« ថ្ងៃទី ៣០ ខែ កញ្ញា–ថ្ងៃទី ១៣ ខែ តុលា ។ អេភេសូរ ៖ ‹ ប្រយោជន៍នឹងនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ៣០ ខែ កញ្ញា–ថ្ងៃទី ១៣ ខែ តុលា ។ អេភេសូរ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០១៩
ថ្ងៃទី ៣០ ខែ កញ្ញា–ថ្ងៃទី ១៣ ខែ តុលា
អេភេសូរ
« ប្រយោជន៍នឹងនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង »
នៅពេលអ្នកសិក្សាសំបុត្រទៅកាន់ពួកអេភេសូរ សូមគិតអំពីថា តើគោលការណ៍ណាខ្លះ ដែលអ្នកអាចសង្កត់ធ្ងន់ ដើម្បីផ្ដល់ពរដល់កុមារដែលអ្នកបង្រៀន ។ សូមកត់ត្រាយោបល់នានា ដែលចូលមកក្នុងគំនិតរបស់អ្នកនៅពេលអ្នកអាន ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមអញ្ជើញកុមារឲ្យឈរជាជួរ ។ សូមសួរកុមារដែលឈរទីមួយនៅក្នុងជួរ ឲ្យចែកចាយអ្វីមួយដែលគាត់ទើបតែរៀនចេះថ្មីៗនេះ អំឡុងពេលការសិក្សាព្រះគម្ពីរជាគ្រួសារ ក្នុងថ្នាក់បឋមសិក្សា ឬនៅកន្លែងដទៃទៀត ។ សូមសួរកុមារបន្ទាប់ទៀតនៅក្នុងជួរ ឲ្យថ្លែងឡើងវិញនូវអ្វីដែលកុមារមុនបានចែកចាយ រួចថ្លែងបន្ថែមនូវអ្វីដែលគាត់បានរៀន ។ សូមធ្វើដូចនេះរហូតដល់កុមារទាំងអស់គ្នា បានមានឱកាសចែកចាយ ។
បង្រៀនគោលលទ្ធិ
កុមារតូចៗ
សមាជិកសាសនាចក្រគួរតែជាមិត្តភក្ដិនឹងគ្នា និងជា « ជាតិតែមួយ » ។
តើកុមារក្នុងថ្នាក់របស់អ្នកមើលទៅជា « អ្នកដទៃ » ឬជា « ជាតិតែមួយ » នឹងគ្នាទៅវិញទៅមក និងជាមួយសមាជិកវួដដទៃ ? សូមជួយពួកគេឲ្យយល់ថា ទោះជាយើងមានភាពខុសគ្នាក្ដី ព្រះអង្គសង្គ្រោះជួយយើងឲ្យរួបរួមគ្នា ហើយស្រឡាញ់គ្នាទៅវិញទៅមក ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមដាក់រូបភាពព្រះអង្គសង្គ្រោះនៅកណ្ដាលថ្នាក់រៀន ។ សូមអញ្ជើញកុមារឲ្យឈរនៅកន្លែងផ្សេងៗគ្នាក្នុងថ្នាក់ ដើម្បីបង្ហាញអំពី « អ្នកដទៃ » ឬ « អ្នកសំណាក់ » ។ នៅពេលអ្នកអាន អេភេសូរ ២:១៩ សូមអញ្ជើញពួកគេឲ្យដើរឆ្ពោះទៅរករូបភាពព្រះគ្រីស្ទ រហូតដល់ពួកគេបានឈរនៅក្បែរគ្នា ។ សូមប្រាប់ពួកគេថា នៅពេលយើងមកកាន់តែជិតព្រះអង្គសង្គ្រោះ យើងអាចបានរួបរួមនឹងមនុស្សដទៃជាមិត្តភក្ដិ និងជា « ជាតិតែមួយ » ។
-
សូមស្វែងរករូបភាពនានាអំពីកុមារមកពីទីកន្លែងផ្សេងៗគ្នាលើពិភពលោក រួចលាក់រូបភាពទាំងនោះនៅជុំវិញបន្ទប់ ។ សូមដាក់រូបភាពព្រះអង្គសង្គ្រោះនៅខាងមុខថ្នាក់រៀន ។ សូមអញ្ជើញកុមារទាំងអស់ចាប់ដៃគូដូចអ្នកផ្សព្វផ្សាយសាសនា រួចដាក់វេនគ្នាស្វែងរករូបភាព « អ្នកដទៃ » មួយ ទៅដាក់នៅក្បែររូបភាពព្រះអង្គសង្គ្រោះ ។ សូមជួយពួកគេយល់ថា នៅពេលមនុស្សបានទទួលពិធីបុណ្យជ្រមុជទឹក ពួកគេបានក្លាយជាសមាជិកម្នាក់ក្នុងគ្រួសារសាសនាចក្រយើង ឬជា « ពួកដំណាក់ព្រះ » ។ តើយើងអាចជួយនរណាម្នាក់ដែលជាមនុស្សមកថ្មី ឲ្យមានអារម្មណ៍នៃការស្វាគមន៍បានយ៉ាងដូចម្ដេច ?
ព្រះវរបិតាសព្វព្រះទ័យឲ្យខ្ញុំគោរពប្រតិបត្តិឪពុកម្ដាយរបស់ខ្ញុំ ។
នៅពេលអ្នកអាន អេភេសូរ ៦:១–៣ សូមគិតអំពីរបៀបនានា ដែលអ្នកអាចជួយកុមារឲ្យយល់ អំពីមូលហេតុដ៏សំខាន់ដែលត្រូវគោរពប្រតិបត្តិឪពុកម្ដាយ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន អេភេសូរ ៦:១ ជាមួយកុមារទាំងអស់ ឬជួយកុមារម្នាក់អានខគម្ពីរនេះ ។ សូមឲ្យពួកគេសម្ដែងអំពីគ្រាទាំងឡាយ ដែលពួកគេបានគោរពប្រតិបត្តិឪពុកម្ដាយរបស់ពួកគេ ។ តើមានអ្វីអាចបានកើតឡើង ប្រសិនបើពួកគេពុំបានគោរពប្រតិបត្តិទេនោះ ?
-
សូមច្រៀងចម្រៀងមួយបទអំពីការគោរពប្រតិបត្តិ ដូចជាបទ « ខ្ញុំនឹងឆាប់ធ្វើតាម » ( សៀវភៅចម្រៀងកុមារ ទំព័រ ៧១ ) ។ សូមឈប់សិនបន្ទាប់ពីបានច្រៀងវគ្គទីមួយ សូមឲ្យកុមារម្នាក់ប្រាប់ពីកិច្ចការមួយដែលឪពុកម្ដាយរបស់ពួកគេបានសុំឲ្យពួកគេធ្វើ បន្ទាប់មកច្រៀងរហូតដល់ចប់ ។ សូមធ្វើសកម្មភាពនោះពីរបីដង ដើម្បីឲ្យកុមារដទៃទៀតអាចមានឱកាសធ្វើដែរ ។
-
សូមចែកចាយបទពិសោធន៍មួយដែលអ្នកបានគោរពប្រតិបត្តិឪពុកម្ដាយអ្នក និងដែលអ្នកមានពរដោយសារការធ្វើដូចនោះ ។ ឬអ្នកអាចចែកចាយរឿងចេញពីសុន្ទរកថារបស់ស៊ិស្ទើរ ខារូល អិម ស្ទីវិស « If Ye Love Me, Keep My Commandments » ( Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១១៨–១២០ ) ឬបង្ហាញវីដេអូ « Going to Grandma’s » ( LDS.org ) ។
គ្រឿងសឹករបស់ព្រះអាចការពារខ្ញុំបាន ។
តើអ្នកនឹងជួយកុមារឲ្យយល់ថា ការធ្វើកិច្ចការសុចរិត គឺដូចជាការពាក់គ្រឿងសឹក តាមរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពមនុស្សម្នាក់ពាក់គ្រឿងសឹក ដូចជារូបភាពមួយនៅលើទំព័រសកម្មភាពសប្ដាហ៍នេះ ឬ គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និង ក្រុមគ្រួសារ ។ នៅពេលអ្នកទន្ទេញចាំ អេភេសូរ ៦:១០–១៨ សូមបង្ហាញកុមារថា តើបំណែកខុសៗគ្នានៃគ្រឿងសឹក ការពារផ្នែកផ្សេងៗគ្នានៃរូបកាយរបស់យើងតាមរបៀបណា ។ ( សូមមើល « The Whole Armor of God » Friend ខែ មិថុនា ឆ្នាំ ២០១៦ ទំព័រ ២៤–២៥ ) ។
-
សូមនាំយកវត្ថុមួយចំនួនទៅថ្នាក់រៀន ដែលអាចតំណាងឲ្យបំណែកផ្សេងៗនៃគ្រឿងសឹក ដែលមានចែងនៅក្នុង អេភេសូរ ៦:១៤–១៧ ( ឧទាហរណ៍ មួក ) ឬធ្វើបំណែកសាមញ្ញៗ នៃគ្រឿងសឹកដោយប្រើក្រដាស ។ សូមឲ្យកុមារប្តូរវេនគ្នាពាក់ « គ្រឿងសឹក » ម្នាក់ម្ដងៗ ។ សូមពិភាក្សាអំពីអត្ថន័យនៃការបានការពារពីសេចក្ដីអាក្រក់ និងអំពីរបៀបដែលការពាក់បំណែកគ្រឿងសឹកនីមួយៗអាចការពារពួកគេបាន ។ តើយើងពាក់គ្រឿងសឹករបស់ព្រះបានតាមរបៀបណា ? ( ឧទាហរណ៍ តាមរយៈការសិក្សាព្រះគម្ពីរ ការបម្រើមនុស្សដទៃ ការអធិស្ឋាន ការគោរពប្រតិបត្តិជាដើម ) ។
បង្រៀនគោលលទ្ធិ
កុមារធំៗ
យើងគឺជាជាតិតែមួយនៅក្នុងដំណាក់ព្រះ ។
កុមារនឹងរឹងមាំ នៅពេលពួកគេមានមិត្តភក្ដិល្អនៅក្នុងដំណឹងល្អ ។ តើអ្នកអាចជួយពួកគេ ឲ្យបង្កើនមិត្តភាពជាមួយមនុស្សដទៃកាន់តែរឹងមាំតាមរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន អេភេសូរ ២:១៩ ជាមួយគ្នា រួចពិភាក្សាអំពីអត្ថន័យនៃការក្លាយជា មនុស្សដទៃ និងអ្នកសំណាក់ ។ សូមចែកចាយបទពិសោធន៍មួយ ជាពេលដែលអ្នកមានអារម្មណ៍ថាជាអ្នកដទៃ ឬអ្នកសំណាក់ ហើយមាននរណាម្នាក់បានជួយអ្នក ឲ្យមានអារម្មណ៍ស្វាគមន៍ និងទទួលស្គាល់ ។ សូមអញ្ជើញកុមារឲ្យចែកចាយបទពិសោធន៍ស្រដៀងនេះ ។ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីក្លាយជា « ជាតិតែមួយ » ជាជាងអ្នកដទៃ ? តើមានកុមារនៅក្នុងថ្នាក់របស់អ្នកដែលពុំសូវចូលរៀន ដែលប្រហែលជាដោយសារតែពួកគេមានអារម្មណ៍ថាជាអ្នកដទៃដែរឬទេ ? សូមជួយកុមារឲ្យដាក់ផែនការ ដើម្បីជួយសមាជិកទាំងនោះឲ្យមានអារម្មណ៍ស្វាគមន៍ និងសេចក្ដីស្រឡាញ់ ។
-
ដើម្បីជួយកុមារដែលអ្នកបង្រៀនឲ្យខិតកាន់តែជិតគ្នាទៅវិញទៅមក សូមសរសេរសំណួរមួយចំនួននៅលើក្ដារខៀន ដែលបំផុសគំនិតពួកគេឲ្យចែកចាយអ្វីមួយអំពីខ្លួនពួកគេ ដូចជា តើអ្នកធ្លាប់ទទួលបានចម្លើយសម្រាប់ការអធិស្ឋានរបស់អ្នកនៅពេលណា ? ឬ តើអ្វីដែលអ្នកចូលចិត្តធ្វើជាមួយគ្រួសាររបស់អ្នក ? ចូរបែងចែកកុមារជាគូៗ រួចអញ្ជើញពួកគេឲ្យសួរសំណួរគ្នាទៅវិញទៅមក ។ តើពួកគេបានរៀនអ្វីខ្លះ ពីគ្នាទៅវិញទៅមក ?
ព្រះវរបិតាសព្វព្រះទ័យឲ្យខ្ញុំស្ដាប់បង្គាប់ ហើយគោរពប្រតិបត្តិឪពុកម្ដាយរបស់ខ្ញុំ ។
សូមគិតអំពីរបៀបនានា ដែលអ្នកអាចជួយកុមារឲ្យយល់ អំពីមូលហេតុដែលត្រូវស្ដាប់បង្គាប់ឪពុកម្ដាយ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យអាន អេភេសូរ ៦:១–៣ ដោយខ្លួនគេ រួចបង្ហាញឃ្លាដែលពួកគេចាប់អារម្មណ៍ជាងគេ ។ សូមអញ្ជើញពួកគេឲ្យចែកចាយឃ្លាទាំងនេះ និងមូលហេតុដែលពួកគេមានអារម្មណ៍ថា ឃ្លាទាំងនេះសំខាន់ ។
-
សូមអញ្ជើញកុមារឲ្យចែកចាយគំរូរបស់មនុស្សនៅក្នុងព្រះគម្ពីរ ដែលបានស្ដាប់បង្គាប់ ហើយគោរពប្រតិបត្តិឪពុកម្ដាយ មានដូចជា ព្រះអង្គសង្គ្រោះ ( សូមមើល លូកា ២:៤២–៥២ ) នាងរស់ ( សូមមើល នាងរស់ ១ ) ឬនីហ្វៃ ( សូមមើល នីហ្វៃទី១ ៣:១–៨ ) ។ ហេតុអ្វីសំខាន់ដែលត្រូវស្ដាប់បង្គាប់ ហើយគោរពប្រតិបត្តិឪពុកម្ដាយរបស់យើង ?
-
សូមផ្ដល់ដល់កុមារម្នាក់ៗនូវក្រដាសមួយសន្លឹក ដែលមានសរសេរពាក្យ គោរពប្រតិបត្តិ នៅផ្នែកខាងលើ ។ សូមពិភាក្សាអំពីអត្ថន័យនៃពាក្យនេះ ។ សូមអញ្ជើញកុមារឲ្យសរសេរ ឬគូរនៅលើក្រដាសរបស់ពួកគេ នូវកិច្ចការមួយដែលពួកគេអាចធ្វើ ដែលជាការគោរពប្រតិបត្តិឪពុកម្ដាយរបស់ពួកគេ ។
គ្រឿងសឹករបស់ព្រះអាចការពារខ្ញុំពីសេចក្ដីអាក្រក់ ។
នៅពេលអ្នកអាន អេភេសូរ ៦:១០–១៨ សូមគិតអំពីគ្រោះថ្នាក់ខាងវិញ្ញាណមួយចំនួន ដែលកុមារជួបប្រទះ និងរបៀបដែលអ្នកអាចពង្រឹងកុមារឲ្យប្រឆាំងនឹងវា ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារម្នាក់អាន អេភេសូរ ៦:១០–១៨ សូមឲ្យកុមារម្នាក់ទៀត សរសេរ ឬគូរនៅលើក្ដារខៀន នូវរូបបំណែកនៃគ្រឿងសឹកដែលបានអាន ។ ហេតុអ្វីបានជាគ្រឿងសឹកសំខាន់នៅក្នុងចម្បាំង ? តើយើងអាចពាក់គ្រឿងសឹករបស់ព្រះជារៀងរាល់ថ្ងៃបានតាមរបៀបណា ?
-
សូមចាត់កុមារម្នាក់ៗឲ្យគូរ រួចសរសេរនៅលើបំណែកនៃគ្រឿងសឹកដែលបានអាននៅក្នុង អេភេសូរ ៦:១៤–១៧ ។ តើបំណែកនៃគ្រឿងសឹកទាំងនេះ ការពារយើងពីសេចក្ដីអាក្រក់យ៉ាងដូចម្ដេច ? តើព្រះអម្ចាស់បានសន្យា ដល់អស់អ្នកដែលពាក់គ្រឿងរបស់ព្រះ យ៉ាងដូចម្ដេច ? ( សូមមើល អេភេសូរ ៦:១៣ ) ។ តើ « ទប់ទល់ក្នុងថ្ងៃអាក្រក់ » មានន័យដូចម្ដេច ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យឃ្លាំមើលនៅសប្ដាហ៍នេះ រកនរណាម្នាក់ដែលអាចមានអារម្មណ៍ថាដូចអ្នកដទៃ ។ សូមអញ្ជើញពួកគេឲ្យធ្វើអ្វីមួយ ដើម្បីជួយដល់បុគ្គលនោះ ។