« ថ្ងៃទី ២៣–២៩ ខែ កញ្ញា ។ កាឡាទី ៖ ‹ ចូរដើរក្នុងព្រះវិញ្ញាណ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ២០១៩ )
« ថ្ងៃទី ២៣–២៩ ខែ កញ្ញា ។ កាឡាទី » សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩
ថ្ងៃទី ២៣–២៩ ខែ កញ្ញា
កាឡាទី
« ចូរដើរក្នុងព្រះវិញ្ញាណ »
នៅពេលអ្នកអានគម្ពីរកាឡាទី តើអ្នកទទួលបានការបំផុសគំនិតអ្វីខ្លះ អំពីអ្វីដែលកុមារក្នុងថ្នាក់របស់អ្នកចាំបាច់ត្រូវរៀន ?
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
សូមទុកពេលពីរបីនាទីឲ្យកុមារគូររូប នៃអ្វីមួយ ដែលពួកគេបានរៀន ចេញពីការពិភាក្សាអំពីដំណឹងល្អនៅផ្ទះ ឬនៅព្រះវិហារ ។ សូមប្រមូលគំនូរ រួចទុកឲ្យកុមារព្យាយាមទាយថា តើគំនូរនីមួយៗតំណាងឲ្យអ្វី ។
បង្រៀនគោលលទ្ធិ
កុមារតូចៗ
ព្រះវិញ្ញាណបរិសុទ្ធជួយខ្ញុំឲ្យមានអារម្មណ៍នៃសេចក្ដីស្រឡាញ់ អំណរ និងភាពសុខសាន្ដ ។
កុមារតូចៗអាចស្គាល់ផលផ្លែនៃព្រះវិញ្ញាណ ។ ការណ៍នេះនឹងរៀបចំពួកគេឲ្យស្វែងរក ឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធពេញមួយជីវិតរបស់ពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមដាក់តាំង ឬបង្ហាញរូបភាពផ្លែឈើមួយចំនួន រួចសូមឲ្យកុមារពិពណ៌នាអំពីរសជាតិនៃផ្លែឈើនីមួយៗ ។ សូមពន្យល់ថា គឺដូចជាផ្លែឈើមានរសជាតិខុសៗគ្នាដែរ នោះយើងអាចទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ តាមរបៀបខុសៗគ្នា ដូចជាអារម្មណ៍សេចក្ដីស្រឡាញ់ និងភាពសុខសាន្ត ។ សូមឲ្យពួកគេពិពណ៌នាអំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធធ្វើឲ្យពួកគេទទួលអារម្មណ៍ ។
កុមារគ្រប់អាយុទាំងអស់ អាចទទួលបទពិសោធន៍ផលផ្លែនៃព្រះវិញ្ញាណ ។
-
សូមអាន កាឡាទី ៥:២២–២៣ ជាមួយកុមារ រួចពន្យល់ពាក្យនានា ដែលពួកគេអាចនឹងមិនស្គាល់ ។ សូមអញ្ជើញកុមារម្នាក់ៗឲ្យរើសយកផលផ្លែមួយនៃព្រះវិញ្ញាណ ដែលមានចែងនៅក្នុងខគម្ពីរទាំងនេះ រួចប្រាប់អំពីគ្រាដែលពួកគេបានទទួលបទពិសោធន៍ផលផ្លែនៃព្រះវិញ្ញាណនោះ ។ សូមអញ្ជើញកុមារឲ្យគូររូបនៃបទពិសោធន៍របស់ពួកគេ ។
ព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យឲ្យខ្ញុំជួយមនុស្សដែលខ្វះខាត ។
សេចក្ដីណែនាំដែលមាននៅក្នុង កាឡាទី ៦:២ មានលក្ខណៈស្រដៀងទៅនឹងសេចក្ដីបង្រៀនរបស់អាលម៉ានៅក្នុង ម៉ូសាយ ១៨:៨ ដែលទូន្មានទៅកាន់ប្រជាជនដែលហៀបនឹងទទួលពិធីបុណ្យជ្រមុជទឹក ។ សូមយកឱកាសនេះទៅជួយកុមារ រៀបចំខ្លួនធ្វើសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពកុមារម្នាក់ទទួលពិធីបុណ្យជ្រមុជទឹក ( ដូចជា សៀវភៅរូបភាពដំណឹងល្អ ទំព័រ ១០៤ ) ។ សូមសួរកុមារថា តើកុមារក្នុងរូបនោះកំពុងធ្វើអ្វី ។ សូមពន្យល់ថា នៅពេលយើងទទួលពិធីបុណ្យជ្រមុជទឹក នោះយើងចុះសេចក្ដីសញ្ញា ឬការសន្យា ។ សូមអាន កាឡាទី ៦:២ ឬ ម៉ូសាយ ១៨:៨ ដើម្បីជួយកុមាររៀនអំពីកិច្ចការមួយដែលពួកគេសន្យាថានឹងធ្វើគឺ ៖ ការសម្រាលបន្ទុកគ្នាទៅវិញទៅមក ។ សូមអញ្ជើញកុមារគូររូបនៃរបៀបនានាដែលពួកគេអាច ជួយមនុស្សដទៃដែលកំពុងរែកបន្ទុក ។
-
សូមអានឃ្លានេះឲ្យកុមារស្ដាប់នៅក្នុង កាឡាទី ៦:២ ៖ « ចូរយកអាសាគ្នាទៅវិញទៅមក ។ » ដើម្បីបង្ហាញថាឃ្លានេះមានន័យដូចម្ដេច សូមផ្ដល់វត្ថុមួយធ្ងន់ឲ្យកុមារកាន់ ។ បន្ទាប់មក សូមឲ្យកុមារម្នាក់ស្ម័គ្រចិត្តជួយកុមារដែលកំពុងកាន់វត្ថុនោះ ។ សូមពន្យល់ប្រាប់កុមារថា យើងអាចទទួលអារម្មណ៍ថារឿងគ្រប់យ៉ាងប្រៀបដូចជាបន្ទុក ដូចជាការឈឺ ឬការមានអារម្មណ៍ក្រៀមក្រំ ឬឯកា ។ តើយើងអាចធ្វើអ្វី ដើម្បីជួយបុគ្គលម្នាក់ដែលមានបន្ទុកទាំងនេះ ?
ទង្វើរបស់យើង ទាំងល្អ និងអាក្រក់ សុទ្ធតែមានលទ្ធផល ។
វាសំខាន់ដែលកុមារត្រូវយល់ដឹងថា រាល់ជម្រើសរបស់យើងមាននូវលទ្ធផលរបស់វា ។ អ្នកអាចប្រើ កាឡាទី ៦:៧–៩ ដើម្បីបង្ហាញអំពីសេចក្ដីពិតនេះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញគ្រាប់ពូជ និងបន្លែ ។ សូមអាន កាឡាទី ៦:៧–៩ ដល់កុមារ ។ សូមឲ្យកុមារធ្វើជាដាំគ្រាប់ពូជមួយ នៅពេលពួកគេឮពាក្យ « ព្រោះ » ។ សូមឲ្យពួកគេធ្វើជាបេះបន្លែពីដើមដែលពួកគេបានដាំ នៅពេលពួកគេឮពាក្យ « ច្រូត » ។
-
សូមបង្ហាញកុមារនូវប្រភេទបន្លែមួយចំនួន រួចជួយពួកគេស្វែងរកគ្រាប់ពូជសម្រាប់ប្រភេទបន្លែនីមួយៗ ។ សូមដាក់គ្រាប់ពូជនៅក្នុងថង់មួយ រួចឲ្យកុមារដាក់វេនគ្នាជ្រើសរើសគ្រាប់ពូជមួយ រួចប្រាប់ថា តើបន្លែប្រភេទណាដែលនឹងដុះឡើងប្រសិនបើពួកគេដាក់ដាំវា ។ សូមជួយពួកគេឃើញថា គឺដូចជាគ្រាប់ពូជដែលយើងដាក់ដាំកំណត់ពីប្រភេទបន្លែដែលយើងនឹងបានដែរ នោះជម្រើសរបស់យើងនឹងកំណត់លទ្ធផល ព្រមទាំងពរជ័យដែលយើងនឹងទទួលនៅទីបំផុត ។
-
សូមគូសខ្សែបន្ទាត់មួយនៅលើឥដ្ឋដោយប្រើស្កុត ។ សូមដាក់រូបមុខរីករាយ និង មុខក្រៀមក្រំ នៅចំណុចចុងនៃខ្សែបន្ទាត់ ។ សូមអញ្ជើញកុមារឲ្យឈរនៅចំចំណុចកណ្ដាលនៃខ្សែបន្ទាត់ រួចឲ្យកុមារដទៃទៀតហៅជម្រើសទាំងឡាយដែល នឹងនាំទៅរកសុភមង្គល ឬភាពក្រៀមក្រំ ( អ្នកអាចផ្ដល់ជាឧទាហរណ៍ពីរបីជាមុនសិន ) ។ សម្រាប់ជម្រើសនីមួយៗ សូមឲ្យកុមារដែលឈរនៅចំណុចកណ្ដាល ឈានជើងទៅរកខាងនៃសុភមង្គល ឬខាងនៃភាពក្រៀមក្រំ ។ សូមធ្វើសកម្មភាពនេះបីបួនដង រួចឲ្យកុមារដាក់វេនគ្នាឈរនៅលើស្កុតនោះ ។
បង្រៀនគោលលទ្ធិ
កុមារធំៗ
ព្រះយេស៊ូវគ្រីស្ទដោះយើងឲ្យរួច ។
មនុស្សមួយចំនួនគិតថា ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ កំណត់សេរីភាពរបស់ពួកគេ ។ សូមពិចារណាអំពីរបៀបដែលអ្នកនឹងជួយកុមារឲ្យឃើញថា វាពិតជានាំមកនូវសេរីភាពរួចពីអំពើបាប និងសេចក្ដីស្លាប់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារអាន កាឡាទី ៥:១ តើព្រះយេស៊ូវគ្រីស្ទដោះយើងឲ្យរួច ដើម្បីយើងអាចត្រឡប់ទៅឯព្រះវរបិតាសួគ៌វិញបានតាមរបៀបណា ? សូមបង្ហាញរូបភាពការរងទុក្ខរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងសួនច្បារគែតសេម៉ានី និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ដើម្បីជួយកុមារយល់អំពីរបៀបដែលព្រះយេស៊ូវបានដោះយើងឲ្យរួចពីអំពើបាប និងសេចក្ដីស្លាប់ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ទំព័រ ៥៦, ៥៩ ) ។
-
សូមច្រៀង ហើយមើលទាំងអស់គ្នានូវទំនុកបទនៃចម្រៀងអំពីព្រះអង្គសង្គ្រោះ ដូចជាបទ « ខ្ញុំដឹងថាព្រះប្រោសលោះខ្ញុំនៅរស់ » ( ទំនុកតម្កើង លេខ ៧៦ ) ។ សូមឲ្យកុមារស្វែងរកពាក្យទាំងឡាយនៅក្នុងទំនុកតម្កើងនេះ ដែលពិពណ៌នាអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទអាចដោះយើងពីសេវកភាពខាងវិញ្ញាណ ។
នៅពេលខ្ញុំ « ដើរក្នុងព្រះវិញ្ញាណ » ខ្ញុំអាចរីករាយនឹង « ផលផ្លែនៃព្រះវិញ្ញាណ » ។
តើអ្នកនឹងជួយកុមារឲ្យដឹង នៅពេលពួកគេទទួលអារម្មណ៍ពីព្រះវិញ្ញាណបានតាមរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមផ្ដល់ក្រដាសតូចៗដែលកាត់ជារាងផ្លែឈើដល់កុមារ រួចសូមឲ្យពួកគេស្វែងរក « ផលផ្លែនៃព្រះវិញ្ញាណ » មួយ នៅក្នុង កាឡាទី ៥:២២–២៣ ។ សូមអញ្ជើញពួកគេឲ្យសរសេរផលផ្លែខាងវិញ្ញាណមួយ នៅលើចំហៀងក្រដាសរបស់ខ្លួន រួចស្វែងរកពាក្យមួយដែលមានន័យផ្ទុយនៅលើចំហៀងមួយទៀត ។ ( សូមជួយពួកគេយល់ពាក្យទាំងឡាយ ដែលពួកគេមិនស្គាល់ ) ។ សូមអញ្ជើញពួកគេឲ្យចែកចាយផលផ្លែរបស់ពួកគេ ជាមួយមិត្តក្នុងថ្នាក់ ។
-
សូមអញ្ជើញកុមារឲ្យអានអំពីផលផ្លែនៃព្រះវិញ្ញាណនៅក្នុង កាឡាទី ៥:២២–២៣ រួចសរសេរ ឬគូររូបនៃគ្រាមួយដែលព្រះវិញ្ញាណបានជួយពួកគេ ឲ្យទទួលអារម្មណ៍ពីផលផ្លែមួយក្នុងចំណោមផលផ្លែទាំងនោះ ។ សូមជួយពួកគេចែកចាយរឿង ឬរូបភាពជាមួយកុមារដទៃទៀតក្នុងថ្នាក់ ។ ហេតុអ្វីបានជាផលផ្លែគឺជារបៀបមួយដ៏ល្អ ដើម្បីជួយយើងយល់អំពីរបៀបដែលព្រះវិញ្ញាណមានឥទ្ធិពលមកលើយើង ?
ទង្វើរបស់យើង ទាំងល្អ និងអាក្រក់ សុទ្ធតែមានលទ្ធផល ។
សូមជួយកុមារយល់ថា ពេលខ្លះ លទ្ធផលនៃឥរិយាបថរបស់យើង កើតមកភ្លាមៗ និងពេលខ្លះទៀតអាចកើតមកតាមពេល « ដល់កំណត់ » ( ខទី ៩ ) ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន កាឡាទី ៦:៧–៩ រួមគ្នា ។ សូមអញ្ជើញកុមារឲ្យគូររូបស្រួលៗមួយ ដែលមានមនុស្សម្នាក់ដាំគ្រាប់ពូជនៃផលផ្លែមួយ រួចច្រូតផលផ្លែមួយផ្សេងទៀត ។ ហេតុអ្វីបានជាការណ៍នេះមិនអាចទៅរួច ? តើការធ្វើជម្រើសខុស ហើយទទួលបានលទ្ធផលល្អ គឺជារឿងមិនអាចទៅរួចយ៉ាងដូចម្ដេច ?
-
សូមឲ្យកុមារទាំងអស់ បង្កើតផ្លូវដើរដូចជារូបមួយនៅលើ ទំព័រសកម្មភាពសប្ដាហ៍នេះ ។ សូមអញ្ជើញកុមារឲ្យគិតអំពីពាក្យដទៃទៀត ច្រើនជាងពាក្យដែលមាននៅក្នុងរូបផ្លូវដើរនោះ ដែលតំណាងឲ្យអារម្មណ៍ដ៏ល្អមកពីព្រះវិញ្ញាណបរិសុទ្ធ ឬជម្រើសមិនល្អដែលធ្វើឲ្យទ្រង់យាងចេញ ។ សូមពិភាក្សាអំពីលទ្ធផលនៃជម្រើសដែលពួកគេគិតដល់ ។
-
សូមអញ្ជើញកុមារឲ្យសរសេរពរជ័យមួយចំនួន ដែលពួកគេសង្ឃឹមចង់ទទួលបានពីព្រះវរបិតាសួគ៌ ។ សូមជួយពួកគេឲ្យគិតអំពី « គ្រាប់ពូជ » ដែលពួកគេត្រូវតែព្រោះ ដើម្បី « ច្រូត » បានពរជ័យទាំងនេះ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យស្វែងរកលទ្ធផលល្អ ឬ « ផលផ្លែ » ដែលកើតឡើងដោយសារតែជម្រើសល្អៗ ដែលពួកគេបានធ្វើនៅសប្ដាហ៍នេះ ។ សូមប្រាប់ពួកគេថា នៅសប្ដាហ៍ក្រោយពួកគេអាចចែកចាយបទពិសោធន៍របស់ពួកគេ ។
ការកែលម្អការបង្រៀនរបស់យើង
សូមកែប្រែសកម្មភាពនានាឲ្យសមស្របតាមអាយុរបស់កុមារ ។ សូមផ្ដល់ឱកាសឲ្យកុមារបានរួមចំណែក ប៉ុន្តែចូរចងចាំថា លទ្ធភាពរបស់ពួកគេដើម្បីរួមចំណែក នឹងប្រែប្រួលទៅតាមអាយុ និងភាពចាស់ទុំរបស់ពួកគេ ។ កុមារតូចៗអាចនឹងត្រូវការការដឹកនាំ និងការណែនាំកាន់តែច្រើន ។ កាលពួកគេកាន់តែធំទៅ ពួកគេអាចចូលរួមចំណែកបានច្រើនជាងមុន ហើយអាចចែកចាយគំនិតរបស់ពួកគេបានប្រសើរជាង ។ ( សូមមើល ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទំព័រ ២៥–២៦ ) ។