« ថ្ងៃទី ១៦–២២ ខែ កញ្ញា កូរិនថូស ទី២ ៨–១៣ ៖ ‹ ព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ១៦–២២ ខែ កញ្ញា កូរិនថូស ទី២ ៨–១៣ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩
ថ្ងៃទី ១៦–២២ ខែ កញ្ញា
កូរិនថូស ទី២ ៨–១៣
« ព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ »
យោបល់ដ៏ល្អបំផុតសម្រាប់ការបង្រៀនកុមារនៅក្នុងថ្នាក់របស់អ្នកនឹងមាន នៅពេលអ្នកសិក្សាប្រកបដោយការអធិស្ឋាននៅក្នុង កូរិនថូស ទី២ ៨–១៣ ជាមួយពួកគេនៅក្នុងចិត្ត ។ គំនិតបន្ថែមសម្រាប់ការបង្រៀន អាចរកបាននៅក្នុងគម្រោងមេរៀននេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
របៀបមួយដើម្បីអញ្ជើញកុមារឲ្យចែកចាយ គឺត្រូវរំឭកពួកគេអំពីអ្វីដែលអ្នកបានអញ្ជើញពួកគេឲ្យធ្វើ កាលពីមេរៀនមុន ។ សូមឲ្យពួកគេចែកចាយបទពិសោធន៍របស់ពួកគេ ។
បង្រៀនគោលលទ្ធិ
កុមារតូចៗ
ខ្ញុំអាចផ្ដល់ឲ្យដល់អ្នកខ្វះខាតដោយអំណរ ។
វាតែងតែជារឿងល្អជានិច្ចដើម្បីបម្រើមនុស្សដទៃ ប៉ុន្តែវាកាន់តែប្រសើរទៅទៀតដែលត្រូវបម្រើដោយអំណរ ។ សូមពិចារណាអំពីអ្វីដែលនឹងបំផុសគំនិតកុមារម្នាក់ៗ ឲ្យធ្វើជា « អ្នកដែលថ្វាយដោយអំណរ » ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យថាតាមឃ្លា « ព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ » ( កូរិនថូស ទី២ ៩:៧ ) ។ តើការធ្វើជា « អ្នកដែលថ្វាយដោយអំណរ » មានន័យដូចម្ដេច ? សូមបង្ហាញរូបភាពមុខរីករាយ និងមុខក្រៀមក្រំ រួចសួរកុមារថា តើរូបណាមួយដែលជាអ្នកដែលថ្វាយដោយអំណរ ។
-
សូមច្រៀងទាំងអស់គ្នានូវចម្រៀងមួយបទអំពីការបម្រើ ដូចជាបទ « ពេលយើងជួយ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១០៨ ) ឲ្យបានបីបួនដង ។ លើកទីមួយ សូមឲ្យកុមារច្រៀងដោយអំណរ បន្ទាប់មកឲ្យពួកគេច្រៀងដោយប្រើអារម្មណ៍ ឬឥរិយាបថផ្សេង ដូចជា ក្រៀមក្រំ នឿយហត់ ខឹង ឬភ័យខ្លាច ។ សូមរំឭកកុមារថា ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យយើងជួយមនុស្សដទៃដោយមានចិត្តរីករាយ ។ បន្ទាប់មក ច្រៀងចម្រៀងនោះម្ដងទៀតដោយអំណរ ។
-
សូមផ្ដល់រូបភាពមុខញញឹមដល់កុមារ ។ សូមឲ្យពួកគេលើករូបភាពរបស់ខ្លួនឡើង នៅពេលពួកគេឮពាក្យ ញញឹម ឬ ការញញឹមកាលពួកគេច្រៀងបទ « ញញឹម » ( សៀវភៅចម្រៀងកុមារ ទំព័រ ១២៨ ) ។ ពួកគេអាចធ្វើដូចគ្នាដោយលើករូបភាពមុខក្រញ៉ូវ នៅពេលពួកគេឮពាក្យ ក្រញ៉ូវ និង មុខក្រញ៉ូវ ។ សូមប្រាប់កុមារថា មុខក្រញ៉ូវគ្មានអំណរនោះទេ របៀបមួយដើម្បីមានអំណរ ហើយបម្រើមនុស្សដទៃ គឺត្រូវញញឹម ហើយជួយមនុស្សដទៃឲ្យញញឹម ។
-
សូមដាក់ផែនការធ្វើសកម្មភាពក្នុងថ្នាក់មួយដើម្បីបម្រើនរណាម្នាក់ ដូចជា កុមារម្នាក់ដែលពុំមកថ្នាក់បឋមសិក្សា ឬសមាជិកវួដម្នាក់ ឬអ្នកជិតខាងម្នាក់ដែលត្រូវការជំនួយ ។ អ្នកអាចដាក់ផែនការទៅសួរសុខទុក្ខម្នាក់នោះដល់ផ្ទះ សរសេរសំបុត្រខ្លី ឬគូររូប ឬធ្វើអាហារទៅជូនគាត់ ។
-
សូមអញ្ជើញកុមារម្នាក់ឲ្យដាក់ផែនការសកម្មភាពបម្រើដោយអំណរ ដល់សមាជិកម្នាក់ក្នុងគ្រួសាររបស់ពួកគេ ។ អំឡុងការបង្រៀននៅសប្ដាហ៍ក្រោយ សូមឲ្យកុមារចែកចាយអ្វីដែលពួកគេបានធ្វើ ។
ព្រះវរបិតាសួគ៌តែងតែឆ្លើយតបការអធិស្ឋានជានិច្ច ប៉ុន្តែទ្រង់ពុំតែងតែប្រទានអ្វីគ្រប់យ៉ាងដែលខ្ញុំទូលសូមនោះទេ ។
បទពិសោធន៍របស់ប៉ុលជាមួយនឹងការអធិស្ឋានទូលសូមឲ្យ « បន្លា១ចាត់មកក្នុងសាច់ឈាម » របស់លោកត្រូវបានដកចេញទៅ បង្រៀនយើងថា ពេលខ្លះព្រះបង្ហាញ្សេចក្ដីស្រឡាញ់របស់ទ្រង់សម្រាប់យើង តាមរយៈការមិនប្រទានអ្វីសោះដែលយើងចង់បាន ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញដល់កុមារនូវរុក្ខជាតិមានបន្លាមួយដើម ( ឬរូបភាព ) ។ សូមជួយពួកគេឲ្យស្រមៃថា តើពួកគេមានអារម្មណ៍បែបណា ប្រសិនបើមានបន្លាមួយចាក់ជាប់នៅក្នុងស្បែករបស់ពួកគេរយៈពេលយូរ ។ សូមសង្ខេប កូរិនថូស ទី២ ១២:៧–១០ ឲ្យកុមារស្ដាប់ ដោយប្រើពាក្យដែលពួកគេនឹងស្ដាប់យល់ ។ សូមពន្យល់ថា « បន្លា១ចាត់មកក្នុងសាច់ឈាម » របស់ប៉ុល គឺជាការសាកល្បង ដែលជាភាពទន់ខ្សោយខាងសាច់ឈាម ។ ទោះជាប៉ុលបានទូលសូមព្រះឲ្យដកយកការសាកល្បងចេញក៏ដោយ ព្រះនឹងពុំបានយកចេញឡើយ ។ ផ្ទុយទៅវិញ ព្រះបានត្រាស់បង្រៀនប៉ុលថា ឧបសគ្គនានាអាចជួយយើងរៀនដើម្បីមានភាពរាបសា ហើយទុកចិត្តលើទ្រង់ ។ បន្ទាប់មក ព្រះអាចធ្វើឲ្យយើងមានភាពរឹងមាំ ។
-
សូមថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌ទ្រង់ជ្រាបអំពីអ្វីដែលល្អបំផុតសម្រាប់យើង ហើយទ្រង់នឹងប្រទានឲ្យយើងនូវអ្វីដែលយើងត្រូវការ ទោះជាវាមិនមែនជាអ្វីដែលយើងគិតថា យើងត្រូវការវាក៏ដោយ ។ អ្នកក៏អាចនឹងចែកចាយបទពិសោធន៍មួយ នៅពេលដែលការអធិស្ឋានរបស់អ្នកត្រូវបានឆ្លើយតប នៅតាមរបៀប ឬពេលមួយ ដែលខុសពីការរំពឹងទុករបស់អ្នក ។ រឿងនៅក្នុងអត្ថបទ « Don’t Forget to Pray for Erik » ( Friend ខែ មករា ឆ្នាំ ២០១៧ ទំព័រ ៣៦–៣៧ ) ក៏អាចជាជំនួយដែរ ។
-
សូមច្រៀងជាមួយកុមារនូវចម្រៀងមួយបទអំពីសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ដូចជាបទ « ការអធិស្ឋានរបស់កុមារ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៦–៧ ) ។ សូមសួរកុមារថា តើពួកគេនឹងថ្លែងដូចម្ដេច ទៅកាន់នរណាម្នាក់ដែលឆ្ងល់ថា តើព្រះវរបិតាសួគ៌ព្រះសណ្ដាប់ ហើយឆ្លើយតបការអធិស្ឋានរបស់ពួកគេឬអត់នោះ ។ សូមច្រៀងចម្រៀងនោះម្ដងទៀត រួចចង្អុលបង្ហាញឃ្លាដែលពិពណ៌នា អំពីព្រះទ័យរបស់ព្រះវរបិតាសួគ៌មានចំពោះយើង ។
បង្រៀនគោលលទ្ធិ
កុមារធំៗ
ខ្ញុំអាចផ្ដល់ឲ្យដល់អ្នកខ្វះខាតដោយអំណរ ។
ប៉ុលចង់បំផុសគំនិតពួកបរិសុទ្ធ ឲ្យផ្ដល់ទ្រព្យសម្បត្តិរបស់ពួកគេដើម្បីជួយជនក្រីក្រ ។ តើអ្នកនឹងប្រើពាក្យពេចន៍របស់លោក ដើម្បីបំផុតគំនិតកុមារឲ្យបម្រើមនុស្សដទៃយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមសរសេរពាក្យនានានៅក្នុង កូរិនថូស ទី២ ៩:៧ នៅលើក្ដារខៀន ដោយទុកចន្លោះសម្រាប់ពាក្យគន្លឹះ ។ សូមអញ្ជើញកុមារឲ្យទាយថា តើពាក្យដែលចន្លោះនោះគឺជាអ្វី ។ បន្ទាប់មក សូមឲ្យពួកគេអានខគម្ពីរនោះដើម្បីបំពេញចន្លោះ ។ តើការផ្ដល់ឲ្យ « ដោយស្តាយ ឬដោយបង្ខំ » មានន័យដូចម្ដេច ? តើការធ្វើជា « អ្នកដែលថ្វាយដោយអំណរ » មានន័យដូចម្ដេច ?
-
សូមអញ្ជើញកុមារឲ្យជួយអ្នកស្វែងរករូបភាពព្រះអង្គសង្គ្រោះបម្រើមនុស្សដទៃ ( មានមួយចំនួននៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និង ក្រុមគ្រួសារ ) ។ សូមសួរថា តើពួកគេឃើញអ្វីនៅក្នុងរូបភាពទាំងនេះ ដែលជួយពួកគេដឹងថា ព្រះយេស៊ូវបានបម្រើមនុស្សដទៃដោយសេចក្ដីស្រឡាញ់ ។ សូមដាក់គោលដៅជាមួយកុមារទាំងអស់ ដើម្បីនិយាយថា បាទ/ចា៎ស នៅពេលមានសមាជិកគ្រួសារ ឬមនុស្សដទៃទៀតសុំឲ្យអ្នកបម្រើនៅសប្ដាហ៍ក្រោយ ដូចជាតាមរយៈការជួយធ្វើការងារជុំវិញផ្ទះ ឬការមើលថែមនុស្សដទៃ ។
-
សូមជួយកុមារលាបពណ៌ដុំថ្មតូចៗ ។ សូមអញ្ជើញពួកគេឲ្យយក « ដុំថ្មនៃការបម្រើ » របស់ពួកគេ ដាក់ក្នុងហោប៉ៅជានិច្ចនៅសប្ដាហ៍នេះ ដើម្បីជួយពួកគេចងចាំថាត្រូវបម្រើមនុស្សដទៃដោយអំណរ ។
-
សូមជួយកុមារឲ្យច្រៀងវគ្គថ្មីៗនៃចម្រៀងអំពីការបម្រើ ដូចជាបទ « សប្បាយធ្វើការ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១២៩ ) ដែលបង្រៀនថា ការបម្រើមនុស្សដទៃតាមរបៀបជាច្រើនគឺសប្បាយណាស់ ។
ព្រះវរបិតាសួគ៌តែងតែឆ្លើយតបការអធិស្ឋានជានិច្ច ប៉ុន្តែទ្រង់ពុំតែងតែប្រទានអ្វីគ្រប់យ៉ាងដែលខ្ញុំទូលសូមនោះទេ ។
ប៉ុលបានទូលសូមព្រះឲ្យដកយកភាពទន់ខ្សោយរបស់លោក ប៉ុន្តែព្រះជ្រាបថា គុណវិបត្តិរបស់ប៉ុល នឹងធ្វើឲ្យលោកមានចិត្តរាបសា ហើយធ្វើឲ្យលោករឹងមាំឡើង ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យប្រៀបធៀប កូរិនថូស ទី២ ១២:៩–១០ និង អេធើរ ១២:២៧ ។ តើពាក្យ ឬឃ្លាណាមួយដែលត្រូវបានថ្លែងច្រើនដង ? តើខគម្ពីរទាំងនេះបង្រៀនអំពីអ្វី ? ( អ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថា ប៉ុលបានប្រៀបធៀបឧបសគ្គរបស់លោកទៅនឹងបន្លានៅក្នុងស្បែករបស់លោក ) ។ តើព្រះបានត្រាស់បង្រៀនប៉ុលដូចម្ដេចខ្លះអំពីការសាកល្បង ?
-
សូមអញ្ជើញកុមារឲ្យសរសេរនូវការសាកល្បងមួយមួយចំនួន ដែលមនុស្សមានក្នុងជីវិត ? សូមជួយពួកគេឲ្យពិចារណាអំពីរបៀប ដែលមនុស្សម្នាក់អាចរៀនចេញពីការសាកល្បងទាំងនេះ និងមានពរដោយសារតែវា ។
-
សូមអានជាមួយកុមារនូវ « Will Heavenly Father Always Answer My Prayers? » ( Friend ខែ មករា ឆ្នាំ ២០១៧ ទំព័រ ១២–១៣ ) ។ សូមឲ្យកុមារចែកចាយបទពិសោធន៍នានា នៅពេលពួកគេអធិស្ឋានទូលសូមអ្វីមួយ ហើយពុំបានទទួលវា ។ សូមឲ្យពួកគេចែកចាយអ្វីដែលពួកគេបានរៀនពីបទពិសោធន៍របស់ពួកគេ ។ អ្នកក៏អាចចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ ។ សូមថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌តែងតែឆ្លើយតបការអធិស្ឋានរបស់យើង នៅតាមរបៀប និងពេលវេលាដែលនឹងប្រទានពរដល់យើងច្រើនបំផុត ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យធ្វើជាអ្នកផ្ដល់ដោយអំណរនៅក្នុងផ្ទះរបស់ពួកគេនៅសប្ដាហ៍នេះ ហើយត្រឡប់មកថ្នាក់វិញនៅសប្ដាហ៍ក្រោយ ដើម្បីរាយការអំពីរបៀបដែលពួកគេបានបម្រើមនុស្សដែលត្រូវការជំនួយ ។