« ថ្ងៃទី ២៦ ខែ សីហា–ថ្ងៃទី ១ ខែ កញ្ញា កូរិនថូស ទី១ ៨–១៣ ‹ អ្នករាល់គ្នាជារូបកាយនៃព្រះគ្រីស្ទ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ២៦ ខែ សីហា–ថ្ងៃទី ១ ខែ កញ្ញា កូរិនថូស ទី១ ៨–១៣ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ២០១៩
ថ្ងៃទី ២៦ ខែ សីហា–ថ្ងៃទី ១ ខែ កញ្ញា
កូរិនថូស ទី១ ៨–១៣
« អ្នករាល់គ្នាជារូបកាយនៃព្រះគ្រីស្ទ »
នៅពេលអ្នកអាន កូរិនថូស ទី១ ៨–១៣ សូមស្ដាប់ការបំផុសគំនិតពីព្រះវិញ្ញាណអំពីរបៀប ដើម្បីបង្រៀនគោលការណ៍ទាំងឡាយនៅក្នុងជំពូកទាំងនេះ ។ សូមចងចាំថា រាល់យោបល់អំពីសកម្មភាព អាចត្រូវបានសម្របតាមសម្រាប់កុមារតូចៗផង និងធំៗផង ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
សូមអញ្ជើញកុមារឲ្យចែកចាយនូវអ្វីដែលពួកគេបានធ្វើ អំឡុងការប្រជុំសាក្រាម៉ង់នៅថ្ងៃនេះ ដើម្បីគិតអំពីព្រះយេស៊ូវ ។
បង្រៀនគោលលទ្ធិ
កុមារតូចៗ
ព្រះវរបិតាសួគ៌នឹងជួយខ្ញុំឲ្យធ្វើជម្រើសសុចរិត ។
វាមិនតែងតែជារឿងស្រួលធ្វើជានិច្ចទេក្នុងការជ្រើសរើសផ្លូវត្រូវនោះ ប៉ុន្តែព្រះវរបិតាសួគ៌នឹងជួយអ្នកឲ្យធ្វើនូវជម្រើសសុចរិត ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន កូរិនថូស ទី១ ១០:១៣ ឲ្យកុមារស្ដាប់ ដោយអញ្ជើញពួកគេឲ្យចេញឲ្យឆ្ងាយពីអ្នកនៅពេលពួកគេឮពាក្យ « ត្រូវល្បួង » ឬ « ការល្បួង » ។
-
សូមបង្កើតសញ្ញាឈប់តូចមួយសម្រាប់កុមារ ។ សូមតំណាលរឿងខ្លីអំពីមនុស្ស ដែលហៀបនឹងធ្វើជម្រើសខុស ។ នៅពេលកុមារស្ដាប់ សូមអញ្ជើញពួកគេលើកសញ្ញារបស់ពួកគេឡើង នៅពេលបុគ្គលនៅក្នុងរឿងនោះ ធ្វើជម្រើសខុស ។ តើអ្វីដែលជាជម្រើសត្រឹមត្រូវ ? សូមថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌នឹងជួយពួកគេឲ្យជ្រើសរើសផ្លូវត្រូវ ។
-
សូមបង្ហាញរូបភាពព្រះយេស៊ូវ និងច្រៀងជាមួយកុមារនូវចម្រៀងមួយបទអំពីព្រះយេស៊ូវ ដូចជា « ខ្ញុំព្យាយាមក្លាយដូចព្រះយេស៊ូវ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៤០–៤១ ) ។ តើការចងចាំអំពីព្រះយេស៊ូវ ជួយយើងឲ្យធ្វើជម្រើសត្រឹមត្រូវយ៉ាងដូចម្ដេច ? សូមបង្ហាញរូបភាពនៃអ្វីផ្សេងទៀត ដែលជួយយើងឲ្យធ្វើជម្រើសត្រឹមត្រូវ ដូចជាឪពុកម្ដាយ ឬព្រះគម្ពីរ ។ សូមសួរកុមារថា តើអ្វីដែលជួយពួកគេឲ្យធ្វើជម្រើសត្រឹមត្រូវ ?
ព្រះវរបិតាសួគ៌បានប្រទានពរខ្ញុំឲ្យមានអំណោយទានខាងវិញ្ញាណ ។
ព្រះវរបិតាសួគ៌បានប្រទានដល់បុត្រាបុត្រីទ្រង់ទាំងអស់ នូវអំណោយទានខាងវិញ្ញាណ ។ តើអំណោយទានខាងវិញ្ញាណណាខ្លះ ដែលអ្នកឃើញថាកុមារដែលអ្នកបង្រៀននោះមាន ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអានជាមួយគ្នា កូរិនថូស ទី១ ១២:៧–១១ រួចស្វែងរកអំណោយទានខាងវិញ្ញាណដែលប៉ុលបានលើកឡើង ។ សូមជួយកុមារឲ្យគិតអំពីសកម្មភាព ដែលសមស្របទៅនឹងអំណោយទានខាងវិញ្ញាណទាំងនេះ រួចប្រើសកម្មភាពទាំងនោះ ដើម្បីជួយកុមារឲ្យចងចាំអំពីអំណោយទាននានា ។
-
សូមឲ្យកុមារគូររូបអំណោយទានដែលពួកគេចូលចិត្ត ហើយបានទទួល ។ សូមពន្យល់ថា ព្រះវរបិតាសួគ៌ប្រទានឲ្យយើងនូវអំណោយទានខាងវិញ្ញាណ ដើម្បីពង្រឹងសេចក្ដីជំនឿរបស់យើង ហើយជួយយើងផ្ដល់ពរដល់មនុស្សដទៃ ។
-
សូមសរសេរកំណត់ចំណាំមួយសម្រាប់កុមារម្នាក់ៗ ដោយពិពណ៌នាអំពីអំណោយទានខាងវិញ្ញាណដែលអ្នកបានឃើញថាពួកគេមាន ( ឬអ្នកអាចអញ្ជើញឪពុកម្ដាយឲ្យសរសេរកំណត់ចំណាំនេះ ) ។ សូមវេចខ្ចប់កំណត់ចំណាំនោះឲ្យដូចជាកាដូមួយ ។ សូមអនុញ្ញាតឲ្យកុមារហែកកាដូរបស់ពួកគេ ហើយជួយពួកគេអានអំណោយទានខាងវិញ្ញាណរបស់ពួកគេ ។
ខ្ញុំអាចស្រឡាញ់មនុស្សដទៃ ។
បទគម្ពីរបង្រៀនថា សេចក្តីសប្បុរសគឺជា « សេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ » ( មរ៉ូណៃ ៧:៤៧ ) ។ តើអ្នកអាចជួយកុមារឲ្យអភិវឌ្ឍ ហើយបង្ហាញសេចក្ដីស្រឡាញ់ដូចព្រះគ្រីស្ទយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន កូរិនថូស ទី១ ១៣:៨ និង មរ៉ូណៃ ៧:៤៧ រួចជួយកុមារឲ្យថាតាមឃ្លា « សេចក្ដីសប្បុរស គឺជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ » ។ សូមបង្ហាញរូបភាពដែលព្រះយេស៊ូវពេញទៅដោយសេចក្ដីស្រឡាញ់ និងព្រះទ័យសប្បុរស រួចសួរកុមារថា តើទ្រង់បានបង្ហាញសេចក្ដីស្រឡាញ់ដល់មនុស្សដទៃតាមរបៀបណា ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ដើម្បីបានជាគំនិត ) ។
-
សូមជ្រើសរើសកុមារម្នាក់ឲ្យឈរនៅពីមុខថ្នាក់រៀន ។ សូមសួរកុមារអំពីរបៀបដែលពួកគេ នឹងបម្រើដល់កុមារម្នាក់ទៀតនៅក្នុងថ្នាក់ ។ សូមពន្យល់ថា នេះគឺជារបៀបមួយដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់ដល់មនុស្សដទៃ ។ សូមអញ្ជើញកុមារដទៃទៀតឲ្យដាក់វេន បង្ហាញសេចក្ដីសប្បុរស ។
-
សូមច្រៀងជាមួយកុមារនូវចម្រៀងមួយបទអំពីសេចក្ដីស្រឡាញ់ដល់មនុស្សដទៃ ដូចជាបទ « ព្រះយេស៊ូវមានបន្ទូលស្រឡាញ់មនុស្សគ្រប់រូប » ឬ « ចូរអ្នកស្រឡាញ់គ្នា » ( សៀវភៅចម្រៀងកុមារ ទំព័រ ៣៩, ៧៤ ) ។ សូមបង្ហាញរូបភាពនៃមនុស្សផ្សេងៗគ្នា ( ដូចជាឪពុកម្ដាយ គ្រូបង្រៀន ឬមិត្តភក្ដិ ) រួចសូមឲ្យកុមារចែកចាយ អំពីរបៀបដែលពួកគេអាចបម្រើបុគ្គលនោះ ។ សូមអញ្ជើញកុមារឲ្យគិតអំពីនរណាម្នាក់ ដែលពួកគេអាចបម្រើ រួចសរសេរកំណត់ចំណាំមួយ ឬគូររូបមួយដើម្បីផ្ដល់ជូនដល់បុគ្គលនោះ ។ ប្រសិនបើពួកគេត្រូវការយោបល់ សូមបង្ហាញវីដេអូ « Pass It On » ( LDS.org ) ។
បង្រៀនគោលលទ្ធិ
កុមារធំៗ
ព្រះវរបិតាសួគ៌នឹងជួយខ្ញុំឲ្យតតាំងនឹងការល្បួង ។
ពាក្យសន្យានៅក្នុងខគម្ពីរនេះ អាចផ្ដល់ទំនុកចិត្តដល់កុមារថា ព្រះវរបិតាសួគ៌នឹងជួយពួកគេនៅពេលពួកគេត្រូវបានល្បួង ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារអាន កូរិនថូស ទី១ ១០:១៣ ជាមួយដៃគូ រួចសង្ខេបខគម្ពីរនោះដោយប្រើពាក្យពេចន៍ផ្ទាល់ខ្លួន ។ សូមឲ្យកុមារចែកចាយបទពិសោធន៍មួយ ដែលព្រះវរបិតាសួគ៌បានជួយពួកគេឲ្យចៀសវាង ឬតតាំងនឹងការល្បួង ។ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីពឹងផ្អែកទៅលើព្រះវវបិតាសួគ៌ នៅពេលយើងត្រូវបានល្បួង ?
-
សូមសរសេរនៅលើក្រដាសតូចៗ អំពីការល្បួងនានាដែលកុមារអាចនឹងប្រឈមមុខនាពេលបច្ចុប្បន្ននេះ ។ សូមអញ្ជើញកុមារម្នាក់ៗឲ្យរើសយកក្រដាសមួយ រួចចែកចាយអំពីអ្វីដែលព្រះវរបិតាសួគ៌បានប្រទានឲ្យយើង ដើម្បីជួយយើងឲ្យចៀសវាង ឬតតាំងនឹងការល្បួងទាំងនេះ ។ ដើម្បីបានយោបល់មួយចំនួន សូមអានទាំងអស់គ្នានៅក្នុង អាលម៉ា ១៣:២៨–២៩ ។
អំឡុងពិធីសាក្រាម៉ង់ ខ្ញុំអាចគិតអំពីរបៀបដែលខ្ញុំកំពុងធ្វើតាមព្រះអង្គសង្គ្រោះ ។
ពិធីសាក្រាម៉ង់មានសារៈសំខាន់បន្ថែមសម្រាប់កុមារ ដែលបានទទួលពិធីបុណ្យជ្រមុជទឹក ។ សូមជួយពួកគេឲ្យចាត់ទុកពិធីបរិសុទ្ធដ៏ពិសិដ្ឋនេះ ជាឱកាសមួយដើម្បី « ល្បង » ខ្លួនឯងមើល ហើយរំឭកការតាំងចិត្តរបស់ខ្លួនចំពោះព្រះអង្គសង្គ្រោះ ( កូរិនថូស ទី១ ១១:២៨ ) ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារម្នាក់អាន កូរិនថូស ទី១ ១១:២៨ ។ តើ « ល្បង » ខ្លួនឯងមើលពីមុនទទួលទានសាក្រាម៉ង់ មានន័យដូចម្ដេច ? សូមឲ្យកុមារគិតអំពីមនុស្សដទៃទៀតដែលល្បងកិច្ចការផ្សេងៗដូចជា វេជ្ជបណ្ឌិត អ្នកអង្កេតការណ៍ ឬអ្នកវិទ្យាសាស្ត្រ ( ឧទាហរណ៍ វេជ្ជបណ្ឌិតល្បងរាងកាយរបស់យើងដើម្បីរកមើលរបួស ឬជំងឺផ្សេងៗ ដែលត្រូវការព្យាបាល ) ។ តើកិច្ចការរបស់ពួកគេ បង្រៀនយើងដូចម្ដេចខ្លះអំពីរបៀបដែលយើងគួរតែល្បងមើលខ្លួនយើង នៅពេលយើងទទួលទានសាក្រាម៉ង់ ?
-
សូមឲ្យកុមារសរសេរកិច្ចការផ្សេងៗ ដែលពួកគេអាចគិតអំពីគ្រាដែលពួកគេទទួលទានសាក្រាម៉ង់ ? សូមអញ្ជើញពួកគេឲ្យប្រើបញ្ជីរបស់ខ្លួន ទុកជាវត្ថុរំឭកខ្លួនឯងអំឡុងពិធីសាក្រាម៉ង់ ។
កូរិនថូស ទី១ ១២:៤, ៧–១២, ៣១, ១៣:១–៨
ខ្ញុំមានអំណោយទានខាងវិញ្ញាណ ។
ប៉ុលបានបង្រៀនថា អំណោយទានខាងវិញ្ញាណ « សម្ដែងមកក្នុងគ្រប់គ្នា » ( កូរិនថូស ទី១ ១២:៧ ) ។ គោលការណ៍នេះអាចជួយកុមារ ឲ្យបង្កើតអារម្មណ៍នៃតម្លៃខ្លួន ជាពិសេសនៅពេលពួកគេប្រើប្រាស់អំណោយទានរបស់ពួកគេ ដើម្បីផ្ដល់ពរដល់មនុស្សដទៃ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារសរសេរនៅលើក្ដារខៀន អំពីអំណោយទានខាងវិញ្ញាណដែលពួកគេរកឃើញនៅក្នុង កូរិនថូស ទី១ ១២:៧–១១, ១៣:២ ។ សូមអញ្ជើញពួកគេឲ្យស្វែងរក អំណោយទានខាងវិញ្ញាណបន្ថែមដែលមានចែងនៅក្នុង មរ៉ូណៃ ១០:៨–១៨ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:១៣–២៦ ។ សូមចែកចាយជាមួយពួកគេ នូវអំណោយទានបន្ថែមមួយចំនួន ដែលបានលើកឡើងដោយ អែលឌើរ ម៉ាវីន ជេ អាស្តុន ៖ « អំណោយទាននៃការសួរសំណួរ អំណោយទាននៃការស្ដាប់ … អំណោយទាននៃការចៀសវាងពីជម្លោះ … អំណោយទាននៃការស្វែងរកអ្វីៗដែលសុចរិត អំណោយទាននៃការមិនវិនិច្ឆ័យ អំណោយទាននៃការស្វែងរកការដឹកនាំពីព្រះ … អំណោយទាននៃការមើលថែមនុស្សដទៃ … អំណោយទាននៃការអធិស្ឋាន អំណោយទាននៃការថ្លែងទីបន្ទាល់ដ៏មានអានុភាព » ( « There Are Many Gifts » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៧ ទំព័រ ២០ ) ។ សូមអញ្ជើញកុមារឲ្យថ្លែង អំពីអំណោយទានខាងវិញ្ញាណដែលពួកគេឃើញថា មិត្តរួមថ្នាក់របស់ពួកគេមាន ។
-
ពីមុនចាប់ផ្ដើមថ្នាក់រៀន សូមសួរឪពុកម្ដាយថា តើអំណោយទានណាខ្លះ ដែលពួកគេឃើញកូនៗរបស់ពួកគេមាន ឬគិតអំពីអំណោយទានទាំងនោះដោយខ្លួនអ្នក ។ សូមប្រាប់កុមារអំពីអំណោយទានទាំងនេះ រួចសូមឲ្យពួកគេទាយថា តើកុមារណាម្នាក់មានអំណោយទាននោះ ។ សូមអញ្ជើញកុមារឲ្យសរសេររបៀបមួយដែលពួកគេនឹងប្រើអំណោយទានរបស់ពួកគេ ដើម្បីផ្ដល់ពរនរណាម្នាក់នៅសប្ដាហ៍នេះ ។
-
សូមចែកចាយស្ថានភាពខុសៗគ្នា ដែលមនុស្សអាចប្រើអំណោយទានខាងវិញ្ញាណមួយចេញពី កូរិនថូស ទី១ ១២:៧–១០ ។ សូមអញ្ជើញកុមារឲ្យស្វែងរកអំណោយទានខាងវិញ្ញាណនានា ដែលអាចប្រើបាននៅក្នុងស្ថានភាពនីមួយៗ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យចែកចាយអំណោយទានខាងវិញ្ញាណរបស់ខ្លួន ជាមួយគ្រួសាររបស់ពួកគេ រួចសួរសមាជិកគ្រួសាររបស់ពួកគេ ថា តើពួកគេមានអំណោយទានអ្វីខ្លះ ។