ចូរ​មក​តាម​ខ្ញុំ
ថ្ងៃ​ទី ១៩–២៥ ខែ សីហា កូរិនថូស ទី១ ១–៧ ៖ ‹ ត្រូវ​ឲ្យ​បាន​រួបរួម​គ្នា ›


« ថ្ងៃ​ទី ១៩–២៥ ខែ សីហា កូរិនថូស ទី១ ១–៧ ៖ ‹ ត្រូវ​ឲ្យ​បាន​រួបរួម​គ្នា › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃ​ទី ១៩–២៥ ខែ សីហា កូរិនថូស ទី១ ១–៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ឆ្នាំ ២០១៩

កូរិនថូស

ទីក្រុង កូរិនថូស ក្រិក​ភាគ​ខាង​ជើង មជ្ឈមណ្ឌល​វេទិកា​ប្រជុំ និង សាធារណៈ​ គំនូរ​ដោយ បាឡាហ្គ បាឡហ្វ

ថ្ងៃ​ទី ១៩–២៥ ខែ សីហា

 កូរិនថូស ទី១ ១–៧

« ត្រូវ​ឲ្យ​បាន​រួបរួម​គ្នា »

ព្រះវិញ្ញាណបរិសុទ្ធ​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ពី​អ្វី​ដែល​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​នៅ​ក្នុង  កូរិនថូស ទី១ ១–៧ នឹង​ជួយ​កុមារ​ដែល​អ្នក​បង្រៀន ។ នៅ​ពេល​អ្នក​អាន​ជំពូក​ទាំងនេះ​ប្រកប​ដោយ​ការអធិស្ឋាន សូម​កត់ត្រា​គំនិត និង​អារម្មណ៍​នានា ដែល​កើតឡើង​ចំពោះ​អ្នក​ពី​ព្រះវិញ្ញាណ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

នៅ​ពីរ​បី​ថ្ងៃ​មុន​ការបង្រៀន សូម​អញ្ជើញ​កុមារ​ម្នាក់ ឬ​ច្រើន​ឲ្យ​ស្វែងរក​នៅ​ក្នុង  កូរិនថូស ទី១ ១–៧ នូវ​អ្វី​ដែល​ពួកគេ​អាច​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។ ប្រសិនបើ​ចាំបាច់ អ្នក​អាច​អញ្ជើញ​ឪពុកម្ដាយ​របស់​ពួកគេ​ឲ្យ​ជួយ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

កុមារ​តូចៗ

 កូរិនថូស ទី១ ២:១១–១៤

ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន​ខ្ញុំ​អំពី​សេចក្តីពិត​នៃ​ដំណឹងល្អ ។

តួនាទី​មួយ​ក្នុង​ចំណោម​តួនាទី​ទាំងឡាយ​របស់​ព្រះវិញ្ញាណបរិសុទ្ធ គឺ​បង្រៀន​យើង​អំពី​សេចក្ដីពិត ។ តើ​បទពិសោធន៍​ណា​ខ្លះ​ដែល​អ្នក​អាច​ចែកចាយ​ជាមួយ​កុមារ ដើម្បី​ជួយ​ពួកគេ​យល់​អំពី​ការណ៍​នេះ ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​វត្ថុ ឬ​រូបភាព​នានា​ដែល​បង្ហាញ​អំពី​របៀប​ដែល​យើង​អាច​ដឹង​អំពី​លោកិយ ( ដូចជា សាលា សៀវភៅ ឬ​ទូរសព្ទដៃ ) ។ តើ​យើង​អាច​ដឹង​អ្វី​ខ្លះ នៅ​ពេល​យើង​ប្រើប្រាស់​នូវ​វត្ថុ​ទាំងនេះ ? សូម​ពន្យល់​ថា​នៅ​ក្នុង  កូរិនថូស ទី១ ២:១១, ១៤ ប៉ុល​បាន​បង្រៀន​ថា យើង​អាច​ដឹង​អំពី​ព្រះ តែ​តាមរយៈ​ព្រះវិញ្ញាណ​នៃ​ព្រះ ដែល​ជា​ព្រះវិញ្ញាណបរិសុទ្ធ​ប៉ុណ្ណោះ ។ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ដឹង​អំពី « សេចក្ដី​ខាង​ឯ​ព្រះ » ?

  • សូម​ទះ​ដៃ​នៅ​ពេល​អ្នក​អាន​ព្យាង្គ​នីមួយៗ​នៅ​ក្នុង​ប្រយោគ « ព្រះវិញ្ញាណបរិសុទ្ធ​បង្រៀន​យើង​អំពី​សេចក្ដីពិត » ។ សូម​ឲ្យ​កុមារ​ទះដៃ ហើយ​ថា​តាម​ឃ្លា​នោះ ។ សូម​ចែកចាយ​ជាមួយ​កុមារ អំពី​បទពិសោធន៍​មួយ​នៅ​គ្រា​ដែល​ព្រះវិញ្ញាណបរិសុទ្ធ បាន​ជួយ​អ្នក​ឲ្យ​ដឹង​ថា​អ្វី​មួយ​គឺ​ជា​ការពិត ។

  • សូម​ច្រៀង​ជាមួយ​គ្នា​នូវ​បទចម្រៀង​អំពី​ព្រះវិញ្ញាណបរិសុទ្ធ ដូចជា​បទ « ព្រះវិញ្ញាណបរិសុទ្ធ »សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥៦ ) ។ សូម​ជួយ​កុមារ​ឲ្យ​ស្វែងរក​ពាក្យ និង​ឃ្លា​នៅ​ក្នុង​ចម្រៀង​នេះ ដែល​បង្រៀន​អំពី​របៀប​ដែល​ព្រះវិញ្ញាណបរិសុទ្ធ​មាន​បន្ទូល​មក​កាន់​យើង និង​អំពី​សេចក្ដី​ដែល​ទ្រង់​បង្រៀន​យើង ។

 កូរិនថូស ទី១ ៣:១០–១១

ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ជើង​ជញ្ជាំង​របស់​ខ្ញុំ ។

កុមារ​កំពុង​តែ​ពឹងផ្អែក​លើ​ជើង​ជញ្ជាំង​មួយ​សម្រាប់​ទីបន្ទាល់​របស់​ពួកគេ ហើយ​អ្នក​អាច​ជួយ​ពួកគេ​ឲ្យ​សង់​នៅ​លើ​ជើង​ជញ្ជាំង​ដ៏​មាំ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន  កូរិនថូស ទី១ ៣:១១ ឲ្យ​កុមារ​ស្ដាប់ រួច​ពន្យល់​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ជើង​ជញ្ជាំង​របស់​យើង ។ សូម​បង្ហាញ​ដល់​កុមារ​នូវ​រូបភាព​នៃ​វត្ថុ​មួយ​ចំនួន ដែល​យើង​អាច​មាន​ទីបន្ទាល់ រួមបញ្ចូល​ទាំង​រូបភាព​ព្រះយេស៊ូវគ្រីស្ទ​ផង ។ សូម​ជួយ​ពួកគេ​រៀបចំ​រូបភាព​ទាំងឡាយ ដើម្បី​ដាក់​រូបភាព​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្រោម​គេ ទុក​ដូចជា​ជើង​ជញ្ជាំង និង​រូបភាព​ដទៃទៀត « សង់ » នៅ​លើ​ទីបន្ទាល់​អំពី​ទ្រង់ ។

  • សូម​បង្កើត​កាយវិការ​នានា​សម្រាប់​បទចម្រៀង « មនុស្ស​ប្រាជ្ញា និង មនុស្ស​ល្ងង់ »សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៣២ ) រួច​ច្រៀង​ចម្រៀង​នោះ​ជាមួយ​កុមារ ។ សូម​ផ្ដល់​ឲ្យ​កុមារ​ម្នាក់ៗ​នូវ​ថ្ម​មួយ​ដុំ​ដោយ​មាន​សរសេរ​ពាក្យ « ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ជើង​ជញ្ជាំង​របស់​ខ្ញុំ » ។ សូម​ឲ្យ​ពួកគេ​យក​ដុំ​ថ្ម​នោះ​ទៅ​ផ្ទះ ដើម្បី​រំឭក​ពួកគេ​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។

  • សូម​ចែកចាយ​រូបភាព​នានា​ដែល​ពន្យល់​អំពី​រឿង​មួយ​ចំនួន​ដែល​អ្នក​ចូលចិត្ត ចេញ​ពី​ព្រះជន្ម​របស់​ព្រះអង្គសង្គ្រោះ រួច​សូម​ឲ្យ​កុមារ​ប្រាប់​អ្នក​អំពី​អ្វី​ដែល​កើតឡើង​នៅ​ក្នុង​រូបភាព​នោះ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​រឿង​ដែល​ពួកគេ​ចូលចិត្ត​អំពី​ព្រះយេស៊ូវ ។ សូម​ថ្លែង​ទីបន្ទាល់​របស់​អ្នក​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ជើង​ជញ្ជាំង​នៃ​សេចក្ដីជំនឿ​របស់​អ្នក ។

 កូរិនថូស ទី១ ៦:១៩

រូបកាយ​របស់​ខ្ញុំ​គឺ​ដូច​ជា​ព្រះវិហារបរិសុទ្ធ ។

តើ​អ្នក​អាច​ជួយ​កុមារ​ឲ្យ​មាន​អំណរគុណ​ចំពោះ​រូបកាយ​របស់​ខ្លួន ថា​ជា​អំណោយ​មក​ពី​ព្រះ ហើយ​មាន​បំណងប្រាថ្នា​កាន់តែ​ខ្លាំង​ដើម្បី​ថែរក្សា​រូបកាយ​របស់​ពួកគេ តាម​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព​ព្រះវិហារបរិសុទ្ធ​ដល់​សិស្ស ( សូម​មើល គម្រោង​មេរៀន​នៅ​សប្ដាហ៍​នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង ក្រុម​គ្រួសារ ) រួច​អាច​ពាក្យ​ទាំងនេះ​ចេញ​ពី  កូរិនថូស ទី១ ៦:១៩ ៖ « រូបកាយ​អ្នក​រាល់​គ្នា​ជា​វិហារ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។ សូម​ជួយ​កុមារ​យល់​ថា ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​ពួកគេ​រក្សា​រូបកាយ​របស់​ខ្លួន​ឲ្យ​បាន​ស្អាតស្អំ និង​បរិសុទ្ធ ដូចជា​ព្រះវិហារបរិសុទ្ធ​ដែរ ។

  • សូម​បង្ហាញ​រូបភាព​កុមារ​ម្នាក់ ហើយ​ដាក់​រូបភាព​ផ្សេងៗ​ទៀត​នៅ​ជុំវិញ​រូបភាព​កុមារ​នោះ ដែល​ជា​វត្ថុ​ល្អ​សម្រាប់​រូបកាយ និង​មិន​ល្អ​សម្រាប់​រូបកាយ ។ សូម​ឲ្យ​កុមារ​ដាក់​វេន​គ្នា ចង្អុល​រូបភាព​នៃ​វត្ថុ​ល្អ រួច​ដក​យក​រូបភាព​នៃ​វត្ថុ​ដែល​មិន​ល្អ​ចេញ ។

  • សូម​ច្រៀង​បទចម្រៀង​អំពី​រូបកាយ​មួយ​បទ​ជាមួយ​គ្នា ដូចជា​បទ « ក្បាល ស្មា ជង្គង់ និង​ជើង »សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១២៩ ) រួច​សួរ​កុមារ​អំពី​មូលហេតុ​ដែល​ពួកគេ មាន​អំណរគុណ​ចំពោះ​រូបកាយ​របស់​ពួកគេ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

កុមារ​ធំៗ

 កូរិនថូស ទី១ ១:២៣–២៥

ព្រះ​មាន​ព្រះបញ្ញាញាណ​ជាង​មនុស្ស ហើយ​ខ្ញុំ​បង្ហាញ​ប្រាជ្ញា​ពិត នៅ​ពេល​ខ្ញុំ​ជឿ​លើ​ការបង្រៀន​របស់​ទ្រង់ ។

កុមារ​ដែល​អ្នក​បង្រៀន​នឹង​ឃើញ​ថា—ប្រសិនបើ​ពួកគេ​ពុំ​បាន​បង្រៀន​អំពី​ប្រាជ្ញា​នៃ​ព្រះ​ទេ—នោះ​មនុស្ស​មួយ​ចំនួន​នឹង​បង្រៀន​អំពី​សេចក្ដី​ដែល​ប្រឆាំង​នឹង​ប្រាជ្ញា​នៃ​ព្រះ​ហើយ ។ ការសិក្សា​នៅ​ក្នុង  កូរិនថូស ទី១ ១:២៣–២៥ អាច​ជួយ​កុមារ​យល់​ថា ព្រះ​មាន​ព្រះបញ្ញាញាណ​ជាង​មនុស្ស ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន  កូរិនថូស ទី១ ១:២៣–២៥ ទាំងអស់​គ្នា រួច​ជួយ​កុមារ​ឲ្យ​ស្វែងរក​ពាក្យ ប្រាជ្ញា និង សេចក្ដី​ល្ងង់ល្ងើ ។ សូម​ពន្យល់​ថា មនុស្ស​ជា​ច្រើន​បាន​គិត​ថា សេចក្ដីបង្រៀន​របស់​ប៉ុល​គឺ​ជា​សេចក្ដី​ល្ងង់ល្ងើ ប៉ុន្តែ​ប៉ុល​បាន​ពន្យល់​ថា ការជឿ​លើ​ដំណឹងល្អ​របស់​ព្រះគ្រីស្ទ គឺ​ជា​ប្រាជ្ញា​ដ៏​ពិត ។ ហេតុអ្វី​បាន​ជា​វា​ជា​រឿង​ឆ្លាតវៃ ក្នុង​ការជឿ​លើ​សេចក្ដី​ដែល​ព្រះ​បង្រៀន ?

  • សូម​ជួយ​កុមារ​ឲ្យ​សម្ដែង​ពី​របៀប​ដែល​ពួកគេ​អាច​ឆ្លើយ​តប​ទៅ​កាន់ មនុស្ស​ដែល​គិត​ថា សេចក្ដីបង្រៀន​របស់​សាសានាចក្រ​គឺ​ជា « សេចក្ដីល្ងង់ល្ងើ »—ដែល​ជា​សេចក្ដីបង្រៀន​អំពី​ការជឿ​លើ​ព្រះអង្គសង្គ្រោះ ការគោរព​តាម​ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ ឬ​ការធ្វើ​តាម​ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ជាដើម ។ ឧទាហរណ៍ ពួកគេ​អាច​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​នានា ដែល​កើតឡើង​មក​ពី​ការរស់នៅ​តាម​សេចក្ដីបង្រៀន​ទាំងនេះ ។

  • សូម​ចែកចាយ​បទពិសោធន៍​មួយ​នៅ​ពេល​ដែល​មនុស្សដទៃ​បាន​គិត​ថា ជំនឿ​របស់​អ្នក​គឺ​ជា​សេចក្ដីល្ងង់ល្ងើ ឬ​ចែកចាយ​បទពិសោធន៍​មួយ​ចេញ​ពី​បទគម្ពីរ ។ តើ​កុមារ​អាច​ចែកចាយ​អំពី​បទពិសោធន៍​ស្រដៀង​នេះ​ដែរ​ឬ​ទេ ? តើ  កូរិនថូស ទី១ ១:២៥ អាច​ជួយ​យើង បន្ត​ស្មោះត្រង់ នៅ​ពេល​មនុស្សដទៃ​ហៅ​ជំនឿ​យើង​ថា​ជា​សេចក្ដីល្ងង់ល្ងើ បាន​យ៉ាង​ដូចម្ដេច ?

 កូរិនថូស ទី១ ២:១១–១៤

ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន​ខ្ញុំ​អំពី​សេចក្តីពិត​នៃ​ដំណឹងល្អ ។

តើ​អ្នក​អាច​ជួយ​កុមារ​ឲ្យ​ទទួលស្គាល់​ថា ពួកគេ​ត្រូវការ​ព្រះវិញ្ញាណបរិសុទ្ធ​ដើម្បី​យល់ « សេចក្ដី​ខាង​ឯ​ព្រះ » យ៉ាង​ដូចម្ដេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ធ្វើ​បញ្ជី​នៃ​របៀប​នានា​ដែល​យើង​ដឹង​អំពី​លោកិយ—ឧទាហរណ៍ សៀវភៅ សាលា និង​អ៊ិនធើរណែត ។ បន្ទាប់​មក សូម​អាន​ទាំងអស់​គ្នា​នៅ​ក្នុង  កូរិនថូស ទី១ ២:១១–១៤ ។ តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អំពី​របៀប​ដែល​យើង​ដឹង « សេចក្ដី​ខាង​ឯ​ព្រះ » យ៉ាង​ដូចម្ដេច ?

  • សូម​អញ្ជើញ​កុមារ​ចែកចាយ​អំពី​គ្រា​មួយ ដែល​ពួកគេ​បាន​ទទួលអារម្មណ៍​នៃ​ការបំផុសគំនិត​មក​ពី​ព្រះវិញ្ញាណបរិសុទ្ធ ដែល​ត្រូវបាន​ហៅ​ផងដែរ​ថា « ព្រះវិញ្ញាណ​នៃ​ព្រះ » (  កូរិនថូស ទី១ ២:១១–១៤ ) ។ គ្រា​ទាំងនោះ​អាច​រួម​បញ្ចូល​ទាំង​ពេល​ដែល​ពួកគេ​នៅ​ព្រះវិហារ អធិស្ឋាន ឬ​ការអាន​បទព្រះគម្ពីរ​ទាំងឡាយ ។ សូម​ជួយ​ពួកគេ​យល់​ថា ព្រះវិញ្ញាណបរិសុទ្ធ​បាន​បង្រៀន​សេចក្ដីពិត​ដល់​ពួកគេ ដូច​ប៉ុល​បាន​ពិពណ៌នា ។

  • សូម​អញ្ជើញ​កុមារ​ម្នាក់ៗ​អាន​បទគម្ពីរ​មួយ​ចេញ​ពី​បទគម្ពីរ​ទាំងនេះ  កូរិនថូស ទី១ ២:១១–១៤,  នីហ្វៃទី១ ១០:១៧, មរ៉ូណៃ ១០:៣–៥, និង គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:២–៣ ។ សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​បទគម្ពីរ​ទាំងនេះ អំពី​របៀប​ដែល​ព្រះវិញ្ញាណបរិសុទ្ធ​បង្រៀន​យើង ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​សរសេរ​សេចក្ដីយោង​ទាំងនេះ នៅ​លើ​គែម​ព្រះគម្ពីរ​របស់​ពួកគេ ។

 កូរិនថូស ទី១ ៦:១៩–២០

ខ្ញុំ​គួរតែ​ប្រព្រឹត្ត​ចំពោះ​រូបកាយ​ខ្ញុំ​ដោយ​ការគោរព ហើយ​រក្សា​វា​ឲ្យ​បាន​បរិសុទ្ធ ។

ការយល់​ថា រូបកាយ​របស់​យើង​គឺ​ជា​អំណោយ​មក​ពី​ព្រះវរបិតាសួគ៌ នឹង​ជួយ​កុមារ​ឲ្យ​រក្សា​រូបកាយ​របស់​ពួកគេ​ឲ្យ​បាន​ពិសិដ្ឋ ទោះជា​ពេល​ពួកគេ​ត្រូវបាន​ល្បួង​ឲ្យ​ធ្វើ​ដូចនោះ​ក្ដី ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​នាំ​យក​កាដូ​ដែល​បាន​ខ្ចប់​ដោយ​មាន​រូបភាព​កុមារ​ម្នាក់ និង​រូបភាព​ព្រះវិហារបរិសុទ្ធ​នៅ​ខាង​ក្នុង ។ សូម​អញ្ជើញ​កុមារ​ឲ្យ​អាន  កូរិនថូស ទី១ ៦:១៩–២០ រួច​ទាយ​ថា តើ​មាន​អ្វី​នៅ​ក្នុង​កាដូ​នោះ ។ សូម​ឲ្យ​ពួកគេ​ហែក​កញ្ចប់​កាដូ​នោះ រួច​ពិភាក្សា​អំពី​របៀប​ដែល​រូបកាយ​របស់​យើង​គឺ​ដូចជា​ព្រះវិហារបរិសុទ្ធ ។

  • សូម​ពិភាក្សា​ជាមួយ​កុមារ​អំពី​របៀប ដែល​យើង​គួរតែ​ប្រព្រឹត្ត​ចំពោះ​ព្រះវិហារបរិសុទ្ធ ។ ប្រសិនបើ​រូបកាយ​របស់​យើង​គឺ​ដូចជា​ព្រះវិហារបរិសុទ្ធ តើ​យើង​គួរតែ​ប្រព្រឹត្ត​ចំពោះ​រូបកាយ​យើង​តាម​របៀប​ណា ? ការច្រៀង ឬ​ការអាន​ទំនុកបទ​ចម្រៀង​មួយ​អំពី​ព្រះវិហារបរិសុទ្ធ ដូចជា « ព្រះ​បាន​ប្រទាន​វិហារ​ឲ្យ​ខ្ញុំសៀវភៅ​ចម្រៀង​កុមារ ទំព័រ ៧៣ ) អាច​ជួយ​ឆ្លើយ​សំណួរ​នេះ​បាន ។ នៅ​ពេល​យើង​ធ្វើ​កំហុស តើ​យើង​អាច​ធ្វើ​ឲ្យ « ព្រះវិហារបរិសុទ្ធ » របស់​យើង​បាន​ស្អាត​ឡើង​វិញ​តាម​របៀប​ណា ?

  • សូម​អាន​ទាំងអស់​គ្នា​នៅ​ក្នុង​ជំពូក​មួយ​ចំណងជើង​ថា « សុខភាព​ខាង​រូបកាយ និង សតិអារម្មណ៍ នៅ ដើម្បី​កម្លាំង​នៃ​យុវជន ( ឆ្នាំ ២០១១ ទំព័រ ២៥–២៧ ) ។ សូម​អញ្ជើញ​កុមារ​ឲ្យ​សរសេរ​នៅ​លើ​ក្ដារខៀន នូវ​ដំបូន្មាន​ដែល​ពួកគេ​រក​ឃើញ​អំពី​របៀប​ថែទាំ​រូបកាយ​របស់​ពួកគេ ។

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួកគេ នូវ​បទចម្រៀង​ដែល​ពួកគេ​បាន​ច្រៀង​នៅ​ក្នុង​ថ្នាក់ និង​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​ចម្រៀង​នោះ ។

ការកែលម្អ​ការបង្រៀន​របស់​យើង

សូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ កិច្ចការ​ដែល​សំខាន់​ជាង​គេ​បំផុត​ដែល​អ្នក​អាច​ធ្វើ ក្នុង​នាម​ជា​គ្រូបង្រៀន គឺ​ត្រូវ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ការណ៍​ធ្វើ​ដូចនេះ​នឹង​ជួយ​កុមារ​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ ហើយ​ទទួលអារម្មណ៍​នៃ​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ​ដែល​មាន​សម្រាប់​ពួកគេ ។