« ថ្ងៃទី ២៣–២៩ ខែ កញ្ញា ។ កាឡាទី ៖ ‹ ត្រូវដើរដោយព្រះវិញ្ញាណ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ២៣–២៩ ខែ កញ្ញា ។ កាឡាទី » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩
ថ្ងៃទី ២៣–២៩ ខែ កញ្ញា
កាឡាទី
« ត្រូវដើរដោយព្រះវិញ្ញាណ »
នៅពេលបងប្អូនអានគម្ពីរកាឡាទី សូមកត់ត្រាចំណាប់អារម្មណ៍ខាងវិញ្ញាណនានាដែលបងប្អូនទទួលបាន ។ ការធ្វើដូច្នោះនឹងជួយបងប្អូនឲ្យចងចាំ ហើយពិចារណាអំពីវានៅពេលអនាគត ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទផ្ដល់សេរីភាពពីសេវកភាពខាងវិញ្ញាណ ។ ប៉ុន្តែពេលខ្លះមនុស្សដែលធ្លាប់មានសេរីភាពក្នុងដំណឹងល្អបែរជាត្រឡប់ទៅរកវា ហើយ « ចង់ទៅជាប់បម្រើម្ដងទៀត » ( កាឡាទី ៤:៩ ) ។ នេះគឺជាអ្វីដែលពួកបរិសុទ្ធកាឡាទីមួយចំនួនកំពុងធ្វើ—ពួកគេងាកចេញពីសេរីភាព ដែលព្រះគ្រីស្ទបានប្រទានដល់ពួកគេ ( សូមមើលកាឡាទី ១:៦ ) ។ សំបុត្ររបស់ប៉ុលទៅពួកកាឡាទី គឺជាការហៅជាបន្ទាន់ឲ្យត្រឡប់មករក « សេរីភាពនោះចុះ កុំឲ្យត្រូវជាប់ចំណងជាបាវបម្រើទៀតឡើយ» ( កាឡាទី ៥:១ ) ។ ការហៅនេះគឺជាអ្វីមួយដែលយើងក៏ត្រូវការស្ដាប់ ហើយគោរពតាមផងដែរ ពីព្រោះអ្វីៗនឹងផ្លាស់ប្ដូរ ប៉ុន្ដែការជ្រើសរវាងសេរីភាព និងសេវកភាពមិនផ្លាស់ប្ដូរឡើយ ។ ដូចជាប៉ុលបានបង្រៀន វាពុំគ្រប់គ្រាន់ទេដើម្បី « ហៅមកឲ្យមានសេរីភាព » ( កាឡាទី ៥:១៣ ) នោះ យើងត្រូវតែ « ឈរឲ្យមាំមួន » ក្នុងសេរីភាពនោះ ( កាឡាទី ៥:១ ) ដោយការពឹងផ្អែកទៅលើព្រះគ្រីស្ទ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ក្រឹត្យវិន័យរបស់ព្រះគ្រីស្ទធ្វើឲ្យខ្ញុំមានសេរីភាព ។
ប៉ុលបានសរសេរទៅកាន់ពួកបរិសុទ្ធកាឡាទី នៅពេលគាត់បានដឹងថាពួកគេត្រូវបាននាំឲ្យវង្វេងដោយសារការបង្រៀនខុសឆ្គង ។ ការបង្រៀនមួយនៃការបង្រៀនទាំងនេះគឺថា ដើម្បីត្រូវបានសង្គ្រោះ ពួកសាសន៍ដទៃដែលបានទទួលដំណឹងល្អហើយនោះនៅតែត្រូវកាត់ស្បែក ហើយរក្សាតាមទំនៀមទម្លាប់ផ្សេងៗទៀតនៃក្រឹត្យវិន័យរបស់លោកម៉ូសេ ។ ប៉ុលបានហៅទំនៀមទម្លាប់ទាំងនេះថា « ចំណងជាបាវបម្រើ » ( កាឡាទី ៥:១ ) ដោយសារតែពួកគេកំពុងរារាំងពួកបរិសុទ្ធមិនឲ្យរស់នៅដោយពេញលេញតាមក្រឹត្យវិន័យរបស់ព្រះគ្រីស្ទ ដែលនាំមកនូវសេរីភាពពិតប្រាកដនោះ ។ តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុងការទូន្មានរបស់ប៉ុលទៅកាន់ពួកកាឡាទីដែលអាចជួយបងប្អូនឲ្យយល់អំពីអ្វីដែលជាសេរីភាពពិតប្រាកដ ? បងប្អូនក៏អាចពិចារណាអំពីចំណងជាបាវបម្រើអ្វីខ្លះដែលអាចមាននៅក្នុងជីវិតរបស់បងប្អូនផងដែរ ។ តើមានអ្វីដែលរារាំងបងប្អូនពីការទទួលបានសេរីភាពដែលដំណឹងល្អបានផ្ដល់ឲ្យនោះ ? តើព្រះគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់បានធ្វើឲ្យ « [ បងប្អូនមាន ] សេរីភាព » យ៉ាងដូចម្ដេច ? ( កាឡាទី ៥:១ ) ។
សូមមើលផងដែរ នីហ្វៃទី ២ ២:២៧; ៩:១០–១២ ។
ខ្ញុំគឺជាអ្នកគ្រងពរជ័យដែលបានសន្យាចំពោះលោកអ័ប្រាហាំ ។
ពួកបរិសុទ្ធកាឡាទីមួយចំនួនបានបារម្ភថាដោយសារតែពួកគេពុំមែនជាពូជពង្ស ( « ពូជ » ) របស់អ័ប្រាហាំផង នោះពួកគេនឹងពុំទទួលបានពរជ័យដែលបានសន្យាចំពោះអ័ប្រាហាំ រួមមានទាំងភាពតម្កើងឡើងនោះទេ ។ ស្របតាម កាឡាទី ៣:៧–៩, ១៣–១៤, ២៧–២៩ តើមានគុណសម្បត្តិអ្វីខ្លះដែលមនុស្សម្នាក់គួរមានដើម្បីក្លាយជា « ពូជរបស់អ័ប្រាហាំ ? » ដើម្បីរៀនអំពីពរជ័យដែលបានសន្យាចំពោះអ័ប្រាហាំ និងពរជ័យទាំងឡាយដែលយើងអាចទទួលគ្រងក្នុងនាមជាពូជរបស់លោក សូមមើល Bible Dictionary « Abraham, covenant of » និង « Abrahamic Covenant » Gospel Topics topics.lds.org ។
តើអ័ប្រាហាំបានមានដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែរឬទេ ?
ព្យាការី យ៉ូសែប ស៊្មីធបានពន្យល់ថា ៖ « យើងមិនអាចជឿថា មនុស្សពីបុរាណនៅគ្រប់ជំនាន់មានភាពល្ងង់ខ្លៅយ៉ាងខ្លាំង អំពីប្រព័ន្ធនៃស្ថានសួគ៌ ដូចដែលមនុស្សជាច្រើនគិតស្មាននោះទេ ពីព្រោះមនុស្សទាំងអស់ដែលត្រូវបានសង្គ្រោះ គឺបានសង្គ្រោះតាមរយៈអំណាចនៃផែនការដ៏មហិមានៃសេចក្តីប្រោសលោះនេះ ទាំងពីមុនការយាងមករបស់ព្រះគ្រីស្ទ ក៏ដូចជាបន្ទាប់ពីការយាងមករបស់ទ្រង់ដែរ ។… អ័ប្រាហាំបានថ្វាយយញ្ញបូជា ហើយដោយការធ្វើដូចនេះ នោះដំណឹងល្អបានផ្សាយដល់លោក » ( « The Elders of the Church in Kirtland to Their Brethren Abroad » The Evening and the Morning Star ខែ មីនា ឆ្នាំ ១៨៣៤ ទំព័រ ១៤៣ គេហទំព័រ josephsmithpapers.org ) ។ បទគម្ពីរដូចខាងក្រោមក៏បានចង្អុលបង្ហាញផងដែរថា ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទត្រូវបានផ្សាយពីមុនការបម្រើក្នុងជីវិតរមែងស្លាប់របស់ព្រះអង្គសង្គ្រោះ ៖ ហេលេមិន ៨:១៣–២០, ម៉ូសេ ៦:៥០–៦៦ ។
បើខ្ញុំ « ត្រូវដើរដោយព្រះវិញ្ញាណ » ខ្ញុំនឹងទទួលបាន « ផលផ្លែនៃព្រះវិញ្ញាណ » ។
ការសិក្សាខគម្ពីរទាំងនេះអាចជួយបងប្អូនឲ្យវាយតម្លៃថា តើបងប្អូនកំពុងដើរដោយព្រះវិញ្ញាណបានពេញលេញប៉ុណ្ណា ។ តើបងប្អូនទទួលបទពិសោធន៍នៃផលផ្លែនៃព្រះវិញ្ញាណដែលបានប្រាប់នៅក្នុង ខទី ២២–២៣ ដែរឬទេ ? តើមានផលផ្លែ ឬលទ្ធផលដទៃទៀតពីការរស់នៅខាងវិញ្ញាណអ្វីខ្លះដែលបងប្អូនបានកត់សម្គាល់ឃើញ ? សូមពិចារណាអំពីអ្វីដែលបងប្អូនចាំបាច់ត្រូវធ្វើដើម្បីបណ្ដុះផលផ្លែនេះឲ្យបានកាន់តែពេញលេញ ។ តើការបណ្ដុះផលផ្លែនេះអាចចម្រើនដល់ទំនាក់ទំនងសំខាន់ៗនៅក្នុងជីវិតរបស់បងប្អូនយ៉ាងដូចម្ដេច ?
ប្រហែលជាបងប្អូនកំពុងព្យាយាមដើរដោយព្រះវិញ្ញាណ ប៉ុន្តែវាហាក់ដូចជាការខិតខំរបស់បងប្អូនពុំបានចេញផលផ្លែដូចដែលបានសន្យាសោះ ។ សូមអាន កាឡាទី ៦:៧–១០ ( ជាញឹកញាប់បានយោងថាជា ក្រឹត្យវិន័យនៃការប្រមូលផល ) ។ តើមានសារលិខិតអ្វីខ្លះដែលបងប្អូនមានអារម្មណ៍ថាព្រះអម្ចាស់មានសម្រាប់បងប្អូននៅក្នុងបទគម្ពីរទាំងនេះ ? តើបងប្អូនអាចប្រើខគម្ពីរទាំងនេះដើម្បីលើកទឹកចិត្តដល់នរណាម្នាក់ដែលកំពុងមានបញ្ហាដើម្បីរស់នៅតាមដំណឹងល្អយ៉ាងដូចម្ដេច ?
សូមមើល អាលម៉ា ៣២:២៨, ៤១–៤៣, គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៣២–៣៤ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារបងប្អូន ។ នេះគឺជាការផ្ដល់យោបល់មួយចំនួន ៖
តើវាមានន័យដូចម្ដេចដើម្បី « រស់ដោយអាងសេចក្ដីជំនឿ ? » តើគ្រួសាររបស់បងប្អូនកំពុងធ្វើអ្វីខ្លះដើម្បីបង្ហាញថាបងប្អូនរស់នៅដោយសេចក្ដីជំនឿនោះ ?
បងប្អូនអាចណែនាំអំពី កាឡាទី ៤ ដោយការពិភាក្សាពីភាពខុសគ្នារវាងបាវបម្រើស្ដេចម្នាក់ និងកូនចៅរបស់ទ្រង់ ។ តើឱកាស ឬសក្ដានុពលអ្វីខ្លះដែលកូនរបស់ស្ដេចមាន ហើយបាវបម្រើពុំមាន ? ចូរគិតអំពីរឿងនេះនៅពេលបងប្អូនអាន ខទី ១–៧ ជាមួយគ្នា ។ តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះអំពីទំនាក់ទំនងរបស់យើងជាមួយនឹងព្រះវរបិតាសួគ៌ ?
ដើម្បីបន្ថែមភាពសប្បាយខ្លះៗចូលក្នុងការពិភាក្សារបស់បងប្អូនអំពី កាឡាទី ៥:២២–២៣ នោះគ្រួសារបងប្អូនអាចដាក់ស្លាកផ្លែឈើផ្សេងៗគ្នាដោយពាក្យរបស់ប៉ុលដែលបានប្រើពិពណ៌នាអំពី « ផលផ្លែនៃព្រះវិញ្ញាណ » ។ បន្ទាប់មក សមាជិកគ្រួសារម្នាក់ៗអាចជ្រើសរើសយកផ្លែឈើមួយ ឲ្យនិយមន័យអំពីវា ហើយពិភាក្សាអំពីនរណាម្នាក់ដែលជាគំរូនៃផ្លែនោះ ។ ការណ៍នេះអាចនាំទៅរកការពិភាក្សាមួយអំពីរបៀបដែលសមាជិកគ្រួសាររបស់បងប្អូនអាចអញ្ជើញយាងព្រះវិញ្ញាណមកក្នុងគេហដ្ឋានរបស់បងប្អូន ហើយបណ្ដុះផលផ្លែនេះ ។ បន្ទាប់ពីការពិភាក្សា បងប្អូនអាចរីករាយនឹងញ៉ាំផ្លែឈើជាមួយគ្នា ។
ប្រហែលជាមានពេលជាច្រើនដែលនរណាម្នាក់នៅក្នុងគ្រួសាររបស់បងប្អូន « ធ្វើខុសអ្វី » មួយ ។ តើមានការទូន្មានអ្វីខ្លះដែលបងប្អូនរកឃើញនៅក្នុង កាឡាទី ៦:១ អំពីអ្វីដែលត្រូវធ្វើនៅក្នុងស្ថានភាពដូច្នោះ ?
បើគ្រួសារបងប្អូនធ្លាប់ដាំដើមឈើអ្វីជាមួយគ្នា បងប្អូនអាចប្រើបទពិសោធន៍នោះដើម្បីបង្ហាញអំពីគោលការណ៍ « ពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ » ( ខទី ៧ ) ។ ឬបងប្អូនអាចសួរសមាជិកគ្រួសារអំពីផ្លែឈើ ឬបន្លែដែលពួកគេចូលចិត្ត ហើយនិយាយអំពីអ្វីដែលត្រូវធ្វើដើម្បីដាំដើមឈើនោះឲ្យចេញផលមក ។ ( បងប្អូនអាចប្រើរូបភាពដែលមាននៅក្នុងគម្រោងមេរៀននេះ ធ្វើជាជំនួយចក្ខុ ) ។ បន្ទាប់មក បងប្អូនអាចមានការសន្ទនាមួយអំពីពរជ័យដែលគ្រួសាររបស់បងប្អូនសង្ឃឹមថានឹងទទួលបាន និងរបៀបដែលត្រូវ « ច្រូត » យកពរជ័យទាំងនោះ ។
សម្រាប់គំនិតបន្ថែមដើម្បីបង្រៀនកុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ។