« ថ្ងៃទី ១៦–២២ ខែ កញ្ញា ។ កូរិនថូសទី ២ ៨–១៣ ៖ ‹ ព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ › » ។ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ១៦–២២ ខែ កញ្ញា ។ កូរិនថូសទី ២ ៨–១៣ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩
ថ្ងៃទី ១៦–២២ ខែ កញ្ញា
កូរិនថូសទី ២ ៨–១៣
« ព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ »
ការកត់ត្រាចំណាប់អារម្មណ៍ខាងវិញ្ញាណនឹងជួយបងប្អូនចងចាំនូវអ្វីដែលបងប្អូនបានរៀនអំឡុងការសិក្សាបទគម្ពីរ ។ បងប្អូនអាចសរសេរនៅក្នុងសៀវភៅកំណត់ត្រាមួយ ធ្វើការកត់ចំណាំនៅរឹមទំព័រគម្ពីររបស់បងប្អូន បន្ថែមកំណត់ចំណាំនៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អរបស់បងប្អូន ឬថតសំឡេងអំពី គំនិតយោបល់របស់អ្នក ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
តើបងប្អូននឹងធ្វើអ្វីខ្លះ បើបងប្អូនស្ដាប់ឮថា ក្រុមជំនុំនៃពួកបរិសុទ្ធនៅក្នុងតំបន់ផ្សេងកំពុងមានបញ្ហានៅក្នុងភាពក្រីក្រ ? នេះគឺជាស្ថានភាពដែលប៉ុលបានពិពណ៌នាចំពោះពួកបរិសុទ្ធកូរិនថូសនៅក្នុង កូរិនថូសទី ២ ៨–៩ ។ គាត់សង្ឃឹមថានឹងបញ្ចុះបញ្ចូលឲ្យពួកបរិសុទ្ធកូរិនថូសបរិច្ចាគភាពសម្បូរហូរហៀររបស់ពួកគេខ្លះៗទៅដល់ពួកបរិសុទ្ធដែលខ្វះខាត ។ ប៉ុន្តែហួសពីការសុំឲ្យធ្វើការបរិច្ចាគ ពាក្យសម្ដីរបស់ប៉ុលក៏មាន នូវសេចក្ដីពិតដ៏អស្ចារ្យអំពីការផ្ដល់ឲ្យផង ដែរ ៖ « ចូរឲ្យគ្រប់គ្នាធ្វើ តាមដែលសម្រេចក្នុងចិត្តចុះមិនមែនដោយស្តាយ ឬដោយបង្ខំឡើយ ដ្បិតព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ » ( កូរិនថូសទី ២ ៩:៧ ) ។ នៅក្នុងជំនាន់របស់យើង នៅតែ មានពួកបរិសុទ្ធនៅទូទាំងពិភពលោកដែលកំពុងត្រូវការជំនួយ ។ ពេលខ្លះអ្វីដែលយើងអាចធ្វើបានល្អបំផុតគឺតមអាហារ ហើយបរិច្ចាគជាដង្វាយតមអាហារ ។ ក្នុងករណីផ្សេងទៀត ការផ្ដល់ឲ្យរបស់យើងអាចមានលក្ខណៈចំៗ និងផ្ទាល់ខ្លួនច្រើនជាង ។ មិនថាយើងបានធ្វើការលះបង់ក្នុងទម្រង់ណាទេ វាមានតម្លៃដើម្បីត្រួតពិនិត្យអារម្មណ៍របស់យើងក្នុងការផ្ដល់ឲ្យ ។ តើការលះបង់របស់យើងបង្ហាញពីសេចក្ដីស្រឡាញ់ឬទេ ? នៅទីបំផុត វាគឺជាសេចក្ដីស្រឡាញ់ដែលធ្វើឲ្យអ្នកផ្ដល់ឲ្យនោះមានអំណរ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ខ្ញុំអាចចែកចាយអ្វីដែលខ្ញុំមានដោយអំណរ ដើម្បីប្រទានពរដល់ជនទ័លក្រ និងជនទុរគត៌ ។
មានមនុស្សជាច្រើនណាស់ដែល ស្ថិតក្នុងភាពខ្វះខាតនៅលើពិភពលោក នេះ ។ តើយើងអាចធ្វើឲ្យមានភាពខុសប្លែកកើតឡើងយ៉ាងដូចម្ដេច ? អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានផ្ដល់នូវការប្រឹក្សានេះថា ៖ « ទាំងអ្នកមាន ឬ អ្នកក្រ យើងត្រូវធ្វើ ‹ អ្វីៗដែលយើងអាចធ្វើទៅបាន › នៅពេលអ្នកដទៃមានតម្រូវការ [ សូមមើល ម៉ាកុស ១៤:៦ ៨ ] ។… [ ព្រះ ] នឹងជួយអ្នក ហើយដឹកនាំអ្នកនៅក្នុងទង្វើដ៏មេត្តាករុណានៃភាពជាសិស្ស ប្រសិនបើអ្នកចង់ធ្វើ និងអធិស្ឋានសុំ ហើយស្វែងរករបៀបដើម្បីរក្សាបទបញ្ញត្តិមួយ ដែលទ្រង់បានប្រទានដល់យើងម្ដងហើយម្ដងទៀតដោយមានមនសិកានោះ » ( «Are We Not All Beggars ? » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៤១ ) ។
សូមអាន កូរិនថូសទី ២ ៨:១–១៥; ៩:៦–១៥ រួចកត់ចំណាំគោលការណ៍ដែលប៉ុលបានបង្រៀនអំពីការមើលថែដល់ជនទ័លក្រ និងជនទុរគត៌ ។ តើមានអ្វីខ្លះដែលបានបំផុសគំនិតបងប្អូនអំពីការទូន្មានរបស់ប៉ុល ? បងប្អូនអាចអធិស្ឋានសុំការណែនាំអំពីអ្វីដែលបងប្អូនអាចធ្វើដើម្បីប្រទានពរដល់នរណាម្នាក់ដែលខ្វះខាត ។ សូមប្រាកដថា បងប្អូនកត់ចំណាំចំណាប់អារម្មណ៍ដែលបងប្អូនបានទទួល ហើយធ្វើសកម្មភាព ។
សូមមើលផងដែរ ម៉ូសាយ ៤:១៦–២៧; អាលម៉ា ៣៤:២៧–២៩; ហិនរី ប៊ី អាវរិង, « Is Not This the Fast That I Have Chosen? » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ២២–២៥; លីនដា ខេ ប៊ើតុន « I Was a Stranger » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១៣–១៥ ។
ព្យាការីក្លែងក្លាយព្យាយាមបោកបញ្ឆោត ។
វាអាចនឹងជួយបងប្អូនឲ្យយល់អំពី ជំពូកនេះ ដើម្បីដឹងថា « ពួកសាវកក្លែងក្លាយ » បានកើតមានឡើងនៅក្នុងចំណោមពួកបរិសុទ្ធកូរិនថូស ( កូរិនថូសទី ២ ១១:១៣ ) ។ តើបងប្អូនរៀនអ្វីខ្លះមកពី ខទី ១៣–១៥ អំពីអស់អ្នកដែលបង្រៀនគោលលទ្ធិក្លែងក្លាយ ? តើបងប្អូនរៀនអ្វីខ្លះអំពីពួកព្យាការីពិត នៅពេលបងប្អូនអានអំពីបទពិសោធន៍របស់ប៉ុល ដែលជាអ្នកបម្រើម្នាក់របស់ព្រះគ្រីស្ទ ? ( សូមមើល ខទី ២៣–៣៣ ) ។
ខ្ញុំគួរតែ « ត្រួតពិនិត្យ » ភាពស្មោះត្រង់របស់ខ្ញុំនៅក្នុងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
ដោយសារតែសព្វថ្ងៃនេះ មានមនុស្សជាច្រើនដែលព្យាយាមដឹកនាំយើងចេញពី « សេចក្តីទៀងត្រង់ខាងឯព្រះគ្រីស្ទ » ( កូរិនថូសទី ២ ១១:៣ ) បងប្អូនអាចទទួលបានការអញ្ជើញរបស់ប៉ុលដើម្បី « ពិចារណាខ្លួន [ បងប្អូន ] មើល តើស្ថិតនៅក្នុងសេចក្តីជំនឿឬទេ » ( កូរិនថូសទី ២ ១៣:៥ ) ។ ឧទាហរណ៍ បងប្អូនអាចនឹងពិចារណាអំពីអ្វីដែលបងប្អូនអាចលុបបំបាត់ចោលពីជីវិតរបស់បងប្អូន ដែលនឹងជួយបងប្អូនឲ្យផ្តោតទៅលើព្រះគ្រីស្ទ ឬបងប្អូនអាចបំពេញ « សកម្មភាពកំណត់ » នៅក្នុង ប្រកាសដំណឹងល្អរបស់យើងទំព័រ ១២៨ ។
តើអ្វីទៅជា « ស្ថានសួគ៌នៅជាន់ទីបី » ហើយមនុស្សម្នាក់ដែលត្រូវបាន « លើកឡើងទៅស្ថានសួគ៌ » នោះជានរណា ?
នៅក្នុងខគម្ពីរទាំងនេះ ប៉ុលកំពុងនិយាយអំពីខ្លួនគាត់ ដោយពុំបានប្រាប់ពីខ្លួនគាត់ដោយចំៗទេ—ប្រហែលជាចៀសវាងកុំឲ្យមានភាពអំនួតអំពីការនិមិត្តដ៏អស្ចារ្យរបស់គាត់ ។ ឃ្លា « ស្ថានសួគ៌នៅជាន់ទីបី » សំដៅទៅលើនគរសេឡេស្ទាល ( សូមមើល គ. និង ស. ៧៦:៩៦–៩៨ ) ។
ព្រះគុណរបស់ព្រះអង្គសង្គ្រោះមានល្មមគ្រប់គ្រាន់ដើម្បីជួយខ្ញុំឲ្យរកបានកម្លាំងនៅក្នុងភាពទន់ខ្សោយរបស់ខ្ញុំ ។
យើងពុំដឹងពីអ្វីដែលជា « បន្លា១ចាត់មកក្នុងសាច់ឈាម » របស់ប៉ុលនោះទេ ប៉ុន្តែវាងាយស្រួលដើម្បីភ្ជាប់ទៅនឹងបំណងប្រាថ្នារបស់គាត់ដើម្បីដកវាចេញ ។ យើងទាំងអស់គ្នាមានឧបសគ្គ និងបញ្ហាជាច្រើនដែលព្រះអម្ចាស់ពុំទតឃើញថាដល់ពេលត្រូវដកចេញពីជីវិតរបស់យើងទេ ។ ចូរគិតអំពីឧបសគ្គរបស់បងប្អូនផ្ទាល់ នៅពេលបងប្អូនអាន កូរិនថូសទី ២ ១២:៥–១០ ។ តើប៉ុលបានបង្រៀនអ្វីខ្លះពីភាពទន់ខ្សោយ ? តើបងប្អូនគិតថា វាមានន័យយ៉ាងណាដែលថាព្រះគុណរបស់ព្រះល្មមគ្រប់គ្រាន់ចំពោះបងប្អូននោះ ? តើបងប្អូនធ្លាប់ទទួលបទពិសោធន៍ព្រះចេស្ដាជួយពង្រឹងរបស់ព្រះយ៉ាងរបៀបណា ?
សូមមើលផងដែរ ម៉ូសាយ ២៣:២១–២៤; ២៤:១០–១៥; អេធើរ ១២:២៧; មរ៉ូណៃ ១០:៣២–៣៣ ។
តើប៉ុលចង់មានន័យយ៉ាងណានៅពេលគាត់និយាយអំពី « ស្មរបន្ទាល់២ឬ៣នាក់ » ?
នៅជំនាន់ព្រះគម្ពីរសញ្ញាចាស់ ស្មរបន្ទាល់២ឬ៣នាក់ គឺតម្រូវឲ្យទៅធ្វើបន្ទាល់នឹងនរណាម្នាក់ ( សូមមើលចោទិយកថា ១៩:១៥ ) ។ ប៉ុលបានថ្លែងអំពីការអនុវត្តនេះ នៅពេលគាត់សំដៅទៅលើការទៅជួបជាលើកទីបីរបស់គាត់ក្នុងទីក្រុងកូរិនថូស ។ ឧទាហរណ៍អំពីគោលការណ៍នៃសាក្សីច្រើននេះក្នុងសម័យថ្មី រួមមានសាក្សីបីនាក់ក្នុងព្រះគម្ពីរមរមន ទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទផ្ដល់ឲ្យក្នុងព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន និងពួកអ្នកផ្សព្វផ្សាយសាសនា គ្រូបង្រៀនតាមផ្ទះ និងគ្រូបង្រៀនសួរសុខទុក្ខថ្លែងទីបន្ទាល់ជាដៃគូ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារបងប្អូន ។ នេះគឺជាការផ្ដល់យោបល់មួយចំនួន ៖
តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុងជំពូកទាំងនេះ ដែលបំផុសគំនិតគ្រួសារបងប្អូនឲ្យឈោងទៅជួយជនទ័លក្រ និងជនទុរគត៌ ? រឿងនេះអាចនឹងជាពេលល្អមួយដើម្បីដាក់ផែនការធ្វើការបម្រើមួយជាគ្រួសារដល់នរណាម្នាក់ដែលខ្វះខាត ។
តើគ្រួសាររបស់បងប្អូនមានស្គាល់នរណាម្នាក់ដែលអាចនឹងត្រូវបានពិពណ៌នាថាជា « អ្នកថ្វាយដោយអំណរ » ដែរឬទេ ? តើយើងអាចបម្រើដល់មនុស្សដទៃដោយកាន់តែមានអំណរយ៉ាងដូចម្ដេច ?
តើបងប្អូនអាចបង្រៀនគ្រួសារបងប្អូនអំពី « ចម្បាំង » របស់យើងទាស់នឹងសេចក្ដីទុច្ចរិតយ៉ាងដូចម្ដេច ? តើគ្រួសាររបស់បងប្អូនរីករាយនឹងសង់ជញ្ជាំង ឬបន្ទាយមួយដោយដាក់កៅអី និងភួយឬទេ ? នេះអាចនាំទៅរកការពិភាក្សាមួយអំពីរបៀបដើម្បីបណ្ដេញនូវរឿងទាំងឡាយដែលនាំយើងឲ្យចេញពីព្រះ ហើយ « [ នាំ ] អស់ទាំងគំនិតឲ្យចុះចូលស្ដាប់បង្គាប់ព្រះគ្រីស្ទ » ។ តើ « អាវុធ » ខាងវិញ្ញាណដែលយើងប្រើដើម្បីគ្រប់គ្រងគំនិតរបស់យើងមានអ្វីខ្លះ ? ( សូមមើល អេភេសូ ៦:១១–១៨ ) ។
តើគ្រួសាររបស់បងប្អូនអាចធ្វើអ្វីខ្លះដើម្បីផ្ដោតកាន់តែខ្លាំងទៅលើ « សេចក្តីទៀងត្រង់ខាងឯព្រះគ្រីស្ទ » ?
សម្រាប់គំនិតបន្ថែមដើម្បីបង្រៀនកុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ។