ថ្ងៃទី ៩–១៥ ខែ កញ្ញា កូរិនថូស ទី២ ១–៧ ៖ ‹ ចូរឲ្យបានជាមេត្រីនឹងព្រះចុះ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ៩–១៥ ខែ កញ្ញា កូរិនថូស ទី២ ១–៧ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩
ថ្ងៃទី ៩–១៥ ខែ កញ្ញា
កូរិនថូស ទី២ ១–៧
« ចូរឲ្យបានជាមេត្រីនឹងព្រះចុះ »
សូមចាប់ផ្ដើមការរៀបចំរបស់អ្នកដោយអាន កូរិនថូស ទី២ ១–៧ ។ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ អាចជួយអ្នកឲ្យយល់ពីជំពូកទាំងនេះ ហើយគម្រោងមេរៀននេះអាចផ្ដល់នូវគំនិតបង្រៀននានាដល់អ្នក ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
កុមារខ្លះនៅក្នុងថ្នាក់របស់អ្នក អាចបានសរសេរសំបុត្រនៅសប្ដាហ៍នេះ អំពីរបៀបដែលសមាជិកគ្រួសារម្នាក់ អាចធ្វើជាគំរូដ៏ល្អនៃការធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើពួកគេបានសរសេរ សូមប្រាប់ឲ្យពួកគេពីមុនថ្នាក់រៀនចាប់ផ្តើម ឲ្យចែកចាយដល់មិត្តរួមថ្នាក់ ។ ឬសូមឲ្យកុមារចែកចាយអ្វីមួយផ្សេងដែលពួកគេបានរៀន ។
បង្រៀនគោលលទ្ធិ
កុមារតូចៗ
ព្រះវរបិតាសួគ៌លួងលោមចិត្តខ្ញុំ ហើយខ្ញុំអាចលួងលោមចិត្តមនុស្សដទៃ ។
តើអ្នកអាចធ្វើឲ្យកុមារមានទំនុកចិត្តថា ព្រះវរបិតាសួគ៌នឹងលួងលោមចិត្តពួកគេបានតាមរបៀបណា ? តើអ្នកអាចលើកទឹកចិត្តពួកគេ ឲ្យលួងលោមចិត្តមនុស្សដទៃបានតាមរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមនាំយកវត្ថុផ្សេងៗមកថ្នាក់រៀនដែលធ្វើឲ្យយើងមានភាពស្រណុកស្រួល មានដូចជា ភួយ ឬបង់រុំរបួស ។ សូមសួរកុមារថា តើអ្វីដែលលួងលោមចិត្តពួកគេ នៅពេលពួកគេមិនសប្បាយចិត្ត ឬភ័យខ្លាច ឬមានបញ្ហា ។ សូមអាន កូរិនថូស ទី២ ១:៣–៤ ជាមួយសិស្ស រួចពន្យល់ថា « សេចក្ដីវេទនា » គឺជាពាក្យមួយទៀតសម្រាប់បញ្ហាលំបាកៗ ។ សូមចែកចាយមធ្យោបាយមួយចំនួន ដែលព្រះវរបិតាបានប្រើដើម្បីលួងលោមចិត្តអ្នក រួចថ្លែងទីបន្ទាល់ថា ទ្រង់នឹងលួងលោមចិត្តកុមារផងដែរ ។
-
សូមបង្ហាញរូបភាពមនុស្សទទួលពិធីបុណ្យជ្រមុជទឹក ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ទំព័រ ១០៣ និង ១០៤ ) ខណៈពេលពួកគេអាន កូរិនថូស ទី២ ១:៤ និង ម៉ូសាយ ១៨:៨–៩ ឲ្យកុមារស្ដាប់ ។ សូមពន្យល់ថា នៅពេលយើងទទួលពិធីបុណ្យជ្រមុជទឹក យើងសន្យាថានឹងលួងលោមចិត្តដល់មនុស្សដទៃ ។ តើយើងអាចធ្វើតាមដំបូន្មានរបស់ប៉ុលដើម្បី « កម្សាន្តចិត្តអ្នកឯទៀត ក្នុងអស់ទាំងសេចក្តីវេទនារបស់គេ » បានយ៉ាងដូចម្ដេច ?
-
សូមអញ្ជើញកុមារឲ្យគូររូបខ្លួនពួកគេកំពុងជួយនរណាម្នាក់ដែលត្រូវការជំនួយ ។ សូមឲ្យពួកគេពន្យល់ អំពីរបៀបដែលទង្វើទាំងនេះ អាចនាំឲ្យមានការលួងលោមចិត្តដល់មនុស្សដទៃ ។
ខ្ញុំអាចអត់ទោសឲ្យមនុស្សដទៃ ។
សូមជ្រើសរើសចេញពីសកម្មភាពខាងក្រោម—ឬបង្កើតដោយខ្លួនអ្នក—ដើម្បីជួយពង្រឹងបំណងប្រាថ្នារបស់កុមារ ឲ្យអត់ទោសដល់មនុស្សដទៃ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមពន្យល់កុមារថា ប៉ុលចង់ឲ្យពួកបរិសុទ្ធកូរិនថូស អត់ទោសដល់បុរសម្នាក់ដែលបានប្រព្រឹត្តបាប ។ សូមអាន កូរិនថូស ទី២ ២:៧–៨, ១០ រួចអញ្ជើញកុមារឲ្យដាក់ដៃលើបេះដូងរបស់ពួកគេ គ្រប់ពេលដែលពួកគេឮពាក្យ អត់ទោស និង បានអត់ទោស ។
-
សូមអញ្ជើញឲ្យកុមារសម្ដែងរបៀបដែលពួកគេអាចឆ្លើយតប នៅក្នុងស្ថានភាពនានា ដែលនរណាម្នាក់បានប្រព្រឹត្តមិនល្អ ។ សូមឲ្យពួកគេដាក់វេនគ្នានិយាយថា « ខ្ញុំសុំទោស » និង « ខ្ញុំអត់ទោសឲ្យអ្នក » ។ តើយើងជួយមនុស្សឲ្យដឹងថា យើងអត់ទោសឲ្យពួកគេ តាមរបៀបណា ? សូមពន្យល់ថា របៀបមួយគឺត្រូវ « សម្ដែងសេចក្ដីស្រឡាញ់របស់អ្នកឲ្យជាក់ច្បាស់ » ឬបង្ហាញសេចក្ដីស្រឡាញ់ដល់ពួកគេ ( កូរិនថូស ទី២ ២:៨ ) ។
ខ្ញុំជឿលើការប្រព្រឹត្តដោយទៀងត្រង់ ។
ប៉ុលបានបង្រៀនថា ពួកអ្នកបម្រើរបស់ព្រះគ្រីស្ទ ពុំកុហកមនុស្សដទៃឡើយ—ពួកគេបាន « លះចោលអស់ទាំងការលាក់កំបាំងដែលគួរខ្មាស » ។ សូមពិចារណាអំពីរបៀបនានា ដែលអ្នកអាចពង្រឹងបំណងប្រាថ្នាកូនៗរបស់អ្នក ឲ្យប្រព្រឹត្តដោយទៀងត្រង់នៅគ្រប់កិច្ចការទាំងអស់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារឲ្យទន្ទេញចាំឃ្លា « យើងខ្ញុំជឿលើការប្រព្រឹត្តដោយទៀងត្រង់ » ( មាត្រានៃសេចក្តីជំនឿ ១:១៣ ) ។ សូមសរសេរឃ្លានេះនៅលើកងដៃក្រដាស ដែលកុមារអាចផាត់ពណ៌ ហើយពាក់ទៅផ្ទះ ។ សូមពន្យល់ថា ការប្រព្រឹត្តដោយទៀងត្រង់មានន័យថា ការប្រាប់ពីការពិត ។
-
សូមឲ្យកុមារលើកដៃនៅពេលអ្នកនិយាយអ្វីមួយ ដែលជាការពិត ហើយដាក់ដៃចុះនៅពេលអ្នកនិយាយអ្វីមួយមិនពិត ។ សូមថ្លែងពីអ្វីដែលជាក់ស្ដែងដូចជា « ថ្ងៃនេះគឺជាថ្ងៃអាទិត្យ » ឬ « ខ្ញុំមានច្រមុះបី » ។ សូមធ្វើសកម្មភាពនោះម្ដងហើយម្ដងទៀតពីរបីដង ដោយទុកឲ្យកុមារដាក់វេនគ្នាធ្វើជាអ្នកថ្លែងពាក្យពិត និងពាក្យកុហក ។ ហេតុអ្វីបានជាការប្រព្រឹត្តដោយទៀងត្រង់គឺជាទង្វើដ៏ត្រឹមត្រូវ ?
បង្រៀនគោលលទ្ធិ
កុមារធំៗ
ព្រះវរបិតាសួគ៌លួងលោមចិត្តខ្ញុំ ហើយខ្ញុំអាចលួងលោមចិត្តមនុស្សដទៃ ។
ការចងចាំអំពីរបៀបដែលព្រះបានលួងលោមចិត្តដល់ពួកគេ អាចបំផុសគំនិតឲ្យកុមារលួងលោមចិត្តដល់មនុស្សដទៃ ។
សកម្មភាពដែលអាចជ្រើសរើស
-
នៅពេលអ្នកអាន កូរិនថូស ទី២ ១:៣–៤ សូមឲ្យកុមារស្ដាប់រកចម្លើយសម្រាប់សំណួរ « តើព្រះបានធ្វើអ្វីសម្រាប់យើង ? » សូមជួយកុមារឲ្យសរសររបៀបនានា ដែលព្រះលួងលោមចិត្តយើង ។ សូមអញ្ជើញកុមារឲ្យចែកចាយបទពិសោធន៍ នៅពេលដែលពួកគេមិនសប្បាយចិត្ត ឬព្រួយបារម្ភ ឬភ័យខ្លាច ហើយព្រះបានលួងលោមចិត្តពួកគេ ។
-
សូមអញ្ជើញកុមារឲ្យចែកចាយរបៀបដែលយើងអាចលួងលោមចិត្តមនុស្សដទៃ ។ សូមទុកពេលឲ្យពួកគេគិតអំពីនរណាម្នាក់ដែលពួកគេស្គាល់ ដែលត្រូវការការលួងលោមចិត្ត ហើយដាក់ផែនការដើម្បីទៅជួយបុគ្គលនោះ ។
ខ្ញុំអាចអត់ទោសឲ្យមនុស្សដទៃ ។
វាអាចជារឿងពិបាកធ្វើដើម្បីអត់ទោសឲ្យមនុស្សដទៃ នៅពេលដែលពួកគេប្រព្រឹត្តមិនល្អចំពោះយើង ។ ប៉ុន្តែកុមារដែលអ្នកបង្រៀននឹងដកពិសោធន៍សេចក្ដីស្រឡាញ់ ភាពសុខសាន្ត និងសុភមង្គល នៅពេលពួកគេរៀនអត់ទោស ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រាប់កុមារថា មនុស្សម្នាក់នៅក្រុងកូរិនថូសបានប្រព្រឹត្តបាប ហើយ « បានបណ្តាលឲ្យកើតមានសេចក្តីព្រួយ » ដល់ពួកបរិសុទ្ធ ( សូមមើល កូរិនថូស ទី២ ២:៥ ) ។ សូមឲ្យកុមារសិក្សានៅក្នុង កូរិនថូស ទី២ ២:៧–៨ ដើម្បីស្វែងរកអ្វីដែលប៉ុលបានចង់ឲ្យពួកបរិសុទ្ធធ្វើ ។
-
សូមចែកចាយបទពិសោធន៍មួយនៅពេលអ្នកបានអត់ទោសឲ្យនរណាម្នាក់—ឬនរណាម្នាក់បានអត់ទោសឲ្យអ្នក—និងអារម្មណ៍ដែលអ្នកមានបន្ទាប់ពីនោះ ។
ខ្ញុំ « ដើរដោយជំនឿ មិនមែនដោយមើលឃើញទេ » ។
សូមពិចារណាអំពីរបៀបដែលអ្នកអាចលើកទឹកចិត្តកុមារ ឲ្យគោរពប្រតិបត្តិតាមព្រះបញ្ញត្តិ ទោះជានៅពេលពួកគេពុំឃើញពរជ័យ ដែលពួកគេប្រាថ្នាចង់បានក្ដី ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន កូរិនថូស ទី២ ៥:៦–៧ និង អាលម៉ា ៣២:២១ ជាមួយកុមារ រួចសូមឲ្យពួកគេស្វែងរកពាក្យ និងឃ្លា ដែលជួយពួកគេឲ្យកំណត់និយមន័យពាក្យសេចក្ដីជំនឿ ។ សូមឲ្យពួកគេសរសេរនិយមន័យរបស់ខ្លួន អានឲ្យឮៗ រួចបិទនៅលើក្ដារខៀន ។
-
បិទភ្នែកកុមារម្នាក់ រួចឲ្យកុមារដទៃទៀតផ្ដល់ការដឹកនាំដើម្បីជួយគាត់ ឲ្យសម្រេចបានកិច្ចកាមួយ ដូចជា ការសាងសង់ប៉មមួយ ការដាក់ផ្គុំរូប ឬការដើរឆ្លងកាត់ពីម្ខាងបន្ទប់ទៅម្ខាងទៀត ។ តើសកម្មភាពនេះជួយយើងយល់អំពីអត្ថន័យនៃ « ការដើរដោយជំនឿ » លើព្រះ យ៉ាងដូចម្ដេច ?
-
សូមបង្ហាញវីដេអូ « Pure and Simple Faith » ( LDS.org ) រួចសួរកុមារថា តើយុវនារីក្នុងវីដេអូនេះ បានដើរដោយជំនឿយ៉ាងដូចម្ដេច ? សូមចែកចាយបទពសិោធន៍មួយនៅពេលដែលអ្នក ត្រូវដើរដោយសេចក្ដីជំនឿលើព្រះ ។ សូមឲ្យកុមារចែកចាយបទពិសោធន៍ដែលពួកគេបានមានជាមួយនឹងការដើរដោយជំនឿ ។
សេចក្តីព្រួយដ៏គាប់ដល់ព្រះហឫទ័យនៃព្រះ ដឹកនាំខ្ញុំទៅរកការប្រែចិត្ត ។
វាគឺជារឿងធម្មតាដែលកុមារមានអារម្មណ៍អៀនខ្មាស នៅពេលពួកគេត្រូវបានគេឃើញថាធ្វើអ្វីមួយខុស ។ សូមជួយពួកគេឲ្យញែកអារម្មណ៍ទាំងនេះចេញពីសេចក្តីព្រួយដ៏គាប់ដល់ព្រះហឫទ័យនៃព្រះ ដែលនាំទៅរកការប្រែចិត្តដ៏ពិត ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមពន្យល់ថានៅក្នុង កូរិនថូស ទី២ ៧:៨–១១ ប៉ុលបានសំដៅទៅលើសំបុត្រដែលលោកបានសរសេរកាលពីមុនទៅដល់ពួកបរិសុទ្ធ ដោយព្រមានខ្លាំងៗអំពីអំពើបាបរបស់ពួកគេ ។ សូមអានខគម្ពីរទាំងនេះទាំងអស់គ្នា ។ ហេតុអ្វីបានជាប៉ុលមានចិត្តរីករាយ នៅពេលពួកបរិសុទ្ធមានសេចក្ដីព្រួយ ? សូមចង្អុលបង្ហាញថា ប្រភេទនៃសេចក្ដីព្រួយនេះ ត្រូវបានហៅថា សេចក្តីព្រួយដ៏គាប់ដល់ព្រះហឫទ័យនៃព្រះ ។
-
សូមឲ្យកុមារបិទភ្នែករបស់ពួកគេ រួចគិតអំពីគ្រាមួយដែលពួកគេបានធ្វើខុស ហើយមានអារម្មណ៍មិនល្អចំពោះទង្វើនោះ ។ សូមអញ្ជើញពួកគេឲ្យសួរខ្លួនឯងថា « ហេតុអ្វីបានជាពួកគេមានអារម្មណ៍មិនល្អ ? » សូមសរសេរនៅលើក្ដារខៀន អំពីមូលហេតុដែលមនុស្សមានអារម្មណ៍មិនល្អបន្ទាប់ពីបានធ្វើខុស ដូចជា « ខ្ញុំភ័យខ្លាចថាខ្ញុំនឹងទទួលទោស » ឬ « ខ្ញុំអៀនខ្មាសនឹងអ្វីដែលមនុស្សគិតចំពោះខ្ញុំ » ឬ « ខ្ញុំដឹងថា ព្រះវរបិតាសួគ៌ទ្រង់ខកព្រះទ័យនឹងខ្ញុំ » ។ តើចម្លើយណាមួយនៅលើក្ដារខៀន ដែលហាក់ដូចជា « សេចក្តីព្រួយដ៏គាប់ដល់ព្រះហឫទ័យនៃព្រះ » ? ហេតុអ្វីបានជាសេចក្តីព្រួយដ៏គាប់ដល់ព្រះហឫទ័យនៃព្រះ មានលក្ខណៈប្រសើរជាងប្រភេទសេចក្ដីព្រួយដទៃទៀត ដែលយើងអាចមាន បន្ទាប់ពីបានធ្វើខុស ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមប្រាប់កុមារថា ពួកគេអាចធ្វើសកម្មភាពមួយនៅក្នុងថ្នាក់ថ្ងៃនេះ ជាមួយនឹងសមាជិកគ្រួសារពួកគេ អាចធ្វើនៅក្នុងរាត្រីជួបជុំក្រុមគ្រួសារ ។