« ថ្ងៃទី ១២–១៨ ខែ សីហា ។ រ៉ូម ៧–១៦ ៖ ‹ ឈ្នះសេចក្តីអាក្រក់ ដោយសារសេចក្តីល្អ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ១២–១៨ ខែ សីហា ។ រ៉ូម ៧–១៦ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០១៩
ថ្ងៃទី ១២–១៨ ខែ សីហា
រ៉ូម ៧–១៦
« ឈ្នះសេចក្តីអាក្រក់ ដោយសារសេចក្តីល្អ »
នៅពេលអ្នកអាន រ៉ូម ៧–១៦ សូមកត់ត្រាការបំផុសគំនិតនានា ដែលអ្នកទទួលបាន អំពីរបៀបដែលអ្នកអាចបង្រៀនកុមារអំពីសេចក្ដីពិតនៃជំពូកទាំងនេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
សូមសួរកុមារថា តើពួកគេបានចែកចាយជាមួយក្រុមគ្រួសាររបស់ពួកគេ នូវអ្វីដែលបានរៀន នៅក្នុងថ្នាក់បឋមសិក្សាកាលពីសប្ដាហ៍មុនដែរឬទេ ។ ( អ្នកអាចនឹងត្រូវ រំឭកមេរៀនកាលពីសប្ដាហ៍មុនដោយសង្ខេបជាមួយនឹងពួកគេ ) ។ ប្រសិនបើពួកគេបានចែកចាយ តើពួកគេបានចែកចាយអំពីអ្វី ?
បង្រៀនគោលលទ្ធិ
កុមារតូចៗ
ព្រះវរបិតាសួគ៌ទ្រង់ស្រឡាញ់ខ្ញុំ ។
តើអ្នកអាចប្រើប្រសាសន៍របស់ប៉ុល ដើម្បីបង្រៀនកុមារថា ព្រះវរបិតាសួគ៌នឹងស្រឡាញ់ពួកគេជានិច្ចតាមរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារទន្ទេញចាំ ឃ្លា « [ គ្មានអ្វី ] អាចនឹងពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះបានឡើយ » ( រ៉ូម ៨:៣៩ ) ។ ដើម្បីបង្ហាញអំពីសេចក្ដីពិតនេះ សូមព្យួរក្ដារខៀនពីរនៅជាប់គ្នា រួចនៅលើក្ដារខៀនមួយសូមសរសេរថា « ពួកយើង » និងលើក្ដារខៀនមួយទៀតសរសេរថា « សេចក្ដីស្រឡាញ់របស់ព្រះ ។ » សូមទុកឲ្យកុមាររកឲ្យឃើញ ថា តើពួកគេអាចបំបែកក្ដារខៀនទាំងពីរនេះចេញពីគ្នាបានឬទេ ។
-
សូមនាំកុមារចេញទៅក្រៅដើម្បីឲ្យប៉ះនឹងពន្លឺព្រះអាទិត្យ ឬបង្ហាញរូបភាពព្រះអាទិត្យ ។ តើព្រះអាទិត្យប្រៀបដូចជាសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌យ៉ាងដូចម្ដេច ? សូមជួយពួកគេឲ្យឃើញថា ទោះជាព្រះអាទិត្យស្ថិតដ៏សែនឆ្ងាយក្ដី វានៅតែអាចជួយយើងឲ្យមានភាពកក់ក្ដៅបាន ។ យើងអាចទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌បានគ្រប់ពេលទាំងអស់ ទោះជាទ្រង់មិនគង់នៅជាមួយយើងដោយផ្ទាល់ក៏ដោយ ។ អ្នកក៏អាចច្រៀងជាមួយគ្នានូវបទ « ព្រះវរបិតាស្រឡាញ់ខ្ញុំ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១៦–១៧ ) ។
សេចក្តីជំនឿកើតឡើងដោយឮព្រះបន្ទូលរបស់ព្រះ ។
នៅពេលកុមារឮព្រះបន្ទូលរបស់ព្រះ ហើយស្ដាប់ដោយប្រុងប្រយ័ត្ន នោះសេចក្ដីជំនឿរបស់ពួកគេលើព្រះនឹងកើនឡើង ។ តើអ្នកអាចជួយពួកគេឲ្យយល់ពីសារៈសំខាន់នៃការស្ដាប់ព្រះបន្ទូលរបស់ព្រះ បានតាមរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន រ៉ូម ១០:១៧ ឲ្យកុមារស្ដាប់ រួចបង្ហាញរូបភាព អំពីស្ថានភាពទាំងឡាយដែលពួកគេអាចឮព្រះបន្ទូលរបស់ព្រះបាន ( មានដូចជាក្នុងពេលសិក្សាព្រះគម្ពីរជាគ្រួសារ នៅព្រះវិហារ ឬតាមរយៈសន្និសីទទូទៅ សូមមើលទំព័រសកម្មភាពនៅសប្ដាហ៍នេះ ) ។ សូមសួរកុមារថា តើពួកគេបានឮព្រះបន្ទូលរបស់ព្រះនៅពេលណា ។
-
សូមតំណាលរឿងមួយអំពីកុមារម្នាក់ដែលស្ដាប់តាមព្រះបន្ទូលរបស់ព្រះ នៅតាមរបៀបណាមួយក៏បាន ។ ខណៈពេលដែលអ្នកតំណាលរឿងនោះ សូមផ្លុំប៉េងប៉ោងបន្តិចម្ដងៗ ដើម្បីបង្ហាញអំពីរបៀបដែលសេចក្ដីជំនឿរបស់កុមាររីកចម្រើន រាល់ពេល ដែលពួកគេស្ដាប់ព្រះបន្ទូលរបស់ព្រះ ។
-
ដើម្បីជួយកុមារយល់ថា សេចក្ដីជំនឿអាចរីកចម្រើនបាន សូមជួយពួកគេច្រៀងបទ « ជំនឿ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៥០–៥១ ) ។ នៅពេលពួកគេច្រៀង សូមឲ្យពួកគេគិតថាពួកគេគឺជាគ្រាប់ពូជ ដោយឱនក្បាលចុះក្រោម ។ គ្រប់ពេលដែលពួកគេច្រៀងចំពាក្យ ជំនឿ សូមឲ្យពួកគេងើបឡើងបន្តិច ដូចជារុក្ខជាតិដែលកំពុងលូតលាស់ ។
-
សូមលាក់ព្រះគម្ពីរមួយឈុត រូបភាពមួយសន្លឹកនៃប្រធានសាសនាចក្រ និងទស្សនាវដ្ដី ប្រិយមិត្ត ឬ លីអាហូណា មួយច្បាប់នៅក្នុងថ្នាក់រៀន ។ សូមឲ្យកុមារស្វែងរកវត្ថុទាំងនេះ រួចចែកចាយអំពីរបៀបដែលវត្ថុនីមួយៗទាំងនេះ អាចធ្វើឲ្យយើងឮព្រះបន្ទូលរបស់ព្រះបាន ។
ខ្ញុំអាចពោលពាក្យអរគុណ ទៅដល់អ្នកទាំងឡាយដែលបានជួយខ្ញុំ ។
ប៉ុលបានមានអំណរគុណចំពោះមនុស្សដែលបានជួយគាត់ ។ អ្នកអាចជួយកុមារឲ្យកត់ចំណាំនូវអំពើល្អ ដែលមនុស្សដទៃបានធ្វើសម្រាប់ពួកគេ រួចចងចាំថាត្រូវថ្លែងអំណរគុណដល់មនុស្សទាំងនោះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមពន្យល់ថា ប៉ុលបានមានអំណរគុណចំពោះជំនួយដែលគាត់បានទទួលពីស្ត្រីម្នាក់ឈ្មោះ ភីបេ និងគូស្វាមីភរិយាមួយគូឈ្មោះ ព្រីស៊ីល និង អ័គីឡា ( សូមមើល រ៉ូម ១៦:១–៤ ) ។ សូមឲ្យកុមារគូររូបប៉ុល និងមនុស្សទាំងបីនាក់នេះ នៅពេលអ្នកចែកចាយនូវពាក្យពេចន៍ និងឃ្លាចេញពីខគម្ពីរទាំងនេះ ។
-
សូមអញ្ជើញកុមារម្នាក់ៗឲ្យចែកចាយនូវទង្វើល្អមួយ ដែលនរណាម្នាក់បានធ្វើសម្រាប់ពួកគេកាលពីថ្មីៗនេះ ។ សូមជួយកុមារឲ្យធ្វើការថ្លែងអំណរគុណសម្រាប់មនុស្សទាំងនោះ ។
-
សូមកុមារឲ្យរៀនអំពីរបៀប ពោលពាក្យអរគុណទៅតាមភាសាផ្សេងៗគ្នា ។ បទចម្រៀង « កូនចៅទូទាំងពិភពលោក » ( សៀវភៅចម្រៀងកុមារ ទំព័រ ៤–៥ ) អាចជួយបាន ។
បង្រៀនគោលលទ្ធិ
កុមារធំៗ
ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យខ្ញុំរៀបចំខ្លួនដើម្បីទទួលបាននូវអ្វីគ្រប់យ៉ាងដែលទ្រង់មាន ។
ផែនការរបស់ព្រះវរបិតាសួគ៌អាចធ្វើឲ្យយើង ក្លាយដូចទ្រង់ ហើយគ្រងមរដកទាំងអស់ដែលទ្រង់មាន ។ សេចក្តីពិតនេះអាចបំផុសគំនិតដល់កុមារដែលអ្នកបង្រៀនឲ្យរស់នៅតាមដំណឹងល្អកាន់តែស្មោះត្រង់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន រ៉ូម ៨:១៦–១៨ ទាំងអស់គ្នា ។ តើយើងរៀនអ្វីខ្លះចេញពីខគម្ពីរទាំងនេះ អំពីថា តើយើងជានរណា និងថា តើយើងអាចក្លាយជាអ្វីនោះ ? សូមពន្យល់ថា « អ្នកគ្រងមរដក » គឺជាអ្នកដែលគ្រង ឬទទួលបាន អ្វីដែលឪពុកម្ដាយរបស់ខ្លួនមាន ។ សូមសរសេរនៅលើក្ដារខៀនថា តើយើងចាំបាច់ត្រូវធ្វើដូចម្ដេច ដើម្បីគ្រងមរដកទាំងអស់ ដែលព្រះវរបិតាគង់នៅស្ថានសួគ៌មាន ? សូមច្រៀងទាំងអស់គ្នានូវបទចម្រៀងមួយបទអំពីការគោរពប្រតិបត្តិ ដូចជាបទ « ខ្ញុំនឹងធ្វើតាមផែនការព្រះ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៨៦–៨៧ ) ដោយស្វែងរកចម្លើយ ។ តើមានចម្លើយណាផ្សេងទៀត ដែលកុមារអាចគិតដល់ ?
-
សូមឲ្យកុមារគិតអំពីព្រះមហាក្សត្រមួយព្រះអង្គដែលសព្វព្រះទ័យឲ្យ ព្រះរាជបុត្រ និង ព្រះរាជធីតាទ្រង់ សោយរាជ្យនៅក្នុងនគរទ្រង់នៅថ្ងៃណាមួយ ។ សូមពន្យល់ថា ព្រះវរបិតាសួគ៌គឺដូចជាព្រះមហាក្សត្រមួយព្រះអង្គ ហើយយើងទាំងអស់គ្នាគឺជាព្រះរាជបុត្រ និងព្រះរាជធីតាហ្លួងរបស់ទ្រង់ ។ អ្នកអាចចែកចាយរឿងរបស់ព្រះរាជបុត្ររបស់ព្រះចៅល្វីសទី ១៦ នៃប្រទេសបារាំង ដែលមានថ្លែងនៅក្នុងសុន្ទរកថារបស់ ស៊ិស្ទើរ អេលែន អេស ដាល់ថុន « Remember Who You Are! » ( Ensign ឬLiahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ១២១ ) ។ តើការចងចាំថា យើងគឺជាបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ និងការកើតមកដើម្បីនៅថ្ងៃណាមួយអាចមានលក្ខណៈដូចទ្រង់ ជួយយើងឲ្យរស់នៅដោយសុចរិតនៅលើផែនដីយ៉ាងដូចម្ដេច ? ( សម្រាប់ព័តមានបន្ថែមសូមមើល ពិតចំពោះសេចក្ដីជំនឿ ) ។
សេចក្តីជំនឿកើតឡើងដោយឮព្រះបន្ទូលរបស់ព្រះ ។
កុមារអាចមានឱកាសជាច្រើនដើម្បីស្ដាប់ព្រះបន្ទូលព្រះ ។ សូមជួយពួកគេឲ្យឃើញអំពីរបៀបដែលព្រះបន្ទូលរបស់ព្រះ អាចពង្រឹងសេចក្ដីជំនឿរបស់ពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមសរសេរប្រយោគដូចតទៅនៅលើក្ដារខៀន ៖ កើតឡើងដោយ ហើយដែល ដោយ សារ ។ សូមឲ្យកុមារបំពេញចន្លោះបន្ទាប់ពីបានអាន រ៉ូម ១០:១៧ ។ សូមចែកចាយអំពីគ្រាមួយដែលនរណាម្នាក់បានបង្រៀនសេចក្ដីពិតនៃដំណឹងល្អ ដែលបានជួយពង្រឹងសេចក្ដីជំនឿរបស់អ្នក—ប្រហែលជាអ្នកអាចចែកចាយបទគម្ពីរដែលអ្នកពេញចិត្ត ឬប្រសាសន៍ដកស្រង់ចេញពីសន្និសីទទូទៅ ។ សូមអញ្ជើញកុមារឲ្យចែកចាយបទពិសោធន៍របស់ពួកគេ ។
-
សូមបិតផ្លាកនៅលើកែវទឹកបួនប្រាំ ដោយនូវឈ្មោះអ្វីៗដែលយើងអាចរកឃើញព្រះបន្ទូលរបស់ព្រះ ( ដូចជាព្រះគម្ពីរ ការប្រជុំទាំងឡាយក្នុងសាសនាចក្រ និងសន្និសីទទូទៅ ) ។ សូមពិភាក្សាអំពីរបៀបដែលព្រះបន្ទូលរបស់ព្រះ ធ្វើឲ្យសេចក្ដីជំនឿរបស់យើងកើនឡើង នៅពេលអ្នកចាក់ទឹកចូលទៅក្នុងកែវនីមួយៗ ដែលមានបិតឈ្មោះថា « សេចក្តីជំនឿ » ។
-
សូមផ្ដល់ឲ្យកុមារម្នាក់នូវរូបភាពមួយសន្លឹកនៃព្រះអង្គសង្គ្រោះកំពុងប្រោសនរណាម្នាក់ឲ្យជា ដោយកុំឲ្យកុមារដទៃទៀតឃើញរូបភាពនោះឡើយ ។ សូមឲ្យកុមារនោះផ្ដល់ជាតម្រុយដើម្បីជួយកុមារដទៃទៀត ទាយថា តើរូបភាពនោះបង្ហាញអំពីអ្វី ។ តើអ្នកអាចចែកចាយជាមួយមនុស្សដទៃទៀត នូវអ្វីដែលយើងដឹងអំពីព្រះអង្គសង្គ្រោះ ដើម្បីឲ្យគេអាចមានសេចក្ដីជំនឿលើទ្រង់យ៉ាងដូចម្ដេច ?
« កុំបីឲ្យយើង … និន្ទាគ្នាទៅវិញទៅមក » ។
នៅពេលកុមារធ្វើការទាក់ទងនឹងមនុស្សដទៃដែលធ្វើជម្រើសផ្សេងៗគ្នាពីជម្រើសរបស់ពួកគេ នោះពួកគេអាចត្រូវបានល្បួងឲ្យនិន្ទាគ្នា ។ សូមពិចារណាថា តើដំបូន្មានរបស់ប៉ុលទៅដល់ពួករ៉ូម អាចជួយពួកគេឲ្យចៀសវាងពីការនិន្ទាបែបនេះយ៉ាងដូចម្ដេច ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារម្នាក់អាន រ៉ូម ១៤:១០, ១៣ ។ សូមឲ្យសិស្សដទៃទៀតរាប់ចំនួនពាក្យ និន្ទា ដែលប៉ុលបានប្រើ ។ តើការនិន្ទាមនុស្សដទៃមានន័យដូចម្ដេច ? ហេតុអ្វីបានជាយើងត្រូវចៀសវាងពីការនិន្ទាមនុស្សដទៃ ?
-
សូមបង្ហាញរូបភាពនរណាម្នាក់ រួចសួរកុមារថា តើយើងស្គាល់អ្វីខ្លះ អំពីបុគ្គលនោះបើគ្រាន់តែមើលរូបភាពនោះ ។ តើអ្វីខ្លះដែលយើងមិនស្គាល់អំពីបុគ្គលនោះ ? ហេតុអ្វីបានជាព្រះអម្ចាស់គឺជាអង្គតែមួយគត់ ដែលសក្ដិសមបំផុតក្នុងការកាត់សេចក្តីពីបុគ្គលម្នាក់នេះ ? ( សូមមើល សាំយូអែល ទី១ ១៦:៧ ) ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមឲ្យសិស្សជ្រើសរើសយកសកម្មភាពមួយ ដែលអ្នកបានធ្វើជាមួយសិស្សទាំងអស់ ហើយទៅធ្វើសកម្មភាពនោះជាមួយក្រុមគ្រួសាររបស់ពួកគេ ។ សូមប្រាប់ពួកគេថា នៅសប្ដាហ៍ក្រោយពួកគេអាចចែកចាយអ្វីដែលពួកគេបានធ្វើ ។