ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ៣០ ខែ​ កញ្ញា–ថ្ងៃទី​ ១៣ ខែ តុលា ។ អេភេសូរ ៖ ‹ ប្រយោជន៍​នឹង​នាំឲ្យ​ពួកបរិសុទ្ធ​បាន​គ្រប់លក្ខណ៍ឡើង ›


« ថ្ងៃទី ៣០ ខែ​ កញ្ញា–ថ្ងៃទី ​១៣ ខែ តុលា ។ អេភេសូរ ៖ ‹ ប្រយោជន៍​នឹង​នាំឲ្យ​ពួកបរិសុទ្ធ​បាន​គ្រប់លក្ខណ៍ឡើង › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃទី ៣០ ខែ​ កញ្ញា–ថ្ងៃទី ​១៣ ខែ តុលា ។ អេភេសូរ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩

គ្រួសារ​មើល​ទៅ​រូបថត

ថ្ងៃទី ៣០ ខែ ​កញ្ញា–ថ្ងៃទី ​១៣ ខែ តុលា

អេភេសូរ

« ប្រយោជន៍នឹងនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង »

តើ​បងប្អូន​មើល​ឃើញ​ទំនាក់ទំនង​រវាង​សារលិខិត​នៅក្នុង​សន្និសីទទូទៅ និង​សំបុត្រ​របស់​ប៉ុល​ទៅកាន់​ពួក​អេភេសូរ​ឬទេ ?

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

នៅពេល​ដំណឹងល្អ​ចាប់​ផ្ដើម​ផ្សាយ​ទៅ​កាន់​ក្រុង​អេភេសូរ វា​បាន​បណ្ដាល​ឲ្យ « កើត​មាន​វឹកវរ​ជា​ធំ » ( កិច្ចការ ១៩:២៣ ) នៅក្នុង​ចំណោម​ពួក​អេភេសូរ ។ ជាង​ក្នុង​មូលដ្ឋាន​ដែល​ធ្វើ​រូប​សំណាក​ព្រះ​​ដ៏​ភ្លឺ​ចិញ្ចែងសម្រាប់ឲ្យ​​មនុស្ស​ជឿ​លើ​ព្រះ​ផ្សេងៗ​មួយ​ក្រុម​​​បានឃើញ​ថាគ្រីស្ទាន​គឺ​ជា​ការ​គម្រាមគំហែង​មួយ​ចំពោះ​ការ​រស់នៅ​របស់ពួកគេ មិន​យូរប៉ុន្មាន « ពួកគេមាន​ពេញ​ដោយ​សេចក្ដីកំហឹង… នោះ​ក៏​កើត​មាន​វឹកវរ​ពេញ​ក្នុ​ង​ក្រុង » ( សូមមើល ​​កិច្ចការ ១៩:២៧–២៩ ) ។ សូម​នឹកស្រមៃ​ថា ​បងប្អូន​ជា​សមាជិក​ដែល​ផ្លាស់​ប្រែចិត្តជឿ​ថ្មី​មួយ​រូប​មកក្នុង​ដំណឹងល្អ​នៅ​ក្នុង​ស្ថានភាព​ដូច្នោះ ។ មាន​ពួក​អេភេសូរ​ជាច្រើន​បាន​ទទួល​យក ហើយរស់នៅ​តាមដំណឹងល្អ​នៅក្នុង​ចំណោម « ពួក​បះបោរ » ( កិច្ចការ ១៩:៤០ ) ហើយ​ប៉ុល​បាន​អះអាង​នឹង​ពួកគេ​ថា « ព្រះគ្រីស្ទ …គឺជា​ស្ពាន​មេត្រី​នៃ​យើង​រាល់​គ្នា » ( អេភេសូរ ២:១៣–១៤ ) ។ ពាក្យ​ទាំងនេះ​ ព្រមជាមួយ​នឹង​ការ​អញ្ជើញ​របស់​គាត់​ឲ្យ​ «​ ចូរ​ខំ​ដក​គ្រប់​ទាំង​សេចក្ដីជូរ ល្វីង ក្ដៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និង​គ្រប់ទាំង​សេចក្ដីអាក្រក់​ចេញពី​ពួក​អ្នករាល់គ្នា » ( អេភេសូរ ៤:៣១ ) ហាក់ដូចជា​ចំពេល និង​មាន​ការលួងលោមចិត្ត​ក្នុង​ពេល​ឥឡូវ​នេះ ក៏​ដូចជា​ពី​ជំនាន់​នោះ​ដែរ ។ ចំពោះ​ពួក​អេភេសូរ និង​បងប្អូន កម្លាំង​ដើម្បី​ប្រឈម​នឹង​មារសត្រូវ​កើត​មាន​ « ក្នុង​ព្រះអម្ចាស់​ដោយ​ឬទ្ធិបារមី​របស់​ព្រះចេស្ដា​ទ្រង់ » ( អេភេសូរ ៦:១០–១៣ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

អេភេសូរ ១:៤–១១, ១៧–១៩

តើព្រះ​បាន « ​ជ្រើសរើស » ឬ « តម្រូវ​ទុកជា​មុន » ឲ្យ​​កូនចៅ​របស់​ទ្រង់​មួយចំនួន​ដើម្បី​ត្រូវ​បាន​សង្គ្រោះ​ដែរ​ឬទេ ?

ប៉ុល​បាន​និយាយ​អំពី​ពួកបរិសុទ្ធ​​ដែល​ត្រូវបាន « តម្រូវទុកជាមុន » ដោយ​ព្រះ​ ហើយ​ទ្រង់​បាន​ « ជ្រើសរើស…តាំង​ពី​មុន​កំណើត​លោកិយ​មក​ម្ល៉េះ » ដើម្បី​ធ្វើ​ជា​រាស្ត្រ​ទ្រង់ ។ ដូចប្រធាន ហិនរី  ប៊ី អាវរិង បាន​កត់សម្គាល់ កត្តា​ដែល​មនុស្ស​ជាច្រើន​រស់នៅ និង​ស្លាប់ទៅ​វិញ​ដោយ​គ្មាន​ឱកាស​ទទួល​ដំណឹងល្អ​ បានបណ្ដាល​ឲ្យ​មនុស្ស​មួយចំនួន « សរុប​សេចក្ដីថា ព្រះ​ត្រូវ​តែ​កំណត់​ទុកជា​មុន​ថា​កូនចៅ​របស់​ទ្រង់​រូប​ណា​ដែល​ទ្រង់​នឹង​សង្គ្រោះ ហើយ​ធ្វើ​ឲ្យ​​ដំណឹង​ល្អ​​មាន​សម្រាប់​ពួកគេ ខណៈ​ដែល​អ្នកដែល​ពុំបាន​ស្ដាប់​ឮ​ដំណឹងល្អ​ គឺ​មិន​ត្រូវ​បាន ‹ ជ្រើសរើស ›​ ឡើយ ។ ប៉ុន្តែ…ផែនការ​របស់​ព្រះ​គឺ​មាន​ក្ដីស្រឡាញ់​ដ៏​មហិមា​ជាង​គ្រាន់តែ​ធ្វើ​ដូច្នោះ ។ ព្រះវរបិតា​សួគ៌របស់​យើង​មានព្រះទ័យ​អន្ទះសារ​ដើម្បី​ប្រមូលផ្ដុំ ហើយ​ប្រទាន​ពរ​ដល់​គ្រួសារ​ទាំង​មូល​របស់​ទ្រង់ » ( ​« Gathering the Family of God » EnsignLiahona ខែ​ឧសភា ឆ្នាំ ២០១៧ ទំព័រ ២០–២១ ) ។ កូនចៅ​ទាំងអស់​របស់​ព្រះ​អាច​ទទួល​យក​ដំណឹងល្អ ហើយ​នឹង​ពិធីបរិសុទ្ធ​នានា​ដោយសារ​តែ​កិច្ចការ​​នេះ​បាន​ធ្វើឡើង​សម្រាប់​មរណជន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ទោះ​បី​ជា​ពុំមាន​នរណា​ម្នាក់​ត្រូវបាន​តម្រូវ​ទុកជា​មុន​ថានឹង​ត្រូវ​បាន​សង្គ្រោះ ឬ​ពុំ​បាន​សង្គ្រោះ​ក្ដី ក៏​វិវរណៈ​សម័យ​ទំនើប​បង្រៀន​​ថា មនុស្ស​មួយចំនួន​ត្រូវ​បាន​ជ្រើសរើស ឬ​ « តែងតាំងពីមុនផែនដី » នៅក្នុងពិភពមុនឆាកជីវិតនេះ​ដើម្បី​បំពេញ​ការ​ទទួលខុសត្រូវ​ជាក់លាក់​នានា​​នៅ​លើ​ផែនដី​នេះ ។ រឿង​នេះ​រាប់​បញ្ចូល​ទាំង​ការ​ទទួលខុសត្រូវ​ថា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយទាំង​អស់​ត្រូវ​ចែកចាយ​ដំណឹងល្អ ហើយជួយ​ដល់​កូនចៅ​ទាំងអស់​របស់ព្រះ​ដែល​នៅទាំង​សង្ខាង​នៃ​វាំងនន​ឲ្យ​មក​រក​ព្រះគ្រីស្ទ ។ ( សូម​មើល « Foreordination » ប្រធានបទ​ដំណឹង​ល្អ topics.lds.org ) ។

អេភេសូរ ១:១០

ព្រះ​នឹង « បំព្រួម​គ្រប់​ទាំង​អស់​ក្នុង​ព្រះគ្រីស្ទ » ។

តើ​បងប្អូន​ធ្លាប់​ងឿងឆ្ងល់​អំពីថា​តើ « គ្រាកាន់កាប់ត្រួតត្រានៃ​ពេលពេញកំណត់ » ជាអ្វី ឬ​ថាតើឃ្លា « បំព្រួម​គ្រប់​ទាំង​អស់​ក្នុង​ព្រះគ្រីស្ទ » មានន័យ​យ៉ាងណា​ទេ ? នៅពេល​បងប្អូនពិចារណា​អំពី​ឃ្លា​ទាំងនេះ សូមអាន​បទគម្ពីរ​ដូច​ខាង​ក្រោម ៖ អេភេសូរ ៤:១៣; នីហ្វៃទី ២ ៣០:៧–៨; គោលលទ្ធិ និង​ សេចក្ដីសញ្ញា ១១០:១១–១៦; ១១២:៣០–៣២; ១២៨:១៨–២១ ។ បងប្អូន​អាច​នឹង​ទទួល​អារម្មណ៍បំផុសគំនិត​ឲ្យ​សរសេរ​ការ​ពន្យល់​ផ្ទាល់ខ្លួន​អំពី​ឃ្លា​ទាំងនេះ ។

អេភេសូរ ២:១៩–២២; ៤:១១–១៦

សាសនាចក្រ​ត្រូវបាន​ស្ថាបនា​ឡើង​នៅ​លើ​ពួកសាវក និង​ពួកព្យាការី ហើយ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ថ្មជ្រុងយ៉ាងឯក ។

ការ​អាន​​នូវ​ការ​បង្រៀន​របស់​ប៉ុល​អំពីពួកសាវក និង​ពួកព្យាការី អាចជួយ​បងប្អូនឲ្យ​​រៀបចំ​ខ្លួន​ស្ដាប់​សារលិខិត​របស់​ពួកសាវក និងពួកព្យាការី​សម័យទំនើប​អំឡុង​សន្និសីទ​ទូទៅ ។ ស្របតាម អេភេសូរ ២:១៩–២២; ៤:១១–១៦ ហេតុអ្វី​បាន​ជា​យើង​មាន​ពួកព្យាការី និងពួក​សាវក ? តើ​ការ​បង្រៀន​របស់​ពួកគាត់​បាន​ជួយ​បងប្អូន​កុំ​ឲ្យ « ត្រូវ​ខ្យល់​នៃ​សេចក្ដីបង្រៀន​បោក » យ៉ាង​ដូចម្ដេច ?

សូមមើល​ផងដែរ កិច្ចការ ៤:១០–១២ ។

សមាជិក​នៃ​គណៈប្រធានទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់

ព្រះអម្ចាស់​ហៅ​ពួក​ព្យាការី និង​ពួក​សាវក​ឲ្យដឹកនាំ​សាសនាចក្រ​របស់ទ្រង់ ។

អេភេសូរ ៥:២១–៦:៤

ខ្ញុំ​អាច​ពង្រឹង​ទំនាក់ទំនង​​គ្រួសារ​ខ្ញុំ​ ។

នៅពេល​បងប្អូនអាន អេភេសូរ ៥:២១–៦:៤ តើ​មាន​គំនិត​អ្វីខ្លះ​កើត​មាន​ក្នុង​គំនិត​បងប្អូន​អំពី​របៀប​ដើម្បី​ពង្រឹង​ទំនាក់ទំនង​គ្រួសារ​របស់​បងប្អូន ?

វា​សំខាន់​ដើម្បី​កត់ចំណាំ​ថា ពាក្យសម្ដីរបស់​ប៉ុល​នៅក្នុង អេភេសូរ ៥:២២ ត្រូវ​បាន​កត់ត្រា​ទុក​នៅក្នុង​បរិបទ​នៃ​ទំនៀមទម្លាប់​សង្គម​នៃ​សម័យ​របស់​គាត់ ។ ពួក​ព្យាការី និងពួក​សាវក​នៅសព្វថ្ងៃនេះ​បង្រៀន​ថា បុរស​គឺ​ពុំ​មែន​ធ្វើ​មេ​លើ​ស្ត្រីទេ ហើយ​ថា​ប្ដីប្រពន្ធ​គួរ​តែ​ជា ​« ដៃគូ​ស្មើភាព​គ្នា » ( សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១៤៥ ) ។ ទោះ​ជា​ដូច្នោះ​ក្ដី បងប្អូន​នៅតែ​អាច​រកឃើញ​ដំបូន្មាន​ស្រដៀងគ្នានៅក្នុង អេភេសូរ ៥:២៣–៣៣ ជាពិសេស​បើ​បងប្អូន​បាន​រៀបការ​ហើយ ឬ​ត្រៀម​ខ្លួន​ដើម្បី​រៀបការ ។ ឧទាហរណ៍ តើ​ព្រះគ្រីស្ទ​បង្ហាញ​សេចក្ដីស្រឡាញ់​របស់​ទ្រង់​ចំពោះ​ពួកបរិសុទ្ធ​យ៉ាង​ដូចម្ដេច ? តើ​ការណ៍នេះ​បញ្ជាក់​អំពី​របៀប​ដែល​ស្វាមី​គួរ​ប្រព្រឹត្ត​ចំពោះ​ភរិយា​របស់​ពួកគេ​យ៉ាងណា ? តើ​មានសារលិខិត​អ្វីខ្លះ​ដែល​បងប្អូន​​រក​ឃើញ​សម្រាប់​ខ្លួន​ឯង​នៅ​ក្នុង​បទគម្ពីរទាំង​នេះ ?

អេភេសូរ ៦:១០–១៨

ការ​ពាក់ « ​គ្រប់គ្រឿង​សឹក​របស់​ព្រះ » នឹង​ជួយ​ការពារ​ខ្ញុំ​ពី​សេចក្ដីអាក្រក់ ។

នៅពេល​បងប្អូនអាន អេភេសូរ ៦:១០–១៨ សូមពិចារណា​ថា​ហេតុអ្វីបាន​ជាប៉ុលបាន​ដាក់​ឈ្មោះគ្រឿងសឹកនីមួយៗយ៉ាង​ដូច្នោះ ។ តើ « គ្រប់គ្រឿងសឹករបស់ព្រះ » នឹង​ការពារ​យើង​ពីអ្វី ? តើ​បងប្អូនអាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ពាក់​គ្រប់​បំណែក​នៃ​គ្រឿង​សឹក​ឲ្យ​បាន​កាន់តែ​ពេញលេញ​ជា​រៀង​រាល់​ថ្ងៃ ?

សូមមើល​ផងដែរ នីហ្វៃទី ២ ១:២៣; គោលលទ្ធិ និង ​សេចក្ដីសញ្ញា ២៧:១៥–១៨ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ

នៅពេលបងប្អូន​​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​បងប្អូន​ នោះ​ព្រះវិញ្ញាណ​អាច​ជួយ​បងប្អូន​​ឲ្យ​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារបងប្អូន​ ។ នេះ​គឺ​ជាការ​ផ្ដល់​យោបល់​មួយ​ចំនួន ៖

អេភេសូរ ១:១០

តាមរយៈ​ការ​ស្ដារឡើងវិញ​នៅ​ថ្ងៃ​ចុង​ក្រោយ ព្រះ​កំពុង​ប្រមូល​ផ្ដុំ​អ្វីៗ​ទាំង​អស់មក​ជា​តែមួយ រួមទាំង​គ្រប់គោលការណ៍ និង​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ ។ ដើម្បីបង្ហាញអំពី​គំនិត​នេះ បងប្អូន​អាច​លាក់​វត្ថុ ឬ​ឃ្លា​ដែលបាន​សរសេរ​ទុក នៅ​ជុំវិញ​ផ្ទះរបស់​បងប្អូន​ដែល​តំណាង​ឲ្យ​អ្វីៗ​ដែល​បាន​ស្ដារឡើងវិញ​នៅជំនាន់របស់​យើង ( ដូចជា កូនសោបព្វជិតភាព ពិធីបរិសុទ្ធ​នៅក្នុង​ព្រះវិហារបរិសុទ្ធ ព្រះគម្ពីរ និង អំណោយទាន​ខាងវិញ្ញាណ ) ។ សមាជិក​គ្រួសារ​អាច​ស្រាវជ្រាវ​រក​វា ហើយ « ប្រមូល​ផ្ដុំ » វា​មកជុំគ្នា ។ ហេតុអ្វី​ក៏​យើង​មានអំណរគុណ​ដើម្បី​រស់នៅ​ក្នុង «​សម័យ​កាន់​កាប់​ត្រួតត្រា​នៃ​​ពេល​ពេញ​កំណត់ » នេះ​ដូច្នេះ ?

អេភេសូរ ២:៤–១០; ៣:១៤–២១

សូម​អញ្ជើញ​​សមាជិក​គ្រួសារ​ឲ្យចែកចាយ​ពី​បទពិសោធន៍​ទាំងឡាយដែល​ពួកគេ​បាន​ទទួល​​អារម្មណ៍​នៃ​សេចក្ដីស្រឡាញ់ និង​សេចក្ដីមេត្តាករុណា​របស់ព្រះ និងព្រះយេស៊ូវគ្រីស្ទ ដែលបានពិពណ៌នា​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។

អេភេសូរ ២:១២–១៩

គ្រួសារ​របស់​បងប្អូន​អាច​នឹង​រីករាយ​ក្នុង​ការ​សង់​ជញ្ជាំង​ដោយ​ដាក់​តម្រៀប​ខ្នើយ ឬ​វត្ថុ​ផ្សេងទៀត​ដែល​បងប្អូន​មាន​នៅ​ផ្ទះ បន្ទាប់មក​រំលំ​វា​ចុះ ។ តើ​ជញ្ជាំង​ប្រភេទណា ដែលបាន​ញែក​មនុស្ស​ចេញ​ពី​គ្នា​សព្វថ្ងៃនេះ ? តើ​ព្រះយេស៊ូវ « រុះ​ជញ្ជាំង​ដែល​ខាន់​កណ្ដាល​យើង » និង​ព្រះ​ដោយ​របៀបណា ?

អេភេសូរ ៦:១០–១៨

គ្រួសារ​របស់​បងប្អូនអាច​ធ្វើ « គ្រឿងសឹក​នៃ​ព្រះ » ខ្លួន​ឯង​ដោយ​ប្រើ​វត្ថុ​នៅ​ក្នុង​ផ្ទះ ។ វីដេអូ « គ្រឿងសឹកនៃ​ព្រះ » ( LDS.org ) អាចជួយ​សមាជិក​គ្រួសារ​ឲ្យ​​មើល​ឃើញ​នឹង​ភ្នែកនូវ​គ្រឿងសឹក​នេះ ហើយពួកគេ​អាច​រកឃើញ​ការ​ពន្យល់​សាមញ្ញៗ​នៅក្នុង « The Whole Armor of God »Friend ខែ មិថុនា ឆ្នាំ ២០១៦ ទំព័រ ២៤–២៥ ) ។ តើ​បំណែកនីមួយៗ​នៃ​គ្រឿងសឹក​ការពារ​យើង​ខាង​វិញ្ញាណ​យ៉ាង​ដូចម្ដេច ? តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក​ឲ្យ​ « ពាក់​គ្រប់​គ្រឿងសឹក​របស់​ព្រះ » ( អេភេសូរ ៦:១១ ) ជារៀងរាល់​ថ្ងៃ ?

សម្រាប់គំនិតបន្ថែមដើម្បី​បង្រៀនកុមា​រ សូមមើល គម្រោង​មេរៀន​​សប្ដាហ៍នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​  ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

ចូរ​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ​ការសិក្សា​របស់​បងប្អូន ។ សូម​រំញោច​ដឹង​ពី​ព្រះវិញ្ញាណ នៅពេល​ទ្រង់ដឹកនាំ​បងប្អូន​ឆ្ពោះ​ទៅរក​អ្វីៗ​ដែល​បងប្អូន​ចាំបាច់​ត្រូវ​រៀន​ជា​រៀងរាល់ថ្ងៃ ទោះជា​រឿង​នេះ​នាំ​បងប្អូន​ឲ្យ​សិក្សា​ប្រធានបទ​មួយ​ដែល​បងប្អូន​ពុំ​បាន​រៀបចំ​ពី​ដំបូង​ក្ដី ។

បុរស​ពាក់​គ្រឿងសឹក​​នៅក្នុងជំនាន់​ព្រះគម្ពីរសញ្ញា​ចាស់​

ការ​ពាក់គ្រប់គ្រឿង​សឹក​នៃ​ព្រះ​អាច​ការពារ​យើង​ខាង​វិញ្ញាណ ។