាន​ខ្វាយ​ខ្វល់​អំពី​បំណុល​​ទាំងនេះ​ និង​​បាន​ត្រិះ​រិះ​រក​វិធី​ដើម្បី​សង​បំណុង នោះ​ពួកលោក​​បាន​ធ្វើដំណើរ​ទៅ​ក្រុង​សាឡិម ម៉ាស្សាឈូសេត្ស ប្រហែល​ដោយ​សារ​មាន​ពាក្យ​ចចាមអារ៉ាមថា មាន​លុយ​មួយ​ចំនួន​ត្រូវ​បាន​បោះបង់​ចោល​នៅក្នុង​ផ្ទះ​នៅ​ទីនោះ ( សូមមើល ក្បាល​កណ្ឌ គោលលទ្ធិ និង សេចក្តី សញ្ញា ១១១ ) ។ បន្ទាប់ពីពួកគេ​បានទៅ​ដល់​ក្រុង​សាឡិម ព្រះអម្ចាស់​បាន​ប្រកាសថា « ត្បិត​នៅក្នុង​ទីក្រុងនេះ មានទ្រព្យសម្បត្តិ​លើស​ទៅទៀត » ( ខ​ទី ១០ ) — ទ្រព្យសម្បត្តិ​ដែល​បូក​រួម​ទាំង​ប្រជារាស្រ្ត​ដែល​ទ្រង់នឹង « ប្រមូល​នៅពេល​កំណត់​សម្រាប់​ផល​ប្រយោជន៍ ដល់​ស៊ីយ៉ូន » ( ខ​ទី ២; សូមមើល​ផងដែរ និក្ខមនំ ១៩:៥ )។ ទោះបី​ជាគ្មាន​ប្រាក់​ត្រូវ​បាន​រកឃើញ​នៅក្នុង​ក្រុង​សាឡិម​ក្តី តែ​ក្រោយមក​អ្នកផ្លាស់​ប្រែចិត្ត​ជឿ​ដោយព្រោះ​កិច្ចខិតខំ​​របស់​ពួក​អ្នក​ផ្សព្វផ្សាយ​​សាសនា គឺជា​ផ្នែក​មួយ​នៃការ​បំពេញ​សេចក្តីសន្យា​របស់ព្រះអម្ចាស់ ។​

នៅពេលអ្នក​អាន កណ្ឌ​ទី ១១១ សូម​គិត​អំពី​អ្វី​ដែល​អ្នក​ព្រួយ​បារម្មណ៍ ។ សូម​ពិចារណា​អំពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ទៅ​កាន់​យ៉ូសែប ដែលអាច​នឹង​អនុវត្ត​ចំពោះ​អ្នក ។ តើ​ព្រះអម្ចាស់​បាន​ជួយ​អ្នក​ឲ្យ​ស្វែងរក « ទ្រព្យសម្បត្តិ »​ ដែល​មិនបាន​រំពឹង​ទុក​ដោយ​របៀបណា ? ( ខ​ទី ១០  ) ។ សូមគិត​អំពីអ្វី​ដែល​ទ្រង់​បានធ្វើ​ដើម្បី « រៀបចំ​គ្រប់អ្វីៗ​ទាំងអស់​សម្រាប់​សេចក្តី​ល្អដល់​អ្នក » ( ខ​ទី ១១  ) ។ តើ​ឃ្លា « ទើបគ្រប់​របស់ទាំងនោះ​នឹង​បាន​ប្រទាន​មក​អ្នករាល់គ្នា » បង្រៀន​អ្នកយ៉ាង​ដូចម្តេច​អំពី​ព្រះវរបិតា​សួគ៌ ?

សូមមើល​ផងដែរ ម៉ាថាយ ៦:១៩–២១, ៣៣; « More Treasures Than One » Revelations in Context ទំព័រ ២២៩–២៣៤ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១២:៣–១៥

ព្រះអម្ចាស់​នឹងដឹកនាំ​អស់អ្នក​ដែល​ស្វែងរក​ព្រះទ័យ​ទ្រង់ដោយ​រាបសា ។

សាមគ្គីភាព​នៅក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​នារដូវ​ក្តៅក្នុង​ឆ្នាំ ១៨៣៧ គឺមានភាព​ទន់ខ្សោយ ។ មាន​ការមិនយល់​ស្រប​អំពី​ការទទួលខុស​ត្រូវ និង​មាន​សមាជិក​មួយចំនួន​និយាយ​ប្រឆាំង​​នឹង​​ព្យាការី​យ៉ូសែប ស្ម៊ីធ ។ ថូម៉ាស ប៊ី ម៉ាស ពេល​នោះ​ជាប្រធាន​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​បាន​មានការ​ព្រួយ​បារម្ភ ហើយ​លោក​បាន​មកពី​រដ្ឋ​មិសសួរី​ទៅ​រដ្ឋ​អូហៃអូ ដើម្បី​ស្វែងរក​ការ​ប្រឹក្សា​ពីព្យាការី ។ បងប្រុស​ម៉ាស​បានទទួល​ការប្រឹក្សា​នោះ​​តាមរយៈ​វិវរណៈ​នៅក្នុង កណ្ឌ​ទី ១១២ ។ តើ​ការ​ប្រឹក្សា​របស់​ព្រះអម្ចាស់​អាចបាន​ជួយ​ដល់គាត់ ​និង​កូរ៉ុម​របស់គាត់​យ៉ាង​ដូចម្តេច ? តើមាន​មេរៀន​អ្វីសម្រាប់អ្នក នៅពេល​ដែលអ្នក​ស្វែង​រក​យក​ឈ្នះ​លើ​ការឈ្លោះ​ទាស់ទែង និង​អារម្មណ៍​ពិបាកចិត្ត ?

អ្នកអាច​ពិចារណា ​ខទី ១០ ជាពិសេស ។ តើ​វាមាន​អត្ថន័យ​ដូចម្តេច​ក្នុងការ​ដែល​​ព្រះអម្ចាស់​ដឹកនាំអ្នក​ដោយ​ « ដឹក​ដៃ » ? ហេតុអ្វី​តម្រូវ​ឲ្យមាន​ការបន្ទាប​ខ្លួន​សម្រាប់​ការ​ណែនាំ​ប្រភេទ​នេះ ?

សូមមើល​ផងដែរ អូលីសេស សូរ៉េស « Be Meek and Lowly of Heart » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៩–១១; « The Faith and Fall of Thomas Marsh » Revelations in Context ទំព័រ ៥៤–៦០ ។

មនុស្ស​ពីរ​នាក់​អធិស្ឋាន

ប្រសិនបើ​យើង​​បន្ទាបខ្លួន នោះ​ព្រះអម្ចាស់​នឹង​ដឹកនាំយើង និង​ឆ្លើយ​តប​ការអធិស្ឋាន​របស់យើង ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១១៣

យ៉ូសែប ស៊្មីធ​គឺជា « អ្នក​បម្រើ​នៅក្នុង​ព្រះហស្ត​នៃព្រះ​គ្រីស្ទ » ។

អេសាយ​សំដៅ​ទៅ​​កូនចៅ​អ៊ីសាយ ដូចជា « លំពង់ » និង « ឫស » ( អេសាយ ១១:១,១០ ) ។ នៅក្នុង កណ្ឌ​ទី ១១៣ ព្រះអម្ចាស់​បាន​ពន្យល់ថា កូនចៅ​ជំនាន់​នេះ​គឺជា​បាវ​បម្រើ​របស់​ព្រះគ្រីស្ទ ពួកគេ​នឹង​ក្លាយ​ជាឧបករណ៍​នៅក្នុង​ការប្រមូលផ្តុំ​រាស្រ្ត​របស់​ព្រះអម្ចាស់​នៅថ្ងៃ​ចុងក្រោយ ( សូមមើល គោលលទ្ធិ និង ​សេចក្ដី​សញ្ញា ១១៣:៤, ៦ ) — ជាការព្យាករ​ដែល​រៀបរាប់​អំពីព្យាការី​យ៉ូសែប​ ស្ម៊ីធ​បានយ៉ាង​ល្អ ។ តើ​ការព្យាករ​​នេះ និង​សេចក្តីពិត​ដ៏ទៃ​ទៀត​នៅក្នុង កណ្ឌ​ទី ១១៣ បាន​លើកទឹក​ចិត្ត​ដល់ពួក​បរិសុទ្ធ អំឡុង​គ្រាចលាចល​ដែល​ពួកគេ​បាន​ដក​ពិសោធន៍​នៅក្នុង​ទីក្រុង​ខឺត​ឡង់​ដោយ​របៀបណា ? តើ​អ្នក​រកឃើញ​អ្វីខ្លះ​នៅក្នុង​វិវរណៈ​នេះ ដែល​បំផុស​គំនិត​អ្នក​ឲ្យ​ចូលរួម​ក្នុង​កិច្ច​ការ​របស់​ព្រះអម្ចាស់​នា​ពេល​បច្ចុប្បន្ន​នេះ ?

សូមមើល​ផងដែរ សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អ៊ីសាយ » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.orgនីហ្វៃទី ២ ២១:១០–១២យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៤០ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១១:២, ៩–១១ ។ខគម្ពីរ​ទាំងនេះ​អាច​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ពិភាក្សា​មួយ​អំពី​អ្វី​ដែល​គ្រួសារ​របស់​អ្នក​ឲ្យ​តម្លៃ​ថាជា « ទ្រព្យសម្បត្តិ » ដ៏អស់​កល្ប​ជានិច្ច ។ អ្នកអាច​បង្កើត​ល្បែង​ស្វែងរក​រតនៈសម្បត្តិ​មួយ ដោយ​លាក់​របស់​ជុំវិញ​គេហដ្ឋាន​ដែល​តំណាង​ឲ្យវត្ថុ​ដែល​ព្រះអម្ចាស់​ចាត់​ទុកថា​ជារតនៈសម្បត្តិ​ ឬ​របស់​មាន​​តម្លៃ ។ នៅពេល​គ្រួសារ​អ្នក​ស្វែង​រកឃើញ​វត្ថុ​នីមួយៗ​ហើយ សូម​ពិភាក្សា​អំពីអ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​បង្ហាញ​ថា​អ្នកឲ្យ​តម្លៃវា ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១១២:១០អែលឌើរ អូលីសេស សូរ៉េស​បានពិពណ៌នា​ពី​មនុស្ស​រាបសា​តាម​របៀប​នេះ ៖ « មនុស្ស​រាបសា​គឺងាយ​បង្រៀន ទទួល​ថា​គេ​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ និង​ចង់​ធ្វើ​តាម​ព្រះ​ឆន្ទៈ​របស់​​ទ្រង់ ។ មនុស្ស​រាបសាគឺ​ស្លូតបូត និងមាន​សមត្ថភាព​ធ្វើ​ឲ្យ​អ្នកដទៃ​ចង់ធ្វើតាម » ( « ចូរ​មាន​ចិត្ត​ស្លូតបូត ហើយ​សុភាព​រាបសា » EnsignLiahona ខែ​ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១០ ) ។ សូមពិចារណា​អំពីរបៀប​ដែល​អ្នកអាច​ជួយ​គ្រួសារ​របស់​អ្នក​ឲ្យ​យល់ដឹង​ពី​អត្ថន័យ​នៃ​ការ​បន្ទាប​ខ្លួន ។ អ្នក​អាច​ពិចារណា​ច្រៀង​ចម្រៀង​អំពី​ការបន្ទាប​ខ្លួន ដូចជា​បទ « ចូរ​បន្ទាបខ្លួន » ( ទំនុក​តម្កើង ល.រ ៧០ ) ខណៈ​ពេល​​ដែល​​សមាជិក​គ្រួសារ​ម្នាក់​ « ដឹក​ដៃ​ » មនុស្ស​ម្នាក់ផ្សេង​ទៀត ហើយ​ណែនាំ​ពួកគេ​ជុំវិញ​ផ្ទះ​របស់អ្នក ។ ឬចែក​ចាយ​បទពិសោធន៍ នៅពេល​ដែល​ព្រះអម្ចាស់​បាន​ដឹកនាំ​សមាជិក​គ្រួសារ​អ្នក « ដោយ​ដឹកដៃ » ​ហើយ​ប្រទាន « ចម្លើយ​ដល់​បទអធិស្ឋាន​ទាំងឡាយ​ [ របស់ពួកគេ ] » ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១១២:១១–១៤, ២៦ ។តើ​អ្វីទៅ​ជា​ភាព​ខុស​គ្នា​រវាង​ស្គាល់​ឈ្មោះ​មនុស្ស​ម្នាក់​ និង​ការស្គាល់​ពួកគេ ? តើ​យើង​បានរៀន​អ្វីខ្លះ​មក​ពី ខ​ទី ១១–១៤ អំពី​អត្ថន័យ​នៃ​ការ​ស្គាល់​ព្រះអម្ចាស់ ?

គោលលទ្ធិ និង សេចក្តីសញ្ញា ១១២:១៥ ។តើ​ការ « បះបោរ » ប្រឆាំង​ព្យាការី​មាន​ន័យ​ដូចម្ដេច ? តើ​យើង​រក​ឃើញ​អ្វីខ្លះ​នៅ​ក្នុង​ខគម្ពីរ​​នេះ ដែល​ជួយ​យើង​ឲ្យ​ចង់​គាំទ្រ​ព្យាការី ?

គោលលទ្ធិ និង សេចក្តីសញ្ញា ១១៣:៧–៨ ។តើ​យើង​រៀន​អ្វីខ្លះ​មកពី ខ​ទី ៨ ដែល​នឹង​ជួយ « នាំ​ក្រុង​ស៊ីយ៉ូន​ម្តងទៀត » និង​ដើម្បី​ប្រោសលោះ​អ៊ីស្រា​អែល ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា  ។

ចម្រៀង​ស្នើ ៖ « ចូរបន្ទាបខ្លួន » ទំនុកតម្កើង ល.រ ៧០ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​រស់នៅ​តាម​ទីបន្ទាល់​របស់អ្នក ។ « អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​បង្រៀន​ថា ‹ អ្នក​បង្រៀន​អ្វី​ដែល​ជា​ខ្លួនអ្នក ។ លក្ខណៈ​របស់​អ្នក​នឹង​ត្រូវ​បាន​ចងចាំ​ច្រើន​ជាង… សេចក្តី​ពិត​មួយ​នៅ​ក្នុង​មេរៀន​ជាក់លាក់​​មួយ › » ( នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១៣ ) ។

ថូម៉ាស ប៊ី ម៉ាស និង យ៉ូសែប ស្ម៊ីធ

ថូម៉ាស ប៊ី ម៉ាស កត់ត្រា​វិវរណៈ​ដែលបានប្រទាន​ដល់​លោក​តាមរយៈ​យ៉ូសែប ស្ម៊ីធ ។ ចូរ​បន្ទាបខ្លួន ដោយ ជូលី រ៉ូជើរ ។