« អ្នកគឺជាគ្រូបង្រៀនម្នាក់របស់កុមារ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« អ្នកគឺជាគ្រូបង្រៀនម្នាក់របស់កុមារ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០២១
អ្នកគឺជាគ្រូបង្រៀនម្នាក់របស់កុមារ
អ្នកត្រូវបានហៅមកពីព្រះដើម្បីបង្រៀនបុត្រាបុត្រីរបស់ទ្រង់តាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។ អ្នកត្រូវបានញែកចេញចំពោះការហៅបម្រើនេះដោយសិទ្ធិអំណាចនៃបព្វជិតភាពដ៏បរិសុទ្ធរបស់ទ្រង់ ។ ទោះបីជាអ្នកគ្មានបទពិសោធន៍ជាគ្រូបង្រៀនក៏ដោយ នៅពេលអ្នករស់នៅដោយស័ក្ដិសម អធិស្ឋានប្រចាំថ្ងៃ ហើយសិក្សាព្រះគម្ពីរ នោះព្រះវរបិតាសួគ៌នឹងប្រទានឥទ្ធិពល និងព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធឲ្យជួយអ្នកទទួលបានជោគជ័យដែរ ( សូមមើល នីហ្វៃទី ២ ៣៣:១ ) ។
អស់កុមារដែលត្រូវបានទុកចិត្តនឹងអ្នកឲ្យមើលថែ គឺជាបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ ហើយទ្រង់ជ្រាបពីអ្វីដែលពួកគេត្រូវការ និងពីរបៀបដ៏ល្អបំផុតដើម្បីជួយដល់ពួកគេ ។ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ នោះព្រះនឹងដឹកនាំអ្នកពេលអ្នករៀបចំមេរៀន និងពេលដែលអ្នកកំពុងបង្រៀន ។ ទ្រង់នឹងបើកសម្ដែងដល់អ្នកនូវអ្វីដែលអ្នកគួរនិយាយ និងអ្វីដែលអ្នកគួរធ្វើ ( សូមមើល នីហ្វៃទី ២ ៣២:៥ ) ។
នៅគ្រប់ទិដ្ឋភាពនៃជីវិតរបស់ពួកគេ កុមារជាទីស្រឡាញ់ទាំងនេះនឹងបន្ដស្រូបយកព័ត៌មាន បណ្ដុះ និងសម្រិតសម្រាំងទៅជាគំនិត ហើយធ្វើការស្វែងរក ព្រមទាំងចែកចាយគំហើញទាំងនោះ ។ ការណ៍នេះគឺពិតជាពិសេសចំពោះដំណឹងល្អ ដោយសារកុមារជាញឹកញាប់បានត្រៀមខ្លួនជាស្រេច និងចង់រៀនពីសេចក្ដីពិតដ៏សាមញ្ញនៃដំណឹងល្អ ។ សេចក្ដីជំនឿរបស់ពួកគេក្នុងរឿងខាងវិញ្ញាណមានភាពរឹងមាំ និងបរិសុទ្ធ ហើយពួកគេមើលទៅគ្រប់នាទីទាំងអស់ជាឱកាសរៀនសូត្រមួយ ។ ពួកគេស្ម័គ្រចិត្តធ្វើតាមអ្វីដែលពួកគេបានរៀនសូត្រ ទោះបីជាការយល់ដឹងរបស់ពួកគេពុំទាន់បានពេញលេញក្ដី ។ នេះគឺជារបៀបដែលពួកយើងទាំងអស់គ្នាគួរតែទទួលបានដំណឹងល្អ ។ ដូចដែលព្រះអង្គសង្គ្រោះបានបង្រៀនថា « អ្នកណាដែលមិនទទួលនគរព្រះ ដូចជាកូនតូចៗ នោះមិនបានចូលទៅក្នុងនគរនោះឡើយ » ( លូកា ១៨:១៧ ) ។
ការហៅឲ្យបង្រៀនកុមារគឺជាទំនុកចិត្តដ៏ពិសិដ្ឋមួយ ហើយពេលខ្លះវាគឺជារឿងធម្មតាទេដែលមាននូវការថប់បារម្ភនោះ ។ ប៉ុន្ដែសូមចងចាំថា ព្រះវរបិតាសួគ៌របស់អ្នកបានហៅអ្នក ហើយទ្រង់នឹងមិនដែលបោះបង់អ្នកចោលឡើយ ។ នេះគឺជាកិច្ចការរបស់ព្រះអម្ចាស់ ហើយកាលអ្នកបម្រើ « ឲ្យអស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំង » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៤:២ នោះទ្រង់នឹងពង្រីកសមត្ថភាព អំណោយទាន និងទេពកោសល្យរបស់អ្នក ហើយការបម្រើរបស់អ្នកនឹងផ្តល់ពរដល់ជីវិតរបស់កុមារដែលអ្នកបង្រៀន ។