« ថ្ងៃទី ៩–១៥ ខែសីហា ។ កូរិនថូសទី ២ ១–៧ ៖ ‹ ចូរឲ្យបានជាមេត្រីនឹងព្រះចុះ › » ។ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ៩–១៥ ខែ កញ្ញា ។ កូរិនថូសទី ២ ១–៧ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩
ថ្ងៃទី ៩–១៥ ខែ កញ្ញា
កូរិនថូសទី ២ ១–៧
« ចូរឲ្យបានជាមេត្រីនឹងព្រះចុះ »
នៅពេលបងប្អូនសិក្សាសំបុត្ររបស់ប៉ុលទៅកាន់កូរិនថូស សូមកត់ត្រាគោលការណ៍ដំណឹងល្អមួយចំនួនដែលបងប្អូនរកឃើញ ហើយពិចារណាអំពីរបៀបដែលបងប្អូនអាចអនុវត្តវានៅក្នុងជីវិតរបស់បងប្អូន ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ពេលខ្លះ ការធ្វើជាអ្នកដឹកនាំសាសនាចក្រ មានន័យថាត្រូវនិយាយនូវរឿងពិបាកៗមួយចំនួន ។ នេះគឺជាការពិតនៅក្នុងជំនាន់របស់ប៉ុល ក៏ដូចជានៅជំនាន់សព្វថ្ងៃនេះផងដែរ ។ ជាក់ស្ដែងនៅក្នុងសំបុត្រពីមុនរបស់ប៉ុលទៅកាន់ពួកបរិសុទ្ធកូរិថូស រួមមានទាំងការវាយផ្ចាល ហើយបណ្ដាលឲ្យមានអារម្មណ៍ឈឺចាប់ ។ នៅក្នុងសំបុត្រនោះដែលបានក្លាយជា កូរិនថូស ទី ២ ដែលគាត់បានព្យាយាមពន្យល់អំពីអ្វីដែលបានជម្រុញគាត់ឲ្យនិយាយពាក្យធ្ងន់ៗ ៖ « ខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ដោយខ្ញុំមានចិត្តលំបាក ហើយថប់ព្រួយ ព្រមទាំងស្រក់ទឹកភ្នែកជាច្រើន មិនមែនចង់ឲ្យអ្នករាល់គ្នាព្រួយដែរនោះទេ គឺចង់ឲ្យអ្នករាល់គ្នាស្គាល់សេចក្តីស្រឡាញ់ ដែលខ្ញុំមានជាបរិបូរដល់អ្នករាល់គ្នាប៉ុណ្ណោះឯង » ( កូរិនថូសទី ២ ២:៤ ) ។ នៅពេលបងប្អូនទទួលពាក្យកែតម្រូវមួយចំនួនមកពីអ្នកដឹកនាំ វាជាជំនួយឲ្យបងប្អូនដឹងថាវាត្រូវបានបំផុសគំនិតដោយសេចក្ដីស្រឡាញ់ដូចជាព្រះគ្រីស្ទ ។ ហើយទោះជានៅក្នុងករណីទាំងនោះពុំមានក្ដី បើយើងមានឆន្ទៈមើលទៅអ្នកដទៃដោយសេចក្ដីស្រឡាញ់ក្នុងប្រភេទដែលប៉ុលបានមាន វាងាយស្រួលជាងដើម្បីឆ្លើយតបដោយត្រឹមត្រូវទៅកាន់អ្នកដែលធ្វើឲ្យយើងអាក់អន់ចិត្ត ។ ដូចអែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានទូន្មាន « ចូរមានសន្ដានចិត្តល្អចំពោះភាពទន់ខ្សោយរបស់មនុស្សលោក—ទាំងខ្លួនបងប្អូនក៏ដូចជាអស់អ្នកដែលបម្រើជាមួយនឹងបងប្អូននៅក្នុងសាសនាចក្រនេះ ដែលបានដឹកនាំដោយអ្នកស្ម័គ្រចិត្ត ជាបុរសស្ត្រីនៃជីវិតរមែងស្លាប់ ។ ព្រះបានធ្វើការជាមួយនឹងមនុស្សមិនល្អឥតខ្ចោះទាំងអស់ លើកលែងតែព្រះរាជបុត្រាសំណព្វដ៏ល្អឥតខ្ចោះតែមួយអង្គរបស់ទ្រង់ប៉ុណ្ណោះ » ( « Lord, I Believe » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៤ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
កូរិនថូសទី ២ ១:៣–៧, ៤:៦–១០, ១៧–១៨, ៧:៤–៧
ការសាកល្បងរបស់ខ្ញុំអាចជាពរជ័យមួយទៅវិញ ។
ពីព្រោះប៉ុលបានជួបនឹងសេចក្ដីទុក្ខវេទនានៅក្នុងការបម្រើរបស់គាត់ វាពុំគួរឲ្យភ្ញាក់ផ្អើលទេដែលគាត់បានសរសេរច្រើនអំពីគោលបំណង និងពរជ័យនានាមកពីសេចក្ដីទុក្ខវេទនា ។ ចូរគិតអំពីរបៀបដែលការសាកល្បងរបស់បងប្អូនអាចជាពរជ័យមួយ នៅពេលបងប្អូនអាន កូរិនថូសទី ២ ១:៣–៧, ៤:៦–១០, ១៧–១៨ និង ៧:៤–៧ ។ ឧទាហរណ៍ បងប្អូនអាចនឹងពិចារណាអំពីរបៀបដែលព្រះ « កម្សាន្តចិត្ត [ បងប្អូន ] ក្នុងគ្រប់សេចក្ដីវេទនា [ របស់បងប្អូន ] និងរបៀបដែលបងប្អូនអាច « កម្សាន្តចិត្តអ្នកឯទៀតក្នុងអស់ទាំងសេចក្ដីវេទនារបស់គេបានដែរ » (កម្សាន្តកូរិនថូសទី ២ ១:៤កម្សាន្ត) ។ ឬបងប្អូនអាចផ្ដោតទៅលើពន្លឺនៃព្រះយេស៊ូវគ្រីស្ទដែល « បំភ្លឺមកក្នុងចិត្តយើងខ្ញុំ » ទោះជានៅពេលបងប្អូន « ត្រូវគេសង្កត់សង្កិន » និងមាន « សេចក្ដីវិលវល់ » ក៏ដោយ ( កូរិនថូសទី ២ ៤:៦–១០ ) ។
សូមមើលផងដែរ ម៉ូសាយ ២៤:១៣–១៧; ប្រធានបទដំណឹងល្អ « Adversity » topics.lds.org ។
ខ្ញុំបានទទួលពរជ័យជាច្រើន ហើយប្រទានពរដល់អ្នកដទៃនៅពេលខ្ញុំអភ័យទោសដល់គេ ។
យើងពុំដឹងច្រើនអំពីមនុស្សដែលប៉ុលបានសំដៅទៅលើនៅក្នុង កូរិនថូសទី ២ ២:៥–១១ទេ—ប៉ុន្តែគ្រាន់តែដឹងថាគាត់បានធ្វើអំពើរំលង ( សូមមើលខទី ៥–៦ ) ហើយថាប៉ុលចង់ឲ្យពួកបរិសុទ្ធបានអភ័យទោសដល់គាត់ ( សូមមើលខទី ៧–៨ ) ។ ហេតុអ្វីក៏ពេលខ្លះយើងពុំបាន « សម្ដែងសេចក្ដីស្រឡាញ់ដល់ » នរណាម្នាក់ដែលបានធ្វើឲ្យយើងអាន់អន់ចិត្ត ? ( ខទី ៨ ) ។ តើការមិនអភ័យទោសធ្វើឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ និងខ្លួនយើងយ៉ាងដូចម្ដេច ? ( សូមមើល ខទី ៧, ១០–១១ ) ។ តើវាមានន័យយ៉ាងណាចំពោះបងប្អូនថា ការមិនផ្ដល់ការអភ័យទោសឲ្យអ្នកដទៃគឺជាការ « ផ្ដល់ឱកាសដល់សាតាំងឈ្នះយើងបាន… » នោះ ? ( ខទី ១១ ) ។
សូមមើលផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៩–១១ ។
តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ខ្ញុំអាចបានជាមេត្រីនឹងព្រះ ។
ក៏ដូចជាមនុស្សជាច្រើនដែរ ប៉ុលបានដឹងថាតើវាជាយ៉ាងណាដើម្បីប្រែជា « បានកើតជាថ្មី » នោះ ។ គាត់បានប្រែពីអ្នកបៀតបៀនពួកគ្រីស្ទាន មកជាអ្នកការពារព្រះគ្រីស្ទដោយពុំភ័យខ្លាច ។ គាត់បានដឹងខ្លួនគាត់ថា ព្រះយេស៊ូវ ដែល « គេបានស្គាល់ថាគ្មានបាប » អាចដកយកអំពើបាបរបស់ពួកយើងចេញ ហើយប្រទាននូវ « សេចក្តីសុចរិត » របស់ទ្រង់ដើម្បីស្ដារយើងឲ្យបានរួបរួមនឹងព្រះវិញ ។ នៅពេលបងប្អូនអានខគម្ពីរទាំងនេះ ចូរគិតអំពីអត្ថន័យដើម្បីផ្សះផ្សានឹងគ្នាទៅវិញទៅមក ។ តើការណ៍នេះជួយបងប្អូនឲ្យយល់ពីអត្ថន័យដើម្បីបានផ្សះផ្សានឹងព្រះយ៉ាងដូចម្ដេច ? សូមពិចារណាមើលថា តើអ្វីខ្លះអាចបំបែកបងប្អូនចេញពីព្រះ ។ តើបងប្អូនចាំបាច់ត្រូវធ្វើអ្វីខ្លះដើម្បីកាន់តែបានផ្សះផ្សានឹងទ្រង់ទាំងស្រុង ?
សូមមើលផងដែរ នីហ្វៃទី ២ ១០:២៣–២៥ ។
សេចក្តីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះនាំទៅរកការប្រែចិត្ត ។
ជាធម្មតា យើងពុំបានគិតអំពីសេចក្ដីព្រួយថាជារឿងល្អទេ ប៉ុន្តែប៉ុលបានថ្លែងអំពី « សេចក្តីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះ » ជាចំណែកមួយដ៏ចាំបាច់នៃការប្រែចិត្ត ។ តើបងប្អូនរៀនអ្វីខ្លះអំពីសេចក្តីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះមកពីអ្វីៗដូចខាងក្រោមនេះ ? ២ កូរិនថូស ៧:៨–១១; អាលម៉ា ៣៦:១៦–២១; មរមន ២:១១–១៥; និងប្រធានបទដំណឹងល្អ « Repentance » topics.lds.org ។ តើនៅពេលណាដែលបងប្អូនបានមានអារម្មណ៍ពីសេចក្តីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះ ហើយតើវាជះឥទ្ធិពលយ៉ាងណាមកលើជីវិតរបស់បងប្អូន ?
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារបងប្អូន ។ នេះគឺជាការផ្ដល់យោបល់មួយចំនួន ៖
តើសមាជិកនៃគ្រួសាររបស់បងប្អូនធ្លាប់សូមនរណាម្នាក់ឲ្យសរសេរសំបុត្រអនុសាសន៍សម្រាប់ពួកគេ ដូចជាសម្រាប់ការងារ ឬដើម្បីចូលរៀនដែរឬទេ ? ចូរសុំឲ្យពួកគេនិយាយអំពីបទពិសោធន៍នេះ និងអ្វីដែលសំបុត្រនោះបាននិយាយអំពីពួកគេ ។ ប៉ុលបានបង្រៀនថា ជីវិតរបស់ពួកបរិសុទ្ធគឺដូចជាសំបុត្រអនុសាសន៍សម្រាប់ដំណឹងល្អមកពីព្រះគ្រីស្ទដោយផ្ទាល់ដែរ គឺ « មិនមែនសរសេរនឹងទឹកខ្មៅទេ គឺនឹងព្រះវិញ្ញាណនៃព្រះដ៏មានព្រះជន្មរស់វិញ » ។ នៅពេលបងប្អូនអាន កូរិនថូសទី ២ ៣:១–៣ ជាមួយគ្នា សូមពិភាក្សាអំពីរបៀបដែលគំរូរបស់បងប្អូនគឺដូចជាសំបុត្រអនុសាសន៍សម្រាប់ដំណឹងល្អដែលអាចត្រូវបាន « មនុស្សទាំងអស់ក៏ដឹង ហើយអានមើលដែរ » ។ ប្រហែលជាសមាជិកគ្រួសារម្នាក់ៗអាចសរសេរសំបុត្រមួយ ឬ « លិខិត » មួយពន្យល់អំពីរបៀបដែលសមាជិកគ្រួសារដទៃទៀតបានធ្វើជាគំរូល្អជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេអាចអានសំបុត្ររបស់ពួកគេទៅដល់គ្រួសារ ហើយផ្ដល់វាទៅឲ្យសមាជិកគ្រួសារដែលបងប្អូនបានសរសេរឲ្យនោះ ។ ហេតុអ្វីបានជាវាសំខាន់ដើម្បីយល់ថា ជីវិតរបស់យើងគឺជា « សំបុត្ររបស់ព្រះគ្រីស្ទ » ?
តើការ « ដើរដោយជំនឿមិនមែនដោយមើលឃើញ »មានន័យដូចម្ដេច ? តើយើងកំពុងធ្វើអ្វីខ្លះដើម្បីបង្ហាញថាយើងជឿទៅលើរឿងទាំងឡាយដែលយើងមើលមិនឃើញ ?
តើគ្រួសាររបស់បងប្អូនអាចគិតអំពី—ឬ ស្វែងរក—ឧទាហរណ៍នៅក្នុងធាតុដើមនៃរឿងទាំងឡាយដែលឆ្លងកាត់ការផ្លាស់ប្រែដ៏អស្ចារ្យ ហើយបានក្លាយជាមនុស្សថ្មីដែរឬទេ ? ( សូមមើលរូបភាពដែលមានអមមកជាមួយនឹងគម្រោងមេរៀននេះ ) ។ តើឧទាហរណ៍ទាំងនេះបង្រៀនយើងអំពីរបៀបដែលដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទអាចផ្លាស់ប្ដូរយើងយ៉ាងណាខ្លះ ?
យោងតាមខគម្ពីរទាំងនេះ តើពាក្យ « អ្នកបម្រើព្រះ » មានន័យយ៉ាងណា ?
តើយើងអាចធ្វើតាមដំបូន្មានរបស់ប៉ុល « ចូរចេញពីកណ្តាល [ ពួកទុច្ចរិត ] ទៅ ហើយញែកខ្លួនទៅដោយឡែក » ទាំងធ្វើជាគំរូល្អចំពោះអ្នកនៅជុំវិញយើងផងដែរបានយ៉ាងដូចម្ដេច ?
សម្រាប់គំនិតបន្ថែមដើម្បីបង្រៀនកុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ។