ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២៦ ខែ ​សីហា–ថ្ងៃទី ១ ខែ ​កញ្ញា ។ កូរិនថូសទី ១ ៨–១៣ ៖ ‹ អ្នក​រាល់​គ្នា​ជា​រូបកាយ​នៃ​ព្រះគ្រីស្ទ ›


« ថ្ងៃទី ២៦ ខែ ​សីហា–ថ្ងៃទី ១ ខែ ​កញ្ញា ។ កូរិនថូសទី ១ ៨–១៣ ៖ ‹ អ្នក​រាល់​គ្នា​ជា​រូបកាយ​នៃ​ព្រះគ្រីស្ទ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃទី ២៦ ខែ ​សីហា–ថ្ងៃទី ១ ខែ ​កញ្ញា ។ កូរិនថូសទី ១ ៨–១៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩

ការប្រជុំ​សាក្រាម៉ង់

ថ្ងៃទី ២៦ ខែ ​សីហា–ថ្ងៃទី ១ ខែ ​កញ្ញា

កូរិនថូសទី ១ ៨–១៣

« អ្នក​រាល់​គ្នា​ជា​រូបកាយ​នៃ​ព្រះគ្រីស្ទ »

នៅ​ពេល​បងប្អូន​អាន កូរិនថូសទី ១ ៨–១៣​ប្រកបដោយ​ការ​អធិស្ឋាន នោះ​ព្រះវិញ្ញាណបរិសុទ្ធ​អាច​ថ្លែង​មក​កាន់​បងប្អូន​តាម​របៀប​ដ៏​ល្អិតល្អន់ ( សូមមើល ពង្សាវតារក្សត្រ ទី ១ ១៩:១១–១២ ) ។ ការ​កត់ត្រា​ចំណាប់អារម្មណ៍​ទាំង​នេះ​នឹង​ជួយ​បងប្អូន​ឲ្យ​នឹកចាំ​ពី​អារម្មណ៍ និង​គំនិត​ទាំងឡាយ​ដែល​បងប្អូន​បាន​មាន អំឡុង​ពេល​ការសិក្សា​របស់​បងប្អូន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

នៅ​ក្នុង​ជំនាន់​របស់​ប៉ុល ទីក្រុង​កូរិនថូស​គឺជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​សប្បូរហូរហៀរ​មួយ​ដែល​មាន​មនុស្ស​រស់នៅ​ពាសពេញ​ទាំង​អាណាចក្រ​រ៉ូម ។ ដោយ​សារ​មាន​វប្បធម៌ និង​សាសនា​ជាច្រើន​ផ្សេងៗ​គ្នា​នៅក្នុង​ទីក្រុង នោះ​សមាជិក​សាសនាចក្រ​នៅ​ទីក្រុង​កូរិនថូស​បាន​មានបញ្ហា​ក្នុងការ​រក្សា​សាមគ្គីភាព ដូច្នេះ​ប៉ុល​បាន​ព្យាយាម​ជួយ​ពួកគេ​ឲ្យ​រកបាន​សាមគ្គីភាព​នៅ​ក្នុង​ជំនឿ​ទៅ​លើ​ព្រះគ្រីស្ទ​របស់​ពួកគេ ។ សាមគ្គីភាព​នេះ​គឺត្រូវ​មាន​ច្រើន​ជាង​ការ​គ្រាន់តែ​រស់នៅ​ជាមួយ​គ្នា​ដោយ​សន្ដិភាព ហើយ​ប៉ុល​ពុំ​គ្រាន់​តែ​សុំ​ឲ្យ​ពួកគេ​អត់ធ្មត់​ចំពោះ​ភាពខុស​គ្នា​របស់​គ្នា​ទៅវិញទៅមក​នោះទេ ។ ប៉ុន្តែ​គាត់​បាន​បង្រៀន​ថា នៅពេល​អ្នក​ចូល​រួម​ក្នុង​សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ អ្នក​គឺ « បាន​ជ្រមុជ​ចូល​ក្នុង​រូបកាយ​តែ​មួយ » ហើយ​គ្រប់​អវយវៈ​នៃ​រូបកាយ​គឺចាំបាច់ ( កូរិនថូសទី ១ ១២:១៣ ) ។ នៅពេល​សមាជិក​ម្នាក់​វង្វេង​បាត់ គឺ​ដូចជា​បាត់​អវយវៈ​មួយ ហើយ​ជា​លទ្ធផល​រូបកាយ​នឹង​ចុះទន់ខ្សោយ ។ នៅពេល​សមាជិក​ម្នាក់​រងទុក្ខ យើង​ទាំងអស់​គ្នា​គួរ​ដឹង ហើយ​ធ្វើ​នូវ​ចំណែក​របស់​យើង​ដើម្បី​សម្រាល​ការ​ឈឺ​ចាប់​នោះ ។ នៅក្នុង​សាមគ្គីភាព​ប្រភេទ​នេះ ភាព​ខុសគ្នា​គឺ​ពុំ​គ្រាន់តែ​ជា​ការ​ទទួល​ដឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គួរ​ឱប​ក្រសោប​ផង​ដែរ ពីព្រោះ​បើ​គ្មាន​អំណោយទាន និង​សមត្ថភាព​ផ្សេងៗគ្នា​របស់​សមាជិក​ទាំងឡាយ​នោះទេ នោះ​រូបកាយ​នឹង​មាន​កម្រិត​ជា​ពុំខាន ។ ដូច្នេះ​ទោះ​ជា​បងប្អូន​មាន​អារម្មណ៍​ថា​បងប្អូន​មាន​ភាព​កក់ក្ដៅ​នៅ​ក្នុង​សាសនាចក្រ ឬ​បងប្អូន​ឃើញ​ថា​ខ្លួន​បងប្អូន​មាន​ការ​ងឿងឆ្ងល់​បើ​សិនជា​បងប្អូន​ពិត​ជា​របស់​ផង​ក្នុង​សាសនាចក្រ​ក្ដី នោះ​សារលិខិត​របស់​ប៉ុល​ថ្លែង​ទៅ​បងប្អូន​គឺ​ថា សាមគ្គីភាព​ពុំ​មែន​ជា​ភាព​ដូចគ្នា​នោះទេ ។ បងប្អូន​ត្រូវការ​បងប្អូន​ពួកបរិសុទ្ធ ហើយ​បងប្អូន​ពួកបរិសុទ្ធ​ត្រូវការ​បងប្អូន ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

កូរិនថូសទី ១ ១០:១–១៣

ព្រះប្រទាន​របៀប​មួយ​ដើម្បី​ឲ្យ​ចៀសផុត​ពី​ការល្បួង ។

បទពិសោធន៍ខាងវិញ្ញាណ សូម្បី​តែ​បទពិសោធន៍​ប្រកប​ដោយ​អព្ភូតហេតុ​ក្ដី​ក៏​ពុំ​បាន​ដក​យើង​ចេញ​ពី​ការ​ល្បួង​ដែល​មាន « ជាទូទៅ​ចំពោះ​មនុស្ស » នោះ​ដែរ ( កូរិនថូសទី ១ ១០:១៣ ) ។ នោះ​អាច​ជា​មូលហេតុ​មួយ​ដែល​ប៉ុល​បាន​សរសេរ​អំពី​របៀប​ដែល​ពួក​សាសន៍​អ៊ីស្រាអែល​នៅជំនាន់​ម៉ូសេ​បាន​មាន ការ​លំបាក​នឹង​ការ​ល្បួង ទោះ​ជា​ពួកគេ​បាន​មើល​ឃើញ​អព្ភូតហេតុ​ដ៏​មហិមា​ជាច្រើន​ផ្ទាល់​ភ្នែក​ក្ដី ( សូមមើលនិក្ខមនំ ១៣:២១, ១៤:១៣–៣១ ) ។ នៅពេល​បងប្អូន​អាន កូរិនថូសទី ១ ១០:១–១៣ តើ​មាន​ការ​ព្រមាន​អ្វីខ្លះ​នៅ​ក្នុង​បទពិសោធន៍​របស់​ពួក​អ៊ីស្រាអែល ដែល​ហាក់​ដូចជា​អនុវត្ត​បាន​ចំពោះ​បងប្អូន ? តើ « ការគេច​ចេញ » ពី​ការ​ល្បួង​ប្រភេទណា​ខ្លះ ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ដល់​បងប្អូន ? ( សូមមើល​ផងដែរ អាលម៉ា ១៣:២៧–៣០, នីហ្វៃទី ៣ ១៨:១៨–១៩ ) ។

កូរិនថូសទី ១ ១០:១៦–១៧; ១១:១៦–៣០

ពិធីសាក្រាម៉ង់​បង្រួបបង្រួម​យើង​ក្នុងនាម​ជា​អ្នកដើរ​តាម​ព្រះគ្រីស្ទ ។

ទោះ​បីជា​ពិធីបរិសុទ្ធ​នៃ​សាក្រាម៉់ង​មាន​ជាប់​ទាក់ទង​នឹង​ការ​តាំង​ចិត្ត​ផ្ទាល់ខ្លួន​រវាង​បុគ្គល​ម្នាក់ និង​ព្រះអម្ចាស់​ក្ដី ក៏​វា​ជា​បទពិសោធន៍​មួយ​ដែល​យើង​ចែកចាយ​ជាមួយ​អ្នកដទៃ​ផងដែរ—យើង​ស្ទើរតែ​ទទួលទាន​សាក្រាម៉ង់​ជាមួយ​គ្នា​ជានិច្ច​ក្នុង​នាម​ជា​រូបកាយ មួយ​នៃ​ពួកបរិសុទ្ធ ។ សូម​អាន​នូវ​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​អំពី​សាក្រាម៉ង់ ហើយ​គិត​អំពី​របៀប​ដែល​ពិធីបរិសុទ្ធ​ដ៏ពិសិដ្ឋ​នេះ​អាច​ជួយ « មនុស្សជាច្រើន » ឲ្យ​ក្លាយ​ទៅជា « តែមួយ » នៅក្នុង​ព្រះគ្រីស្ទ ( កូរិនថូសទី ១ ១០:១៧ ) ។ តើ​បងប្អូនអាច​ទាញ​យក​កម្លាំង​មកពី​ការ​ទទួលទាន​នៃ​ពិធីសាក្រាម៉ង់​ជាមួយ​នឹង​អ្នកជឿ​ដទៃទៀត​យ៉ាង​ដូចម្ដេច ? តើ​រឿង​នេះ​ជះឥទ្ធិពល​មក​លើ​របៀប​ដែល​បងប្អូន​រៀបចំខ្លួន​សម្រាប់​ពិធីសាក្រាម៉ង់ និង​របៀប​ដែល​បងប្អូន​ព្យាយាម​រក្សា​សេចក្ដីសញ្ញា​បុណ្យជ្រមុជទឹក​របស់​បងប្អូន​យ៉ាង​ដូចម្ដេច ?

កូរិនថូសទី ១ ១១:៣–១៥

ហេតុអ្វី​ប៉ុល​សរសេរ​អំពី​ប្រដាប់​សម្រាប់​ទទូរ និង​ម៉ូតសក់​ដូច្នេះ ?

ប៉ុល​បាន​យោង​ទៅលើ​ទំនៀមទម្លាប់​វប្បធម៌​នៃ​ការ​ស្លៀកពាក់ និង​ការ​តុបតែងខ្លួន​ដើម្បី​បង្រៀន​អំពី​ទំនាក់ទំនង​រវាង​បុរស និង​ស្ត្រី និង​ព្រះអម្ចាស់ ។ ខណៈ​ដែល​យើង​ពុំ​ធ្វើ​តាម​ទំនៀមទម្លាប់​ទាំង​នេះ​នៅ​សម័យ​បច្ចុប្បន្ន នោះ​យើង​នៅ​តែ​អាច​រៀន​មកពី​ការ​ប្រកាស​របស់​ប៉ុល​នៅក្នុង កូរិនថូសទី ១ ១១:១១ ថា បុរស និង​ស្ត្រី ទាំង​ពីរ​នាក់គឺចាំបាច់​នៅក្នុង​ផែនការ​របស់​ព្រះអម្ចាស់ ទាំង​នៅ​ក្នុង​អាពាហ៍ពិពាហ៍ និង​នៅ​ក្នុង​សាសនាចក្រ ។ ដូចជា​អែលឌើរ ដេវីឌ  អេ បែដណា បានបង្រៀន « បុរស និង​ស្ត្រី គឺត្រូវ​រៀនពីគ្នា ពង្រឹង​គ្នា ប្រទានពរ​ដល់​គ្នា ហើយ​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក » នៅពេល​ពួកគេ​រីកចម្រើន​ជាមួយ​គ្នា​ឆ្ពោះទៅរក​ភាព​តម្កើង​ឡើង ( « We Believe in Being Chaste » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៣  ទំព័រ ៤២, សូមមើល​ផងដែរ ម៉ាកុស ១០:៦–៩ ) ។

កូរិនថូស ទី ១ ១២–១៣

អំណោយទាន​​ខាងវិញ្ញាណ​ត្រូវ​បាន​ប្រទាន​ឲ្យ​ដើម្បី​ជា​ប្រយោជន៍​ដល់​កូនចៅ​ទាំងអស់​របស់​ព្រះវរបិតា​សួគ៌ ។

បញ្ជី​នៃ​អំណោយទាន​ខាង​វិញ្ញាណ​នៅក្នុង កូរិនថូសទី ១ ១២–១៣ គឺ​ពុំមែនមាន​ចែង​ទាំង​ស្រុង​នោះទេ ។ ប៉ុន្តែ​វា​គឺ​ជា​កន្លែង​ល្អ​ដើម្បី​ចាប់​ផ្ដើម នៅពេល​បងប្អូន​ស្គាល់ ហើយ​ពិចារណា​អំពី​អំណោយទាន​ខាង​វិញ្ញាណ​ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ដល់​បងប្អូន ។ អត្ថបទ « អំណោយទាន​ខាងវិញ្ញាណ » នៅក្នុង​ប្រធានបទ​ដំណឹង​ល្អ ( topics.lds.org ) អាច​ជួយ​បងប្អូន​ឲ្យ​យល់​អំពី​អំណោយទាន​ទាំងនេះ​បាន​កាន់តែ​ល្អ​ប្រសើរ ។ បងប្អូនអាច​នឹង​បន្ថែម​ទៅលើ​អំណោយទាន​ដែល​ប៉ុល​បាន​រៀបរាប់ ដែលបងប្អូន​បាន​កត់​សម្គាល់​ឃើញ​មាន​នៅក្នុង​ខ្លួន​អ្នកដទៃ នៅក្នុង​ខ្លួន​បងប្អូន ឬ​នៅ​ក្នុង​ខ្លួន​មនុស្ស​ដែល​នៅ​ក្នុង​បទគម្ពីរ ។ បើ​សិនជា​បងប្អូន​មាន​ពរជ័យ​​អយ្យកោ វា​អាច​នឹង​មាន​ប្រាប់​អំពី​អំណោយទាន​ខាង​វិញ្ញាណ​មួយចំនួន​របស់​បងប្អូន​ផងដែរ ។ តើអំណោយទាន​ទាំងនេះ​ជួយ​ដល់​យើង​ឲ្យ​ស្ថាបនា​នគរ​របស់​ព្រះ​យ៉ាង​ដូចម្ដេច ? សូម​ពិចារណា​អំពី​អ្វី​ដែល​បងប្អូន​នឹង​ធ្វើ​ដើម្បី​ស្វែងរក « ឲ្យ​បាន​អំណោយទាន​យ៉ាងវិសេស » ( កូរិនថូសទី ១ ១២:៣១ ) ។

សូមមើល​ផងដែរ មរ៉ូណៃ ១០:៨–២១, ៣០, គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:៨–២៦, មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៧ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ

នៅពេល​ដែល​បងប្អូន​អាន​បទគម្ពីរ​ជាមួយ​នឹង​គ្រួសារ​បងប្អូន សូម​ស្វែងរក​ការ​បំផុសគំនិត​ដើម្បី​បំពេញ​តាម​តម្រូវការ​ក្នុងគ្រួសារ​បងប្អូន ។ យោបល់​ខាងក្រោម​នេះ​អាច​ជា​ជំនួយ ៖

កូរិនថូសទី ១ ៩:២៤–២៧

ដោយសារ​ប៉ុល​បាន​ប្រៀបធៀប​អំពី​ការ​រស់នៅ​តាម​ដំណឹងល្អ​ទៅនឹង​ការ​រត់ប្រណាំង នោះ​បងប្អូន​ក៏​អាច​មាន​ការ​ប្រណាំង​ជាគ្រួសារ​មួយ​ដើម្បី​បង្ហាញ​ពី​គំនិត​របស់​គាត់​ផងដែរ ។ សូម​ផ្ដល់​រង្វាន់​ជា​មកុដ​គឺ​មាន​ចំពោះអ្នក​ដែល​បាន​បញ្ចប់​ការ​រត់​ប្រណាំង ហើយ​ពិភាក្សា​អំពី​របៀប​ដែល​អស់អ្នក​ដែល​ឧស្សាហ៍ព្យាយាម​នៅក្នុង​ការធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ជីវិត​នេះ នឹង​ឈ្នះរង្វាន់ « ដែល​ពុំ​ពុករលួយ » ( កូរិនថូសទី ១ ៩:២៥, សូមមើល​ផងដែរ ធីម៉ូថេទី ២ ៤:៧–៨ ) ។ តើ​អ្នករត់ប្រណាំង​ជាប់ជ័យលាភី​ធ្វើអ្វីខ្លះ​ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ការ​រត់ប្រណាំង​មួយ ? ដូចគ្នានេះដែរ តើ​យើងអាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ត្រៀម​ខ្លួន​នឹង​ត្រឡប់ទៅ​កាន់ព្រះវរបិតាសួគ៌​វិញ ?

អ្នក​រត់ប្រណាំង​នៅលើ​ផ្លូវ​មួយ

ប៉ុល​បាន​ប្រៀបធៀប​ការរស់នៅ​តាម​ដំណឹងល្អ​ទៅនឹង​ការ​រត់ប្រណាំង ។

កូរិនថូសទី ១ ១២:១–១១

សូមពិចារណា​ធ្វើការ​ផ្ដល់​ក្រដាស​មួយសន្លឹក​ទៅ​ឲ្យ​បងប្អូនគ្រប់គ្នា​ដែល​មាន​ឈ្មោះ​របស់​សមាជិក​គ្រួសារ​ដទៃ​ទៀត​សរសេរ​នៅ​ខាងលើ​ក្រដាស​នោះ ។ ចូរ​សុំ​ឲ្យ​មនុស្ស​គ្រប់គ្នា​សរសេរ​អំណោយទាន​ខាង​វិញ្ញាណ​ដែល​ពួកគេ​កត់សម្គាល់​ថា​បុគ្គល​នោះ​មាន ។ បន្ទាប់មក​បងប្អូន​ហុច​ក្រដាស​នោះ​តៗគ្នា​ជា​វង្វង់ រហូត​ដល់​មនុស្ស​គ្រប់គ្នា​មាន​ឱកាស​សរសេរ​អំពី​អំណោយទាន​របស់​សមាជិក​គ្រួសារ​ម្នាក់ៗ ។

កូរិនថូសទី ១ ១២:៣

ហេតុអ្វី​ព្រះវិញ្ញាណបរិសុទ្ធ​សំខាន់​ដើម្បី​ទទួល​បាន​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ? តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​យាង​ព្រះវិញ្ញាណ​បរិសុទ្ធឲ្យ​ពង្រឹង​ទីបន្ទាល់​របស់​យើង​ទៅ​លើ​ទ្រង់ ?

កូរិនថូសទី ១ ១២:១២–២៧

រឿង​ប្រៀបធៀប​របស់ប៉ុល​អំពី​តួខ្លួន​អាច​នឹង​ជា​របៀប​ដ៏​គួរ​ឲ្យ​ចងចាំ​មួយ​ដើម្បី​ពិភាក្សា​អំពី​សាមគ្គីភាព​ក្នុង​គ្រួសារ ។ ឧទាហរណ៍ សមាជិក​គ្រួសារ​អាច​ព្យាយាម​គូររូប​តួខ្លួន​មួយ​ដែល​មាន​តែ​ភ្នែក ឬ​ត្រចៀក ( សូមមើលខទី ១៧ ) ។ តើ​ខគម្ពីរ​ទាំងនេះ​ផ្ដល់​យោបល់​អ្វីខ្លះ​អំពី​របៀប​ដែល​យើង​គួរ​តែ​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅវិញទៅមក​ក្នុងនាមជា​សមាជិក​គ្រួសារ ?

កូរិនថូសទី ១ ១៣:៤–៨

និយមន័យ​របស់​ប៉ុល​អំពី​សេចក្ដីសប្បុរស​អាច​នឹង​ធ្វើ​ជា​ពាក្យស្លោក​ដ៏​បំផុសគំនិត​សម្រាប់​គ្រួសារ​របស់​បងប្អូន ។ បងប្អូន​អាច​ចាត់​សមាជិក​គ្រួសារ​ម្នាក់ៗ​ឲ្យ​សិក្សា​ឃ្លា​មួយ​នៅក្នុង ខទី ៤–៨ ហើយ​បង្រៀន​សមាជិក​គ្រួសារ​ដទៃ​ទៀត​អំពី​អត្ថន័យ​នៃ​ការ​ប្រើ​និយមន័យ ឧទាហរណ៍ និង​បទពិសោធន៍​ផ្ទាល់​ខ្លួន​នានា ។ តើ​ព្រះអង្គសង្គ្រោះ​គឺ​ជា​គំរូ​មួយ​នៃ​ឥរិយាបថ​ទាំងនេះ​យ៉ាង​ដូចម្ដេច ? បងប្អូន​ក៏​អាច​ធ្វើ​​បដា​ជាមួយ​គ្នា​សម្រាប់​ឃ្លា​នីមួយៗ​ទាំងនេះ ហើយ​ដាក់​តាំង​វា​នៅ​ក្នុង​គេហដ្ឋាន​របស់​បងប្អូន ។ ចូរ​មាន​ការ​ឆ្នៃប្រឌិត !

សម្រាប់គំនិតបន្ថែមដើម្បី​បង្រៀនកុមា​រ សូមមើល គម្រោង​មេរៀន​​សប្ដាហ៍នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​  ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ដាក់​បង្ហាញ​បទ​គម្ពីរ​មួយ ។ សូម​ដាក់​តាំង​ខគម្ពីរមួយ​ដែល​បងប្អូន​ឃើញ​ថា​មាន​អត្ថន័យ នៅ​កន្លែង​ដែល​សមាជិក​គ្រួសារ​អាច​មើល​ឃើញ​ជា​ញឹកញាប់ ។ សូម​អញ្ជើញ​សមាជិក​គ្រួសារ​ដទៃទៀត​ផ្លាស់​វេន​គ្នា​ជ្រើសរើស​បទគម្ពីរ​មួយ​មកដាក់​តាំង ។

ការប្រជុំ​សាក្រាម៉ង់

« ​ហើយ​នំបុ័ង​ដែល​យើង​កាច់ តើ​មិន​មែន​ជា​សេចក្តី​ប្រកប​នឹង​រូប​អង្គ​នៃ​ព្រះគ្រីស្ទ​ទេ​ឬ​អី ? ដ្បិត ដែល​មាន​នំបុ័ង​តែ​១​ដុំ​នោះ​យ៉ាង​ណា ចំណែក​ពួក​យើង​ដែល​មាន​គ្នា​ច្រើន ក៏​ជា​រូបកាយ​តែ​១​យ៉ាង​នេះ​ដែរ » ( កូរិនថូសទី ១ ១០:១៦–១៧ ) ។