« ការបំពេញតាមតម្រូវការរបស់កុមារពិការ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ការបំពេញតាមតម្រូវការរបស់កុមារពិការ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០២១
ការបំពេញតាមតម្រូវការរបស់កុមារពិការ
ថ្នាក់ដឹកនាំថ្នាក់បឋមសិក្សាមានការទទួលខុសត្រូវបង្រៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដល់កុមារទាំងអស់ រួមទាំងកុមារដែលពិការផងដែរ ។ នៅក្នុងថ្នាក់បឋមសិក្សា កុមារគ្រប់រូបគួរតែត្រូវបានស្វាគមន៍ ស្រឡាញ់ មើលថែ និងរាប់អាន ។ នៅក្នុងបរិយាកាសនេះ វាមានភាពងាយស្រួលជាងសម្រាប់កុមារទាំងអស់ដើម្បីយល់អំពីសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌របស់យើង និងព្រះយេស៊ូវគ្រីស្ទ ហើយដើម្បីដឹង និងទទួលស្គាល់ឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ។ គំនិតខាងក្រោមនេះអាចជួយអ្នកឲ្យបំពេញតម្រូវការនានាសម្រាប់កុមារពិការ ។
-
រៀនអំពីតម្រូវការជាក់លាក់របស់កុមារ ។ វិធីល្អបំផុតដើម្បីធ្វើកិច្ចការនេះគឺពិភាក្សាជាមួយឪពុកម្តាយ ឬអ្នកមើលថែកុមារនោះ ។ ស្វែងយល់ពីរបៀបដែលកុមារនោះរៀនបានល្អបំផុត និងយុទ្ធសាស្ត្រនានាដែលមានប្រយោជន៍បំផុត ។ អ្នកក៏អាចប្រឹក្សាជាមួយថ្នាក់ដឹកនាំ និងគ្រូបង្រៀនថ្នាក់បឋមសិក្សាផ្សេងទៀត ដែលមានបទពិសោធន៍ និងការយល់ដឹងឲ្យចែកចាយជាមួយអ្នក ។
-
បង្កើតបរិយាកាសវិជ្ជមានមួយដែលកុមារគ្រប់រូបមានអារម្មណ៍ថា មានសុវត្ថិភាព និងត្រូវបានគេស្រឡាញ់ ។ សូមរៀនស្គាល់ឈ្មោះកុមារទាំងអស់នៅក្នុងថ្នាក់របស់អ្នក ហើយជួយពួកគេឲ្យទទួលអារម្មណ៍ថា ពួកគេត្រូវបានគេទទួលយក ស្រឡាញ់ និងរាប់អាន ។ ជារឿយៗ កុមារពិការត្រូវបានគេរិះគន់ ដូច្នេះសូមរកមើលឱកាសដើម្បីសរសើរពួកគេចំពោះឥរិយាបថវិជ្ជមាននានា ។ សូមជួយកុមារដទៃទៀតឲ្យមានសេចក្តីស្រឡាញ់ និងការរាប់អានគ្នា ។
-
ធ្វើការកែសម្រួលនានា ដើម្បីឲ្យកុមារគ្រប់គ្នាអាចចូលរួម ។ ការផ្លាស់ប្តូរតិចតួច អាចកើតមានក្នុងសកម្មភាពនានា ដើម្បីប្រាកដថា កុមារទាំងអស់អាចរៀនរួមគ្នា រួមទាំងអ្នកដែលពិការ ឬមានការពិបាកក្នុងការរៀន ។ ឧទាហរណ៍ ប្រសិនបើសកម្មភាពមួយដែលសុំឲ្យបង្ហាញរូបភាព នោះអ្នកអាចច្រៀងចម្រៀងមួយដែលទាក់ទងជំនួសវិញ ដើម្បីឲ្យកុមារដែលមានបញ្ហាភ្នែកអាចចូលរួមដែរ ។
-
បង្កើតទម្លាប់ និងរចនាសម្ព័ន្ធក្នុងថ្នាក់ឲ្យបានជាប់លាប់ ។ វិធីមួយដើម្បីធ្វើដូច្នេះបានគឺ បង្កើតប័ណ្ណប្រកាសមួយជាមួយកាលវិភាគគម្រោងមេរៀនក្នុងថ្នាក់ ។ កាលវិភាគរបស់អ្នកអាចរួមមាន ការអធិស្ឋាន ម៉ោងបង្រៀន និងម៉ោងសកម្មភាព ។ ការធ្វើបែបនេះអាចជួយកាត់បន្ថយអារម្មណ៍ពុំប្រាកដប្រជា ដែលអាចបង្កើននូវការថប់បារម្ភក្នុងខ្លួនកុមារមួយចំនួន ។
-
ប្រើរូបភាព ។ កុមារដែលពិការខាងផ្នែករៀនសូត្រ ឬមានបញ្ហាខាងឥរិយាបថអាចទទួលបានប្រយោជន៍ពីការប្រើរូបភាព ដូចជារូបភាពគំរូសមរម្យនៃឥរិយាបថនានា ដូចជាការលើកដៃពីមុនឆ្លើយសំណួរជាដើម ។
-
ស្វែងយល់ពីមូលហេតុដែលឥរិយាបថលំបាកនោះកើតឡើង ។ សូមរៀនអំពីភាពពិការ ឬកាលៈទេសៈនានា ដែលអាចជះឥទ្ធិពលដល់កុមារម្នាក់ឲ្យធ្វើទង្វើមិនសមរម្យ ។ សូមយកចិត្តទុកដាក់ចំពោះអ្វីដែលកំពុងកើតឡើង ពេលឥរិយាបថលំបាកនោះកើតមាន ។ សូមពិចារណាអំពីរបៀបកែតម្រូវស្ថានភាពនោះប្រកបដោយការអធិស្ឋាន ដើម្បីជួយជ្រោមជ្រែងកុមារនោះឲ្យបានកាន់តែប្រសើរឡើង ។
-
ជួយកុមារម្នាក់ៗឲ្យរីកលូតលាស់ និងរីកចម្រើន ។ ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនថា « គ្រប់ទាំងគំនិត និងវិញ្ញាណដែលព្រះធ្លាប់បានបញ្ជូនមកក្នុងពិភពលោកនេះ គឺងាយនឹងពង្រីកបាន » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២១០ ) ។ សូមកុំសន្មតថា កុមារពិការមិនអាចរៀន ឬចូលរួមចំណែកបានឡើយ ។ សូមទូលទៅព្រះអម្ចាស់ឲ្យជួយអ្នកដឹងពីរបៀបដើម្បីជួយកុមារឈោងដល់សក្តានុពលខាងវិញ្ញាណរបស់ពួកគេ ។